ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៣ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៣ ៖ ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៣ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៣

ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​គោលការណ៍​នានា ដែល​អាច​ដឹកនាំ​យើង​ក្នុង​ការស្វែងរក​សេចក្ដីពិត​របស់​យើង ( សូមមើល « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០១៨ ] ) ។ មេរៀន​នេះ​នឹង​បង្កើន​សមត្ថភាព​របស់​សិស្ស​ក្នុង​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​ការទទួល​បាន​ធនធាន​ដែល​ទុកចិត្ត​បាន ។

អភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ប្រាស្រ័យ​ទាក់ទង​អំពី​លទ្ធផល​រៀនសូត្រ​របស់​សិស្ស ។ លទ្ធផល​រៀនសូត្រ​គឺជា​សេចក្ដី​ថ្លែងការណ៍ ដែល​ផ្ដល់​និយមន័យ​ពី​ចំណេះដឹង និង​ជំនាញ ដែល​សិស្ស​គួរតែ​អាច​រៀន​ចេញពី​បទពិសោធន៍​អប់រំ​មួយ ។ លទ្ធផល​សម្រាប់​មេរៀន​នីមួយៗ​នៅក្នុង​វគ្គ​សិក្សា​នេះ​មាន​បញ្ជាក់​នៅក្នុង​សេចក្ដីផ្ដើម​នៃ​មេរៀន​នោះ ។ សូម​កុំ​ស្ទាក់ស្ទើរ​នឹង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​លទ្ធផល​ទាំងនេះ​ដល់​សិស្ស ។ សូម​ឲ្យ​លទ្ធផល​មេរៀន​ជួយ​ដឹកនាំ​បងប្អូន កាល​បងប្អូន​សម្រប​ចំណុច​មេរៀន និង​ដឹង​ពី​ជោគជ័យ​នៃ​បទពិសោធន៍​រៀនសូត្រ​របស់​សិស្ស ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ប្រទាន​គំរូ​មួយ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

សូម​បង្ហាញ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​វា​មិន​អី​ទេ​ឬ ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ? ហេតុអ្វី​អី ឬ​មិន​អី ? សូម​អញ្ជើញ​សិស្ស​ពីរ ឬ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

សូម​អាន​ក្នុង​ថ្នាក់​រួមគ្នា​ក្នុង យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៨–១០ ហើយ​រកមើល​ពាក្យ ឬ​ឃ្លា​នានា​ដែល​យ៉ូសែប​បាន​ប្រើ ដើម្បី​ពិពណ៌នា​ពី​សំណួរ និង​កង្វល់​ខាង​សាសនា​របស់​លោក ។ សូម​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការសួរ​សំណួរ ចេញពី​ដំណើររឿង​របស់​យ៉ូសែប ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ខ្ញុំ​អាច​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ កាល​ខ្ញុំ … ។

សូម​ឲ្យ​សិស្ស​រកមើល​គោលការណ៍​បី​ចេញពី​សៀវភៅ​សិក្សា​រៀបចំ ដែល​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ ។ ( កាល​សិស្ស​ឆ្លើយតប សូម​ធានា​ថា គោលការណ៍​ខាងក្រោម​នេះ​ត្រូវបាន​សិស្ស​រកឃើញ និង​បាន​ដាក់​បង្ហាញ ៖

  1. ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំង​ឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។

សូម​ឲ្យ​សិស្ស​ពន្យល់​នូវ​អ្វី​ដែល​ពួកគេ​យល់​អំពី​គោលការណ៍​ទាំងនេះ​នីមួយៗ ។ ប្រសិនបើ​ចាំបាច់ សូម​ផ្ដល់​ពេល​បន្ដិច​ឲ្យ​ពួកគេ​រំឭក​ក្នុង​សៀវភៅ​សិក្សា​រៀបចំ ។

សូម​ឲ្យ​សិស្ស​អាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:១១–១៤ ហើយ​រកមើល​របៀប​ដែល​សកម្មភាព​របស់​យ៉ូសែប ស្ម៉ីធ​បាន​បង្ហាញ​ពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទាំងនេះ កាល​លោក​បាន​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​របស់​លោក ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​ជ្រើសរើស ហើយ​បង្ហាញ​សំណួរ​មួយ ឬ​ច្រើន​ដែល​បងប្អូន​បាន​ទទួល​ពី​សិស្ស ដែល​ពួកគេ​អាច​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ( សូមមើល សកម្មភាព « កត់ត្រា​គំនិត​របស់​បងប្អូន » នៅក្នុង ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ) ។ សូម​ពន្យល់​ថា ខណៈ​បងប្អូន​អាច​នឹង​ប្រើ​តែ​សំណួរ​ដែល​ដាក់​មក​ពីរ​បី​អំឡុង​មេរៀន​នេះ ក៏​បងប្អូន​នឹង​រកមើល​កន្លែង​នៅ​ពេល​ក្រោយ​ក្នុង​កម្មវិធី​សិក្សា​នេះ ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ផ្សេងទៀត ដែល​បងប្អូន​បាន​ទទួល ។

កំណត់​ចំណាំ ៖ គោលបំណង​នៃ​សកម្មភាព​នេះ​គឺ ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ឱកាស​មួយ​ជជែក​អំពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ចំពោះ​សំណួរ​ផ្សេងៗ ។ វា​មិន​ត្រូវបាន​រៀបចំ​ដើម្បី​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​ណាមួយ​ឡើយ ។ សូម​ប្រុងប្រយ័ត្ន​មិន​ត្រូវ​ជាប់គាំង​នឹង​សេចក្ដី​លម្អិត​នៃ​សំណួរ ឬ​បញ្ហា​មួយ​នោះ​ទេ ។

សូម​ពិភាក្សា​ពី​របៀប​ដែល​សិស្ស​នឹង​ប្រើ​គោលការណ៍ ដែល​បាន​ដាក់​បង្ហាញ​នៅលើ​ក្ដារខៀន ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​ជ្រើសរើស ឬ​សំណួរ​ទាំងអស់ ។ សំណួរ​តាមដាន​ខាងក្រោម​នេះ​អាច​ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​បងប្អូន ៖

  • តើ​យើង​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ កាល​យើង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ​ដោយ​របៀប​ណា ?

  • តើ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​នឹង​សំណួរ​នេះ​ដោយ​របៀប​ណា ? តើ​យើង​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ដែល​អាច​ជួយ​យើង​ឲ្យ​មើល​ទៅ​សំណួរ​នេះ ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ?

  • តើ​ប្រភព​ដែល​បាន​ប្រទាន​មក​ពី​ព្រះ​ណាខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ប្រធានបទ​នេះ​កាន់តែ​ច្បាស់ ? តើ​មាន​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ផ្សេងទៀត​ណាខ្លះ​ដែល​អាច​ជួយ ?( កំណត់​ចំណាំ ៖ វា​អាច​មាន​ប្រយោជន៍​ដើម្បី​នាំ​សិស្ស​ទៅកាន់​ទំព័រ​ប្រធានបទ​ដំណឹងល្អ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ដើម្បី​បង្ហាញ​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន ដែល​ចង្អុល​ទៅ​តំ​ណ​ភ្ជាប់​បទគម្ពីរ និង​សុន្ទរកថា​របស់​ព្យាការី​ផងដែរ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឡើង​ចែកចាយ​ពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទាំងនេះ ផ្ដល់​ពរជ័យ​ដល់​ពួកគេ​នៅក្នុង​ការស្រាវជ្រាវ​រក​ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ពួកគេ ។

យើង​អាច​វាយតម្លៃ​ប្រភព​ដែល​អាច​ទុកចិត្ត​បាន ។

សូម​បង្ហាញ​វីដេអូ​មួយ​ចំណែក « Divinely Appointed Sources » ( កូដ​ពេលវេលា ០:០០ ដល់ ៤:១៩ ) ។

សូម​ឲ្យ​សិស្ស​រកមើល​ប្រភេទ​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​បំផុត និង​ដែល​មាន​សក្ដានុពល​ដើម្បី​ធ្វើ​ឲ្យ​ខូចខាត​ដល់​ការយល់ដឹង​ពី​សេចក្ដីពិត​របស់​យើង ។

ក្រោយពី​បងប្អូន​ផ្អាក​វីដេអូ សូម​ពិចារណា​សួរ​សំណួរ​ខ្លះៗ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​ភាពខុសគ្នា​រវាង​ប្រភព​មកពី​ព្រះ ប្រភព​ដែល​អាច​ទុកចិត្ត​បាន និង​ប្រភព​ដែល​មិន​អាច​ទុកចិត្ត​បាន ឬ​ថែមទាំង​បំផ្លាញ​យើង​ទៀត ៖

  • តើ​អ្វី​ជា​ប្រភព​ដ៏​បរិសុទ្ធ​បំផុត ដែល​យើង​អាច​ស្វែងរក​ចម្លើយ​បាន ?

  • តើ​បងប្អូន​បែងចែក​ថា​តើ​ប្រភព​ព័ត៌មាន​មួយ​អាច​ទុកចិត្ត​បាន ឬ​មិន​បាន​ដោយ​របៀប​ណា ?

  • តើ​បងប្អូន​ធ្វើ​អ្វីខ្លះ នៅពេល​បងប្អូន​ប្រទះ​នឹង​ប្រភព​ព័ត៌មាន ដែល​មាន​បំណង​ចង់​បំផ្លាញ​សេចក្ដី​ជំនឿ​នោះ ?

ដើម្បី​បង្ហាញ​ពី​សារសំខាន់​នៃ​ការប្រើ​ប្រភព​ដែល​អាច​ទុកចិត្ត​បាន នៅពេល​សិក្សា​ប្រវត្តិ​សាសនាចក្រ សូម​ឲ្យ​សិស្ស​ស្រមៃ​ពី​ស្ថានភាព​ដូច​តទៅ​នេះ ៖ បងប្អូន​កំពុង​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ពួកសាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន ។ ក្នុង​ការស្រាវជ្រាវ​រនោះ បងប្អូន​បាន​ប្រទះ​នឹង​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​មកពី ស្ទេហ្វិន ប៊ើរណិត ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​ដូចគ្នា​នឹង​ម៉ាទិន ហារីស ហើយ​បងប្អូន​មិន​ប្រាកដ​ថា សេចក្ដី​ថ្លែងការណ៍​នេះ​ពិត​ឬ​អត់ទេ ៖

ខ្ញុំ​បាន​គិត​យ៉ាង​យូរ និង​ដោយ​មាន​គោលបំណង​អំពី​ប្រវត្តិ​សាសនាចក្រ ហើយ​បាន​ថ្លឹងថ្លែង​ភស្ដុតាង​សម្រាប់​វា និង​ប្រឆាំង​នឹង​វា ។​… ប៉ុន្ដែ​នៅពេល​ខ្ញុំ​មក​ស្ដាប់​ម៉ាទិន ហារីស​និយាយ​ក្នុង​ទីសាធារណៈ​ថា គាត់​មិន​ដែល​បាន​ឃើញ​ផ្ទាំង​ចំណារ​ដោយ​ផ្ទាល់​ភ្នែក​របស់​គាត់ គឺ​តែ​ក្នុង​ការនិមិត្ត ឬ​ការស្រមៃ [ ហើយ ] អូលីវើរ និង​ដាវីឌ​ក៏​មិន​ដែល​បាន​ឃើញ​ដែរ …​អំណះអំណាង​ចុងក្រោយ​នេះ​ហាក់​ត្រូវ ។ ( Stephen Burnett, in Richard Lloyd Anderson, Investigating the Book of Mormon Witnesses [ ឆ្នាំ ១៩៨១ ] ទំព័រ ១៥៥ )

  • តើ​បងប្អូន​អាច​ធ្វើ​តាម​ជំហាន​អ្វីខ្លះ មុនពេល​សម្រេច​ចិត្ត​ថា​ត្រូវ​ទទួល​យក​ការអះអាង​របស់​ស្ទេហ្វិន ប៊ើរណិត​អំពី​ម៉ាទិន ហារីស​ឬ​អត់​នោះ ?

សូម​ឲ្យ​សិស្ស​លើក​ឡើង​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការវាយ​តម្លៃ​ប្រភព​មកពី​ផ្នែក​នៃ​សៀវភៅ​សិក្សា​រៀបចំ​ដែល​មាន​ចំណងជើង​ថា « សំណួរ​ដើម្បី​វាយតម្លៃ​ប្រភព » ។

ដោយ​មាន​សេចក្ដីណែនាំ​ទាំងនេះ​ដើម្បី​វាយតម្លៃ​ប្រភព​នានា​ក្នុង​ចិត្ត សូម​ចែក​សំណៅ « សាវតា​ប្រវត្តិសាស្ដ្រ​ស្ដីពី​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេហ្វិន ប៊ើរណិត » ដល់​សិស្ស ហើយ​សូម​ឲ្យ​សិស្ស ( ជា​ថ្នាក់ ឬ​ក្នុង​ក្រុម​តូចៗ ) រកមើល​ព័ត៌មាន​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​អំណះ​អំណាង​នៃ​ការចោទ​ប្រកាន់​របស់​ស្ទេហ្វិន ប៊ើរណិត​ថា ម៉ាទិន ហារីស​មិន​បាន​ឃើញ​ផ្ទាំង​ចំណារ​មាស​នោះ​ទេ ។

សាវតា​ប្រវត្តិសាស្ដ្រ​ស្ដីពី​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេហ្វិន ប៊ើរណិត

ស្ទេហ្វិន ប៊ើរណិត​បាន​ចូលរួម​សាសនាចក្រ​ក្នុង​ឆ្នាំ ១៨៣០ ហើយ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ​នៅ​ឆ្នាំ ១៨៣១ ។ គាត់​បាន​បម្រើ​បេសកកម្ម​នៅ​សហរដ្ឋ​ភាគ​ខាងកើត​នៅ​ចន្លោះ​ឆ្នាំ ១៨៣២ និង ១៨៣៤ ( សូមមើល « Burnett, Stephen » The Joseph Smith Papers មាតិកា​ស្ដីទី ) ។ ត្រឹម​ឆ្នាំ ១៨៣៨ គាត់​បាន​ចាកចេញ​ពី​សាសនាចក្រ ហើយ​បាន​គិត​ថា វា​គឺជា « ស្ថានភាព​នៃ​ការកុហក និង​ការបោក​បញ្ឆោត​ទាំងស្រុង » ។

ខណៈ​ប៊ើរណិត​បាន​ស្គាល់​ម៉ាទិន ហារីស​ដោយ​ផ្ទាល់ គាត់​មិនមែន​ជា​សាក្សី​មួយ​ក្នុង​ចំណោម​ពួកសាក្សី​បី​នាក់ ឬ​ប្រាំបី​នាក់​ឡើយ ។

ក្នុង​ឆ្នាំ ១៨៣៨ ប៊ើរណិត​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ដែល​គាត់​បាន​អះអាង​ថា ម៉ាទិន ហារីស​បាន​និយាយ​ថា « លោក​មិន​ដែល​បាន​ឃើញ​ផ្ទាំង​ចំណារ​ដោយ​ផ្ទាល់​ភ្នែក​របស់​លោក​ឡើយ គឺ​តែ​ក្នុង​ការនិមិត្ត ឬ​ការស្រមៃ​ប៉ុណ្ណោះ » ។ ប៊ើរណិត​បាន​សរសេរ​ថា មនុស្ស​បី​នាក់​ផ្សេងទៀត « បាន​យល់ស្រប » តាម​ដំណើររឿង​របស់​គាត់ ។ បុគ្គល​ទាំង​បី​នាក់​នេះ​ក៏​បាន​ចាកចេញ​ពី​សាសនាចក្រ​ផងដែរ ។

ម៉ាទិន ហារីស​បាន​បដិសេធ​យ៉ាង​ខ្លាំង​នឹង​របៀប​ដែល​ប៊ើរណិត​បាន​ពិពណ៌នា​ទីបន្ទាល់​របស់​លោក ហើយ​បាន​បន្ដ​ថ្លែង​ទីបន្ទាល់​អំពី​ភាពពេញលេញ​នៃ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​មរមន​ពេញ​មួយ​ជីវិត​របស់​លោក ។

ផ្ទុយ​ពី​ដំណើររឿង​របស់​ប៊ើរណិត « ការយល់ស្រប​ពី​ការសម្ភាស​ជាច្រើន​ជាមួយ​នឹង​ម៉ាទិន ហារីស​បញ្ជាក់​ថា ភាពជាក់ច្បាស់​ដ៏​ខ្លាំង​របស់​លោក [ របស់​ហារីស ] មិន​ដែល​ប្រែប្រួល​តាំង​ពី​ការនិមិត្ត​របស់​លោក​អំពី​ទេវតា និង​ផ្ទាំង​ចំណារ​ក្នុង​ឆ្នាំ ១៨២៩ រហូត​ដល់​គ្រា​នៃ​សេចក្ដី​ស្លាប់​របស់​លោក​ក្នុង​ឆ្នាំ ១៨៧៥ ឡើយ » ។ នៅក្នុង​សំបុត្រ​ឯកជន​មួយ​ដែល​បាន​សរសេរ​នៅ​ឆ្នាំ ១៨៧១ ហារីស​បាន​ប្រកាស​ថា « មិន​មាន​មនុស្ស​ណា​ធ្លាប់​បាន​ឮ​ខ្ញុំ​បដិសេធ​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​ណាមួយ​ឡើយ ទោះ​ការបម្រើ​របស់​ទេវតា​ដែល​បាន​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​ខ្ញុំ ឬ​ក៏​ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្ដី » ( Richard Lloyd Anderson, Investigating the Book of Mormon Witnesses [ ឆ្នាំ ១៩៨១ ] ទំព័រ ១៩៧–២០, ១៥៥–៥៧ ) ។

សាវតា​ប្រវត្តិសាស្ដ្រ​ស្ដីពី​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេហ្វិន ប៊ើរណិត

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ក្រោយពី​សិស្ស​បាន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អាន និង​ពិភាក្សា​អំពី​សំណៅ​ចែក​នេះ​ហើយ សូម​សួរសំណួរ​ខាងក្រោម ៖

  • តើ​មាន​ព័ត៌មាន​អ្វីខ្លះ​ចេញពី​សំណៅ​ចែក​នេះ​មិន​ទុកចិត្ត​លើ​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេហិ្វន ប៊ើរណិត ?

  • បន្ថែម​លើ​ការសាកល្បង​លើ​ភាពជឿ​បាន​នៃ​ប្រភព​នានា តើ​បងប្អូន​អាច​រកឃើញ​ថា ទីបន្ទាល់​របស់​ពួកសាក្សី​បី​នាក់​ពិត​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​បទពិសោធន៍​នេះ ។ សូម​ពិចារណា​បញ្ចប់​មេរៀន​នេះ​ដោយ​ការមើល​បញ្ចប់​វីដេអូ « Divinely Appointed Sources” ( កូដ​ពេលវេលា ៤:២០ ដល់ ៩:១៦ ) ហើយ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​គុណ​តម្លៃ នៃ​ការអនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ធ្លាប់​ពិបាក​ដឹង​ថា​ពេលណា​ព្រះអម្ចាស់​មាន​បន្ទូល​មកកាន់​ពួកគេ ឬ​បើ​ពួកគេ​ធ្លាប់​ចង់​ដឹង​ពី​របៀប​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ការដឹកនាំ​ក្នុង​ជីវិត​របស់​ពួកគេ​កាន់តែ​ប្រសើរ​ដែរ​ឬ​ទេ ។ សូម​ឲ្យ​ពួកគេ​សិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​មេរៀន​លើក​ក្រោយ​ស្ដីពី​គោលលទ្ធិ​នៃ​វិវរណៈ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។