ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់


« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន

ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់

ទាំង​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ និង​បទពិសោធន៍​នៃ​ប្រជាជន​របស់​អាលម៉ា​បង្ហាញ​ពី​សមត្ថភាព​របស់​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ការគាំទ្រ និង​ការដោះ​លែង​ដល់​អ្នក​ដែល​ងាក​ទៅរក​ទ្រង់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​លើ​របៀប​ដែល​ពួកគេ​អាច​អភិវឌ្ឍ​ឲ្យ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ អំពី​ព្រះចេស្ដា​ដោះលែង​របស់​ព្រះអម្ចាស់ ។ សិស្ស​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទទួលបាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ កាល​ពួកគេ​ប្រឈម​មុខ​នឹង​ការសាកល្បង​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ពួកសាសន៍​លេមិន​បាន​ដាក់​ប្រជាជន​របស់​អាលម៉ា និង​ប្រជាជន​របស់​លិមហៃ​ទៅក្នុង​សេវកភាព ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំរូ​នានា​នៃ​ការសាកល្បង​ដែល​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​កំពុង​ប្រឈម​នាពេល​នេះ ។

  • តើ​មាន​មូលហេតុ​ខុសគ្នា​ណាខ្លះ​ដែល​យើង​មាន​ការសាកល្បង ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក​ឧទាហរណ៍​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ជាទូទៅ​មនុស្ស​អាច​មាន​សំណួរ កង្វល់ ឬ​អារម្មណ៍​អ្វីខ្លះ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការសាកល្បង ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់កល្ប​មួយ ។ សិស្ស​អាច​គិត​អំពី​បញ្ហា និង​សំណួរ​ទាំងឡាយ​នៅក្នុង​បរិបទ​ជាក់លាក់​មួយ ដោយ​ប្រើ​គំនិត​ដែល​ពួកគេ​ស្ដាប់​ឮ​នៅឯ​សាលារៀន ឬ​កន្លែង​ធ្វើការ ឬ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ជាញឹកញាប់​ខ្លាំង ប្រភព​ទាំងនេះ​ផ្ដល់​តែ​ទស្សនវិស័យ​ខាង​លោកិយ​ប៉ុណ្ណោះ ជា​ប្រភព​ដែល​មិន​បាន​គិត​ដល់​ការបង្រៀន​ដំណឹងល្អ​នោះ​ទេ ។ សូម​រកមើល​ឱកាស​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​កែតម្រូវ​ការគិត​អំពី​បញ្ហា និង​សំណួរ​នានា « ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ » ( ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០១៨ ] « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » កថាខណ្ឌ​ទី ៨ ) ។

ប្រជាជន​របស់​អាលម៉ា

សូម​រំឭក​ដោយ​សង្ខេបៗ​ពី​ស្ថានភាព​ដែល​បាន​ដឹកនាំ​ឲ្យ​ប្រជាជន​របស់​អាលម៉ា ជាប់​ក្នុង​សេវកភាព​របស់​ពួកសាសន៍​លេមិន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យស្រមៃ​ថា តើ​ប្រជាជន​របស់​អាលម៉ា​ដែល​បាន​រស់នៅ​ដោយ​សុចរិត​នោះ អាច​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​បាន​បាត់បង់​សេរីភាព​របស់​ពួកគេ​ក្នុង​ពេល​មួយ​រំពេច ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​បម្រើ​ពួកសាសន៍​លេមិន​នោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ក្នុង ម៉ូសាយ ២៣:២១–២៤ ដោយ​រកមើល​មូលហេតុ​ណាមួយ​ដែល​ព្រះអម្ចាស់​អាច​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់​អាលម៉ា​ឆ្លងកាត់​ការសាកល្បង​នានា ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះអម្ចាស់​មាន​ព្រះរាជបំណង​បែបណា ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់​អាលម៉ា​ឆ្លងកាត់​ការសាកល្បង​ទាំងនេះ ?

  • តើ​ការព្យាយាម​ស្វែងយល់​ពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់​អំពី​ការសាកល្បង អាច​ជួយ​យើង​ឲ្យ​កែ​តម្រូវ​របៀប​ដែល​យើង​មើល​ទៅ​ការសាកល្បង​របស់​យើង​ផ្ទាល់​តាម​របៀប​ណា ? ( អ្នក​អាច​បង្ហាញ​វីដេអូ « Examining Questions with an Eternal Perspective » [ ២:៥៦ ] ដែល​បង្ហាញ​ពី​របៀប​ដើម្បី​កែតម្រូវ​សំណួរ​នានា ដោយ​ប្រើ​ការបង្រៀន​ទាំងឡាយ​នៃ​ដំណឹងល្អ ) ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​ពេញ​មួយ​មេរៀន​នេះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​ទស្សនវិស័យ​ដ៏​អស់កល្ប​អំពី​ការសាកល្បង​របស់​ពួកគេ ។

ប្រជាជន​របស់​លិមហៃ

សូម​រំឭក​សិស្ស​ថា ប្រជាជន​របស់​លិមហៃ​ក៏​បាន​ជាប់​ក្នុង​សេវកភាព​ដែរ ។ សូម​សង្ខេប​កាលៈទេសៈ​ទាំងឡាយ​នៅ​ជុំវិញ​ការជាប់​ឃុំ​ឃាំងរបស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ត្រួសៗ​ក្នុង ម៉ូសាយ ២១:៦–១២ ដោយ​រកមើល​របៀប​ដែល​ប្រជាជន​របស់​លិមហៃ​បាន​ព្យាយាម​គេច​ចេញពី​សេវកភាព ។ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​រឿង​អ្វី​បាន​កើតឡើង​ដល់​ប្រជាជន​របស់​លិមហៃ នៅពេល​ពួកគេ​បាន​ព្យាយាមរំ​ដោះ​ខ្លួន​ចេញពី​សេវកភាព ?

  • តើ​យើង​អាច​ប្រឈម​មុខ​នឹង​បញ្ហា​អ្វីខ្លះ នៅពេល​យើង​ព្យាយាម​យកឈ្នះ​លើ​ការសាកល្បង​របស់​យើង ដោយ​មិន​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​នោះ ? តើ​មាន​អ្វីខ្លះ​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់​នៅក្នុង​ការសាកល្បង​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ម៉ូសាយ ២១:១៣–១៦ ឬ សូម​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​អ្វី​ដែល​ប្រជាជន​របស់​លិមហៃ​បាន​ធ្វើ ក្រោយពី​ដឹង​ថា ពួកគេ​មិន​អាច​រំដោះ​ខ្លួន​គេ​ចេញពី​សេវកភាព​បាន​នោះ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ពី​របៀប​ដែល​ប្រជាជន​របស់​លិមហៃ​ត្រូវបាន រំដោះ​នៅ​ទីបញ្ចប់ ។ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​ដើម្បី​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ទស្សនវិស័យ​ដ៏​អស់កល្ប​អំពី​ការសាកល្បង​ផ្ទាល់ខ្លួន​របស់​ពួកគេ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ អំពី​របៀប​ដែល​ព្រះ​គាំទ្រ ឬរំដោះ​អ្នក​ដែល​ងាក​ទៅរក​ទ្រង់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ ? ( បន្ថែម​ពីលើ​សេចក្ដីពិត​ដែល​សិស្ស​បាន​ចែក​រំលែក សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ នៅពេល​យើង​បន្ទាប​ខ្លួន​យើង ហើយ​អំពាវនាវរក​ព្រះ នោះ​ទ្រង់​នឹង​ស្ដាប់​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​រំដោះ​យើង​ចេញពី​ការសាកល្បង​របស់​យើង​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ) ។

  • តើ​យើង​អាច​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់ ជាជាង​លើ​ពេលវេលា​របស់​យើង​ផ្ទាល់ ពេល​យើង​ប្រឈម​មុខ​នឹង​ការសាកល្បង​ដោយ​របៀប​ណា ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ដាល្លិន អេក អូក នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វីខ្លះ នៅពេល​អ្នក​បាន​ធ្វើតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់​ក្នុង​ជីវិត​របស់​អ្នក ?

អ្នក​អាច​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​គិត​ដល់​ការសាកល្បង​មួយ ដែល​ពួកគេ​កំពុង​ជួប​នាពេល​ថ្មីៗ​នេះ ហើយ​កំណត់​ពី​របៀប​ដែល​ពួកគេ​អាច​កែតម្រូវ​ការគិត​ពី​ការសាកល្បង​នោះដោយ​ការមាន​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច ។

ព្រះអម្ចាស់​ពង្រឹង​ប្រជាជន​របស់​អាលម៉ា និង​រំដោះ​ពួកគេ​ចេញពី​សេវកភាព ។

សូម​រំឭក​សិស្ស​ថា ប្រជាជន​របស់​អាលម៉ា​ក៏​បាន​ជាប់​ក្នុង​សេវកភាព​របស់​ពួកសាសន៍​លេមិន​ផងដែរ ។ សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរ​បី​នាទី​ដើម្បី​រំឭក​ក្នុង ម៉ូសាយ ២៤:១០–១៦ ដោយ​រកមើល​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​រវាង​ការសាកល្បង​ដែល​ប្រជាជន​របស់​អាលម៉ា និង​ប្រជាជន​របស់​លិមហៃ​បាន​ជួប​ប្រទះ ។

  • តើ​អ្នក​បាន​រកឃើញ​ភាពស្រដៀងគ្នា​អ្វីខ្លះ ? តើ​បទពិសោធន៍​របស់​ប្រជាជន​ទាំងពីរ​ក្រុម​នេះ​ខុសគ្នា​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ដូច​តទៅ​នេះ ៖ ប្រជាជន​ទាំងពីរ​ក្រុម​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ព្រះអម្ចាស់ ហើយ​ត្រូវបាន​រំដោះ​នៅ​ទីបំផុត; សេវកភាព​របស់​ប្រជាជន​អាលម៉ា​បាន​កើត​មាន​ជា​ការសាកល្បង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ខណៈ​ពួកគេ​ខិតខំ​ធ្វើតាម​ព្រះអម្ចាស់ ចំណែក​ឯ​សេវកភាព​របស់​ប្រជាជន​លិមហៃ​បាន​កើត​ឡើង​ដោយសារតែ​អំពើបាប; ប្រជាជន​របស់​អាលម៉ា​បាន​ងាក​ទៅរក​ព្រះ​ភ្លាម ចំណែក​ឯ​ប្រជាជន​របស់​លិមហៃ​បាន​ងាក​ទៅរក​ទ្រង់ ក្រោយពី​ការប៉ុនប៉ងរំ​ដោះ​ខ្លួនគេ​ដោយ​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់​បាន​បរាជ័យ ) ។

  • តើ​អ្នក​ឃើញ​មាន​ភស្ដុតាង​អ្វីខ្លះ អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​នៅក្នុង​ដំណើររឿង​ទាំងពីរ​នេះ ?

  • តើ​យើង​អាច​រៀន​មេរៀន​បន្ថែម​អ្វីខ្លះ មកពី​បទពិសោធន៍​របស់​ប្រជាជន​អាលម៉ា អំពី​របៀប​ដែល​ព្រះ​គាំទ្រ ឬ​រំដោះ​​អ្នក​ដែល​ងាក​ទៅរក​ទ្រង់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ ? ( នៅពេល​សិស្ស​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ និង​ការអត់ធ្មត់ ពេល​យើង​រងទុក្ខ ហើយ​អំពាវនាវរក​ព្រះ នោះ​ទ្រង់​អាច​ពង្រឹង​យើង​ឲ្យ​មាន​កម្លាំង​រែក​បន្ទុក​របស់​យើង​បាន​កាន់តែ​ប្រសើរ ។ កំណត់​ចំណាំ ៖ អាលម៉ា​ជា​កូន​បង្រៀន​ពី​គោលការណ៍​ស្រដៀងគ្នា​នេះ​នៅក្នុង អាលម៉ា ៣៦:៣, ២៧ ) ។

សូមបំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។ សូម​ដាក់បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​នៅក្នុង​ក្រុម​របស់​ពួកគេ ៖

  • តើ​វា​អាច​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច​ខ្លះ ពេល​ដឹង​ថា ព្រះអម្ចាស់​មិន​ដក​យក​ការសាកល្បង​របស់​យើង​ចេញ​ភ្លាម​ជានិច្ច​នោះ​ទេ ?

  • ស្របតាម​អែលឌើរ​បែដណា តើ​ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង​អាច​ផ្ដល់​កម្លាំង​បន្ថែម​ដល់​យើងដោយ​របៀបណា កាល​យើង​ប្រឈម​មុខ​នឹង​ការសាកល្បង​ទាំងឡាយ ?

  • តើ​ព្រះអម្ចាស់​បាន​គាំទ្រ និង​ផ្ដល់​កម្លាំង​ដល់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា កាល​អ្នក​បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​មួយ ឬ​បាន​រែក​បន្ទុក​មួយ​នោះ ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បាន​កើត​មាន ដោយសារ​ការមិន​ត្រូវបាន​រំដោះ​ពី​ការសាកល្បង​ភ្លាមៗ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ពី​ការពិភាក្សា​ជាក្រុម​របស់​ពួកគេ ។ សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ​ដែល​ពួកគេ​បាន​ទទួល ទាក់ទង​ទៅនឹង​របៀប​ដែល​ពួកគេ​អាច​បង្កើន​ការទុកចិត្ត​របស់​ពួកគេ​លើ​ព្រះអម្ចាស់ កាល​ពួកគេ​ប្រឈម​មុខ​នឹង​ការសាកល្បង ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​មាន​សំណួរ​ណា​ដែល​ចង់​ឲ្យ​ព្រះអម្ចាស់​ឆ្លើយតប​ដែរ​ឬ​ទេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​មរមន និង ឯកសារ​រៀបចំ ដោយ​យក​ចិត្ត​ទុកដាក់​សម្រាប់​មេរៀន​ក្រោយ ដើម្បី​ឃើញ​ថា​តើ​ពួកគេ​អាច​រៀន​អ្វីខ្លះ​អំពី​ការទទួល​បាន​ចម្លើយ​មកពី​ព្រះអម្ចាស់ ។