លីអាហូណា
រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២៤


« រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​ខ្ញុំ

ការធ្វើពុត​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​នាំ​ខ្ញុំ​ទៅកាន់​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ជីវិត​ថ្មី​មួយ​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ដៃ​រៀបចំ​អាហារ​ដោយ​មាន​ព្រះគម្ពីរ​មរមន​នៅ​ក្បែរ​នោះ

រចនា​រូបភាព​ដោយ ប៊ែន ស៊ីម៉ុនសិន

ការងារ​របស់​ខ្ញុំ​ជា​ចុងភៅ​គឺ​ជា​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ធ្វើ​ម្ហូប​នៅ​សណ្ឋាគារ​ប្រណិត និង​នៅ​លើ​នាវា​ធ្វើ​ដំណើរ​កម្សាន្ត ។ ខ្ញុំ​បាន​ចូលរួម​ជាមួយ​ក្រុម​ចម្អិន​អាហារ​ដ៏​អស្ចារ្យ​មួយ ដែល​បាន​ឈ្នះ​ការប្រកួត​អាហារ​អន្តរជាតិ​ជា​ច្រើន ។

មាន​ម្តង​នោះ ខ្ញុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​អស់​រយៈ​ពេល​បី​ឆ្នាំ ។ ម្ដាយ​ខ្ញុំ​តែងតែ​ទូរសព្ទ​ទៅ​ខ្ញុំ​ទាំង​ទឹកភ្នែក ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ។

ថ្ងៃ​មួយ​នៅ​ទី​ក្រុង មីឡាន ប្រទេស អ៊ីតាលី ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ធ្វើ​ម្ហូប​នៅ​សណ្ឋាគារ​មួយ ខ្ញុំ​បាន​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដែល​មាន​មនុស្ស​កកកុញ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​បាន​ចែកចាយ​គោលការណ៍​ដំណឹងល្អ​មួយ​ចំនួន ។ ខ្ញុំ​រីករាយ​ជា​ពិសេស​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​បង្រៀន​ខ្ញុំ​អំពី​គ្រួសារ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ខ្ញុំ​នូវ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​អំពី​វា ។ ពួកគេ​ក៏​បាន​ឲ្យ​កូន​សៀវភៅ​មួយ​ដែល​មាន​ការណែនាំ​អំពី​របៀប​អធិស្ឋាន​ផងដែរ ។

ខ្ញុំ​ត្រឡប់​ទៅ​សណ្ឋាគារ​របស់​ខ្ញុំ​វិញ​ដោយ​សប្បាយ​រីករាយ បាន​ទៅ​បន្ទប់​របស់​ខ្ញុំ អធិស្ឋាន ហើយ​ចាប់​ផ្ដើម​អាន ។ ខ្ញុំ​កាន់តែ​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​កាន់​តែ​ចង់​អាន​ទៀត ។ ជាអកុសល ការងារ​បាន​រារាំង​ខ្ញុំ​មិន​ឲ្យ​បាន​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ម្តង​ទៀត​ទេ ។ នៅ​ពេល​កិច្ចសន្យា​សណ្ឋាគារ​របស់​ខ្ញុំ​បាន​បញ្ចប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ទីក្រុង បារី ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់ផ្ដើម​ធ្វើ​ម្ហូប​សម្រាប់​សណ្ឋាគារ​មួយ​ផ្សេង​ទៀត ។

ថ្ងៃ​មួយ​នៅ​ភោជនីយដ្ឋាន​សណ្ឋាគារ ដោយ​ហេតុ​ផល​មិន​សមរម្យ ចុងភៅ​ម្នាក់​ទៀត​បាន​ព្យាយាម​ណាត់​ដើរលេង​ជាមួយ​នឹង​អ្នកបម្រើតុ​មួយ​ចំនួន​នៅ​ទី​នោះ ។ គាត់​ខឹង ដោយសារ​តែ​អ្នកបម្រើតុ​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​បដិសេធ​មិន​ទៅ​ជាមួយ​គាត់ ។

ដោយ​ចាំ​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ខ្ញុំ​បាន​ជួប​នៅ​ទីក្រុង មីឡាន ខ្ញុំ​បាន​ប្រាប់​ចុងភៅ​នោះ​ថា អ្នកបម្រើតុ​នោះ​មាន​សិទ្ធិ​បដិសេធ​គាត់​បាន ។

គាត់​បាន​សួរ​ថា « ដូច្នេះ តើ​អ្នក​ជា​ពួក​មរមន​ដែរ​ឬ ? »

ដោយសារ​ខ្ញុំ​ចូលចិត្ត​គោលការណ៍​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ ហើយ​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជា​ការត្រឹមត្រូវ​ក្នុង​ការការពារ​ពួកអ្នកបម្រើតុ​នោះ ខ្ញុំ​បាន​ឆ្លើយ​ថា « មែនហើយ » ។

នៅ​ពេល​ក្រោយ​ដែល​ចុងភៅ​នោះ​បាន​ឃើញ​ពួកអ្នកបម្រើតុ គាត់​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពួកគេ​រំភើប​ចិត្ត​ណាស់ ។ ពេល​យើង​ជួបជុំ​គ្នា​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ពួកគេ​បាន​ចាប់​ផ្ដើម​សួរ​ខ្ញុំ​នូវ​សំណួរ​អំពី​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​មីឡាន ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​អំពី​ទីក្រុង ហើយ​ថា​ខ្ញុំ​បាន​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទី​នោះ ។ ពេល​ដល់ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​របស់​យើង ខ្ញុំ​បាន​ឈោង​ទៅ​ចាប់​កែវ​ស្រា​មួយ​កែវ​នៅ​លើ​តុ ។

អ្នកបម្រើតុ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា « តើ​លោក​កំពុង​ធ្វើ​អ្វី​ហ្នឹង ផឹក​ស្រា​ឬ ? »

« តើ​ខុសទាស់​អ្វី​ទៅ ? » ខ្ញុំ​បាន​និយាយ ។

អ្នកបម្រើតុ​ម្នាក់​ទៀត​បាន​សួរ​ថា « តើ​លោក​សកម្ម​ដែរ​ឬ​ទេ ? »

« តើ​តាម​ន័យ​ណា​ទៅ ? » ខ្ញុំ​បាន​និយាយ ។

ពួក​គេ​បាន​សួរ​ថា « តើ​លោក​ស្លៀកពាក់​អ្វី​នៅ​ថ្ងៃ​ដែល​លោក​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ? »

ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « ខ្ញុំ​មិន​ចាំ​ទេ » ។ « ខ្ញុំ​ទើបតែ​អាយុ​មួយ​ខែ​ប៉ុណ្ណោះ » ។

ពួកគេ​ខឹង​ខ្លាំង​ណាស់​ព្រោះ​ពួកគេ​បាន​គិត​ថា ខ្ញុំ​កំពុង​សើច​ចំអក​ដល់​ពួកគេ ។ ខ្ញុំ​បាន​បញ្ជាក់​ដល់​ពួកគេ​ថា ខ្ញុំ​មិន​បាន​សើច​ចំអក​ពួកគេ​ទេ ។ ខ្ញុំ​បាន​សារភាព​ថា ខ្ញុំ​មិន​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ចូលចិត្ត​ព្រះគម្ពីរ​មរមន និង​គោលការណ៍​ដំណឹងល្អ​ដែល​ខ្ញុំ​បាន​រៀន ។ បន្ទាប់​មក​ខ្ញុំ​បាន​សួរ​ថា តើ​ខ្ញុំ​អាច​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ។

មិន​យូរ​ប៉ុន្មាន​ពួក​អ្នកបម្រើតុ​បាន​ណែនាំ​ខ្ញុំ​ទៅ​កាន់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​ស្ទើរតែ​មិន​អាច​ជឿ​ទេ នៅ​ពេល​ខ្ញុំ​បញ្ចប់​ការពិភាក្សា ហើយ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

រូបភាព
ម្តាយ និង​ឪពុក​ជាមួយ​កូន​ប្រុស​ពីរ​នាក់

រូបថត​គ្រួសារ​ផ្តល់​សិទ្ធិ​ដោយ​អ្នកនិពន្ធ

ជាមួយ​នឹង​ពិធី​បុណ្យ​ជ្រមុជ​ទឹក ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ។ ខ្ញុំ​បាន​រៀន​ថា បងប្អូន​មិន​អាច​ជាន់​ជើង​ម្ខាង​នៅ​ក្នុង​ពិភពលោក និង​ជើង​ម្ខាង​នៅ​ក្នុង​ដំណឹងល្អ​នោះ​ទេ ។ ខ្ញុំ​បាន​រៀន​ថា ការងារ​មិនមែន​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​នោះ​ទេ ។ ខ្ញុំ​បាន​រៀន​ថា ព្រះអម្ចាស់ និង​គ្រួសារ​ខ្ញុំ​ជា​អាទិភាព​ទីមួយ ។ ទីបំផុត ខ្ញុំ​យល់​ពី​ភាពសោកសៅ​ដែល​ម្តាយ​ខ្ញុំ​មាន​អារម្មណ៍ ពេល​ខ្ញុំ​អវត្តមាន ហើយ​ខ្ញុំ​បាន​សូម​ឲ្យ​គាត់​អភ័យទោស​ឲ្យ​ខ្ញុំ ។

ខ្ញុំ​ឈប់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក បាន​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ប៊ឺន ប្រទេស ស្វីស បាន​ចាប់ផ្ដើម​គ្រួសារ​មួយ ហើយ​បាន​ទទួល​ការងារ​ធ្វើ​ម្ហូប​នៅ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ ដែល​ខ្ញុំ​បាន​ប្រើ​ទេពកោសល្យ​របស់​ខ្ញុំ​ដើម្បី​ជួយ​មនុស្ស​ឈឺ​ឲ្យ​ជា​សះស្បើយ ។ ឥឡូវ​នេះ ខ្ញុំ​ទទួល​បន្ទុក​ធនធាន​មនុស្ស​នៅ​មន្ទីរពេទ្យ​នោះ ។ ការធ្វើការ​ក្នុង​មូលដ្ឋាន​ផ្ដល់​ពេលវេលា​ដល់​ខ្ញុំ ដើម្បី​ឧទ្ទិស​ដល់​គ្រួសារ និង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ខ្ញុំ ។

តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់ខ្ញុំ​ពីរ​ឆ្នាំ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​ភាពពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​នៅ​ទីនោះ ។ ពេល​ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាព​បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​ការសោកសៅ​ណាស់ ។ គាត់​គឺ​ជា​វីរបុរស​របស់​ខ្ញុំ ។ សូម​អរគុណ​ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ដឹង​ថា​គាត់​នៅ​តែ​រស់​នៅ ។

នៅ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​សេឡេស្ទាល​បន្ទាប់​ពី​ធ្វើ​កិច្ចការ​ជំនួស​ឪពុក​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​បានឱប​ក្រសោប​ខ្ញុំ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ឪពុក​ខ្ញុំ​បាន​ទទួល​ដំណឹងល្អ និង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ។

យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ពរជ័យ​ដើម្បី​ដឹង​ពី​ដំណឹង​ល្អ​ពិត​ប្រាកដ​។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​របៀប​ដែល​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ ។ ដំណឹងល្អ​គឺជា​កន្លែង​ដែល​ខ្ញុំ​បានរក​ឃើញ​សុភមង្គល​ដ៏​ពិត ។ ដំណឹងល្អ និង​គ្រួសារ​ខ្ញុំ​គឺ​ជា​រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ។