ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ


« មេរៀនទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១៦ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៦ ឯកសារ​គ្រូបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ

ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ផ្ដល់​ជា​សាក្សី​ដ៏​មាន​អានុភាព​អំពី​ភាពជា​ព្រះ​របស់​ទ្រង់ ។ នៅពេល​ព្រះយេស៊ូវ​បាន​ធ្វើ​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ នោះ​ទ្រង់​បាន​ធ្វើជា​គំរូ​អំពី​ការមាន​សន្ដាន​ចិត្តល្អ និង​សេចក្ដី​មេត្តា​ករុណា ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​របៀប​ខុសៗគ្នា ដែល​ពួកគេ​អាច​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​មួយ​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។ សិស្ស​ក៏​នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើតាម​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ការងារ​បម្រើ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ បង្ហាញ​ព្រះកាយ​ដល់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ពាល់​ស្នាម​របួស​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់ ។

អ្នក​អាច​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​ការបង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​នេះ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​តំណាល​ពី​ព្រឹត្តិការណ៍ ដែល​បាន​នាំ​ទៅដល់​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ។

រូបភាព
ម្ដង​ម្នាក់ៗ ដោយ វ៉លធើរ រ៉េន

សូម​អញ្ជើញ​ឲ្យ​សិស្ស​រំឭក សម្ដី​ដកស្រង់​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ហើយ​សួរ​ពួកគេ​ថា ហេតុអ្វី​បានជា​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ចំណោម​ប្រជាជន​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ។

សូម​សិស្ស​ឲ្យ​រំឭក នីហ្វៃ​ទី​៣ ១១:១៣–១៧ ដោយ​រកមើល​មេរៀន​ដែល​យើង​អាច​រៀន​បាន ចេញពី​ដំណើររឿង​អំពី​ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះគ្រីស្ទ​ជាមួយ​នឹង​ប្រជាជន​នេះ ។ សូម​ពិចារណា​ថា តើ​អ្នក​អាច​សួរ​សំណួរ​មួយ​ណា​នៃ​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់ និង​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​រៀន ៖

  • តើ​យើង​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ពាល់​ស្នាម​របួស​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ព្រះអង្គ​សង្គ្រោះ​នោះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ចេញ​មកពី​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​ប្រជាជន​មក​ពាល់​ស្នាម​របួស​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់​ម្ដង​ម្នាក់ៗ ? ( ប្រសិនបើ​ចាំបាច់ សូម​រំឭក​សិស្ស​ថា មនុស្ស​ចំនួន ២,៥០០ នាក់​បាន​មាន​វត្តមាន ) ។

  • តើ​បទពិសោធន៍​នេះ​អាច​តំណាង​ឲ្យ​អ្វី ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ​ដោយ​របៀប​ណា ? ( ដោយ​ប្រើ​ចម្លើយ​របស់​សិស្ស សូម​កំណត់​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ? ( សម្រាប់​ការយល់ដឹង​បន្ថែម​ទៀត វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​រំឭក សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ) ។

សូម​ឲ្យ​សិស្ស​រំឭក​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ផ្ដល់​ពេល​ពីរបី​នាទី​ឲ្យ​សិស្ស​រំឭក​អ្វី​ដែល​ពួកគេ​បាន​រៀបចំ រួចហើយ​សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែក​រំលែក​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ តាម​ដែល​ពេលវេលា​អនុញ្ញាត នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ប្រាប់​ពី​ទំនុក​តម្កើង​មួយ​វគ្គ ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ អ្នក​ក៏​អាច​ច្រៀង​ទំនុក​តម្កើង​នេះ​ជាមួយ​គ្នា​បាន​ផងដែរ ។

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ហើយ​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​សញ្ជឹង​គិត និង​កត់ត្រា​ទុក​យោបល់ និង​អារម្មណ៍​របស់​ពួកគេ ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ?

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ដល់​ហ្វូង​មនុស្ស​ម្ដង​ម្នាក់ៗ ។

សូម​រំឭក​សិស្ស​ថា នៅពេល​ជិត​ចុង​បញ្ចប់​នៃ​ថ្ងៃ​ទីមួយ​របស់​ទ្រង់​នៅក្នុង​ចំណោម​ប្រជាជន នោះ​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​ហ្វូង​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ហើយ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់​នៅ​ថ្ងៃ​ស្អែក ( សូមមើល នីហ្វៃ​ទី​៣ ១៧:១–៣ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា និង​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ថ្លែង​ទៅកាន់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ថា « យុវវ័យ​របស់​យើង​ចង់​ជឿ ពួកគេ​ទន្ទឹង​ចង់​ដឹង​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ » ( « A Teacher of God’s Children » Religious Educator វ៉ុល ១២ លេខ ៣ [ ឆ្នាំ ២០១១ ] ទំព័រ ៧ ) ។ របៀប​មួយ​ដែល​សិស្ស​អាច​ដឹង​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ គឺ​ការផ្ដោត​លើ​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ នៅពេល​សិស្ស​សិក្សា​ពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ធ្វើតាម​ទ្រង់ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​អង្កេត​ឃើញ​ថា « ការធ្វើតាម​នេះ​នឹង​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ »​( « Becoming a Disciple » Ensign ខែ មិថុនា ឆ្នាំ ១៩៩៦ ទំព័រ ១២ ) ។

សូម​បែងចែក​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក នីហ្វៃ​ទី​៣ ១៧:៥–៩, ២០–២៤ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន ។ អំឡុង​ការពិភាក្សា​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ខុសៗ​គ្នា ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​ដូច​តទៅ​នេះ ៖ « យើង​ផ្ដល់​ការងារ​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅពេល … » ។

ក្រោយពី​សិស្ស​មាន​ពេល​ច្រើន​ដើម្បី​រៀន​ពី​គ្នា​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​របៀប​មួយ​ចំនួន ដែល​ពួកគេ​បាន​បំពេញ​ប្រយោគ​មិន​ពេញលេញ​ខាងលើ​នេះ ។ នៅពេល​សិស្ស​ចែកចាយ​ប្រយោគ​របស់​ពួកគេ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ​មួយ​ចំនួន ដើម្បី​ជួយ​ធ្វើឲ្យ​ការពិភាក្សា​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ ៖

  • តើ​សេចក្ដី​ស្រឡាញ់​ដើរតួ​យ៉ាង​ដូចម្ដេច​នៅក្នុង​ការងារ​បម្រើ ? ( អ្នក​អាច​ចង់​រំឭក សម្ដី​ដកស្រង់​ដោយ​ប្រធាន ជីន ប៊ី ប៊ីងហាំ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការងារ​បម្រើ​នាំមក​នូវ​សេចក្តី​អំណរ​ដល់​ព្រះអង្គ​សង្គ្រោះ ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​មាន​អំណរ ខណៈ​ពេល​បម្រើ​នរណាម្នាក់​ដែល​ទ័លក្រ ?

  • ហេតុអ្វី​ការមាន​អារម្មណ៍​មេត្តា​ករុណា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការធ្វើ​ការងារ​បម្រើ ? តើ​នៅពេល​ណា​ដែល​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការខិតខំ​បម្រើ​របស់​បុគ្គល​ម្នាក់​ទៀត ? តើ​អ្នក​ធ្លាប់​ផ្ដល់​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​មនុស្ស​ដទៃ តាមរយៈ​ការខិតខំ​ធ្វើ​ការងារបម្រើ​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​ជួយ​នរណាម្នាក់​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​ព្យាបាល​របស់​ព្រះអម្ចាស់ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការងារ​បម្រើ សូម​ពិចារណា​ចែកចាយ​ស្ថានភាព​ដូច​តទៅ​នេះ ៖

អេឡិចហានដ្រូ គឺជា​យុវមជ្ឈិមវ័យ​នៅលីវ​ម្នាក់ ។ គាត់​បាន​ទទួល​ការអញ្ជើញ​មួយ​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដល់ ផាប្លូ និង ហូសេ ។ គាត់​បាន​និយាយ​ជាមួយ ផាប្លូ ពីរ​បី​ដង​ពេល​នៅ​ព្រះវិហារ ប៉ុន្ដែ​មិន​ដែល​បាន​ជួប ហូសេ ទេ ។ ក្រោយពី​និយាយ​ជាមួយ​នឹង​ប្រធាន​កូរ៉ុម​អែលឌើរ អេឡិចហានដ្រូ ដឹង​ថា ផាប្លូ កំពុង​ពុះពារ​នឹង​បញ្ហា​សុខភាព ហើយ​ថា ហូសេ បាន​ប្រាប់​ប៊ីស្សព​ថា គាត់​មិន​ចាប់​អារម្មណ៍​នឹង​ការទៅ​ព្រះវិហារ​នាពេល​នេះ​ទេ ។ អេឡិចហានដ្រូ ចង់​បំពេញ​ការហៅ​របស់​គាត់ ប៉ុន្ដែ​មិន​ដឹង​ថា​ត្រូវ​ចាប់ផ្ដើម​ត្រង់​ណា​ទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ទៅ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ចែក​រំលែក​ការប្រឹក្សា​ណាមួយ​ដែល​ពួកគេ​អាច​ផ្ដល់​ដល់ អេឡិចហានដ្រូ បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ជាមួយនឹង​ការងារ​បម្រើ​ផងដែរ ។

សូម​រំឭក​សិស្ស​ថា ពេល​រៀបចំ​មេរៀន​នេះ ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​ដល់​នរណាម្នាក់​ដែល​ពួកគេ​អាច​ផ្ដល់​ការងារ​បម្រើ​បាន ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​របស់​បុគ្គល​នេះ ។ រួចហើយ​សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​សញ្ជឹងគិត និង​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​បុគ្គល​នេះ ដោយ​មាន​សន្ដាន​ចិត្ត​ល្អ និង​សេចក្ដី​មេត្តា​ករុណា ?

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​ឧបសគ្គ​ដែល​សមាជិក​សាសនាចក្រ ឬ​សាសនាគន់ការី​ប្រឈម នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​ទទួលយក​ដោយ​សមាជិក​ផ្សេងទៀត​ក្នុង​សាសនាចក្រ ។ សូម​លើក​ទឹកចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់រៀន​លើក​ក្រោយ ដោយ​រកមើល​របៀប​ដែល​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​ថា មាន​កន្លែង​មួយ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។