ឆ្នាំ ២០២៣
អ្វីៗ​នឹង​ប្រសើរ​ឡើង
ខែ មីនា ឆ្នាំ ២០២៣


« អ្វីៗ​នឹង​ប្រសើរ​ឡើង » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អ្វីៗ​នឹង​ប្រសើរ​ឡើង

ពេលវេលា​ហាក់​ដូចជា​យូរ​ខ្លាំង​ណាស់ រហូត​ដល់​គ្រូពេទ្យ​វះកាត់​ម្នាក់​បាន​មក​ជួប​ម្តាយ​របស់​ខ្ញុំ​នៅក្នុង​បន្ទប់​រង់ចាំ ។

រូបភាព
រ័សុល អិម ណិលសុន មើល​រូបគំរូ​បេះដូង

រូបថត​របស់ រ័សុល អិម ណិលសុន ដោយ អែលឌុន ខេ លីនឆេន

នៅដើម​ទសវត្សរ៍ ១៩៨០ ឪពុក​ខ្ញុំ​បានមាន​ជម្ងឺ​បេះដូង​ធ្ងន់ធ្ងរ ដែល​ឆ្លងកាត់​ការវះកាត់​បេះដូង​ដែល​យើង​សង្ឃឹម​ថា​នឹង​អាច​ពន្យា​ជីវិត​របស់​គាត់ ។

នៅពេល​នោះ នីតិវិធី​ច្នៃប្រឌិត​ផ្នែក​ការវះកាត់​ដែល​បាន​ប្រើ​គឺ​នៅ​ថ្មីថ្មោង​សម្រាប់​ប្រទេស អ៊ុយរ៉ាហ្គាយ ។ គ្រូពេទ្យ​វះកាត់​បាន​ជំនួស សន្ទះ​សសៃឈាម​ក្រហមធំជាមួយ​នឹង​សន្ទះ​សិប្បនិម្មិត ។ នៅទីបំផុត នីតិវិធី​នោះ​ក្លាយ​ជា​រឿង​ធម្មតា និង​បាន​សង្រ្គោះ​ជីវិត​មនុស្ស​ជាច្រើន ។

ដោយសារ​ការវះកាត់​នេះ​ទាក់ទង​ទៅនឹង​និតិវិធី​វះកាត់​ដែល​ច្នៃប្រឌិត នោះ​មាន​វេជ្ជបណ្ឌិត​វះកាត់​ជាច្រើន​បាន​ចូលរួម ដោយ​ត្រួតពិនិត្យ​មើល​ការវះកាត់​នេះ ។ ខណៈដែល​វេជ្ជបណ្ឌិត​បាន​ធ្វើការ​វះកាត់ អ្នកម្តាយ​របស់​ខ្ញុំ​អង្គុយ​ព្រួយបារម្ភ​នៅក្នុង​បន្ទប់​រង់ចាំ ។ រយៈពេល​នោះ​ហាក់​ដូចជា​យូរ​ណាស់ ។

យើង​រីករាយ​នៅពេល​យើង​ដឹងថា ការវះកាត់​បាន​ជោគជ័យ ។ នៅពេល​ចេញពី​បន្ទប់​វះកាត់ វេជ្ជបណ្ឌិត​វះកាត់​ម្នាក់​បាន​ដើរចេញពី​វេជ្ជបណ្ឌិត​ផ្សេង​ទៀត ហើយ​បាន​ទៅ​បន្ទប់​រង់ចាំ ។ គាត់​បាន​ចុះ​មក​មើល​វេជ្ជបណ្ឌិត​វះកាត់​ដែល​មកពី​ប្រទេស អ៊ុយរ៉ាហ្គាយ ដើម្បី​មើល​ខុសត្រូវ​លើ​ការវះកាត់​នេះ ។

គាត់​បាន​មក​ជួប​ម្តាយ​របស់​ខ្ញុំ គាត់​បាន​ឈប់ ហើយ​បាន​ប៉ះ​ស្មា​របស់​អ្នកម្តាយ​ជា​ការផ្តល់​ទំនុកចិត្ត ។ បន្ទាប់មក ដោយ​មើល​ទៅ​កែវភ្នែក​របស់​ម្តាយ​ខ្ញុំ គាត់​បាន​មាន​ប្រសាសន៍​ថា « អ្វីៗ​នឹង​ប្រសើរ​ឡើង » ។

វេជ្ជបណ្ឌិត​វះកាត់​រូប​នេះ​មាន​ប្រសាសន៍​ត្រូវ​ណាស់ ។ ឪពុក​របស់​ខ្ញុំ​រស់​បាន ២៤ ឆ្នាំ​ទៀត ដោយ​កំពុង​បម្រើ​ព្រះអម្ចាស់​អស់ពី​ដួងចិត្ត​របស់​លោក—ឥឡូវ​នេះ​លោក​មាន​សុខភាពល្អ—រហូត​ដល់​ថ្ងៃចុងក្រោយ​នៃ​ជីវិត​របស់​លោក ។

នៅអំឡុង​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត​របស់​សាសនាចក្រ ម្តាយ​របស់​ខ្ញុំ​បាន​នឹកឃើញ​ពី​ការ​ចុះ​ត្រួតពិនិត្យ​ដ៏​ពិសេស​នោះ​កាលពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ តាមពិត រាល់ពេល​ប្រធាន​រ័សុល អិម ណិលសុន—មាន​ប្រសាសន៍​ទៅកាន់​ពួកបរិសុទ្ធ—ធ្វើ​ឲ្យ​គាត់​នឹកឃើញ​ដល់​ការ​ចុះ​ត្រួត​ពិត្យ​​របស់​វេជ្ជបណ្ឌិត​វះកាត់​រូប​នោះ ។

ព្យាការី​របស់​ព្រះអម្ចាស់ ទាំងអស់​គឺ​ពិសេស​ចំពោះ​យើង​តាម​របៀប​ជាច្រើន ។ ព្យាការី​ខ្លះ​ពិសេស​ដោយសារ​តែ​ពួកលោក​បាន​បម្រើ​ជា​ប្រធាន​នៃ​សាសនាចក្រ​តាំងពី​ពួកយើង​នៅ​តូច ។ ព្យាការី​ខ្លះ​ពិសេស​ដោយសារ​តែ​ពួកលោក​បាន​បម្រើ​ជា​ប្រធាន​នៃ​សាសនាចក្រ​នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក ។ ចំពោះ​ម្តាយ​របស់​ខ្ញុំ និង​ខ្ញុំ ប្រធាន​ណិលសុន ពិសេស ពីព្រោះ​លោក​មាន​ចំណេះដឹង​រាល់​គ្រប់​និតីវិធី​ផ្នែក​វេជ្ជសាស្រ្ត​សំខាន់ៗ​ទាំងអស់ ដែល​មិន​ត្រឹមតែ​មានឥទ្ធិពល​លើ​អ្នក​ជំងឺ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​មានឥទ្ធិពល​ទៅលើ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ជំងឺ​ផងដែរ ។ លោក​ដឹងថា​សមាជិក​គ្រួសារ​ត្រូវការ​ពាក្យ​លើកទឹកចិត្ត កម្លាំងចិត្ត និង​ការធានា​នៅពេល​សុខភាព ឬ​អាយុជីវិត​របស់​មនុស្ស​ជា​ទីស្រឡាញ់​កំពុង​ស្ថិតក្នុង​គ្រោះ​ថ្នាក់ ។

យើង​នឹង​មាន​អំណរគុណ​ជានិច្ច​ចំពោះ​ប្រសាសន៍​នៃ​ការធានា​របស់​ប្រធាន ណិលសុន ជា​យូរ​មកហើយ​នៅ​ប្រទេស​អ៊ុយរ៉ាហ្គាយ និង​សម្រាប់​ជីវិត​នៃ​ការបម្រើ​របស់​លោក​ចំពោះ​ព្រះវរបិតាសួគ៌ និង​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ ។