ថ្នាក់​វិទ្យាស្ថាន
សៀវភៅការ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៨ ៖ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៨ ៖ ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៨ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន មេរៀន​ទី ៨

ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ម្ដងទៀត​នៅ​លើ​ផែនដី​នេះ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ធ្វើឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គឺជា « សាសនាចក្រ​តែមួយ​ដែល​ពិត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣០ ) ។ សិស្ស​ក៏​នឹង​សម្រេច​ពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​កាន់តែ​ពេញលេញ​ថែមទៀត​ក្នុង​សាសនាចក្រ ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះអម្ចាស់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៉ីធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា នៅពេល​ពួកគេ​អញ្ជើញ​មិត្ត​ម្នាក់​ឲ្យ​មក​ព្រះវិហារ នោះ​នាង​បាន​ឆ្លើយ​ថា ៖ « ព្រះវិហារ​គឺ​ល្អ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់​ដោយ​គ្មាន​សាសនា​ដែល​រៀបចំ​ដូច្នេះ​បាន ។ យើង​ទាំងអស់​គ្នា​មាន​ផ្លូវ​ផ្ទាល់ខ្លួន​យើង​ទៅរក​ព្រះ មែន​ទេ ? »

  • តើ​មាន​ការយល់​ខុស​អ្វីខ្លះ ដែល​អាច​រារាំង​មិត្ត​របស់​បងប្អូន​ពី​ការយល់ដឹង​អំពី​តម្លៃ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

សូម​អនុញ្ញាត​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​ក្នុង​ក្រុម​តូចៗ​រយៈពេល​ពីរ​បី​នាទី ពី​របៀប​ដែល​ពួកគេ​អាច​ពន្យល់​ដល់​មិត្ត​នេះ​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​សាសនាចក្រ​នៅលើ​ផែនដី ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​អ្វី ដែល​ពួកគេ​បាន​រៀន​មកពី​ការសិក្សា​ក្នុង​សៀវភៅ​សិក្សា​ការរៀបចំ ) ។

សូម​បង្ហាញ​រូបភាព​ដែល​អម​មក​នៃ​ផ្ទះ​របស់​ពេត្រុស វិតមើរ ស៉ីញ្ញ័រ នៅ​ភូមិ​ហ្វាយែត រដ្ឋ​នូវយ៉ោក ។ សូម​ឲ្យ​សិស្ស​នឹកចាំ​ដល់​អ្វី​ដែល​ពួកគេ​បាន​សិក្សា​ក្នុង​ផ្នែក​ទី ១ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ដើម្បី​ពិពណ៌នា​ពី​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ផ្ទះ​របស់​វិតមើរ នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ។

រូបភាព
រូបរាង​ខាងក្រៅ​ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ
រូបភាព
យ៉ូសែប ស៊្មីធ​កំពុង​បង្រៀន​ក្រុមជំនុំ​មួយ

សូម​អាន មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ រួមគ្នា​ក្នុង​ថ្នាក់ ហើយ​រកមើល​អ្វី​ដែល​យ៉ូសែប ស៊្មីធ​ធ្លាប់​បាន​សរសេរ​អំពី​ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​ចាំបាច់ បងប្អូន​អាច​ចង្អុល​បង្ហាញ​ថា « ពួក​គ្រូ​ផ្សាយដំណឹង​ល្អ » អាច​សំដៅ​ទៅលើ​ពួកអយ្យកោ ហើយ « ពួក​គ្រូ​គង្វាល » សំដៅ​លើ​អ្នកកាន់​តំណែង​ជា​អធិបតី​ដូចជា​ប៊ីស្សព ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​សេចក្ដី​ថ្លែងការណ៍​នេះ ? ( សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​នោះ​គឺ​ថា សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅក្នុង​ថ្ងៃចុងក្រោយ ត្រូវបាន​រៀបចំ​ដូច​ជា​សាសនាចក្រ​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​ដែរ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឃ្លា​ទីពីរ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​បងប្រុស ថាត អរ ខាលីស្ទើរ ឮៗ​ក្នុង​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ « ប្រសិនបើ​មនុស្ស​ម្នាក់​ត្រូវ​រក​ប្លង់​មេ … » ។

សូម​បង្ហាញ​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាង​ក្រោម​នេះ ។ សូម​ឲ្យ​សិស្ស​ជ្រើសរើស​យក​សេចក្ដីយោង​មួយ ឬ​ច្រើន​មក​អាន​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​អ្វី​ដែល​បទគម្ពីរ​នោះ​បើក​សម្ដែង​ពី​ការរៀបចំ ការអនុវត្ត និង​ការបង្រៀន​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

កំណត់ចំណាំ ៖ សកម្មភាព​នេះ​ពុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​ឡើយ ។ វា​គ្រាន់តែ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​របៀប ដែល​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់​មាន​គន្លង​ដូច​នឹង​សាសនាចក្រ​កាលពី​បុរាណ​របស់​ទ្រង់​ប៉ុណ្ណោះ ។

  • តើ​បងប្អូន​ឃើញ​មាន​ភាពស្រដៀងគ្នា​ណា​ខ្លះ រវាង​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ និង​សាសនាចក្រ​នៅ​ជំនាន់​របស់​យើង ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា សាសនាចក្រ​របស់​ព្រះអម្ចាស់​នា​សព្វថ្ងៃ​នេះ​ត្រូវបាន​រៀបចំ​ស្របតាម​គន្លង​នៃ​សាសនាចក្រ​ពីបុរាណ​របស់​ទ្រង់ ?

សូម​ពន្យល់​ថា ប្រហែល​មួយ​ឆ្នាំ​កន្លះ​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ភាពវិសេស​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស ។

  • តើ​ព្រះអម្ចាស់​បាន​ពិពណ៌នា​សាសនាចក្រ​របស់​ទ្រង់​នៅក្នុង ខទី ៣០ យ៉ាង​ដូចម្ដេច ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ថ្លែងការណ៍​នៃ​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​នេះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៉ីជម្រៅ​ពី​សេចក្តីពិត​នេះ បងប្អូន​អាច​សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រំឭក និង​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​ទី ២ នៃ​សៀវភៅ​សិក្សា​រៀបចំ​អំឡុង​ពេលពិភាក្សា ។

  • តើ​បងប្អូន​នឹង​ពន្យល់​ដោយ​ម៉ឺងម៉ាត់ ប៉ុន្ដែ​ទន់ភ្លន់​ដល់​នរណាម្នាក់​ពី​អត្ថន័យ​ថា សាសនាចក្រ​នេះ​គឺជា « សាសនា​ចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​ដីទាំង​មូល » យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​នេះ « សកម្ម » ? ( វា​អាច​មាន​ប្រយោជន៍ ដើម្បី​បង្ហាញ​អ្វីមួយ​ដែល​មាន​ជីវិត​ដូចជា​រុក្ខជាតិ​មួយ ហើយ​សូម​ឲ្យ​សិស្ស​ពិពណ៌នា​ពី​លក្ខណៈ​សម្បត្តិ​នៃ​របស់​មាន​ជីវិត​មួយ ប្រៀបធៀប​ទៅនឹង​អ្វីមួយ​ដែល​គ្មាន​ជីវិត ឬ​ងាប់ ) ។

  • ហេតុអ្វី​បងប្អូន​គិត​ថា វា​សំខាន់​ដើម្បី​យល់​ថា ខណៈ​សេចក្ដីពិត​ដ៏​អស់កល្ប​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​មិន​ផ្លាស់ប្ដូរ នោះ​សាសនាចក្រ​បន្ដ​រីកចម្រើន ហើយ​សម្រប​សម្រួល​តាមរយៈ​វិវរណៈ​មកពី​ព្រះអម្ចាស់ ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ?

សាសនាចក្រ​របស់​ព្រះអម្ចាស់​ធ្វើឲ្យ​មាន​ពរជ័យ​នៃ​ដំណឹងល្អ​ដល់​មនុស្ស​គ្រប់គ្នា ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

វា​មាន​តម្លៃ​ដើម្បី​ឈប់​មួយភ្លែត​ពិចារណា​ពី​ហេតុផល ដែល​ទ្រង់​ជ្រើស​ប្រើ​ព្រះវិហារ​មួយ​ជា​សាសនាចក្រ​របស់​ទ្រង់​… ដើម្បី​អនុវត្ត​កិច្ចការ​របស់​ទ្រង់ និង​ព្រះវរបិតា​ទ្រង់ ។ ( « ហេតុអ្វី​សាសនាចក្រ​នេះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨ )

  • ហេតុអ្វី​បងប្អូន​គិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជ្រើសរើស​ប្រើ​ព្រះវិហារ​មួយ​ជា​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​អនុវត្ត​កិច្ចការ​របស់​ទ្រង់ និង​ព្រះវរបិតា​ទ្រង់ ?

សូម​អាន មរ៉ូណៃ ៦:៣–៦ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:៨–៩ រួមគ្នា​ក្នុង​ថ្នាក់ ហើយ​រកមើល​គោលបំណង និង​ពរជ័យ​មួយ​ចំនួន​ដែល​កើតមាន​តាមរយៈ​សមាជិកភាព និង​ការបម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​គម្ពីរ​ទាំងនេះ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​នាទី​ដើម្បី​រំឭក​ដោយ​សង្ខេប​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន និង ស៉ិស្ទើរ បូនី អិល អូស្ការសុន​នៅក្នុង​ផ្នែក​ទី ៣ នៃ​សៀវភៅ​សិក្សា​ការរៀបចំ ។

  • តើ​ការបង្រៀន​ណា​ខ្លះ​ពី​ក្នុង​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​បងប្អូន ? ( ក្រោយពី​សិស្ស​ឆ្លើយតប​ហើយ សូម​បង្ហាញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឲ្យ​មករក​ទ្រង់ ទទួល​បាន​ពរជ័យ​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​មាន​ឱកាស​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ធាតុ​នីមួយៗ​នៃ​សេចក្ដីពិត​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​ពីរបៀប​ដែល​ពួកគេ​បាន​មើលឃើញ​សេចក្ដីពិត​នេះ​បំពេញ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ បងប្អូន​អាច​សួរ​សំណួរ​តាមដាន​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • តើ​អ្វីខ្លះ​ជា « ពរជ័យ​ដ៏​ពេញលេញ » នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់ ?

  • តើ​សាសនាចក្រ​ដើរ​តួ​យ៉ាងណា​នៅក្នុង​ការជួយ​បងប្អូន​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​របស់​បងប្អូន ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ខ្លះ​ពិចារណា និង​កត់ត្រា​គំនិត​របស់​ពួកគេ​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សាសនាចក្រ និង​ក្នុង​ការជួយ​សម្រេច​បាន​គោលបំណង​វា​តាម​របៀប​ណាខ្លះ ?

ក្រោយពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ បងប្អូន​អាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​របស់​មិត្ត​ម្នាក់​ដូចជា​មិត្ត​ដែល​បាន​ណែនាំ​ក្នុង​ស្ថានភាព ដែល​បាន​ពិពណ៌នា​នៅ​ដើម​មេរៀន​នេះ ។ បងប្អូន​អាច​បញ្ចប់​មេរៀន​ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​ថា ដោយសារ​តែ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ នោះ​យើង​អាច​យល់​កាន់តែ​ច្រើន​អំពី​គុណលក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​ដ៏​ធួន​ដែល​គ្មាន​នរណាម្នាក់​អាច​ធ្វើ​បាន​ជិត ២០០០ ឆ្នាំ​មក​ហើយ ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ពរជ័យ​ក្នុង​ការខិត​មក​កាន់តែ​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពង្រីក​ការយល់ដឹង និង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ តាមរយៈ​ការសិក្សា​សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​ថ្នាក់​លើក​ក្រោយ​ដោយ​ប្រុង​ប្រយ័ត្ន ។