ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២០ ឯកសារ​គ្រូបង្រៀន ៖ ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា


« មេរៀនទី ២០ ឯកសារ​គ្រូបង្រៀន ៖ ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២០ ឯកសារ​គ្រូបង្រៀន

ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា

សេរីភាព​ខាង​សាសនា​គឺជា​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស ។ ព្រះគម្ពីរ​មរមន​មាន​នូវ​គំរូ​ដ៏​ច្រើន​អំពី​ពរជ័យ​នៃ​សេរីភាព​ខាង​សាសនា​ផង និង​លទ្ធផល​នៃ​ការដាក់​កំហិត​លើ​សេរីភាព​ខាង​សាសនា​ផង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​រកមើល​ពរជ័យ​នៃ​សេរីភាព​ខាង​សាសនា ហើយ​វាយតម្លៃ​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ថែរក្សា និង​ការពារ​សេរីភាព​នេះ​នៅ​ជំនាន់​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

ស្ដេច​ម៉ូសាយ​ស្ថាបនា​រដ្ឋាភិបាល​មួយ​បែប​ដែល​ការពារ​ដល់​សេរីភាព​ខាង​សាសនា ។

កំណត់​ចំណាំ ៖ ស្ថានភាព​នៃ​សេរីភាព​ខាង​សាសនា​មាន​លក្ខណៈ​ខុសគ្នា​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​នេះ ។ នៅពេល​អ្នក​ពិភាក្សា​ពី​សេរីភាព​ខាង​សាសនា សូម​ប្រយ័ត្ន​ពី​កាលៈទេសៈ​ពិសេស​នៅ​កន្លែង​ដែល​អ្នក​រស់នៅ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​និយាយ​ប្រកប​ដោយ​ការគោរព​ដល់​រដ្ឋាភិបាល ព្រះវិហារ​ផ្សេងទៀត និង​ប្រពៃណី​ខាង​សាសនា​ទាំងអស់ ។

សូម​រំឭក​សិស្ស​ថា ពេល​រៀបចំ​ខ្លួន​​សម្រាប់​មេរៀន​នេះ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើការ​សន្ទនា​ជាមួយ​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ដែល​មាន​សាសនា​ខុសគ្នា ។ សិស្ស​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​សួរ​បុគ្គល​ទាំងនេះ​ថា ហេតុអ្វី​សាសនា​របស់​ពួកគេ​សំខាន់​ចំពោះ​ពួកគេ និង​សួរ​ថា​តើ​ពួកគេ​ធ្លាប់​ជួប​នឹង​ការបៀតបៀន​ខាង​សាសនា​ដែរ​ឬទេ ។ សូម​ឲ្យ​សិស្ស​មួយ​ចំនួន​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​ការសន្ទនា​របស់​ពួកគេ ឬ​មកពី​បទពិសោធន៍​នា​អតីតកាល​ជាមួយ​នឹង​បុគ្គល​ដែល​កាន់​ជំនឿ​ផ្សេងទៀត ។

សូម​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ៖

  • តើ​អ្នក​ឲ្យ​និយមន័យ​លើ​សេរីភាព​ខាង​សាសនា​យ៉ាង​ដូចម្តេច​ដែរ ? ( ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក សេចក្ដីផ្ដើម និង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​មាន​សិទ្ធិ​បញ្ចេញ​មតិ និង​ធ្វើ​សកម្មភាព​ស្របតាម​ជំនឿ​សាសនា​របស់​ពួកគេ ? ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​រំឭក មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់មួយ និង សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន យ៉ូសែប ស៊្មីធ នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​ជីវិត​របស់​យើង​អាច​រង​ឥទ្ធិពល​យ៉ាង​ដូចម្ដេច ប្រសិនបើ​យើង​មិន​មាន​សេរីភាព​ដើម្បី​បញ្ចេញ​មតិ ឬ​ធ្វើ​សកម្មភាព​ស្រប​តាម​ជំនឿ​ស្នូល​របស់​យើង រួមទាំង​ទស្សនៈ​ខាង​សាសនា​របស់​យើង​ទេ​នោះ ? តើ​មាន​ឧទាហរណ៍​ណាខ្លះ​ស្ដីពី​ការគំរាម​កំហែង​ដល់​សេរីភាព​ខាង​សាសនា​នៅ​ជំនាន់​របស់​យើង ?

សូម​រំឭក​សិស្ស​ថា ស្ដេច​ម៉ូសាយ​បាន​បង្កើត​ច្បាប់​មួយ​ដើម្បី​ការពារ​ប្រជាជន​ក្នុង​នគរ​របស់​ទ្រង់ ដែល​ត្រូវបាន​បៀតបៀន​ដោយសារតែ​ជំនឿ​របស់​ពួកគេ ។ អ្នក​អាច​រំឭក ម៉ូសាយ ២៧:១–៤ ជាមួយ​នឹង​សិស្ស ហើយ​សូម​សួរ ៖

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​សេរីភាព​ខាង​សាសនា​ចេញពី​សេចក្ដី​ប្រកាស​របស់​ស្ដេច​ម៉ូសាយ ?

រូបភាព
កូរីហូរ​ប្រឈម​មុខ​នឹង​អាលម៉ា ដោយ រ៉ូប៊ើត ធី បារែត

សូម​ពិចារណា​បង្ហាញ​រូបភាព​ដែល​អម​មក​ជាមួយ​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​យោបល់​មួយ​ចំនួន​ដែល​កូរីហូរ​បាន​បង្រៀន ( សូមមើល ផ្នែក​ទី ១ នៅក្នុង​ឯកសារ​រៀបចំ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក អាលម៉ា ៣០:៧–៩, ១១ ហើយ​រកមើល​ខគម្ពីរ​ណា​ដែល​បង្រៀន​អំពី​សេរីភាព​ខាង​សាសនា ។ សូម​ពិចារណា​ថា តើ​អ្នក​អាច​សួរ​សំណួរ​ខាងក្រោម​ណាមួយ ដែល​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រៀន​កាន់តែ​ស៊ីជម្រៅ​បាន​ល្អ​បំផុត ៖

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ អំពី​គុណតម្លៃ​ដែល​ព្រះវរបិតាសួគ៌​បាន​ដាក់​លើ​សេរីភាព​ខាង​សាសនា ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់​មាន​សិទ្ធិ និង​អភ័យ​ឯកសិទ្ធ​ស្មើគ្នា ដើម្បី​ពួកគេ​មាន​សេរីភាព​ក្នុង​ការជ្រើសរើស​ដើម្បី​បម្រើ​ទ្រង់​ដោយ​គ្មាន​ការបង្ខិត​បង្ខំ ព្រមទាំង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​មិន​បម្រើ​ទ្រង់​ផងដែរ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ​ថា យើង​មិន​ត្រូវបាន​បង្ខំ​ឲ្យ​ជឿ​លើ ឬ​ធ្វើតាម​ទ្រង់​នោះ ?

  • តើ​វា​មាន​ន័យ​ចំពោះ​អ្នក​យ៉ាងណា​ដែរ ពេល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​មិន​បង្ខំ​អ្នក​ឲ្យ​ជឿ​លើ ឬ​ធ្វើតាម​ទ្រង់​ទាំង​ទ្វេ​នោះ ? តើ​ចំណុច​នេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​គុណលក្ខណៈ​របស់​ទ្រង់​ទាំង​ទ្វេ ?

  • តើ​សេរីភាព​ខាង​សាសនា​មាន​អត្ថប្រយោជន៍​ដល់​សមាជិក​ទាំងអស់​ក្នុង​សង្គម​តាម​របៀប​ណា ? តើ​វា​មាន​ប្រយោជន៍​ចំពោះ​អ្នក​យ៉ាង​ណា​ដែរ ?

មេទ័ព​មរ៉ូណៃ​លើក​ទង់​ឥស្សរភាព ហើយ​កេណ្ឌ​ប្រជាជន​ឲ្យ​រក្សា​សេរីភាព ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ឥស្សរភាព​ខាង​សាសនា​អាច​ត្រូវបាន​គេ​គំរាម​កំហែង ។ ( ប្រសិនបើ​ចាំបាច់ អ្នក​អាច​សូម​ឲ្យ​ពួកគេ​រំឭក ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៤៦:៤, ១០ រួចហើយ​ពន្យល់​ពី​របៀប​ដែល​អាម៉ាលិកាយ​បាន​គំរាម​កំហែង​ដល់​សេរីភាព​របស់​ពួកសាសន៍​នីហ្វៃ រួម​ទាំង​សេរីភាព​ខាង​សាសនា​របស់​ពួកគេ​ផងដែរ ។ សូម​សួរ​សិស្ស​ថា តើ​មេទ័ព​មរ៉ូណៃ​បាន​ឆ្លើយតប​នឹង​ការគំរាម​កំហែង​នេះ​យ៉ាង​ដូចម្ដេច ។ ( ប្រសិនបើ​ចាំបាច់ សូម​ឲ្យ​សិស្ស​រំឭក អាលម៉ា ៤៦:១២–១៣, ១៩–២០ ) ។ សូម​ពិចារណា​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​គោលការណ៍​នៃ​ដំណឹងល្អ​អ្វីខ្លះ​ស្ដីពី​សេរីភាព​ខាង​សាសនា ដែល​យើង​អាច​រៀន​មកពី​កិច្ចខិតខំ​របស់​មេទ័ព​មរ៉ូណៃ និង​ប្រជាជន​របស់​លោក ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ​ស្រដៀង​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅពេល​យើង​អំពាវនាវ​ដល់​ព្រះ ហើយ​រៀបចំ​ខ្លួន​យើង​ដើម្បី​ធ្វើ​សកម្មភាព នោះ​ទ្រង់​នឹង​ពង្រឹង​យើង​ក្នុង​កិច្ច​ការពារ​ដល់​ក្រុមគ្រួសារ​របស់​យើង សាសនា​របស់​យើង និង​សេរីភាព​របស់​យើង ) ។

  • តើ​មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព​មាន​ឥទ្ធិពល​អ្វីខ្លះ​លើ​ប្រជាជន ? ហេតុអ្វី​យើង​ត្រូវការ​ជំនួយ​របស់​ព្រះវរបិតាសួគ៌ នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី​ការពារ​សេរីភាព​ខាង​សាសនា ?

  • តើ​ការការពារ​សេរីភាព​ខាង​សាសនា​របស់​មេទ័ព​មរ៉ូណៃ ស្រដៀងគ្នា​នឹង​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​ការពារ​សេរីភាព​ដើម្បី​ជ្រើសរើស​របស់​យើង​តាម​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​មាន​សុជីវធម៌ នៅពេល​ការពារ​សេរីភាព​ខាង​សាសនា អ្នក​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

យើង​គួរ​ស្រឡាញ់​មនុស្ស​ទាំងអស់ ធ្វើ​ជា​អ្នក​ស្តាប់​ដ៏​ល្អ ហើយ​បង្ហាញ​ការព្រួយ​បារម្ភ​ចំពោះ​ជំនឿ​ដ៏​ស្មោះ​សរ​របស់​មនុស្ស​ដទៃ ។ យើង​គួរ​តែមាន​ប្រាជ្ញា​ក្នុង​ការពន្យល់ ហើយ​បង្ហាញ​ពី​ជំនឿ​យើង និង​ប្រើ​ឥទ្ធិពល​យើង។ យើង​គួរតែ​ស្វែង​យល់ដឹង និង​គាំទ្រ​អ្នក​ដែល​មិន​ជឿ ។ ហើយ​យើង​ក៏​ត្រូវតែ​ចូលរួម​នឹង​សកម្មភាព​ផ្លូវការ​នានា​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពហុជាតិ​ដែល​សមស្រប​ផងដែរ ។ ទាំងអស់​នេះ​គឺ​ចាំបាច់​ដើម្បី​រក្សា​សេចក្ដី​ល្អ​ដ៏​អស្ចារ្យ ដែល​ស្ថាប័ន​សាសនា និង​អ្នកជឿ​ទាំងឡាយ​អាច​សម្រេច​បាន ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ​ទាំងអស់ ។( « Challenges to Religious Freedom » [ សុន្ទរកថា​នៅឯ Argentina Council for Foreign Relations ( CARI ) នៅ​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៥ ] នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​អនុវត្ត​ការការពារ​សេរីភាព​ខាង​សាសនា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ចំពោះ​ស្ថានភាព​ខាងក្រោម​នេះ ៖

អ្នក​មាន​មិត្តភក្តិ​កាន់​សាសនា​អ៊ីស្លាម​ម្នាក់​នៅ​កន្លែង​ធ្វើការ ដែល​ស្វែងរក​កន្លែង​ឯកជន​មួយ​ដើម្បី​អធិស្ឋាន អំឡុងម៉ោង​សម្រាក​របស់​គាត់ ។ មិត្ត​រួម​ការងារ​បីបួន​នាក់​ចាប់ផ្ដើម​សើច​ចំអក​ចំពោះ​ការធ្វើ​បែប​នេះ ។ មិត្ត​រួម​ការងារ​ម្នាក់​បាន​ពោល​នៅ​ចុងក្រោយ​ថា « គាត់​គួរតែ​ទុក​សាសនា​របស់​គាត់​សម្រាប់​តែ​ខ្លួន​គាត់​ទៅ ហើយ​មិន​គួរ​មក​អនុវត្ត​វា​នៅ​កន្លែង​ធ្វើការ​នោះ​ទេ » ។ រួចហើយ​នាង​ងាក​មករក​អ្នក ហើយ​និយាយ​ថា « តើ​អ្នក​គិត​យ៉ាងណា​ដែរ ? »

បន្ទាប់ពី​សិស្ស​មាន​ពេល​ពិភាក្សា​គ្នា​ពី​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​ដៃគូ​ខ្លួន​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប​ចំពោះ​ស្ថានភាព​នេះ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ ។ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សង្កេត​ឃើញ​ថា « ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ថា ប្រសិនបើ​យើង​មិន​ដាក់​គោលដៅ​នៅក្នុង​ជីវិត​របស់​យើង ហើយ​មិន​រៀន​គ្រប់គ្រង​របៀប​រស់នៅ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ទេ​នោះ នៅ​ពេល​យើង​ចាស់​ទៅ ហើយ​ក្រឡេក​មើល​ទៅ​ជីវិត​របស់​យើង​ពីមុន​វិញ យើង​អាច​មើល​ឃើញ​ថា យើង​បាន​សម្រេច​បាន​ដែរ ប៉ុន្ដែ​គ្រាន់តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​នៃ​សក្ដានុពល​ទាំងមូល​របស់​យើង » ( « Do Things That Make a Difference » Ensign ខែ មិថុនា ឆ្នាំ ១៩៨៣ ទំព័រ ៦៩–៧០ ) ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​គិត និង​ដាក់​គោលដៅ​ជាក់លាក់​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព និង​សុចរិត ។ ប្រសិនបើ​គោលដៅ​របស់​ពួកគេ​មិន​ផ្ទាល់ខ្លួន​ខ្លាំង​ពេក​ទេ សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែក​រំលែក​គោលដៅ​របស់​ពួកគេ​ជាមួយ​អ្នក ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​តាមដាន​សិស្ស​អំពី​គោលដៅ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់​មួយ អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ដ៏​ពិសិដ្ឋ​នេះ ។ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​បង្ហាញ និង​រំឭក​ដល់ សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ រ៉ូបឺត ឌី ហ៊ែល នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ផែនការ​សកម្មភាព​សាមញ្ញ​មួយ ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​របស់​ពួកគេ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​សេរីភាព​ខាង​សាសនា ដើម្បី​បញ្ចប់​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

ចូរ​សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​មូលហេតុ​ដែល​សេចក្ដី​ឆ្មើងឆ្មៃ​គឺជា​បាវចនា​ទូទៅ​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ។ សូម​ចង្អុល​បង្ហាញ​ថា ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​សង្កេត​ឃើញ​ថា « សេចក្ដី​ឆ្មើងឆ្មៃ​គឺជា​អំពើបាប​មួយ ដែល​អាច​ឃើញ​នៅលើ​មនុស្ស​ដទៃ​បាន​យ៉ាង​ងាយ ប៉ុន្ដែ​កម្រ​នឹង​ឃើញ​នៅក្នុង​ខ្លួនឯង​ណាស់ » ( « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៥ ) ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ពង្រីក​ការយល់ដឹង​របស់​ពួកគេ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការបង្រៀន​អំពី​សេចក្ដី​ឆ្មើងឆ្មៃ​នៅក្នុង​ព្រះគម្ពីរ​មរមន និង​របៀប​ដែល​សេចក្ដី​ឆ្មើងឆ្មៃ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។