ឆ្នាំ ២០២១
« ខ្ញុំ​ចង់​ទៅ​ស្ថានសួគ៌ »
ខែ មីនា ឆ្នាំ ២០២១


« ខ្ញុំ​ចង់​ទៅ​ស្ថានសួគ៌ »

ពេល​ខ្ញុំ​បាន​អធិស្ឋាន ហើយ​បាន​ទូល​សួរ​ដល់​ព្រះ​អំពី​វិថី​ថ្មី​នេះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ជឿជាក់​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​រកឃើញ ។

រូបភាព
sun breaking through clouds

រូបថត​មក​ពី Getty Images បង្ហាញ​ដោយ​គំរូ

ខ្ញុំ​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៅ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​បន្ទាប់​មក​ខ្ញុំ​បាន​ចាប់ផ្ដើម​សិក្សា​អំពី​ការបង្រៀន​របស់​វា​អំពី​ស្ថាន​នរក ។ គំនិត​នេះ​បង្រៀន​ថា បន្ទាប់​ពី​សេចក្ដី​ស្លាប់​នៃ​រូបកាយ ព្រលឹង​ត្រូវបាន​ទទួល​ឲ្យ​ចូល​ទៅ​កន្លែង​មួយ​ស្រដៀង​នឹង​គុក ជា​កន្លែង​ដែល​ព្រលឹង​ត្រូវ​សម្អាត​ឲ្យ​បរិសុទ្ធ​មុន​នឹង​ទៅ​ស្ថានសួគ៌ ។

កាលដែល​ខ្ញុំ​បាន​គិត​អំពី​ព្រលឹង​ដែល​រងទុក្ខ​នៅក្នុង​ស្ថាន​នរក ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​អនាគត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផ្ទាល់ និង​ចំណង​ទាក់ទង​របស់​ខ្ញុំ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​អធិស្ឋាន « តើ​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី​ដើម្បី​គេច​ផុត​ពី​ស្ថាន​នរក ? ខ្ញុំ​ចង់​ទៅ​ស្ថានសួគ៌ » ។

អ្វី​ដែល​ចូល​មក​ក្នុង​គំនិត​ខ្ញុំ​មុន​គេ គឺ​រស់នៅ​តាម​ក្រឹត​វិន័យ​ទាំង​ដប់​ប្រការ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ប្រសិនបើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ព្រះគុណ​របស់​ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចៀស​ផុត​ពី​ស្ថាន​នរក ។ ខ្ញុំ​បាន​តាំង​ចិត្ត​ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​នោះ ហើយ​បាន​ចាប់​ផ្ដើម​ការតម​អាហារ ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការសមាធិ​យ៉ាង​ខ្លាំង ។

អំឡុង​ពេល​នេះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សួរ​សំណួរ​មិន​ធម្មតា​មួយ​អំពី​វេជ្ជបណ្ឌិត​ម្នាក់​នៅ​គ្លីនិក ជា​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ការ​ជា​ប្រធាន​គណនេយ្យ ។

ខ្ញុំ​បាន​សួរ​ថា « វេជ្ជបណ្ឌិត ធីបូត តើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ព្រះវិហារ​របស់​លោក​ទេ ? »

គាត់​បាន​ប្រាប់​ថា គាត់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ចាប់តាំងពី​គ្រា​នោះមក ព្រះវិញ្ញាណ​បាន​ដឹកនាំ​ការសន្ទនា​របស់​យើង ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ភាពខុសគ្នា​រវាង​ព្រះវិហារ​របស់​គាត់ និង​ព្រះវិហារ​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន ។ កាលដែល​យើង​បាន​បន្ត​ការសន្ទនា​របស់​យើង ដួងចិត្ត​របស់​ខ្ញុំ​ពេញ​ដោយ​ក្តីអំណរ ។ ខ្ញុំ​បាន​មាន​អារម្មណ៏​ថា ខ្ញុំ​បាន​ទទួល​ចម្លើយ​ដល់​ការអធិស្ឋាន​របស់​ខ្ញុំ ។

ពីរ​ថ្ងៃ​ក្រោយ​មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ដល់​ខ្ញុំ ដែល​ខ្ញុំ​បាន​អាន និង​សិក្សា​ជាមួយ​ពួកគេ ។ ខ្ញុំ​បាន​ឃើញ​ថា វា​អស្ចារ្យ​ណាស់​ក្នុង​ការរៀន​អំពី​អ្វី​ដែល​ថ្មី​ពី​ព្រះគម្ពីរ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​បាត់បង់​ចំណាប់​អារម្មណ៍​ពី​ព្រះវិហារ​របស់​ខ្ញុំ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចូលរួម​យ៉ាង​សកម្ម នោះ​ខ្ញុំ​បាន​ឆ្ងល់​ថា​តើ​មាន​អ្វី​កំពុង​កើត​ឡើង ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​ទូល​សួរ​ព្រះ​អំពី​វិថី​ថ្មី​នេះ ។ ពេល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​ទទួល​អារម្មណ៍​ជឿជាក់​កាន់តែ​ខ្លាំង​លើ​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​រកឃើញ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​រួម​សាសនាចក្រ សូម្បី​តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ប្រឈម​នឹង​ការបៀតបៀន ។

ការបៀតបៀន​ពិតជា​បាន​កើត​មាន ប៉ុន្តែ​ព្រះអម្ចាស់​បាន​ពង្រឹង​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជា​ចម្លើយ​ដល់​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​ខ្ញុំ ៖ « ខ្ញុំ​ចង់​ទៅ​ស្ថានសួគ៌ » ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ទៅ​ទីនោះ​បន្ទាប់​ពី​ខ្ញុំ​ស្លាប់ ប្រសិន​បើ​ខ្ញុំ​បន្ត​ស្មោះត្រង់​ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ ។