ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៦ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៦ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៦ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៦

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ និង កូនសោ​បព្វជិតភាព

រូបភាព
ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ឌេល ផាសិន

បទ​បញ្ញត្តិ​របស់​ព្រះ​ឲ្យ​សង់​« គេហដ្ឋាន​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ ) គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ ។ សមាជិក​នៃ​សាសនាចក្រ​ជំនាន់​មុន​បាន​ស្ម័គ្រ​ចិត្ត​ដើម្បី​ថ្វាយ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នៃ​ការ « បាន​ទទួល​ព្រះចេស្ដា​មក​ពី​ស្ថាន​លើ »​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣២ ) ។ នៅ​ពេល​បងប្អូន​សិក្សា សូម​រក​មើល​ពរជ័យ​ដែល​កើត​ចេញ​ពី​ឆន្ទៈ​នៃ​ការ​លះបង់​របស់​ពួក​បរិសុទ្ធ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

ផ្នែក​ទី ១

តើ​ខ្ញុំអាច​រៀន​អ្វី​ខ្លះ មកពី​ការ​លះបង់​របស់ពួក​បរិសុទ្ធ​ជំនាន់​មុន​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ?

នៅ​ក្នុង​វិវរណៈ​មួយ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​ទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​បង្គាប់​ពួក​បរិសុទ្ធ​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ ។

ដោយសំដៅ​ទៅលើ​បទបញ្ញត្តិ​នេះ ព្យាការី យ៉ូសែប ស៊្មីធ បាន​សរសេរ​ថា « នេះ​គឺជា​បន្ទូល​របស់​ព្រះអម្ចាស់​មក​កាន់​យើង ហើយ​យើង​ត្រូវ​តែ មែនហើយ ព្រះអម្ចាស់​នឹង​ជួយ​យើង យើង​នឹង​គោរ​ពប្រតិបត្តិ​ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​គោរព​ប្រតិបត្តិ​របស់​យើង ដែល​ទ្រង់​បាន​សន្យា​នូវ​រឿង​ដ៏​អស្ចារ្យ​ដល់​យើង មែនហើយ ថែម​ទាំង​បាន​យាង​មក​ពី​ស្ថានសួគ៌​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​យើង​ជាមួយ​នឹង​វត្តមាន​របស់​ទ្រង់​ផ្ទាល់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤១៥ ) ។

រូបភាព
អេលីហ្សា អ័រ ស្នូ

អេលីហ្សា អ័រ ស្នូ ដែលបាន​​រស់​នៅ​ទីក្រុង​ខឺត ឡង់នៅ ពេលដែល​ព្រះវិហារ​បរិសុទ្ធ​កំពុង​សាង​សង់ បាន​រំឭក​ថា

រូបភាព
បងស្រី អេលីហ្សា អ័រ ស្នូ

ពួក​បរិសុទ្ធ​មាន​គ្នា​តិច​តួច ហើយ​ពួកគេ​ភាគ​ច្រើន​ជា​ជន​ក្រី​ក្រ ប្រសិន​បើ​ពុំ​មែន​ដោយ​សារ​ការ​អះអាង​ថា​ព្រះ​មាន​បន្ទូល ហើយ​បាន​បង្គាប់​ថា ដំណាក់​មួយ​គួរ​តែ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​ថ្វាយ​ព្រះនាម​របស់​ទ្រង់​នោះ​ទេ…ការ​ប៉ុន​ប៉ង​ដើម្បី​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​នោះ នៅ​ក្នុង​កាលៈទេសៈ​បែប​នោះ ដោយ​មាន​ការ​ខ្វល់​ខ្វាយ​ជាច្រើន នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​មិន​សម​ហេតុ​ផល ។…

ដោយ​មាន​ធនធាន​តិច​តួច លើក​លែង​តែ​ខួរ​ក្បាល ឆ្អឹង និង​សរសៃ រួម​ផ្សំ​នឹង​ការ​ទុក​ចិត្ត​ដ៏​ឥត​ងាក​រេ​ទៅលើ​ព្រះ នោះ​បុរស ស្ត្រី ព្រមទាំង​កុមារ បាន​ធ្វើ​ការ​អស់​ពី​កំលាំងពលំ​របស់​ពួកគេ … កម្លាំង​របស់​ពួកគេ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចូល​រួម​នៅ​ក្នុង​ពរជ័យ​នៃ​ដំណាក់​មួយ​ដែល​បាន​សាងសង់​ឡើងក្រោម​ការ​ដឹកនាំ​ពី​ស្ថានសួគ៌ ហើយ​បាន​ទទួល​យក​ដោយ​ទ្រង់ ។ ( នៅ​ក្នុង Eliza R. Snow, an Immortal [ ឆ្នាំ ១៩៧៥ ] ទំព័រ ៥៤, ៥៧ )

ឧបសគ្គ​មួយ​ទៀត​ក៏​បាន​ពន្យឺត​ដំណើរ​ការ​នៃ​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ​ដែរ ៖

នៅ​រដូវ​ផ្ការីក និង​រដូវ​ក្ដៅ ឆ្នាំ ១៨៣៤ គឺជា​គ្រា​ដ៏​លំបាក​សម្រាប់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ ដោយសារ​បុរស​ទាំង​អស់​នៅក្នុង​សហគមន៍​បាន​ចេញ​ទៅ​ជាមួយ​នឹង​យ៉ូសែប ស្ម៊ីធ​ទៅ​កាន់​រដ្ឋ​មិសសួរី​នៅ​ក្នុង​ជំរំ​នៃ​អ៊ីស្រាអែល … ដោយសារ​បុរសៗ​បាន​ចេញ​ទៅ​អស់ នោះ​ស្ត្រី​ទៃងឡាយបាន​បន្តធ្វើ​កិច្ចការ​ទាំង​នោះ ។ ស្ត្រី​ខ្លះ​លាយ​ថ្ម​កំបោរ ខ្លះ​ទៀត​បាន​បរ​រទេះ​ដឹក​ថ្ម ហើយ​នៅ​មាន​ខ្លះ​ទៀត​បាន​ដេរ ត្បាញ ហើយ​ចាក់​សម្លៀក​បំពាក់​ឲ្យ​ពួក​កម្មករ ។ ( Lisa Olsen Tait and Brent Rogers « A House for Our God » Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ១៧០ )

ដើម្បី​ជួយ​ពួក​បរិសុទ្ធ​នៅ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ « យ៉ូសែប ស៊្មីធ និង​ទី​ប្រឹក្សា​របស់​លោក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​នូវ​ការ​និមិត្ត​ដ៏​អស្ចារ្យ​មួយ ដែល​ក្នុង​នោះ​​ពួក​លោក​បាន​ឃើញ​ផែនការ​លម្អិត​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ហ្វ្រែឌើរិក ជី វិលលាម្ស ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ ក្រោយ​មក​បាន​រំឭក​ថា

យ៉ូសែប [ ស៊្មីធ ] បាន​ទទួល​បន្ទូល​របស់​ព្រះអម្ចាស់ ឲ្យ​លោក​​នាំ​យក​ទី​ប្រឹក្សា​ទាំង​ពីរ​របស់​លោក គឺ [ ហ្វ្រែឌើរិក ជី ] វិលលាម្ស និង​[ ស៊ិឌនី ] រិកដុន មក​ចំពោះមុខ​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​បង្ហាញ​ពួកលោក​ពី​ផែនការ ឬ​គំរូ​នៃ​ដំណាក់​ដែល​ត្រូវ​សាង​សង់ ។ យើង​បាន​លុត​ជង្គង់​ចុះ អំពាវ​នាវ​ទៅ​ដល់ព្រះអម្ចាស់ ហើយ​អគារ​នោះ​បាន​លេច​ឡើង​នៅ​ពី​មុខ​យើង ខ្ញុំ​បាន​ឃើញ​វា​មុន​គេ ។ បន្ទាប់​មក យើង​ទាំងអស់​គ្នា​ក៏បាន​មើលវា​រួម​គ្នា ។ បន្ទាប់​ពី​យើង​បាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ផ្នែក​ខាង​ក្រៅ អគារ​នោះ​ហាក់​ដូចជា​នៅ​ចំពីលើ​យើង ។ ( Teachings: Joseph Fielding Smith ទំព័រ ២៧១ )

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ វ៉លធើរ រេន

បុរស​ម្នាក់​ដែល​បាន​លះបង់​យ៉ាង​ច្រើន​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់​គឺជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​ឈ្មោះ ចន ធេនណើរ ៖

[ ចន ] ​« បាន​ទទួល​ការ​បំផុស​គំនិត​មួយ​តាម​រយៈ​សុបិន ឬ​ការ​និមិត្ត​មួយ​នៅ​ពេល​យប់​ថា លោក​ … ត្រូវ​ទៅ​សាសនាចក្រ​ភ្លាមៗ » នៅ​ខឺតឡង់ ។ លោក​បាន​ដាក់​បញ្ចាំ​ទ្រព្យធន​របស់​លោក​—​ដូចជា កសិដ្ឋាន​មួយ​ចំនួន សណ្ឋាគារ​មួយ និងចម្ការ​ដំណាំ—បាន​ដឹក​គ្រួសារ​ជា​ច្រើន​នាក់ និង​អ្នក​ជិត​ខាង​មួយ​ចំនួន​នៅ​ក្នុង​រទេះ​នៅ​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​បាន​ឆ្លង​កាត់​ចម្ងាយ​ផ្លូវ​ជាង​ប្រាំបី​រយ​គីឡូម៉ែត្រ​ដើម្បី​ទៅ​ដល់​ទីក្រុង​ខឺតឡង់​នៅ​ថ្ងៃ អាទិត្យ ខែ មករា ឆ្នាំ ១៨៣៥ ។

 គាត់ត្រូវបាន​គេត្រូវការ​ជាចាំបាច់ ។ ការ​ឲ្យ​ខ្ចី​ប្រាក់​ទិញ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ​ដល់​ថ្ងៃ​កំណត់​ត្រូវ​បង់​ប្រាក់ ហើយ​យោង​តាម​ដំណើរ​រឿង​​មួយ​ចំនួន ព្យាការី យ៉ូសែប ស្ម៊ីធ ដ៏​ក្រី​ក្រ និង​បងប្អូន​ប្រុស​មួយ​ចំនួន​បាន​អធិស្ឋាន​សូម​ជំនួយ ។

ចន ធេនណើរ ពុំ​បាន​ស្ទាក់​ស្ទើរ​ឡើយ ។ លោក​បាន​ឲ្យ​ព្យាការី​ខ្ចី​ប្រាក់​ពីរ​ពាន់​ដុល្លារ ហើយ​លោក​បាន​កត់​ត្រា​ទុក បាន​ឲ្យ​គណៈកម្មាការ​ព្រះវិហារ​បរិសុទ្ធ​ខ្ចី​ប្រាក់​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ បាន​ចុះ​ហត្ថលេខា​លើ​ការ​កត់​ចំណាំ​មួយ​សម្រាប់​ទឹក​ប្រាក់​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ​ជាមួយ​នឹង​ព្យាការី ព្រមទាំង​ជាមួយ​មនុស្ស​ដទៃ​ទៀត​សម្រាប់​សម្ភារ​ដែល​បាន​ទិញ​នៅ​ទីក្រុង​នូវ​យ៉ោក ហើយ​បាន​ធ្វើ « ការ​បរិច្ចាគ​ដោយ​ស្មោះ » សម្រាប់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ ។ ( Leonard J. Arrington « The John Tanner Family » Ensign ខែ មីនា ឆ្នាំ ១៩៧៩ ទំព័រ ៤៦ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពន្យល់​ពី ហេតុផល​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ឆន្ទៈ​លះបង់​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ ហើយ​ថ្វាយ​បង្គំ​​ព្រះអម្ចាស់​នៅ​ក្នុង​អគារ​ដ៏​បរិសុទ្ធ​ទាំង​នេះ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

កម្រិតនៃការពលិកម្មមួយចំនួនមានជាប់ទាក់ទងនឹងការសាងសង់ព្រះវិហារបរិសុទ្ធ និង ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មាន​មនុស្ស​ជាច្រើន​បាន​ខិតខំ​ធ្វើ​ការ ហើយ​បាន​ជួប​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ហេតុអ្វីបានជាមានមនុស្សជាច្រើន ស្ម័គ្រចិត្តដើម្បីលះបង់យ៉ាងច្រើន ដើម្បី​ទទួលបាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ? អ្នក​ទាំងអស់ណាដែល​យល់អំ​ពី​ពរជ័យ​ដ៏​នៅ​អស់់​កល្ប​ជានិច្ច ដែល​កើត​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ដឹង​ថា គ្មាន​ការ​លះបង់​ណា​មួយ​ដែល​ធំពេក គ្មាន​តម្លៃ​ណា​មួយ​ដែល​ធ្ងន់ធ្ងរ​ពេក គ្មាន​បញ្ហា​ណា​មួយ​ដែល​លំបាក​ពេក​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំង​នោះ​ឡើយ ។ ( ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the WorldEnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ មកពី​គំរូ និង​ការ​លះបង់​នៃ​ពួក​បរិសុទ្ធ​ជំនាន់​មុន​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ?

ផ្នែក​ទី ២

តើ​កូនសោ​បព្វជិតភាព​ដែល​បាន​ប្រគល់​ឲ្យ​ដោយ​សារទូត​សួគ៌ា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​ខ្ញុំ​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ?

ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ការ​លះបង់​របស់​ពួក​បរិសុទ្ធ​​ក្នុង​ការសង់​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់​ជាមួយ​នឹង​ការ​ចាក់​ស្រោច​នៃ​ការ​បើក​បង្ហាញ​ខាង​វិញ្ញាណ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន និង​ក្រោយ​ការ​ឧទ្ទិស​ឆ្លង ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ​២៣២–៣៥, ២៣៧–៣៩ ) ។

ពួក​បរិសុទ្ធ​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​ថា អង្គ​ពី​ស្ថានសួគ៌​បាន​មាន​វត្តមាន​នៅក្នុងពេលធ្វើ​កម្មវិធី​ឧទ្ទិស​ឆ្លង​នោះ ។

អេលីហ្សា អ័រ ស្នូ បាន​ថ្លែង​ថា « ពិធី​ឧទ្ទិស​ឆ្លង​នោះ​អាច​មាន​ការ​ហាត់​សម ប៉ុន្តែ​គ្មាន​ភាសា​ណា​មួយ​នៅ​ក្នុង​លោកនេះ​ដែល​អាច​រៀបរាប់​ពី​ការ​បើក​បង្ហាញ​សួគ៌ា​នៅ​ថ្ងៃ​ដ៏​គួរ​ឲ្យ​ចង​ចាំ​នោះ​បាន​ឡើយ ។ ពួក​ទេវតា​បាន​បង្ហាញ​ខ្លួន​ដល់​មនុស្ស​មួយ​ចំនួន ខណៈដែល​អារម្មណ៍​នៃ​វត្តមាន​របស់​ព្រះ​ត្រូវ​បាន​ដឹង​ដោយ​មនុស្ស​ទាំងអស់​ដែល​មាន​វត្តមាន ហើយ​ដួង​ចិត្ត​នីមួយៗ​ត្រូវបាន​ពេញ​ដោយ ‹ សេចក្ដី​អំណរ​ដ៏​ប្រសើរ​ដែល​រក​ថ្លែង​មិនបាន › » ​[ សូមមើល ពេត្រុស​ទី ១ ១:៨ ] ។

នៅ​ល្ងាច​នោះ ពេល​ព្យាការី​បាន​ប្រមូល​ផ្ដុំ​ជាមួយ​នឹង​ពួក​អ្នក​កាន់​បព្វជិតភាព​ប្រមាណ​ជា ៤០០ នាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ « មាន​សំឡេង​មួយ​ត្រូវ​បាន​គេ​ស្ដាប់​ឮ​ប្រៀប​បាន​នឹង​សំឡេង​ខ្យល់​មួយ​ដ៏​ខ្លាំង ពេញ​ព្រះវិហារ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំ​បាន​ក្រោក​ឈរ​ឡើង​ដំណាលៗ​គ្នា មាន​ការ​រំជួល​ចិត្ត​ដោយ​ព្រះចេស្ដា​ដែល​មើល​មិន​ឃើញ » ។ យោង​តាម​ព្យាការី « មនុស្ស​ជាច្រើន​បាន​ចាប់ផ្ដើម​និយាយ​ជា​ភាសា និង​ការ​ព្យាករ ខ្លះ​ទៀត​បាន​ឃើញ​ការ​និមិត្ត​ដ៏​រុង​រឿង ហើយ​ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ពេញ​ទៅដោយ​ពួក​ទេវតា ដែល​ជា​ការ​ពិត​ដែល​ខ្ញុំ​បាន​ប្រកាស​ដល់​ក្រុម​ជំនុំ » ​( Teachings: Joseph Smith ទំព័រ ៣០៧–៨ ) ។

ការ​បើក​បង្ហាញ​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​បំផុត​បាន​កើត​ឡើង​នៅ​ថ្ងៃ អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦នៃ​បុណ្យ​អីស្ទើរ គឺ​មួយ​សប្ដាហ៍​ក្រោយ​ពី​ព្រះវិហារ​បរិសុទ្ធ​នោះ​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ។ ខណៈ​ពេលដែល​ពួកលោក​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការ​និមិត្ត​មួយ​បាន​បើក​ឡើង​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ហើយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ទ្រង់ ។ ទ្រង់​បាន​ប្រកាស​ថា ទ្រង់​បាន​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​នោះ ហើយ​បាន​សន្យា​ថា​នឹង​ចាក់​ស្រោច​ពរជ័យទៅ​ដល់​ពួក​បរិសុទ្ធ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១–១០ ) ។

រូបភាព
ការ​និមិត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ហ្គែរី អ៊ី ស្ម៊ីធ

បន្ទាប់​ពី​ការ​យាង​មក​ជួប​នោះ មាន​នូវ​ការ​លេច​មក​នូវ​សារទូត​សួគ៌ា​ដែល​បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ បងប្អូន​អាច​គូស​ចំណាំ​វគ្គ​ដូច​តទៅ​នេះ​អំពី​សារទូត​ដែល​បាន​បង្ហាញ​ខ្លួន​ដល់​យ៉ូសែប និង អូលីវើរ និង​កូនសោ​​ដែល​ពួក​លោក​បាន​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ ៖

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ម៉ូសេ​បាន​កាន់​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ លោក​បាន​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ចូល​ទៅ​ក្នុង​ដែនដី​កាណាន ។ វា​គឺជា​ការណាត់ជួប​របស់​លោក​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ដើម្បី​មក ហើយ​ស្ដារ​កូនសោ​ទាំង​នោះ​សម្រាប់​ការ​ប្រមូល​ផ្តុំនៅ​សម័យ​ទំនើប ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Church History and Modern Revelation [ ឆ្នាំ ១៩៥៣ ] ២:៤៨ )

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១២ ។

« បុរស​ដែល​មាន​ឈ្មោះ​អេលីយ៉ាស​បាន​រស់​នៅ​ក្នុង​ជំនាន់​របស់​អ័ប្រាហាំ បាន​ប្រគល់​គ្រា​កាន់​កាប់​ត្រួត​ត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។ … យើង​គ្មាន​ព័ត៌មាន​លម្អិត​ជាក់​លាក់​ស្ដីពី​ជីវប្រវត្តិ ឬ​ការ​ងារ​បម្រើ​របស់​លោក​ក្នុង​ជីវិត​របស់លោក​ឡើយ » ( Bible Dictionary « Elias » ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​ពន្យល់​ពី​ហេតុផល​ដែល​អេលីយ៉ាស​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

បុរស​ដែល​មាន​ឈ្មោះ​អេលីយ៉ាស​នាំ​ត្រឡប់​មក​វិញ​នូវ « ដំណឹងល្អ​នៃ​អ័ប្រាហាំ » ជា​សេចក្ដី​សញ្ញា​ដ៏​ធំ​របស់​អ័ប្រាហាំ​ដែល​ពួក​ស្មោះត្រង់​ទទួល​បាន​នូវ​សេចក្ដី​សន្យា​នៃ​ការ​កើន​ឡើង​ដ៏​នៅ​អស់​កល្ប​ជានិច្ច សេចក្ដីសន្យា​ថា​តាមរយៈ​អាពាហ៍​ពិពាហ៍​សេឡេស្ទាល នោះ​ពូជពង្ស​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ​នឹង​មាន​ចំនួន​ច្រើន​ដូចជា​គ្រាប់​ខ្សាច់​នៅ​លើ​ឆ្នេរ​សមុទ្រ ឬ​ដូចជា​ផ្កាយ​នៅលើ​មេឃ ។ ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « The Keys of the Kingdom » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ) ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១៣–១៦ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់​នេះ​ដែល​បាន​ប្រគល់​ដល់​អេលីយ៉ា គឺជា​អំណាច​ដែល​ចង​ភ្ជាប់​ស្វាមី និង​ភរិយា ព្រមទាំង​កូនៗ​ទៅ​នឹង​ឪពុក​ម្ដាយ​សម្រាប់​វេលាកាល និង​សម្រាប់​ភាពអស់​កល្ប​ជានិច្ច ។ វាគឺជា​អំណាច​នៃ​ការ​ចង​ភ្ជាប់​ដែល​មាន​នៅ​គ្រប់​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ ។… តាមរយៈ​អំណាច​នេះ​ហើយ​ដែល​ពិធីបរិសុទ្ធ​ទាំងអស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ចង​ភ្ជាប់​គ្នា ឬ​បាន​ផ្សារ​ភ្ជាប់ ហើយ​វា​គឺជា​បេសកកម្ម​របស់​អេលីយ៉ា​ដើម្បី​មក ហើយ​ស្ដារ​វា​ឡើង​វិញ ។ ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Elijah the Prophet and His Mission [ ឆ្នាំ ១៩៥៧ ] ទំព័រ ៥ )

ការ​បង្ហាញ​ខ្លួន​របស់​ព្យាការី​អេលីយ៉ា​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​បំពេញ​ការ​សន្យា​ដែល​ធ្វើ​ឡើង​ដោយ​ព្រះអម្ចាស់​ទៅកាន់​ព្យាការី​ម៉ាឡាគី ហើយ​បាន​រំឭក​ឡើង​វិញ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ដោយ​មរ៉ូណៃ ពេល​លោក​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​បន្ទប់​ដេក​របស់​យ៉ូសែប​នៅ​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២ ( សូម​មើល​ផង​ដែរ ម៉ាឡាគី ៤:៥–៦ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​បងប្អូន​មាន​ពរ​ដោយសារ​កូនសោ និង​អំណាច​បព្វជិតភាព​ដែល​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា​បាន​ប្រគល់​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់​តាម​របៀបណា ? តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសប្លែក​យ៉ាង​ដូចម្ដេច បើ​កូនសោ​បព្វជិតភាព​ទាំង​នេះ​ពុំ​ត្រូវបាន​ស្ដារ​ឡើង​វិញ​​នោះទេ ?