ឆ្នាំ ២០២៣
ការអញ្ជើញ​មក​ការប្រជុំ​សាក្រាម៉ង់
ខែ មីនា ឆ្នាំ ២០២៣


សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី

ការអញ្ជើញ​មក​ការប្រជុំ​សាក្រាម៉ង់

ថ្ងៃ​ឈប់​សម្រាក​គឺ​បាន​ញែកចេញ​សម្រាប់​ការទទួលទាន​សាក្រាម៉ង់​ ញែកចេញសម្រាប់​ការបន្ត ​សេចក្តី​សញ្ញា​ពិសិដ្ឋ ។

ខ្ញុំ​មាន​អាយុ​សាមសិបឆ្នាំ​កាល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ការប្រជុំ​សាក្រាម៉ង់​ជា​លើក​ដំបូង​នៅ​សាខា​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ។ ពី​មុន​បទពិសោធន៍​នេះ ខ្ញុំ​បានស្គាល់ និង​ធំ​ឡើង​ជាមួយ​នឹង​និកាយ​ធំៗ​ពីរ​ផ្សេង​គ្នា ទាំង​តាំង​ពី​កំណើត ឬ តាមរយៈ​ឥទ្ធិពល​របស់​សាលារៀន ។ ខ្ញុំ​ចាំ​បាន​ដែលមក​ក្នុង​នាម​ជា​ជន​ចម្លែក​ពេញ​ដោយ​ក្តី​បារម្ភចំពោះ​ការវិនិច្ឆ័យ ប៉ុន្តែ​មិន​ត្រូវ​​ទទួល​បាន​បែប​នេះ​ឡើយ ។

ខ្ញុំ​ត្រូវ​បាន​ស្វាគមន៍​ដូចជា « បងប្អូនប្រុស » ហាក់​ដូច​ជា​ខ្ញុំ​គឺ​ជា​ចំណែក​មួយ​នៃ​គ្រួសារ​ពួកគេ​អញ្ចឹង ។ សមាជិក និង​ថ្នាក់​ដឹកនាំ​សាខា​បាន​បង្ហាញ​នូវ​អំណរគុណ​យ៉ាង​ស្មោះត្រង់​ចំពោះ​វត្តមាន​របស់​ខ្ញុំ​នៅ​ទី​នោះ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ស្វាគមន៍ និងដោយ​ក្តី​ស្រឡាញ់ ។

ការប្រជុំ​ពេញ​ដោយ​គារវភាព និង​ព្រះវិញ្ញាណ ។ ខ្ញុំ​អាច​ធ្វើ​តាម​ដំណើរការ​នីមួយៗ​យ៉ាង​ងាយស្រួល។ សុន្ទរកថា ផ្តល់​ដោយ​អ្នក​ឡើង​និយាយ​ដែល​បាន​ចាត់តាំង​បាន​ផ្តល់​នូវ​គំនិត​ថ្មីៗ​ចំពោះ​ការយល់ដឹង​នៃ​ដំណឹងល្អ និង​ពី​របៀប​ដើម្បី​រស់​នៅ​តាម ។

តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ជា​ច្រើន​ទៀត ហើយ​ខ្ញុំ​ពិត​ជា​ជឿ​នូវ​អ្វី​ដែលលោក ដេវីដ អូ. មិកឃេ បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​កំណត់​ថា​ជា​ការប្រជុំ​ដ៏​សំខាន់​បំផុត​នៅក្នុង​សាសនាចក្រ ហើយ​នោះ​គឺ​ជា​ការប្រជុំ​សាក្រាម៉ង់ » ។1

យើង​រៀន​មក​ពី​បទគម្ពីរ​ថា « ជា​ការ​ចាំ​បាច់​ដែល​សាសនាចក្រ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ » ។2 ដូច​គ្នា​ដែរ ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​ទាំងអស់​គ្នា​មក​ការប្រជុំ​សាក្រាម៉ង់​សម្រាប់​មូលហេតុ​បីយ៉ាង​គឺ ៖ មក​ដើម្បី​នៅ​ក្បែរ​បងប្អូន​ប្រុស​ស្រី​ក្នុង​ព្រះគ្រីស្ទ​របស់​បងប្អូន មក​ដើម្បី​បន្ត​​សេចក្តី​សញ្ញា​ទាំងឡាយ​តាមរយៈ​ការទទួលទាន​សាក្រាម៉ង់ និង​មក​ដើម្បី​រំឮក​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ការនៅ​ក្បែរ​សមាជិក​នៃ​សាសនាចក្រ​បាន​ជួយ​ខ្ញុំ​ដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ​នៃ​ការស្តាឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​បាន​ពង្រឹង​ការតាំងចិត្ត​របស់​ខ្ញុំ​ដើម្បី​ចូល​ក្នុង​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ត្រូវ​បាន​តែងតាំង​ដល់​តំណែង​សង្ឃ​ក្នុង​បព្វជិតភាព ខ្ញុំ​ត្រូវ​បាន​ចាត់តាំង​ម្តងម្កាល​ឲ្យ​ប្រសិទ្ធពរ​សាក្រាម៉ង់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គេ​ត្រូវការ ហើយ​ឱកាស​ដើម្បី​បម្រើ​ដល់អ្នកដទៃ​តាម​រយៈ​ការប្រសិទ្ធិពរ​សាក្រាម៉ង់​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះគ្រីស្ទ ។

នៅ​ពេល​ដែល​ខ្ញុំ​បានទទួល​ការចាត់តាំង​ឲ្យ​ឡើង​និយាយ​ជា​លើក​ដំបូង ការរៀបចំ​បាន​នាំ​ខ្ញុំ​ឲ្យ​ដឹង​ពី​វត្តមាន​នៃ​ធនធាន​ជាច្រើន​របស់​សាសនាចក្រ ៖ ដូចជា​ព្រះគម្ពីរ សុន្ទរកថា​របស់​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ និង​សៀភៅ​ជាច្រើន​ទៀត ។ ខ្ញុំ​បាន​រៀន​ពី​របៀប​ពិចារណា​លើ​បទពិសោធន៍​ខ្លួន​ឯង​ផ្ទាល់ និង​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ដើម្បី​ពង្រឹងដល់​អ្នកដទៃ អំពី​ការចូលរួម​ការប្រជុំ​សាក្រាម៉ង់ ។

ព្រះយេស៊ូវ​បាន​បង្កើត​ពិធី​សាក្រាម៉ង់​ឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ។ « អ្នក​ណា​ទទួល​ទាន​នំប៉័ង​នេះ គឺ​ទទួលទាន​រូបកាយយើង ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​អ្នក​ណា​ផឹក​ស្រាទំពាំង​បាយជូរ​នេះ​គឺ​ផឹក​លោហិត​យើង​ទៅ​ក្នុង​ព្រលឹង​អ្នក​នោះ ហើយ​ព្រលឹង​អ្នក​នោះ នឹង​ពុំ​ចេះ​ស្រេក​ឃ្លាន​ឡើយ តែ​បាន​ឆ្អែត​ជា​និច្ច » ។3 ព្រះអម្ចាស់​សន្យា​ថា អ្នក​ដែល​ទទួល​សាក្រាម៉ង់​ដោយ​ភាពសក្តិសម​នឹង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​គង់​និង​ពួកគេ​ជានិច្ច ។

សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​គួរ​តែ​ចងចាំ​ក្នុង​ចិត្ត​នូវ​សេចក្តី​សញ្ញា​ដ៏​អស្ចារ្យ​ចំនួន​បី​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​ការទទួល​ទាន​នៃ​សញ្ញា​សម្គាល់​ទាំងនេះ ៖

  1. ថា​ពួកគេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា ។

  2. ថា​ពួកគេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច ។

  3. ថា​ពួកគេ​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ » ។4

អំឡុង​អាហារ​ពេល​ល្ងាច​ចុង​ក្រោយ ទ្រង់​ក៏​បាន​បង្រៀន​កុំ​ឲ្យ​ស្វែងរក​កំហុស​អ្នកដទៃ ប៉ុន្តែ​ឲ្យ​មើល​ផ្នែក​ខាងក្នុង វាយតម្លៃ​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រែចិត្ត ស្រឡាញ់ និង​បម្រើ​គ្នា​ដូច​ដែល​យើង​គួរ​ធ្វើ ហើយ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រធាន ចច អាល់ប៊ើត ស្ម៊ីធ បានមាន​ប្រសាសន៍​អំពីពិធី​សាក្រាម៉ង់​ថា « យើង​គួរ​តែ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ភាពរាបសារ ជាមួយ​នឹង​ការរៀបចំ​ដៃ​ស្អាត និង​ដួងចិត្ត​បរិសុទ្ធ ហើយ​ដោយ​មាន​បំណង​ប្រាថ្នា​ដើម្បី​ឲ្យ​អាច​ទទួល​យក​បាន​ចំពោះ​ព្រះវបិតា​របស់​យើង នោះយើង​នឹង​ទទួល​បាន​វា​ដោយ​ភាពសក្ដិសម ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​កើត​មាន​ដល់​យើង​តាម​ហេតុផល​របស់​វា » ។5

លោក​ក៏​បាន​សង្កេត​ឃើញ​ថា « បុរស និង​ស្រ្តី​ដែល​មិន​បាន​ទទួល​ទាន​អាហារ​របស់​ព្រះអម្ចាស់ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំផុតទៅ​ នោះនឹង​បាត់​បង់​ព្រះវិញ្ញាណ​នៃ​ព្រះវបិតា​សួគ៌​របស់​យើង​បន្តិច​ម្តងៗ ពួកគេ​បាត់បង់​ភាពជាដៃគូរ​ជាមួយ​ព្រះវិញ្ញាណ​ដែល​ពួកគេ​មាន​ឱកាស​ដើម្បី​ចូល​រួម​ក្នុង​ពរជ័យ​នោះ ប៉ុន្តែ​មិន​បាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឡើយ » ។6

ខ្ញុំ​ចង់​បន្ទរ​នូវ​ការំឮក​របស់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ដល់​យើង​ទាំងអស់​គ្នា​ថា ថ្ងៃ​ឈប់​សម្រាក​ត្រូវ​បាន​ញែកចេញ​សម្រាប់​ការទទួលទាន​សាក្រាម៉ង់​ ញែកចេញសម្រាប់ការ​បន្ត​​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ ។ « ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​ដែល​អ្នក​គួរតែ​ចូលរួម​ការប្រជុំ​នៃ​ពួកបរិសុទ្ធ​ជាមួយ​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​របស់​អ្នក បាន​រៀបចំ​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​នៃ​អាហារ​របស់​ព្រះអម្ចាស់ ដោយ​បាន​សារភាព​អំពើ​បាប​របស់​អ្នក​ជា​លើក​ដំបូង​នៅ​ចំពោះ​ព្រះ​អម្ចាស់ និង​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក ហើយ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​អ្នក​រំពឹង​ថា​ព្រះ​អម្ចាស់​នឹង​អត់​ទោស​អ្នក » ។7

Notes

  1. ដេវីឌ អូ មិកឃេ នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩២៩ ទំព័រ ១១ ។

  2. គោលលទ្ធិ និង សេចក្ដី សញ្ញា ២០:៧៥ ។

  3. នីហ្វៃ​ទី ៣ ២០:៨ ។

  4. យ៉ូសែប អែហ្វ ស៊្មីធ នៅ​ក្នុង​ការបង្រៀន​ទាំងឡាយ​របស់​ពួកព្យាការី​ថ្ងៃ​ចុងក្រោយ ៖ ការចងក្រង​នៃ​សេចក្តី​ថ្លែងការណ៍​អំពី​ប្រធានបទ​ដំណឹងល្អ​ដោយ​បុរស​ដែល​បាន​គាំទ្រ​ជា ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ [ ឆ្នាំ ១៩៨៦ ] ទំព័រ ៥៨៥ ។

  5. ចច អាល់ប៊ើត ស៊្មីធ នៅ​ក្នុង​របាយការណ៍​សន្និសីទ ខែ ​មេសា ឆ្នាំ ១៩០៨ ទំព័រ ៣៦ ។

  6. ការ​បង្រៀន​របស់​ប្រធាន​ទាំងឡាយ​នៃ​សាសនាចក្រ ៖ ចច អាល់ប៊ើត ស៊្មីធ [ ឆ្នាំ ២០១១ ] ទំព័រ ៩៥ ។

  7. ការ​បង្រៀន​របស់​ប្រធាន​ទាំងឡាយ​នៃ​សាសនាចក្រ ៖ យ៉ូសែប អែហ្វ ស៊្មីធ [ ឆ្នាំ ១៩៩៨ ] ទំព័រ ២៣២ ។