២០២០
ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​តាមរយៈ​ការនិមិត្ត​ដំបូង
ខែ មេសា ឆ្នាំ ២០២០


ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​តាមរយៈ​ការនិមិត្ត​ដំបូង

ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹង​ធ្វើតាម​គំរូ​របស់ យ៉ូសែប ស៊្មីធ អំពី​ការអធិស្ឋាន រៀន​ពី​សេចក្ដីពិត​ដែល​លោក​បាន​រៀន និង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Teenaged Elder Anderson shares his beliefs with friends Illustration of Elder Neil Anderson when he was 16 years old at a conference he traveled to the east coast to attend. He is in a informal group of people and he is explaining his beliefs to the group.

ពេល​ខ្ញុំ​អាយុ ១៦ ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​នៅ​រដ្ឋ​អៃដាហូ ទៅ​សន្និសីទ​មួយ​នៅ​ឆ្នេរ​​សមុទ្រ​ខាងកើត​នៃ​សហរដ្ឋ ដែល​មាន​យុវជន និង​យុវនារី​មក​ពី​រដ្ឋ​ទាំង ៥០ និង​ជិត ៤០​ជាតិ​សាសន៍​ចូលរួម ។ មុននោះ ខ្ញុំ​កម្រ​ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​ជំនឿ​របស់​ខ្ញុំ​បាន​ញែកខ្ញុំ​ចេញ​ណាស់ ។

នៅ​ល្ងាច​មួយ​នៅក្នុង​ក្រុម​មិន​ផ្លូវការ​មួយ មាន​ការពិភាក្សា​មួយ​អំពី​ជំនឿ និង​ការអនុវត្ត​មួយ​ចំនួន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សិស្ស​មួយ​ក្រុម​ធំ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ភ្លាមៗ​មកកាន់​ខ្ញុំ ហើយ​បាន​ចាប់ផ្ដើម​សួរ សំណួរ​មួយ​ចំនួន​សំខាន់​ខ្លាំងណាស់​អំពី​ជំនឿ​របស់​យើង ។

វា​​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល ។ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​សញ្ជឹង​គិត​មួយ​សន្ទុះ​មក ខ្ញុំ​បាន​ចាប់ផ្ដើម​ចែកចាយ​គោលការណ៍​ដំណឹងល្អ​មូលដ្ឋាន​មួយ​ចំនួន ។ ខ្ញុំ​បាន​ពន្យល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​មួយ​អង្គ ថា​យើង​ជា​បុត្រា​បុត្រី​ទ្រង់ ហើយ​ថា​យើង​នៅលើ​ផែនដី​នេះ​ដើម្បី​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​បង្ហាញ​ខ្លួន​យើង​សក្ដិសម​ដោយ​ការជ្រើសរើស​ល្អ​ជាជាង​អាក្រក់ ។

ការចែកចាយ​គោលការណ៍​ទាំងនេះ​បាន​ដឹកនាំ​ខ្ញុំ​ទៅកាន់​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ ។ សិស្ស​ផ្សេងៗ​ទៀត​ពុំ​បាន​សួរ​ពី យ៉ូសែប ស៊្មីធ ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​បាន​បក​ទៅកាន់​ដើមទង​នៃ​មូលហេតុ​ដែល​ខ្ញុំ​ជឿ​លើ​អ្វី​ដែល​ខ្ញុំ​ជឿ ។ ពេល​ខ្ញុំ​បាន​ប្រាប់​អំពី​ការយាង​មក​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​នៅក្នុង​ព្រៃ​ពិសិដ្ឋ ភ្លាមៗ​នោះ​ពួកគេ​គ្រប់​គ្នា​ប្រែ​ជា​ស្ងាត់​ជ្រាប ។ អារម្មណ៍​នៃ​ភាពបរិសុទ្ធ​ដ៏​ខ្លាំង​មួយ​បាន​ចូល​មក​ក្នុង​បន្ទប់ ហើយ​អារម្មណ៍​នៃ​អានុភាព​ខាង​វិញ្ញាណ​ដ៏​ធំ​សម្បើម​បាន​សណ្ឋិត​នៅលើ​ខ្ញុំ និង​ពាក្យ​សម្ដី​របស់​ខ្ញុំ ។

បន្ទាប់​ពី​នោះ​មក មាន​សិស្ស​មួយ​ចំនួន​បាន​អរគុណ​ខ្ញុំ​សម្រាប់​ជំនឿ​ដ៏​រឹងមាំ​របស់​ខ្ញុំ ។ អ្នក​ខ្លះ​ថែម​ទាំងបាន​សុំ​ព័ត៌មាន​អំពី​​សាសនាចក្រ​ទៀតផង ។ ពេល​ខ្ញុំ​ត្រឡប់​ទៅកាន់​បន្ទប់​របស់​ខ្ញុំ​នៅ​យប់​នោះ ខ្ញុំ​បាន​ដឹង​ថា មនុស្ស​ដែល​ទទួល​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​បទពិសោធន៍​នេះ​គឺ​ជា​រូបខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ដោយ​ខ្លួនឯង​ផ្ទាល់​ពី​អំណាច​នៃ​ការថ្លែង​ទីបន្ទាល់​អំពី​​ព្រះជា​ព្រះវរបិតា ព្រះ​យេស៊ូវគ្រីស្ទ និង​​ការនិមិត្ត​ដំបូង ។

តាំង​ពី​មាន​បទពិសោធន៍​នោះ​ជាង ៥០ ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​រាប់​រយ​ដង​អំពី​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុង​បទពិសោធន៍​ទាំងនេះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​បញ្ជាក់​យ៉ាង​ខ្ជាប់ខ្ជួន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។​

ខ្ញុំ​ចង់​ចែកចាយ​គោលការណ៍​ប្រាំ ដែល​ខ្ញុំ​បាន​រៀន​មក​ពី​ការយល់​ដឹង​ខាង​វិញ្ញាណ​របស់​ខ្ញុំ​អំពី​ការនិមិត្ត​ដំបូង ។ គោលការណ៍​ទាំងនេះ​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បីធ្វើតាម​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​ទ្រង់ ។ ខ្ញុំ​សង្ឃឹម​ថា វា​ពង្រឹង​អ្នក​ផងដែរ ។

រូបភាព
An illustration of the First Vision

១. ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​តួអង្គ​បី​អង្គ​ដាច់​ដោយ​ឡែក​ពីគ្នា

អស់​ជាច្រើន​សតវត្ស អ្នក​ប្រាជ្ញ និង​ទស្សនវិទូ​ខាង​សាសនា បាន​ប្រកែក​គ្នា​អំពី​ធម្មជាតិ​នៃ​ព្រះជា​ព្រះវរបិតា ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​ជាច្រើន​ជឿ​ថា​ពួក​ទ្រង់​គឺ​ជា​អង្គ​តែមួយ ។ ដោយសារ​បទពិសោធន៍​របស់​យ៉ូសែប​នៅក្នុង​ព្រៃ​ពិសិដ្ឋ ២០០ ឆ្នាំ​មុន យើង​ដឹង​សេចក្ដីពិត​ទាំងស្រុង​អំពីធម្មជាតិ​នៃ​ព្រះ ។

ដំបូង​បំផុត ទ្រង់​មាន​ព្រះជន្ម​រស់ ! ទីពីរ ព្រះវរបិតា និង​ព្រះរាជបុត្រា​គឺ​ជា​តួអង្គ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ប្រកប​ដោយ​សិរី​រុងរឿង ជាង​តួអង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ទីទៃ​ពី​គ្នា ។ ក្រោយមក យ៉ូសែប​បាន​រៀន​ថា « ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង​ឡើយ តែ​មាន​រូប​ជា​ព្រះ​វិញ្ញាណ​វិញ ។ បើ​ពុំ​នោះសោតទេ ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​សណ្ឋិត​នៅក្នុង​យើង​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:២២ ) ។

២. យើង​គឺ​ជា​បុត្រា និង​បុត្រី​របស់​ព្រះ

តាមរយៈ​ការនិមិត្ត​ដំបូង និង​បទពិសោធន៍​ផ្សេងៗ​ទៀត ព្យាការី យ៉ូសែប ស៊្មីធ បានរៀន​ថា ព្រះ​ពុំ​មែន​ជា​អំណាច​មក​ពី​ចម្ងាយ ដែល​បាន​បង្កើត​ពិភពលោក​នេះ និង​ប្រជាជន​នៅលើ​ផែនដី ហើយ​បំភ្លេច​ពី​ពួកគេ​នោះ​ទេ ។ តាមពិត យើង​ម្នាក់ៗ​គឺជា « បុត្រី [ ឬ​បុត្រា ] ជា​ទីស្រឡាញ់​របស់​ព្រវរបិតា​ព្រះមាតា​សួគ៌ » ។

ការប្រកាស​អំពី​ក្រុមគ្រួសារ​​ចែង​ថា « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។ ព្រះវរបិតា​របស់​យើង​បាន​ប្រកាស​យ៉ាង​ច្បាស់​ពី​ជោគវាសនា​នោះ ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង សិរីល្អ​របស់​យើង—ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។

ជោគវាសនា​របស់​យើង​គឺ​នៅ​ជាមួយ​នឹង​ព្រះ ហើយ​យើង​នៅលើ​ផែនដី​នេះ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។ ការយល់​ដឹង​មក​ពី​ការនិមិត្ត​ដំបូង​នេះ អនុញ្ញាត​ឲ្យ​ខ្ញុំ ក្នុង​នាម​ជា​យុវជន​ម្នាក់ ដឹង​ថា ខ្ញុំ​មាន​ព្រះវរបិតាសួគ៌​ផ្ទាល់​ខ្លួន​មួយ​អង្គ ដែល​ស្រឡាញ់​ខ្ញុំ ហើយ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

៣. យើង​អាច​ទទួល​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង

កង្វល់​ដ៏​ធំ​មួយ​របស់​យ៉ូសែប គឺ​ដើម្បី​ទទួល​បាន​ការអត់ទោស​ចំពោះ​អំពើបាប​របស់​លោក ។ នៅក្នុង​ដំណើររឿង​មួយ​អំពី​ការនិមិត្ត​ដំបូង ព្រះអម្ចាស់​បាន​ថ្លែង​ទៅកាន់​អ្នក​ស្វែងរក​សេចក្ដី​ពិត​វ័យក្មេង​នូវ​ព្រះបន្ទូល​ទាំងនេះ ៖ « យ៉ូសែប បុត្រា​យើង​អើយ អំពើបាប​របស់​កូន​ត្រូវបាន​អត់ទោស​ហើយ ។ ចូរ​ទៅតាម​ផ្លូវ​របស់​កូន ដើរ​ក្នុង​ច្បាប់​របស់​យើង ហើយ​គោរពតាម​បទបញ្ញត្តិ​របស់​យើង ។ មើលចុះ យើង​ជា​ព្រះអម្ចាស់​នៃ​សិរីរុងរឿង ។ យើង​ត្រូវ​គេ​ឆ្កាង​ដើម្បី​លោកិយ ដើម្បី​មនុស្ស​ទាំងអស់​ដែល​ជឿ​លើ​ព្រះនាម​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។

យ៉ូសែប​បាន​រៀន​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ លោក​អាច​ទទួល​ការអត់ទោស​ពី​អំពើបាប​របស់​លោក ហើយ​ក្លាយ​ជា​ស្អាតស្អំ និង​បរិសុទ្ធ​នៅ​ពី​មុខ​ព្រះ ។ លោក​បានទទួល​ចំណេះដឹង​ដ៏​ប្រាកដ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប និង​បន្ទុក​របស់​យើង​ទាំងអស់​គ្នា​ដែល​ធ្លាប់​រស់នៅ ហើយ​នឹង​រស់នៅ​លើ​ផែនដី​នេះ ។

ចេញ​ពី​ការនិមិត្ត​ដំបូង យើង​រៀន​ថា ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ យើង​ក៏​អាច​ទទួល​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង ហើយ​ថ្ងៃមួយ​ឈរ​យ៉ាង​ស្អាតស្អំ​ពី​មុខ​ព្រះវរបិតា ។

៤. ព្រះវរបិតាសួគ៌​ស្ដាប់​ឮ ហើយ​ឆ្លើយតប​ដល់ ការអធិស្ឋាន​របស់​យើង

នៅក្នុង​ព្រៃ​នៅ​ថ្ងៃ​នោះ​ក្នុង​ឆ្នាំ ១៨២០ យ៉ូសែប​បានរៀន​ថា ព្រះវរបិតាសួគ៌​ឮ ហើយ​ឆ្លើយតប​​ការអធិស្ឋាន ។ ក្រោយមក យ៉ូសែប​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ជឿជាក់​ថា​នឹង​បាន​ទទួល​ការ​សម្ដែង​ពី​ព្រះ ដូច​ខ្ញុំ​បាន​ទទួល​កាលពី​លើក​មុន​នោះ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩ ) ។ គំរូ​របស់​លោក​បង្រៀន​យើង​ថា យើង​អាច​ទៅរក​ព្រះវរបិតាសួគ៌​របស់​យើង​នៅក្នុង​ការអធិស្ឋាន ដើម្បី​ទទួល​ចម្លើយ​របស់​យើង​ដោយផ្ទាល់ ។

យ៉ូសែប​បាន​ធ្វើ​គំរូ​នៃ​ការអធិស្ឋាន​នេះ​ម្ដងហើយ​ម្ដង​ទៀត ។ លោក​ជឿជាក់​ថា ព្រះអម្ចាស់​ឮ ហើយ​ឆ្លើយតប​នូវ​ការអធិស្ឋាន​របស់​លោក ។ លោក​បាន​អធិស្ឋាន​អំពី​រឿង​ដែល​អ្នក​ទំនង​ជា​បាន​អធិស្ឋាន ។

លោក​បាន​អធិស្ឋាន​សូម​ប្រាជ្ញា ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៣ ) ។

លោក​បាន​អធិស្ឋាន​អំពី​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨ ) ។

លោក​បាន​អធិស្ឋាន​សូម​ការដោះលែង ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១–៤ ) ។

លោក​បាន​អធិស្ឋាន​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:២២ ) ។

លោក​បានអធិស្ឋាន​សម្រាប់​សាសនាចក្រ សមាជិក និង​ថ្នាក់​ដឹកនាំ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៧១–៧៦ ) ។

ហើយ​លោក​បាន​អធិស្ឋាន​សម្រាប់​គ្រួសារ​លោក ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:៦៨–៦៩ ) ។

នេះ​ជា​គំរូ​មួយ​សម្រាប់​យើង ។ យ៉ូសែប​បាន​បង្ហាញ​យើង​ថា យើង​ទាំងអស់​គ្នា​អាច​ទៅរក​ព្រះ​វរបិតា​របស់​យើង​នៅក្នុង​ការអធិស្ឋាន ។

៥. ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្គាល់​យើង​ដោយ​ផ្ទាល់​ខ្លួន

ចេញ​ពី​ការនិមិត្ត​ដំបូង យើង​រៀន​ថា អង្គ​សេឡេស្ទាល​ទាំងនេះ​ស្គាល់​យើង​ដោយ​ផ្ទាល់ខ្លួន គឺ​ដូច​ជា​ពួកទ្រង់​បាន​ស្គាល់​យ៉ូសែប​ដែរ ។ ព្រះវរបិតា​បាន​ហៅ​យ៉ូសែប​តាម​ឈ្មោះ ហើយ « ចង្អុល​ទៅ​តួអង្គ​មួយ​ទៀត » ដោយ​មាន​ព្រះបន្ទូល​ថា « នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្ដាប់​ទ្រង់​ចុះ ! » (យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។

ព្រះវរបិតា និង​ព្រះរាជបុត្រា​បានដឹង​ពី​សេចក្ដី​ត្រូវការ ការខ្វល់ខ្វាយ និង​ការទន្ទឹង​រងចាំ​ដ៏​យូរ​របស់​យ៉ូសែប គឺ​ដូច​ជា​ពួកទ្រង់​ដឹង​ពី​យើង​ដែរ ។ ពួកទ្រង់​ក៏​ដឹង​អំពី​ជោគជ័យ និង​ទុក្ខព្រួយ​របស់​យើង​ផងដែរ ។

កាល​ខ្ញុំ​នៅ​ជា​យុវវ័យ ខ្ញុំ​បាន​អធិស្ឋាន​សូម​រឿង​ជា​ច្រើន ។ ឥឡូវ​នេះ​ពេល​ខ្ញុំ​មើល​ត្រឡប់​ក្រោយ​វិញ រឿង​ខ្លះ​ហាក់​ដូច​ជា​មិន​សំខាន់​ទេ ។ ប៉ុន្តែ​វា​សំខាន់​សម្រាប់​ខ្ញុំ​នៅពេល​នោះ ហើយ​ខ្ញុំ​បានយល់​តាំង​ពី​នៅ​ក្មេង​ថា ខ្ញុំ​មាន​ព្រះវរបិតា​មួយ​អង្គ​ដែល​គង់​នៅ​ស្ថានសួគ៌​ដែល​ស្ដាប់​ដល់​ខ្ញុំ ។ ខ្ញុំ​មិន​តែងតែ​ទទួល​បាន​ចម្លើយ​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា តាម​ពេលវេលា​របស់​ទ្រង់ និង​តាម​របៀប​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ផ្ដល់​ឲ្យ​តាម​ការអង្វរ​របស់​ខ្ញុំ នៅក្នុង​របៀប​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ។

ចូរ​ជឿជាក់ ហើយ​ទុកចិត្ត​ថា ព្រះ​នឹង​មាន​ព្រះបន្ទូល​មកកាន់​អ្នក ។ សូម​ជឿ​លើ​អារម្មណ៍​ទាំងនោះ​ដែល​​ចាក់​យ៉ាង​ជ្រៅ​ទៅក្នុង​ដួងចិត្ត​អ្នក ។ ខ្ញុំ​ជឿ​លើ​ការអធិស្ឋាន ហើយ​យល់​ពី​អំណាច​របស់​វា ដោយសារ​ខ្ញុំ​បាន​ស្គាល់​បទពិសោធន៍​របស់​ព្យាការី យ៉ូសែប ស៊្មីធ ។ ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ ហើយ​ថា​ទ្រង់​នឹង​ឆ្លើយ​តប​ដល់​ខ្ញុំ គឺ​ដូច​ជា​ទ្រង់​ស្គាល់​ឈ្មោះ​អ្នក ហើយ​នឹង​ឆ្លើយ​តប​អ្នក​ដែរ ។

ទីបន្ទាល់

ជា​ច្រើន​ឆ្នាំ​ក្នុង​អំឡុង ៦៨ ឆ្នាំ​ដែល​ខ្ញុំ​បាន​រស់នៅ​លើ​ផែនដី​នេះ ខ្ញុំ​បាន​សាកល្បង​តាម​គំរូ​នៃ​ការអធិស្ឋាន​របស់​យ៉ូសែប ។ ដូច​ជា​សិស្ស​ដ៏​ពិត​ទាំងអស់​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ​ពី​ស្ថានសួគ៌ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​មាន​ព្រះជន្ម​រស់​សព្វថ្ងៃ​នេះ ។ ទ្រង់​មាន​អំណាច​ដើម្បី​អត់ទោស​ដល់​អំពើបាប​របស់​យើង ។ តាមរយៈ​សេចក្ដី​ជំនឿ ការគោរព​ប្រតិបត្តិ និង​ការប្រែចិត្ត​របស់​យើង ទ្រង់​អាច​នាំ​យើង​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​របស់យើង​វិញ​ដោយ​សុវត្ថភាព ។

ក្នុង​នាម​ជា​សាវក​មួយរូប​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ និង​ជា​សាក្សី​ដែល​បាន​តែងតាំង​របស់​ទ្រង់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​ភាពប្រាកដ​ប្រជា និង​ការជឿ​សប់ ដែល​បាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះវរបិតា និង​ព្រះរាជ​បុត្រា​បាន​យាង​មក​ជួប​នឹង​យ៉ូសែប ស៊្មីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ​មែន ។ ខ្ញុំ​អធិស្ឋាន​ថា អ្នក​នឹង​ធ្វើតាម​គំរូ​របស់ យ៉ូសែប ស៊្មីធ អំពី​ការអធិស្ឋាន រៀន​ពី​សេចក្ដីពិត​ដែល​លោក​បាន​រៀន និង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

កំណត់​ចំណាំ

  1. « បាវចនា​របស់​ក្រុម​យុវនារី » youngwomen.ChurchofJesusChrist.org ។

  2. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  3. « Joseph Smith’s Accounts of the First Vision » josephsmithpapers.org ។

រូប​គំនូរ ដោយ ដេវីឌ ម៉ាឡាន

រចនា​រូបភាព​ដោយ ជេមស៍ អិល ចនសុន