លីអាហូណា
ពន្លឺ​របស់​យើង​នៅ​ក្នុង​ទីរហោស្ថាន
ខែ មករា ឆ្នាំ ២០២៤


« ពន្លឺ​របស់​យើង​នៅ​ក្នុង​ទីរហោស្ថាន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ពន្លឺ​របស់​យើង​នៅ​ក្នុង ទីរហោស្ថាន

អ្នក​ទាំងឡាយ​ណា​ដែល​អាន​ព្រះគម្ពីរ​មរមន​ដោយ​ស្មោះសរ រស់នៅ​តាម​សិក្ខាបទ​របស់​វា ហើយ​អធិស្ឋាន​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​របស់​វា នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បង្កើន​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
បង​របស់​យ៉ារេឌ​ជាមួយ​នឹង​ក្រួស​ភ្លឺ​ចែងចាំង

រូបភាព​នៃ​បង​របស់​យ៉ារេឌ​ជាមួយ​នឹង​ក្រួស​ភ្លឺ​ចែងចាំង ដោយ ណរមេនឌី ភលធ័រ

ខ្ញុំ​បានមាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន តាំងពី​នៅ​ក្មេង​មកម្ល៉េះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ទាក់ទាញ​ជា​ពិសេស​ចំពោះ​រឿង​របស់​បង​របស់​យ៉ារេឌ និង​ប្រជាជន​របស់​លោក​នៅក្នុង​ដំណើរ​របស់​ពួកគេ​ទៅ​កាន់ « ដែន​ដី​សន្យា » ( អេធើរ ២:៩ ) ។

នៅ​ពេល​ប្រឈម​មុខ​ទៅនឹង​ការរំពឹង​នៃ​ការធ្វើ​ដំណើរ​ក្នុង​នាវា​ដែល​មិន​មាន​ពន្លឺ នោះ​បង​របស់​យ៉ារេឌ​បាន​ទូល​សួរ​ថា « ឱ​ព្រះ​អម្ចាស់​អើយ តើ​ព្រះអង្គ​ទុក​ឲ្យ​យើង​ខ្ញុំ​ឆ្លងកាត់​ទឹក​ដ៏​ធំ​នេះ​ក្នុង​ភាពងងឹត​ឬ ? » ព្រះអម្ចាស់​បាន​ឆ្លើយតប​ថា « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅ​ក្នុង​ភេត្រា​ទាំង​ឡាយ​របស់​អ្នក ? » ( អេធើរ ២:២២, ២៣ ) ។

បង​របស់​យ៉ារេឌ​បាន​ដឹង​ហើយ​ថា ព្រះអម្ចាស់​មាន​អំណាច​ទាំងអស់ ។ លោក​បាន​ដឹង​ថា ព្រះអម្ចាស់​ជា​ប្រភព​នៃ​ពន្លឺ​ទាំងអស់ ។ លោក​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​រាស្ត្រ​ទ្រង់​អំពាវនាវ​ដល់​ទ្រង់​ក្នុង​គ្រា​ដែល​ត្រូវការ ។ ដូច្នេះ ដោយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ បង​របស់​យ៉ារេឌ​បាន​រៀបចំ​ក្រួស​តូចៗ​ចំនួន ១៦ ដុំ ។ បងប្អូន​ចាំ​ថា បន្ទាប់​មក​លោក​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ពាល់​ក្រួស​ទាំងនោះ​ដោយ​ព្រះអង្គុលី​របស់​ទ្រង់ « ឲ្យ​វា​អាច​បាន​ភ្លឺ​ចែងចាំង​ក្នុង​ទីងងឹត » ( អេធើរ ៣:៤ ) ។

រូបភាព​របស់​ព្រះអម្ចាស់​ពាល់​ក្រួស​ទាំង​នោះ​បាន​ដក់​នៅក្នុង​គំនិត​របស់​ខ្ញុំ តាំង​ពី​ខ្ញុំ​បាន​អាន​រឿង​នោះ​ជា​លើក​ដំបូង​ម៉្លេះ ។ ខ្ញុំ​អាច​មើល​ឃើញ​ទិដ្ឋភាព​នោះ​ហាក់​ដូច​ជា​វា​បាន​កើត​ឡើង​នៅ​នឹង​មុខ​ខ្ញុំ​អ៊ីចឹង ។ ប្រហែល​នោះ​គឺ​ដោយសារ​តែ​រូបភាព​នៃ​ភាពងងឹត​ដែល​បាន​ធ្វើ​ឲ្យ​រសាត់​ទៅ​ដោយ​ពន្លឺ​គឺ​ពិត​ចំពោះ​ខ្ញុំ ។

នៅពេល​ខ្ញុំ​មិន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ខ្ញុំ​ងាក​ចេញ​បន្តិច​ពី​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ នោះ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ភាពងងឹត ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ពន្លឺ​ក៏​ត្រឡប់​មក​វិញ ។ ព្រះគម្ពីរ​មរមន​គឺ​ដូច​ជា​ក្រួស​ដ៏​ភ្លឺ​ចែងចាំង​ដែល​បាន​ពាល់​ដោយ​ព្រះអម្ចាស់ ។ វា​បាន​បំភ្លឺ​ការធ្វើ​ដំណើរ​របស់​ខ្ញុំ​នៅក្នុង​ជីវិត ។

ពន្លឺ​ជា​រៀង​រហូត

ដូចជា​អ្នក​ទាំងឡាយ​ដែល​បាន​នាំ​មក​ដោយ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ទៅ​កាន់​ទ្វីប​អាមេរិក​ពី​បុរាណ​ដែរ យើង​ទាំងអស់​គ្នា​ប្រឈម​មុខ​ទៅ​នឹង​ព្យុះ និង​ថ្ងៃ​ងងឹត​នៅក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​របស់​យើង​ទៅ​កាន់​ដែនដី​សន្យា​នៃ​ភាពលើក​តម្កើង ។ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​យើង​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​សាសន៍​យ៉ារេឌ និង​ពួក​សាសន៍​នីហ្វៃ ។ ទ្រង់​នឹង​ដឹកនាំ​យើង ហើយ​បំភ្លឺ​ផ្លូវ​របស់​យើង—បើ​យើង​គោរព​តាម​ទ្រង់ អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ទូល​អង្វរ​សូម​ជំនួយ​របស់​ទ្រង់ ។

ព្រះអម្ចាស់​បាន​ប្រាប់​នីហ្វៃ​ថា « ហើយ​យើង​ក៏​នឹង​ទៅ​ជា​ពន្លឺ​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទីរហោស្ថាន​ដែរ​ហើយ​យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​រាល់​គ្នា​បើសិនជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ហេតុ​ដូច្នោះ​ហើយ​ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​នាំ​ទៅដែនដី​សន្យា​ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​គឺ​យើង​នេះ​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ទៅ »​( នីហ្វៃទី១ ១៧:១៣ ) ។

ព្រះជាម្ចាស់​បាន​ប្រាប់​យ៉ាកុប ជា​បងប្រុស​របស់​នីហ្វៃ​ថា « យើង​នឹង​ធ្វើជា​ពន្លឺ​ដល់​គេ​ជា​ដរាប ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​របស់​យើង » ( នីហ្វៃទី២ ១០:១៤ ) ។

ព្យាការី អ័ប៊ីណាដៃ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ថា « ទ្រង់​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក មែន​ហើយ ជា​ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ » ( ម៉ូសាយ ១៦:៩ ) ។

ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ថ្លែង​ទីបន្ទាល់​ថា « យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក » ។ ទ្រង់​បាន​បន្ថែម​ថា « មើលចុះ​យើង​ជា​ពន្លឺ យើង​បាន​ធ្វើជា​គំរូ​ដល់​អ្នក​រាល់​គ្នា » ( នីហ្វៃទី៣ ៩:១៨; ១៨:១៦ ) ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន កំពុង​ដើរ

ទទួល​អារម្មណ៍​ពី​ពន្លឺ

ខ្ញុំ​ស្រឡាញ់​ព្យាការី​របស់​យើង​គឺ ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​មាន​ពរជ័យ​ដោយ​បាន​បម្រើ​នៅ​ក្បែរ​លោក ។ នៅពេល​លោក​ដើរ​ចូល​បន្ទប់​មួយ បន្ទប់​នោះ​មាន​អារម្មណ៍​ភ្លឺ​ជាង​មុន​ភ្លាម ។ លោក​កាន់​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ជាមួយ​នឹង​លោក ។

ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​ពិត ។ វា « គឺ​ជា​កម្លាំង អំណាច ឬ​ឥទ្ធិពល​ដ៏​ទេវភាព ដែល​មាន​មក​ពី​ព្រះ​តាម​រយៈ​ព្រះគ្រីស្ទ ហើយ​ផ្ដល់​ជីវិត និង​ពន្លឺ​ដល់​អ្វីៗ​ទាំងអស់ » ។ វា​គឺ​ជា​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​វិសេស​មួយ ដែល​អាច​នាំ​បុត្រា​បុត្រី​របស់​ព្រះ​ទៅ​កាន់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ។ ការអាន​ព្រះគម្ពីរ​មរមន​ពង្រឹង​ពន្លឺ​នោះ ។

ពេល​ខ្លះ​យើង​ត្រូវ​ត្រឡប់​ទៅ​មើល​ជីវិត​របស់​យើង​វិញ ដើម្បី​ចងចាំ​អំពី​របៀប​ដែល​យើង​បាន​ទទួល​ជំនួយ​នៅក្នុង​ការធ្វើ​ដំណើរ​របស់​យើង ។ នៅ​ពេល​យើង​ក្រឡេក​មើល​ក្រោយ យើង​អាច​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ​ម្ដង​ទៀត ។ នៅ​ពេល​ដែល​ព្រះគម្ពីរ​និយាយ​ថា « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ » ( ហេលេមិន ៥:១២ ) ខ្ញុំ​គិត​ថា ពួកគេ​ប្រាប់​យើង​ថា « មិន​គ្រាន់តែ​ចាំ​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ដឹង និង​ទទួល​អារម្មណ៍​នោះ​ទេ ប៉ុន្តែ​ទទួល​អារម្មណ៍​ពី​ពន្លឺ​នោះ​ម្ដង​ទៀត » ។

សម្រាប់​អ្នក​ខ្លះ ការទទួល​អារម្មណ៍​ពី​ពន្លឺ​ខាង​វិញ្ញាណ​កើត​ឡើង​យ៉ាង​ងាយស្រួល ។ សម្រាប់​អ្នក​ដទៃ​ទៀត ពន្លឺ​ខាង​វិញ្ញាណ​អាច​ពិបាក​ក្នុង​ការទទួល​អារម្មណ៍ ដោយសារ​តែ​ការតស៊ូ​ផ្ទាល់​ខ្លួន ឬ​ការរំខាន​ខាង​លោកិយ ។ ប៉ុន្តែ បើ​យើង​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពន្លឺ​នឹង​មក—ជួនកាល​តាម​របៀប​ដែល​យើង​មិន​រំពឹង​ទុក ។

ប្រធាន ណិលសុន ដែល​បាន​ទូន្មាន​យើង​ឲ្យ « សិក្សា​ព្រះគម្ពីរ​មរមន រាល់​ថ្ងៃ ប្រកប​ដោយ​ការអធិស្ឋាន » បាន​ចែកចាយ​អំពី​របៀប​មួយ​ចំនួន ដែល​ព្រះគម្ពីរ​មរមន​អាច​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​ពន្លឺ​នៃ​ដំណឹងល្អ យល់ដឹង​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ និង​រស់នៅ​តាម​ការបង្រៀន​នៃ​ដំណឹងល្អ ។

ប្រធាន ណិលសុន​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​យើង​អាន​ព្រះគម្ពីរ​មរមន នោះ​ការយល់ដឹង​របស់​យើង និង​ការដឹងគុណ​របស់​យើង​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​រីកចម្រើន​ឡើង ។

យើង​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​បាន « កើត​ម្ដង​ទៀត » ( ម៉ូសាយ ២៧:២៥ ) កាលដែល​ព្រះគម្ពីរ​នេះ​ជួយ​យើង​ឲ្យ​ដកពិសោធន៍​ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត ( សូមមើល ម៉ូសាយ ៥:២ ) ។

នៅពេល​យើង​អាន និង​សិក្សា​អំពី​ការបង្រៀន​របស់​ព្រះគម្ពីរ​មរមន​ស្ដីពី​ការប្រមូល​ផ្តុំ​វង្ស​អ៊ីស្រាអែល នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការស្វែងរក​មរណជន​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង​សម្រាប់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

យើង​នឹង​ទទួល​អារម្មណ៍​ពី​ពន្លឺ កាលដែល​យើង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ទទួល​ការណែនាំ​នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត និង​ទទួល​កម្លាំង​ដើម្បី​ប្រែ​ចិត្ត និង​ទប់ទល់​ទៅនឹង​អំពើ​អាក្រក់ ។

ហើយ​ពេល​យើង​អាន​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន នោះ​យើង​នឹង​ទទួល​អារម្មណ៍​នៃ​ការព្យាបាល ការលួងលោម ការស្តារ​ឡើងវិញ ជំនួយ ការពង្រឹង ការលើកទឹកចិត្ត និង​ការរីករាយ​ដល់​ព្រលឹង​យើង ។

« ឱ​បើ​ដូច្នោះ តើ​ការណ៍​នេះ​ពុំ​មែនពិត​ទេ​ឬ​អី ? » អាលម៉ា​បាន​សួរ​អំពី​ការរីករាលដាល បណ្ដុះ​គ្រាប់ពូជ​នៃ​សេចក្ដីពិត ចំណេះដឹង និង​ទីបន្ទាល់ ។ « ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មែន​ហើយ ពី​ព្រោះ​នេះ​ជា​ពន្លឺ ហើយ​អ្វី​ក៏​ដោយ ដែល​ជា​ពន្លឺ​គឺ​ល្អ ពី​ព្រោះ​វា​អាច​ញែក​ចេញ​បាន ហេតុ​ដូច្នេះ​ហើយ អ្នក​ត្រូវ​ដឹង​ថា​វា​ល្អ » ( អាលម៉ា ៣២:៣៥ ) ។

រូបភាព
រូបភាព​ព្រះយេស៊ូវគ្រីស្ទ

រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វម៉ាន់

ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទីងងឹត

នៅពេល​មិត្ត​ខ្ញុំ​ឈ្មោះ ខេមរីន មាន​អាយុ ១០ ឆ្នាំ នាង​បាន​ឆ្លង​ជំងឺ​ភ្នែក​ដ៏​កម្រ​ម៉្យាង​ប៉ុន្តែ​ជា​អចិន្ត្រៃយ៍​មួយ ដែល​បង្ករោគ​នៅក្នុង​កែវភ្នែក​ខាងស្តាំ​របស់​នាង ។ ជួនកាល​នៅពេល​ការឈឺចាប់​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​នោះ​មាន​ឥតឈប់ឈរ និង​មិន​អាច​ទ្រាំ​បាន ខេមរីន​មិន​អាច​ស៊ូទ្រាំ​នឹង​ពន្លឺ​បាន​ឡើយ ។ ដោយ​ព្រួយ​បារម្ភ​ថា​នាង​ប្រហែល​ជា​ខ្វាក់​ភ្នែក ឪពុក​ម្ដាយ​របស់​នាង​បាន​ធ្វើ​ឲ្យ​បង្អួច​បន្ទប់​គេង​របស់​នាង​ងងឹត ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​នាង​មាន​ភាពស្រណុក​ស្រួល ។ ម្តាយ​របស់ ខេមរីន ឈ្មោះ ចេនណា បាន​រំឭក ៖

« ប្រហែល​ជា ៤ ខែ ក្រោយ​ពី​ការវិនិច្ឆ័យ​រោគ​របស់​នាង ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ដ៏​ងងឹត​របស់​នាង ។ នៅ​ពេល​ភ្នែក​ខ្ញុំ​បាន​សម្រប​ទៅ​នឹង​ទីងងឹត នោះ​ខ្ញុំ​អាច​មើល​ឃើញ ខេមរីន រួញខ្លួន​ដូច​ជា​ទារក​នៅ​លើ​គ្រែ​របស់​នាង ។ នាង​ឈឺ​ចាប់​ខ្លាំង​ណាស់ ដែល​នាង​មិន​បាន​កម្រើក​ខ្លួន ឬ​សូម្បី​តែ​យំ​ឡើយ នៅ​ពេល​នាង​បាន​ឮ​ខ្ញុំ​ចូល​មក ។ នាង​គ្រាន់​តែ​ដេក​នៅ​ទី​នោះ​ដោយ​បិទ​ភ្នែក​ហើម​ទាំង​សងខាង ។

« ខ្ញុំ​បាន​លុតជង្គង់​ក្បែរ​គ្រែ​នាង កាន់ដៃ​នាង ហើយ​ច្របាច់​ដៃ​នាង​បី​ដង—គឺជា​កូដ​សម្ងាត់​របស់​យើង​សម្រាប់ ‹ ម៉ាក់​ស្រឡាញ់​កូន › ។ ជា​ធម្មតា​នាង​នឹង​ច្របាច់​ដៃ​បួន​ដង​សម្រាប់ « កូន​ស្រឡាញ់​ម៉ាក់​ជាង » ប៉ុន្តែ​នាង​មិន​បាន​ឆ្លើយ​តប​ទេ ។ នាង​ឈឺចាប់​ខ្លាំង​ហួស ។ ជាមួយ​នឹង​ទឹក​ភ្នែក​ហូរ​ចុះ​លើ​ផ្ពាល់​របស់​ខ្ញុំ ខ្ញុំ​បាន​មើល​ទៅ​កូន​អាយុ ១០ ឆ្នាំ​ដែល​ធ្លាប់​តែ​រស់​រវើក​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​ទ្រុតទ្រោម ។ ដួងចិត្ត​របស់​ខ្ញុំ​ខ្ទេចខ្ទាំ » ។

ចេនណា​បាន​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់ អស់​ពី​ចិត្ត ។

« ខ្ញុំ​បាន​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​ថា ខ្ញុំ​បាន​ដឹង​ថា​ទ្រង់​បាន​ដឹង​ច្បាស់​បំផុត ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​ថា ‹ សូម​ជួយ​នាង​ផង › ។ ពេល​ខ្ញុំ​អង្គុយ​អធិស្ឋាន​នៅ​ទី​នោះ រលក​នៃ​ភាពកក់ក្ដៅ​បាន​បក់ផាត់​មកលើ​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ស្ងាត់ កាលដែល​មាន​គំនិត​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​ចូល​មក​ក្នុង​ខួរក្បាល​របស់​ខ្ញុំ ៖ ‹ ទ្រង់​ជា​ពន្លឺ ។ ចូរ​ស្វែងរក​ទ្រង់​នៅក្នុង​ទីងងឹត › » ។

ចេនណា​បាន​ងើប​ក្បាល​ឡើង ហើយ​ខ្សឹប​ដាក់​ត្រចៀក​របស់​ខេមរីន ៖ « កូន​ត្រូវតែ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទីងងឹត » ។

បន្ទាប់​មក ខេមរីន​បាន​ស្ដាប់​ទំនុក​តម្កើង និង​ព្រះគម្ពីរ​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​សាសនាចក្រ ហើយ​គេងលក់​ទៅ ។

រូបភាព
ក្មេងស្រី​ពាក់​បំណះ​ភ្នែក

នៅពេល​ដែល​ការឆ្លង​មេរោគ​ភ្នែក​របស់​នាង​រើ​ឡើង ខេមរីន​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទីងងឹត ។

រូបថត​ផ្ដល់​សិទ្ធិ​ដោយ​គ្រួសារ​របស់​ខេមរីន

ជំងឺ​របស់​ខេមរីន​មិន​កើតឡើង​ជាប់​រហូត​នោះទេ ប៉ុន្តែ​នៅ​ពេល​ដែល​នាង​រង​ការឈឺចាប់​ដោយសារ​វា​រើ​ឡើង ចេនណា និង ដារីន ស្វាមី​របស់​គាត់​បាន​លួងលោម​នាង ហើយ​ដាក់​ផួយ​បាំង​បង្អួច​នៅ​បន្ទប់​គេង​របស់​នាង​ម្តងទៀត ។ អំឡុង​ពេល​ដ៏​ឈឺចាប់​ទាំងនោះ ខេមរីន​និយាយ​ថា « ខ្ញុំ​គ្រាន់តែ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទី​ងងឹត​ប៉ុណ្ណោះ » ។

នៅ​ពេល​ដែល​ជីវិត​ហាក់​ដូច​ជា « ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួ​មួយ » ( នីហ្វៃទី១ ៨:៤ ) យើង​ក៏​អាច​នឹង​ត្រូវតែ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទីងងឹត​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន ដោយ​មាន​សាក្សី​របស់​វា​ថា « ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច » នឹង​ដឹកនាំ​យើង​ទៅ​កាន់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា អ្នក​ទាំងឡាយ​ណា​ដែល​អាន​ព្រះគម្ពីរ​មរមន​ដោយ​ស្មោះសរ រស់នៅ​តាម​សិក្ខាបទ​របស់​វា ហើយ​អធិស្ឋាន​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​របស់​វា នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បង្កើន​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​យើង​បង្ហាញ​ការដឹងគុណ​ចំពោះ​ព្រះគម្ពីរ​ដ៏ « ត្រឹមត្រូវ​បំផុត » នេះ ដោយ​អាន​វា លើកតម្កើង​វា និង​ប្រើ​វា​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង និង​សេចក្ដី​ជំនឿ​របស់​អ្នក​ដទៃ​នៅ​ក្នុង​កម្មវិធី បំភ្លឺ​ពិភពលោក ។