ឆ្នាំ ២០២៣
គម្រោង​មនុស្សធម៌​ដ៏ធំបំផុត​នៅ​តំបន់​អាស៊ី​ដែល​ចាប់​ផ្ដើម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា
ខែ មីនា ឆ្នាំ ២០២៣


ព័ត៌មានក្នុងស្រុក

គម្រោង​មនុស្សធម៌​ដ៏ធំបំផុត​នៅ​តំបន់​អាស៊ី​ដែល​ចាប់​ផ្ដើម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ការជួសជុល​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ បាន​បើកដំណើការ​ដោយ​មានប្រារព្ធពិធី​ចាប់ផ្ដើម​គម្រោង ។

អែលឌើរ ខេលី អរ ចនសុន ជាគណៈ​ប្រធាន​តំបន់​អាស៊ី​​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមជាមួយ​នឹង​អ្នក​កាន់តំណែង​ប្រចាំតំបន់​ដទៃទៀត បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ធំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​នៅក្នុង​ពិធីបើក​ដំណើរការ​នៃ​ការ​ជួសជុល​មន្ទីរពេទ្យ​ខេត្តកំពង់ធំ និង​ឧបករណ៍គម្រោង ជាមួយ​នឹង​ឯកឧត្តមអភិបាល ងួន រតនៈ និង​មន្ត្រី​រដ្ឋាភិបាល​ដទៃជាច្រើនទៀត កាលពីថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០២៣ ដែល​​សាសនាចក្រ​បាន​បរិច្ចាគជាទឹកប្រាក់​ជិត ១.៥ លាន​ដុល្លារអាមេរិក​ ដើម្បី​បញ្ចប់​ការ​ជួសជុលមន្ទីរពេទ្យនេះ ។​

សេចក្ដីប្រកាស​អំពី​គម្រោងនេះ​ត្រូវ​បាន​ធ្វើឡើង​ នៅពេល​អែលឌើរ ចនសុន បានបំពេញទស្សនកិច្ច​លើក​ដំបូង​របស់លោក​ទៅកាន់​ខេត្តកំពង់ធំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២២ ដើម្បី​ជួបជាមួយ​នឹង​ឯកឧត្តមអភិបាល ងួន រតនៈ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដទៃៗទៀត ដើម្បី​ធ្វើ​ការ​ប្រកាស​ជាពិសេស​អំពី​ការ​បរិច្ចាគ និងការ​ជួសជុល​នេះ ។

កិច្ចដំណើរការ​នេះឥឡូវ​ត្រូវ​បាន​ចាប់ផ្តើម​ជា​គម្រោង​មនុស្សធម៌​ដ៏​ធំបំផុត​មួយ​ក្នុង​តំបន់​អាស៊ី ។ ការជួសជុល​មន្ទីរពេទ្យខេត្តកំពង់ធំ និង​ឧបករណ៍គម្រោង នឹង​រួម​បញ្ចូល​ទាំង​ការ​ជួសជុល​អគារ​មន្ទីរពេទ្យ និង​ធ្វើ​ការ​ជួសជុល​រចនាសម្ព័ន្ធ​ ៣២ ផ្សេងៗទៀត បន្ថែម​ពីលើ​ឧបករណ៍​មន្ទីរពេទ្យថ្មី ។ មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ គឺជា​មន្ទីរពេទ្យ​បង្អែក​មួយ​នៃ​មន្ទីរពេទ្យបង្អែកតែបី​នៅក្នុង​ខេត្ត​ដែល​បម្រើ​ដល់​មនុស្ស​ច្រើនជាង ៨៥០០០០ នាក់ ។ មន្ទីរពេទ្យ​បង្អែក​ផ្ដល់​នូវ​ការ​ថែទាំ​សុខភាព​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ក្រីក្រ និង​ខ្វះខាត​នៅ​តាម​ជនបទ​ដាច់ស្រយ៉ាលនេះ ។

ពេល​បើក​កម្មវិធី នោះ​មាន​ការ​ចូលរួមមកពី​មន្ត្រី​រដ្ឋាភិបាល​ខេត្ត​នៃប្រទេស​កម្ពុជា ដែលរួមមាន ឯកឧត្តម អភិបាល​ខេត្ត ងួន រតនៈ ជា​នាយក​មន្ទីរ​ធម្មការ និង​សាសនា លោក តាន តាយជ្រុន ជា​នាយក​សុខាភិបាល​ខេត្ត វេជ្ជបណ្ឌិត ស្រី ស៊ីន ជា​នាយក​សុខាភិបាល​ខេត្ត វេជ្ជបណ្ឌិត ស្រេង សេង និង​នាយក​រដ្ឋបាល​ខេត្ត​កំពង់ធំ លោក ម៉ាក ប៊ុនហុង ។ អ្នកឡើងនិយាយ​នៅក្នុង​កម្មវិធី​បើក​សម្ភោធ​នោះ រួមមាន អែលឌើរ ខេលី អរ ចនសុន ឯកឧត្តមអភិបាល ងួន រតនៈ និង​លោកសៀ សំណាង នាយក​នៃ​សមាគម​និកាយ​សាសនា​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​នាយក​សុខាភិបាល​ខេត្ត ។

វា​គឺជា​ថ្ងៃ​ដ៏​មាន​ក្ដីសោមនស្ស​សម្រាប់​នាយក​សុខាភិបាល វេជ្ជបណ្ឌិត ស្រេង សេងហេង នៅពេល​លោក​ថ្លែងទៅកាន់​ឯកឧត្តម​អភិបាល ភ្ញៀវកិត្តិយស ព្រមទាំង​សមាជិក​អ្នកស្ដាប់ ។ លោក​បាន​ផ្ដល់ព័ត៌មានលម្អិត​អំពី​របៀប​ដែល​ការ​ជួសជុល នឹង​ត្រូវ​បញ្ចប់​ជា​បីដំណាក់កាល ។ លោក​ក៏​បានពិពណ៌នា​អំពី​ទំហំ​របស់មន្ទីរពេទ្យ​នោះ ដែលមាន ១៥០ គ្រែ មានបុគ្គលិក ១៨០ នាក់ មានវេជ្ជបណ្ឌិត ២៨ នាក់ មានគិលានុប្បដ្ឋាយិកា ៥៤ នាក់ ពេទ្យឆ្មបចំនួន ៣២ នាក់ អ្នក​បច្ចេកទេស​ខាង​មន្ទីរពិសោធន៍​ចំនួន ៨ នាក់ ព្រមទាំងមានពេទ្យធ្មេញ​ចំនួន ១​ នាក់ ។ ដំណាក់កាលទីមួយ​នៃគម្រោង​នេះ ត្រូវ​បាន​ដាក់កាលវិភាគ​បញ្ចប់​នៅខែមេសា ឆ្នាំ ២០២៣ ហើយ​ដំណាក់កាលបន្ដបន្ទាប់​នឹង​បញ្ចប់​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២៣ ។

លោក​សៀ សំណាង នាយក​នៃ​និកាយ​សាសនា​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​សម្រាប់​ប្រទេស​កម្ពុជា បាន​ថ្លែង និង​កត់ចំណាំ​ថា សាសនាចក្រ​កំពុង​តែ​បម្រើ​នៅក្នុង​ប្រទេសចំនួន ១៥៨ ប្រទេស​នៅទូទាំង​ពិភពលោក ។ លោក​បាន​ថ្លែងអំពី​ប្រវត្តិសង្ខេប​នៃ​កិច្ចការ​មនុស្ស​ធម៌​របស់សាសនាចក្រ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំង​ពីឆ្នាំ ១៩៩៤ ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​គម្រោង​ទឹកស្អាត បន្ទប់ទឹក និង​កន្លែង​លាងដៃ ហើយឥឡូវ​ជួយ​ជាមួយគម្រោងការកែលម្អ​ផ្នែក​សុខាភិបាល ដែល​មាន​ទឹកប្រាក់សរុបច្រើនជាង ១៣ លាន​ដុល្លារអាមេរិក នៅក្នុង​រយៈពេល ៤ ឆ្នាំ​កន្លងទៅ ។

បន្ទាប់ពីការ​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែលបាន​ចូលរួម អែលឌើរ ចនសុន បាន​ថ្លែងថា « ពួក​យើងគឺជា​បងប្អូន​ប្រុសស្រី​នឹងគ្នា ហើយឥឡូវ​មិនថា​ពួកយើង​រស់នៅកន្លែងណានោះទេ ដោយសារ​តែ​យើងជា​បងប្អូន​នឹងគ្នា នោះយើង​មាន​ទំនួលខុសត្រូវមួយ​ដើម្បី​មើលថែ​ដល់​គ្នា​ទៅវិញ​ទៅមក » ។ របៀប​មួយ​ដែល​យើង​មើល​ថែ​ដល់​គ្នាទៅវិញទៅមក គឺ​តាមរយៈ​ការ​តមអាហារ ។ សមាជិក​ពុំ​ទទួលទានអាហារ​ចំនួនពីរពេឡ ហើយ​បាន​បរិច្ចាគ​ប្រាក់​ដើម្បី​ជួយដល់អ្នកទៃទៀត ។ « ទោះជាមនុស្សជាច្រើន​បរិច្ចាគ​ក្នុង​ចំនួនតិច​តួច​មួយក្ដី តែ​នៅពេល​សមាជិក​រាប់លាននាក់​បរិច្ចាគ​បន្ដិចម្នាក់ៗ នោះ​ពួក​យើងអាច​ជួយ​មនុស្សដទៃទៀតបាន ។ ដោយសារ​តែ​សមាជិក​លះបង់​ដើម្បីធ្វើការ​បរិច្ចាគ​នេះ នោះ​ពួកយើង​មាន​ការទទួលខុសត្រូវ​ពិសិដ្ឋ​មួយ​ដើម្បី​ជួយ​ដល់​ប្រជាជន​តាម​របៀប​មួយ​ដែល​ប្រកប​ដោយអត្ថន័យ » ។ លោក​បាន​មានប្រសាសន៍​ថា មនុស្ស​ជាច្រើន​នៅ​លើ​វេទិកា​នា​ថ្ងៃនេះ គឺជា​អ្នក​ស្ម័គ្រចិត្ត ដែល​ចំណាយពេលវេលា និង​ចំណាយថ្លៃ​ខ្លួនឯង​ដើម្បីមកទីនេះ ហើយ​ជួយ​ដល់​អ្នកដទៃទៀត ។ អែលឌើរ​ចនសុន បាន​ចែកចាយ​ថា ការថែទាំសុខភាព គឺ​សំខាន់ណាស់ចំពោះ​គាត់ នៅពេល​គាត់មានកូន និង​ឪពុក​ម្ដាយ​ដែល​ត្រូវការ​ការថែទាំ​ពីមន្ទីរពេទ្យ ហើយ​ជឿថា​ការផ្ដល់សេវាថែទាំសុខភាព​ល្អ គឺសំខាន់ចំពោះ​មនុស្សទាំងអស់ ។ លោក​បាន​មានប្រសាសន៍ថា « ខ្ញុំ​មើល​ទៅ​គម្រោង​នេះ ជា​ឱកាស​ដ៏ល្អ​មួយ​ដើម្បី​លើក​តម្កើង និង​ប្រទានពរ​ដល់ជីវិត​មនុស្សជាច្រើន​នៅក្នុង​ខេត្តនេះ » ។ លោក​បាន​បញ្ចប់​ដោយ​ការ​ថ្លែងអំណរគុណ​ដល់អស់អ្នក​ដែល​ចូលរួមចំណែក​ក្នុង​គម្រោងនេះ អ្នក​ធ្វើការ​ខាងសុខាភិបាល បុគ្គលិក ក្រុម​សាងសង់ និង​អស់អ្នក​ដែល​ធ្វើការ​ជួយដើម្បី​ឲ្យអគារ​ដ៏ស្រស់ស្អាត​នេះ​ធ្វើជា​កន្លែង​ដើម្បី​ទទួល​បានការថែទាំងសុខភាព ។ លោក​បាន​មានប្រសាសន៍​ថា « វាគឺជា​ឯកសិទ្ធិ​មួយ​ដើម្បី​ធ្វើការ​ជាមួយ​បងប្អូនទាំងអស់គ្នា » ។ លោក​បាន​អញ្ជើញឲ្យ​អ្នកស្ដាប់ទាំងអស់ « ស្វែងរក​របៀប​ដើម្បី​ជួយ​ដល់​បងប្អូន​ប្រុសស្រី​ដែល​នៅជុំវិញ​ពួកយើង​ផងដែរ » ។

ឯកឧត្តមអភិបាល​បាន​បញ្ចប់​សុន្ទរកថា​ក្នុងពិធីនេះ ដោយ​ការ​ថ្លែងអំណរគុណ​ដល់​ភ្ញៀវជាកិត្តិយស និងអ្នកស្ដាប់​ទាំងអស់ និងអរគុណដល់សមាគម​ចំពោះ​កិច្ចការ និងកិច្ចខិតខំ​របស់ពួកគេ​ទាំងអស់ ។ លោក​ថ្លែង​អំណរគុណ​ចំពោះ​ការ​ខិតខំ​របស់ពួកគេ​ក្នុងការ​បង្កើត​ផែនការ​ដើម្បី​ជួយ​រក្សា​ឲ្យ​មន្ទីរពេទ្យ​នេះ​បាន​បើកដំណើរការ ខណៈពេល​កំពុង​ធ្វើការ​ជួសជុលកែលម្អរ ។ ឯកឧត្តម​អភិបាល​បានមានប្រសាសន៍ថា ឥឡូវ​នេះ​យើង​អាច​មាន​មន្ទីរពេទ្យ​ដ៏ស្រស់ស្អាតមួយ ហើយអាច​បង្កើន​ការ​ថែទាំ និង​សេវា ដែលយើងអាច​ផ្ដល់​ទៅកាន់ប្រជាជន ដើម្បី​កុំឲ្យ​ពួកគេ​ចាកចេញពីខេត្ត​ ហើយ​ត្រូវ​ធ្វើដំណើរ​ទៅឆ្ងាយ​ដើម្បី​ទទួលបាន​សេវាថែទាំ​សុខភាព ។ លោក​បាន​មានប្រសាសន៍ថា វាសំខាន់ណាស់​ដើម្បីកត់ចំណាំ​ថា ពុំគ្រាន់តែ​អគារប៉ុណ្ណោះទេដែលត្រូវ​បាន​ជួសជុលកែលម្អរ ប៉ុន្តែ​ឧបករណ៍​ក៏ត្រូវ​បាន​បន្ថែម ព្រមទាំងមានការ​បំពាក់បំប៉ន និង​ចំណេះដឹង​ផ្ដល់​ទៅ​ឲ្យបុគ្គលិក​ផងដែរ ការថែទាំងសុខភាព​នឹង​កែលម្អ ហើយ​ប្រទានពរ​ដល់មនុស្ស​ជាច្រើន ។ អ្នកធ្វើការ​ផ្ដល់សេវាថែទាំសុខភាព នឹង​មានមោទនភាពចំពោះ​អគារ​ថ្មី ហើយ​អ្នកជំងឺ​នឹង​រីករាយ​ទទួល​យកនូវការ​ថែទាំ​សុខភាព​នៅក្នុងមន្ទីរពេទ្យនេះ ។

ទាំងអែលឌើរ ចនសុន និង​ឯកឧត្តមអភិបាល ងួន រតនៈ បានមានប្រសាសន៍​ថា ពួកគាត់​ទន្ទឹង​ចាំ​វិលត្រឡប់មកម្ដងទៀត ដើម្បី​មើល​គម្រោង​បញ្ចប់ ហើយ​មើល​ឃើញ​ថាតើជីវិត​របស់​ប្រជាជន​ទទួលបានពរជ័យ​យ៉ាងណាខ្លះដោយសារ​តែ​គម្រោងនេះ ។ គម្រោងនេះ​ដាក់កាលវិភាគ​បញ្ចប់​នៅខែធ្នូ ឆ្នាំ ២០២៣ ។

គម្រោង​បាន​ចាប់ផ្ដើម​មកពី​ការខិតខំ​ប្រឹងប្រែ​ង​របស់​អែលឌើរ និងស៊ីស្ទើរ អាន់ឌើរសុន ហើយឥឡូវ​នឹង​គ្រប់គ្រង​ដោយ​អែលឌើរ និង​ស៊ីស្ទើរ ចាន់ដ្លើរ ជាអ្នក​ផ្សព្វផ្សាយសាសនាដែល​បម្រើ​ខាង​មនុស្សធម៌ CHIE (ការខិតខំ​កែលម្អ​វិស័យសុខាភិបាល​នៅប្រទេសកម្ពុជា) ដែល​មាន​គោលបំណង ​ជួយ​សង្គ្រោះ​ដល់​ការ​រងទុក្ខ​របស់ប្រជាជនក្នុង​ជាតិសាសន៍ និង​សាសនា​ទាំងអស់ ៕