ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២ ឯកសារ​គ្រូបង្រៀន ៖ ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់


« មេរៀនទី ២ ឯកសារ​គ្រូបង្រៀន ៖ ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ២ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២​សម្ភារ​សម្រាប់គ្រូបង្រៀន

ការឆ្លើយតប​ទៅនឹង​ព្យាការី​របស់​ព្រះអម្ចាស់

ព្យាការី​របស់​ព្រះអម្ចាស់​បើក​បង្ហាញ និង​បង្រៀន​ព្រះបន្ទូល​នៃព្រះ ។ ពេល​យើង​ស្ដាប់​តាម​ការបង្រៀន​របស់​ពួកលោក យើង​អាច​ដកពិសោធន៍​នូវ​អំណាច​នៃ​ព្រះបន្ទូល​របស់​ព្រះ​ក្នុង​ជីវិតរបស់​យើង ។ បន្ទាប់​ពី​មេរៀន​នេះ សិស្ស​គួរតែ​អាច​ពន្យល់​ថា យើង​ទទួល​បាន​ពរជ័យ​យ៉ាង​ណា ពេល​ដែល​យើង​ទុកចិត្ត​លើ​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ និង​សារ​ដែល​ពួកលោក​ត្រូវបាន​ហៅ​ឲ្យ​ថ្លែង ។ សិស្ស​ក៏​នឹង​វាយ​តម្លៃ​កិច្ច​ប្រឹងប្រែង​ផ្ទាល់​របស់​ពួកគេ ក្នុង​ការស្ដាប់​តាម​ការប្រឹក្សា​ដ៏​ប្រកប​ដោយ​ការព្យាករ​ថ្មីៗ​នេះ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​សម្រប​ឯកសារ​មេរៀន​ដើម្បីបំពេញ​តាម​តម្រូវការ​របស់សិស្ស ។ ជួនកាល មេរៀន​មាន​ឯកសារ​ច្រើន​ជាង​ដែល​អ្នក​អាច​បង្រៀន​បាន​គ្រប់ទាំងអស់​នៅក្នុង​ថ្នាក់ ។ ជាជាង​ព្យាយាម​បង្រៀន​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ផែនការ​មេរៀន សូម​ផ្ដោត​លើ​បទគម្ពីរ និង​ឯកសារ​ដែល​នឹង​ជួយ​សិស្ស​អ្នក​បំផុត ឲ្យ​ធ្វើ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព សុចរិតភាព ដើម្បី​ពួកគេ​អាច​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ពី​សិស្ស ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា គោលការណ៍ សំណួរ និង​សកម្មភាព​ណា​ដើម្បី​ប្រើប្រាស់​នៅក្នុង​ថ្នាក់ ។

ព្រះអម្ចាស់​បញ្ជូន​លីហៃ​ឲ្យ​ទៅ​ព្យាករ​ដល់​ប្រជាជន​ក្នុង​ក្រុង​យេរូសាឡិម ។

សូម​ចាប់​ផ្ដើម​ថ្នាក់ ដោយ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​ពេល​ដែល​នរណា​ម្នាក់​បាន​ឆ្លើយតប​ដោយ​អវិជ្ជមាន ចំពោះ​សារ ឬ​គំនិត​មួយ ដែល​ពួកគេ​ព្យាយាម​ចែកចាយ ។

  • ហេតុ​អ្វី​សមាជិក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ពួក​ព្យាការី បន្ត​ចែកចាយ​សារ​ដែល​ពួកគេ​ដឹង​ថា ប្រហែល​ជា​មិន​មាន​ប្រជាប្រិយភាព ?

រូបភាព
លីហៃ​កំពុង​ផ្សព្វផ្សាយ​នៅ​ក្រុង​យេរូសាឡិម ដោយ ឌេល ផាសុន

សូម​បង្ហាញ​រូបភាព​លីហៃ​កំពុង​ផ្សព្វផ្សាយ ។ សូម​ឲ្យ​សិស្ស​ពិពណ៌នា​អំពី​សាច់រឿង​នៅក្នុង​ដើម​ព្រះគម្ពីរ​មរមន​ដូច​ដែល​បាន​កត់ត្រា​នៅក្នុង នីហ្វៃទី១ ១ ។ ( ប្រសិន​បើ​អ្នក​បង្រៀន​មេរៀន​ពីរ​ដំបូង​នៃ​វគ្គ​សិក្សា​នេះ​រួម​គ្នា សិស្ស​អាច​នឹង​មិន​មាន​ឱកាស​ដើម្បី​សិក្សា ឯកសារ​រៀបចំ សម្រាប់​មេរៀន​នេះ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី១ ១:៤ ឮៗ ) ។

សូម​ពន្យល់​ថា នៅក្នុង​ការនិមិត្ត​មួយ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះគម្ពីរ​មួយ​ឲ្យ​លីហៃ​អាន ។ លីហៃ​បាន​អាន​ថា ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លិចបំផ្លាញ ។ ( សូម​មើល នីហ្វៃទី១ ១:១២–១៣ ) ។

សូម​អាន នីហ្វៃទី១ ១:១៤ ជាមួយ​គ្នា ដោយ​ស្វែងរក​អ្វី​ដែល​លីហៃ​បាន​មាន​ប្រតិកម្ម​ចំពោះ​ការនិមិត្ត​នេះ ។

  • តើ​លីហៃ​បាន​រៀន​អ្វីខ្លះ​អំពី​លក្ខណៈ​សម្បត្តិ​របស់​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា ការចេះដឹង​នេះ​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ បាន​មាន​ផល​ប៉ះពាល់​ដល់​ការតាំងចិត្ត​របស់​លីហៃ ដើម្បី​ព្យាករ​ដល់​ប្រជាជន​ក្នុង​ក្រុង​យេរូសាឡិម​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​សិស្ស​ឲ្យ​អាន នីហ្វៃទី១ ១:១៨–១៩ ដោយ​រកមើល​ពី​អ្វី​ដែល​យើង​អាច​រៀន អំពី​ពួក​ព្យាការី​ចេញ​ពី​បទពិសោធន៍​របស់​លីហៃ ។ ជួយ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ពួក​ព្យាការី​ប្រកាស​ព្រះបន្ទូល និង​ព្រះឆន្ទៈ​របស់​ព្រះ ។ ពួកព្យាការី​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​ប្រោសលោះ​ដែល​បាន​មក​តាម​រយៈ​ទ្រង់ ។

  • តើ​សារ​ថ្មីៗ​មក​ពី​ព្យាការី និង​សាវក​ដែល​នៅរស់​អ្វី​ខ្លះ ដែល​ប្រកាស​អំពី​ព្រះបន្ទូល និង​ព្រះឆន្ទៈ​របស់​ព្រះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន និង អែលឌើរ អូលីសេស សូរ៉េស នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ហើយ​ចែកចាយ​អ្វី​ដែល​លេច​ធ្លោ​ចំពោះ​ពួកគេ ។

  • តើ​សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​ជះឥទ្ធិពល​យ៉ាង​ណា ទៅលើ​របៀប​ដែលអ្នក​មានអារម្មណ៍ អំពី​ព្យាការី​ដែល​នៅរស់​របស់​យើង​នា​សព្វថ្ងៃ​នេះ ? តើ​វា​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ណា​ដែរ ?

  • តើ​សារ​ដែល​ប្រកប​ដោយ​ការព្យាករ​ថ្មីៗ​នេះ​អ្វី​ខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​ទ្រង់​កាន់តែ​ច្បាស់ ? ( សិស្ស​បាន​ពិចារណា​សំណួរ​មួយ​ស្រដៀង​គ្នា​នេះ នៅពេល​​ពួកគេ​បាន​សិក្សា ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ ) ។

នីហ្វៃ​ទទួល​ការបញ្ជាក់​ថា ពួក​ព្យាការី​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ ។

សុំ​ឲ្យ​សិស្ស​រកមើល​ការបង្រៀន​ដែល​ប្រកប​ដោយ​ការព្យាករ​មួយ​ចំនួន ដែល​មនុស្ស​អាច​នឹង​មាន​ការពិបាក​ក្នុង​ការទទួល​យក​នៅក្នុង​ជំនាន់​របស់​យើង ។ ( កំណត់​ចំណាំ ៖ ប្រសិន​បើ​ត្រូវការ សូម​រំឭក​សិស្ស​ថា គោលបំណង​របស់​យើង គឺ​មិន​មែន​ដើម្បី​រិះគន់​ដល់​ពួក​ព្យាការី​របស់​ព្រះ​ទេ ប៉ុន្តែ​ដើម្បី​ពិភាក្សា​ពី​របៀប​ដែល​យើង​អាច​ឆ្លើយ​តប​ដោយ​សេចក្ដី​ជំនឿ ទៅកាន់​សារ​ដែល​ប្រកប​ដោយ​ការព្យាករ ដែល​យើង ឬ​នរណា​ម្នាក់​ដែល​យើង​ស្គាល់ អាច​ឃើញ​ថា​ពិបាក​នឹង​យល់ ឬ​ទទួល​យក ) ។

  • តើ​ហេតុអ្វី​ពេល​ខ្លះ វា​ពិបាក​ដើម្បី​ទទួល​យក​នូវ​អ្វី​ដែល​ព្យាការី​ប្រកាស ?

សូម​បង្ហាញ ឬ​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​ខ្ញុំ​ជួប​ការពិបាក​នឹង​ទទួល​យក​នូវ​អ្វី​ដែល​ព្យាការី​បង្រៀន ? កាលដែល​សិស្ស​ពិភាក្សា​សំណួរ​នេះ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការប្រើប្រាស់​ឯកសារ​ទាំងអស់ ឬ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ពួកគេ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប ប្រសិន​បើ​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​មាន​កង្វល់​នេះ ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា គ្រួសារ​លីហៃ​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​លីហៃ​បាន​ប្រាប់​ពួកគេ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ហើយ​ធ្វើដំណើរ​ទៅក្នុង​វាល​រហោស្ថាន ។

  • តើ​លេមិន និង​លេមយួល បាន​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​ក្នុង​ការ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ ? តើ​នីហ្វៃ​បាន​មាន​ប្រតិកម្ម​បែប​ណា ? ( សូម​ឲ្យ​សិស្ស​រំឭក នីហ្វៃទី១ ២:១១–១៣, ១៦–១៧ ។ អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ថា ដួងចិត្ត​របស់​នីហ្វៃ​អាច​ត្រូវបន្ទន់​ផងដែរ [ សូមមើល នីហ្វៃទី១ ២:១៦ ] ) ។

  • តើ​មាន​របៀប​ផ្សេងៗ​ទៀត​អ្វី​ខ្លះ ដែល​មនុស្ស​ក្នុង​ព្រះគម្ពីរ​មរមន បានឆ្លើយ​តប​ទៅ​នឹង​ពួក​ព្យាការី និង​សារ​របស់​ពួកលោក ? ( អ្នក​អាច​នឹង​ចង់​ផ្ដល់​ពេល​ដល់​សិស្ស​ឲ្យ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ខណៈ​សិក្សា​នៅក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ តើ​អ្វី​ជា​លទ្ធផល​នៃ​ប្រតិកម្ម​របស់​ពួកគេ ? តើ​ពេល​ណា​ដែល​អ្នក​បាន​ឃើញ​គំរូ​ស្រដៀង​គ្នា​អំពី​ការឆ្លើយ​តប​ប្រភេទ​ខុសៗ​គ្នា​ទាំងនេះ​នៅ​ក្នុង​ជំនាន់​របស់​យើង ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​ការឆ្លើយ​តប​របស់​នីហ្វៃ​ចំពោះ​សារ​របស់​ឪពុក​លោក ? តើ​អ្វី​ជា​តួនាទី​របស់​ព្រះអម្ចាស់ នៅក្នុង​ការជួយ​យើង​ឲ្យ​ដឹង​ថា​បើ​ពាក្យ​សម្ដី​របស់​ព្យាការី​ទ្រង់​ពិត​នោះ ? ( សិស្ស​អាច​នឹង​រកឃើញ​គោលការណ៍​មួយ​ដូច​នេះ ៖ ពេល​យើង​បន្ទាប​ខ្លួន​យើង ហើយ​បែរ​ទៅរក​ព្រះអម្ចាស់ ទ្រង់​អាច​ជួយ​បន្ទន់​ដួងចិត្ត​យើង ទៅកាន់​ភាពពេញលេញ​នៃ​ពាក្យ​សម្ដី​របស់​ព្យាការី ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

បងប្អូន​អាច​ដឹង​ដោយ​ខ្លួន​ឯង​នូវ​អ្វី​ដែល​ពិត និង​មិនពិត ដោយ​ការរៀន​យល់​ពី​ការខ្សឹប​របស់​ព្រះវិញ្ញាណ ។ …

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ឲ្យ​ស្វែងរក​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​ដោយ​ស្មោះសរ ថា​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​បងប្អូន​ជា​ការពិត ហើយ​មក​ពី​ព្រះអម្ចាស់ ។ ទ្រង់​បាន​ប្រកាស​ថា យើង​អាច​ស្វែងរក​ការចេះដឹង​ពី​ស្ថានសួគ៌ ហើយ​រំពឹង​ថា​នឹង​ទទួល​វា [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ] ។ …

សូម​សួរ​ដល់​ព្រះវរបិតាសួគ៌​របស់​បងប្អូន ថា​បើ​ពួក​យើង​ពិត​ជា​សាវក និង​ព្យាការី​របស់​ព្រះអម្ចាស់​មែន​ឬ​ទេ ។ ( « The Love and Laws of God » [ សុន្ទរកថា​ថ្លែង​នៅ​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ៤–៥ speeches.byu.edu )

  • តើ​អ្នក​បាន​មាន​បទពិសោធន៍​អ្វីខ្លះ ជាមួយ​នឹង​ការរៀន​ដោយ​ខ្លួន​ឯង​អំពី​ភាពពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព ឬ​សារ​របស់​ព្យាការី ?

ពេល​អ្នក​បញ្ចប់​ការពិភាក្សា​អំពី​សំណួរ « តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​ខ្ញុំ​ជួប​ការពិបាក​នឹង​ទទួល​អ្វី​ដែល​ព្យាការី​បង្រៀន ? » សូម​ពិចារណា​ពី​ការផ្ដល់​ពេល​ដល់​សិស្ស ដើម្បី​ពិចារណា និង​កត់ត្រា​ពី​អ្វី​ដែល​ពួកគេ​បាន​មាន​អារម្មណ៍ ឬ​បាន​រៀន ដែល​អាច​ជួយ​ពួកគេ ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​ពួកគេ​ស្គាល់ ដែល​មាន​សំណួរ​ស្រដៀង​គ្នា​នេះ ។

អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ពីរបី​នាក់ ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ខុស​ពី​នេះ នៅ​ពេល​អនាគត ប្រសិន​បើ​ពួកគេ​ជួប​ការពិបាក​នឹង​ទទួល​យក​អ្វី​ដែល​ព្យាការី​បង្រៀន ។

សម្រាប់​ពេល​ក្រោយ

អ្នក​អាច​នឹង​ចង់​បង្ហាញ​រូបភាព​មួយ​អំពី​ការនិមិត្ត​របស់​លីហៃ អំពី​ដើម​ជីវិត ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​នៅ​ពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ សម្រាប់​ថ្នាក់​បន្ទាប់​ទៀត ។