ឆ្នាំ ២០២៣
« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា »
ខែ មីនា ឆ្នាំ ២០២៣


« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា »

ព្រះបន្ទូល​ដដែល​នោះ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​សមុទ្រ​កាលីឡេ​នៅយប់​ដែល​មាន​ខ្យល់​ព្យុះ ទ្រង់​មាន​ព្រះ​បន្ទូល​មក​កាន់​យើង​ក្នុង​កំឡុង​ព្យុះ​នៃ​ជីវិត​របស់​យើង​ថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ។

រូបភាព
ភ្លៀង​ធ្លាក់​ចូល​សមុទ្រ

រូបថត​តាម Getty Images

សម្រាប់​គ្រួសារ​ខ្ញុំ និង​ខ្ញុំ នៅរដូវ​រងា​នៃ​ឆ្នាំ ១៩៤៤ គឺជា​ពេលវេលា​នៃ​ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់​មួយ ។ ដោយ​ឪពុក​របស់​ខ្ញុំ​នៅឆ្ងាយ​នៅ​សមរភូមិ​ភាគខាងលិច ម្តាយ​របស់ខ្ញុំ​បាន​ពុះពារ​ដើម្បី​ចិញ្ចឹម​កូន​បួន​នាក់​របស់​គាត់ និង​មាន​ភាពកក់ក្តៅ ខណៈពេល​ដែល​សង្រ្គាម​បាន​គំរាមកំហែង​ដល់​ផ្ទះ​របស់​យើង​នៅក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី ។

ជា​រៀងរាល់ថ្ងៃ គ្រោះ​ថ្នាក់​កាន់តែ​ខិតជិត ។ ទី​បំផុត ម្ដាយ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ទៅ​ផ្ទះ​ជីដូនជីតា​ខ្ញុំ​នៅ​ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់ ។ ដោយ​មិនដឹង​ជា​យ៉ាងម៉េច គាត់​បាន​នាំ​ពួកយើង​ទាំង​អស់គ្នា​ឡើង​ជិះរថភ្លើង​ចុងក្រោយ​របស់​ជនភៀស​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាងលិច ។ សំឡេង​ផ្ទុះ​នៅជិតៗ​នោះ ទឹក​មុខ​ព្រួយបារម្ភ និង​គ្មាន​អ្វី​នៅក្នុង​ពោះ​មួយ​គ្រាប់សោះនោះ បាន​រំឭក​អ្នក​គ្រប់គ្នា​នៅលើ​រថភ្លើង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​សង្រ្គាម ។

នៅ​យប់​មួយ​បន្ទាប់ពី​រថភ្លើង​របស់​យើង​ឈប់​ដើម្បី​ទទួល​ការផ្គត់ផ្គង់ ម្តាយ​របស់​ខ្ញុំ​ក៏​ប្រញាប់​ចេញ​ទៅ​រក​អាហារ ។ ពេល​គាត់​ត្រឡប់​មក​វិញ គាត់​រន្ធត់​ណាស់ ព្រោះ​រថភ្លើង​ដឹក​កូនៗ​ទៅ​បាត់ !

ដោយ​មាន​ការព្រួយ​បារម្ភ​ជាខ្លាំង គាត់​បាន​បែរ​ទៅ​រក​ព្រះ​ដោយ​ការអធិស្ឋាន​ដោយ​ក្តី​អស់​សង្ឃឹម ហើយ​បន្ទាប់មក​បាន​ចាប់ផ្ដើម​ស្វែងរក​ក្នុង​ស្ថានីយ​រថភ្លើង​ដែល​ងងឹត​យ៉ាងវីវក់ ។ គាត់​បានរត់​ពី​ផ្លូវ​រថភ្លើង​មួយ​ទៅ​ផ្លូវ​រថភ្លើង​មួយ និង​ពី​រថភ្លើង​មួយ​ទៅ​រថភ្លើង​មួយ ។ គាត់​បាន​ដឹង​ថា ប្រសិនបើ​រថភ្លើង​ចេញ​ដំណើរ​មុនពេល​គាត់​រក​ឃើញ នោះ​គាត់​ប្រហែលជា​មិន​បានជួប​ពួក​យើង​ទៀត​ទេ ។

ព្យុះ​នៅក្នុង​ជីវិត​របស់​យើង

ក្នុង​អំឡុង​ពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ពួក​សិស្ស​របស់ទ្រង់​បាន​រៀន​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​នៅក្នុង​ជីវិត​របស់​យើង​បាន ។ នៅ​ល្ងាច​មួយ បន្ទាប់ពី​ការបង្រៀន​ពេញ​មួយ​ថ្ងៃ​នៅ​មាត់​សមុទ្រ ព្រះ​អម្ចាស់​បាន​ប្រទាន​យោបល់​ដល់​ពួក​គេ « ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង » នៃ​សមុទ្រ​កាលីឡេ ( ម៉ាកុស ៤:៣៥ ) ។

បន្ទាប់ពី​ពួកគេ​បាន​ចាកចេញ ព្រះ​យេស៊ូវ បាន​រក​កន្លែង​ផ្ទុំ​នៅលើ​ទូក ហើយ​ក៏​លង់លក់ ។ មិន​យូរ​ប៉ុន្មាន​ផ្ទៃមេឃ​ក៏​ប្រែ​ងងឹត « នោះ​កើតមាន​ខ្យល់ព្យុះ​ជាខ្លាំង ហើយ​រលក​បោក​ចូល​ក្នុង​ទូក​ដល់​ម្លេះ បានជា​ទូក​ពេញ​ហើយ » ( សូមមើល ម៉ាកុស ៤:៣៧–៣៨ ) ។

យើង​មិន​ដឹង​ថា​ពួក​សិស្ស​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទូក​អណ្តែត​ដល់​ពេល​ណា​នោះ​ទេ ប៉ុន្តែ​នៅ​ទីបំផុត ពួកគេ​មិន​អាច​រង់ចាំ​ទៀត​បាន​ឡើយ ។ ដោយ​តក់ស្លុត​ពួកគេ​បាន​ស្រែក​ថា « លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​អី » ។ ( ម៉ាកុស ៤:៣៨ ) ។

យើង​ទាំង​អស់គ្នា​ប្រឈមមុខ​នឹង​ព្យុះបោកបក់​ភ្លាមៗ ។ នៅក្នុង​ជីវិត​រមែង​ស្លាប់​នៃ​ការសាកល្បង និង​ឧបសគ្គ យើង​អាច​មាន​អារម្មណ៍​ធុញថប់ បាក់​ទឹកចិត្ត និង​ខកចិត្ត ។ បេះដូង​យើង​ខ្ទេចខ្ទាំ​សម្រាប់​ខ្លួន​យើង និង​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ។ យើង​ព្រួយ​បារម្ភ និង​ភ័យខ្លាច ហើយ​ពេលខ្លះ​បាត់បង់​ក្តីសង្ឃឹម ។ ក្នុង​អំឡុង​ពេល​បែប​នេះ យើង​ក៏​អាច​នឹង​យំ​ថា « លោក​គ្រូ​អើយ យើង វិនាសហើយ​លោក​មិន​រវល់​ទេ​ឬ​អី ? »

នៅក្នុង​យុវវ័យ​របស់​ខ្ញុំ មាន​ទំនុក​តម្កើង​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ​បទ « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ។ ខ្ញុំ​អាច​ស្រមៃឃើញ​ខ្លួន​ឯង​នៅលើ​ទូក​នោះ នៅពេល « រលក​ធំៗ [ កំពុង ] បោកបក់​ខ្លាំង » ។ ផ្នែក​ដ៏​សំខាន់ និង​ស្រស់ស្អាត​បំផុត​នៃ​ទំនុកតម្កើង​នេះ មាន​ដូច​តទៅ ៖ « ខ្យល់ និង​រលក​ក៏​ស្តាប់​បង្គាប់​ទ្រង់​ប្រាប់ ៖ ចូរ​ស្ងប់​ទៅ » ។ បន្ទាប់មក​សារលិខិត​ដ៏​សំខាន់​ថា ៖ « រលក​មិន​អាច​លេប​ត្របាក់​ទុក​បានទេ​បើទ្រង់​នៅ​ជាម្ចាស់​នៃ​សមុទ្រ​ផែនដី និង​ផ្ទៃមេឃ » ។

ប្រសិនបើ​យើង​ស្វាគមន៍​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ម្ចាស់​នៃ​មេត្រីភាព​ឲ្យចូល​មក​ក្នុង​ទូក​របស់​យើង នោះ​យើង​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ ។ យើង​នឹង​ដឹង​ថា​យើង​អាច​ទទួល​បាន​សេចក្តី​សុខសាន្ត​ក្នុង​ពេល​ព្យុះភ្លៀង​ដែល​បក់​មក​ក្នុង​ខ្លួន​យើង និង​ជុំវិញ​យើង ។ បន្ទាប់ពី​ពួកសិស្ស​របស់​ទ្រង់​ស្រែក​រក​ជំនួយ ព្រះ​យេស៊ូវ « កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ »​( សូមមើល​ម៉ាកុស ​៤:៣៩ ) ។

ព្រះបន្ទូល​ដដែល​នោះ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅកាន់​សមុទ្រ​កាលីឡេ​នៅយប់​ដែល​មាន​ខ្យល់​ព្យុះ ទ្រង់​មាន​ព្រះ​បន្ទូល​មក​កាន់​យើង​ក្នុង​កំឡុង​ព្យុះ​នៃ​ជីវិត​របស់​យើង​ថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ។

« នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ » ។

ជាមួយ​នឹង​ពួក​សិស្ស យើង​អាច​សួរ​ថា « តើ​លោក​នេះ​ជាអ្វី បាន​ជាខ្យល់ និង​សមុទ្រ​ក៏ស្តាប់​បង្គាប់​លោក​ដូច្នេះ ? » ( ម៉ាកុស ៤:៤១ ) ។

ព្រះយេស៊ូវ​មិន​ដូចជា​មនុស្ស​ណា​ម្នាក់​ឡើយ ។ ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ទ្រង់​ត្រូវ​បាន​ហៅ​ឲ្យ​បំពេញ​បេសកកម្ម​ដែល​គ្មាន​អ្នក​ណា​អាច​បំពេញ​បាន​ឡើយ ។

តាម​រយៈ​ដង្វាយធួន​របស់​ទ្រង់ ហើយ​តាម​របៀប​ដែល​យើង​មិន​អាច​យល់​បាន​ទាំង​ស្រុង ព្រះអង្គ​សង្គ្រោះ​បានលើក​ដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់​នូវ « ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ( អាលម៉ា ៧:១១ ) និង « ទម្ងន់​ត្រួតលើ​គ្នា​នៃ​អំពើបាប​ក្នុង​ជីវិត​រមែងស្លាប់​ទាំងអស់ » ។

ទោះបី​ទ្រង់​មិន​ជំពាក់​បំណុល​យុត្តិធម៌​ក៏​ដោយ ក៏​ទ្រង់​បាន​រង​ទុក្ខ « ទាំងអស់ … ដែល​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ » ( អាលម៉ា ៣៤:១៦ ) ។ នៅក្នុង​ប្រសាសន៍​របស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « ទ្រង់​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ការប្រមូលផ្តុំ​នៃ​កំហុស សេចក្តី​ឈឺ​ចាប់ និង​ទុកព្រួយ ការចុកចាប់ និង​ក្តី​អាម៉ាស់​ទាំងអស់ គ្រប់​បញ្ហា​ទាំងអស់​នៃ​ផ្លូវចិត្ត អារម្មណ៍ និង​ទារុណកម្ម​ខាង​រូបកាយ​ដែល​មនុស្ស​លោក​ស្គាល់—នោះ​ទ្រង់​បាន​ដកពិសោធន៍​អ្វីៗ​ទាំងអស់​នោះ » ។ ហើយ​ទ្រង់​បាន​យក​ឈ្នះ​វា​ទាំងអស់ ។

អាលម៉ា បាន​ព្យាករណ៍​ថា​ព្រះអង្គសង្រ្គោះ « នឹង​យក​ដាក់​លើរូបអង្គ​ទ្រង់​នូវ​សេចក្តីស្លាប់ ដើម្បី​ទ្រង់អាច​ស្រាយចំណង​ទាំងឡាយ​នៃ​សេចក្តីស្លាប់ ដែល​ចងរាស្រ្ត​ទ្រង់ ហើយ​ទ្រង់​នឹងដាក់​លើរូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បីឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្តី​មេត្តាករុណា ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់អាច​ដឹង​ស្របតាម​សាច់ឈាម​ថាតើ​ត្រូវ​ជួយ​រាស្ត្រទ្រង់​បែបណា​តាម​ជំងឺ​របស់គេ » ( អាលម៉ា ៧:១២ ) ។

តាមរយៈ​អំណោយទាន​ដ៏ទេវភាព​ដែល​កើត​ចេញ​ពី​ទារុណកម្ម​ដ៏​ក្រៀមក្រំ និង​ដោយ​សេចក្តីស្រឡាញ់​ចំពោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង់​តម្លៃ​ដើម្បី​លោះ​យើង ពង្រឹង​យើង និង​ដើម្បី​សង្គ្រោះ​យើង ។ មាន​តែ​តាមរយៈ​ដង្វាយធួន​ប៉ុណ្ណោះ​ដែល​យើង​អាច​រក​ឃើញ​សេចក្តី​សុខសាន្ត​ដែល​យើង​ចង់បាន និង​ត្រូវការ​យ៉ាងខ្លាំង​នៅក្នុង​ជីវិត​នេះ ។ ដូចដែល​ព្រះអង្គ​សង្រ្គោះ​បាន​សន្យា​ថា « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។

រូបភាព
រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ផ្តល់​ឲ្យ​យើង​នូវ​របៀប​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​សុខសាន្ត​របស់​ទ្រង់ ប្រសិនបើ​យើង​នឹង​ងាក​ទៅរក​ទ្រង់ ។

រូបភាព​របស់​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

របៀប​ទៅរក​សេចក្តី​សុខសាន្ត

ព្រះយេស៊ូវ​គ្រីស្ទ ដែល​គ្រប់គ្រង​ធាតុ​ទាំងឡាយ ក៏​អាច​សម្រាល​បន្ទុក​របស់​យើង​បាន​ផងដែរ ។ ទ្រង់​មាន​ព្រះចេស្តា​ក្នុង​ការព្យាបាល​បុគ្គល​ម្នាក់ៗ និង​ប្រជាជាតិនានា ។ ទ្រង់​បាន​បង្ហាញ​យើង​នូវ​មាគ៌ា​ទៅកាន់​សេចក្តី​សុខសាន្តដ៏​ពិត​ប្រាកដ ដ្បិត​ទ្រង់​គង់​នៅ « ជា​ម្ចាស់​នៃ​មេត្រីភាព » ( អេសាយ ៩:៦ ) ។ សេចក្តី​សុខសាន្ត​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ឲ្យ​អាច​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ទាំងអស់ ប្រសិនបើ​បុត្រាបុត្រី​របស់​ព្រះ​អនុញ្ញាត​ឲ្យ ។ ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់​ផ្តល់​ឲ្យ​យើង​នូវ​របៀប​ដើម្បី​ទទួល​អារម្មណ៍​នូវ​សេចក្តី​សុខសាន្ត​របស់​ទ្រង់ ប្រសិនបើ​យើង​នឹង​ងាក​ទៅរក​ទ្រង់ ។

ទ្រង់​មាន​ព្រះបន្ទូល​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុងភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខ​សាន្ត​ក្នុង​យើង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:២៣ ) ។

យើង​រៀន​ពី​ទ្រង់ នៅពេល​យើង​លើក​ព្រលឹង​យើង​ឡើង​ក្នុង​សេចក្ដី​អធិស្ឋាន សិក្សា​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ហើយ « ឈរ​នៅ​…ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ » រួមទាំង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៨ សូមមើល ផងដែរ ៤៥:៣២ ) ។ សូម​ចូលរួម​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​ទៅ​បាន ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ជម្រក​ដ៏​សុខសាន្ត​ពី​ព្យុះ​ដែល​កំពុង​កើនឡើង​នៅ​សម័យ​របស់យើង ។

មិត្តភក្តិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​បង្រៀន​ថា ៖ « នៅពេល​យើង​ទៅ [ ព្រះវិហារ​បរិសុទ្ធ ] នៅពេល​យើង​ចងចាំ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅក្នុង​នោះ យើង​នឹង​អាច​ទ្រាំទ្រ​រាល់​ការសាកល្បង ហើយ​យក​ឈ្នះ​រាល់​សេចក្ដីល្បួង​បាន ។ ព្រះវិហារ​បរិសុទ្ធ​ផ្តល់​នូវ​គោលបំណង​សម្រាប់​ជីវិត​របស់យើង ។ ព្រះវិហារ​បរិសុទ្ធ​នាំមកនូវសេចក្តី​សុខសាន្ត​ដល់​ព្រលឹង​របស់​យើង—មិនមែន​សេចក្តី​សុខសាន្ត​ដែល​មនុស្ស​ផ្តល់​ឲ្យ​នោះទេ តែ​ជា​សេចក្តី​សុខសាន្ត​ដែល​បាន​សន្យា​ដោយ​ព្រះរាជបុត្រា​របស់​ព្រះ » ។

យើង​ស្តាប់​តាម​ព្រះបន្ទូល​របស់​ទ្រង់ នៅពេល​យើង​ធ្វើ​តាម​ការបង្រៀន​របស់​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ និង​ពី​ព្យាការី​ដែល​មាន​ជីវិត​រស់នៅ​របស់ទ្រង់ ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​មក​កាន់​សាសនាចក្រ​របស់​ទ្រង់ ជា​កន្លែង​ដែល​យើង​ទំនាក់ទំនងគ្នា ទទួល​ការបង្រៀន និង​ចិញ្ចឹមបីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ ។

យើង​ដើរ​នៅក្នុង​ភាព​ទន់ភ្លន់​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ កាល​យើង​មាន​ក្តី​ស្រឡាញ់​ដូច​ជា​ទ្រង់​មាន​ក្តី​ស្រឡាញ់ អត់ទោស​ដូច​ដែល​ទ្រង់​បាន​អភ័យទោស ប្រែចិត្ត ហើយ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​កន្លែង​ដែល​យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់​បាន ។ យើង​ក៏​ដើរ​នៅក្នុង​ភាពរាបទាប​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ កាល​ដែល​យើង​ជួយ​អ្នក​ដទៃ បម្រើ​ព្រះ​ដោយ​ក្តី​រីករាយ ហើយ​ព្យាយាម​ប្រែក្លាយ « ​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្ត » ( មរ៉ូណៃ ៧:៣ ) ។

ជំហាន​នៃ​សេចក្តីជំនឿ និង​កិច្ចការ​ទាំងនេះ​នាំ​ទៅរក​សេចក្តី​សុចរិត ផ្តល់​ពរ​ដល់​យើង​ក្នុង​ដំណើរ​នៃ​ភាពជាសិស្ស​របស់​យើង ហើយ​នាំ​មក​នូវ​សេចក្តី​សុខសាន្ត និង​គោលបំណង​ដ៏​ជាប់ជានិច្ច ។

« អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ »

នៅ​យប់​ងងឹត​មួយ​នៅក្នុង​ស្ថានីយ៍​រថភ្លើង​ដ៏​ក្រៀមក្រំ​ជាច្រើន​ឆ្នាំមុន ម្តាយ​របស់​ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​ការជ្រើសរើស​មួយ ។ គាត់​អាច​អង្គុយ​យំ​បោកខ្លួន​ចំពោះ​សោកនាដកម្ម​នៃ​ការបាត់​កូនៗ​របស់គាត់ ឬ​គាត់​អាច​ដាក់​សេចក្តី​ជំនឿ និង​ក្តី​សង្ឃឹម​របស់​គាត់​ទៅ​ជា​សកម្មភាព ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ជំនឿ​របស់​គាត់​បាន​យកឈ្នះ​លើ​ការភ័យខ្លាច​របស់​គាត់ ហើយ​ថា​ក្តីសង្ឃឹម​របស់​គាត់​បាន​យកឈ្នះ​លើ​ក្តី​អស់សង្ឃឹម​របស់​គាត់ ។

ទីបំផុត នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ស្ថានីយ៍​នោះ គាត់​បាន​រកឃើញ​រថភ្លើង​របស់​យើង ។ យើង​បាន​ជួបជុំ​គ្នា​ម្ដងទៀត​នៅ​ទីនោះ ។ នៅ​យប់នោះ និង​ក្នុង​អំឡុង​ពេល​ព្យុះភ្លៀង​ទាំង​ថ្ងៃ​ទាំងយប់​នៅ​ពេល​ខាងមុខ នោះ​គំរូ​របស់​ម្តាយ​ខ្ញុំ​ក្នុង​ការដាក់​សេចក្តី​ជំនឿ​ទៅ​ជា​សកម្មភាព​បាន​ទ្រទ្រង់​យើង កាល​ដែល​យើង​សង្ឃឹម និង​ធ្វើការ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង ។

សព្វថ្ងៃ​នេះ បុត្រាបុត្រី​របស់​ព្រះ​ជា​ច្រើន​យល់​ឃើញ​ថា រថភ្លើង​របស់​ពួកគេ​ក៏​ត្រូវ​បាន​ផ្លាស់ទី​ផង​ដែរ ។ ក្តីសង្ឃឹម និង​ក្តីស្រមៃ​របស់​ពួកគេ​សម្រាប់​ថ្ងៃ​អនាគត​ត្រូវ​បាន​រលាយ​បាត់​ដោយសារ​សង្រ្គាម ជំងឺ​រាតត្បាត និង​ការបាត់បង់​សុខភាព ការងារ ឱកាស​សិក្សា និង​មនុស្ស​ជាទីស្រឡាញ់ ។ ពួកគេ​បាក់​ទឹកចិត្ត ឯកោ វង្វេង ។

បងប្អូន​ប្រុស​ស្រី មិត្ត​ជា​ទីស្រឡាញ់ យើង​រស់នៅ​ក្នុងគ្រា​ដ៏​ពិបាក ។ មនុស្ស​គ្រប់គ្នា​មាន​ការងឿងឆ្ងល់ ការជំនុំជម្រះ​គឺមាន​នៅ​លើ​ដែនដី ហើយ​សេចក្តី​សុខសាន្ត​ត្រូវ​បាន​ដកចេញ​ពី​ផែនដី ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣៥; ៨៨:៧៩ ) ។ ប៉ុន្តែ មិន​ត្រូវ​ដក​សេចក្តី​សុខសាន្ត​ចេញ​ពី​ចិត្ត​របស់​យើង​ឡើយ ទោះជា​យើង​ត្រូវ​រងទុក្ខ សោកសៅ ហើយ​រង់ចាំ​ព្រះ​អម្ចាស់​ក៏​ដោយ ។

ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ នោះ​ការអធិស្ឋាន​របស់​យើង​នឹង​ត្រូវបាន​ឆ្លើយតប ។ ពេលវេលា​ជា​កម្មសិទ្ធិ​របស់​ព្រះ ប៉ុន្តែ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បំណងប្រាថ្នា​ដ៏​សុចរិត​របស់​យើង​នៅ​ថ្ងៃណា​មួយ​នឹង​សម្រេច​បាន ហើយ​ថា​ការបាត់បង់​​ទាំងអស់​នឹង​ស្រោចស្រង់​ឡើងផ្តល់​ដល់​យើងនូវ​អំណោយទាន​ដ៏​ទេវភាព​នៃ​ការប្រែចិត្ត ហើយ​បន្តនៅស្មោះត្រង់​ជានិច្ច ។

យើង​នឹង​បាន​ជា​សះស្បើយ—ទាំង​ផ្លូវកាយ និង​ខាង​វិញ្ញាណ ។

យើង​នឹង​ឈរ​ដោយ​ស្អាតស្អំ និង​បរិសុទ្ធ​នៅ​មុខ​វេទិកា​ជំនុំជម្រះ ។

យើង​នឹង​បាន​ជួបជុំ​មនុស្ស​ជា​ទី​ស្រឡាញ់​ នៅក្នុង​ការ​រស់​ឡើង​វិញ​ដ៏​រុងរឿង ។

ទទឹម​នឹងនោះ យើង​អាច​ទទួល​បាន​ការលួងលោម និង​ការលើក​ទឹកចិត្ត​កាល​ដែល​យើង​ពឹងអាស្រ័យ​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ៖ « អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ » ( យ៉ូហាន ១៦:៣៣ ) ។

កំណត់​ចំណាំ

  1. « លោកគ្រូ ខ្យល់ព្យុះ​កំពុង​បោកបក់ » ទំនុក​តម្កើង ល.រ. ៥៤ ។

  2. នែល អេ ម៉ាក់ស្វែល « Willing to Submit » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៧៣ ។

  3. ប៊យដ៍ ឃេ ផាកកឺ « The Savior’s Selfless and Sacred Sacrifice » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៨ ។

  4. ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Liahona ខែ តុលា ឆ្នាំ ២០១០ ទំព័រ ១៥ ។

  5. សូមមើល Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៥១ ។