ឆ្នាំ ២០២១
ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់
ខែ មីនា ឆ្នាំ ២០២១


មានតែ​ឌីជីថល​ប៉ុណ្ណោះ ៖ សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់

ព្រះអម្ចាស់​ស្គាល់​យើង និង​ត្រាស់ដឹង​ពី​អ្វី​ដែល​ត្រឹមត្រូវ​សម្រាប់​យើង​ឥឡូវ​នេះ ។

រូបភាព
man and woman working together in kitchen

ថតរូប​ដោយ ខនឌី ប៊ែល

ហ្គីសេលេ

មុន​ពេល​យើង​រៀបការ អនឌ្រេ​កំពុង​រៀន​យក​សញ្ញាបត្រ​បណ្ឌិត​របស់​គាត់ និង​បាន​ទទួល​មុខតំណែង​ធ្វើការ​នៅ​សាកលវិទ្យាល័យ​មីឈីហ្គែន ។ យើង​បាន​រៀបការ ហើយ​បាន​ប្ដូរ​ទៅ​នៅ​រដ្ឋ​មីឈីហ្គែន ។ នៅ​ទី​បំផុត អនឌ្រេ​បាន​ចាប់​ផ្ដើម​មាន​បញ្ហា​ខ្លះៗ​នៅ​កន្លែង​ធ្វើការ និង​បាន​ចង់​ផ្លាស់​ប្ដូរ​ការងារ ។

យើង​នៅ​ក្មេង យើង​ទើប​តែ​រៀបការ ថ្មីថ្មោង យើង​មិន​បាន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ យើង​បាន​សម្រេច​ចិត្ត​អធិស្ឋាន​អំពី​វា ។

អនឌ្រេ

ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​សាកលវិទ្យាល័យ ហើយ​បាន​ឃើញ​ក្ដារខៀន​មួយដែល​មាន​បិទ​ប្រកាស​មុខ​តំណែង​ការងារ ។ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើការ​បី​កន្លែង​ផ្សេងៗ​គ្នា ។ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ខ្ញុំ​ត្រូវ​បាន​ផ្តល់​ការងារ​ទាំងបី​នោះ ។

ហ្គីសេលេ

យើង​បាន​ឆ្ងល់​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច ។ យើង​បាន​អធិស្ឋាន​ម្ដង​ទៀត ។ មុខ​តំណែង​ការងារ​មួយ​គឺ​នៅ​ប្រទេស​អង់គ្លេស ប៉ុន្តែ​យើង​ចង់​នៅ​ក្នុង​សហរដ្ឋ ។ ការងារ​មួយ​ទៀត​គឺ​នៅ​រដ្ឋ​តិចសាស ហើយ​ការងារ​មួយ​ទៀត​នៅ​រដ្ឋ​ម៉ារីលែន ក្បែរ​រដ្ឋធានី វ៉ាស៊ីងតោន ឌី.ស៊ី. ។ ការងារ​នៅ​ម៉ារីលែន​គឺ​ជាមួយ​នឹង NASA ។ អនឌ្រេ​ជា​អ្នក​វិទ្យាសាស្ត្រ ដូច្នេះ NASA ហាក់​បី​ដូច​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ទៅ ។

អនឌ្រេ

នៅ​តាម​ផ្លូវ​ទៅ​រដ្ឋ​ម៉ារីលែន ខ្ញុំ​បាន​បើក​បរ​ពេល​ហ្គីសេលេ​គេង ។ វា​គឺ​នៅ​ព្រឹក​ព្រលឹម ពេល​ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​វ៉ាស៊ីងតោន ឌី.ស៊ី. ។

« ភ្ញាក់​ឡើង ! ភ្ញាក់​ឡើង ! តើ​អូន​បាន​ឃើញ​វា​ទេ ? » ខ្ញុំ​បាន​និយាយ​ទៅកាន់​ហ្គីសេលេ ។ « វា​ដូចជា​ប្រាសាទ​មួយ​អញ្ចឹង ! »

ហ្គីសេលេ

ខ្ញុំ​បាន​ប្រាប់​អនឌ្រេ​ថា ប្រហែល​ជា​យើង​អាច​ទៅ​លេង​នៅ​ថ្ងៃ​មួយ ។ យើង​មិន​ដឹង​ទេ​ថា​វា​ជា​អ្វី​នោះ​ទេ ។ ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​មកដល់​រដ្ឋ​ម៉ារីលែន ខ្ញុំ​បាន​ទៅ​បណ្ណាល័យ​ដើម្បី​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ដាក់​ពាក្យ​សុំ​ការងារ និង​មើល​អ៊ីម៉ែល​របស់​ខ្ញុំ ។

ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើការ​នៅ​ទីនោះ បាន​ឮ​តុង​និយាយ​របស់​ខ្ញុំ ហើយ​បាន​សួរ​ថា​ខ្ញុំ​មក​ពី​ណា ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មក​ពី​ប្រទេស​ប្រេស៊ីល ហើយ​យើង​បាន​ចាប់ផ្ដើម​និយាយ​គ្នា ។ គាត់​មាន​ឈ្មោះ​ថា អែដណា ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​ទើប​តែ​ប្ដូរ​មក​ពី​រដ្ឋ​មីឈីហ្គែន និង​បានប្រាប់​ពី​កន្លែង​ដែល​យើង​រស់នៅ ។

អែដណា​បាន​និយាយ​ថា « ខ្ញុំ​រស់នៅ​ក្នុង​ផ្ទះល្វែង​ហ្នឹង​ដែរ » ។

ពេល​ខ្ញុំ​ត្រឡប់​ទៅ​បណ្ណាល័យ​វិញ​នៅ​ថ្ងៃ​បន្ទាប់​ទៀត អែដណា​បាន​និយាយ​ថា « ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ប្អូន​ត្រឡប់​មក​វិញ ។ ខ្ញុំ​ចង់​អញ្ជើញ​ប្អូន និង​ស្វាមី​ប្អូន​មក​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​របស់​ខ្ញុំ » ។

ខ្ញុំ​គិតថា វា​ចម្លែក​ណាស់​ដោយសារ​គាត់​មិន​ស្គាល់​ខ្ញុំ​ផង ។ បន្ទាប់​មក​គាត់​បាន​និយាយ​ថា « ខ្ញុំ​បាន​អធិស្ឋាន​អំពី​ប្អូន ព្រោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​អ្វី​មួយ​ពិសេស​ណាស់ ពេល​ខ្ញុំ​បាន​ជួប​ប្អូន​កាលពី​ម្សិលមិញ » ។

យើង​បាន​ទៅ​ផ្ទះ​គាត់ ហើយ​បាន​ដឹង​ថា ស្វាមី​គាត់​ទើប​តែ​បាន​ស្លាប់​ថ្មីៗ​នេះ ។ បន្ទាប់ពីអាហារ​ពេល​ល្ងាច​ហើយ គាត់​បាន​លេង​បទ « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ( ទំនុកតម្កើង លេខ ១៣៥ ) នៅលើ​ព្យាណូ ។ គាត់​បាន​និយាយ​ថា វា​ជា​ទំនុកតម្កើង​ដែល​ស្វាមី​គាត់​ចូលចិត្ត ហើយ​បាន​លេង​វា​នៅ​ពេល​បុណ្យ​សព​របស់​គាត់ ។ បន្ទាប់​មក​គាត់​បាន​និយាយ​ជាមួយ​យើង​អំពី​ផែនការណ៍​នៃ​សេចក្តី​សង្គ្រោះ ហើយ​បាន​អញ្ជើញ​ពួក​យើង​ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​គាត់ ។

យើង​បានទៅ​ព្រះវិហារ ហើយ​មនុស្ស​នៅ​ទី​នោះ​បាន​ស្វាគមន៍​យើង​ណាស់ ។ យើង​បាន​សម្រេច​ចិត្ត​ទៅ​ថ្ងៃ​អាទិត្យ​បន្ទាប់​ទៀត ។ យើង​បាន​យល់​ព្រម​ដើម្បី​រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អែដណា​បាន​អញ្ជើញ​យើង​ឲ្យ​រៀន​នៅ​ផ្ទះ​គាត់ ។ អស់​រយៈពេល​ប្រាំ​ខែ យើង​បាន​ទៅ​ព្រះវិហារ​រៀងរាល់​ថ្ងៃ​អាទិត្យ ។ ដួងចិត្ត និង​វិញ្ញាណ​របស់​យើង​បាន​រៀបចំ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

អនឌ្រេ

ពេល​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ត្រូវបាន​ប្រកាស គ្រប់គ្នា​មើល​ទៅ​ភ្ញាក់​ផ្អើល ។ ពួកគេ​បាន​និយាយ​ថា « អស្ចារ្យ​ណាស់ អ្នក​មិនមែន​ជា​សមាជិក​ទេ​ឬ ? » « ប៉ុន្តែ អ្នក​បាន​មក​ទីនេះ​ជា​រៀងរាល់​សប្ដាហ៍ ! » បុណ្យ​ជ្រមុជទឹក​របស់​យើង​ពិសេស​ណាស់ ។ ស្ទើរតែ​ទាំងអស់​គ្នា​នៅ​ក្នុង​វួដ​បាន​ចូលរួម ។

យើង​បាន​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​វ៉ាស៊ីងតោន ឌី.ស៊ី. មួយ​ឆ្នាំ​ក្រោយ​មក ។ ពេល​យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ យើង​បាន​ដឹង​ថា វា​ជា​ប្រាសាទ​ដែល​យើង​បាន​ឃើញ​ជាង​មួយ​ឆ្នាំ​មុន​នោះ !

ហ្គីសេលេ

បន្ទាប់​ពី​យើង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​រឿង​ជា​ច្រើន​ដំណើរការ​មិន​បាន​ល្អ​ទេ ។

បន្ទាប់​ពី​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ វា​ពិបាក​សម្រាប់​យើង​ដើម្បី​បន្ត​ទិដ្ឋាការ​របស់​យើង ។ ខ្ញុំ​សោកសៅ ដោយសារ​ខ្ញុំ​ទើប​តែ​បាន​បញ្ចប់​ការសិក្សា​មក​ពី​មហាវិទ្យាល័យ​សហគមន៍​មួយ ហើយ​បាន​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ពេញលេញ​នៅ​សាកលវិទ្យាល័យ​ម៉ារីលែន ។ ខ្ញុំ​មិន​បាន​ទទួល​អាហារូបករណ៍​នោះ​ទេ ហើយ​មន្ទីរ​ពិសោធន៍​ដែល​អនឌ្រេ​ធ្វើការ​នោះ​បាន​បិទ ។

យើង​បាន​គិត​ថា ប្រហែល​ជា​ដល់​ពេល​យើង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ប្រេស៊ីល​វិញ​ហើយ ។

អនឌ្រេ

ប៊ីស្សព​របស់​យើង​បាន​ប្រាប់​យើង​ថា យើង​អាច​ជួយ​សមាជិក​ជា​ច្រើន​នៅក្នុង​ប្រទេស​ប្រេស៊ីល ហើយ​រីកចម្រើន​នៅ​ក្នុង​របៀប​ដែល​យើង​ប្រហែល​ជា​មិន​អាច​មាន​នៅក្នុង​សហរដ្ឋ ។ គាត់​បាន​ប្រឹក្សា​យើង​ឲ្យ​បន្ត​នៅ​ជិតដិត​នឹង​សាសនាចក្រ ។

គាត់​បាន​និយាយ​ថា « ទៅ​ប្រទេស​ប្រេស៊ីល ហើយ​បម្រើ​ព្រះអម្ចាស់ » ។

បន្ទាប់​ពី​រស់នៅ​ប្រទេស​ប្រេស៊ីល​មួយ​រយៈ ប្រធាន​ស្តេក​របស់​យើង​បាន​មក​ផ្ទះ​យើង ហើយ​បាន​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​នៅក្នុង​គណៈប៊ីស្សព ។ ខ្ញុំ​ហាក់​ដូច​ជា​បាន​ដឹង​ថា ខ្ញុំ​នឹង​ត្រូវបាន​ហៅ ។ ពីរ​បី​យប់​មុន​ការហៅ​បម្រើ​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​គេង​លក់​ទេ ។ ខ្ញុំ​បាន​គិត ហើយ​បាន​សិក្សា ។

ហ្គីសេលេ

ខ្ញុំ​បាន​ឆ្ងល់​ថា​មាន​អ្វី​កំពុង​កើត​ឡើង ។ ខ្ញុំ​បាន​ឃើញ​គាត់​ផ្លាស់ប្ដូរ​ពី​មុន​ការហៅ​បម្រើ​របស់​គាត់ ។

អនឌ្រេ

ពេល​ខ្ញុំ​បាន​ចាប់​ផ្ដើម​ការហៅ​បម្រើ​របស់​ខ្ញុំ វួដ​របស់​យើង​មាន​សមាជិក​សកម្ម ៨០ នាក់ ។ ពេល​ខ្ញុំ​ត្រូវបាន​ដោះលែង មាន​មនុស្ស​ជា​ច្រើន​ថែម​ទៀត​បាន​ចូលរួម​ព្រះវិហារ​ជា​ទៀងទាត់ និង​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា ១២ នាក់ បាន​ទៅ​បម្រើ​ដែល​ចេញ​ពី​វួដ​របស់​យើង ។ វា​អស្ចារ្យ​ណាស់ !

អំឡុង​ពេល​ដែល​ខ្ញុំ​ត្រូវបាន​ដោះលែង ជា​ពេល​ដែល​ប្រធាន ឌៀថើរ អែហ្វ អុច​ដូហ្វ ត្រូវបាន​ដោះលែង​ពី​គណៈ​ប្រធាន​ទីមួយ ។ ខ្ញុំ​ចងចាំ​ថា ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​ថា ប្រធាន អុចដូហ្វ មាន​ទំនួល​ខុសត្រូវ​ថ្មី និង​សំខាន់ៗ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

បី​ខែ​ក្រោយមក ខ្ញុំ​ត្រូវបាន​ហៅ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​បេសកម្ម ។ ខ្ញុំ​ពុំ​បាន​បម្រើ​បេសកកម្ម​ទេ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ការហៅ​បម្រើ​របស់​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​ធ្វើ​ការ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ព្រះអម្ចាស់​ស្គាល់​ខ្ញុំ ។ ទ្រង់​បាន​ត្រាស់​ដឹង​ថា ខ្ញុំ​ត្រូវ​ដោះលែង​ពី​ប៊ីស្សព ដូច្នេះ​ខ្ញុំ​អាច​បម្រើ​នៅក្នុង​ពេល និង​កន្លែង​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ពេល​នេះ ។