ឆ្នាំ ២០២១
ជេន​បាន​ត្រេកអរ​នៅ​ក្នុង​ការធ្វើ​ដំណើរ​នោះ
ខែ មីនា ឆ្នាំ ២០២១


ស្ត្រី​ពី​ជំនាន់​ដំបូង​នៃ​ការស្ដារ​ឡើងវិញ

ជេន​បាន​ត្រេកអរ​នៅ​ក្នុង​ការធ្វើ​ដំណើរ​នោះ

ដូចជា ជេន ម៉ែននីង ជេមស៍ តើ​យើង​ប្ដេជ្ញា​ចិត្ត​ដើម្បី​បញ្ចប់​ការធ្វើ​ដំណើរ​របស់​យើង​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ដែរ​ឬ​ទេ ?

រូបភាព
illustration of Jane Manning James

រចនា​រូបភាព​ដោយ ថូនី អូកា

ជេន ម៉ែននីង ជេមស៍ បាន​នឿយហត់​ក្នុង​ការដើរ ប៉ុន្តែ​នាង​មិនព្រម​ឈប់​ទេ ។

កូនប្រុស​ច្បង​របស់​នាង ស៊ីលវ៉េស្ទើរ ធំ​ល្មម​ដើម្បី​ដើរ​នៅ​ក្បែរ​រទេះ​រុញ​បាន ។ ប៉ុន្តែ កូនតូច​ស៊ីឡាស ដែល​បាន​កើត​មក​នៅ​តាម​ផ្លូវ ត្រូវតែ​បី ។ វា​គឺ​នៅ​ឆ្នាំ ១៨៤៧ ហើយ​ក្រុម​គ្រួសារ​ជេមស៍ នៅ​មិន​យូរ​ប៉ុន្មាន នឹង​បាន​នៅក្នុង​ចំណោម​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដំបូង​ដែល​បាន​មក​ដល់​ជ្រលង​ភ្នំ​សលត៍លេក ។

ជេន​មិន​មែន​មិន​ធ្លាប់​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​នោះ​ទេ ។

បួន​ឆ្នាំ​មុន​នោះ គ្រួសារ​នាង​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង​ភាគ​ខាងកើត ដើម្បី​ចូលរួម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ នៅ​ជាយ​ព្រំដែន​ខាង​លិច ។ ការធ្វើ​ដំណើរ​គួរ​តែ​ចំណាយ​ពេល​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​តាម​ដង​ស្ទឹង ។ ប៉ុន្តែ ដោយសារ​ ជន​ស្បែក​ខ្មៅ​ជា​ច្រើន​ជា​ទាសករ​នៅក្នុង​សហរដ្ឋ​នៅ​ជំនាន់​នោះ ជា​ញឹកញាប់ គ្រួសារ​របស់​ជេន​ត្រូវតែ​បង្ហាញ​ក្រដាស​ដើម្បី​បញ្ចាក់​ពី​សេរីភាព​របស់​ពួកគេ ។ ហើយ​កន្លែង​ខ្លះ​មាន​ច្បាប់​ដ៏​តឹងតែង ដែល​រារាំង​ប្រជាជន​ដែល​មិន​មែន​ជនជាតិ​ស្បែក​ស ពី​ការធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នោះ—រួម​ទាំង​គិត​ថ្លៃ​រហូត​ដល់ ៥០០ ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​ទៀតផង ។

ប្រហែល​ដោយសារ​តែ​តម្លៃ​ហួស​ប្រមាណ​នេះ ឬ​ប្រហែល​ជា​ដោយសារ​តែ​ការរើសអើង​ផ្សេងៗ​ទៀត នោះ​ក្រុម​ទូក​មិន​ព្រម​ឲ្យ​សមាជិក​គ្រួសារ​នាង​ធ្វើ​ដំណើរ​បន្ត​ទៀត​ទេ ។ ដោយ​មិន​ឲ្យ​អ្វី​មក​បង្អាក់ ដំណើរ​នេះ នោះ​ពួកគេ​បាន​ទុក​ចោល​របស់​របរ​ជា​ច្រើន​របស់​ពួកគេ ហើយ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​អាច​យក​តាម​ខ្លួន​បាន ។

គ្រួសារ​របស់​ជេន​បាន​ដើរ​អស់​ជាង ៨០០ ម៉ាលស៍ ( ១២៨៧ គីឡូម៉ែត្រ ) ។ ពួកគេ​បាន​ដើរ​កាត់​ថ្ងៃ​ដ៏​សើម និង​រាត្រី​ដ៏​ងងឹត​សូន្យសុង ។ មាន​ម្ដង​នោះ ពួកគេ​បាន​ដើរ​យ៉ាង​លំបាក​កាត់​ព្រៃ​មួយ ដោយ​បាន​ដេក​កណ្តាល​វាល​ល្ហល្ហេវ ។ ពេល​ដែល​ពួកគេ​ភ្ញាក់​ឡើង សំលៀកបំពាក់​របស់​ពួកគេ​មាន​ពណ៌​ស​ដោយសារ​កំណក​ទឹក ។

ជេន​បាន​រំឭក​ថា « យើង​បាន​ដើរ​រហូត​ស្បែក​ជើង​យើង​សឹក ហើយ​ជើង​យើង​ឈឺ និង​ប្រះ​ចេញ​ឈាម » ។ « … យើង​បាន​ទូល​សូម​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ឲ្យ​ព្យាបាល​ជើង​យើង ហើយ​ការអធិស្ឋាន​របស់​យើង​បាន​ទទួល​ចម្លើយ » ។

ខណៈ​តស៊ូ​នឹង​ការធ្វើ​ដំណើរ​ដ៏​លំបាក​នេះ ជេន​បាន​ច្រៀង​ទំនុក​តម្កើង​សរសើរ​ព្រះ​ជាមួយ​ឪពុក​ម្ដាយ និង​បងប្អូន​របស់​នាង ។ នៅ​ទីបំផុត បន្ទាប់​ពី​បាន​ដើរ​ជិត​បី​ខែ ពួកគេ​បាន​មក​ដល់​ទីក្រុង​ណៅវូ ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ពួក​បរិសុទ្ធ​បាន​ចាកចេញ​ដើម្បី​ឆ្លង​កាត់​វាល​ទំនាប នោះ​ជេន​ស្ថិត​នៅក្នុង​ចំណោម​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដំបូង​ដែល​បាន​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​លំ​នោះ ។