ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ៤ ឯកសារ​គ្រូបង្រៀន ៖ ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ


« មេរៀនទី ៤ ឯកសារ​គ្រូបង្រៀន ៖ ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ៤ ឯកសារ​គ្រូបង្រៀន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ៤ ឯកសារ​គ្រូបង្រៀន

ពិចារណា​មើល​បទគម្ពីរ​ទាំងឡាយ

ព្យាការី​មរមន​បាន​មាន​ប្រសាសន៍​ថា « អ្នក​ដែល​មាន​គម្ពីរ សូម​ឲ្យ​គេ​ពិចារណា​មើល​បទគម្ពីរ » ( នីហ្វៃទី ៣ ១០:១៤ ) ។ មេរៀន​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​សិស្ស ឲ្យ​រកឃើញ​ពរជ័យ​មួយ​ចំនួន​ដែល​អាច​មាន​ដល់​ពួក​អ្នក​ដែល​ពិចារណា​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ។ សិស្ស​ក៏​នឹង​ប្ដេជ្ញា​ផងដែរ​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​កាន់តែ​ជា​ផ្នែក​ដ៏​កាន់តែ​មាន​អត្ថន័យ​ក្នុង​ជីវិត​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

លីហៃ និង​គ្រួសារ​របស់​លោក​រៀន​ថា ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​គឺ​មាន​ប្រយោជន៍​ជា​អតិបរមា ។

សូម​ពិចារណា​ចែកចាយ​អំពី​ស្ថានភាព​ខាង​ក្រោម​នេះ ៖

ថាស្សា​ជា​យុវជម្ឈិមវ័យ​ដ៏​មមាញឹក​ម្នាក់ ។ នាង​ទៅ​សាលារៀន ធ្វើការ​ក្រៅម៉ោង បម្រើ​ក្នុង​សាសនាចក្រ សកម្ម​លើ​បណ្ដាញ​សង្គម ហើយ​ចំណាយ​ពេល​ជាមួយ​នឹង​មិត្ត​របស់​នាង​នៅ​ចុង​សប្ដាហ៍ ។ នាង​ចង់មាន​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ប៉ុន្តែ​វា​ពិបាក​ដើម្បី​រក​ពេល និង​កម្លាំង​ដើម្បី​ធ្វើ​វា ។

  • តើ​អ្នក​នឹង​ចែកចាយ​យោបល់​អ្វី​ខ្លះ​ដល់​ថាស្សា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ដំណើរ​រឿង​អំពី​អ្វី​ដែល​កូនប្រុស​ទាំងឡាយ​របស់​លីហៃ​បាន​ឆ្លងកាត់ ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន ។ បន្ទាប់​មក​សូម​អាន នីហ្វៃទី​១ ៥:២០–២១ ជាមួយ​គ្នា ។

សូម​សរសេរ​សេចក្ដី​ថ្លែង​មិន​ពេញលេញ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ហើយ​នៅ​អំឡុង​ការពិភាក្សា​ជា​បន្តបន្ទាប់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា​វិធី​ផ្សេងៗ​ដែល​អាច​បំពេញ​វា ៖ ព្រះគម្ពីរ​ទាំងឡាយ​គឺ​មាន​ប្រយោជន៍​ជា​អតិបរមា ដោយសារ …

  • តើ​លីហៃ និង​នីហ្វៃ អាច​នឹង​បំពេញ​សេចក្ដី​ថ្លែង​នៅលើ​ក្ដារខៀន​នេះ​ដោយ​របៀប​ណា ?

  • ចេញ​ពី​បទពិសោធន៍​ផ្ទាល់​របស់​អ្នក​ជាមួយ​នឹង​ព្រះគម្ពីរ​ទាំងឡាយ តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែង​នេះ​ដោយ​របៀប​ណា ?

សូម​បង្ហាញ​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​ពន្យល់​ថា ពួកព្យាការី​ទូទាំង​ព្រះគម្ពីរ​មរមន​បាន​ប្រកាស​ពី​តម្លៃ​នៃ​ព្រះគម្ពីរ ៖ នីហ្វៃទី១ ១៥:២៣–២៤; យ៉ាកុប ២:៨; យ៉ាកុប ៤:៤; អាលម៉ា ៣១:៥; អាលម៉ា ៣៧:៨–១០; ហេលេមិន ៣:២៩–៣០ ។

សូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ ។ សូម​ណែនាំ​ក្រុម​នីមួយៗ​ឲ្យ​បែងចែក​វគ្គ​បទគម្ពីរ​ក្នុង​ចំណោម​ពួកគេ ដើម្បី​ឲ្យ​សមាជិក​ម្នាក់ៗ​មាន​បទគម្ពីរ​មួយ ឬ​ពីរ​ដើម្បី​អាន ។ អញ្ជើញ​សិស្ស​ឲ្យ​អាន​បទគម្ពីរ​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ពី​របៀប​ផ្សេងៗ​ទៀត​ដែល​ព្រះគម្ពីរ​ទាំងឡាយ​គឺ​មាន​ប្រយោជន៍​ជា​អតិបរមា ។

លើក​ទឹកចិត្ត​ឲ្យ​សមាជិក​ក្រុម​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​ពួកគេ​នឹង​បន្ថែម​ទៅក្នុង​បញ្ជី​នៃ​វិធី​ដើម្បី​បំពេញ​សេចក្ដី​ថ្លែង​នៅលើ​ក្ដារខៀន ។ ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​ពួកគេ សិស្ស​អាច​ចែកចាយ​ពី​ពេល​ដែល​ពួកគេ​បាន​ទទួល​អត្ថប្រយោជន៍​ពី​ព្រះគម្ពីរ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​កំពុង​ពិភាក្សា ។

បន្ទាប់​ពី​សកម្មភាព​ជា​ក្រុម​នេះ​ហើយ អ្នក​អាច​នឹង​សួរ​សំណួរ​ខាង​ក្រោម​ដល់​សិស្ស​ក្នុង​ថ្នាក់ ៖

  • ក្នុង​ចំណោម​មូលហេតុ​ទាំងអស់​ដែល​ព្រះគម្ពីរ​ទាំងឡាយ​មាន​ប្រយោជន៍​ជា​អតិបរមា តើ​អ្នក​ថា មួយ​ណា​ដែល​សំខាន់​បំផុត ?

  • តើ​អ្នក​បាន​ដឹង និង​ទទួល​អារម្មណ៍​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ ពេល​ដែល​អ្នក​បាន​អាន​ព្រះគម្ពីរ​ទាំងឡាយ—ជា​ពិសេស​ព្រះគម្ពីរ​មរមន ? តើ​បទគម្ពីរ​ជាក់លាក់​ណា​ខ្លះ ដែល​បាន​នាំ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ផ្ដល់​ឱកាស​ដល់​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ កាលដែល​សិស្ស​អនុវត្ត​ការកត់ត្រា​ចំណាប់​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​មាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពួកគេ​អាច​ត្រៀម​ខ្លួន​កាន់តែ​បាន​ល្អ ដើម្បី​ទទួល​ការបំផុស​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ទាំងឡាយ​បែបនោះ​នៅ​កន្លែង​មួយ​ដែល​ពួកគេ​អាច​រំឭក​ឡើង​វិញ និង​នៅ​កន្លែង​ណា​ដែល​ពួកគេ​អាច​ធ្វើ​ផែនការ និង​ដាក់​គោលដៅ​ផងដែរ ។ អ្នក​អាច​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើប្រាស់​កម្មវិធី Gospel Living ដើម្បី​កត់ត្រា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។

សូម​បង្ហាញ​សំណួរ​ដូច​ខាងក្រោម​នេះ ហើយ​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹង​គិត ឬ​កត់ត្រា​ចំណាប់​អារម្មណ៍​ទាំងឡាយ​ដែល​ពួកគេ​អាច​បាន​ទទួល​អំឡុង​ពេល​រៀន​ក្នុង​ថ្នាក់ ។

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ពរជ័យ​ទាំងឡាយ​នៃ​ការសិក្សា​ព្រះគម្ពីរ តើ​ពរជ័យ​ជាក់លាក់​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ទទួល​បាន​ឲ្យ​កាន់តែ​បរិបូរ​ថែម​ទៀត ?

  • សូម​គិត​ថា​តើ​អ្នក​សិក្សា​ព្រះគម្ពីរ​ញឹកញាប់​ប៉ុណ្ណា និង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ។ ប្រសិន​បើ​មាន តើ​អ្វី​ដែល​រារាំង​អ្នក​ពី​ការសិក្សា​ព្រះគម្ពីរ​ប្រកប​ដោយ​ប្រសិទ្ធភាព ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខុស​ពី​នេះ ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​បាន​ប្រសើរ​ឡើង ?

អាល់ម៉ា​បាន​ប្រៀបធៀប​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ទៅ​នឹង​លីអាហូណា ។

សូម​ដាក់​បង្ហាញ​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ហើយ​សុំ​សិស្ស​ឲ្យ​ពិពណ៌នា​ពី​ការលំបាក​អ្វី​ខ្លះ ដែល​គ្រួសារ​លីហៃ​បាន​ជួប​ប្រទះ ខណៈ​ធ្វើ​ដំណើរ​ឆ្លងកាត់​វាល​រហោស្ថាន ។ តើ​ជីវិត​របស់​យើង​ដូចជា​ការធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន​ដោយ​របៀប​ណា​ខ្លះ ?

រូបភាព
លីហៃ និង​គ្រួសារ​របស់​លោក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន

សូម​ដាក់បង្ហាញ​រូបភាព​លីអាហូណាដែល​ភ្ជាប់​មក​ជាមួយ​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ថា​វា​ដំណើរការ​ដោយ​របៀប​ណា ។ ( ប្រសិនបើ​ចាំបាច់ សុំ​ឲ្យ​សិស្ស​យោង​ទៅ ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

រូបភាព
លីអាហូណា
  • តើ​មេរៀន​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​គ្រួសារ​លីហៃ​អាច​បាន​រៀន​ដោយ​ការប្រើប្រាស់​លីអាហូណា ?

សូម​ដាក់​បង្ហាញ​រូបភាព​ដែល​យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ​តាម​ទូរសព្ទ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​រំឭក អាលម៉ា ៣៧:៤៣–៤៦ ។

រូបភាព
យុវជន​កំពុង​អាន​ព្រះគម្ពីរ​តាម​ទូរសព្ទ
  • តើ​យើង​អាច​ស្វែងរក​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​នៅ​ទីណា ? តើ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​បម្រើ​ជា​លីអាហូណា​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ដាក់​បង្ហាញ​គោលការណ៍​ដូច​តទៅ​នេះ ៖ កាលដែល​យើង​ស្ដាប់​តាម​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ នោះ​ព្រះបន្ទូល​ទាំងនោះ​នឹង​ដឹកនាំ​យើង​ឆ្លងកាត់​ឧបសគ្គ​នានា​ក្នុង​ជីវិត​នេះ ទៅកាន់​អំណរ​ដ៏​អស់កល្ប​ជានិច្ច ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ដឹកនាំ​យើង​ជា​ញឹកញាប់ សូម​បង្ហាញ​ពី​ស្ថានភាព​ខាងក្រោម​នេះ និង​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

លូវីស​ត្រូវបាន​ប្រាប់​ថា ព្រះគម្ពីរ​ទាំងឡាយ​មាន​ចម្លើយ​សម្រាប់​គ្រប់​សំណួរ ។ គាត់​បាន​បាក់​ទឹកចិត្ត ដោយសារ​គាត់​ពុំ​អាច​រកឃើញ​ចម្លើយ​ជាក់លាក់​មួយ​នៅក្នុង​ព្រះគម្ពីរ​ដែល​ឆ្លើយ​ដល់​សំណួរ​ដ៏​សំខាន់​ផ្ទាល់​ខ្លួន​មួយ ។ គាត់​កាន់តែ​ស្វែងរក​ប៉ុណ្ណា គាត់​កាន់តែ​ខកចិត្ត​ប៉ុណ្ណោះ​ដែរ ។

  • តើ​អ្នក​នឹង​ផ្តល់​ការប្រឹក្សា​អ្វី​ខ្លះ​ទៅ​ដល់​លូវីស ?

សូម​បង្ហាញ ហើយ​អាន​ឮៗ​នូវ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ ។

រូបភាព
ប្រធាន ដាល្លិន អេក អូក

យើង​និយាយ​ថា ព្រះគម្ពីរ​មាន​នូវ​ចម្លើយ​ទាំងឡាយ​ចំពោះ​គ្រប់​សំណួរ​ទាំងអស់ ដោយសារ​ព្រះគម្ពីរ​អាច ដឹកនាំ យើង​ទៅរក​រាល់​ចម្លើយ​ទាំងអស់ ។ …

… ទោះបី​ព្រះគម្ពីរ​ទាំងឡាយ [ អាច ] ពុំ​មាន​ពាក្យពេចន៍​ដើម្បី​ឆ្លើយ​សំណួរ​ផ្ទាល់​ខ្លួន​ជាក់លាក់​របស់​យើង​ក្ដី ក៏​ការសិក្សា​ព្រះគម្ពីរ​ប្រកប​ដោយ​ការអធិស្ឋាន នឹង​ជួយ​យើង​ទទួល​បាន​ចម្លើយ​នានា ។ នេះ​ដោយសារ​ការសិក្សា​ព្រះគម្ពីរ នឹង​ធ្វើ​ឲ្យ​យើង​ងាយ​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ …

… ព្រះគម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ដោះស្រាយ​សំណួរ​ផ្ទាល់ខ្លួន​របស់​យើង​ទាំងអស់ ដោយសារ​តាមរយៈ​ការអាន​ព្រះគម្ពីរ យើង​អញ្ជើញ និង​ធ្វើឲ្យ​ខ្លួន​យើង​មាន​ភាពស័ក្ដិសម​នឹង​ទទួល​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ដែល​នឹង​ដឹកនាំ​យើង​ទៅក្នុង​សេចក្ដីពិត​ទាំងអស់ ។ ( « Studying the Scriptures » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល​ព្រឹកហាំ យ៉ង់–ហាវ៉ៃ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៩៨៦ ] ទំព័រ ១៨–២១ បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ទីក្រុង​សលត៍លេក )

  • តើ​សេចក្ដី​ពិត​អ្វី​ដែលប្រធាន​អូក​បង្រៀន​យើង អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​យើង​តាមរយៈ​ព្រះបន្ទូល​របស់​ទ្រង់ ? ( សិស្ស​អាច​នឹង​សម្គាល់​ឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​ដូច​នេះ ៖ ការសិក្សា​ព្រះគម្ពីរ​នាំ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន ) ។

  • តើ​នៅ​ពេល​ណា​ដែល​ព្រះគម្ពីរ ឬ​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​សម័យ​ទំនើប បាន​បើក​ទ្វារ​ទៅរក​វិវរណៈ​ផ្ទាល់​ខ្លួន​នៅក្នុង​ជីវិត​អ្នក ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​តម្លៃ​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ទៅតាម​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពួកគេ​បាន​ទទួល​នៅក្នុង​ការសិក្សា និង​នៅក្នុង​ថ្នាក់​របស់​ពួកគេ ។

សម្រាប់​ពេល​ក្រោយ

សូម​ចង្អុល​បង្ហាញ​ថា នៅ​អំឡុង​ថ្នាក់​បន្ទាប់​ទៀត យើង​នឹង​ចាប់ផ្ដើម​ជំពូក​ថ្មី​ដែល​មាន​ចំណងជើង​ថា « ផែនការ​ដ៏​មហិមា​នៃ​សេចក្ដី​ប្រោសលោះ » ។ នៅ​ពេល​សិស្ស​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀនទី ៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា និង​ជម្រើស​នានា​ដែល​វា​ផ្ដល់​ដល់​យើង​ម្នាក់ៗ ។