ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ


« មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១៣ ឯកសារ​គ្រូបង្រៀន

ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ

នៅក្នុង​ជំពូក​នេះ យើង​នឹង​ពិភាក្សា​ពី​ការបង្រៀន​ខុសៗគ្នា​ក្នុង​ព្រះគម្ពីរ​មរមន​ស្ដីពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ព្រះអម្ចាស់​បាន​កម្ចាត់​កម្ចាយ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ ដោយសារ​ពួកគេ​បាន​បដិសេធ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ប៉ុន្ដែ​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រមូល​ផ្ដុំ​ពួកគេ​វិញ​នៅ​ថ្ងៃ​ចុងក្រោយ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​ពរជ័យ និង​ការទទួល​ខុសត្រូវ​នៃ​ការធ្វើ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ។ ពួកគេ​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ​នរណាម្នាក់ « ដែល​នៅ​ទាំង​សងខាង​វាំងនន … ឲ្យ​បោះ​ជំហាន​ទៅមុន​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ » ផងដែរ ( រ័សុល អិម ណិលសុន និង វិនឌី ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ១៥ នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ជួយ​សិស្ស​ឲ្យ​រកឃើញ​ភាពទាក់ទង​គ្នា ។ នៅពេល​សិស្ស​មាន​អារម្មណ៍​ថា អ្វី​ដែល​ពួកគេ​កំពុង​សិក្សា​នេះ​ទាក់ទង​ទៅនឹង​ស្ថានភាព​ក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​ទំនង​ជា​នឹង​ចូលរួម​ក្នុង​ការរៀន​សូត្រ ដែល​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​សុចរិត ។ នៅពេល​អ្នក​រៀបចំ​មេរៀន សូម​ពិចារណា​ពី​សាវតា បទពិសោធន៍​ខាង​វប្បធម៌ ចំណាប់​អារម្មណ៍ សំណួរ និង​ការពិបាក​របស់​សិស្ស​អ្នក ។ សូម​ប្រយ័ត្ន​កុំ​ប្រាប់​សិស្ស​ពី​អ្វី​ដែល​ទាក់ទង​នឹង​ជីវិត​របស់​ពួកគេ​ឡើយ ប៉ុន្ដែ​សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​ភាពទាក់ទង​គ្នា​ដោយ​ខ្លួន​គេ​ផ្ទាល់​វិញ ។

លីហៃ និង​នីហ្វៃ​បង្រៀន​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

សូម​បង្ហាញ​ស្ថានភាព​ខាងក្រោម​នេះ ៖

មិត្ត​របស់​អ្នក ឈ្មោះ​បេកគី ទើបតែ​បាន​ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់​លើក​ដំបូង​របស់​នាង ។ ក្រោយពី​ព្រះវិហារ អ្នក​សួរ​នាង​ថា តើ​នាង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ។ នាង​ឆ្លើយតប ៖ « សមាជិក​រួសរាយ​រាក់ទាក់ ហើយ​សុន្ទរកថា​វិញ​ក៏​គួរឲ្យ​ចាប់​អារម្មណ៍ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ភាន់ភាំង ពេល​អ្នកនិយាយ​ម្នាក់​បាន​ថ្លែង​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ហើយ​បាន​និយាយ​ថា វា​គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​កើតឡើង​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ » ។ រួចហើយ​នាង​សួរ​ថា « តើ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​គឺជា​អ្វី ហើយ​ហេតុអ្វី​វា​សំខាន់​ខ្លាំង​ម្ល៉េះ​នៅក្នុង​សាសនាចក្រ​របស់​ឯង ? »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​ម្នាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​របស់​បេកគី ។ ( ប្រសិនបើ​ចាំបាច់ សិស្ស​ក៏​អាច​រំឭក ផ្នែក​ទី ១នៃ​ឯកសារ​រៀបចំផងដែរ ) ។ ក្រោយពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​អំពី​វង្ស​អ៊ីស្រាអែល នៅពេល​ពួកគេ​បាន​និយាយ​គ្នា​នោះ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​អម​មក​ជាមួយ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ( ជាពិសេស នីហ្វៃ​ទី​១ ១០:១២–១៤ និង នីហ្វៃ​ទី​១ ១៥:១២–១៥ ) ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​ពន្យល់​ដោយ​សង្ខេប​ពី​របៀប​ដែល​លីហៃ និង​នីហ្វៃ​បាន​ប្រើ​ដើម​អូលីវ​ដើម្បី​និយាយ​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

រូបភាព
ដើម​អូលីវ

អ្នក​អាច​សរសេរ​ប្រយោគ​មិន​ពេញលេញ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ បុគ្គល​ម្នាក់​នឹង​ត្រូវ​ប្រមូល​មកក្នុង​វង្ស​អ៊ីស្រាអែល នៅពេល​គាត់ ឬ​នាង …

នៅពេល​សិស្ស​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ សូម​កត់​ចម្លើយ​របស់​ពួកគេ ដែល​អាច​រួមមាន​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ បុគ្គល​ម្នាក់​នឹង​ត្រូវ​ប្រមូល​មកក្នុង​វង្ស​អ៊ីស្រាអែល នៅពេល​គាត់ ឬ​នាង​ទទួល​បាន​ភាពពេញលេញ​នៃ​ដំណឹងល្អ មាន​ចំណេះដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអម្ចាស់ និង​ព្រះប្រោសលោះ​របស់​យើង ហើយ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ។ អ្នក​អាច​ប្រើ​សំណួរ​ខាងក្រោម​នេះ​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ៖

  • តើ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ទាក់ទង​នឹង​អ្នក​ដែល​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់​ហើយ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​អ្នក​គិត​ថា ប្រធាន​ណិលសុន​បាន​ថ្លែង​ថា ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​គឺជា « រឿង​ដ៏​សំខាន់​បំផុត​កំពុង​តែ​កើតឡើង​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ( « Hope of Israel » ទំព័រ ៨ ) ? ( អ្នក​អាច​ចង់​រំឭក​សេចក្ដី​ថ្លែងការណ៍​របស់​លោក​នៅក្នុង សេចក្ដីផ្ដើម និង ផ្នែក​ទី ១ និង ផ្នែក​ទី ២ នៅក្នុង​ឯកសារ​រៀបចំ ) ។

  • តើ​យើង​គោរព​ដល់​ព្រះជន្ម និង​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច ?

  • តើ​ជីវិត​របស់​អ្នក​ទទួល​ឥទ្ធិពល ឬ​តើ​ជីវិត​របស់​សមាជិក​គ្រួសារ​អ្នក​ទទួល​បាន​ពរជ័យ​តាមរយៈ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន និង​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប ប្រសិនបើ​ព្យាការី​បាន​សួរ​សំណួរ​នេះ​ទៅកាន់​ពួកគេ​ដោយ​ផ្ទាល់ ៖ « តើ​ក្មួយៗ​ចង់​ចូលរួម​ចំណែក​ដ៏ធំ​មួយ​នៅក្នុង​ឧបសគ្គ ដ៏​ធំបំផុត បុព្វហេតុ ដ៏ធំបំផុត និង​កិច្ចការ ដ៏​ធំបំផុត នៅលើ​ផែនដី​សព្វថ្ងៃនេះ​ឬទេ ? » ( «Hope of Israel » ទំព័រ ៨ ) ។

ព្រះយេស៊ូវគ្រីស្ទ​ហៅ​អ្នកបម្រើ​ទាំងឡាយ​ឲ្យ​ជួយ​ក្នុង​កិច្ចការ​នៃ​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នេះ ។

សូម​រំឭក​ខ្លីៗ​ពី​របៀប​ដែល​យ៉ាកុប​បាន​ប្រើ​រូបាធិដ្ឋាន​របស់​លោក​ស៊ីណូស អំពី​ដើម​អូលីវ​ដើម្បី​បង្រៀន​ពី​ការប្រមូលផ្ដុំ និង​ការខ្ចាត់ខ្ចាយ​នៃ​អ៊ីស្រាអែល ( សូមមើល ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​ត្រឹម​ពាក់​កណ្ដាល​នៃ​រឿង​រូបាធិដ្ឋាន​នេះ ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​បាន​ទួញសោក ដោយសារ​ដើម​អូលីវ ( ដែល​តំណាង​ឲ្យ​រាស្រ្ដ​របស់​ព្រះអម្ចាស់ ) មិន​បាន​មាន​ផ្លែ​ល្អ​ឡើយ ។ សូម​សិស្ស​ឲ្យ​អាន យ៉ាកុប ៥:៤៧, ៥១ ដោយ​រកមើល​ព្រះទ័យ​របស់​ព្រះអម្ចាស់​អំពី​វង្ស​អ៊ីស្រាអែល ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ការដឹង​ថា ព្រះអម្ចាស់​ទ្រង់​ខ្វល់ព្រះទ័យ​យ៉ាង​ខ្លាំង​ពី​អ្នក អាច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្ដេច​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ ?

សូម​សិស្ស​ឲ្យ​រំឭក យ៉ាកុប ៥:៦១–៦២, ៧០–៧២ ដោយ​រកមើល​តួនាទី​របស់​យើង​ក្នុង​ការជួយ​ព្រះអម្ចាស់​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ្​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ធ្វើការ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ជាមួយ​ព្រះអម្ចាស់ ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល នោះ​យើង​នឹង​ត្រូវបាន​ប្រទានពរ​ឲ្យ​មានអំណរ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ម្នាក់ៗ ដើម្បី​ជួយ​ព្រះអម្ចាស់​នៅក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ? ( សិស្ស​អាច​ចំណាយ​ពេលខ្លះ​កត់ត្រា​យោបល់ និង​និយាយ​អំពី​របៀប​ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ អ្នក​ក៏​អាច​ចង់​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន​ណិលសុន​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំផងដែរ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ជួយ​នរណាម្នាក់​ដែល​នៅ​ទាំង​សងខាង​វាំងនន​ឲ្យ​បាន​ជួបជុំ​គ្នា​នៅក្នុង​វង្ស​អ៊ីស្រាអែល ?

អ្នក​ប្រហែល​ជា​ចង់​បញ្ចប់​មេរៀន​ដោយ​ការចែកចាយ​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​រឺ​បង្ហាញ video clip (time code 32:19 to 33:37) សូម​អាន​សេចក្តី​ថ្លែងការណ៍​ដូចតទៅ​ដោយ​ប្រធាន​ណិលសុន ៖ « Hope of Israel » ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ព្យាការី​គ្រប់​រូប​បាន​និយាយ​អំពី​ជំនាន់ របស់​យើង នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ ហើយ​ពិភពលោក​នឹង​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ចូរគិត​ពី​ចំណុច​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​នេះ ពួក​យើង គឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ ។ ឱ​នោះ​ជា​រឿង​រំភើប​ណាស់ !( « Hope of Israel » ទំព័រ ៨ )

សូម​រំឭក​សិស្ស​ថា ពេល​រៀបចំ​មេរៀន​នេះ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​នរណាម្នាក់—នៅ​ខាងណា​នៃ​វាំងនន​ក៏​បាន—ដែល​ពួកគេ​អាច​ជួយ​ឲ្យ​បោះ​ជំហាន​ទៅមុខ​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ( សូមមើល ផ្នែក​ទី ២ និង​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ សូម​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត កត់ត្រា​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន ហើយ​សម្រេច​បញ្ចប់​ផែនការ​សកម្មភាព​ពួកគេ ។ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​សមរម្យ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែក​រំលែក​ពី​អ្វី​ដែល​ពួកគេ​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ ។

សម្រាប់​ពេល​ក្រោយ

សូម​ពន្យល់​សិស្ស​ថា ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ជាមួយ​នឹង​មនុស្ស​ទាំងអស់ ។ នៅពេល​សិស្ស​អាន​ដើម្បី រៀបចំ​ខ្លួន​សម្រាប់​មេរៀន​ក្រោយ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ក្លាយជា​ឧបករណ៍​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។