ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន​មេរៀន​ទី ២០៖ ពិធី​ការបរិសុទ្ធទាំងឡាយ និង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ


« ឯកសារ​គ្រូបង្រៀន​មេរៀន​ទី ២០៖ ពិធី​ការបរិសុទ្ធទាំងឡាយ និង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ២០ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន​មេរៀនទី ២០

ពិធី​បរិសុទ្ធ និង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ពេល​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​កំពុង​សាង​សង់ ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បង្រៀន​ថា « សាសនាចក្រ​នេះ​ពុំ​ទាន់​បាន​រៀបចំ​ឡើង​ឲ្យ​ពេញ​លេញ​នៅឡើយ​ទេ … រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​សង់​ចប់​សព្វ​គ្រប់ » ( Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ​៤១៦ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​​ឲ្យ​សិស្ស​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សារៈសំខាន់​នៃ​ពិធីការ​បរិសុទ្ធទាំងឡាយនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​កែលម្អ​នូវ​ភាព​ញឹក​ញាប់ ( តាម​ស្ថានភាព​អនុញ្ញាត​​ឲ្យ ) និង​គុណភាព​នៃ​ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ស្តារ​ពិធីការ​បរិសុទ្ធទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ យ៉ូសែប ស្ម៉ីធ ។

សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​សិស្ស​ស្គាល់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ដែល​បាន​រីករាយ​នឹង​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ នៅពេល​ដែលពួកគេ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ បងប្អូន​ក៏​អាច​សួរ​ពី​អារម្មណ៍​របស់​ពួកគេ​នៅពេល​ពួកគេ​ចាក​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​នោះ ផង​ដែរ ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្ត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្ត ។ សំណួរ​បែប​នេះ​អាច​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ទាំង​ពី​របៀប​ដែល​សេចក្ដីពិត​កំពុង​ពិភាក្សា​អនុវត្ត​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ ហើយ​ក៏​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​នៅ​ពេល​អនាគត​ផង​ដែរ ( សូមមើល Gospel Teaching and Learning [ ឆ្នាំ ២០១២ ] ៥.១.៤ ) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ពួក​បរិសុទ្ធ​បាន​តាំង​ទីលំនៅ​ក្នុង​ក្រុង​ណៅរូ រដ្ឋ​អិលលីណោយ​ហើយ នោះ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​បទបញ្ញត្តិ​មួយ​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ ។ ដូច​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដែរ កិច្ចការ​នេះ​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ធំ​ចេញមកអំ​ពី​ពួក​បរិសុទ្ធ ។ ពេល​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​កំពុង​សាង​សង់​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « សាសនាចក្រ​នេះ​ពុំ​ទាន់​បាន​រៀបចំ​ឡើង​ឲ្យ​ពេញ​លេញ​នៅឡើយ​ទេ … រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​សង់​ចប់​សព្វ​គ្រប់ » ( Teachings of Joseph Smith ទំព័រ​៤១៦ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា ការ​ស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​មាន​ភាព​ពេញ​លេញ បើ​គ្មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នោះ ? ( បងប្អូន​អាច​បំផុស​គំនិត​សិស្ស​ឲ្យ​ចែកចាយ​ពី​រឿង​មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន​មក​ពី​ការ​សិក្សា​ឯកសារ​រៀបចំ ) ។

សូម​ពន្យល់​ថា នៅ​ក្នុង​វិវរណៈ​មួយ​ដែល​បង្គាប់​ឲ្យ​ពួក​បរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ហេតុផល​ដែល​ព្រះវិហារ​បរិសុទ្ធ​នឹង​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​ពួក​បរិសុទ្ធ ។ ទ្រង់​បាន​ពន្យល់​ថា ពិធី​លាង​ជម្រះ ពិធី​ចាក់​ប្រេង​តាំង ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ស្លាប់ និង​ពិធីការបរិសុទ្ធ​ផ្សេង​ទៀត​មាន​តែនៅ​ក្នង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៣១, ៣៤, ៤០–៤១, ៥៥ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​សន្យា​ប្រទាន​ពរ​ដល់​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស សូម​បង្ហាញ ឬ​សរសេរ​សេចក្ដីពិត​មួយ​នៅលើ​ក្ដារ​ខៀន​ដែល​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រះអម្ចាស់​ប្រទាន​ពរ​យើង​ជាមួយ​នឹង​ពិធីការបរិសុទ្ធដ៏​ចាំបាច់ទាំងឡាយ ដើម្បី​យើង​អាច​ទទួល​បាន​កិត្តិយស អមតភាព និង​មានជីវិត​អស់​កល្ប​ជានិច្ច ។

  • តើបងប្អូន​គិត​ថា ពិធីការ​បរិសុទ្ធ​ទាំងឡាយនៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រៀបចំ​យើង​សម្រាប់​កិត្តិយស អមតភាព និង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​តាម​របៀបណា ?

រូបភាព
ហាង​ឥដ្ឋ​ពណ៌​ក្រហម

សូម​បង្ហាញ​រូបភាព​មួយ​ពី​ហាង​ឥដ្ឋ​ពណ៌​ក្រហម​របស់​យ៉ូសែប​នៅ​ក្រុង​ណៅវូ ហើយ​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ពិធី​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ បើ​ចាំបាច់ ។

  • តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ពរជ័យ​នៃ​អំណោយទាន​ពិសិដ្ឋ​មក​ពី​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ?

ពេលបងប្អូន​ពិភាក្សា​អំពី​អំណោយទាន​ពិសិដ្ឋ សូម​ពិចារណា​សួរ​សំណួរ​តាម​ដាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ។ សូម​ចង្អុល​បង្ហាញ​ថា អែលឌើរ បែដណា បាន​បង្រៀន​ថា ពេល​យើង​និយាយ​ពី​ព្រះវិហារ​បរិសុទ្ធ យើង​ពុំ​គួរ « បញ្ចេញ ឬ​ពិពណ៌នា​អំពី​និមិត្ត​សញ្ញា​ពិសេសទាំងឡាយ​ដែល​ទាក់ទង​នឹង​សេចក្ដី សញ្ញា​ដែល​យើង​ទទួល​បាន​នៅ​ក្នុង​ពិធី​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ឡើយ » ប៉ុន្តែ​យើង​« អាច​ពិភាក្សា​ពី​គោលបំណង​មូលដ្ឋាន និង​គោលលទ្ធិ​ដែល​ទាក់ទង​ទៅនឹង​ពិធីការបរិសុទ្ធទាំងឡាយ និង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន » ​( « ការរៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវការ​គ្រប់មុខ » EnsignLiahona ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០៣ ) ។

  • តើ​អ្វីខ្លះ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ ? ( សូមមើល​ផ្នែក​ទី ៣នៃ​ឯកសារ​រៀបចំ ) ។

  • តើ​មាន​ទំនាក់ទំនង​អ្វីខ្លះ​រវាង​ពិធីការ​បរិសុទ្ធ និង​សេចក្តី​សញ្ញា ?

  • ពេល​បងប្អូន​​សិក្សា​ឯកសារ​រៀបចំ​ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​នៅ​អំឡុង​ពិធី​អំណោយទាន​ពិសិដ្ឋ ?

  • ហេតុអ្វីបងប្អូន​គិត​ថា ​ព្រះអម្ចាស់​ចង់​ឲ្យ​រាស្ត្រ​របស់​ទ្រង់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​ពិចារណា​ទុក​ពេល​ឲ្យ​សិស្ស​មួយ ឬ​ពីរ​នាទី​ដើម្បី​ចែកចាយ​នឹង​សិស្ស​ផ្សេង​ទៀត ដែល​អង្គុយ​នៅក្បែរ​គេ អំ​ពី​គំនិត​របស់​ពួកគេ​នូវ​សំណួរ​ដូច​តទៅ​នេះ​ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​ឯកសារ​រៀបចំ ៖

  • តើ​បងប្អូន​នឹង​ផ្ដល់​យោបល់​ដល់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀប​ចំ​ខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​គាត់ ? ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​ការបរិសុទ្ធ​ទាំងឡាយនៅ​ក្នុង​នោះ​មាន​សារៈសំខាន់​ចំពោះ​បងប្អូន​ផ្ទាល់ខ្លួន ?

ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អញ្ជើញ​ព្រះចេស្ដា និង​ពរជ័យ​របស់​ព្រះអម្ចាស់​ចូល​មក​ក្នង​ជីវិត​របស់​យើង។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

សូម​រំឭក​សិស្ស​ថា ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​គឺជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ។ គោលបំណង​របស់​វា​គឺ​ខុស​ប្លែក​ពី​ព្រះវិហារ​បរិសុទ្ធ​ដែល​កើត​មាន​តាម​ក្រោយ—​វា​ផ្ដល់​ទី​កន្លែង​មួយ​សម្រាប់​ព្រះអម្ចាស់​ដើម្បី​ស្ដារ​ចំណេះដឹង និង​កូនសោ​បព្វជិតភាព​ឡើង​វិញ​សម្រាប់​ការ​ថ្វាយ​បង្គំ​នា​ពេល​អនាគត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​ការ​អធិស្ឋាន​សម្រាប់​ការ​ឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ​នោះ យ៉ូសែប ស៊្មីធ​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ប្រទាន​ពរជ័យ​ជាក់​លាក់​ដល់​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១៣, ២២–២៦ ហើយ​រកមើល​ពរជ័យ​ដែល​ពួកគេ​អាច​ទទួល​បាន​តាមរយៈ​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ( សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​នៅ​លើ​ក្ដារ​ខៀន ហើយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​ពី​មូល​ហេតុ​ដែល​ពរជ័យ​ទាំង​នេះ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។ បងប្អូន​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​បំពាក់​យើង​ដោយ​ព្រះចេស្ដា និង​ការការពារ​របស់​ទ្រង់ ) ។

សូម​ពិភាក្សា​ជាមួយ​នឹង​សិស្សអំ​ពី​ហេតុ​ផល​ដែល​យើង​ត្រូវការ​ចាំបាច់​នូវ​ព្រះចេស្ដា និង​ការការពារ​របស់​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យើង ។ សូម​អញ្ជើញ​សិស្ស​ដែល​បាន​សួរ​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​ពី​ពរជ័យ​ជាក់​លាក់​​​ដែល​គាត់​បាន​ទទួល​តាមរយៈ​ពិធីការ​បរិសុទ្ធ ទាំងឡាយនិង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ឲ្យ​ឡើង​​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ( សូម​មើល​ការ​អញ្ជើញ​នៅ​ចុង​បញ្ចប់​នៃ​ផ្នែក​ទី ១​នៅ​ក្នុង​ឯកសារ​រៀបចំ ) ។ បងប្អូន​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ការ​ថ្វាយ​បង្គំ​របស់​ពួកគេ​ផ្ទាល់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​ដាក់​បង្ហាញ ហើយ​អាន​ជាមួយ​សិស្ស​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ពិចារណា​ទៅលើ​ការ​ចំណាយ​ពេល​វេលា​របស់​បងប្អូន​ប្រកប​ដោយ​ការ​អធិស្ឋាន ។ … បើ​បងប្អូន​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​បងប្អូន ខ្ញុំ​សូម​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ស្វែងរក​របៀប​មួយ​ដើម្បី​ធ្វើ​ការ​ណាត់ជួប​នឹង​ព្រះអម្ចាស់ឲ្យបាន​ទៀងទាត់—នៅ​ក្នុង​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់— បន្ទាប់​មក​បន្ត​ការ​ណាត់​ជួប​នោះ​ដោយ​ត្រឹមត្រូវ និង​អំណរ ។ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា ព្រះអម្ចាស់​នឹង​នាំ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ញាណ​ដឹង​ថា បងប្អូន​ត្រូវការ នៅពេល​បងប្អូន​ធ្វើ​ការ​លះបង់​ដើម្បី​បម្រើ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ ( រ័សុល អិម ណិលសុន « ការក្លាយជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គំរូ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ )

ដើម្បី​ជួយ​សិស្ស​គិត​ឲ្យ​ស៊ីជម្រៅ​ពី​ការ​តាំង​ចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ និង​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ សូម​ដាក់​បង្ហាញ​សំណួរ​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​សំណួរ​ដែល​អនុវត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​សិស្ស​គិត ហើយ​ប្រហែល​ជា​កត់ត្រា​ចំណាប់​អារម្មណ៍​​របស់​ពួកគេ ។

  1. តើ​មាន​ការ​អូសទាញ ឬ​បញ្ហា​នៃ​ភាព​ពុំ​ស័ក្ដិសម​រារាំង​ខ្ញុំ​ពុំ​ឲ្យ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬទេ ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​លុប​បំបាត់​ឧបសគ្គ​ទាំង​នេះ ?

  2. តើ​ការ​លះបង់​បែប​ណា​ខ្លះ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ដើម្បី​ទទួលបាន​ពរជ័យ​ដ៏​ច្រើន​ដែល​មាន​តាមរយៈ​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  3. តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​របស់​ខ្ញុំ​ក្នុង​ព្រះវិហា​រ​បរិសុទ្ធ​ឲ្យកាន់តែ​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  4. តើ​ព្រះអម្ចាស់​ចង់​ឲ្យខ្ញុំ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មានបទ​ពិសោធន៍​នូវ​ពរជ័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សម្រាប់​ពេល​ក្រោយ

សូម​ចង្អុល​បង្ហាញ​ថា នៅ​សប្ដាហ៍​ក្រោយ សិស្ស​នឹង​មាន​ឱកាស​ដើម្បី​ពិភាក្សា​ពី​ពិធី​បរិសុទ្ធនៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​អស្ចារ្យ​​នៃ​អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន​ឯកសារ​រៀបចំ​​សម្រាប់​មេរៀន​ទី ២១ ហើយ​ពិចារណា​ពី​ហេតុផល​ដែល​អាពាហ៍​ពិពាហ៍ និង​គ្រួសារ​មាន​សារះសំខាន់​​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​នៃសុភមង្គល​​របស់​ព្រះវរបិតា​សួគ៌ ។