ឆ្នាំ ២០២១
អ្វី​ដែល​ការបោស​សម្អាត​បាន​បង្រៀន​ខ្ញុំ​អំពី​ភាពជា​ឪពុក​ម្ដាយ
ខែ មីនា ឆ្នាំ ២០២១


ជំនួយ​សម្រាប់​ឪពុក​ម្ដាយ

អ្វី​ដែល​ការបោស​សម្អាត​បាន​បង្រៀន​ខ្ញុំ​អំពី ភាពជា​ឪពុក​ម្ដាយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

កិច្ចការ​ផ្ទះ​របស់​កូនៗ​ខ្ញុំ បាន​ជួយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

រូបភាព
children cleaning a floor with brooms and a mop

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ខ្ញុំ​បាន​ភ្ញាក់​ឡើង​នៅ​ព្រឹក​មួយ មាន​អារម្មណ៍​សន្ធប់ ។ កាតព្វកិច្ច​របស់​ខ្ញុំ​ជា​ម្ដាយ​ម្នាក់​មាន​អារម្មណ៍​ថា​ធ្ងន់​ណាស់ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ពី​ភាពទន់​ខ្សោយ​របស់​ខ្ញុំ ។ វា​ហាក់​ដូច​ជា​មាន​ចន្លោះ​យ៉ាង​ធំ រវាង​របៀប​ដែល​ខ្ញុំ​ស្រមៃ​ខ្លួន​ឯង​ជា​ម្ដាយ​ម្នាក់ និង​របៀប​ដែល​ខ្ញុំ​ជា​ម្ដាយ​ម្នាក់​ពិត​ប្រាកដ ។

ខ្ញុំ​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​បាន​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​ថា​ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ប៉ុណ្ណា ។ ខ្ញុំ​បាន​ទូល​ប្រាប់​ទ្រង់​ថា​ខ្ញុំ​ស្រឡាញ់​កូនៗ​ដែល​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​របស់​យើង​ប៉ុណ្ណា ។ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទូល​ប្រាប់​ទ្រង់​ថា ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​គ្រប់គ្រាន់​ទេ ។ កាលដែល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​គិត​ថា កូនៗ​ខ្ញុំ​នឹង​ក្លាយ​ជា​កូនៗ​ដ៏​ប្រសើរ​ជាង​នេះ​យ៉ាង​ណា ប្រសិន​បើ​ព្រះ​ចិញ្ចឹម​ពួកគេ​ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់​នោះ ។

បន្ទាប់​មក​មាន​រូបភាព​មួយ​បាន​ផុស​ឡើង ។ ខ្ញុំ​បាន​ឃើញ​កូនៗ​ខ្ញុំ​កំពុង​បោស​ផ្ទះបាយ ។ នេះ​ជា​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ជា​ច្រើន ដែល​ពួកគេ​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ដើម្បី​ជួយ​គ្រួសារ​យើង ។ ជួនកាល​ការមើល​ឃើញ​ពួកគេ​ធ្វើ​វា ធ្វើ​ឲ្យ​ខ្ញុំ​ទើស​ចិត្ត​ដោយសារ​ពួកគេ​កំពុង​រៀន​នៅ​ឡើយ ហើយ​បោស​មិន​សព្វ​កន្លែង​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ឲ្យ​ពួកគេ​ធ្វើ​វា ក៏​ដូច​ជា​កិច្ចការ​ផ្ទះ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​ផងដែរ ដោយសារ​ខ្ញុំ​មាន​ទស្សនវិស័យ​ធំធេង​ជាង​មួយ​សម្រាប់​ពួកគេ ។ ខ្ញុំ​ដឹង​ថា តាមរយៈ​ការអនុវត្ត​ដែល​មិន​ឥត​ខ្ចោះ​ទាំងនេះ ពួកគេ​នឹង​រៀន ហើយ​រីកចម្រើន ។ នៅ​ទី​បំផុត ពួកគេ​នឹង​អាច​ធ្វើ​វា​បាន​លឿន និង​មាន​ប្រសិទ្ធិភាព​ដូច​ខ្ញុំ​អាច​ធ្វើ​បាន​ដែរ ។ ទស្សនវិស័យ​អំពី​ពួកគេ​ក្លាយ​ទៅ​ជា​មាន​ទំនួល​ខុសត្រូវ និង​ភាពឯករាជ្យ គឺ​ជា​រង្វាន់​ដ៏​ធំធេង​ជាង​ដែល​ខ្ញុំ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​នោះ ។ ខ្ញុំ​មិន​កំពុង​ចិញ្ចឹម​កូន​សម្រាប់​ភាពជោគជ័យ​រយៈពេល​ខ្លី​នោះ​ទេ—ខ្ញុំ​កំពុង​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​ជោគជ័យ​ក្នុង​រយៈពេល​វែង ។

ហើយ​ខ្ញុំ​ឆ្ងល់​ថា ប្រហែល​ជា​រឿង​ដូច​នេះ​ពិត​ចំពោះ​ព្រះវរបិតា​ព្រះមាតា​សួគ៌​របស់​យើង​ផងដែរ ។ ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ថា យើង​ពុំ​អាច​ធ្វើ​កិច្ចការ​ល្អ​ឥត​ខ្ចោះ​ក្នុង​ការធ្វើ​ជា​ឪពុក​ម្ដាយ​នោះ​ទេ ។ រឿង​ខ្លះ​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ ទ្រង់ ​ទើស​ព្រះទ័យ​ប៉ុន្តែ​ទ្រង់​អនុញ្ញាត​ឲ្យ​វា​កើត​ឡើង ដោយសារ​ទ្រង់​ជ្រាប​ដឹង​ថា យើង​កំពុង​រៀន និង​កំពុង​រីកចម្រើន ។ ទ្រង់​មាន​ទស្សនវិស័យ​រយៈពេល​យូរ​អង្វែង​បំផុត ។ ទ្រង់​ប្រមើល​មើល​ឃើញ​យើង​ថា ថ្ងៃមួយ​យើង​នឹង​ក្លាយ​ជា​ឪពុក ឬ​ម្ដាយ​ម្នាក់​ដូច​ជា​ទ្រង់ ដែល​អាច​ស្រឡាញ់​ទាំងស្រុង បង្រៀន​ដោយ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ជា​គំរូ​ល្អ​ឥត​ខ្ចោះ ។ កាល​ដែល​យើង​ខំ​ធ្វើ​ទាំង​មិន​ប្រសប់ នោះ​ទ្រង់​ជ្រាប​ដឹង​ថា យើង​កំពុង​អភិវឌ្ឍ​នូវ​គុណសម្បត្តិ​ទាំងឡាយ​ដូចជា​ការអត់ធ្មត់ និង​សប្បុរសធម៌ ។ ហេតុ​ដូច្នោះ​ហើយ ដោយ​នូវ​ព្រះប្រាជ្ញា​របស់​ទ្រង់ ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ ហើយ​បរាជ័យ ហើយ​ព្យាយាម​ម្ដង​ទៀត ។

ខ្ញុំ​ប្រាថ្នា​ខ្លាំង​ណាស់​ថា ខ្ញុំ​អាច​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ឥតខ្ចោះ​រួច​ទៅ​ហើយ ! ដូច យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ថា ជា​ញឹកញាប់ ខ្ញុំ​ឃើញ​ថា​ខ្លួន​ឯង​កំពុង​ធ្លាក់ « ទៅ​ក្នុង​ការ​ខុសឆ្គង​ជា​ច្រើន » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨ ) ។ ប៉ុន្តែ ខ្ញុំ​រកឃើញ​ការលួងលោម​ដោយ​ដឹង​ថា ព្រះ​យល់​ពី​ដួងចិត្ត​ខ្ញុំ ដែល​មានន័យ​ថា ទ្រង់​ត្រាស់​ដឹង​ថា ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​អាច​ទទួល​យក​ការបង្រៀន​បាន ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ នៅពេល​កូនៗ​ខ្ញុំ​សួរ​ថា « តើ​កូន​អាច​ធ្វើ​កិច្ចការ​នេះ​ឲ្យ​កាន់តែ​ល្អ​ដោយ​របៀប​ណា ? » ហើយ​ហាក់​ដូច​ជា​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ យ៉ាងហោច​ណាស់​ខ្ញុំ​អាច​ធ្វើ​ដូចនោះ​សម្រាប់​ព្រះវរបិតាសួគ៌ ។

កាលដែល​គំនិត​ទាំងនេះ​កំពុង​មាន​ពេញ​ខួរក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​មាន​គ្រា​ខក​ចិត្ត​មួយ​ទៀត ។ « ប៉ុន្តែ ចុះ​បើ​កំហុស​ក្នុង​ការធ្វើ​ជា​ម្ដាយ​របស់​ខ្ញុំ​ធ្វើបាប​ដល់​កូនៗ​ខ្ញុំ​វិញ​នោះ ? ខ្ញុំ​បាន​សួរ ។ « ខ្ញុំ​ពុំ​ចង់​បង្អាក់​ពួកគេ​ទេ សូម្បី​តែ​បើ​ខ្ញុំ​ក្លាយ​ជា​ម្ដាយ​ដ៏​ល្អ​នៅក្នុង​ដំណើរការ​នោះ​ក្ដី » ។

ជា​ថ្មី​ម្ដង​ទៀត រូបភាព​នៃ​កូនៗ​ខ្ញុំ​កំពុង​បោស​សម្អាតបាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ បន្ទាប់​ពី​កូនស្រី​ខ្ញុំ​ព្យាយាម​ដោយ​ស្មោះ ដើម្បី​ជូត​ឥដ្ឋ ហើយ​បន្ទាប់​មក​ប្រញាប់​រត់​ទៅលេង ឬ​ទៅ​បញ្ចប់​អ្វី​មួយ​ផ្សេង​ទៀត ខ្ញុំ​តែងតែ​សម្អាត​កន្លែង​ដែល​ស្អិត​ដែល​នៅ​សេសសល់​នោះ ។ ហើយ​ខ្ញុំ​បាន​គិត​អំពី​សេចក្ដី​មេត្តា​ករុណា និង​ព្រះចេស្ដា​ដ៏​គ្មាន​ព្រំដែន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ដង្វាយ​ធួន​របស់​ទ្រង់​បាន​គ្រប​ដណ្ដប់​ដល់​ស្ថានភាព​ស្អិត​នៃ​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា ។ ព្រះគុណ​របស់​ទ្រង់​បំពេញ​ភាពខ្វះខាត​របស់​ខ្ញុំ​ក្នុង​នាម​ជា​ម្ដាយ​ម្នាក់ ដូច​ជា​ព្រះគុណ​របស់​ទ្រង់​សង​ជួស​នូវ​ការឈឺចាប់​ដែល​កូនៗ​ខ្ញុំ​ទទួល​ដោយសារ​ភាពខ្វះខាត​របស់​ខ្ញុំ ។ តាម​របៀប​មួយ​ដែល​គ្មាន​យើង​ណា​ម្នាក់​អាច​យល់​បាន នោះ​ដង្វាយ​ធួន​របស់​ទ្រង់​អាច​ព្យាបាល​អ្វីៗ ទាំងអស់

ខ្ញុំ​ទទួល​ការលួងលោម​យ៉ាង​អស្ចារ្យ​នៅក្នុង​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​នោះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បង្រៀន​ខ្ញុំ​ថា ការប្រឹងប្រែង​ដ៏​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ នៅក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ព្រះអម្ចាស់ គឺ​គ្រប់គ្រាន់​ហើយ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​បន្ត​ធ្វើ​កិច្ចការ​នៅ​ក្នុង​ជីវិត​កូនៗ​របស់​ខ្ញុំ បន្តិច​ម្ដងៗ ដើម្បី​ធ្វើ​ដោយ​ឥត​ខ្ចោះ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ឥត​ខ្ចោះ ។ ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់ កូនៗ​ខ្ញុំ​អាច​ជះ​ពន្លឺ​ក្នុង​ភាពត្រឹមត្រូវ​របស់​ពួកគេ​ផ្ទាល់​នៅ​ថ្ងៃ​មួយ គឺ​ភ្លឺ​ដូច​ជា​ព្រះវរបិតាសួគ៌​បាន​ចញ្ចឹម​ពួកគេ​តាំង​ពី​ដំបូង​មក​ដែរ ។ លើកលែង​តែ​ផែនការ​របស់​ទ្រង់​ក៏​ផ្លាស់ប្ដូរ​ខ្ញុំ​នៅ​ក្នុង​ដំណើរការ​នោះ​ដែរ—ដោយ​ការញែក​ចេញ​ជា​បរិសុទ្ធ និង​ការហាត់​ពត់​ខ្ញុំ​ឲ្យ​ក្លាយ​កាន់តែ​ដូច​ទ្រង់ ។ ឱ​ប្រាជ្ញា​នៃ​ព្រះរបស់​យើង​ធំណាស់​ហ្ន៎ !