ឆ្នាំ ២០២៣
សូម្បីតែ​ពេល​អ្នក​មាន​អាយុ​ច្រើន​ក្តី ក៏​សេចក្តី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ
ខែ មីនា ឆ្នាំ ២០២៣


« សូម្បីតែ​ពេល​អ្នក​មាន​អាយុ​ច្រើន​ក្តី ក៏​សេចក្តី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ចម្រើន​វ័យ​ដោយ​ស្មោះត្រង់

សូម្បីតែ​ពេល​អ្នក​មាន​អាយុ​ច្រើន​ក្តី ក៏​សេចក្តី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ

ស្រ្តី​ទាំងនេះ​នាំមក​នូវ​បទពិសោធន៍ និង​ការយល់ដឹង​ពី​ការបម្រើ​របស់​ពួកគាត់ ដោយ​បាន​ហៅ​ឲ្យ​បម្រើ​ក្នុង​គណៈប្រធាន​សមាគម​សង្រ្គោះ​ក្នុង​វ័យ​ចំណាស់​របស់​ពួកគាត់ ។

រូបភាព
ស្រ្តី​វ័យ​ចំណាស់​បី​នាក់​ជាមួយ​នឹង​ឧបរណ៍ ជំនួយ សម្រាប់​ដើររបស់​ពួកគាត់

រូបថត​ដោយ រីឆាត អិម រ៉មនី

សារ៉ុន អាឡិចហ្សានដឺ បាន​មាន​ប្រសាសន៍​ថា « យើង​ប្រហែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ចាស់​បំផុត​ក្នុង​សាសនាចក្រ » ។ គាត់​ឈាន​ចូល​វ័យ ៨៩ ឆ្នាំហើយ ។ ហើយ​ទីប្រឹក្សា​របស់​គាត់ ម៉ាលីន ភីធើរសុន និង​ដូរ៉ូធី អាណុល មាន​អាយុ ៩០ និង ៩១ ឆ្នាំ​រៀងៗខ្លួន​ហើយ ។

ដូរ៉ូធី បាន​មាន​ប្រសាសន៍ ទាំងអស់សំណើច​ថា « ដូច្នេះហើយ មធ្យមភាគ​អាយុ​របស់​យើង​គឺ ៩០ ឆ្នាំ » ។

គណៈប្រធាន​សមាគម​សង្គ្រោះ​នេះ​បម្រើ​នៅ​សាខា​មួយ​នៅ​កន្លែង​ក្នុងអគារ រស់នៅដោយ​ឯករាជ្យ​មួយ​ ក្នុង​ទីក្រុង​អូហ្គឌិន យូថាហ៍ ស.រ.អា ។ អគារ​នេះ​គឺជា​ផ្ទះ​សម្រាប់​សមាជិក​វ័យ​ចំណាស់​ជាច្រើន​របស់​សាសនាចក្រ ហើយ​គណៈប្រធាន​នេះ​តែងឈរ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​របស់​ពួកគាត់ នៅពេល​ពួកគាត់​ចេញពី​បន្ទប់​មួយ​ទៅបន្ទប់​មួយ ស្វាគមន៍​គេ​ឯង និង​សួរ​សុខទុក្ខ​ដើម្បី​​ប្រាកដ​ថា​គ្រប់គ្នា​សុខ​សប្បាយ ។

នៅគ្រាមួយ សមាជិក​មកពី​វួដក្នុង​មូលដ្ឋាន​ផ្តល់ការងារ​បម្រើ​ដល់​ពួកគាត់ ។ បន្ទាប់មក ប្រធាន​ស្តេក​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​លើកទឹកចិត្ត​គណៈប្រធាន​សាខា​ឲ្យ​ទូល​សួរ​ព្រះអម្ចាស់​ថា តើ​អ្នក​ស្នាក់នៅ​ម្នាក់​ណា​គួរបម្រើ ហើយ​បម្រើ​ក្នុង​មុខងារ​អ្វី ។

ជា​ពរជ័យ​ណាស់​ដែល​មិន​អាច​បដិសេធ​ទេ

សារ៉ុន បាន​មាន​ប្រសាសន៍​ថា « នៅពេល​ប្រធាន​សាខា​ផ្តល់​ការហៅ​នេះ​មក​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​សង្រ្គោះ ខ្ញុំ​បាន​គិតថា ខ្ញុំ​មាន​ពរ​ណាស់ ដែល​ខ្ញុំ​មិន​អាច​បដិសេធ​ការហៅបម្រើ​នេះ​បាន​ទេ » ។ ជាការ​តបស្នង គាត់​បាន​ទទួល​ការបំផុសគំនិត​អំពី​ទីប្រឹក្សា​របស់​គាត់ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​នឹកឃើញ ម៉ាលីន មុនគេ » ។ « យើង​បាន​ធ្វើការ​ជាមួយគ្នា​នៅ​កម្រិត​ស្តេក ដោយការ​រៀបចំ​ឈ្មោះ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ដឹង​ថា​ស្វាមី​របស់​គាត់​បាន​ទទួល​មរណភាព​មិន​យូរ​ប៉ុន្មាន​នោះ​ទេ ហើយ​ទោះបីជា​គាត់​កំពុង​ពុះពារ​ជាមួយ​រឿង​នេះ​ក្តី ខ្ញុំ​ដឹង​ថា​គាត់​ស្មោះ​ត្រង់​ណាស់ » ។

បន្ទាប់មក ក្រោយពី​ការប្រជុំ​សាក្រាម៉ង់ សារ៉ុន បាន​មើលជុំវិញ​បន្ទប់​ដើម្បី​ស្វែងរក​ការបំផុសគំនិត ។ « ខ្ញុំ​បាន​ឃើញ​ ដូរ៉ូធី ។ គាត់​ញញឹម​ដាក់​ខ្ញុំ ហើយ​ខ្ញុំ​ដឹងថា គាត់​ជា​ទីប្រឹក្សា​ម្នាក់​ទៀត ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ទៅរក​ពួកគាត់​ទាំងពីរ​នាក់ ហើយ​ទ្រង់​មិន​រើស​ពួកគាត់​ណា​ម្នាក់​ខុស​ឡើយ » ។

ប្រៀបដូចជា​គ្រួសារ​ធំ​មួយ

សារ៉ុន ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា គាត់​អាច​មើលឃើញ​អត្ថ​ប្រយោជន៍​ពី​ការមាន​មនុស្ស​នៅក្នុង​អគារ​នេះ​បម្រើ​គ្នា​នៅក្នុង​អគារ​នេះ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « យើង​ស្គាល់​ស្ថានភាព​ច្បាស់ » ។ « យើង​យល់​ថា​ពេល​ខ្លះ​យើង​អសមត្ថភាព ជួនកាល​យើង​ភ្លេច​ច្រើន ហើយ​ពេល​ខ្លះ​យើង​មិន​សូវ​ស្រួល​ខ្លួន ។ ហើយ​យើង​ដឹង​ពី​របៀប​អស់​សំណើច​ អំពី​បញ្ហា​ដែល​យើង​ប្រឈម​មុខ​ជាមួយគ្នា » ។

ម៉ាលីន​បាន​មាន​ប្រសាសន៍​ថា « អ្នក​រស់នៅ​ទីនេះ​ប្រៀប​ដូច​ជា​គ្រួសារ​ធំ​មួយ » ។ « យើង​ទទួល​ទាន​អាហារ​ជាមួយ​គ្នា ដូច្នេះហើយ យើង​ជួបគ្នា​បី​ដង​ក្នុង​មួយ​ថ្ងៃ ។ បន្ទាប់មក​នៅពេល​ខ្លះ​យើង​ចូលរួម​សកម្មភាព​ជា​មួយ​គ្នា​ផងដែរ ។ ដូច្នេះហើយ​ខ្ញុំ​គិតថា ប្រធាន​ស្តេក​បាន​ទទួល​ការបំផុសគំនិត នៅពេល​គាត់​ទទួល​អារម្មណ៍ថា ​មនុស្ស​នៅ​ទីនេះ​អាច​ធ្វើការ​បម្រើ​គ្នា​ទៅវិញ​ទៅមក » ។

ដូរ៉ូធី បាន​មាន​ប្រសាសន៍​ថា « យើង​ដឹង​ថា​មួយ​ថ្ងៃៗ​មាន​អ្វី​កើតឡើង ។ យើង​ដឹង បើ​មាន​នរណា​ម្នាក់​ត្រូវការ​ជំនួយ ឬ​បើ​នរណា​ម្នាក់​ឈឺ » ។

ក្រៅពី​ការងារបម្រើ និង​ការជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ការងារបម្រើ សមាជិក​នៃ​គណៈប្រធាន​សមាគម​សង្រ្គោះ​ធ្វើការបង្រៀន ។ ពួកគាត់​ស្នើ​ឲ្យ​អ្នក​ស្នាក់នៅ​ទីនោះ ​ជា​អ្នក​ដែល​អាច​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន ហើយ​ពួកគាត់​កែសម្រួល​ការចាត់តាំង និង​កាលវិភាគ​ស្របតាម​តម្រូវការ​របស់​គ្រូ​ម្នាក់ៗ ។

ចូរចងចាំ​ថា​ព្រះអម្ចាស់​ស្រឡាញ់​អ្នក

ម៉ាលីន បាន​មាន​ប្រសាសន៍​ថា « ប៉ុន្តែ​ការងារ​ជា​ចម្បង​របស់​យើង​គឺ​ត្រូវ​រំឭក​អ្នក​ស្នាក់នៅ​ផ្សេងទៀត​ថា ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ » ។ សារ៉ុន « ហើយ​កាលណា​យើង​ធ្វើ​ដូច្នោះ យើង​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់​ផងដែរ » ។

« យើង​ទាំងអស់​គ្នា​មាន​រឿង​ស្មុគស្មាញ » ។ « ពេលនេះ​ខ្ញុំ​មាន​បញ្ហា ​ដែល​កាលពី​ប្រាំ​ខែ​មុន​ខ្ញុំគ្មាន​ឡើយ ។ ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួន​ខ្ញុំ ខ្ញុំ​គិត​ថា ‹ អ្ហើយ រឿង​នេះ​តូចតាច​ទេ បើ​ប្រៀបធៀប​នឹង​អ្វី​ដែល​ព្រះអង្គសង្រ្គោះ​ឆ្លងកាត់​នោះ › ។ យើង​នៅ​ទីនេះ​ដើម្បី​រីកចម្រើន និង​លូតលាស់ ។ ហើយ​សូម្បី​តែ​ក្នុង​វ័យ​ចំណាស់​ក្តី បើ​បងប្អូន​ទុក​ឲ្យ​បទពិសោធន៍​របស់​បងប្អូន​បង្រៀន​បងប្អូន នោះ​បងប្អូន​អាច​បន្ត​រៀន​ជា​រៀងរហូត » ។

ដោយសារ​ពួកគាត់​បាន​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ នោះ​សមាជិក​នៃ​គណៈប្រធាន​នេះ ក៏​បាន​រៀនច្រើន​ពី​សេចក្តី​មេត្តា​ករុណា​ផងដែរ ។ ពួកគាត់​ដឹង​ពី​របៀប​ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវការ​ការលួងលោម ។ ឧទាហរណ៍ នៅក្នុង​រយៈពេល​មួយ​ឆ្នាំ ម៉ាលីន បាន​បាត់បង់​សមាជិក​គ្រួសារ​បួននាក់ និង​មិត្ត​ជិតស្និទ្ធ​ម្នាក់ ។

គាត់​បាន​មាន​ប្រសាសន៍​ថា « ដោយសារ​ពួកយើង​ឆ្លងកាត់​រឿង​លំបាកៗ​ជាច្រើន នោះ​យើង​អាច​ជួយ​អ្នកដ​ទៃ​ឆ្លង​ផុត​រឿង​លំបាកៗ​ផងដែរ » ។ ប្រសិនបើ​បងប្អូន​ពុះពារ​នឹង​រឿង​អ្វីមួយ សូម​លះបង់​ខ្លួន​បងប្អូន​នៅក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ការហៅបម្រើ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ » ។

សមាជិក​នៃ​គណៈប្រធាន​នេះ​បាន​នាំមក​នូវ​បទពិសោធន៍ និង​ការយល់ដឹង​ដ៏​សន្ធឹកសន្ធាប់​ចំពោះ​ការហៅបម្រើ​របស់​ពួកគាត់ ។ ពួកគាត់​បានរស់នៅ និង​ធ្វើការ​នៅ​កន្លែង​ជាច្រើន—រដ្ឋ​កាលីហ្វូញ៉ា រដ្ឋ​អូហៃអូ រដ្ឋ​វ៉ាយអូមីង និង​រដ្ឋ​យូថាហ៍ ។ ពួកគាត់​បាន​បម្រើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការហៅបម្រើ​នៅក្នុង​វួដ និង​ស្តេក​ នៅក្នុង​អង្គការ​បឋមសិក្សា ក្រុម​យុវនារី និង​ការបម្រើ​ផ្នែក​មនុស្សធម៌​ផងដែរ ។ ប៉ុន្តែ ដូរ៉ូធី មិន​ដែល​មាន​ការហៅបម្រើ​ក្នុង​សមាគម​សង្រ្គោះ​ឡើយ​មកទល់​ឥឡូវ​នេះ ។

គាត់​បាន​មាន​ប្រសាសន៍​ថា « តើ​អ្វី​ទៅ​ជា​បាវចនា​របស់​សមាគម​សង្គ្រោះ ? » « ‹ សេចក្ដី​សប្បុរស​ពុំ បាត់បង់​ទៅ​ឡើយ › ។ វា​ជា​ការពិត​នៅពេល​ដែល​បងប្អូន​នៅ​ក្មេង ប៉ុន្តែ​វា​ក៏​ពិត​ដូចគ្នា​នៅពេល​បងប្អូន​មាន​វ័យ​កាន់តែ​ចាស់​ដែរ ។ យើង​រៀន​ពី​រឿង​នោះ​រាល់​ថ្ងៃ​ក្នុងនាម​ជា​គណៈប្រធាន » ។

សារ៉ុន​បាន​មាន​ប្រសាសន៍​ដោយ​មិច​ភ្នែក​ថា « ខ្ញុំ​គិត​ថា​យើង​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ណាស់ សម្រាប់​គណៈប្រធាន​ដែល​មាន​អាយុ​ជា​មធ្យម ៩០ ឆ្នាំ​នេះ » ។