ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន ៖ ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា


« មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន ៖ ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១១ ឯកសារ​គ្រូបង្រៀន

ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង គឺជា​ជំហាន​ដំបូង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឆ្ពោះ​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​ចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង និង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ អំឡុង​មេរៀន​នេះ សិស្ស​នឹង​អាច​ចែកចាយ​ឧទាហរណ៍​នានា​ស្ដីពី​របៀប​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ថ្លែង​ទីបន្ទាល់​អំពី​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការបន្សុទ្ធ​យើង និង​កំណត់​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​អំណរ​ដ៏​ធំ​មហិមា ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

លើក​ទឹកចិត្ត​ឲ្យ​មាន​ស្មារតី​នៃ​ការសួរ​សំណួរ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​អង្កេត​ឃើញ​ថា « ការសួរ និង​ការឆ្លើយ​សំណួរ គឺជា​ចំណុច​សំខាន់​បំផុត​ក្នុង​ការរៀនសូត្រ​ទាំងអស់ និង​ការបង្រៀន​ទាំងអស់ » ( « The Lord Will Multiply the Harvest » [ ការចាក់ផ្សាយ​សុន្ទរកថា​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ទៅកាន់​អ្នកអប់រំ​ខាង​សាសនា​នៅក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ទំព័រ ៥–៦ ] ) ។ ជាទូទៅ យើង​អនុវត្ត​គោលការណ៍​នេះ​ចំពោះ​គ្រូបង្រៀន​ដែល​សួរ​សំណួរ និង​សិស្ស​ដែល​ឆ្លើយ​សំណួរ​នោះ ។ ខណៈ​សំណួរ​ដ៏​មាន​ប្រសិទ្ធភាព​របស់​គ្រូបង្រៀន អាច​សម្របសម្រួល​ដល់​ការរៀនសូត្រ​របស់​សិស្ស នោះ​សំណួរ​របស់​សិស្ស​ក៏​អាច​ដើរ​តួ​យ៉ាង​មាន​អានុភាព​ផងដែរ​នៅក្នុង​បទពិសោធន៍​រៀនសូត្រ ។ សូម​ព្យាយាម​បង្កើត​បរិយាកាស​រៀនសូត្រ​មួយ ដែល​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សួរ​សំណួរ គោរព​ដល់​គ្នា ហើយ​ឆ្លើយ​ដោយ​មាន​ការគិតគូរ ។ គ្រូបង្រៀន​ដ៏​វាងវៃ​មិន​ឆ្លើយ​សំណួរ​ទាំងអស់​របស់​សិស្ស​ដោយ​ស្វ័យប្រវត្តិ ឬ​ភ្លាមៗ​នោះ​ទេ ។ ពួកគេ​អាច​អញ្ជើញ​ឲ្យ​សិស្ស​ផ្សេងទៀត​ឆ្លើយតប ប្រាប់​ពួកគេ​ឲ្យ​ទៅរក​ប្រភព​ដ៏​បំផុស​គំនិត​មួយ ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ចំណាយ​ពេល​នៅ​ក្រៅ​ថ្នាក់រៀន​ដើម្បី​សិក្សា​បន្ថែម​ទៀត រួចហើយ​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

អាលម៉ា និង​នីហ្វៃ​បង្រៀន​ពី​សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តាយ នៃ​ពួកចិតសិប​នាក់ ៖

រូបភាព
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តាយ

ផែនការ​សកម្មភាព​របស់​ព្រះអម្ចាស់​សម្រាប់​យើង—ដែល​ជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ—ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វា​រួមមាន … ការចុះ និង​ការរក្សា សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​តាមរយៈ​ពិធីបរិសុទ្ធ​ដូចជា​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ ការណ៍​នេះ​នឹង​រក្សា​យើង​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅរក​ទ្រង់ ។( « The Power of the Book of Mormon in Conversion » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤៦ )

  • តើ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​បង្ហាញ​ប្រយោគ​មិន​ពេញលេញ​នេះ ៖ នៅពេល​យើង​ជ្រមុជ​ទឹក យើង​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង …

សូម​ឲ្យ​សិស្ស​រំឭក ម៉ូសាយ ១៨:៨–១០ ហើយ​រកមើល​ការណ៍​មួយ​ចំនួន​ដែល​យើង​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង​ធ្វើ ហើយ​ប្រែ​ក្លាយ នៅពេល​យើង​ជ្រមុជ​ទឹក ។ ( ចម្លើយ​របស់​សិស្ស​អាច​រួមមាន​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ជ្រមុជ​ទឹក យើង​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង​រែក​បន្ទុក​របស់​គ្នា​ទៅវិញ​ទៅមក ទួញយំ​ជាមួយ​អស់​អ្នក​ដែល​ទួញយំ លួងលោម​អស់​អ្នក​ដែល​ត្រូវការ​ការលួងលោម ឈរ​ជា​សាក្សី​ដល់​ព្រះ បម្រើ​ដល់​ទ្រង់ រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ) ។

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​អំពី​គំរូ ដែល​ពួកគេ​បាន​ឃើញ​ពី​មនុស្ស​ដែល​គោរព​តាម​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។ សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​នឹក​គិត​ដល់​គំរូ​របស់​ពួកគេ រួចហើយ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ឬ​ជាមួយ​ក្រុម​តូចៗ ។ ក្រោយ​ពេល​ពួកគេ​ចែកចាយ​គំរូ​របស់​ពួកគេ​ជាមួយ​គ្នា​រួចហើយ សូម​ពិចារណា​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​គំរូ​ណាខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​រស់នៅ​តាម​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ទ្រង់ ហើយ​លួងលោម ពង្រឹង និង​ទួញ​យំ​ជាមួយ​មនុស្ស​ដទៃ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក អំពី​ការទួញ​យំ​ជាមួយ​អស់​អ្នក​ដែល​ទួញ​យំ ឬ​លួងលោម​អស់​អ្នក​ដែល​ត្រូវការ​ការលួងលោម ? ( អ្នក​អាច​ចង់​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ឌេល ជី រេនឡាន់ នៅក្នុង​ផ្នែក​ទី ១ នៅក្នុង​ឯកសារ​រៀបចំ ) ។ នៅពេល​អ្នក​បាន​ព្យាយាម​មើល​ទៅ​មនុស្ស​ដទៃ​តាម​របៀប​ដែល​ព្រះវរបិតាសួគ៌​ទត​មើល​ទៅ​ពួកគេ តើ​វា​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា នៅពេល​យើង​កាន់​តាម​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង នោះ​ព្រះអម្ចាស់​សន្យា​ថា​ប្រទាន​ឲ្យ​យើង​នូវ​គូកន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក នីហ្វៃ​ទី​២ ៣១:១៣, ១៧ ហើយ​រកមើល​ថា​តើ​យើង​មាន​ពរជ័យ​យ៉ាង​ណា ពេល​យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​អ្នក​នឹង​ពន្យល់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ការនិយាយ​ដោយ​ភាសា​នៃ​ពួកទេវតា​ទៅកាន់​នរណាម្នាក់​ដែល​កំពុង​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ប៊យដ៏ ឃេ ផាកកឺ និង អែលឌើរ ដេវីឌ អេ បែដណា នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ តើ​អ្នក​បាន​ដក​ពិសោធន៍​ពរជ័យ​ទាំងនេះ​តាម​របៀប​ណា ?

អ្នក​អាច​ឲ្យ​សិស្ស​មាន​ពេល​សញ្ជឹងគិត​ពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​ឲ្យ​មាន​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ? តើ​ខ្ញុំ​គួរតែ​បន្ដ​ធ្វើ​អ្វីខ្លះ ចាប់ផ្ដើម​ធ្វើ​អ្វីខ្លះ ឬ​ឈប់​ធ្វើ​អ្វីខ្លះ ដើម្បី​ខ្ញុំ​អាច​រីករាយ​នឹង​អំណាច​បន្សុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ ?

នីហ្វៃ​បង្រៀន​ពី​សារៈសំខាន់​នៃ​ការស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់ ។

សូម​ពិចារណា​ប្រើ​ដំណើររឿង​ខាងក្រោម​នេះ ដែល​បាន​ចែកចាយ​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ឬ​ដំណើររឿង​របស់​អ្នក​ផ្ទាល់​ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ស៊ូទ្រាំ​ក្នុង​ស្ថានភាព​លំបាក ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

នៅ​ឆ្នាំ ១៩៦៨ អ្នករត់​កីឡា​ម៉ារ៉ាតុង​ម្នាក់​ឈ្មោះ ចន ស្ទីហ្វិន អាវ៉ារី បាន​តំណាង​ឲ្យ​ប្រទេស​តង់សានី​នៅក្នុង​ការប្រកួត​អន្ដរជាតិ​មួយ ។ « ជាង​មួយ​ម៉ោង​ក្រោយពី [ អ្នកឈ្នះ ] បាន​រត់​កាត់​ខ្សែ​ផ្ដាច់​ព្រ័ត្រ ចន ស្ទីហ្វិន អាវ៉ារី … បាន​មកដល់​ពហុកីឡាដ្ឋាន ជា​បុរស​ចុងក្រោយ​គេ​ដែល​បញ្ចប់​ដំណើរ​នេះ ។ [ ទោះបីជា​អស់​កម្លាំង​ខ្លាំង រមួល​ជើង ខ្វះ​ជាតិ​ទឹក និង​វង្វេង​ទិស​យ៉ាងណា​ក្ដី ] ក៏​មាន​សំឡេង​មួយ​ហៅ​ពី​ខាងក្នុង​ខ្លួន​ឲ្យ​បន្ដ​ទៅមុខ ដូច្នេះហើយ​គាត់​បាន​បន្ដ​ទៅ​មុខ ។ … នៅពេល​គេ​សួរ​គាត់​ថា ហេតុអ្វី​គាត់​រត់​បញ្ចប់​ការរត់​ប្រណាំង ដែល​គាត់​មិន​អាច​ឈ្នះ​នេះ​បាន អាវ៉ារី បាន​ឆ្លើយ​ថា « ប្រទេស​របស់​ខ្ញុំ​មិនបាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ចម្ងាយ ៨០០០ គីឡូម៉ែត្រ​ឲ្យ​មក ចាប់ផ្ដើម ការរត់​ប្រណាំង​នេះ​ទេ ប្រទេស​របស់​ខ្ញុំ​បញ្ជូន​ខ្ញុំ​មក​ឲ្យ បញ្ចប់ ការរត់​ប្រណាំង​នេះ » ។ ( «Behold, We Count Them Happy Which Endure » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )

  • តើ​មាន​មូលហេតុ​ណាខ្លះ​ដែល ចន ស្ទីហ្វិន អាវ៉ារី អាច​ជ្រើសរើស​ដើម្បី​មិន​បញ្ចប់​ការរត់​ប្រណាំង​នេះ ?

  • តើ​បទពិសោធន៍​របស់ ចន អាច​ប្រៀប​ធៀប​ទៅនឹង​ឧបសគ្គ​ដែល​យើង​អាច​ប្រឈម​មុខ នៅពេល​យើង​ខិតខំ​កាន់តាម​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​របៀប​ណា ?

  • តើ​មាន​មូលហេតុ​ណាខ្លះ​ដែល​នរណាម្នាក់​អាច​ជ្រើសរើស​ដើម្បី​មិន​បន្ដ​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​របស់​ពួកគេ ?

ដើម្បី​ជម្រុញ​ឲ្យ​មាន​ការពិភាក្សា អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ជា​ក្រុម​តូចៗ ហើយ​អាន នីហ្វៃ​ទី​២ ៣១:១៥–១៦, ១៩–២១ ហើយ​រកមើល​អត្ថន័យ​នៃ​ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។ ( អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​បទគម្ពីរ​មួយ​ចំនួន​ដែល​មាន​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ នៅក្រោម​ប្រធានបទ « អត់ធន់ » ) ។

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ស្រដៀង​នឹង​អ្វី​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ នៅលើ​ផ្លូវ​ដ៏​តូច​ចង្អៀត​នេះ ហើយ​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ នោះ​ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។ សូម​ពិចារណា​ថា តើ​សំណួរ​ខាងក្រោម​ណាមួយ​អាច​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត​ឲ្យ​យល់ពី​គោលការណ៍​នេះ​បាន​កាន់តែ​ជ្រៅជ្រះ ៖

  • តើ​ការឈាន​ទៅមុខ​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ​មាន​ន័យ​យ៉ាងណា ? ហើយ​ដោយ​សេចក្ដី​ភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​នោះ​មាន​ន័យ​យ៉ាងណា​ដែរ ?

  • តើ​មាន​គំរូ​ណាខ្លះ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ មកពី​បុគ្គល​ម្នាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ​មកពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការស៊ូទ្រាំ​ដល់​ទីបញ្ចប់​កាន់តែ​ច្បាស់ ? ( សិស្ស​អាច​កត់ត្រា​ចម្លើយ​ចំពោះ សំណួរ​នេះ នៅពេល​ពួកគេ​បាន​សិក្សា​ផ្នែកទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​នឹង​បន្ដ​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ​តាម​របៀប​ណា ? តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ស៊ូទ្រាំ​ដល់​ទីបញ្ចប់​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​អំណរ​ដ៏​ធំ​មហិមា ?

អ្នក​អាច​បញ្ចប់​មេរៀន​នេះ តាមរយៈ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក ឬ​ការអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ឬ​នាង​អំពី​សេចក្ដីពិត​ដែល​បាន​រកឃើញ​នៅក្នុង​មេរៀន​នេះ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​និយាយ​អ្វី​ទៅកាន់​នរណាម្នាក់​ដែល​បាន​សួរ​ពួកគេ​ថា​តើ​ពួកគេ​បាន​កើត​ជាថ្មី​ឬ​អត់ ។ សូម​ឲ្យ​សិស្ស​អាន​ក្នុង ឯកសារ​រៀបចំ សម្រាប់​មេរៀន​លើក​ក្រោយ ហើយ​សញ្ជឹង​គិត​ពី​អត្ថន័យ​នៃ​ការបាន​កើត​ជាថ្មី​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​ដោយ​ពិត​ប្រាកដ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។