ឆ្នាំ ២០២១
ការតាម​រក​សេចក្តី​ពោរពេញ​នៃ​ព្រះគ្រីស្ទ
ខែ មីនា ឆ្នាំ ២០២១


ការតាម​រក​សេចក្តី​ពោរពេញ​នៃ​ព្រះគ្រីស្ទ

ដកស្រង់​ចេញ​សុន្ទរកថា​ពី​ការប្រជុំ​ធម្មនិដ្ឋាន​យុវមជ្ឈមវ័យ​ពហុតំបន់ « The Measure of the Stature of the Fulness of Christ » ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ស្ទែនហ្វដ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. នៅ​ថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ។

នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ សូម​ដើរ​ទៅ​រក​ព្រះគ្រីស្ទ ហើយ​ស្វែងរក​សំឡេង​នៃ​ភាពសុខសាន្ត​របស់​ទ្រង់ ។

រូបភាព
Jesus with arms outstretched

កុំ​ឲ្យ​ភ័យ​ឡើយ ដោយ ម៉ៃឃល ម៉ម

ខ្ញុំ​សូម​ផ្ដល់​គំនិត​មួយ​ចំនួន អំពី​ដំណើរ​ស្វែងរក​ផ្ទាល់​ខ្លួន ដែល​បងប្អូន​ម្នាក់ៗ​នឹង​ធ្វើ​នៅក្នុង​ការស្វែងរក « សេចក្តី​ពោរពេញ » នៃ​ខ្នាត​កម្ពស់​ផង​ព្រះគ្រីស្ទ ( សូមមើល អេភេសូរ ៤:១៣ ) ។ ខ្ញុំ​សង្ឃឹម​ថា គំនិត​ទាំងនេះ​នឹង​មាន​ប្រយោជន៍​ខ្លះ​ចំពោះ​បងប្អូន នៅក្នុង​គ្រា​នៃ​ការលូតលាស់​នៅក្នុង​ជីវិត​របស់​បងប្អូន និង​នៅក្នុង​កាលៈទេសៈ​ដែល​បងប្អូន​ជួប​ប្រទះ ។

បងប្អូន​មួយ​ចំនួន​ស្ថិត​នៅ​ចំណុច​ដែល​បងប្អូន​ចង់​បាន ឬ​យ៉ាងហោច​ណាស់​បងប្អូន​ដឹង​ពី​ចំណុច​ដែល​បងប្អូន​ចង់​ទៅ​នៅក្នុង​ជីវិត​បងប្អូន ។ បងប្អូន​មួយ​ចំនួន​ហាក់​ដូចជា​មាន​ពរជ័យ​ជា​ច្រើន និង​មាន​ជម្រើស​ល្អៗ​នៅ​ពេល​ខាង​មុខ ។ នៅ​ពេលខ្លះ និង​ដោយ​ហេតុផល​អ្វីក៏ដោយ បងប្អូន​រាល់គ្នា​ខ្លះទៀត​មាន​អារម្មណ៍​ថា​ឥតសំណាង ហើយ​មាន​ផ្លូវ​ល្អៗ​តិច​តួច​ដែល​មាន​នៅ​ចំពោះ​មុខ ។

ប៉ុន្តែ ទោះ​បងប្អូន​ទៅ​ទីណា​ក៏​ដោយ ហើយ​បងប្អូន​ខិតខំ​ឆ្លង​កាត់​ឧបសគ្គ​របស់​បងប្អូន​ក្នុង​ការទៅ​ដល់​ទីនោះ​ក្ដី ខ្ញុំ​សូម​ឲ្យ​បងប្អូន​មក​ឯ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ជា​ជំហាន​ទីមួយ​ដ៏​សំខាន់​បំផុត​នៅក្នុង​ការ​ទៅដល់​ទិសដៅ​ផ្ទាល់​ខ្លួន​របស់​បងប្អូន នៅក្នុង​ការស្វែងរក​សុភមង្គល និង​កម្លាំង​ផ្ទាល់ខ្លួន​របស់​បងប្អូន និង​នៅក្នុង​ការសម្រេច​ជោគវាសនា និង​ជោគជ័យ​ដ៏​ខ្ពស់​បំផុត​របស់​បងប្អូន ( សូមមើល នីហ្វៃទី១ ១០:១៨; នីហ្វៃទី២ ២៦:៣៣; អោមណៃ ១:២៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១១ ) ។

អ្វី​ទាំងអស់​នោះ​អាច​ជា​របស់​បងប្អូន ប្រសិន​បើ​ចម្លើយ​ចំពោះ​សំណួរ « អ្នក ទៅ​ឯណា ? » ( ម៉ូសេ ៤:១៥ ) គឺ​ជា « នៅ​ទីណា​ដែល​ទ្រង់​គង់នៅ ព្រះអម្ចាស់ » ។

ជីវិត​អាច​មាន​ឧបសគ្គ ។ យើង​មាន​ការឈឺចាប់ និង​ការសោកស្ដាយ និង​បញ្ហា​ពិតៗ​ដើម្បី​ដោះស្រាយ ។ យើង​មាន​ការខកចិត្ត និង​ទុក្ខព្រួយ ភាពឡើង​ចុះ​គ្រប់​បែប​យ៉ាង ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ហើយ​ពួក​ព្យាការី​បាន​មាន​ប្រសាសន៍​នូវ​ពាក្យពេចន៍​លើក​ទឹកចិត្ត​គ្រប់គ្រាន់​អំពី​របៀប​ដើម្បី​ប្រឈម​នឹង​បញ្ហា​ទាំងនោះ ដើម្បី​បំពេញ​ការធ្វើ​ដំណើរ​មួយ​ដ៏​ធំធេង​នៅ​ក្នុង​ចក្រវាឡ ។

« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា »

សូម្បី​តែ​នៅ​ពេល​ដែល​ទ្រង់​បាន​យាង​ឆ្ពោះ​ទៅ​ទទួល​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​បំផុត​នៅ​ច្បារ​គែតសេម៉ានី និង​នៅលើ​ភ្នំ​លលាដ៏​ក្បាល ក៏​ការប្រសិទ្ធិពរ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សិស្ស​របស់​ទ្រង់​ជា​ព្រះបន្ទូល​ដ៏​រំជួល​ចិត្ត​បំផុត​ដែរ ។ នៅ​យប់​នោះ ជា​យប់​នៃ​ការរងទុក្ខ​ដ៏​ធំធេង​បំផុត ដែល​មិន​ធ្លាប់​កើត​មាន​នៅក្នុង​ពិភពលោក​នេះ ឬ​ដែល​នឹង​កើតឡើង ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា ។ … កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។

នេះ​ជា​ទស្សនៈ​ដ៏​អស្ចារ្យ​នៃ​ជីវិត​នៅ​គ្រា​ដ៏​សែន​ឈឺចាប់​បំផុត ! តើ​ទ្រង់​អាច​មាន​ព្រះបន្ទូល​យ៉ាង​ដូច្នោះ​ដោយ​របៀប​ណា​ទៅ កាល​ដែល​ទ្រង់​កំពុង​តែ​ប្រឈម​នឹង​អ្វី ដែល​ទ្រង់​ដឹង​ថា​ទ្រង់​កំពុង​ប្រឈម​នោះ ? ទ្រង់​អាច​មាន​ព្រះបន្ទូល​នោះ​បាន ដោយសារ​ព្រះបន្ទូល​របស់​ទ្រង់​គឺ​ជា​សាសនាចក្រ និង​ជា​ដំណឹងល្អ​នៃ​ទីបញ្ចប់​ដ៏​រីករាយ ! សម្រាប់​យើង ជ័យជម្នះ​បាន​ឈ្នះ​រួច​ហើយ ។ ទ្រង់​ទតឃើញ​វែងឆ្ងាយ ទ្រង់​កំពុង​ចែកចាយ​ទិដ្ឋភាព​ទូលំទូលាយ ។

ទោះ​ជា​យ៉ាង​ណា ខ្ញុំ​គិត​ថា ពួក​យើង​ខ្លះ​ប្រាកដ​ជា​នៅ​តែ​មាន​លក្ខណៈនិស្ស័យ​ដែល​ទាក់ទង​នឹង​កេរ្តិ៍តំណែល​ភូរីថាន ដែល​និយាយ​ថា វា​ខុស​ដើម្បី​បាន​ការលួងលោម ឬ​ត្រូវបាន​គេ​ជួយ​នោះ ថា​យើង​ត្រូវបាន​សន្មត់ថា​រងទុក្ខ​វេទនា​ដោយសារ​អ្វី​មួយ​គ្រប់​ពេល​វេលា ។ ខ្ញុំ​ទទួល​ថា ដើម្បី « សង្ឃឹម​ឡើង » ( យ៉ូហាន ១៦:៣៣ ) នៅក្នុង​ដំណើរ​ស្វែងរក « ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ( អេភេសូរ ៤:១៣ ) អាច​ជា​បទបញ្ញត្ត​ដែល​ស្ទើរតែ​មិន​គោរព​ជា​សកល សូម្បី​តែ​នៅក្នុង​ដួងចិត្ត​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ ហើយ​ប្រាកដ​ជា​នៅតែ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ទុក្ខ​ដល់​ព្រះហឫទ័យ​មេត្ដា​ករុណា​របស់​ព្រះអម្ចាស់​បានឡើយ ។

ដូច​ខ្ញុំ​បាន​បារម្ភ ប្រសិន​បើ​នៅ​ចំណុច​ណាមួយ​នៅ​ក្នុង​ជីវិត​របស់​កូន​ខ្ញុំ​ណា​ម្នាក់ មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ​មិន​សប្បាយ​ចិត្ត ឬ​មិន​គោរព​ប្រតិបត្តិ​នោះ ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង​កាន់តែ​ខ្ទេចខ្ទាំ​ចិត្ត​ជាង​នេះ​ទៅទៀត ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ថា នៅពេល​នោះ​កូន​នោះ​មិន​អាច​ទុកចិត្ត​ខ្ញុំ​ឲ្យ​ជួយ ឬ​គិត​ថា ចំណាប់​អារម្មណ៍​របស់​គាត់​មិន​សំខាន់​សម្រាប់​ខ្ញុំ ឬ​មិន​មាន​សុវត្ថិភាព​នៅក្នុង​ការថែ​រក្សា​របស់​ខ្ញុំ​នោះ ។

នៅក្នុង​ស្មារតី​ដូច​គ្នា​នេះ ខ្ញុំ​ជឿ​ថា គ្មាន​យើង​ណា​ម្នាក់​អាច​ដឹង​ថា វា​ធ្វើ​ឲ្យ​ព្រះហឫទ័យ​ដ៏​ពេញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក មាន​របួស​ជ្រៅ​ប៉ុណ្ណា​នោះទេ នៅពេល​ដែល​ពួក​ទ្រង់​ឃើញ​ថា មនុស្ស​មិន​មាន​អារម្មណ៍​សុខស្រួល​ក្នុង​ការថែទាំ​របស់​ពួកទ្រង់ ឬ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ព្រះហស្ដ​របស់​ពួកទ្រង់ ឬ​មិន​ទុក​ចិត្ត​លើ​បទបញ្ញត្តិ​ទាំងឡាយ​របស់​ពួក​ទ្រង់​នោះ ។ មិត្ត​របស់​ខ្ញុំ​អើយ ដោយសារ​ហេតុផល​នោះ​តែ​ម្យ៉ាង យើង​មាន​កាតព្វកិច្ច​ដើម្បី​មាន​សង្ឃឹម​ឡើង !

ព្រះគុណ​របស់ទ្រង់​គឺ​មានល្មម​គ្រប់គ្រាន់

ដំបូន្មាន​មួយ​ទៀត​អំពី​ការស្វែងរក​ព្រះគ្រីស្ទ និង​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ទ្រង់ បាន​កើតឡើង​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ធ្វើ​អព្ភូតហេតុ​ផ្ដល់​អាហារ​ដល់​មនុស្ស ៥០០០​នាក់ ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ( សូមមើល ម៉ាថាយ ១៤:១៣–២១ ) ។ ( និយាយ​អញ្ចឹង សូម​កុំ​បារម្ភ​ថា ព្រះគ្រីស្ទ​នឹង​អស់​អព្ភូតហេតុ​ដើម្បី​ជួយ​បងប្អូន​នោះ​ឡើយ ។ ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់ [ កូរិនថូស​ទី២ ១២:៩ ] ។ នោះ​ជា​មេរៀន​ខាង​វិញ្ញាណ​ដ៏​អស់កល្ប​មួយ​នៃ​អព្ភូតហេតុ​នេះ ។ ទ្រង់​មាន​ពរជ័យ​យ៉ាង​បរិបូរ ដើម្បី​ប្រទាន​ឲ្យ​គ្រប់គ្នា ហើយ​ពរជ័យ​ជាច្រើន​កន្ត្រក​ទៀត​ដែលនៅ​សល់ផងដែរ ! ចូរ​ជឿ ហើយ​រីករាយ​នឹង​ការប្រទាន​ឲ្យ​នៃ « នំបុ័ង​ជីវិត » របស់​ទ្រង់ ! [ យ៉ាកុប ៦:៣៥ ] ) ។

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​បណ្ដាជន​ហើយ ទ្រង់​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ ហើយ​ឲ្យ​ពួកសិស្ស​ទ្រង់​ចុះ​ទៅ​ក្នុង​ទូក​នេសាទ ដើម្បី​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត​នៃ​សមុទ្រ​កាលីឡេ ។ បន្ទាប់​មក​ទ្រង់ « យាង​ឡើង​លើ​ភ្នំ​ដោយឡែក ដើម្បី​នឹង​អធិស្ឋាន » ( ម៉ាថាយ ១៤:២៣ ) ។

កាលដែល​ពួក​សិស្ស​របស់​ទ្រង់​បាន​រៀបចំ​ទូក​របស់​ពួកគេ វា​ជិត​ដល់​ពេល​ល្ងាច​ទៅ​ហើយ ហើយ​យប់​នោះ​មាន​ព្យុះ​ទៀត ។ ខ្យល់​ប្រាកដ​ជា​បក់បោក​យ៉ាង​គំហុក​ណាស់​តាំង​ពី​ពេល​ចាប់ផ្ដើម ។ ដោយសារ​តែ​ខ្យល់​នោះ បុរស​ទាំងនេះ​ប្រហែល​ជា​មិនអាច​ទាំង​លើក​ក្ដោង​ផង ប៉ុន្តែ​ខិតខំ​ចែវ​ដោយ​ចង្វារ—ហើយ​ខិតខំ​ចែវ​ខ្លាំង​ណាស់ ។

យើង​ដឹង​ការណ៍​នេះ ដោយសារ ដល់​ពេល « យាម​៤​យប់ » ( ម៉ាថាយ ១៤:២៥ )—ប្រហែល​ជា​រវាង​ម៉ោង ៣ និង​ម៉ោង ៦ ព្រឹក—នោះ​ពួកគេ​បាន​ធ្វើ​ដំណើរ​ប្រហែល​ជា​៥ ឬ ៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ( សូមមើល យ៉ូហាន ៦:១៩ ) ។ មក​ទល់​នឹង​ពេល​នោះ ទូក​នោះ​បាន​ជួប​នឹង​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង ។

ប៉ុន្តែ ដូច​ជានិច្ចកាល ព្រះគ្រីស្ទ​បាន​មើល​ថែ​ពួកគេ ។ ដោយ​ឃើញ​ការលំបាក​របស់​ពួកគេ ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​វិធី​ត្រង់​បំផុត​ទៅកាន់​ទូក​របស់​ពួកគេ ដោយ​យាង​ឆ្លង​កាត់​រលក​ដើម្បី​ជួយ​ពួកគេ ។

រូបភាព
Jesus Christ helping Peter up out of the stormy seas

មេ​សម្រេច​សេចក្តី​ជំនឿ​ ដោយ ជេ. អាលេន បារែត

« កុំ​ឲ្យ​ភ័យ​ឡើយ »

ក្នុង​គ្រា​ភ័យ​រន្ធត់​ដ៏​ក្រៃលែង​របស់​ពួកគេ ពួក​សិស្ស​បាន​សម្លឹង ហើយ​បាន​ឃើញ​នៅក្នុង​ភាពងងឹត​នូវ​ការអស្ចារ្យ​នេះ ដោយ​ឃើញ​អាវផាយ​បក់​រវិច​ឆ្ពោះ​មក​កាន់​ពួកគេ​នៅលើ​សមុទ្រ ។ ពួកគេ​បាន​ស្រែកយំ​ទាំង​ភ័យខ្លាច ដោយ​គិត​ថា នោះ​ជា​ខ្មោច​នៅលើ​ទឹក​រលក ។ បន្ទាប់​មក កាត់​ព្យុះ និង​ភាពងងឹត—នៅពេល​ដែល​សមុទ្រ​ហាក់​ដូច​ជា​ធំ​ល្វឹងល្វើយ ហើយ​ទូក​របស់​ពួកគេ​វិញ​ហាក់​ដូច​ជា​តូច​ខ្លាំង​ណាស់—នោះ​មាន​សំឡេង​នៃ​ភាពសុខសាន្ត​ដ៏​ខ្ពង់ខ្ពស់ និង​ដែល​ធ្វើ​ឲ្យ​មាន​ការទុក​ចិត្ត​ពី​លោកគ្រូ​របស់​ពួកគេ ៖ « គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ » ( ម៉ាថាយ ១៤:២៧ ) ។

ដំណើរ​រឿង​នៃ​ព្រះគម្ពីរ​នេះ​រំឭក​យើង​ថា ក្នុង​ការមក​ឯ​ព្រះគ្រីស្ទ ដោយ​ស្វែងរក​សេចក្ដី​ពោរពេញ​របស់​ទ្រង់ ឬ​ក្នុង​ការយាង​មក​របស់​ទ្រង់​មក​រក​យើង​ដើម្បី​នាំ​មក​ឲ្យ​យើង​នូវ​សេចក្ដី​ពោរពេញ​នោះ ជំហាន​ទីមួយ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង ។ វា​មិន​គួរ​ដូច្នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​ដូច្នោះ ។ ការចំអក​ដ៏​ធំ​មួយ​ដល់​ដំណឹងល្អ គឺ​ថា​គ្រប់​ប្រភព​នៃ​ជំនួយ និង​សុវត្ថិភាព​ដែល​ត្រូវបាន​ផ្ដល់​ដល់​យើង គឺ​ជា​អ្វី​ដែល​យើង​អាច​នឹង​រត់​គេច​ចេញ​ពី​វា​ទៅ​វិញ ដោយសារ​ការគិត​ខ្លី​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។

សម្រាប់​ហេតុផល​អ្វី​ក៏​ដោយ ខ្ញុំ​ធ្លាប់​បាន​ឃើញ​សាសនា​គន់ការី​រត់​ចេញ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​ពួក​អែលឌើរ​រត់​ចេញ​ពី​ការហៅ​បម្រើ​បេសកកម្ម​មួយ ។ ខ្ញុំ​ធ្លាប់​បានឃើញ​សា្វមី ឬ​ភរិយា​រត់ចេញ​ពី​ចំណង​អាពាហ៍ពិពាហ៍ ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​សមាជិក​រត់​ចេញ​ពី​ការហៅ​បម្រើ​ដ៏​ពិបាក ។ ហើយ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​មនុស្ស​រត់​ចេញ​ពី​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​ពួកគេ ។

ញឹកញាប់​ណាស់ យើង​រត់ចេញ​ពី​អ្វី​ទាំង​នោះ ដែល​នឹង​សង្គ្រោះ​យើង និង​ធ្វើអោយ​យើង​ធូរ​ស្បើយ ។ ញឹកញាប់​ណាស់ យើង​ឃើញ​ការតាំងចិត្ត​ចំពោះ​ដំណឹងល្អ​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ហើយ​បន្ទាប់​មក​ក៏​បោះបង់​ចោល ។

អែលឌើរ ជេម អ៊ី ថាល់មេហ្គ ( ១៨៦២–១៩៣៣ ) បាន​មាន​ប្រសាសន៍​ថា ៖ « នៅក្នុង​ជីវិត​មនុស្ស​លោក​ដែល​ជា​មជ្ឈិមវ័យ គឺ​មាន​បទពិសោធន៍​ទាំងឡាយ​ដូច​ជា​ការតស៊ូ​របស់​អ្នក​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ឆ្លង​កាត់​ព្យុះ​ភ្លៀង ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់​នឹង​ខ្យល់ និង​សមុទ្រ​ដ៏​គំរាមកំហែង ជាញឹកញាប់ យប់​នៃ​ការតស៊ូ និង​គ្រោះថ្នាក់​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​យ៉ាង​ខ្លាំង​មុនពេល​អ្នក​សង្គ្រោះ​មក​ដល់ ហើយ​បន្ទាប់​មក ជា​ញឹកញាប់​ណាស់​ជំនួយ​សង្គ្រោះ​ត្រូវបាន​យល់​ច្រឡំ​ថា​ជា​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ទៅវិញ ។ [ ប៉ុន្តែ ] ដូច​បាន​កើត​មាន​ឡើង​ដល់ [ ពួក​សិស្ស​ទាំងនេះ ] នៅកណ្ដាល​ទឹក​កួច​យ៉ាង​វឹកវរ ដូច្នេះ អស់​អ្នក​ដែល​ខិតខំ​យ៉ាង​នឿយហត់​នៅ​ក្នុង​សេចក្ដី​ជំនឿ គឺជា​ព្រះសូរសៀង​នៃ​អ្នករំដោះ—‹ គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ › » ។

សូម​មក​រក​ទ្រង់

អ្វី​ដែល​ប្រពៃ​អំពី​ការអញ្ជើញ​ឲ្យ​ទទួល​ព្រះអង្គ​សង្គ្រោះ ឲ្យ​មក​រក​ទ្រង់ និង​ឲ្យ​តាមរក​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ទ្រង់​នេះ គឺ​ថា​អ្នក​ណា​ក៏​អាច​ធ្វើ​វា​បាន​ដែរ ។ នោះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​គ្រប់គ្នា​ដែល​បងប្អូន​ស្គាល់ ចង់​រក្សា​បទបញ្ញត្តិ ឬ​ថា​មនុស្ស​គ្រប់គ្នា​ដែល​បងប្អូន​ជួប​នឹង​រក្សា​បទបញ្ញត្តិ​នោះ​ដែរ ។ ប៉ុន្តែ អ្វី​ដែល​ជា​អត្ថន័យ​ពិត​របស់​វា​គឺ​ថា វា​អាច​ធ្វើ​ទៅ​បាន​ដើម្បី​រក្សា​បទបញ្ញត្តិ​ដោយ​មិនចាំបាច់​មាន​អំណោយ​ពិសេស​ណា ឬ​ការទទួល​មរតក​ដើម្បី​ធ្វើ​ដូច្នោះ​ទេ ។

ខ្ញុំ​សូម​អង្វរ​យ៉ាង​ទទូច​សុំ​នូវ​សេចក្ដី​ជំនឿ​ដែល « ភ្លឺ​ហើយ​ចែងចាំង និង​បរិសុទ្ធ​ហើយ​រឹងមាំ » ដើម្បី​ឲ្យ​ព្រះគ្រីស្ទ « ត្រូវបាន​នាំ​មក​ចូល​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​វប្បធម៌ [ របស់​យើង ] » និង​ដើម្បី​ឲ្យ​ខ្នាត​កម្ពស់​ផង​ព្រះគ្រីស្ទ​បាន​ដល់​ចំណុះ​ពោរពេញ​នៅក្នុង​ជីវិត​យើង ( សូមមើល អេភេសូរ ៤:១៣ ) ។

ជីវិត​អ្នក​នឹង​មាន​ឧបសគ្គ ។ ការលំបាក​នឹង​កើត​មាន​ឡើង ។ ការខូច​ចិត្ត​នឹង​កើតមាន ។ មនុស្ស​ជាទី​ស្រឡាញ់​នឹង​ទទួល​មរណភាព ។ ដូច្នេះ មិន​ថា​បងប្អូន​ទៅ​ទីណា​នោះ​ទេ សូម​ដើរ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ​ជាមុន​សិន ។ សូម​ចងចាំ​ថា ការរងទុក្ខ និង​ការរស់​ឡើង​វិញ​របស់​ទ្រង់ ធ្វើ​ឲ្យ​យើង​ទទួល​ជ័យជម្នះ​លើ​ការលំបាក និង​សេចក្ដី​ស្លាប់​របស់​យើង ។ សូម​ធ្វើ​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយ​ទ្រង់ ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំងនោះ​កាលដែល​បងប្អូន​បន្ត​ធ្វើ​ដំណើរ​ទៅមុខ ។

ក្នុង​ភាពទន់​ខ្សោយ​របស់​ខ្ញុំ​ទាំងអស់ ដែល​ខ្ញុំ​ទទួល​ស្គាល់​យ៉ាង​ងាយ​នោះ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​យើង​បាន « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។ ខ្ញុំ​ចង់​មកឯ​ទ្រង់ ។ បើ​អាច ខ្ញុំ​ចង់​ឲ្យ​ទ្រង់​មក​ឯ​ខ្ញុំ ។ ហើយ​ខ្ញុំ​ពិត​ជា​ចង់​បាន​ពរជ័យ​នោះ​សម្រាប់​បងប្អូន​ទាំងអស់​គ្នា ។

កំណត់​ចំណាំ

  1. ជេម អ៊ី ថាល់មេហ្គ Jesus the Christ ( ឆ្នាំ ១៩១៦ ) ទំព័រ ៣៣៧ ។

  2. Eric Metaxas, Bonhoeffer: Pastor, Martyr, Prophet, Spy ( 2010 ) ទំព័រ ២៤៨ ។