លីអាហូណា
វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន ៖ ការភ្ជាប់​ហិរញ្ញវត្ថុ​ទៅនឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ
ខែ មករា ឆ្នាំ ២០២៤


« វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន ៖ ការភ្ជាប់​ហិរញ្ញវត្ថុ​ទៅនឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន ៖ ការភ្ជាប់​ហិរញ្ញវត្ថុ​ទៅនឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ

វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន​ជួយ​អ្នកចូលរួម​ឲ្យ​នាំ​មក​នូវ​ការយល់ដឹង​ខាង​វិញ្ញាណ​អំពី​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ ។

រូបភាព
ក្រុម​មនុស្ស​កំពុង​អង្គុយ​និយាយ​គ្នា

ការណែនាំ​ដំបូង​បំផុត​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​គឺ​អំពី​ការងារ និង​ភាពខ្លួន​ទីពឹង​ខ្លួន ។ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទ្រង់​បាន​ណែនាំ​ដល់​អ័ដាម និង​អេវ៉ា​ថា « ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស » ( លោកុប្បត្តិ ៣:១៩ ) ។ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ទៅកាន់​ពួក​សាសន៍​អ៊ីស្រាអែល​ថា « ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ » ( និក្ខមនំ ២០:៩ ) ។

សព្វថ្ងៃនេះ ក្រុម​ខ្លួន​ទីពឹង​ខ្លួន​ដែល​គាំទ្រ​ដោយ​សាសនាចក្រ​ទូទាំង​ពិភពលោក​កំពុង​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យ​កែលម្អ​ការអប់រំ​របស់​ពួកគេ ប្រែក្លាយ​កាន់តែ​មាន​ភាពអត់ធន់​ខាង​ផ្នែក​អារម្មណ៍ ស្វែងរក​ការងារ​កាន់តែ​ប្រសើរ ចាប់ផ្តើម​អាជីវកម្ម និង—ដូច​បទពិសោធន៍​ខាងក្រោម​នេះ​បង្ហាញ—គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​កាន់តែ​ប្រសើរ​ជាងមុន ។

រូបភាព
ស្ត្រី​កំពុង​មើលទៅ​ឯកសារ

ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​លើ​ចំណូល​តិចតួច

ក្នុង​អំឡុង​អាពាហ៍ពិពាហ៍​របស់​គាត់ ដេបូរ៉ា​មក​ពី​រដ្ឋ មីឈីហ្គែន ស.ហ.អា. មិន​ដែល​មាន​បញ្ហា​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គាត់​ឡើយ ។ ប៉ុន្ដែ​បន្ទាប់​ពី​គាត់ និង​ស្វាមី​បាន​បែក​គ្នា គាត់​មាន​ការពិបាក​ក្នុង​ការបង់​ថ្លៃ​ការចំណាយ​ផ្សេងៗ ។ ទោះបី​ជា​ដេបូរ៉ា​បាន​រីករាយ​ក្នុង​ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​ក្ដី ក៏​គាត់​បាន​ចាប់​ផ្តើម​មាន​ការលំបាក​ក្នុង​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ហើយ​បាន​បញ្ឈប់​ការទៅ​ព្រះវិហារ​បរិសុទ្ធ ។

គាត់​បាន​ស្វែងរក​ជំនួយ​ពី​ប៊ីស្សព​របស់​គាត់ ដែល​បាន​ប្រាប់​គាត់​អំពី​ថ្នាក់​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឡើង​ក្នុង​ស្តេក​របស់​គាត់ ។ ដេបូរ៉ា​បាន​យល់ព្រម​ទៅ ប៉ុន្តែ​ដំបូង​គាត់​មិន​បាន​ឃើញ​ពី​មូលហេតុ​ក្នុង​ការចូលរួម​ទេ ៖ « ប្រាប់​តាម​ត្រង់​ទៅ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ថា ‹ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​ទី​នេះ​ទេ ។ ខ្ញុំ​ដឹង​ពី​របៀប​ចាត់ចែង​ថវិកា​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ផែនការ​ថវិកា​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ › » ។

ដេបូរ៉ា​បាន​ជួប​ជាមួយ​ក្រុម និង​អ្នក​សម្រប​សម្រួល ។ រយៈ​ពេល​ពីរ​ម៉ោង​ជា​រៀង​រាល់​សប្តាហ៍ ពួកគេ​បាន​រៀន​ទាំង​ទិដ្ឋភាព​ខាង​សាច់ឈាម​នៃ​ស្ថេរភាព​ហិរញ្ញវត្ថុ ( ដូចជា​ការរៀបចំ​ថវិកា ) និង​ទិដ្ឋភាព​ខាង​វិញ្ញាណ​នៃ​ស្ថេរភាព​ហិរញ្ញវត្ថុ ( ដូចជា​ការធ្វើ​ជា​អ្នកត្រួតត្រា​ដ៏​ស្មោះត្រង់​លើ​ចំណូល ) ។ « ខ្ញុំ​មិន​ដែល​ភ្ជាប់​ទិដ្ឋភាព​ទាំង​ពីរ​ជាមួយ​គ្នា​តាម​របៀប​ដែល​ថ្នាក់​នេះ​ភ្ជាប់​វា​នឹង​គ្នា​ឡើយ » ។

ដេបូរ៉ា​មាន​អារម្មណ៍​ថា ការ​ភ្ជាប់​សេចក្តី​សញ្ញា​របស់​គាត់​ជាមួយនឹង​ព្រះវរបិតាសួគ៌​បាន​ជួយ​គាត់​ឲ្យ​រៀន​ពី​របៀប​បញ្ចូល​ទ្រង់​ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​គាត់ ។ « ព្រះវរបិតាសួគ៌​គង់​នៅ​ទីនោះ​ជានិច្ច​សម្រាប់​ខ្ញុំ ។ … ខ្ញុំ​ត្រូវតែ​បញ្ចូល​ទ្រង់​នៅក្នុង​គ្រប់​អ្វីៗ​ទាំងអស់ » ។

ពេល​ដេបូរ៉ា​បាន​ធ្វើតាម​ការបំផុស​គំនិត និង​ការណែនាំ​ដែល​គាត់​ទទួល​បាន​ពី​ក្រុម​ខ្លួន​ទីពឹង​ខ្លួន​របស់​គាត់ នោះ​គាត់​អាច​ដាក់​លុយ​បម្រុង​ទុក​សម្រាប់​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គាត់ ហើយ​ថែម​ទាំង​សន្សំ​ប្រាក់ ដោយ​មិនមាន​ការបង្កើន​ចំណូល​របស់​គាត់​ទៀត​ផង ។

ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ឆ្នាំ ១៨៥៦–១៩៤៥ ) បាន​ថ្លែង​ទីបន្ទាល់​ថា ចំណែក​នៃ​ចំណូល​ដែល​នៅ​សេសសល់ បន្ទាប់ពី ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​អាច​ចាយវាយ​ទៅ​លើ​អ្វីៗ​ច្រើន​ជាង​ដែល​អាច​ធ្វើ​បាន​ជាមួយ​នឹង​ចំនួន​សរុប មុនពេល បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ៖ « ខ្ញុំ​ថ្លែង​ជា​សាក្សី … ថា​បុរស និង​ស្ត្រី​ដែល​ស្មោះ​ត្រង់​ទាំងស្រុង​ជាមួយ​ព្រះ ដែល​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្លួន … ថ្លែង​ទីបន្ទាល់ … ថា​ព្រះ​បាន​ប្រទាន​ប្រាជ្ញា​ដល់​ពួកគេ ដែល​ពួកគេ​អាច​ប្រើប្រាស់​ប្រាំបួន​ភាគ​ដប់​ដែល​នៅ​សល់​នោះ ហើយ​វា​មាន​តម្លៃ​ច្រើន​ជាង​មុន​ចំពោះ​ពួកគេ ហើយ​ពួកគេ​បាន​សម្រេច​បាន​ច្រើន​ជាមួយ​នឹង​ប្រាំបួន​ភាគ​នោះ ជាង​បើ​ពួកគេ​មិន​បាន​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ » ។

ដេបូរ៉ា​បាន​ទទួល​ពរជ័យ « ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង » ( ម៉ូសាយ ២:៤១ ) នៅ​ពេល​ដែល​គាត់​រក្សា​ច្បាប់​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​អនុវត្ត​គោលការណ៍​ដំណឹងល្អ​ទៅ​លើ​ថវិកា​របស់​គាត់ ។ ការណែនាំ​ពី​ក្រុម​ខ្លួន​ទីពឹង​ខ្លួន និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ផ្តល់​នូវ​វិធី​មួយ​សម្រាប់​គាត់ ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ។ គាត់​ថ្លែង​ទីបន្ទាល់​ថា « អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​មិន​អាច​ធ្វើ​បាន ទ្រង់​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ច្រើន​ជាង​នេះ​ទៅ​ទៀត » ។ « អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃ​នេះ​កំណត់​អនាគត​របស់​យើង ហើយ​ខ្ញុំ​ចង់​ឲ្យ​អនាគត​របស់​ខ្ញុំ​ក្លាយ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឌីត្រយ ហើយ​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​សម្រាប់​បុព្វការីជន​របស់​ខ្ញុំ​ម្ដង​ទៀត » ។

រូបភាព
ស្វាមី និង​ភរិយា​ជាមួយ​នឹង​សៀវភៅ​សិក្សា

រូបថត​ផ្ដល់​សិទ្ធិ​ដោយ បឺរី និង ឡៃ ឈូ

ការចេញ​ពី​បំណុល

បឺរី ឈូ នៃ​ស្តេក​តៃប៉ិ​កណ្តាល​នៅ​ប្រទេស​តៃវ៉ាន់ ត្រូវការ​ប្រាជ្ញា​ហួស​ពី​ការយល់ដឹង​របស់​នាង បន្ទាប់​ពី​នាង​បាន​ធ្វើ​ការវិនិយោគ​មួយ​ដែល​មិន​បាន​សមប្រកប ធ្វើ​ឲ្យ​នាង​មាន​បំណុល​ធំ​មួយ ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​បឺរី​គាំង​ស្ទះ​មួយ​រយៈ​ពី​ការឈាន​ទៅ​មុខ ។ ប៉ុន្តែ​បឺរី​បាន​បន្ទាប​ខ្លួន ហើយ​បាន​ស្វែងរក​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ការអធិស្ឋាន ។ ពី​ការអធិស្ឋាន​នោះ នាង​បាន​ទទួល​ភាពក្លាហាន ដើម្បី​ប្រាប់​ស្វាមី​របស់​នាង​ពី​អ្វី​ដែល​បាន​កើត​ឡើង ។ ដោយ​មាន​ការទន់ភ្លន់ និង​ភាពរាបសា ស្វាមី​របស់​បឺរី ឈ្មោះ ឡៃ សៃ បាន​អះអាង​ចំពោះ​នាង​ថា ពួកគេ​នឹង​ដោះស្រាយ​វា ហើយ​យក​ឈ្នះ​លើ​បំណុល​នេះ ។ ឡៃ និង​បឺរី​បាន​អធិស្ឋាន​ជាមួយ​គ្នា​សុំ​ការណែនាំ​ពី​ព្រះអម្ចាស់ ។

បឺរី​និង​ពន្លឺ​មាន​អារម្មណ៍​ថា ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ពី​វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ​សម្រាប់​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ។ ទោះបី​ជា​មាន​បំណុល​លើសលប់​ក៏​ដោយ​ក៏​ពួក​គេ​បាន​បង្កើត​ផែនការ​សង​វិញ ។ បឺរី​និយាយ​ថា ដោយ​មាន​ជំនួយ​ពី​វគ្គ​សិក្សា​នេះ ពួកគេ​បាន​រៀន « ដាក់​អាទិភាព​លើ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង … ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​វិធី​របស់​ព្រះ » ។ « យើង​ក៏​បាន​រៀន​ផងដែរ​អំពី​ថវិកា និង​កំណត់​អាទិភាព​ការចំណាយ​របស់​យើង​សម្រាប់​តែ​ភាពចាំបាច់​ប៉ុណ្ណោះ » ។

បឺរី និង​ឡៃ​មិន​ត្រឹមតែ​រៀន​ចាត់ចែង​ថវិកា​ចំណូល​របស់​ពួកគេ​ដោយ​ការទទួល​ខុសត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក៏​បាន​បំផុស​គំនិត​បឺរី​ឲ្យ​ផ្លាស់ប្តូរ​ការងារ​ផង​ដែរ ។ ការផ្លាស់ប្តូរ​នេះ​បាន​នាំ​ឲ្យ​មាន​ប្រាក់​ខែ​ខ្ពស់​ជាង ដែល​នាង​អាច​បង់​បំណុល​របស់​នាង​បាន ។

ដោយ​មាន​ការបង្រួប​បង្រួម​ក្នុង​គោលដៅ​របស់​ពួកគេ បឺរី និង​ឡៃ បាន​ប្រើប្រាស់​ប្រាក់រង្វាន់ ប្រាក់វិនិយោគ និង​ប្រាក់ចំណូល​បន្ថែម​ពី​ការងារ​ពេញម៉ោង និង​ក្រៅម៉ោង​របស់​ពួកគេ ដើម្បី​សង​បំណុល​របស់​បឺរី ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ពួកគេ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​លើ​ការចំណាយ​ទាំងអស់​របស់​ពួកគេ ហើយ​សំខាន់​បំផុត​នៅ​តែ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៀត ។

ព្រះអម្ចាស់​បាន​ប្រកាស ៖ « នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ។ … ប៉ុន្តែ​ការ​នេះ​ត្រូវ​បាន​សម្រេច​តាម​មាគ៌ា​របស់​យើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:១៥–១៦ ) ។ បុគ្គល និង​ក្រុមគ្រួសារ​នៅ​ជុំវិញ​ពិភពលោក​កំពុង​រកឃើញ​ពី​របៀប​ដែល​ទ្រង់​ផ្គត់ផ្គង់​ដល់​ពួកគេ នៅពេល​ដែល​ពួកគេ​អនុវត្ត​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​ហិរញ្ញវត្ថុ ។

រូបភាព
ស្វាមី និង​ភរិយា​កំពុង​សម្លឹង​មើល​ក្រដាស​ជាមួយ​គ្នា

ការបង្រៀន​ពី « របៀប » មិនមែន​គ្រាន់តែ​ជា « អ្វី »

ខឺធីស និង សនដា ស្កត់ មក​ពី​រដ្ឋ តិចសាស ស.រ.អា. ទាំងពីរ​នាក់​ចង់​មាន​ភាពឈ្លាសវៃ​ក្នុង​ហិរញ្ញវត្ថុ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​អាច​យល់ស្រប​ពី​របៀប​ណា​នោះ​ទេ ។ សនដា​បាន​ដឹង​ថា ពួកគេ​ត្រូវការ​ការធានា​រ៉ាប់រង​វេជ្ជសាស្ត្រ ប៉ុន្តែ​ខឺធីស​បាន​ដឹង​ថា ពួកគេ​មិន​អាច​មាន​លទ្ធភាព​បង់​វា​បាន​ទេ ។ ទោះបី​ជា​ពួកគេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ក៏​ទស្សនៈ​ហិរញ្ញវត្ថុ​ខុស​គ្នា​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​ភាពតានតឹង​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ សនដា​បាន​រំឭក​ថា « នៅ​ពេល​និយាយ​ដល់​ហិរញ្ញវត្ថុ ខ្ញុំ​គិត​ថា យើង​មាន​ទស្សនៈ និង​គំនិត​ខុស​គ្នា​ខ្លាំង​ណាស់ » ។

ខឺធីស​យល់​ស្រប ។ « លុយ​តែងតែ​ជា​ប្រធានបទ​ដ៏​តានតឹង ហើយ​មាន​ការសន្ទនា​សំខាន់​ដែល​យើង​មិន​បាន​និយាយ » ។

ប៊ីស្សព​របស់​ពួកគេ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​សនដា និង​ខឺធីស​ចាប់​ផ្តើម​ចូលរួម​វគ្គសិក្សា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ដែល​មាន​នៅក្នុង​ស្តេក​របស់​ពួកគេ ។

ខឺធីស​មាន​ការភ្ញាក់ផ្អើល​ដែល​ទម្រង់​នៃ​ការពិភាក្សា​បើក​ចំហ​ក្នុង​ថ្នាក់​របស់​ពួកគេ​ដំណើរការ​បាន​ល្អ​ណាស់ ។ គាត់​អាច​ពន្យល់​ពី​គំនិត​របស់​គាត់ និង​ទទួល​បាន​ការយល់ដឹង​ពី​អ្នក​ដទៃ​ដែល​យល់​ពី​កាលៈទេសៈ​របស់​គ្រួសារ​គាត់ ។ ការពិភាក្សា​ក្រុម​នេះ​បាន​ជួយ​ខឺធីស​រក​ឃើញ​មិន​ត្រឹម​តែ​គោលការណ៍​ដំណឹងល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​វិធី​ជាក់​ស្តែង​ដើម្បី​អនុវត្ត​វា​ផង​ដែរ ។ ក្នុង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ ចាប់តាំង​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ខឺធីស​តែងតែ​ត្រូវ​បាន​បង្រៀន​ថា គាត់​គួរតែ​បង្កើន​សេចក្ដី​ជំនឿ​របស់​គាត់ ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​គាត់​បាន​ប្រសើរ​ឡើង និង​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ ប៉ុន្តែ​លោក​មាន​អារម្មណ៍​ថា វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន​បាន​បង្រៀន​គាត់​អំពី របៀប ធ្វើ​ឲ្យ​ការកែ​លម្អ​ទាំង​នោះ​ប្រសើរ​ឡើង ។

នៅ​ពេល​ដែល​ខឺធីស​បាន​រៀន​ពី​របៀប​អនុវត្ត​គោលការណ៍​ដំណឹងល្អ​នៅ​ក្នុង​ហិរញ្ញវត្ថុ​របស់​គាត់​នៅ​ផ្ទះ និង​ក្នុង​អាជីវកម្ម​របស់​គាត់ គាត់​បាន​រក​ឃើញ​យ៉ាង​ជ្រាលជ្រៅ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​គាត់ ។ គាត់​និយាយ​ថា « តាម​ពិត វា​បាន​ពង្រឹង​ជំនឿ​របស់​ខ្ញុំ និង​ការយល់ដឹង​របស់​ខ្ញុំ​អំពី​ការថែទាំ និង​ការព្រួយ​បារម្ភ​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង » ។

សនដា​មាន​អារម្មណ៍​ថា ទិដ្ឋភាព​ខាង​វិញ្ញាណ​នៃ​វគ្គសិក្សា​ខ្លួន​ទីពឹង​ខ្លួន​បាន​ជួយ​គាត់​ឲ្យ​យល់​ពី​របៀប​ដែល​សូម្បី​តែ​បញ្ហា​ហិរញ្ញវត្ថុ​ក៏​អាច​ចូល​នៅក្នុង​ផែនការ​របស់​ព្រះ​ដែរ ។ « វា​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ … មួយ​ជំហាន​ម្ដងៗ មួយ​បន្ទាត់​ម្ដងៗ » ។

ការរួម​បញ្ចូល​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​នៅ​ទីបំផុត​បាន​នាំ​ខឺធីស និង​សនដា​ឲ្យ​រួបរួម​គ្នា ។ សនដា​និយាយ​ថា « យើង​កំពុង​ក្លាយ​ជា​ក្រុម​តែ​មួយ » ។ « ខ្ញុំ​មិន​និយាយ​ថា យើង​ជា​អ្នក​មាន ឬ​ថា​យើង​មាន​លុយ​ច្រើន​ជាង​មុន​ទេ ប៉ុន្តែ​យើង​ប្រាកដ​ជា​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ទិសដៅ​ត្រឹមត្រូវ » ។

កំណត់​ចំណាំ

  1. ហ៊ីប៊ើរ ចេ ក្រាន្ត នៅក្នុង Conference Report ខែ មេសា​ឆ្នាំ ១៩១២ ទំព័រ ៣០ ។

  2. « សារលិខិត​មកពី​គណៈប្រធាន​ទីមួយ » នៅក្នុង ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ ) ។