លីអាហូណា
ការអាន​យឺតៗ ៖ ការឃើញ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ព្រះគម្ពីរ
ខែ មករា ឆ្នាំ ២០២៤


« ការអាន​យឺតៗ ៖ ការឃើញ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ព្រះគម្ពីរ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ការអាន​យឺតៗ ៖ ការឃើញ ព្រះអង្គ​សង្គ្រោះ​ក្នុង​ព្រះគម្ពីរ

ការខ្ចី​វិធីសាស្ត្រ​នេះ​មកពី​សិល្បៈ​អាច​ជួយ​យើង​ឲ្យ​មើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

រូបភាព
រូបចម្លាក់​ម៉ារី​បី​ព្រះសព​របស់​ព្រះយេស៊ូវ​ក្រោយ​ពី​ការឆ្កាង

La Pietà ដោយ មីឆែលអេងជែលូ

មីឆែលអេងជែលូ​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​បង្កើត La Pietà ជា​រូបចម្លាក់​ដ៏​អស្ចារ្យ​មួយ​របស់​ម៉ារី​បី​ព្រះសព​របស់​ព្រះយេស៊ូវ​ក្រោយ​ពី​ការឆ្កាង ។ លីអូណាដូ ដា វិនស៊ី បាន​ចំណាយ​ពេល​យូរ​ជាង​នេះ​ទៀត គឺ​ប្រហែល​ជា​បី​ឆ្នាំ​គូរ​រូប​ដ៏​ល្បី​របស់​លោក The​Last​Supper [ អាហារ​ពេលយប់​ចុងក្រោយ ] ។

ប្រសិន​បើ​បងប្អូន​ត្រូវ​ទាយ តើ​បងប្អូន​ថា​ភ្ញៀវ​ដែល​ទៅ​ទស្សនា​សារមន្ទីរ​សិល្បៈ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា—ជា​មធ្យម—នៅក្នុង​ការមើល​ស្នាដៃ​សិល្បៈ​នីមួយៗ ?

ចម្លើយ​គឺ ១៧ វិនាទី បើ​យោង​តាម​ការសិក្សា​មួយ ។

ស្រមៃ ៖ ១៧ វិនាទី ដើម្បី​មើល​ស្នាដៃ​សិល្បៈ​ដែល​វិចិត្រករ​ប្រហែល​ជា​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការបង្កើត ។

វា​គួរ​ឲ្យ​យល់​បាន ។ មាន​គំនូរ និង​ចម្លាក់​រាប់រយ​នៅក្នុង​សារមន្ទីរ​មួយ ហើយ​យើង​ជា​មនុស្ស​ដែល​រវល់ ។ ដូច្នេះ យើង​ប្រញាប់​មើល​វា​ឲ្យ​បាន​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន ។ ជា​រឿង​គួរ​ឲ្យ​ហួស​ចិត្ត ជំរុញ​ដោយសារ​ការភ័យខ្លាច​របស់​យើង​ពី​ការបាត់បង់​អ្វី​មួយ នោះ​យើង​ក៏​បាត់បង់​គោល​បំណង​នៃ​សិល្បៈ​ទៅវិញ—គឺ​អារម្មណ៍ និង​គំនិត​ដែល​សិល្បករ​ចង់​ឲ្យ​យើង​ដកពិសោធន៍ ។ យើង​មើល​គ្រប់​បំណែក​សិល្បៈ​នៅ​ក្នុង​សារមន្ទីរ ប៉ុន្តែ​យើង​ពិត​ជា​មិន ឃើញ បំណែក​សិល្បៈ​ណា​មួយ​ឡើយ ។ បន្ទាប់​មក យើង​ចាកចេញ​ពី​សារមន្ទីរ​ទាំង​អស់​កម្លាំង ហើយ​មិន​បាន​ទទួល​ការបំផុស​គំនិត​អ្វី​ទេ ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​មនុស្ស​ឃើញ​អ្វី​ក្នុង​សិល្បៈ​នោះទៅ—ដោយ​ជឿជាក់​ថា ប្រហែលជា​សិល្បៈ​នោះ​គឺ​សម្រាប់​មនុស្ស​ដែល​មាន​ការអប់រំ​ខ្ពស់ មិនមែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះទេ ។

ការមើល​យឺតៗ

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សារមន្ទីរ​សិល្បៈ​នៅ​ជុំវិញ​ពិភពលោក​កំពុង​លើក​ទឹក​ចិត្ត​ភ្ញៀវ​ឲ្យ​អនុវត្ត​អ្វី​មួយ​ដែល​ពួកគេ​ហៅ​ថា « ការមើល​យឺតៗ » ។ ពួកគេ​អញ្ជើញ​មនុស្ស​ឲ្យ​រើស​យក​ស្នាដៃ​សិល្បៈ​មួយ នៅ​ក្នុង​សារមន្ទីរ រកកន្លែង​ឲ្យ​ស្រួលបួល ហើយ​ពិនិត្យ​មើល​ដោយ​ប្រុងប្រយ័ត្ន​មួយ​រយៈ—៥ ទៅ ១០ នាទី ។ មើល​វា​ពី​មុំ​ផ្សេង​គ្នា ។ ឈាន​ចូល​ជិត​ដើម្បី​កត់សម្គាល់​អំពី​ភាពលម្អិត​នានា ។ ឈាន​ចេញ​វិញ ហើយ​មើល​វា​ទាំង​មូល ។ ជួនកាល​ភ្ញៀវ​ត្រូវ​បាន​គេ​ប្រាប់​កុំ​ឲ្យ​អាន​ស្លាក​ដែល​មាន​ការបកស្រាយ​របស់​សារមន្ទីរ​ដែល​វិភាគ​អំពី​ស្នាដៃ​សិល្បៈ​នោះ​ថែម​ទៀត​ផង—យ៉ាង​ហោច​ណាស់ រហូត​ដល់​ពួកគេ​មាន​ឱកាស​បង្កើត​មតិ​ផ្ទាល់​ខ្លួន និង​ធ្វើ​ការរកឃើញ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​សិន ។

ការមើល​យឺតៗ​បាន​ផ្លាស់​ប្តូរ​បទពិសោធន៍​នៅក្នុង​សារមន្ទីរ​សិល្បៈ​សម្រាប់​មនុស្ស​ជា​ច្រើន ។ មនុស្ស​ខ្លះ​ដែល​មិន​ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​ស្រឡាញ់​សិល្បៈ​បាន​ក្លាយ​ជា​មនុស្ស​មាន​អារម្មណ៍​រំភើប​ចំពោះ​សិល្បៈ ។ ពួកគេ​ទទួល​បាន​ទំនុកចិត្ត​ថា ពួកគេ​អាច​រក​ឃើញ​អត្ថន័យ​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​ណា​មួយ ហើយ​ពួកគេ​រក​ឃើញ​អំណរ​នៅ​ក្នុង​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ ពួកគេ​រៀន​ថា ពួកគេ​មិន​ត្រូវការ​សញ្ញាប័ត្រ​មហាវិទ្យាល័យ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សិល្បៈ​មួយ ដើម្បី​រំជួល​ចិត្ត​ដោយ​សិល្បៈ​នោះ​ទេ ពួកគេ​គ្រាន់តែ​ត្រូវ​បន្ថយ​ល្បឿន និង​ផ្តល់​ឱកាស​ដល់​សិល្បៈ ដើម្បី​ធ្វើ​អ្វី​ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ប៉ុណ្ណោះ ។

តើ​គោលការណ៍​ដូចគ្នា​នេះ​អាច​អនុវត្ត​ចំពោះ​ការអាន​ព្រះគម្ពីរ​បាន​ដែរ​ឬ​ទេ—ឧទាហរណ៍​ចំពោះ​ការសិក្សា ចូរ​មក​តាម​ខ្ញុំ របស់​យើង​អំពី​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ?

យើង​ដឹង​ថា ព្រះគម្ពីរ​មរមន​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​សរសេរ​ដោយ​មាន​បំណង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះអង្គ​សង្រ្គោះ ( សូមមើល នីហ្វៃទី១ ៦:៤ ) ។ យើង​ដឹង​ថា វា​ត្រូវ​បាន​សរសេរ​ដោយ​ព្យាការី​ដ៏​បំផុស​គំនិត​នៃ​ព្រះ ជា​ពិសេស​សម្រាប់​ជំនាន់​របស់​យើង ( សូមមើល ឧទាហរណ៍ មរមន ៨:៣៥ ) ។ យើង​ដឹង​ថា ព្យាការី​ពី​បុរាណ​ដែល​បាន​សរសេរ​ព្រះគម្ពីរ​មរមន​បាន​ធ្វើ​បែប​នេះ​ដោយ​ការលះបង់​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ ។ គ្រាន់តែ​ដំណើរការ​នៃ​ការឆ្លាក់​ពាក្យ​នៅ​លើ​ផ្ទាំង​លោហៈ​គឺ​ជា​ការងារ​ដ៏​ផ្ចិតផ្ចង់ និង​នឿយហត់ ( សូមមើល យ៉ាកុប ៤:១ ) ។ ហើយ​ពួកលោក​មួយ​ចំនួន​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន​ដើម្បី​រក្សា​កំណត់ត្រា​នោះ ដើម្បី​ឲ្យ​យើង​មាន​វា​នៅ​សព្វថ្ងៃ​នេះ ( សូមមើល មរមន ៦:៦; មរ៉ូណៃ ១ ) ។

ប៉ុន្តែ​ពេលខ្លះ​នៅក្នុង​ភាពរវល់​របស់​យើង យើង​ប្រញាប់​ប្រញាល់​ការអាន​របស់យើង​អំពី​ព្រះគម្ពីរ​មរមន ។ ប្រហែល​ជា​យើង​អាន​ខគម្ពីរ​មួយ​ចំនួន​ត្រួសៗ​នៅ​អាហារ​ពេល​ព្រឹក ឬ​នៅតាម​ផ្លូវ​ទៅ​ធ្វើការ ។ យើង​អាច​សម្លឹង​មើល​គ្រប់​ពាក្យ​ទាំង​អស់​នៅ​ក្នុង​ជំពូក​មួយ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ពាក្យ​នោះ​មិន​មាន​អត្ថន័យ​អ្វី​ទេ ។ មិន​មែន​គ្រប់​ពេល​ទេ ប៉ុន្តែ​ពេល​ខ្លះ​យើង​បិទ​ព្រះគម្ពីរ ឬ​កម្មវិធី ដោយ​ពុំ​មាន​អារម្មណ៍​ខុស​អ្វី​ពី​ពេល​ដែល​យើង​ចាប់​ផ្ដើម​នោះ​ទេ ។

ការអាន​យឺតៗ

ប្រសិន​បើ​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​មួយ​សម​នឹង​ទទួល​បាន​ការកោត​សរសើរ​តាម​រយៈ​ការមើល​យឺតៗ ប្រហែល​ជា​ព្រះគម្ពីរ​មរមន​សម​នឹង​ទទួល​បាន « ការអាន​យឺតៗ » ផងដែរ ។ វា​មិន​ចាំបាច់​មាន​ន័យ​ថា ការសិក្សា​ព្រះគម្ពីរ​របស់​យើង​ត្រូវ​ចំណាយ​ពេល​យូរ​នោះ​ទេ គ្រាន់តែ​ថា​យើង​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការផ្លាស់ប្ដូរ​ល្បឿន​ប៉ុណ្ណោះ ។ ប្រហែល​ជា​ការសិក្សា​ថ្ងៃ​នេះ​ផ្តោត​លើ​តែ​បី ឬ​បួន​ខ​ប៉ុណ្ណោះ ជាជាង​ការប្រញាប់​បញ្ចប់​ជំពូក​មួយ ។ ប៉ុន្តែ​យើង​ពិត​ជា​ពន្លិច​ខ្លួន​របស់​យើង​ទៅ​ក្នុង​ខ​ទាំង​នោះ ។ យើង​កត់សម្គាល់​អំពី​ព័ត៌មាន​លម្អិត ពាក្យ និង​ឃ្លា​ទាំងឡាយ ។ យើង​ពិចារណា​អំពី​មូលហេតុ​ដែល​ខ​នីមួយៗ​អាច​នឹង​មាន​សារៈសំខាន់—តើ​វា​បង្រៀន​ខ្ញុំ​អ្វី​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ? តើ​វា​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ចំពោះ​ទ្រង់​កាន់តែ​ខ្លាំង​ឡើង​ដែរ​ឬ​ទេ ? តើ​មាន​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ដឹង​ឬ​ទេ ?

ការអាន​យឺតៗ​អនុញ្ញាត​ឲ្យ​យើង​កត់សម្គាល់​អ្វីៗ​ដែល​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​យើង​នឹង​មិន​កត់សម្គាល់​នោះ​ទេ​បើ​យើង​អាន​លឿនៗ ។ សំខាន់​បំផុត វា​អាច​ជួយ​យើង​ឲ្យ​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​កាន់​តែ​ញឹកញាប់​នៅ​ក្នុង​ព្រះគម្ពីរ​នេះ ដែល​ត្រូវ​បាន​សរសេរ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់ ។ ការអាន​យឺតៗ​គឺជា​វិធី​មួយ​ដើម្បី​បើក​ភ្នែក គំនិត និង​ដួងចិត្ត​របស់​យើង​ទៅកាន់​ទីបន្ទាល់​ដ៏​មាន​អានុភាពរបស់​ព្រះគម្ពីរ​មរមន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ស្នាដៃ​សិល្បៈ​ដ៏​បំផុស​គំនិត​មួយ នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​ដើម្បី​មើល​វា គឺ​ពិត​ជា​អាច​ផ្លាស់ប្ដូរ​ជីវិត​បាន ។ តាម​របៀប​ដ៏​ជ្រាលជ្រៅ​ជាង​នេះ ការមើលឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​អាច​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​គំនិត និង​អារម្មណ៍​របស់​យើង—និង​ទៅលើ​ជីវិត​របស់​យើង​ផងដែរ ។

ឧទាហរណ៍ សន្មត​ថា​បងប្អូន​កំពុង​អាន នីហ្វទី១ ជំពូក ១ ។ ចំណាប់​អារម្មណ៍​របស់​បងប្អូន​ត្រូវបាន​ទាក់ទាញ​ដោយ​ខ​ទី ៦ ដូច្នេះ​បងប្អូន​បន្ថយ​ល្បឿន ហើយ​នៅ​ទី​នោះ​មួយ​រយៈ ។ បងប្អូន​ប្រហែល​ជា​ចាប់អារម្មណ៍​ទៅលើ « បង្គោល​ភ្លើង » ដែល​លីហៃ​បាន​ឃើញ​ដែល « ស្ថិត​នៅ​លើ​ថ្ម​មួយ​ដុំ » ។ នោះ​ជា​ឥរិយាបថ​មិន​ប្រក្រតី​ទេ​សម្រាប់​ភ្លើង ។ តើ​ការណ៍​នេះ​អាច​មាន​ន័យ​ដូចម្ដេច​ទៅ ? គំនិត​របស់​បងប្អូន​អាច​គិត​ទៅ​ដល់​បង្គោល​ភ្លើង​ផ្សេង​ទៀត​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ព្រះគម្ពីរ ( លេខយោង​អាច​ជួយ​បងប្អូន​នៅ​ទី​នោះ​បាន ) ។ បងប្អូន​អាច​ពិចារណា​អំពី​មូលហេតុ​ដែល​វត្តមាន​របស់​ព្រះអម្ចាស់​ជា​ញឹក​ញាប់​ប្រៀបធៀប​ទៅ​នឹង​ភ្លើង ។ តើ​ការណ៍នេះ​និយាយ​អ្វី​អំពី​ទ្រង់ ? តើ​ទ្រង់​ធ្លាប់​ដូច​ជា​បង្គោល​ភ្លើង​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ?

វា​មាន​រឿង​ត្រូវ​គិត​ច្រើន​ណាស់ ។ ហើយ​បងប្អូន​មិន​ទាន់​បាន​បញ្ចប់​ខ​នោះ​នៅ​ឡើយ​ទេ ។

ពិត​ណាស់ វា​មាន​តម្លៃ​នៅក្នុង​ការអាន​ព្រះគម្ពីរ​មរមន​លឿនៗ ។ វា​អាច​ជួយ​យើង​ឲ្យ​រៀន​អំពី​ដំណើរ​រឿង​ទាំង​មូល ហើយ​យល់​ប្រធានបទ​ដែល​កើត​ឡើង​ដដែលៗ ។ ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សេចក្ដី​លម្អិត​នៃ​ព្រះគម្ពីរ​មរមន ហើយ​ពេល​ខ្លះ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​មើលឃើញ​ព័ត៌មាន​លម្អិត​ទាំងនោះ​គឺ​ត្រូវ​បន្ថយ​ល្បឿន ហើយ​មើល​ដោយ​ប្រុង​ប្រយ័ត្ន ។

នីហ្វៃ​មាន​ប្រសាសន៍​អំពី​ពាក្យ​ដែល​លោក​បាន​សរសេរ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា « ពាក្យ​ទាំង​នេះ … គឺជា​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ទ្រង់​បាន​ប្រទាន​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ … ព្រះគ្រីស្ទ​ទ្រង់​នឹង​បង្ហាញ​ដល់​អ្នក​ដោយ​ព្រះចេស្ដា និង​សិរី​ល្អ​ដ៏​ធំ​ថា ពាក្យ​ទាំង​នោះ​គឺជា​ព្រះបន្ទូល​របស់​ទ្រង់ » ( នីហ្វៃទី២ ៣៣:១០–១១ ) ។ បងប្អូន​មិន​ចាំបាច់​ជា​អ្នក​អាន​ដែល​មាន​ជំនាញ​ ដើម្បី​ស្វែង​រក​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​នោះទេ ។ បងប្អូន​គ្រាន់​តែ​ត្រូវ​បន្ថយ​ល្បឿន ហើយ​ផ្តល់​ឱកាស​ដល់​ព្រះគម្ពីរ​មរមន​ដើម្បី​ធ្វើ​អ្វី​ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ប៉ុណ្ណោះ—គឺ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

កំណត់​ចំណាំ

  1. សូមមើល Trent Morse « Slow Down, You Look Too Fast » ARTnews ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១១ នៅលើ​គេហទំព័រ artnews.com ។

  2. សូមមើល « Slow Art Day » នៅលើ​គេហទំព័រ slowartday.com/about ។