ឆ្នាំ ២០២៣
កណ្តឹង​របស់​ប៉ម​រំឭក​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៣


« កណ្តឹង​របស់​ប៉ម​រំឭក​ខ្ញុំ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

កណ្តឹង​របស់​ប៉ម​រំឭក​ខ្ញុំ

បើ​ខ្ញុំ​បាន​ឆ្លើយតប​ទៅនឹង​ការបំផុសគំនិត នោះ​យើង​នឹង​មាន​ពេល​បង្រៀន​ដំណឹងល្អ​ទៅ ហ្គីសេប ​កាន់តែ​ច្រើន ។

រូបភាព
កណ្តឹង​របស់​ប៉ម

នៅថ្ងៃ​រៀបចំខ្លួន​មួយ ដៃគូ​បេសកកម្ម​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅលេង​ព្រះ​​វិហារ​មួយ​នៅ ប៉ាម៉ា ប្រទេស អ៊ីតាលី ។ ខណៈ​ដែល​កំពុង​ស្ងប់ស្ងែង​នឹង​ផ្ទាំងគំនូរ​ដ៏​ស្រស់ស្អាត​នៅទីនោះ ខ្ញុំ​បានសង្កេត​ឃើញ​មាន​ព្រះសង្ឃ​ម្នាក់​កំពុង​អាន​នៅជិត​នោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​និយាយ​ទៅកាន់​គាត់​អំពី​ព្រះគម្ពីរ​មរមន ប៉ុន្តែ​ខ្ញុំ​មាន​ចិត្ត​ភ័យខ្លាច ។

តើ​ព្រះសង្ឃ​របស់​កាតូលិក​នឹង​ប្រតិកម្ម​យ៉ាងណា​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​ផ្សព្វផ្សាយ​នៅក្នុង​វិហារ​កាតូលិក ? ការបំផុសគំនិត​នេះ​បាន​ទទួល​ម្តងទៀត ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត ខ្ញុំ​បាន​ច្រាន​អារម្មណ៍​នោះចោល ។

ពីរបី​សប្តាហ៍​ក្រោយមក អែលឌើរ​ពីរ​នាក់​ទៀត​នៅក្នុង​ផ្ទះ​របស់​យើង​បានប្រាប់​យើង​ថា​ពួកគេ​បាន​ទៅ​ជួប​ជាមួយនឹង​ព្រះសង្ឃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ហ្គីសេប ។ បន្ទាប់ពី​ពួកគេ​បាន​បង្រៀន​គាត់​មួយ​មេរៀន គាត់​បាន​ទទួល​យក​ព្រះគម្ពីរ​មរមន ។

នៅពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ជួប​នឹង ហ្គីសេប ​មួយ​សប្តាហ៍​ក្រោយមក គាត់​បាន​អាន​ព្រះគម្ពីរ​បាន​ភាគច្រើន​ទៅហើយ ។ គាត់​រំភើប​ចិត្ត​អំពី​ព្រះគម្ពីរ​នេះ​ខ្លាំង​ណាស់ ។

ពីមុន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ជួប​ជាមួយនឹង ហ្គីសេប ម្តងទៀត ដៃគូ​របស់​ខ្ញុំ​បាន​ប្តូរតំបន់ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​ជា​ដៃគូ​នឹង​ពួកគេ ។ នៅពេល​យើង​ទៅ​បង្រៀន ហ្គីសេប នៅក្នុង​វិហារ​កាតូលិក ខ្ញុំ​មិនបាន​ភ្ញាក់ផ្អើល​នោះទេ​ព្រោះ​ថា គាត់​គឺជា​លោក​សង្ឃ​ដែល​ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​និយាយ​ជាមួយ​ពីមុន​នោះ ។

ហ្គីសេប បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​អាន​គម្ពីរ​អាលម៉ា ដែល​គាត់​បាន​ប្រៀបធៀប​អាលម៉ា ទៅនឹង​សាវក​ប៉ុល ។ យើង​បាន​សម្រេចចិត្ត​បង្រៀន​គាត់​នូវ​មេរៀន​ទីពីរ ដែល​បាន​បញ្ចប់​ដោយ​ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​របស់​យើង នៅពីមុន​យើង​អាច​អញ្ជើញ ហ្គីសេប ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ការ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​កណ្តឹង​នៃ​វិហារ​កាតូលិក​ចាប់ផ្តើម​បន្លឺ​ឡើង ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់ ។

ហ្គីសេប បាន​ភ្លេច​ម៉ោង ហើយ​បាន​និយាយ​ថា គាត់​ត្រូវ​ចូលរួម​អធិស្ឋាន​ជាមួយ​នឹងព្រះ​សង្ឃ​ផ្សេងទៀត​នៅ​ថ្ងៃត្រង់ ។ បន្ទាប់មក គាត់​បាន​សូមទោស ដោយ​និយាយ​ថា គាត់​នឹង​មិន​ទំនេរ​ទេ​នៅ​ពេល​ខាងមុខ ពីព្រោះ​គាត់​ត្រូវ​ទៅ​ឆ្ងាយ ។ គាត់​នឹង​ត្រូវ​តែងតាំង​ឲ្យ​ធ្វើ​ជា​សង្ឃ ។

យើង​ភ្ញាក់ផ្អើល​ដែល​គ្រា​ដ៏​សំខាន់​នោះ​បាន​កន្លងទៅ ។ បើ​ខ្ញុំ​ឆ្លើយតប​ទៅនឹង​ការបំផុសគំនិត​របស់​ខ្ញុំ​ពីមុន នោះ​យើង​នឹង​មាន​ពេល​បង្រៀន​ហ្គីសេប កាន់តែច្រើន ហើយ​គាត់​នឹង​មាន​ពេល​អាន​ព្រះគម្ពីរ​បាន​ចប់​ហើយ ។ តាម​ដែល​ខ្ញុំ​ដឹង ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មិនដែល​បាន​បង្រៀន​គាត់​ទៀត​នោះ​ទេ ។

បន្ទាប់ពី​បទពិសោធន៍​នោះ​មក សំឡេង​នៃ​នាឡិកា​កណ្តឹង​របស់​ប៉ម​រំឭក​ខ្ញុំ​ពី​ថាតើ​ពេលវេលា​របស់​យើង​មាន​តម្លៃ និង​រយៈ​ខ្លី​យ៉ាង​ណា ។ សម្រាប់​ពេលវេលា​នៅ​សេសសល់​ក្នុង​បេសកកម្ម​របស់​ខ្ញុំ រាល់ពេល​ខ្ញុំ​ឮ​សំឡេង​កណ្តឹង​របស់​ប៉ម ខ្ញុំ​បាន​មាន​កម្លាំងចិត្ត​ដើម្បី​និយាយ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ដែល​ខ្ញុំ​អាច​ធ្វើទៅ​បាន ​អំពី​ដំណឹងល្អ ។ សព្វថ្ងៃ​នេះ ខ្ញុំ​នៅ​ព្យាយាម​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ។