ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន ៖ ការប្រែចិត្ត និង​ការអភ័យទោស


« មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន ៖ ការប្រែចិត្ត និង​ការអភ័យទោស » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១០ ឯកសារ​គ្រូបង្រៀន

ការប្រែចិត្ត និង​ការអភ័យទោស

ព្រះគម្ពីរ​មរមន​ផ្ដល់​ការយល់ដឹង​ជាពិសេស​អំពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត និង​ការអភ័យទោស ។ បទពិសោធន៍​របស់​អេណុក ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន និង​អាលម៉ា​ជា​កូន​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​គឺជា​ប្រភព​ចុងក្រោយ​បំផុត​នៃ​ការអភ័យទោស និង​សេចក្ដី​សុខសាន្ដ​ក្នុង​មនសិការ​របស់​យើង ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពិភាក្សា​ពី​សំណួរ​អំពី​ដំណើរការ​នៃ​ការប្រែចិត្ត ហើយ​រៀន​ស្គាល់​កាន់តែ​ច្បាស់​ថា​ពេលណា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អភ័យទោស​ឲ្យ​ពួកគេ ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​បន្ដ​ប្រែចិត្ត ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ទទួល​ការអភ័យទោស​ពី​ព្រះអង្គ​សង្គ្រោះ ។

សូម​បិទ​សំណួរ​បី​ខាងក្រោម​នេះ នៅក្នុង​កន្លែង​ខុសៗគ្នា​ក្នុង​ថ្នាក់រៀន ។ សូម​រៀបចំ​កៅអី​មួយ​ចំនួន​ជា​រង្វង់​តូច​នៅក្បែរ​សំណួរ​នីមួយៗ ។ សូម​បង្ហាញ​ថា សំណួរ​ទាំងនេះ​គឺ​ស្រដៀង​នឹង​សំណួរ​នៅក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។

  • តើ​ការប្រែចិត្ត​មាន​ន័យ​យ៉ាង​ណា ? តើ​អ្នក​នឹង​ផ្ដល់​ដំបូន្មាន​អ្វី​ដល់​នរណាម្នាក់ ដែល​បាន​ឆ្លងកាត់​ជំហាន​ទាំងឡាយ​នៃ​ការប្រែចិត្ត ប៉ុន្ដែ​មិន​មាន​អារម្មណ៍​ខុស​ពី​មុន​សោះ​នោះ ?

  • តើ​យើង​អាច​រកឃើញ​កម្លាំង​ដើម្បី​ផ្លាស់ប្ដូរ​យ៉ាង​ពិតប្រាកដ​ដោយ​របៀប​ណា ? តើ​អ្នក​នឹង​និយាយ​អ្វី​ទៅកាន់​នរណាម្នាក់ ដែល​បាក់​ទឹកចិត្ត ដោយសារ​ពួកគេ​ពិតជា​បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ធ្វើឲ្យ​បាន​ប្រសើរ ប៉ុន្ដែ​នៅតែ​បន្ដ​ធ្វើ​ខុស​រឿង​ដដែលៗ ?

  • ចុះ​បើ​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​បាត់បង់​ការជម្រុញ​ចិត្ត ? តើ​អ្នក​អាច​ជួយ​នរណាម្នាក់​ដែល​មាន​អារម្មណ៍​ថា ពួកគេ​មិន​គួរ​ទៅខ្វល់​រឿង​ប្រែចិត្ត​ឡើយ ដោយសារ​អំពើបាប​របស់​ពួកគេ​អាក្រក់​ខ្លាំង​ណាស់ ថា​ពួកគេ​មិន​អាច​ទទួល​បាន​ការអភ័យទោស​ឡើយ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​រៀបចំ​ខ្លួន​ឆ្លើយ​នឹង​បណ្ដុំ​សំណួរ​ខាងលើ​សម្រាប់​អ្នករៀន​ថ្មី​របស់​ពួកគេ ឬ​ថា​ពួកគេ​កំពុង​រៀបចំ​ដើម្បី​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ដែល​កំពុង​ខិតខំ​ប្រែចិត្ត ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​អង្គុយ​នៅលើ​កៅអី​មួយ​ក្បែរ​សំណួរ ដែល​ពួកគេ​ចង់​ពិភាក្សា​នោះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យោង​ទៅលើ​ដំណើររឿង​នៃ​បទពិសោធន៍​របស់​អាលម៉ា និង​វគ្គ​បទគម្ពីរ​ផ្សេងទៀត​ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​របស់​ពួកគេ​បាន ។

សូម​ចាត់តាំង​អ្នកដឹកនាំ​ការពិភាក្សា​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ហើយ​ចែក​ច្បាប់​ចម្លង​មួយ​ច្បាប់​ដល់​អ្នកដឹកនាំ​ម្នាក់ៗ ស្ដីពី​ការណែនាំ​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​ឯកសារ​មេរៀន​នេះ ។ សូម​ឲ្យ​ក្រុម​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​មួយ ។

ក្រោយពី​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​ពិភាក្សា​គ្នា​ហើយ អ្នក​អាច​អញ្ជើញ​ឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ម្នាក់ ឬ​ច្រើន​នាក់​មកពី​ក្រុម​នីមួយៗ ឲ្យឡើង​ផ្ដល់​សេចក្ដី​សង្ខេប​ខ្លីៗ​អំពី​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​អំឡុងពេល​ការពិភាក្សា​របស់​ពួកគេ ។

អេណុក ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន និង​អាលម៉ា​ដក​ពិសោធន៍​សេចក្ដី​អំណរ​មកពី​ការអភ័យទោស ។

សូម​ឲ្យ​សិស្ស​ពិចារណា​ថា​តើ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់ ធ្លាប់​ឆ្ងល់​ពី​របៀប​ដើម្បី​ដឹង​ថា តើ​ព្រះអង្គ​សង្គ្រោះ​បាន​អភ័យទោស​ឲ្យ​ពួកគេ​ចំពោះ​អំពើបាប​របស់​ពួកគេ​ឬ​អត់ ។ សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ​ក្នុង អេណុក ១:៤–៨; ម៉ូសាយ ៤:១–៣ និង អាលម៉ា ៣៦:១៩–២១ ដោយ​រកមើល​របៀប​ដើម្បី​ដឹង​ថា យើង​ត្រូវបាន​អភ័យទោស​ឲ្យ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ទទួលស្គាល់​អំណាច​នៃ​ការបង្រៀន​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ ។ លោក ឆាត អេច វិប ដែល​ជា​អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​នៃ​សាសនា បាន​ថ្លែង​ទៅកាន់​គ្រូបង្រៀន​ថា « របៀប​ដ៏​សំខាន់​បំផុត​តែ​មួយ​គត់​ដែល​យើង​អាច​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​ជំនាន់​ដែល​កំពុង​ពេញវ័យ​គឺ ត្រូវ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​ជា​ចំណុច​កណ្ដាល​នៃ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង​ឲ្យ​កាន់តែ​ពេញលេញ តាមរយៈ​ការជួយ​សិស្ស​យើង​ឲ្យ​មក​ស្គាល់​ទ្រង់ រៀន​ពី​ទ្រង់ ហើយ​ខិតខំ​ក្លាយ​ដូចជា​ទ្រង់​កាន់តែ​ខ្លាំង​ឡើង » ( « We Talk of Christ, We Rejoice in Christ » [ សុន្ទរកថា​ថ្លែង​នៅ​ការចាក់ផ្សាយ​ការបំពាក់​បំប៉ន​ប្រចាំឆ្នាំ​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​នៃ​សាសនា ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​សួរ​ខ្លួនឯង ៖ តើ​ខ្ញុំ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ ឲ្យ​ស្រឡាញ់ និង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ពេញលេញ​ថែមទៀត​តាមរយៈ​បទពិសោធន៍​រៀនសូត្រ​នេះ​ដោយ​របៀប​ណា ?

  • តើ​ពាក្យ ឬ​ឃ្លា​ណាខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អ្នក​ចាប់​អារម្មណ៍ ? ហេតុអ្វី​អ្នក​គិត​ថា ឃ្លា​ទាំងនោះ​ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​អ្នក ?

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ជឿ និង​ទទួល​យក​ថា ព្រះយេស៊ូវ​គ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ អាចធ្វើ​បាន ហើយ​អន្ទះសា​ចង់​អភ័យទោស​ឲ្យ​អំពើបាប​របស់​យើង និង​ដក​យក​កំហុស​របស់​យើង​ចេញ ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឭក ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​យើង​អាច​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​អភ័យទោស​ឲ្យ​យើង​ចំពោះ​អំពើបាប​របស់​យើង​ដោយ​របៀប​ណា ? ( សូម​ជួយ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ​ដូច​តទៅ​នេះ ៖ នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះសរ ហើយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​អភ័យទោស​ឲ្យ​យើង និង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​សេចក្ដី​អំណរ និង​សេចក្ដី​សុខសាន្ដ​ក្នុង​មនសិការ​របស់​យើង ) ។

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ដក​ពិសោធន៍​សេចក្ដី​អំណរ និង​សេចក្ដី​សុខសាន្ដ​នៃ​ការអភ័យទោស​ពី​ព្រះអម្ចាស់ ហើយ​តើ​បទពិសោធន៍​នេះ​បាន​ជះឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? ( សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជជែក​អំពី​អារម្មណ៍​នៃ​ការអភ័យទោស​របស់​ពួកគេ មិនមែន​អំពើបាប​ជាក់លាក់​ណាមួយ​របស់​ពួកគេ​ឡើយ ) ។ តើ​អ្នក​មាន​យោបល់ និង​អារម្មណ៍​យ៉ាង​ណា​ដែរ អំពី​សមត្ថភាព និង​ព្រះរាជបំណង​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ឲ្យ​អ្នក​នោះ ?

អំឡុង​ពេល​ការពិភាក្សា​របស់​អ្នក អ្នក​អាច​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

សម្រាប់​អស់​អ្នកណា​ដែល​ពិត​ជា​បាន​ប្រែចិត្ត ប៉ុន្ដែ​ហាក់ដូចជា​មិន​អាច​មាន​អារម្មណ៍​ធូរស្បើយ ៖ សូម​បន្ដ​កាន់តាម​ព្រះបញ្ញត្តិ ។ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ទទួល​បាន​ភាពធូរស្បើយ​តាម​ពេលវេលា​របស់​ព្រះអម្ចាស់ ។ ការព្យាបាល​ក៏​ត្រូវការ​ពេលវេលា​ផងដែរ ។( « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )

កំណត់​ចំណាំ ៖ សម្រាប់​សិស្ស​ដែល​អាច​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​អំពី​ដំណើរការ​ប្រែចិត្ត ដោយសារ​ការខិតខំ​របស់​ពួកគេ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ឲ្យ​សះស្បើយ​នៅឡើយ សូម​និយាយ​ពាក្យ​លើក​ទឹកចិត្ត និង​អញ្ជើញ​ពួកគេ​ឲ្យ​បន្ដ​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​ប្រហែល​ជា​ចែក​រំលែក​កង្វល់​ជាក់លាក់​របស់​ពួកគេ​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ ។

សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​វាយតម្លៃ​ជីវិត​របស់​ពួកគេ ហើយ​កំណត់​ពី​អ្វីៗ​ដែល​ពួកគេ​ត្រូវ​ប្រែចិត្ត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ ដែល​ពួកគេ​ទទួល​បាន ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត និង​ការអភ័យទោស ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផង​ដែរ ។

សម្រាប់​ពេល​ក្រោយ

សូម​សួរ​សិស្ស​ថា តើ​សេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​សេចក្ដី​សញ្ញា​ផ្សេងទៀត​របស់​ពួកគេ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ណា​ដែរ ។ នៅពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ សម្រាប់​មេរៀន​ក្រោយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ និង​របៀប​ដែល​ការគោរព​តាម​សេចក្ដី​សញ្ញា​ចង​ពួកគេ​ជាប់​នឹង​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​ព្រះចេស្ដា​របស់​ទ្រង់​ផងដែរ ។

ការពិភាក្សា​ក្រុម​តូច​ស្ដីពី​ការប្រែចិត្ត

ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន—មេរៀន​ទី ១០

កំណត់​ចំណាំ​សម្រាប់​អ្នកដឹកនាំ​ការពិភាក្សា ៖ សូម​ប្រើ​ការណែនាំ​ទាំងនេះ​ដើម្បី​សម្រប​សម្រួល​ការពិភាក្សា​ជាមួយ​នឹង​សមាជិក​ក្រុម​របស់​អ្នក ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្រុម​របស់​អ្នក​ទាំងអស់​ឲ្យ​ចូលរួម ។ ប៉ុន្ដែ សូម​កុំ​បង្ខំ​ឡើយ គ្មាន​នរណាម្នាក់​គួរ​មាន​អារម្មណ៍​ថា​ត្រូវតែ​ចែក​រំលែក​នោះ​ទេ ។

សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រំឭក ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ និង​វគ្គ​បទគម្ពីរ​ដែល​ទាក់ទង​នានា ( សូមមើល ម៉ូសាយ ២៧:៣៥; អាលម៉ា ៣៦:១២–១៣, ១៧–២១, ២៤ ) ។ សូម​ឲ្យ​សិស្ស​រកមើល​គោលការណ៍ ដែល​អនុវត្ត​ចំពោះ​សំណួរ​របស់​ក្រុម​អ្នក ។ សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ត្រៀម​ខ្លួន​ឡើង​ចែកចាយ​វគ្គ​បទគម្ពីរ​បន្ថែម​ទៀត​ណាមួយ ដែល​ពួកគេ​អាច​រកឃើញ នៅពេល​ពួកគេ​បាន​រៀបចំ​សម្រាប់​ថ្នាក់​នេះ​ផងដែរ ។

សូម​សម្រេច​ចិត្ត​រួមគ្នា​ថា​តើ​សំណួរ​ខាងក្រោម​ណាមួយ​ដែល​សំខាន់​បំផុត​ដើម្បី​ឲ្យ​ក្រុម​របស់​អ្នក​ពិភាក្សា​គ្នា ។ ដើម្បី​យល់ពី​យោបល់​ទាំងនេះ​កាន់តែ​ស៊ីជម្រៅ វា​អាច​ជា​រឿង​ល្អ​ដើម្បី​ពិភាក្សា​សំណួរ​មួយ ឬ​ពីរ​ឲ្យ​បាន​ជ្រៅជ្រះ ជាជាង​ការព្យាយាម​ឆ្លើយ​នឹង​សំណួរ​ទាំងអស់​សើៗ ។

  • តើ​មាន​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​មកពី​បទពិសោធន៍​របស់​អាលម៉ា​ទាក់ទង​នឹង​សំណួរ​របស់​យើង ? តើ​អ្នក​មាន​ពរជ័យ​តាម​របៀប​ណា ដោយសារ​ការធ្វើតាម​គោលការណ៍​ទាំងនេះ ?

  • តើ​វគ្គ​បទគម្ពីរ ឬ​ការបង្រៀន​ផ្សេងទៀត​អ្វីខ្លះ​ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​អាច​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ ? តើ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អំណាច​នៃ​ការប្រែចិត្ត​ដោយ​របៀប​ណា ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​តួនាទី​អ្វី​នៅ​ក្នុង​ការប្រែចិត្ត​របស់​យើង ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ អំពី​ព្រះទ័យ​ស្ម័គ្រចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ដល់​អ្នក​ចំពោះ​អំពើបាប​របស់​អ្នក ?

  • តើ​បទបញ្ញត្តិ​ដើម្បី​ថ្វាយ « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ( នីហ្វៃ​ទី​៣ ៩:២០ ) ដល់​ព្រះអង្គ​សង្គ្រោះ​ទាក់ទង​នឹង​សំណួរ​របស់​យើង​តាម​របៀប​ណា ? ( ប្រសិនបើ​អ្នក​ពិភាក្សា​ពី​សំណួរ​ក្នុង​ចំណុច​ចុងក្រោយ​នេះ អ្នក​អាច​ឃើញ​ថា​វា​មាន​ប្រយោជន៍​ដើម្បី​រំឭក នីហ្វៃ​ទី​៣ ៩:១៩–២០ និង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ប្រ៊ូស ឌី ផតធ័រ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

ការពិភាក្សា​ក្រុម​តូច​ស្ដីពី​ការប្រែចិត្ត

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន