ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៨ ៖ ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៨ ៖ ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៨ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៨

ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង សមាគម​សង្គ្រោះ

រូបភាព
ស្ដ្រី​ជជែក​គ្នា និង​ឱប​គ្នា

នៅពេល​ថ្លែង​អំពី​សមាគម​សង្គ្រោះ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « សាសនាចក្រ​នឹង​មិន​បាន​រៀបចំ​យ៉ាង​ល្អ​ឥតខ្ចោះ​ឡើយ រហូតដល់​ក្រុមស្ដ្រី​ត្រូវបាន​រៀបចំ​ឡើង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៥១ ) ។ សូម​គិត​អំពី​សារលិខិត​ដែល​សេចក្ដី​ថ្លែងការណ៍​នេះ​បញ្ជូន​ដល់​ពិភពលោក​អំពី​ទីតាំង​របស់​ស្ដ្រី​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ កាល​បងប្អូន​សិក្សា​ចំណុច​មេរៀន​ទាំងនេះ សូម​ពិចារណា​ពី​សារសំខាន់​នៃ​កិច្ចការ​របស់​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​សមាគម​សង្គ្រោះនៅក្នុង​សាសនាចក្រ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ផ្នែក​ទី ១

តើ​ស្ត្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កសាង​នគរ​របស់​ព្រះ​ដោយ​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​លួងលោម​ស្ត្រី​ម្នាក់

អែលឌើរ ជេមស៍ អ៊ី ថាលម៉េច ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ធ្លាប់​បាន​និយាយ​ថា « ជើងឯក​ដ៏​អស្ចារ្យ​បំផុត​របស់​ស្ដ្រី និង​ភាពជា​ស្ដ្រី​ក្នុង​ពិភពលោក​នេះ​គឺ​ព្រះយេស៊ូវ ដែល​ជា​ព្រះគ្រីស្ទ » ( នៅក្នុង Daughters in My Kingdom [ ឆ្នាំ ២០១១ ] ទំព័រ ៣ ) ។

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

បងប្អូន​ស្រី​របស់​យើង​តែង​តែ​ជា​ផ្នែក​ដ៏​សំខាន់ និង​ចម្បង​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ស្ដ្រី​ដ៏​ស្មោះត្រង់​បាន​ធ្វើការ​យ៉ាង​ក្លៀវក្លា​ក្នុង​បុព្វហេតុ​នៃ​សេចក្ដីពិត និង​សេចក្ដី​សុចរិត​តាំងពី​មុន​ការបង្កើត​ពិភពលោក​នេះ​ម្ល៉េះ ។ … គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង​មិន​អាច​កើតមាន​ដោយ​គ្មាន​វីរនារី​ទាំងនេះ​ឡើយ ។ ( អិម រ័សល បាឡឺដ « Women of Righteousness » Ensign ខែ មេសា ឆ្នាំ ២០០២ ទំព័រ ៦៩ )

អិមម៉ា ស្ម៊ីធ ដែល​ជា​ភរិយា​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ធ្វើ​ជា​គំរូ​មួយ​ដល់​ស្ដ្រី​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​បំពេញ​តាម​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការស្ដារ​ឡើងវិញ ។ នៅក្នុង​វិវរណៈ​មួយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​សំដៅ​ទៅលើ​អិមម៉ា​ថា​ជា « ស្ដ្រី​រើសតាំង » ម្នាក់ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៣ ) ។ នៅពេល​បងប្អូន​អាន​វិវរណៈ​នេះ​ខ្លះ សូម​ពិចារណា​គូស​ចំណាំ​ការទទួល​ខុសត្រូវ និង​ការប្រឹក្សា​នានា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អិមម៉ា ។ សូម​កត់​ចំណាំ​ថា​នៅក្នុង ខទី ១៦ ព្រះអម្ចាស់​ប្រកាស​ថា ការប្រឹក្សា​របស់​ទ្រង់​ដែល​បាន​ប្រទាន​ដល់​អិមម៉ា​ក៏​អនុវត្ត​ចំពោះ​យើង​ម្នាក់ៗ​ផងដែរ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:៥–៧, ១០–១១, ១៣, ១៥–១៦ ។

អិមម៉ា និង​យ៉ូសែប​បាន​រងទុក្ខ​នឹង​ការសាកល្បង​ដ៏​ធំ​អំឡុង​ពេល​ពួកគេ​នៅ​រួមគ្នា ។ ពួកគេ​ក៏​បាន​នាំ​ការលួងលោម និង​សេចក្ដី​អំណរ​ដ៏​ខ្លាំង​ដល់​គ្នា​ទៅវិញទៅ​មក​ផងដែរ ។ ដោយ​នៅ​ពិត​ចំពោះ​ការហៅ​របស់​នាង អិមម៉ា​គឺជា​អ្នកលួងលោម​ដ៏​អស្ចារ្យ​ដល់​យ៉ូសែប ដោយ​បាន​លើក​ទឹកចិត្ត និង​លួង​លោម ពេល​ឆ្លង​កាត់​ការបៀតបៀន និង​ការសាកល្បង​ទាំងឡាយ ។ ដោយ​គិត​ដល់​ពេល​ដែល​អិមម៉ា​បាន​ទៅ​សួរសុខទុក្ខ​លោក ខណៈ​លោក​បាន​លាក់​ខ្លួន​ពី​គ្រោះថ្នាក់ នោះ​ព្យាការី​បាន​សរសេរ​ថា « ជា​ថ្មី​ម្ដង​ទៀត​នាង​នៅ​ទីនេះ គឺ​ក្នុង​បញ្ហា​ទី​ប្រាំពីរ គឺ​អិមម៉ា​ដ៏​មិន​រុញរា រឹងមាំ និង​មិន​ខ្លាច មិន​ផ្លាស់ប្ដូរ និង​គួរ​ឲ្យ​ស្រឡាញ់ » ( « Journal, December 1841–December 1842 » ទំព័រ ១៣៥ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

រូបភាព
យ៉ូសែប និង អិមម៉ា ស្ម៊ីធ

អិមម៉ា​បាន​បម្រើ​ជា​ស្មៀន​របស់​យ៉ូសែប​មួយ​រយៈ ដោយ​បាន​ជួយ​ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ ពេញ​មួយ​ជីវិត​របស់​នាង នាង​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​មុតមាំ​អំពី​ព្រះគម្ពីរ​មរមន ។ មុនពេល​នាង​ស្លាប់​បន្ដិច នាង​បាន​ប្រាប់​កូនប្រុស​របស់​នាង​ថា ៖ « ជំនឿ​របស់​ម្ដាយ​គឺ​ថា ព្រះគម្ពីរ​មរមន​គឺ​មកពី​យថាភាព​របស់​ព្រះ—ម្ដាយ​មិន​មាន​ការសង្ស័យ​ពី​វា​សូម្បីតែ​បន្ដិច​ឡើយ » ( Emma Smith, in « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៨៩៧ ទំព័រ ២៩០ ) ។ ដោយ​គោរព​ប្រតិបត្តិ​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ នោះ​អិមម៉ា​ក៏​បាន​ចងក្រង​សៀវភៅ​ទំនុក​តម្កើង​ដំបូង​របស់​សាសនាចក្រ​ផងដែរ ។

អិមម៉ា​បាន​បង្រៀន​តាមរយៈ​គំរូ ៖ « នៅ​ឯ​រដ្ឋ​ញូវ យ៉ក នាង​បាន​ដេរ​សំលៀក​បំពាក់​សម្រាប់​…​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវបាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ។​… នៅ​ទីក្រុង​ខឺតឡង់ នាង​បាន​ធ្វើការ​ជាមួយ​ស្ដ្រី​ដទៃ​ទៀត​ដើម្បី​ប្រមូល​ភួយ អាហារ និង​សំលៀក​បំពាក់​ឲ្យ​ពួកបរិសុទ្ធ​ដែល​ពិបាក​នៅ​រដ្ឋ​មិសសួរី​តាម​អ្នក​ដើរ​បោះ​ជំរំ​ក្រុង​ស៊ីយ៉ូន ។ នាង​បាន​ជួយ​រៀបចំ​អាហារ និង​ដេរ [ សំលៀក​បំពាក់ ] សម្រាប់​អ្នកធ្វើការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ នាង​បាន​ទទួល​មនុស្ស​ដែល​សង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ច្រើន​ឲ្យ​មក​ស្នាក់​នៅក្នុង​ផ្ទះ រហូតដល់​នាង និង​យ៉ូសែប​ត្រូវ​សម្រាន្ដ​នៅលើ​ដី ។ នៅ​ជំនាន់​ដើម​នៅ​ក្រុង​ណៅវូ នាង​បាន​លះបង់​ពេលវេលា​យ៉ាងច្រើន និង​យកចិត្ត​ទុកដាក់​ថែទាំ​ដល់​អ្នកជំងឺ​គ្រុនចាញ់​ជាច្រើន​នាក់ ដែល​សម្រាក​នៅ​តង់​ខាងក្រៅ​ផ្ទះ​របស់​នាង នៅ​តាម​មាត់​ទន្លេ​មិសស៊ីស៊ីបភី ។ តាម​របៀប​ទាំងនេះ និង​របៀប​ផ្សេងៗ​ទៀត នាង​បាន​ធ្វើ​ជា​គំរូ​ក្នុង​ការបម្រើ​របស់​បងប្អូន​ស្ដ្រី​ជាច្រើន​នៅក្នុង​ជំនាន់​របស់​នាង » ( Teachings: Joseph Smith ទំព័រ ៤៥០ ) ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​ស្ដ្រី​គំរូ​ម្នាក់ ដែល​បងប្អូន​ស្គាល់​ដែល​ប្រើ​ឥទ្ធិពល សំឡេង និង​សមត្ថភាព​របស់​នាង​ដើម្បី​រួម​ចំណែក​ក្នុង​ការកសាង​នគរ​របស់​ព្រះ​ដ៏​មាន​អត្ថន័យ ។ តើ​នាង​កំពុង​កសាង​នគរ​របស់​ព្រះ​តាម​របៀប​ណាខ្លះ​នៅ​ជំនាន់​របស់​យើង ?

ផ្នែក​ទី ២

តើ​អ្វី​ទៅ​ជា​លក្ខណៈ​ពិសេស​អំពី​អង្គការ​សមាគម​សង្គ្រោះ ?

នៅ​រដូវ​ផ្ការីក​ឆ្នាំ ១៨៤២ ពួកបរិសុទ្ធ​បាន​ពិបាក​ក្នុង​ភាពក្រីក្រ​របស់​ពួកគេ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។ បងប្អូន​ស្ដ្រី​ជាច្រើន​មាន​បំណង​ចង់​ធ្វើ​កិច្ចការ​បន្ថែម​ដើម្បី​ជួយ ។ ដោយ​ដឹកនាំ​ដោយ សារ៉ា ឃឹមបឹល និង ម៉ាហ្គារេត ឃុក បងប្អូន​ស្ដ្រី​មួយ​ក្រុម​បាន​ប្រជុំគ្នា​តែង​ព្រាង​ធម្មនុញ្ញ​មួយ និង​ច្បាប់​នានា​សម្រាប់​សមាគម​ស្ដ្រី​ថ្មី​មួយ ដើម្បី​ដេរ​សំលៀក​បំពាក់​សម្រាប់​ពួកអ្នកធ្វើការ​សង់​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ពួកគេ​បាន​ប្រឹក្សា​ជាមួយ​នឹង​ព្យាការី យ៉ូសែប ស៊្មីធ នោះ​លោក​បាន​ប្រាប់​ពួកគេ​ថា ធម្មនុញ្ញ​របស់​ពួកគេ​គឺ « ល្អ​បំផុត​ដែល​លោក​ធ្លាប់​បាន​ឃើញ​ពីមុន​មក » ( Teachings: Joseph Smith ទំព័រ ៤៥០ ) ។ លោក​បាន​ពោល​ថា « ប៉ុន្ដែ នេះ​មិនមែន​ជា​អ្វី​ដែល​បងប្អូន​ចង់​បាន​ទេ ។ សូម​ប្រាប់​បងប្អូន​ស្ដ្រី​ថា ការថ្វាយ​របស់​ពួកគាត់​ត្រូវបាន​ព្រះអម្ចាស់​ទទួល​យក ហើយ​ទ្រង់​មាន​អ្វីមួយ​ដែល​ប្រសើរ​ជាង​នេះ​សម្រាប់​ពួកគាត់ ។ … ខ្ញុំ​សូម​អញ្ជើញ​ពួកគាត់​ទាំងអស់​គ្នា​ឲ្យ​មក​ជួប​ខ្ញុំ និង​បងប្អូន​ប្រុស​ពីរ​បី​នាក់​… ហើយ​ខ្ញុំ​នឹង​រៀបចំ​ស្ដ្រី​នៅក្រោម​បព្វជិតភាព គឺ​តាម​គន្លង​នៃ​បព្វជិតភាព » ( នៅក្នុង Daughters in My Kingdom ទំព័រ ១២ ) ។ អេលីហ្សា អ័រ ស្នូ បាន​រំឭក​ថា យ៉ូសែប ស៊្មីធ​បាន​បង្រៀន​សមាគម​សង្គ្រោះ​ថា « អង្គការ​ដូចគ្នា​នេះ​ធ្លាប់​មាន​ពីមុន​នៅក្នុង​សាសនាចក្រ​ពី​បុរាណ » ( នៅក្នុង Daughters in My Kingdom ទំព័រ  ) ។

រូបភាព
ចូរ​យើង​អរ​សប្បាយ ដោយ វ៉លធើរ រេន

ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ពី​អត្ថន័យ ដែល​សមាគម​សង្រ្គោះ​ត្រូវបាន​បង្កើត​ឡើង​តាម​គន្លង​នៃ​បព្វជិតភាព ៖

សមាគម​សង្គ្រោះ​គឺ​ពិសេស ដោយសារ​វា​ត្រូវបាន​បង្កើត​ឡើង​តាម « គន្លង​នៃ​បព្វជិតភាព » [ យ៉ូសែប ស៊្មីធ បាន​ដកស្រង់​នៅក្នុង សារ៉ា អិម ឃឹមបឹល « Auto-biography » Woman’s Exponent ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៨៨៣ ទំព័រ ៥១ ] ។ … យើង​ប្រតិបត្តិការ​នៅក្នុង​របៀប​នៃ​បព្វជិតភាព—គឺ​មានន័យ​ថា យើង​ស្វែងរក ទទួល និង​អនុវត្ត​តាម​វិវរណៈ ហើយ​ធ្វើការ​សម្រេច​ចិត្ត​ជា​ក្រុមប្រឹក្សា ព្រមទាំង​ខ្វល់​ខ្វាយ​ចំពោះ​បុគ្គល​ម្នាក់ៗ ។ គោលបំណង​របស់យើង​គឺជា​គោលបំណង​បព្វជិតភាព ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពរជ័យ​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច តាមរយៈ​ការចុះ​សេចក្ដី​សញ្ញា និង​គោរព​តាម​សេចក្ដីសញ្ញា​នោះ ។ ដូច្នេះ កិច្ចការ​របស់​យើង​គឺជា​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ការបម្រើ និង​ការប្រែក្លាយ​ជា​មនុស្ស​ម្នាក់​ដ៏​បរិសុទ្ធ​ដូចជា​បងប្អូន​ប្រុស​របស់យើង ដែល​ជា​អ្នកកាន់​បព្វជិតភាព​ផងដែរ ។ ( ជូលី ប៊ី ប៊េក « Relief Society: A Sacred Work » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១១០ )

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​គូស​បញ្ជាក់​បន្ថែម​ថា កិច្ចការ​របស់​សមាគម​សង្គ្រោះ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ៖

ក្នុង​ការថ្លែង​មួយ​ទៅ​សមាគម​សង្គ្រោះ ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែល​នៅពេល​នោះ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ៖ « ខណៈ​ដែល​បងប្អូន​ស្រី​ពុំមាន​បព្វជិតភាព វា​មិន​ត្រូវបាន​ប្រគល់​ឲ្យ​ពួកគេ នោះ​មិនមាន​ន័យ​ថា ព្រះអម្ចាស់​មិន​ប្រគល់​សិទ្ធិអំណាច​ដល់​ពួកគេ​ឡើយ ។ … អ្នក​អាច​និយាយ​ដោយ​សិទ្ធិ​អំណាច ដោយសារ​ព្រះអម្ចាស់​បាន​ដាក់​សិទ្ធិ​អំណាច​ដល់​អ្នក » ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា សមាគម​សង្គ្រោះ « [ ត្រូវ ] បាន​ប្រទាន​អំណាច និង​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ការណ៍ដ៏​អស្ចារ្យ​ជាច្រើន ។ កិច្ចការ​ដែល​ពួកគេ​ធ្វើ គឺ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិអំណាច​ដ៏​ទេវភាព » [ « Relief Society—An Aid to the Priesthood » Relief Society Magazine ខែ មករា ឆ្នាំ ១៩៥៩ ទំព័រ ៤–៥ ] ។ …

…​អ្នកណា​ក៏ដោយ​ដែល​មាន​តំណែង ឬ​ការហៅ​មួយ បានទទួល​ពី​អ្នកកាន់​កូនសោ​បព្វជិតភាព​ដើម្បី​អនុវត្ត​សិទ្ធិអំណាច​បព្វជិតភាព​ក្នុង​ការធ្វើ​កាតព្វកិច្ច​របស់ខ្លួន ។ ( ដាល្លិន អេក អូក « កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥០–៥១ )

ផ្នែក​ទី ៣

តើ​ស្ដ្រី និង​សមាគម​សង្គ្រោះ​ជួយ​សម្រេច​នូវ​គោលបំណង​របស់​ព្រះ និង​សាសនាចក្រ​របស់​ទ្រង់​តាម​របៀប​ណា ?

ការប្រជុំ​សមាគម​សង្គ្រោះ​លើក​ដំបូង​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ នៅ​បន្ទប់​ខាង​លើ​នៃ​ហាង​ឥដ្ឋ​ក្រហម​របស់ យ៉ូសែប ស៊្មីធ​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ ។ អិមម៉ា​ត្រូវបាន​ជ្រើសរើស និង​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​អង្គការ​ថ្មី​នេះ ។ យ៉ូសែប បាន​ក្រោកឈរ និង​បាន​ពន្យល់​ថា ការណ៍​នេះ​គឺជា​ការបំពេញ​ដល់​ការប្រកាស​របស់​ព្រះអម្ចាស់​ថា អិមម៉ា​គឺជា « ស្ដ្រី​រើសតាំង ជា​អ្នក​ដែល​យើង​បាន​ហៅ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:៣ ) ។ មួយ​រយៈពេល​ខ្លី​ក្រោយមក ព្យាការី​បាន​ពោល​ថា ៖ « សមាគម​នេះ​គឺ​ត្រូវ​ទទួល​បាន​ការណែនាំ​តាមរយៈ​លំដាប់​លំដោយ​ដែល​ព្រះ​បាន​ស្ថាបនា​ឡើង—តាមរយៈ​អស់​អ្នក​ដែល​បាន​តែងតាំង​ឲ្យ​ដឹកនាំ—​ហើយ​ឥឡូវ​នេះ ខ្ញុំ​ប្រគល់​កូនសោ​ដល់​អ្នក​នៅក្នុង​ព្រះនាម​របស់​ព្រះ ហើយ​សមាគម​នេះ​នឹង​អររីករាយ ហើយ​ចំណេះដឹង និង​ប្រាជ្ញា​នឹង​ហូរ​ចូល​ចាប់​តាំង​ពី​ពេល​នេះ​តទៅ » ( នៅក្នុង Daughters in My Kingdom ទំព័រ ១៤–១៥ ) ។

ស៊ិស្ទើរ អិមម៉ា ស៊្មីធ បាន​ប្រកាស​ថា ស្ដ្រី​នៃ​សាសនាចក្រ​នឹង​ធ្វើ « អ្វីមួយ​ពិសេស » រួមគ្នា ( « Joseph Smith’s Teachings about Priesthood, Temple, and Women Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។ នៅពេល​បងប្អូន​សិក្សា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​បងប្អូន​ចាប់​អារម្មណ៍​អំពី​គោលបំណង និង​បេសកកម្ម​របស់​សមាគម​សង្គ្រោះ ។

ស៊ីណា ឌី អេច យ៉ាង់ អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​រំឭក​ថា ៖

សមាគម​សង្គ្រោះ​… ត្រូវបាន​បង្កើតឡើង​ដំបូង​… ដើម្បី​ប្រទាន​ពរជ័យ​ខាង​សាច់ឈាម​ដល់​ជនក្រីក្រ និង​អ្នកត្រូវការ ៖ ហើយ​ផ្ដល់​ការលើក​ទឹកចិត្ត​ដល់​អ្នកទន់​ខ្សោយ និង​បង្ខាំង​អ្នកធ្វើ​ខុស ហើយ​សម្រាប់​ការអភិវឌ្ឍ​កាន់តែ​ប្រសើរ និង​ការអនុវត្ត​ចិត្ត​សណ្ដោស និង​សប្បុរសធម៌​របស់​ស្ដ្រី ដើម្បី​នាង​អាច​មាន​ឱកាស​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ និង​អំណាច​ដើម្បី​សម្រេច​បាន​កិច្ចការ​ល្អ​ដ៏​អស្ចារ្យ​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​ក្រុមគ្រួសារ​មនុស្ស​លោក ។ ( « First General Conference of the Relief Society » Woman’s Exponent ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៨៨៩ ទំព័រ ១៧២ )

ស៊ិស្ទើរ ប៊េក បាន​បង្រៀន​ថា ៖

យ៉ូសែប ស៊្មីធ​បាន​ពោល​ថា ស្ដ្រី​នៃ​សាសនាចក្រ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី « ជួយ​សម្រាល​ដល់​ជនទ័លក្រ ជនទុរគត៌ ស្រី្តមេម៉ាយ និង​កុមារ​កំព្រា ព្រម​ទាំង​សម្រាប់​អនុវត្ត​នូវ​រាល់​គោលបំណង​ដោយ​ក្តី​មេត្តា » [ នៅក្នុង History of the Church ៤:៥៦៧ ] ហើយ « មិន​គ្រាន់តែ​សម្រាល​ទុក​ដល់​ជនទ័លក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ដើម្បី​សង្គ្រោះ​ព្រលឹង​ផងដែរ » [ នៅក្នុង History of the Church ៥:២៥ ] ។ កិច្ចខិតខំ​ដើម្បី​សម្រាល​បន្ទុក​នោះ​ត្រូវបាន​ផ្ដល់​និយមន័យ​បន្ថែម​ទៀត​ដោយ​អែលឌើរ ចន អេ វិតសូ ថា​ជា « ការសម្រាល​ភាពក្រីក្រ ការសម្រាល​រោគា ការសម្រាល​មន្ទិល​សង្ស័យ ការសម្រាល​ភាពល្ងង់ខ្លី—​ការសម្រាល​ពី​អ្វី​ទាំងអស់​ដែល​រារាំង​មិន​ឲ្យ​មាន … អំណរ និង​ការរីកចម្រើន ។ … » [ Evidences and Reconciliations, arr. G. Homer Durham វ៉ុល ៣ ក្នុង​លេខ ១ ( ឆ្នាំ ១៩៦០ ) ទំព័រ ៣០៨ ]

… តាមរយៈ​សមាគម​សង្គ្រោះ យើង​អនុវត្ត​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​រៀន​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​រៀន យើង​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ហើយ​យើង​ក្លាយជា​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ក្លាយជា ។ ( ជូលី ប៊ី ប៊េក « What Latter-day Saint Women Do Best: Stand Strong and Immovable » Ensign និង Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១១១, ១០៩ )

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​ស្ត្រី​ដែល​បាន​បញ្ហា​ធ្លាក់ឈាម

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពន្យល់​ពី​មូលហេតុ​ដែល​បុរស និង​ស្ដ្រី​ទាំងឡាយ​ត្រូវ​យល់​ពី​គោលបំណង និង​បេសកកម្ម​របស់​សមាគម​សង្គ្រោះ ៖

មាន​អំណាច​នៅ​ក្នុង​អង្គការ [ សមាគម​សង្គ្រោះ ] នេះ ដែល​ពុំ​ទាន់​បាន​អនុវត្ត​ពេញលេញ ដើម្បី​ពង្រឹង​ដល់​គេហដ្ឋាន​នៃ​ស៊ីយ៉ូន និង​ស្ថាបនា​នគរ​ព្រះ​នៅឡើយ​ទេ—វា​នឹង​មិន​មាន​ឡើយ រហូត​ដល់​ទាំង​បងប្អូនស្រី និង​[ បងប្អូន​ប្រុស ] ក្នុង​បព្វជិតភាព​តោងចាប់​បាន​ទស្សនវិស័យ​នៃ​សមាគម​សង្គ្រោះ​នេះ ។ ( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង Daughters in My Kingdom ទំព័រ ១៤២ អក្សរ​ទ្រេត​ត្រូវ​បាន​បន្ថែម ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ទាំង​ស្ដ្រី និង​បុរស​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើតាម​ចក្ខុវិស័យ​របស់​សមាគម​សង្គ្រោះ និង​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​សម្រេច​ឲ្យ​បាន​គោលបំណង​នេះ ?