លីអាហូណា
ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន
ខែ មករា ឆ្នាំ ២០២៤


« ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ព្រះគម្ពីរ​មរមន

តើ​ព្រះអម្ចាស់​ត្រូវបាន​លើក​ឡើង​ប៉ុន្មាន​ដង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ?

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់​ប្រជាជន​ទ្វីប​អាមេរិក

តើ​បងប្អូន​ថា​នរណា​ជា​តួអង្គ​ចម្បង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ? ខណៈពេល​ដែល​មនុស្ស​មួយ​ចំនួន​អាច​នឹង​គិត​ថា នីហ្វៃ អាលម៉ា ឬ មរមន តែ​តាមពិត​ទៅ​តួអង្គ​ចម្បង​ពិត​ប្រាកដ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នីហ្វៃ​បាន​សរសេរ ៖

« យើង​ព្យាយាម​ខំ​សរសេរ​ពាក្យ​ទាំង​នេះ ដើម្បី​បញ្ចុះ​បញ្ចូល​កូនចៅ​យើង … ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ។ …

« ហើយ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ » ( នីហ្វៃទី២ ២៥:២៣, ២៦ ) ។

នៅ ឆ្នាំ ១៩៧៨ ស៊ូសាន វួដ អ៊ីសតុន បាន​ចេញ​ផ្សាយ​អត្ថបទ​ដ៏​សំខាន់​មួយ ដោយ​បង្ហាញ​ជា​តួលេខ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​តួអង្គ​ចម្បង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ គាត់​បាន​កំណត់​អត្តសញ្ញាណ​ព្រះបរមងារ​ផ្សេងៗ​គ្នា​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្ហាញ​ថា ទ្រង់​ត្រូវ​បាន​លើកឡើង​ដោយ​ព្រះនាម ឬ​ព្រះបរមងារ​ចំនួន ៣៩២៥ ដង នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​ជា​មធ្យម​គឺ​ជា​រៀងរាល់ ១.៧ ខ ។

ការសិក្សា​ដ៏​មាន​តម្លៃ​នេះ​គូស​បញ្ជាក់​អំពី​ភាពសំខាន់​នៃ​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ទោះ​ជា​យ៉ាង​ណា វា រាប់តិចជាង យ៉ាង​ខ្លាំង​អំពី​ភាពញឹកញាប់​ដែល​ព្រះគ្រីស្ទ​ត្រូវ​បាន​លើកឡើង ដោយ​មិន​បាន​រាប់​បញ្ចូល​សព្វនាម​ដែល​យោង​ដល់​ទ្រង់​ឡើយ ។

ទីបំផុត ចំនួន​នៃ​សេចក្ដីយោង​ទៅ​ព្រះយេស៊ូវគ្រីស្ទ​មិន​មែន​ជា​សេចក្ដី​លម្អិត​ដ៏​សំខាន់​បំផុត​ដើម្បី​រៀន​ចេញ​ពី​ព្រះគម្ពីរ​មរមន​ទេ ទោះ​ជា​យ៉ាង​ណា សេចក្ដីយោង​នីមួយៗ​ចំពោះ​ទ្រង់​អាច​បង្រៀន​យើង​អំពី​ធម្មជាតិ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។ យើង​បាន​ពិនិត្យ​មើល​ព្រះគម្ពីរ​មរមន​ដោយ​ប្រុងប្រយ័ត្ន ដោយ​រកមើល​រាល់​ការលើកឡើង​អំពី​ព្រះយេស៊ូវគ្រីស្ទ រួម​ទាំង​ព្រះបរមងារ និង​សព្វនាម​ទាំងឡាយ ។ យើង​បាន​កំណត់​រកឃើញ​សេចក្ដីយោង​សរុប​ចំនួន ៧៤៥២—ជា​មធ្យម​មាន​សេចក្ដីយោង​ច្រើន​ជាង​មួយ​ក្នុង​ខគម្ពីរ​មួយ ។ ព្រះបរមងារ​នៃ​ព្រះគ្រីស្ទ​មាន​ប្រហែល ៥០ ភាគរយ​នៃ​សេចក្ដីយោង​អំពី​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ទៀត​បាន​មក​ពី​សព្វនាម​ទាំងឡាយ ។

ការស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​នូវ​វិធី​ដ៏​ពិសេស​មួយ​ដើម្បី​រៀន​អំពី​ទ្រង់ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ខ​តទៅ​នេះ​សង្កត់ធ្ងន់​អំពី​ទ្រង់ ៖ « ចាប់ផ្ដើម​ជឿ​ដល់ ព្រះរាជ​បុត្រា​នៃ​ព្រះ ចុះ​ថា ទ្រង់ នឹង​យាង​មក​ប្រោសលោះ​រាស្ត្រ ទ្រង់ ហើយ​ថា ទ្រង់ នឹង​រងទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ ហើយ​ថា ទ្រង់ នឹង​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដែល​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ ថា​មនុស្ស​ទាំង​អស់​នឹង​ឈរ​នៅ​ចំពោះ ទ្រង់ ដើម្បី​ទទួល​ការជំនុំ​ជម្រះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ជា​ថ្ងៃ​ជំនុំ​ជម្រះ ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​គេ » ( អាលម៉ា ៣៣:២២ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

នៅ​ក្នុង​ការសិក្សា​ដើម​របស់​បងស្រី អ៊ីសតុន ខគម្ពីរ​នេះ​នឹង​រាប់​ថា​ជា​សេចក្ដីយោង​មួយ​ទៅ​ព្រះគ្រីស្ទ​ចេញពី​ចំណង​ជើង​ថា « ព្រះរាជ​បុត្រា​នៃ​ព្រះ » ។ ទោះ​ជា​យ៉ាង​ណា ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​លើក​ឡើង​ប្រាំ​ដង​បន្ថែម​ទៀត ។ ខគម្ពីរ​នេះ​បញ្ជាក់​ថា ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹម​តែ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថា​ទ្រង់​ក៏​ជា​ព្រះ​មួយ​អង្គ​ដែល​ប្រោសលោះ​យើង​តាមរយៈ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​និរន្តរ ហើយ​នឹង​ធ្វើ​ជា​ចៅក្រម​របស់​យើង​ផងដែរ ។

ប្រហែល​អ្វីដែល​មាន​ឥទ្ធិពល​បំផុត​នោះ​គឺ ព្រះគ្រីស្ទ​មាន​បន្ទូល​សំដៅ​ទៅ​ទ្រង់​ផ្ទាល់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ ឧទាហរណ៍ យើង​បាន​អាន​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​ថា « បើ​សិន​ជា​មនុស្ស​លោក​មក​រក យើង នោះ​យើង នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់ខ្សោយ​របស់​ពួកគេ ។ យើង ឲ្យ​ភាពទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ របស់​យើង មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ យើង ត្បិត​បើ​សិន​ជា​ពួកគេ​បន្ទាប​ខ្លួន​នៅ​ចំពោះ យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់ យើង លំដាប់​នោះ យើង នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ បាន​បន្ថែម​ការសង្កត់​ន័យ ) ។ ទោះបី​ជា​ព្រះនាម​របស់​ព្រះគ្រីស្ទ​មិន​លេច​ឡើង​នៅ​ក្នុង​ខគម្ពីរ​នេះ​ក៏​ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​សំដៅ​លើ​ព្រះអង្គ​ទ្រង់​ផ្ទាល់​ដល់ទៅ ៨ ដង ។ តួនាទី​របស់​ទ្រង់​ត្រូវ​បាន​គូស​បញ្ជាក់ នៅ​ពេល​យើង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​វគ្គ​នេះ ។

ខគម្ពីរ​ខាង​ក្រោម​នេះ​បង្ហាញ​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន ដែល​ព្រះអង្គ​មាន​ចំពោះ​បុគ្គល​ម្នាក់ៗ និង​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ទ្រង់ ៖

« ចូរ​ក្រោក​ឡើង ហើយ​មក​រក យើង ចុះ ដើម្បី​អ្នក​រាល់​គ្នា​អាច​លូកដៃ​មក​ឯ​ចំហៀង យើង និង​ដើម្បី​អ្នក​រាល់​គ្នា​អាច​ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ យើង និង​ជើង យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា យើង គឺជា ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង​ជា ព្រះ​នៃ​ផែនដី​ទាំងមូល ហើយ​ត្រូវ​គេ​ធ្វើ​គត​ជំនួស​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក ។

« … ហ្វូង​មនុស្ស​បាន​ដើរ​ទៅ​មុខ ហើយ​បាន​លូកដៃ​ទៅ​ឯ​ចំហៀង ព្រះអង្គ ហើយ​បាន​ស្ទាប​ស្នាម​ដែកគោល​នៅ​ត្រង់​ព្រះហស្ត ព្រះអង្គ និង​ព្រះ​បាទា​របស់ ព្រះអង្គ » ( នីហ្វៃទី៣ ១១:១៤–១៥ បាន​បន្ថែម​ការសង្កត់​ន័យ ) ។

ទោះបីជា​យើង​មិន​ទាន់​អាច​ស្ទាប​ស្នាម​របស់​ទ្រង់​ដោយ​ផ្ទាល់​ក្ដី តាមរយៈ​ព្រះគម្ពីរ​មរមន យើង​អាច​ធ្វើ​ឲ្យ​សក្ខីភាព​ផ្ទាល់ខ្លួន​របស់យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ជ្រាលជ្រៅ​ឡើង​បាន ។

សេចក្ដីយោង​ជា​ញឹកញាប់​ទៅ​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​មើល​ឃើញ​នូវ​ភាពសំខាន់​របស់​ទ្រង់​នៅក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។ ការកំណត់​អត្តសញ្ញាណ​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​វិធី​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ខិត​កាន់តែ​ជិត​ទ្រង់ ។

កំណត់​ចំណាំ

  1. សូមមើល ស៊ូសាន វួដ អ៊ីសតុន « Names of Christ in the Book of Mormon » Ensign ខែ កក្កដា ឆ្នាំ ១៩៧៨ ទំព័រ ៦០–៦១ ។

  2. ខគម្ពីរ​ខ្លះ​មាន​សេចក្ដីយោង​ច្រើន​អំពី​ព្រះគ្រីស្ទ​ខណៈ​ដែល​ខគម្ពីរ​ផ្សេង​ទៀត​មិន​មាន ។ ជា​មធ្យម មាន​សេចក្ដីយោង​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​រៀងរាល់ ០.៨៨ ខគម្ពីរ​នៅ​ក្នុង​គម្ពីរ​មរមន ។