ថ្នាក់​វិទ្យាស្ថាន
ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៧ ៖ បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា


« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៧ ៖ បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៧ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​គ្រូបង្រៀន មេរៀន​ទី ១៧

បន្ត​ស្មោះត្រង់​នៅក្នុង​ការណ៏​ផ្ទុយ និង​ទុក្ខវេទនា

អំឡុង​រយៈពេល​ចន្លោះ​ឆ្នាំ ១៨៣៧ ដល់ ១៨៣៩ ពួកបរិសុទ្ធ​បាន​ជួប​នឹង​វិញ្ញាណ​គំរាម​កំហែង​មួយ​នៃ​ការក្បត់​សាសនា​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ និង​ការបៀតបៀន​ដ៏​ព្រៃផ្សៃ​នៅ​ឯ​រដ្ឋ​មិសសួរី ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​សម្រេច​ពី​របៀប​ដែល​ពួកគេ​អាច​ងាក​ទៅរក​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ពេល​លំបាក និង​ការផ្ទុយ ហើយ​ទុក​ចិត្ត​លើ​ទ្រង់ និង​ពឹងពាក់​លើ​ទ្រង់​កាន់តែ​ពេញលេញ ។

យោបល់​សម្រាប់​ការបង្រៀន

សមាជិក​មួយ​ចំនួន​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ បាន​ចាកចេញ​ពី​សាសនាចក្រ ខណៈ​អ្នកដទៃ​នៅបន្ដ​ស្មោះត្រង់ ។

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការសូម​សិស្ស​ឲ្យ​ពិពណ៌នា​ពី​របៀប​ដែល​មនុស្ស​ដែល​ពួកគេ​ស្គាល់​ឆ្លើយតប​នឹង​ឧបសគ្គ​ពិបាកៗ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ បងប្អូន​ក៏​អាច​សួរ​ផងដែរ​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​មកពី​គំរូ​បែប​នោះ ។

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​ឧបសគ្គ​ដែល​ពួកគេ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​កំពុង​ជួប​នា​ពេល​នេះ ហើយ​ពិចារណា​ពី​អ្វី​ដែល​ព្រះអម្ចាស់​អាច​បង្រៀន​ពួកគេ​នៅ​ថ្ងៃនេះ​អំពី​របៀប​ឆ្លើយតប​ទៅនឹង​ឧបសគ្គ​បែប​នោះ ។

  • តើ​មាន​ឧបសគ្គ និង​ការពិបាក​មួយ​ចំនួន​ណាខ្លះ ដែល​ពួកបរិសុទ្ធ​សម័យ​ដើម​បាន​ជួប​នៅ​រដ្ឋ​អូហៃអូ ? ( បងប្អូន​អាច​សូម​ឲ្យ​សិស្ស​បើក​ទៅ​ឯកសារ​រៀបចំ​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​អស់​អ្នក​ដែល​បាន​រងទុក្ខ​ដោយ​ឧបសគ្គ​នៅ​រដ្ឋ​អូហៃអូ ?

សូម​រំឭក​សិស្ស​ថា នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ ១៨៣៧ ថូម៉ាស ប៊ី ម៉ាស ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​មិសសួរី ទៅកាន់​ទីក្រុង​ខឺតឡង់​ដើម្បី​ជួប​នឹង​សមាជិក​ក្នុង​កូរ៉ុម​នោះ និង​ជួប​ជាមួយ​ព្យាការី យ៉ូសែប ស៊្មីធ ។

  • តើ​មាន​ឧបសគ្គ និង​កង្វល់​មួយ​ចំនួន​ណាខ្លះ ដែល​ថូម៉ាស ប៊ី ម៉ាស​បាន​ប្រឈម​ពីមុន​លោក​បាន​មក​ដល់​ទីក្រុង​ខឺតឡង់ ?

សូម​ពន្យល់​ថា ក្រោយពី​ថូម៉ាស ប៊ី ម៉ាស និង​យ៉ូសែប ស៊្មីធ​បាន​ជួប​គ្នា ហើយ​បាន​ដោះស្រាយ​ការខ្វែង​យោបល់​គ្នា​ទាំងប៉ុន្មាន​ហើយ នោះ​ព្យាការី​បាន​ទទួល​វិវរណៈ​មួយ​មកពី​ព្រះអម្ចាស់​ដែល​មាន​បន្ទូល​ទៅកាន់​ថូម៉ាស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​រំឭក គោលលទ្ធិ និង សេចក្តី​សញ្ញា ១១២:១០–១៥ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ការប្រឹក្សា និង​គោលការណ៍​នានា​ដែល​ព្រះអម្ចាស់​បាន​បង្រៀន ថូម៉ាស ប៊ី ម៉ាស និង​សមាជិក​ផ្សេទៀត​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ចែកចាយ និង​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ពិភាក្សា​ពី​គោលការណ៍​មួយ​មកពី ខទី ១៣ ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ​ខ្លះ ៖

  • តើ​ព្រះអម្ចាស់​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ សម្រាប់​បងប្អូន​ទាំងឡាយ​ក្នុង​ពួកដប់​ពីរ​នាក់ ដែល​បាន​ជ្រើសរើស​មិន​ធ្វើ​ចិត្ត​រឹងរូស ពេល​សេចក្ដីជំនឿ​របស់​ពួកគេ​ត្រូវបាន​សាកល្បង​នោះ ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយតប​ហើយ សូម​បង្ហាញ​គោលការណ៍​ដូច​តទៅ​នេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​មិន​ធ្វើ​ចិត្ត​យើង​ឲ្យ​រឹងរូស នៅពេល​សេចក្ដី​ជំនឿ​របស់​យើង​ត្រូវបាន​សាកល្បង​ទេ​នោះ ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង ហើយ​ជួយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​យើង ) ។

  • តើ​មនុស្ស​មួយ​ចំនួន​អាច​ធ្វើ​ចិត្ត​រឹងរូស​ដោយ​របៀប​ណា នៅពេល​សេចក្ដី​ជំនឿ​របស់​ពួកគេ​ត្រូវបាន​សាកល្បង ? តើ​មាន​គ្រោះថ្នាក់​អ្វីខ្លះ​ក្នុង​ការធ្វើ​ដូច្នោះ ?

  • តើ​បងប្អូន​បាន​ឃើញ​នរណាម្នាក់​ឆ្លើយតប​នឹង​ការសាក​ល្បង​សេចក្ដីជំនឿ​ដោយ​មាន​ដួងចិត្ត​ទន់ទាន និង​គំនិត​ទូលំ​ទូលាយ​នៅពេល​ណា ? តើ​បងប្អូន​បាន​កត់​ចំណាំ​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​បុគ្គល​នេះ កាល​គាត់​បាន​ឆ្លើយតប​តាម​របៀប​នេះ ?

ព្យាការី យ៉ូសែប ស៊្មីធ​បាន​មាន​ពរជ័យ​ដោយសារ​សេចក្ដី​ស្មោះត្រង់​របស់​លោក​អំឡុង​ពេល​សាកល្បង​នៅក្នុង​គុក​លិបើធី ។

សូម​ដាក់​បង្ហាញ​សំណួរ​ខាងក្រោម ៖ ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​រឿង​អាក្រក់ៗ​កើតឡើង​ដល់​មនុស្ស​ល្អ ?

សូម​សួរ​ដល់​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ឆ្ងល់ ឬ ធ្លាប់​សួរ​សំណួរ​នេះ​ដែរ​ឬ​ទេ ។ សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ​បាន​សួរ​សំណួរ​ស្រដៀង​គ្នា​នេះ ក្រោយពី​ត្រូវបាន​គេ​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌​នៅក្នុង​ក្រុង​លិបើធី រដ្ឋ​មិសសួរី ។ កាល​សិស្ស​ពិភាក្សា​ពី​បទពិសោធន៍​របស់​យ៉ូសែប សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ ប្រសិនបើ​មាន​មិត្ត​ម្នាក់​សួរ​គេ​នូវ​សណួរ​នេះ ។

សូម​បង្ហាញ​រូបភាព​គុក​លិបើធី​ដូច​ខាងក្រោម​នេះ ៖

រូបភាព
រដូវ​រងារ​នៅ​គុក​លិបើធី ដោយ អាល រ៉ោនស៍
រូបភាព
រូប​ចម្លង​គុក​លិបើធី

សូម​ឲ្យ​សិស្ស​នឹក​ចាំ​ដល់​ព្រឹត្តិការណ៍ ដែល​បាន​ដឹកនាំ​ទៅ​ដល់​ការដាក់​គុក​យ៉ូសែប ស៊្មីធ​នៅ​ក្នុង​គុក​លិបើធី ។ ( ប្រសិនបើ​ចាំបាច់ សូម​ដឹកនាំ​សិស្ស​ឲ្យ​រំឭក​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​វា​មាន​ស្ថានភាព​ដូចម្ដេច​សម្រាប់​យ៉ូសែប ស៊្មីធ និង​មនុស្ស​ដទៃ​ទៀត​នៅក្នុង​គុក​លិបើធី ?

សូម​រំឭក​សិស្ស​ថា ព្យាការី យ៉ូសែប ស៊្មីធ​បាន​ចំណាយ​ពេល​ជាង​បួន​ខែ​នៅក្នុង​គុក​លិបើធី អំឡុង​រដូវ​រងារ​ដ៏​ត្រជាក់​ខ្លាំង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:១–៣ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​សំណួរ​ដែល​ព្យាការី​បាន​សួរ​នៅក្នុង​សំបុត្រ​ប្រកប​ដោយ​ការអធិស្ឋាន​នេះ ។

  • តើ​សំណួរ​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​អ្វីខ្លះ អំពី​អារម្មណ៍​ដែល​យ៉ូសែប ស៊្មីធ​អាច​មាន​នៅពេល​នោះ ?

  • តើ​រយៈពេល​នេះ​អាច​ជា​ការសាកល្បង​មួយ​ដល់​សេចក្ដី​ជំនឿ​របស់​យ៉ូសែប​ដោយ​របៀប​ណា ?

សូម​រំឭក​សិស្ស​ថា ខណៈ​នៅក្នុង​គុក យ៉ូសែប ស៊្មីធ​បាន​ផ្ញើ​សំបុត្រ​ពីរ​ច្បាប់​ទៅកាន់​សាសនាចក្រ ។ សូម​បែងចែក​សិស្សឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ។ សូម​ឲ្យ​ពួកគេ​រំឭក ឬ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–១០; ១២២:៧–៩ រួច​ហើយ​ចែកចាយ​ឃ្លា និង​គោលការណ៍​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។

បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ឃ្លា ឬ​គោលការណ៍​មួយ ដែល​ពួកគេ​បាន​ពិភាក្សា​ជាមួយ​ក្រុម​របស់​ពួកគេ ។ សូម​ពិចារណា​ដាក់​បង្ហាញ​គោលការណ៍ ឬ​ឃ្លា​ទាំងនេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ គោលការណ៍​មួយ​ចំនួន​ដែល​សិស្ស​រកឃើញ​អាច​បង្ហាញ ឬ​សង្ខេប​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ពឹង​ពាក់​លើ​ទ្រង់​អំឡុង​ពេល​សាកល្បង​របស់​យើង នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​ទទួល​បាន​វិវរណៈ ការលួងលោម និង​ការលើក​ទឹកចិត្ត ។ ប្រសិនបើ​យើង​បន្ដ​នៅ​ស្មោះត្រង់ នោះ​ទុក្ខ​វេទនា និង​ការសាកល្បង​អាច​ផ្ដល់​ជា​បទពិសោធន៍​ឲ្យ​យើង និង​ទុក​ជា​ការល្អ​ដល់​យើង​វិញ ។

  • តើ​គោលការណ៍ និង​ឃ្លា​ទាំងឡាយ​ដែល​បងប្អូន​បាន​រកឃើញ​នេះ អាច​ជួយ​នរណាម្នាក់​ដែល​កំពុង​ជួប​នឹង​ឧបសគ្គ ឬ​ការសាកល្បង​សេចក្ដីជំនឿ​មួយ​ដោយ​របៀប​ណា ?

ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​បងប្អូន បងប្អូន​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។

បងប្អូន​អាច​មាន​បទពិសោធន៍​ដឹកនាំ​ដ៏​ពិសិដ្ឋ ដ៏​មានវិវរណៈ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​ព្រះអម្ចាស់ នៅក្នុង​បទពិសោធន៍​ដ៏​ឈឺចាប់​ក្នុង​ជីវិត​បងប្អូន—នៅក្នុង​ដំណើរ​ដ៏​អាក្រក់​បំផុត ខណៈ​ស៊ូទ្រាំ​នឹង​ភាពអយុត្តិធម៌​ដ៏​ខ្លោចផ្សា នៅពេល​ប្រឈមមុខ​នឹង​រឿងរ៉ាវ​ដែល​ពុំ​អាច​ឈ្នះ​បាន និង​ការសង្កត់សង្កិន​ដែល​បងប្អូន​ធ្លាប់​បាន​ជួបប្រទះ​ពីមុន ។ …

…​មេរៀន​នៅ​រដូវ​រងារ​ក្នុង​ឆ្នាំ ១៨៣៨–៣៩ បង្រៀន​យើង​ថា គ្រប់​បទពិសោធន៍​ទាំងអស់​អាច​ក្លាយជា​បទពិសោធន៍​ដ៏​ប្រោសលោះ​មួយ ប្រសិនបើ​យើង​បន្ដ​នៅ​ជាប់​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​រហូត​ដល់​ការលំបាក​នោះ​បាន​បញ្ចប់ ។ មេរៀន​ដ៏​ពិបាក​ទាំងនេះ​បង្រៀន​យើង​ថា ចំណុច​ពិបាក​ខ្លាំង​របស់​មនុស្ស​គឺជា​ឱកាស​របស់​ព្រះ ហើយ​ប្រសិនបើ​យើង​នឹង​បន្ទាប​ខ្លួន និង​ស្មោះត្រង់ ប្រសិនបើ​យើង​បន្ដ​ជឿ ហើយ​មិន​ដាក់​បណ្ដាសា​ព្រះ​ដោយសារ​បញ្ហា​របស់​យើង​ទេ​នោះ ទ្រង់​អាច​បង្វែរ​ការណ៍​អយុត្តិធម៌ និង​អមនុស្សធម៌ និង​ច្រវាក់​ចាប់ចង​នៃ​ជីវិត​របស់​យើង​ទៅជា​ព្រះវិហារ​បរិសុទ្ធ—​ឬ​យ៉ាង​ហោច​ណាស់​ទៅជា​ស្ថានភាព​មួយ ដែល​អាច​នាំ​មក​នូវ​ការលួងលោម និង​វិវរណៈ ដៃគូ​មកពី​ព្រះ និង​សេចក្ដី​សុខសាន្ដ ។ ( ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » Ensign ខែ កញ្ញា ឆ្នាំ ២០០៩ ទំព័រ ២៨ )

  • តើ​បងប្អូន​គិត​ថា ការសាកល្បង​អាច​ក្លាយជា​បទពិសោធន៍ « ដ៏​ប្រោសលោះ » មាន​ន័យ​យ៉ាង​ដូចម្តេច ?

  • តើ​ការស៊ូទ្រាំ​នឹង​ឧបសគ្គ​នៃ​ជីវិត​ដោយ​ស្មោះត្រង់ អាច​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​បងប្អូន​បាន​ងាក​ទៅរក និង​ពឹងពាក់​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ខ្លាំង​ឡើង​អំឡុង​ពេល​មាន​ឧបសគ្គ​ដែល​បាន​សាកល្បង​សេចក្ដី​ជំនឿ​របស់​បងប្អូន​តាម​របៀប​ណាខ្លះ ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​មកពី​ការធ្វើ​ដូច្នោះ ?

សូម​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​នឹង​សំណួរ ដែល​បងប្អូន​បាន​បង្ហាញ​ពីមុន​នេះ​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់ៗ​កើតឡើង​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

រួច​ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​បង្ហាញ​ពាក្យ និង​ឃ្លា​នានា​ដែល​ពួកគេ​បាន​ជ្រើសរើស​ពី​វគ្គ​បទគម្ពីរ ដែល​បាន​ពិភាក្សា​ពីមុន​មក​នៅ​កន្លែង​ដែល​ពួកគេ​អាច​ឃើញ​វា​ញឹកញាប់ ឬ​ទន្ទេញ​វា​ឲ្យ​ចាំ ឬ​ចែកចាយ​វា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ឧបសគ្គ​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សុខសាន្ដ លួងលោម​យើង ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​យើង ។

សម្រាប់​ពេល​ក្រោយ

នៅពេល​បងប្អូន​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​ពន្យល់​ថា អង្គការ​ស្ដ្រី​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​នា​សព្វថ្ងៃ​នេះ គឺ​សមាគម​សង្គ្រោះ ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៤២ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​ឲ្យ​សិស្ស​ដឹង​ថា នៅពេល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ ពួកគេ​នឹង​មាន​ឱកាស​រៀន​បន្ថែម​ទៀត​អំពី​របៀប និង​មូលហេតុ​ដែល​អង្គការ​ទូទាំង​ពិភពលោក​នេះ​ត្រូវបាន​បង្កើត​ឡើង ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។