លីអាហូណា
ការយកឈ្នះ​លើ​ភាពគ្មាន​គោលដៅ​ខាង​វិញ្ញាណ—តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​នេះ ?
ខែ មករា ឆ្នាំ ២០២៤


« ការយកឈ្នះ​លើ​ភាពគ្មាន​គោលដៅ​ខាង​វិញ្ញាណ—តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​នេះ ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

ការយកឈ្នះ​លើ ភាពគ្មាន​គោលដៅ ខាង​វិញ្ញាណ—តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​នេះ ?

ពេល​យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ដែល​គ្មាន​គោលដៅ​ឡើយ ។

រូបភាព
ពោង​អណ្តែត​លើ​ទឹក

ការឈាន​ជើង​ចូល​ទៅ​ក្នុង​យុវមជ្ឈិមវ័យ​គឺ​គួរ​ឲ្យ​រំភើប​ណាស់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចាប់ផ្ដើម​ស្ថាបនា​ជីវិត​ដែល​ខ្ញុំ​តែងតែ​ចង់​បាន ។ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​មួយ​នៅ​ប្រទេស​ប្រេស៊ីល ហើយ​បន្ទាប់​មក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ។ ខ្ញុំ​បាន​ទទួល​សញ្ញាប័ត្រ​របស់​ខ្ញុំ បាន​រក​ការងារ​ល្អ​មួយ ហើយ​បាន​ខិតខំ​រស់នៅ​ជា​សិស្ស​ម្នាក់​នៃ​ព្រះគ្រីស្ទ ។

ហើយ​ខ្ញុំ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នេះ​នៃ​ជីវិត​នៅ​ឡើយ ។ គ្រាន់តែ​ខំ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ធ្វើ​តាម​ទ្រង់ ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស និង​ពរជ័យ​ដែល​ខ្ញុំ​មាន​មក​ទល់​ពេល​នេះ ។ ប៉ុន្តែ ពេល​ខ្ញុំ​ក្រឡេក​មើល​ក្រោយ ហើយ​ឃើញ​ថា ខ្ញុំ​បាន​ធ្វើ​សេចក្ដីសញ្ញា​ទាំងអស់ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​រហូត​ដល់​ចំណុច​នេះ ( ក្រៅ​ពី​អាពាហ៍ពិពាហ៍ ) ហើយ​បាន​ឈាន​ដល់​គោលដៅ​ធំៗ​ដែល​ខ្ញុំ​តែងតែ​គ្រោង​ទុក ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់គាំង​បន្តិច—គឺ​មិន​ច្បាស់​ពី​របៀប​ដើម្បី​រីកចម្រើន ជា​ពិសេស​ខាង​វិញ្ញាណ ។

ខ្ញុំ​បាន​មើល​យុវមជ្ឈិមវ័យ​នៅ​ជុំវិញ​ខ្ញុំ​ជួប​ការពិបាក​ផង​ដែរ ។ អ្នក​ខ្លះ​ថែម​ទាំង​បាន​ចាកចេញ​ពី​សាសនាចក្រ​ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​គ្មាន​គោលដៅ ឬ​ប្រឈម​មុខ​នឹង​ការរំពឹងទុក​ដែល​មិន​បាន​បំពេញ ។ ជា​ញឹកញាប់ សកម្មភាព​របស់​ពួកគេ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​សំណួរ​សម្រាប់​ជីវិត​របស់​ខ្ញុំ ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​នេះ​សំណួរ​ដ៏​ធំ​បំផុត​របស់​ខ្ញុំ​សម្រាប់​ព្រះវរបិតាសួគ៌​គឺ​ជា​សំណួរ​ទាំង​នេះ ៖ តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​អារម្មណ៍​នៃ​ភាពគ្មាន​គោលដៅ​ខាង​វិញ្ញាណ​នេះ​យ៉ាង​ដូច​ម្ដេច ? តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ទៅ​ឥឡូវ​នេះ ?

នៅពេល​ដែល​ខ្ញុំ​បានដោះស្រាយ​សំណួរ​ទាំងនេះ ខ្ញុំ​បាន​រៀន​សេចក្ដីពិត​សំខាន់ៗ​មួយ​ចំនួន ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេលវេលា​នៃ​ភាពមិន​ច្បាស់លាស់​នេះ ។

សូម​កុំ​ឲ្យ​ការរំខាន​ធ្វើ​ឲ្យ​បងប្អូន​ធ្លាក់​ចេញ​ពី​ផ្លូវ

អំឡុង​ពេល​នេះ​នៃ​ការមិន​ដឹង​ថា​ត្រូវ​បត់​ទៅ​កន្លែង​ណា​បន្ទាប់​ទៀត ឬ​អ្វី​ដែល​ត្រូវ​រំពឹង នោះ​ខ្ញុំ​បាន​កត់សម្គាល់​ពី​របៀប​ដែល​ការរំខាន​នៃ​ពិភពលោក​អាច​ចាប់ផ្តើម​មាន​អាទិភាព​យ៉ាង​ងាយស្រួល​លើ​រឿង​ខាង​វិញ្ញាណ ។ បងស្រី រេបិកា អិល ក្រេវិន ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​មាន​ប្រសាសន៍​ថា « ពិភពលោក​ត្រូវបាន​ផ្ទុក​ដោយ​ការរំខាន​ដែល​អាច​បញ្ឆោត​ដល់​ពួក​អ្នក​រើសតាំង បណ្តាល​ឲ្យ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការរស់នៅ​តាម​សេចក្ដីសញ្ញា​របស់​ពួកគេ »។

ខ្ញុំ​បាន​ឃើញ​យុវមជ្ឈិមវ័យ​ផ្សេង​ទៀត​មាន​បញ្ហា​ជាមួយ​នឹង​ទីបន្ទាល់​របស់​ពួកគេ បន្ទាប់​ពី​ត្រឡប់​មក​ពី​បេសកកម្ម​របស់​ពួកគេ​វិញ ។ ខ្ញុំ​ក៏​បាន​ឃើញ​ពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​ឈាន​ដល់​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត ដូចជា​ការបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ឬ​ការរៀប​អាពាហ៍ពិពាហ៍ ហើយ​នៅ​ទីបំផុត​ធ្លាក់​ចេញពី​អ្វី​ដែល​សំខាន់​បំផុត នៅ​ពេល​ដែល​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​មាន​កន្លែង​សម្រាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ទម្លាប់​ថ្មី​របស់​ពួកគេ ។

ខ្ញុំ​ក៏​បាន​ឆ្លង​ការណ៍ល្អ និង​ការណ៍អាក្រក់​ខាង​វិញ្ញាណ​ផងដែរ ។ ពេល​ខ្លះ​វា​ពិបាក​ដើម្បី​មាន​ការជំរុញ​ទឹកចិត្ត និង​មិន​ខ្ជិល​ច្រអូស នៅ​ពេល​ដែល​និយាយ​ដល់​ទម្លាប់​ខាង​វិញ្ញាណ ជាពិសេស​នៅ​ពេល​ដែល​ពរជ័យ​ជាក់លាក់​មិន​បាន​មក​ដល់​ភ្លាមៗ​ដូច​ដែល​ខ្ញុំ​បាន​សង្ឃឹម​ទុក ។ ខ្ញុំ​តែងតែ​ចង់​រីកចម្រើន និង​ប្រសើរ​ឡើង—ខ្ញុំ​មិន​ចង់​មាន​ភាពរាំងស្ទះ​ខាង​វិញ្ញាណ​ទេ ។ ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម​គេ​តាម​ឯង​ដោយ​គ្មាន​គោលបំណង​មួយ​ឡើយ ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ខ្ញុំ​បាន​កំណត់​ពេល​វេលា​សម្រាប់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​តាម​របៀប​ដ៏​តូច និង​សាមញ្ញ ( សូមមើល អាលម៉ា ៣៧:៦ ) នោះ​ខ្ញុំ​ទទួល​អារម្មណ៍​លួងលោម និង​មាន​ស្ថេរភាព ដែល​ដំណឹងល្អ​របស់​ទ្រង់​នាំ​មក​ដល់​ខ្ញុំ ទោះបី​ជា​ពិភពលោក​នេះ​មិន​មាន​ស្ថេរភាព​ក៏​ដោយ ។

ប្រធាន រ័សុល អិម ណិលសុន បាន​និយាយ​ថា « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​បងប្អូន ។ សូម​ថ្វាយ​ពេលវេលា​របស់​បងប្អូន​ទៅ​ទ្រង់ឲ្យ​បាន​សមរម្យ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ សូម​កត់សម្គាល់​អំពីអ្វី​ដែល​នឹង​កើតឡើង​ដល់​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​របស់​បងប្អូន » ។ ពេល​ខ្ញុំ ជ្រើសរើស ដោយ​មនសិការ ដើម្បី​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀង​រាល់​ថ្ងៃ ហើយ​កំណត់​ពេល​សម្រាប់​ទម្លាប់​ខាង​វិញ្ញាណ​ទាំងនោះ​ដែល​ភ្ជាប់​ខ្ញុំ​ទៅ​នឹង​ទ្រង់ នោះ​ខ្ញុំ​ចាំ​ពី​គ្រា​ខាង​វិញ្ញាណ​ដ៏​ច្បាស់​របស់​ខ្ញុំ ហើយ​ស្គាល់​ពី​គោលបំណង សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត និង​សេចក្ដី​ជំនឿ​ជា​ថ្មី​ឡើងវិញ។

ស្វែងរក​ឥទ្ធិពល​ល្អ

ពេល​មួយ​ទៀត​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​គោលដៅ​គឺ​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នៃ​សាកលវិទ្យាល័យ​របស់​ខ្ញុំ ។ ជីវិត​គឺ​ពិបាក​ណាស់ ។ វា​គឺ​អំឡុង​ពេល​រោគរាតត្បាត ដូច្នេះ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ពេល​ដែល​ខ្ញុំ​ជាប់​នៅ​ក្នុង​ផ្ទះ ហើយ​ត្រូវ​បញ្ចប់​ថ្នាក់​ទាំងឡាយ ។ ជីវិត​ខ្ញុំ​ពិតជា​ខ្វះ​ការណែនាំ និង​ការភ្ជាប់​ទំនាក់ទនង​បែបនោះ​មែន ។

ខ្ញុំ​ថែម​ទាំង​បាន​មាន​បញ្ហា​ជាមួយ​សាសនាចក្រ​នៅ​ពេល​នោះ​ទៀត​ផង ។ ជា​ញឹកញាប់ ខ្ញុំ​ត្រូវតែ​បង្ខំ​ឲ្យ​ខ្លួនឯង​ងើបចេញ​ពី​គ្រែ​នៅ​ក្នុង​សម្លៀកបំពាក់​គេង​របស់​ខ្ញុំ ដើម្បី​ស្តាប់​ការប្រជុំ​សាក្រាម៉ង់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពីព្រោះ​នោះ​គឺ​ជា​ការជំរុញ​ទាំង​អស់​ដែល​ខ្ញុំ​អាច​ប្រមូល​បាន ។

អំឡុង​ពេល​ដ៏​ងងឹត​នេះ ខ្ញុំ​បាន​ឈោង​ទៅ​គ្រួសារ និង​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​បាន​ពន្យល់​ពួកគេ​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​គោលដៅ និង​ធ្លាក់​ទឹកចិត្ត​យ៉ាង​ណា ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​ក្តីសង្ឃឹម​សម្រាប់​ពេល​អនាគត​ទេ ហើយ​មិន​ដឹង​ថា​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ ។ ហើយ​នោះ​គឺ​ជា​ពេល​ដែល​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​កំពុង​អធិស្ឋាន​សម្រាប់​ខ្ញុំ និង​គាំទ្រ​ខ្ញុំ​ទោះបី​ជា​ពួកគេ​នៅ​ឆ្ងាយ​ក៏​ដោយ ។

នៅ​ពេល​ខ្ញុំ​បាន​ឈោង​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់ ដែល​មាន​សេចក្ដី​ជំនឿ​យ៉ាង​ជ្រាលជ្រៅ ហើយ​ពេល​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ជាមួយ​នឹង​ការជំរុញ​ទឹកចិត្ត​ខាង​វិញ្ញាណ​តែ​បន្តិច​នោះ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការគាំទ្រ និង​សេចក្ដី​ស្រឡាញ់​ជា​និរន្តរ ។

ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ពេល​ដែល​ខ្ញុំ​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការរំពឹងទុក​ដែល​មិន​បាន​បំពេញ​របស់​ខ្ញុំ ការសង្ស័យ​របស់​ខ្ញុំ ឬ​ការលំបាក​របស់​ខ្ញុំ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​បោះ​ចូល​ទៅក្នុង​ភាពច្របូក​ច្របល់ ។ ខ្ញុំ​បាត់បង់​ការឃើញ​ពី​ពរជ័យ​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ប៉ុន្តែ​ដោយ​ការហ៊ុំព័ទ្ធ​ខ្លួន​ខ្ញុំ​យ៉ាង​សកម្ម​ដោយ​អ្វី​ដែល​ល្អៗ ដោយ​ការអាន​ពរជ័យ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ស្តាប់​សារ​សន្និសីទ​ទូទៅ និង​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​ជះ​ឥទ្ធិពល​ល្អ​ចំពោះ​ខ្ញុំ ខ្ញុំ​ផ្តោត​ឡើង​វិញ​ទៅ​លើ​ភាពខុសគ្នា​ដ៏​អស្ចារ្យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​កើតឡើង​ក្នុង​ជីវិត​ខ្ញុំ ។

ទោះបី​ជា​បងប្អូន​មិន​មាន​ផ្លូវ​ច្បាស់លាស់​នៅ​ចំពោះ​មុខ​បងប្អូន​នៅ​ពេល​ខ្លះ ឬ​អ្វីៗ​មិន​ដំណើរការ​ដូច​ដែល​បាន​គ្រោង​ទុក​ក៏​ដោយ ក៏​នៅ​តែ​មាន​ភាពល្អ​ជា​ច្រើន​នៅ​ក្នុង​ជីវិត​បងប្អូន និង​ឱកាស​ជា​ច្រើន​ដែល​បងប្អូន​អាច​រក​បាន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រីក​ចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ តែងតែ​មាន​អ្វី​បន្ថែម​ទៀត​ដើម្បី​រៀន និង​ដើម្បី​រីកចម្រើន ជា​ពិសេស​ខាង​វិញ្ញាណ ។ អធិស្ឋាន​ទូលសូម​ការណែនាំ​ពី​ព្រះវរបិតាសួគ៍ ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យ​ស្វែងរក និង​ឃើញ​នូវ​ឥទ្ធិពល និង​ឱកាស​ល្អៗ​សម្រាប់​ការរីក​ចម្រើន និង​ការរៀនសូត្រ​ដែល​នៅជុំ​វិញ​បងប្អូន ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១៣ ) ។

រូបភាព
ស្ត្រី​វ័យ​ក្មេង​នៅ​ក្នុង​ទូក​កាយ៉ាក

បន្ត​ខិតខំ

ពេល​ខ្លះ ជីវភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង​ផ្ទាល់​អាច​ចូល​ទៅ​ក្នុង​រលក—ឡើង ហើយ​ចុះ ។ ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​រឹងមាំ​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង និង​សេចក្ដី​អំណរ​នៃ​ដំណឹងល្អ ។ ប៉ុន្តែ​នៅ​ពេល​ផ្សេង​ទៀត​យើង​អាច​ពិបាក​ដឹង​ថា​កន្លែង​ណា​ដែល​ត្រូវ​បត់​ទៅ​បន្ទាប់​ទៀត ។ យើង​អាច​មាន​ការលំបាក​ពេល​មាន​ឧបសគ្គ​កើត​ឡើង ពេល​មាន​សំណួរ ឬ​ពេល​ពរជ័យ​ត្រូវ​ពន្យារពេល ជា​ពិសេស​នៅ​ពេល​យើង​កំពុង​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។ នៅ​គ្រា​លំបាក​ទាំង​នេះ ខ្ញុំ​តែងតែ​ឃើញ​មនុស្ស​ដើរ​លើ​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ពីរ ៖ ផ្លូវ​មួយ​គឺ​ពួកគេ​ឈោង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង​ផ្លូវ​មួយ​ទៀត​គឺ​ពួកគេ​មិន​ធ្វើ​ដូច្នោះ​ទេ ។

ពេល​ខ្លះ​ខ្ញុំ​ប្រៀបធៀប​គ្រា​ទាំង​នេះ​ទៅ​នឹង​រឿង​របស់​ម៉ូសេ និង​ពស់​លង្ហិន ( សូមមើល ជនគណនា ២១:៨–៩ ) ។ នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​អស់​សង្ឃឹម​ថា​បាន​ជា​សះស្បើយ​បន្ទាប់ពី​ត្រូវ​ពស់​ពិស​ខាំ ម៉ូសេ​បាន​ផ្ដល់​វិធី​ងាយស្រួល​ដល់​ពួកគេ​ដើម្បី​បាន​សង្គ្រោះ ៖ គ្រាន់តែ​ក្រឡេក​មើល​សត្វ​ពស់​លង្ហិន​ដែល​តំណាង​ឲ្យ​ព្រះយេហូវ៉ា ។ នោះ​ជា​អ្វី​តែ​មួយ​គត់​ដែល​ពួកគេ​ត្រូវ​ធ្វើ ។ គ្រាន់​តែ​សម្លឹង​មើល ហើយ​ពួកគេ​នឹង​រស់ ។ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ជ្រើស​រើស​មិន​ធ្វើ និង​បាន​វិនាស ។ ( សូមមើល នីហ្វៃទី១ ១៧:៤១ ) ។

រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​របៀប​ដែល​យើង​ផ្ទុក​ទម្ងន់​មាន​ពិស​នៃ​ការខកចិត្ត និង​ការអាក់អន់​ចិត្ត​ពី​ការរំពឹងទុក​ដែល​មិន​បាន​បំពេញ​របស់​យើង ពេល​ខ្លះ​នៅ​ពេល​ដែល​ការព្យាបាល​គឺ​នៅ​នឹង​មុខ​យើង​តែ​ម្ដង !

គន្លឹះ​ចំពោះ​ការទទួល​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម ភាពសុខសាន្ត និង​សេចក្ដី​ជំនឿ​ចំពោះ​អនាគត​របស់​យើង​គឺ​គ្រាន់​តែ​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៨:១៤–១៥; យ៉ូហាន ៣:១៤–១៧ ) ។

ខ្ញុំ​តែង​តែ​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ខ្លួន​ឯង​នៅ​ពេល​ខ្ញុំ​ធ្វើ​កំហុស ។ ប៉ុន្ដែ​ដោយសារ​ខ្ញុំ​ពិត​ជា​បាន​ខិតខំ​រៀន​អំពី​ទ្រង់​ទាំងពីរ​អង្គ ហើយ​ជឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ដឹង​ថា​ខ្ញុំ​តែងតែ​អាច​ពឹង​ផ្អែក​លើ​ទ្រង់​ទាំងពីរ​អង្គ​ដើម្បី​បាន​ការអភ័យទោស ការរីកចម្រើន និង​ការព្យាបាល​ក្នុង​គ្រា​លំបាកៗ ។ ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​កំពុង​សម្លឹង​រក​ទ្រង់​ទាំងពីរ​អង្គ តាមរយៈ​ការអធិស្ឋាន ការសិក្សា ចូរ​មក​តាម​ខ្ញុំ ការចំណាយ​ពេល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពង្រីក​ការហៅ​បម្រើ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ និង​ថ្មី​ឡើង​វិញ ។

ពេល​ខ្ញុំ​ស្វែងរក​ទ្រង់​ទាំងពីរ​អង្គ ខ្ញុំ​ឃើញ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​អ្វី​ដែល​ជា​ភាពពិត​របស់​វា ៖ ជា​ជម្រក​មួយ​ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ភាពលួងលោម សុវត្ថិភាព និង​ការព្យាបាល​ពី​ពស់​នៃ​ពិភពលោក ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ធ្វើ​ជា​សាក្សី​ប្រកប​ដោយ​សេចក្ដីក្ដី​ស្រឡាញ់ ៖ « ‹ ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម › នោះ​កើត​ចេញ​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប—នោះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​ក្មួយ ។ … ការមាន​ភាពភ្លឺ​ថ្លា​នៃ​សេចក្តីសង្ឃឹម​នោះ​នៅ​ជាមួយ នឹង​ក្លាយ​ជា​ការខ្សឹប​ប្រាប់​ដែល​មិន​អាច​បដិសេធ​ថា ព្រះស្រឡាញ់​ក្មួយ ថា​ព្រះគ្រីស្ទ​គឺ​ជា​អង្គគាំទ្រ​របស់​ក្មួយ ថា​ដំណឹងល្អ​ពិត ។ ការភ្លឺ​ថា​នៃ​សេចក្តីសង្ឃឹម​នេះ​នឹង​រំឭក​ក្មួយ​ថា នៅក្នុង​ដំណឹងល្អ​តែងតែ—មាន​ឱកាស​ថ្មី ជីវិត​ថ្មី ឆ្នាំ​ថ្មី រៀង​រាល់​ថ្ងៃ—រៀង​រាល់​នាទី ។ ឱ នេះ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ឱ នេះ​គឺ​ជា​អំណោយ​ដ៏​មហិមា​ម៉្លេះ ! ហើយ​ដោយសារ​តែ​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ អ្វី​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​នេះ​គឺ​ជា​របស់​ផង​យើង ប្រសិនបើ​យើង​បន្ត​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន និង​បន្ត​ព្យាយាម ព្រមទាំង​បន្ត​សង្ឃឹម » ។

ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ

ភាពជា​យុវមជ្ឈិមវ័យ​នាំមក​នូវ​ការផ្លាស់ប្តូរ​ជាច្រើន មាន​ភាពមិន​ច្បាស់លាស់​ច្រើន ហើយ​ពេលខ្លះ​ថែមទាំង​មាន​ការរំពឹងទុក​ដែល​មិន​បាន​បំពេញ​ទៀត​ផង ។ ប៉ុន្តែ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​តែងតែ​ប្រាកដ ហើយ​តែងតែ​មាន​ស្ថេរភាព​ជានិច្ច ។ ហើយ​ការ​សន្យា​របស់​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​ទ្រង់​គឺ​ប្រាកដ ដរាប​ណា​យើង​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ ។ ពេល​ខ្លះ​ពិភពលោក​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក​ខ្លាំង​ណាស់ ដើម្បី​រក្សា​ការផ្តោត​របស់​យើង​ទៅ​លើ​ទ្រង់ ។ ប៉ុន្តែ​ការឈាន​ទៅ​មុខ​មួយ​ជំហាន​ដែល​នាំ​យើង​ទៅ​រក​ទ្រង់​គឺ​ជា​ការរីក​ចម្រើន ។ ពេល​យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ យើង​មិន​ដែល​គ្មាន​គោលដៅ​ឡើយ—គឺ​យើង​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សង្ឃឹម ភាពសុខសាន្ត និង​អំណរ ។

អ្នកនិពន្ធ​រស់នៅ​ទីក្រុង ម៉ានឆែសស្តើរ ប្រទេស អង់គ្លេស ។

កំណត់​ចំណាំ

  1. រេបិកា អិល ក្រេវិន « Careful​versus​Casual » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១០ ។

  2. រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៩ ។

  3. ជែហ្វ្រី អ័រ ហូឡិន « អនាគត​ពេញ​ដោយ​ក្ដី​សង្ឃឹម » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៣ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។