ឆ្នាំ ២០២១
ការក្លាយ​ជា​នាយតម្រួត​ការ​ដែល​កាន់តែ​ប្រសើរ​ចំពោះ​ផែនដី​ដែល​ព្រះ​បាន​បង្កើត​សម្រាប់​យើង
ខែ មីនា ឆ្នាំ ២០២១


យុវមជ្ឈិមវ័យ

ការក្លាយ​ជា​នាយតម្រួត​ការ​ដែល​កាន់តែ​ប្រសើរ​ចំពោះ​ផែនដី​ដែល​ព្រះ​បាន​បង្កើត​សម្រាប់​យើង

ដកស្រង់​ពី​សន្ទុរកថា​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៅ​មជ្ឈមណ្ឌល​ស្ទេចន័រ នៅឯ​សាកលវិទ្យាល័យ​រដ្ឋ​យូថាហ៍ នៃ​ទីក្រុង សលត៍ លេក នៅ​ថ្ងៃ​ទី ១២ ខែ មេសា ឆ្នាំ ២០១៣ ។

យើង​ថែទាំ​ពិភពលោក​នេះ និង​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​នោះ​កាន់តែ​ល្អ​ប្រសើរ​ប៉ុណ្ណា នោះ​វា​នឹង​ទ្រទ្រង់ បំផុស ពង្រឹង ធ្វើ​ឲ្យ​រស់​រវើក និង​ធ្វើ​ឲ្យ​ដួងចិត្ត និង​វិញ្ញាណ​យើង​រីករាយ​ប៉ុណ្ណោះ​ដែរ ។

រូបភាព
a man standing at the bottom of a Sequoia tree

ការកម្សាន្ត​ក្រៅ​ម៉ោង​ការងារ​របស់​ខ្ញុំ​គឺ​នៅក្នុង​ធម្មជាតិ មិន​ថា​ជា ការឡើង​ភ្នំ ជិះស្គី អុំ​ទូក​លើ​សមុទ្រ ជិះកង់ ឬ​សូម្បី​តែ​ធ្វើ​ដំណើរ​បរបាញ់​សត្វ ។ កាល​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត​នៅក្នុង​ព្រៃ និង​ដើម្បី​ស្លុង​អារម្មណ៍​ទៅ​នឹង​ភាពស្ងប់ស្ងាត់ ដើម្បី​ធ្វើ​ជា​សាក្សី​យ៉ាង​ឧឡារិក​ថា ដើមឈើ​បៃតង​ដ៏​ខ្ពស់​ស្កឹមស្កៃ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះបង្កបង្កើត ។ ពេល​ខ្ញុំ​បាន​ធំ​ឡើង​ជា​មជ្ឈិមវ័យ ខ្ញុំ​បាន​រៀន​ដោយសារ​ការ​សិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង​ថា ប្រសិន​បើ​យើង​យល់​ថា​យើង​ជា​នរណា យល់​ពី​គោលបំណង​នៃ​ជីវិត និង​ហេតុផល​ដែល​ផែនដី​ត្រូវបាន​បង្កើត​ឡើង—ហើយ​ដោយ​រក្សា​អ្វីៗ​ទាំង​នេះ​នៅក្នុង​គំនិត—នោះ​យើង​នឹង​ប្រព្រឹត្តិ​ចំពោះ​ផែនដី​នេះ និង​អ្វី​ទាំងអស់​ដែល​នៅក្នុង​នោះ ក្នុង​របៀប​មួយ​ដែល​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ​ជាង ។

ព្រះរាជ​បំណង​របស់​ព្រះ​នៅក្នុង​ការបង្កើត​ផែនដី

តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ទាំង​ក្នុង​ជំនាន់​បុរាណ និង​សម័យ​ទំនើប ព្រះអម្ចាស់​បាន​ព្យាយាម​ជួយ​យើង​ឲ្យ​យល់ និង​មាន​អំណរគុណ​ចំពោះ​អំណោយ​នៃ​ការរស់នៅ​លើ​ផែនដី​ដ៏​ស្រស់​ស្អាត​នេះ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ស្ដេច​ដាវីឌ​បាន​ពិចារណា​អំពី​ការបង្កបង្កើត​ដ៏​មហស្ចារ្យ​របស់​ព្រះ ហើយ​បាន​ឆ្ងល់​ពី​មូលហេតុ​ដោយ​ពោល​ចេញ​មក​ថា—ក្នុង​ចំណោម​ការឆ្ងល់​ទាំងឡាយ​បែបនោះ—ព្រះ​នឹក​គិត​ពី​មនុស្ស ( សូមមើល ទំនុកដំកើង ៨:៤ ) ។ ដាវីឌ​បាន​សន្និដ្ឋាន​ថា មនុស្សជាតិ​គឺ​ពិសេស « ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ » ( ទំនុកដំកើង ៨:៥ ) ។

ម៉ូសេ​ក៏​បាន​ឃើញ​នៅក្នុង​ទស្សនិមិត្ត​នូវ​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា ហើយ​បាន​ប្រកាស​ថា « ឥឡូវ​នេះ ព្រោះ​ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​ដឹង​ថា​មនុស្ស​គឺ គ្មាន​ជា​អ្វី​សោះ ជា​ការណ៍​ដែល​ខ្ញុំ​ពុំ​ដែល​គិត​ពី​មុន​មក​ឡើយ » ( ម៉ូសេ ១:១០ ) ។

នៅក្នុង​ការបន្ទាប​ខ្លួន​របស់​ម៉ូសេ​នៅ​ចំពោះ​ភាពអស្ចារ្យ​នៃ​ការបង្កបង្កើត​របស់​ព្រះ នោះ​លោក​ខកខាន​មិន​បាន​យល់​ច្បាស់​អំពី​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​មួយ ។ ដូច្នោះ​ហើយ ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​លោក​ម្ដង​ទៀត​នូវ​ការបង្កបង្កើត​ដ៏​គ្មាន​ដែន​កំណត់​របស់​ទ្រង់ និង​បាន​ប្រកាស​យ៉ាង​ចំៗ​មោះមុត​ថា ទ្រង់—ជា​ព្រះ—បាន​បង្កើត​ការណ៍​ទាំងនេះ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ផែនដី​នេះ—តាមពិត​ទៅ​គឺ​ការបង្ក​បង្កើត​ទាំងអស់—ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ដល់​យើងឲ្យ​ទទួល​បាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ដោយ​មាន​ព្រះបន្ទូល​អំពី​គោលបំណង​នៃ​ផែនដី​នេះ​ម្ដង​ទៀត ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « យើង​នឹង​ធ្វើ​ផែនដី ដើម្បី​ឲ្យ​ពួក​គេ​ទាំង​នេះ [ មានន័យ​ថា យើង ] អាច​រស់​នៅ​លើ មើល​បើ​សិន​ជា​ពួក​គេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ នឹង​បញ្ជា​ដល់​ពួក​គេ » ( អ័ប្រាហាំ ៣:២៤–២៥; សូមមើល​ខ ២៦ ផងដែរ ) ។ ជីវិត​នៅលើ​ផែនដី​នេះ រួម​ជាមួយ​នឹង​អំណោយ​នៃ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ផ្ដល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ជ្រើសរើស​ស្វែងរក ហើយ​ថ្ងៃ​ណា​មួយ​ទទួល​បាន​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះ​ប្រទាន​ឲ្យ ។

ពេល​ដែល​ការបង្ក​បង្កើត​ផែនដី​ត្រូវបាន​បញ្ចប់ ព្រះ​បាន​មាន​ព្រះទ័យ​ត្រេកអរ ដោយសារ​ទ្រង់​បាន​ទត​ឃើញ​ថា វា​នឹង​បម្រើ​ដល់​ព្រះរាជ​បំណង​របស់​ទ្រង់​សម្រាប់​យើង ជា​បុត្រា​បុត្រី​ទ្រង់ ។ បុត្រា និង​បុត្រី​របស់​ព្រះ ព្រម​ទាំង​ក្រុមគ្រួសារ​ដែល​ពួកគេ​បង្កើត​ឡើង មិន​មែន​គ្រាន់តែ​ជា​មនុស្ស​ដែល​ចូលរួម​ទាំង​មិន​ចង់​នៅលើ​ផែនដី​នេះ​ទេ ផ្ទុយ​ទៅ​វិញ ពួកគេ​គឺ​ជា​ស្នូល​នៃ​គោលបំណង​របស់​ផែនដី​នេះ ។

យើង​ត្រូវ​ធ្វើ​ជា​នាយតម្រួត​ការ​ល្អ​របស់​ព្រះ

ជីវិត​នៅលើ​ផែនដី​នេះជា​ពរជ័យ​ផង និង​ជា​ទំនួល​ខុសត្រូវ​មួយ​ផង ។ ព្រះអម្ចាស់​ប្រកាស​ថា « ​ដ្បិត​មើល​ចុះ សត្វ​ជើង​បួន​លើ​វាល និង​សត្វ​ហើរ​លើ​អាកាស ហើយ​អ្វី​ដែល​កើត​មក​ពី​ផែនដី​ផង ត្រូវ​បាន​តែងតាំង​សម្រាប់​ឲ្យ​មនុស្ស​យក​មក​ប្រើ​ប្រាស់ សម្រាប់​ជា​អាហារ និង​សម្រាប់​ជា​សំលៀកបំពាក់ ហើយ​ដើម្បី​ឲ្យ​គេ​អាច​មាន​ជា​បរិបូរ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៩ ) ។ ទោះជា​យ៉ាង​ណា ដោយសារ​ផែនដី​នេះ និង​អ្វី​ទាំងអស់​ដែល​នៅលើ​វា​គឺ « ជា​ផល​នៃ​ព្រះ​ហស្ត [ របស់​ទ្រង់ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២៥ ) វា​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ទាំងអស់ ។ ក្នុង​នាម​ជា​អ្នករស់នៅ​បណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ យើង​ជា​នាយតម្រួត​ការ—មិន​មែន​ជា​ម្ចាស់​ទេ ។ ហេតុ​ដូច្នោះ​ហើយ យើង​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ព្រះ—ដែល​ជា​ម្ចាស់—ចំពោះ​អ្វី​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ការបង្ក​បង្កើត​របស់​ទ្រង់ ៖ « ត្បិត​ជា​ការ​ចាំ​បាច់​ថា យើង​ជា​ព្រះ​អម្ចាស់​ត្រូវ​រាប់​មនុស្ស​គ្រប់​រូប ឲ្យ ទទួល​ការ​ខុសត្រូវ ជា នាយតម្រួត​ការ​លើ​ព្រះ​ពរ​ទាំង​ឡាយ​ខាង​ផែនដី ដែល​យើង​បាន​បង្កើត ហើយ​បាន​រៀបចំ​ឡើង សម្រាប់​សត្វ​លោក​ទាំង​ឡាយ​របស់​យើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៣ ) ។

រូបភាព
meadow grass and flowers in girl’s hand

របៀប​ដែល​យើង​ថែទាំ​ផែនដី​នេះ របៀប​ដែល​យើង​ប្រើប្រាស់ និង​ចែករំលែក​អត្ថប្រយោជន៍​របស់​វា និង​របៀប​ដែល​យើង​ប្រព្រឹត្តិ​ចំពោះ​អ្វី​ទាំងអស់​ដែល​បាន​ប្រទាន​ដល់​យើង គឺ​ជា​ផ្នែក​នៃ​ការសាកល្បង​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​ត្រូវ​ប្រើប្រាស់​ដោយ​អំណរ​គុណ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ចៀសវាង​ពី​ការខ្ជះខ្ជាយ​ជីវិត និង​ធនធាន​នានា ហើយ​ប្រើប្រាស់​អត្ថប្រយោជន៍​នៃ​ផែនដី​នោះ​ដើម្បី​ថែទាំ​អ្នក​ក្រីក្រ ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​ទាំងអស់ ហើយ​ជា​ពិសេស​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ហើយ​នឹង​ឲ្យ​យើង​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​យើង​ជ្រើសរើស​ធ្វើ ( ឬ​មិន​ធ្វើ ) ជាមួយ​នឹង​អត្ថប្រយោជន៍​ទាំងឡាយ​នៃ​ការបង្ក​បង្កើត​របស់​ទ្រង់ ។

ព្រះអម្ចាស់​សន្យា​ដល់​យើង​ថា ប្រសិន​បើ​យើង​ធ្វើតាម​ទ្រង់ ហើយ​ប្រើប្រាស់​ធនធាន​នៃ​ផែនដី​នេះ​ដោយ​មាន​ការវិនិច្ឆ័យ​ល្អិតល្អន់ ជាមួយ​នឹង​អំណរគុណ និង​ការគោរព « នោះ​ផល​បរិបូរ​នៃ​ផែនដី​ជា​របស់​ផង [ យើង ] ហើយ គឺ​សត្វ​ជើង​បួន​លើ​វាល និង​សត្វ​ហើរ​លើ​អាកាស ។ … ហើយ​ការណ៍​នេះ​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​គ្រប់​ទាំង​អស់​ដល់​មនុស្ស ព្រោះ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​របស់​ទាំង​នេះ​ត្រូវ​បាន​បង្កើត​មក ដើម្បី​ឲ្យ​យក​មក​ប្រើ​ប្រាស់​ដោយ​ការវិនិច្ឆ័យ គឺ​មិន​ឲ្យ​ហួស​ហេតុ ឬ​ដោយ​ការគំរាមកំហែង​ឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៦, ២០ ) ។

យើង​ត្រូវ​ប្រើ​ធនធាន​ទាំងនេះ​ដោយ​ការវិនិច្ឆ័យ និង​ដោយ​ការដឹងគុណ ក្នុង​គោលបំណង​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត—ជំនាន់​បច្ចុប្បន្ន​អតីត និង​អនាគត—ទទួល​បាន​នូវ​ពរជ័យ​ទាំងឡាយ ដែល​ព្រះវរបិតាសួគ៌​របស់​ទ្រង់​មាន​ព្រះទ័យ​ចង់​បាន​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ។

ការមើល​ឃើញ​ហួស​ពី​ខ្លួន​យើង

គួរ​ឲ្យ​សោកស្ដាយ សព្វថ្ងៃ​នេះ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​បុគ្គល​ទាំងឡាយ​អាច​នឹង​ជ្រើសរើស​បដិសេធ​ព្រះ ហើយ​ប្រព្រឹត្តិ​ចំពោះ​ការបង្ក​បង្កើត​របស់​ទ្រង់​ដោយ​ការមើលងាយ ។ ពេល​ការណ៍​នេះ​កើតឡើង ព្រះ និង​ការបង្ក​បង្កើត​របស់​ទ្រង់​ត្រូវ​ឈឺចាប់ ។

ហេណុក​កត់ត្រា​ថា ព្រះ​ទួញសោក​ដោយសារ​ការជ្រើសរើស​មិន​ល្អ និង​ភាពអាត្មា​និយម​ដ៏​ចង្អៀត​ចង្អល់​នៃ​បុត្រា​បុត្រី​ទ្រង់ ។ មរ៉ូណៃ​បាន​ព្យាករ​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ​នឹង​មាន « ភ្លើង​ឆេះ និង​ព្យុះសង្ឃរា និង ចំហាយ​ផ្សែង … [ និង ] ការ​ស្អុយ​កខ្វក់​ជា​ខ្លាំង​នៅ​លើ​ផ្ទៃ​ផែនដី » ហើយ​ថា​ស្ថានភាព​បែប​ទាំងនោះ​នឹង​មក​ជាមួយ​នឹង « អំពើ​គួរ​ខ្ពើម​ឆ្អើម​គ្រប់​បែប​យ៉ាង នៅ​ពេល​នោះ​នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា ធ្វើ​យ៉ាង​នេះ ឬ​ធ្វើ​យ៉ាង​នោះ ហើយ​គឺ​គ្មាន​ជា​ការ​អ្វី​ទេ » ( មរមន ៨:២៩, ៣១ ) ។ នៅពេល​មនុស្ស​បំពុល​ដល់​ពិភពលោក​នេះ​ខាង​វិញ្ញាណ ឬ​ខាង​សាច់ឈាម នោះ​មិន​ត្រឹម​តែ​ព្រះ​ទេ​ដែល​រងទុក្ខ ប៉ុន្តែ​ធម្មជាតិ​ក៏​រងទុក្ខ​ដែរ !

ជា​ពិសេស ពរជ័យ និង​អំណាច​ដែល​មាន​តាមរយៈ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើយ​វិញ​របស់​ព្រះអម្ចាស់ ព្រមទាំង​ដំណឹងល្អ មាន​សមត្ថភាព​ដើម្បី​ពង្រីក និង​ផ្លាស់ប្ដូរ​ព្រលឹង​មនុស្ស​ហួស​ពី​ខ្លួន​ឯង ដើម្បី​បំផុស​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ការបង្ក​បង្កើត​របស់​ទ្រង់ និង​ដើម្បី​ជួយ​យើង​ឲ្យ​គិត​អំពី​សុខមាលភាព​របស់​មនុស្ស​ដទៃ​ទៀត ហើយ​ពិចារណា​អំពី​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ជំនាន់​ក្រោយ ។

ធម្មជាតិ​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ

ផែនដី និង​ជីវិត​ទាំងអស់​គឺ​លើស​ពី​វត្ថុ​ទាំងឡាយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់ និង/ឬ អភិរក្ស ​ហេតុដូច្នោះ​ហើយ ចំណែក ឬ​ភាគ​ខ្លះ​ក៏​ត្រូវ​តែ​ត្រូវបាន​ថែ​រក្សា​ទុក​ផងដែរ ! ធម្មជាតិ​ដែល​មិន​ទាន់​ខូចខាត « គ្រប់​ទាំង​អស់​ដែល​បាន​មក​ពី​ផែនដី … ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ផល​ប្រយោជន៍ … របស់​មនុស្ស … ដើម្បី​ផ្គាប់​ភ្នែក និង​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​អរ​សប្បាយ​ផង … និង​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​មាន​ជីវិត​ជីវ៉ា​ឡើង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:១៨–១៩ ) ។

ធម្មជាតិ​នៅក្នុង​ស្ថានភាព​មិន​ខូចខាត​របស់​វា នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ធ្វើ​ឲ្យ​គំនិត និង​ដួងចិត្ត​បាន​ជ្រះ​ស្រឡះ​ពី​សូរ​សំឡេង និង​ការរំខាន​នៃ​សម្ភារៈ​និយម លើក​ស្ទួយ​យើង​ឡើង​កាន់តែ​ខ្ពស់ ឥទ្ធិពល​កាន់តែ​លើក​តម្កើង និង​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​របស់​យើង​កាន់តែ​ច្រើន​ឡើយ ៖ « ផែនដី​បង្វិល​លើ​ស្លាប​របស់​ខ្លួន ហើយ ព្រះ​អាទិត្យ​ឲ្យ​ពន្លឺ​របស់​ខ្លួន​នៅ​ពេល​ថ្ងៃ ហើយ​ព្រះ​ចន្ទ​ឲ្យ​ពន្លឺ​របស់​ខ្លួន​នៅ​ពេល​យប់ ហើយ​តារា​ទាំង​ឡាយ​ក៏​ឲ្យ​ពន្លឺ​របស់​ខ្លួន​ដែរ ។ … [ នរណា​ម្នាក់ ] ដែល​បាន​មើល​ឃើញ​របស់​ណាមួយ ឬ​របស់​តូច​តាច​បំផុត​ណា​មួយ​ក៏​ដោយ នោះ​បាន​ឃើញ​ព្រះ​អង្គ​ទ្រង់​ចលនា​ដោយ​នូវ​ឫទ្ធានុភាព និង​ព្រះ​ចេស្ដា​របស់​ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤៥, ៤៧ ) ។

ខ្ញុំ​នៅ​តែ​ចូលចិត្ត​ឡើង​ភ្នំ ខ្ពស់ៗ​ដែល​មាន​ផ្ទាំង​ថ្ម​ធំៗ និង​កំពូល​ស្រួចៗ ។ ថ្វីបើ​វា​ស្ងៀមស្ងាត់ តែ​វា​ថ្លែង​អំពី​អំណាច និង​ភាពរុងរឿង​នៃ​ព្រះ—និង​អំពី​ទេពកោសល្យ​ដ៏​គ្មាន​គូ​ប្រៀប​ក្នុង​ការបង្កើត​ភាពស្រស់ស្អាត​របស់​ទ្រង់ ។ ដូច​អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា « គ្រប់​ការណ៍ ទាំង​អស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន មែន​ហើយ សូម្បីតែ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​លើ​ផ្ទៃ ផែនដី … ធ្វើ​ជា​សាក្សី​ថា មាន​ព្រះ​បង្ក​បង្កើត​ដ៏​មហិមា​មួយ​អង្គ » ( អាលម៉ា ៣០:៤៤ ) ។

ខ្ញុំ​ចូលចិត្ត​មើល​ផ្កាយ​នៅ​ពេល​យប់ ដោយ​ព្យាយាម​យល់​អំពី​ភាពអស់កល្ប​នៃ​ពេលវេលា និង​លំហ​អាវកាស​ដែល​នៅក្នុង​ក្រសែ​ភ្នែក​របស់​ខ្ញុំ ។ ខ្ញុំ​តែងតែ​ស្ញប់ស្ញែង ដល់​ការចេះដឹង​ដែល​បាន​មក​នៅក្នុង​គ្រា​ស្ងប់ស្ងាត់​ទាំងនោះ ព្រះអម្ចាស់​នៃ​សកលលោក​នេះ​ស្គាល់​មនុស្ស​ដ៏​តូច​ដូច​ខ្ញុំ ទោះ​នៅក្នុង​ភាពល្វឹងល្វើយ​នៃ​សកលលោក​នេះក្ដី ។ ហើយ​ទ្រ់ង​ស្គាល់​យើង​ម្នាក់ៗ ។ ការបង្ក​បង្កើត​ធ្វើ​ជា​សាក្សី​អំពី​ព្រះបង្ក​បង្កើត ហើយ​ប្រសិន​បើ​យើង​រក្សា​ទីកន្លែង​ដ៏​ពិសេស មិន​ខូចខាត​ទាំងនេះ នោះ​វា​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​ក្បោះក្បាយ និង​ជ្រាលជ្រៅ​អំពី​ព្រះ​របស់​យើង ហើយ​បំផុស​គំនិត​យើង​រហូត​ទៅ ។

យើង​ថែទាំ​ពិភពលោក​នេះ និង​អ្វី​ទាំងអស់​ដែល​នៅក្នុង​នោះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ប៉ុណ្ណា នោះ​វា​នឹង​ទ្រទ្រង់ បំផុស ពង្រឹង ធ្វើ​ឲ្យ​រស់​រវើក និង​ធ្វើ​ឲ្យ​ដួងចិត្ត និង​វិញ្ញាណ​យើង​រីករាយ​ប៉ុណ្ណោះ​ដែរ—ហើយ​រៀបចំ​យើង​ឲ្យ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ជាមួយ​នឹង​គ្រួសារ​យើង នៅក្នុង​ពិភព​សេឡេស្ទាល ដែល​នឹង​ជា​ផែនដី​ដែល​យើង​ឈរ​នៅ​លើ​សព្វ​ថ្ងៃ​នេះ​ឯង ប៉ុន្តែ​នៅក្នុង​ស្ថានភាព​ដ៏​រុងរឿង​មួយ ។

ចូរ​យើង​ថែទាំ​ផែនដី​នេះ​ដោយ​អំណរគុណ—ជា​ផ្ទះ​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត​ដ៏​មាន​សក្ដានុពល​របស់​យើង ។