ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៤ ៖ ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែម​ទៀត


« ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៤ ៖ ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែម​ទៀត » ឯកសារ​គ្រូបង្រៀន​ស្ដីពី​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៤ » ឯកសារ​គ្រូបង្រៀន​ស្ដីពី​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូ​បង្រៀន​មេរៀន​ទី ១៤

ព្រះអម្ចាស់​បើកសម្ដែង​បទគម្ពីរ​បន្ថែម​ទៀត

ដូច​ជា​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​មុនៗ​ដែរ ព្រះអម្ចាស់​បន្ត​បើក​សម្ដែង​បទគម្ពីរ​បន្ថែម​ទៀត​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ដែល​នៅ​រស់ ។ មេរៀន​នេះ​ផ្ដល់​ឱកាស​មួយ​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​បទគម្ពីរ​នៅ​ថ្ងៃ​ចុង​ក្រោយ​ស្ដារ​ឡើង​វិញ ហើយ​ជួយ​បញ្ជាក់​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ សិស្ស​ក៏​គួតែ​រៀបចំ​ខ្លួន​ដើម្បី​លើក​ឡើង​នូវ​សំណួរទាំងឡាយ​ដែល​ទាក់ទង​នឹង​គម្ពីរ​អ័ប្រាហាំ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​បើក​សម្ដែង​បទគម្ពីរ​បន្ថែម​ទៀត​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៉ីធ ។

រូបភាព
ព្រះគម្ពីរ​ប៊ីប

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​សំណួរ​ដោយ​ស្មោះ​ថា « ហេតុអ្វី​ព្រះវិហារ​របស់​អ្នក​មាន​បទគម្ពីរ​ច្រើន​លើស​ពី​ព្រះគម្ពីរ​ប៊ីប ? ខ្ញុំ​បាន​គិត​ថា ព្រះគម្ពីរ​ប៊ីប​មាន​នូវ​រាល់​បន្ទូល​របស់​ព្រះ » ។ សូម​ឲ្យ​សិស្ស​លើក​ដៃ​ឡើង ប្រសិនបើ​ពួកគេ​ធ្លាប់​បាន​គេ​សួរ​នូវ​សំណួរ​បែប​នេះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ឆ្លើយ​( ឬ​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ ) ។

សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​មាន​នូវ​កំណត់​ត្រា​មួយ​ដែល​សរសេរ​ឡើង​ដោយ​នីហ្វៃ​ស្ដីពី​ការនិមិត្ត​មួយ ដែល​លោក​បាន​ឃើញ​បន្ទូល​ក្នុង​ព្រះគម្ពីរ​ប៊ីប​ចេញ​ទៅ​កាន់​ពិភពលោក ។ លោក​ក៏​បាន​ឃើញ​ដែរ​នូវ​ផ្នែក « ដ៏​ច្បាស់ » និង​« ពិសេសៗ »​( សូមមើល នីហ្វៃ​ទី​១ ១៣:២៦ ) ជាច្រើន​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ដក​ចេញ​ពី ព្រះគម្ពីរ​ប៊ីប ( សូមមើល នីហ្វៃ​ទី​១ ១៣:២៤–២៦ ) ។

សូម​អាន នីហ្វៃ​ទី​១ ១៣:៣៨–៤១ រួម​គ្នាក្នុងថ្នាក់​រកមើល​ថា តើ​នីហ្វៃ​បាន​ឃើញ​កំណត់ត្រា​អ្វីខ្លះ​ដែល​នឹង​មាន​សម្រាប់​មនុស្ស​នៅ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​អាច​ឈប់​អានបន្ដិច​បន្ទាប់​ពី​ខគម្ពីរ​នីមួយៗ ហើយ​ឲ្យ​សិស្ស​ពន្យល់​ថាតើ​នីហ្វៃ​កំពុង​សំដៅ​ទៅ​លើ​កំណត់ត្រា​អ្វី ។ ឧទាហរណ៍ ពាក្យ​ថា « គម្ពីរ​ផ្សេង​ទៀត »​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ខ​ទី ៣៩​រួម​មាន ព្រះគម្ពីរ​មរមន គោលលទ្ធិ និង សេចក្តី​សញ្ញា មុក្តា​ដ៏​មាន​តម្លៃ​មហិមា និង​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះគម្ពីរ​ប៊ីប ។

  • យោង​តាម ខ​ទី ៤០ និង​៤១ តើ​​ការ​បើក​សម្ដែង​បទគម្ពីរ​បន្ថែម​ទាំង​នេះ​តាម​រយៈ​យ៉ូសែប ស្ម៊ីធ​គឺមានគោលបំណង​អ្វីខ្លះ ? ( ដោយ​ប្រើ​ចម្លើយ​របស់​សិស្ស សូម​កំណត់​ពី​សេចក្ដី​ពិត​មួយ​ដូចត​ទៅ​នេះ ៖​តាមរយៈ​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​បើក​សម្ដែង​បទគម្ពីរ​បន្ថែម​ទៀត​ដែល​បញ្ជាក់​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​ប៊ីប ស្ដារ​សេចក្ដី​ពិត​ដ៏​ច្បាស់ និង​ពិសេសៗ​ឡើង​វិញ ហើយ​ជួយ​នាំ​មនុស្ស​ឲ្យ​បែ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ី​ជម្រៅ​ពី​សេចក្តីពិត​នេះ សូម​ពិចារណា​ប្រើ​យោបល់​សម្រាប់​ការបង្រៀន​មួយ​ចំនួន​ដូច​តទៅ​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ និង​ពិភាក្សា ។

គោលលទ្ធិ និង សេចក្តី​សញ្ញា

សូម​រំឭកដល់​សិស្ស​ថា នៅ​ឯ​ការ​ប្រជុំ​មួយ​ក្នុង​ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង​ពួក​អែលឌើរ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះ​ពុម្ព​វិវរណៈ​ដែល​បាន​ទទួល​រហូត​មក​ដល់​ពេល​នោះ ។ អំឡុង​ការ​ប្រជុំ​នោះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​អារម្ភកថា​របស់​ទ្រង់​ផ្ទាល់​ចំពោះ​គម្ពីរ​នៃ​បទបញ្ញត្តិ​ទាំងឡាយ​( ឥឡូវ​នេះ​ហៅ​ថា គោលលទ្ធិ និង សេចក្តី​សញ្ញា )​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។ អារម្ភកថា​នេះ​គឺជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បីមើលឡើងវិញ​គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១៧, ២១–២៣, ៣៧ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​ពួកគេ​រកមើល​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​វិវរណៈ​ទាំងនោះ​( ដែល​បាន​លើក​ឡើង​ថា​ជា​« បទបញ្ញត្តិ »​នៅ​ក្នុង​អត្ថបទ​នោះ ) ។ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

នៅ​ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀប​ចំ​ខ្លួន សិស្ស​ត្រូវ​បាន​សុំ​ឲ្យ​រក​វគ្គ​បទគម្ពីរ​មួយ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា​ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​បទគម្ពីរ​របស់​ពួកគេ​ជាមួយ​នឹង​គ្នា ។ អ្នក​អាច​ធ្វើ​សកម្មភាព​នេះ​ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់ទាំងមូល ។ ពួកគេ​ក៏​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នឹង​គ្នា​ចំពោះ​សំណួរ​ដូច​តទៅ​នេះ​ផង​ដែរ ៖

  • តើ​បទគម្ពីរ​ទាំង​នេះ​បញ្ជាក់​ពី​សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​ប៊ីប ការស្ដារ​សេចក្ដី​ពិត​ដ៏​ច្បាស់ ហើយ​ពិសេសៗ​ឡើង​វិញ ឬ​នាំ​យើង​ឲ្យ​ខិត​ជិត​ព្រះ​យេស៊ូវគ្រីស្ទ​តាម​របៀប​ណា ?

ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ​នៃ​ព្រះគម្ពីរ​ប៊ីប និង គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា

សូម​ឲ្យ​សិស្ស​ម្នាក់​អានឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះគម្ពីរ​ប៊ីប​ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ពន្យល់​ថា តាមរយៈ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​នៃ​ព្រះគម្ពីរ​ប៊ីប ព្រះអម្ចាស់​បាន​ស្ដារ​ឡើង​វិញ​នូវ​សេចក្ដី​ពិត​ដ៏​ច្បាស់ ហើយ​ពិសេសៗ​ជាច្រើន​ដែល​បាន​បាត់​បង់​ទៅ ។

ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ខ្លួន​របស់​ពួកគេ សិស្ស​បាន​សិក្សា​នូវ​សេចក្ដី​ពន្យល់​ថាតើ​អ្វី​ទៅ​ជា​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ និង មុក្តាដ៏​មាន​តម្លៃ​មហិមា ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់ធ្វើការ​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​គម្ពីរ​នីមួយៗ ។

ប្រសិន​បើ​ចាំបាច់ សូម​រំឭក​ដល់សិស្ស​ថា ផ្នែកខ្លះនៃ​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា​ជា​គម្ពីរ​ម៉ូសេ និង​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ។ ការ​កែ​តម្រូវ​ដ៏​បំផុស​គំនិត​ផ្សេង​ទៀត​អាច​មាន​នៅក្នុង​លេខ​យោង និង​សេចក្ដី​បន្ថែម​នៃ​កំណែ​មួយ​ចំនួន​នៃ​ព្រះគម្ពីរ​ប៊ីប​នៅ​ក្នុងសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​នៅ​លើ​គេហទំព័រ​scriptures.ChurchofJesusChrist.org ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​បើក​ធនធាន​ណា​មួយ​ដែល​ពួកគេ​មាន​ដើម្បី​ប្រាកដ​ថា ពួកគេ​ស្គាល់​ពី​របៀប​ចូល​ទៅ​ប្រើ​បទគម្ពីរ​ទាំង​នេះ ។

សូម​ដាក់​បង្ហាញ​ពី​បញ្ជី​នៃ​វគ្គ​បទគម្ពីរ​មក​ពី​គម្ពីរ​ម៉ូសេ និង​អ័ប្រាហាំ និង​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ដែល​មាន​នៅ​ក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ឲ្យ​សិស្សធ្វើការ​រំឭក​ឡើងវិញនូវវគ្គ​បទគម្ពីរ​ដោយ​សង្ខេប​ដែល​ពួកគេ​បាន​ជ្រើស​រើស​ដោយ​ខ្លួន​ឯង ឬ​ចេញមក​ពី​បញ្ជី​ ។

បន្ទាប់​ពី​អ្នក​ទុក​ពេល​មួយ​នាទី​ឲ្យ​ពួកគេ​រំឭក​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នឹង​ដៃ​គូ​ណាម្នាក់​អំពី​សេចក្ដីពិត​ដ៏​ច្បាស់ ហើយ​ពិសេសៗ​ដែល​បទគម្ពីរ​ទាំង​នេះ​បង្រៀន ឬ​របៀប​ដែល​ពួកគេ​ធ្វើ​ឲ្យ​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​កាន់​តែ​ស៊ី​ជម្រៅ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​បទគម្ពីរ​នៅ​ថ្ងៃ​ចុង​ក្រោយ និង​ឥទ្ធិពល​របស់​វា​ដែលមាននៅ​ក្នុង​ជីវិត​របស់​អ្នក​ជាមួយ​នឹង​សិស្ស​ផង​ដែរ ។

យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿនៅ ពេលដែល​យើង​លើក​ឡើង​នូវ​សំណួរ​អំពី​ការ​បកប្រែ​នៃ​ព្រះគម្ពីរ​អ័ប្រាហាំ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ពង្រឹង​សេចក្ដី​ជំនឿ​កាល​កំពុង​បង្រៀន​អំពី​ប្រវត្តិ​សាសនាចក្រ ។ នៅ​ពេល​អ្នក​បង្រៀន​ប្រវត្តិ​សាសនាចក្រ សូម​ធ្វើ​វា​តាម​របៀប​មួយ​ដែល​ពង្រឹង​សេចក្ដី​ជំនឿ​របស់​សិស្ស​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​មក​កាន់​ផែនដី​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​របៀប​ដែល​យ៉ូសែប ស្មីធ​បាន​បំពេញ​បេសកកម្ម​របស់​លោក​ដោយ​ស្មោះត្រង់ នៅក្នុង​នាម​ជា​ព្យាការី​នៃ​ការ​ស្ដារ​ឡើង​វិញ ។ សូម​ប្រើ​ប្រភព​ដែល​បាន​ចាត់​មក​អំពី​ព្រះ​( ដូចជា​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី ) ឯកសារ​វគ្គ​សិក្សា​ដែល​បាន​ផ្ដល់​ឲ្យ និង​ធនធាន​ត្រឹម​ត្រូវ​ផ្សេង​ទៀត ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​ការ​បើក​សម្ដែង​នៃ​ការ​ស្ដារ​ឡើង​វិញ​ចេញ​ពី​ទស្សនៈ​នៃ​សេចក្ដី​ជំនឿ​មួយ ។

សូម​ដាក់​បង្ហាញ​រូបភាព​ដូច​តទៅ​នេះ ហើយ​ពន្យល់​ថា វា​គឺជា​ផ្នែក​មួយ​នៃ​ក្រដាស​បបុស​របស់​សាសន៍​អេស៊ីព្ទ​ដែល​យ៉ូសែប ស៊្មីធ ធ្លាប់​មាន ។

រូបភាព
ក្រដាស​បបុស​របស់​សាសន៍​អេស៊ីព្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​វត្ថុ​ដែល​មាន និង​ប្រវត្តិ​នៃ​ឯកសារ​ប្របុស​នេះ​( ផ្នែក​ទី ៣ និង​ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​មាន​សំណួរ​អ្វីខ្លះ​បាន​ត្រូវ​បាន​លើក​ឡើង​ដោយសារ​តែ​ការ​សិក្សា​ផ្នែក​នៃ​ឯកសារ​ប្របុស​ដែល​មាន ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី​ផ្នែក​ទី ៤ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​នឹង​ចែកចាយ​អ្វីខ្លះ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​កង្វល់​ជាទូទៅ​អំពី​ការ​បក​ប្រែ​នៃ​គម្ពីរ​អ័ប្រាហាំ ?

ពេល​សិស្ស​ឆ្លើយ​សំណួរ​ទាំង​នោះ អ្នក​អាច​ប្រើ​សំណួរ​តាម​ដាន​មួយ ឬ​ច្រើន​ខាង​ក្រោម​ដើម្បី​បន្ត​ការ​ពិភាក្សា​នោះ ។ ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា សូម​ទុក​ពេល​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​អាន​នៅ​ក្នុង​ឯកសារ​រៀបចំ ហើយ​សួរ​សំណួរ​នានា​ដែល​ពួកគេ​មាន​អំពី​គម្ពីរ​អ័ប្រាហាំ ។

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ ពេល​អ្នក​ពុំ​អាច​ស្វែង​រក​ចម្លើយ​ជាក់​លាក់​ចំពោះ​សំណួរ​អំពី​ដំណឹងល្អ ដូចជា​សំណួរ​អំពី​គម្ពីរ​អ័ប្រាហាំ ?

  • តើ​មាន​ភស្តុតាង​មួយ​ចំនួន​ណាខ្លះ​ដែល​បាន​បង្ហាញ​ចាប់​តាំង​ពី​ការ​បោះ​ពុម្ព​នៃ​គម្ពីរ​អ័ប្រាហាំ​មក ដែល​គាំទ្រ​ភាព​ដើម​របស់​វា ? ( សូម​មើល​« គម្ពីរ​អ័ប្រាហាំ និង​សម័យ​បុរាណ »​នៅ​ក្នុង​ផ្នែក​ទី ៤ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​នឹង​ណែនាំ​អ្វី​ខ្លះ​ដល់​មនុស្ស​ម្នាក់​តាម​វិធី​មួយ​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​កំណត់​ពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​គម្ពីរ​អ័ប្រាហាំ ? ហេតុអ្វី ?

សូម​បញ្ចប់​ដោយ​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​ចូល​ចិត្ត​មក​ពី​គម្ពីរ​អ័ប្រាហាំ និង​ថ្លែង​ទីបន្ទាល់​ពី​គម្ពីរ​នោះ និង​ពី​បទគម្ពីរ​ផ្សេង​ទៀត​នៃ​ការ​ស្ដារ​ឡើង​វិញ ។

សម្រាប់​ពេល​ក្រោយ

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​តែង​តែ​គិត​ពី​ខ្លួន​ឯង ។ សូម​អញ្ជើញ​ពួកគេ​ពិចារណា​ពី​ឥទ្ធិពល​ដ៏​មាន​សក្ដានុពល​របស់​ពួកគេ​នៅ​ក្នុង​ជីវិត​នេះ និង​នៅក្នុង​ពេល​ដ៏​អស់​កល្ប​ជានិច្ច​ផង​ដែរ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មក​កាន់​ថ្នាក់​លើក​ក្រោយ​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​ពី​សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ និង​អនាគត​របស់​ពួកគេ ។