លីអាហូណា
ហេតុអ្វី​ព្រះ​មិន​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ?
ខែ មករា ឆ្នាំ ២០២៤


« ហេតុអ្វី​ព្រះ​មិន​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

ហេតុអ្វី​ព្រះ​មិន​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្ញុំ ?

ពេល​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ក្លាយ​ទៅ​ជា​សុបិន​ដ៏​អាក្រក់​មួយ ខ្ញុំ​បាន​រៀន​អំពី​អំណាច​នៃ​សិទ្ធិ​ជ្រើសរើស ។

រូបភាព
ដៃ​កាន់​ប៊ិច និង​សរសេរ​នៅ​ក្នុង​សៀវភៅ

កាល​ខ្ញុំ​អាយុ ២៣ ឆ្នាំ ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​បុរស​ក្នុង​ក្ដីសុបិន​របស់​ខ្ញុំ ។ ខ្ញុំ​មិន​អាច​ចាំ​ពី​ថ្ងៃ​ដ៏​សប្បាយ​ជាង​ថ្ងៃ​នោះ​ទេ ក្នុង​ជីវិត​របស់​ខ្ញុំ ។

ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​តែងតែ​រំពឹងទុក​សម្រាប់​ជីវិត​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​បែកបាក់​យ៉ាង​លឿន​បំផុត ។ ស្វាមី​របស់​ខ្ញុំ​បាន​រំលោភ​បំពាន​កាន់តែ​ខ្លាំង​ឡើងៗ​មក​លើ​ខ្ញុំ ទាំង​ខាង​រាងកាយ ទាំង​ខាង​សតិ​អារម្មណ៍ ។

ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់ និង​ឈឺចាប់ ។ ខ្ញុំ​មិន​យល់​ពី​មូលហេតុ​ដែល​ភាពស្មោះត្រង់​របស់​ខ្ញុំ​ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ធ្វើ​តាម​បទបញ្ញត្តិ ហើយ​ថែម​ទាំង​បាន​បម្រើ​ជា​អ្នក​ធ្វើការ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទៀតផង ។ ប៉ុន្តែ មិន​ថា​ខ្ញុំ​បាន​ព្យាយាម​ខិត​ជិត​ព្រះយេស៊ូវគ្រីស្ទ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​បាន​ក្លាយ​កាន់តែ​លំបាក​ជាង​មុន ។

មើល​ត្រឡប់​ទៅក្រោយ​វិញ ខ្ញុំ​បាន​ដឹង​ថា ទោះ​បី​ជា​ខ្ញុំ​បាន​ពិចារណា​ដោយ​អធិដ្ឋាន​ថា តើ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​ស្វាមី​របស់​ខ្ញុំ​ឬ​អត់ ហើយ​មាន​សេចក្ដី​ជំនឿ​ថា យើង​អាច​ដោះស្រាយ​បញ្ហា​បាន​ក៏​ដោយ ខ្ញុំ​បាន​ព្រងើយ​កន្ដើយ​នឹង​សញ្ញា​នៃ​បញ្ហា​ទាំងឡាយ ដែល​អាច​កើត​ឡើង​នៅ​ពេល​ក្រោយ​ក្នុង​អាពាហ៍ពិពាហ៍​របស់​យើង ។

ការស្វែងរក​ចម្លើយ

បន្ទាប់​ពី​មាន​ភាព​ឯកោ និង​ការរំលោភ​បំពាន​អស់​ពេល​ប្រាំ​ឆ្នាំ ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ។ ការរំពឹងទុក​របស់​ខ្ញុំ​ចំពោះ​ជីវិត​ខ្ញុំ​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ ហើយ​មិន​បាន​បំពេញ ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ខ្ទេចខ្ទាំ ។

ពេល​វា​បាន​ក្លាយ​ជា​ការច្បាស់លាស់​ថា ស្វាមី​របស់​ខ្ញុំ​មិន​មាន​ចិត្ត​ចង់​ផ្លាស់ប្ដូរ ខ្ញុំ​បាន​ចាប់​ផ្ដើម​សុំ​ឲ្យ​ព្រះ​រំដោះ​ខ្ញុំ​ចេញ​ពី​ស្ថានភាព​របស់​ខ្ញុំ ឬ​បង្ហាញ​ខ្ញុំ​ពី​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ដើរ ។ ប៉ុន្ដែ ពេល​ខ្ញុំ​មិន​បាន​ទទួល​ចម្លើយ​ដែល​ខ្ញុំ​ត្រូវការ ខ្ញុំ​បាន​ចាប់ផ្ដើម​ស្តី​បន្ទោស​ព្រះវរបិតាសួគ៌​ថា ទ្រង់​ជា​មូលហេតុ​នៃ​ការឈឺចាប់​របស់​ខ្ញុំ ។

ខ្ញុំ​បាន​បន្ត​ទៅ​ព្រះវិហារ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ប៉ុន្តែ​ដួងចិត្ត​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ការអាក់អន់​ចិត្ត​ដោយ​មក​ពី​ការខ្វះ​ការណែនាំ ។

ថ្ងៃមួយ​ខ្ញុំ​ដឹង​ថា ខ្ញុំ ពិត ជា​មាន​ចម្លើយ​ចំពោះ​ស្ថានភាព​របស់​ខ្ញុំ—ខ្ញុំ​ត្រូវតែ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ ដើម្បី​ធ្វើ​សកម្មភាព និង​ផ្លាស់ប្តូរ​កាលៈទេសៈ​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​ដឹង​ថា ការសម្រេច​ចិត្ត​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ជាមួយ​នឹង​គោលដៅ​ចុង​ក្រោយ​របស់​ខ្ញុំ​ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​វិញ ។

ទីបំផុត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈាន​ទៅ​មុខ​មួយ​ជំហាន ៖ ខ្ញុំ​បាន​និយាយ​ជាមួយ​ស្វាមី​របស់​ខ្ញុំ ហើយ​ដោយ​អព្ភូតហេតុ យើង​បាន​បញ្ចប់​ទំនាក់ទំនង​របស់​យើង​ដោយ​សម្រួល ។

អំណាច​ដើម្បី​ជ្រើសរើស

បទពិសោធន៍​ដ៏​លំបាក​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​អំពី​អំណាច និង​សារៈសំខាន់​ដ៏​ចាំបាច់​នៃ​អំណោយទាន​នៃ​សិទ្ធិជ្រើសរើស​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖​« សញ្ជឹង​គិត​ឡើងវិញ យើងអាច​មើល​ឃើញ​ភាពខុសគ្នា​យ៉ាង​ខ្លាំង ដែល​ជម្រើស​មួយ​ចំនួន​របស់​យើង​បាន​ធ្វើ​ឲ្យ​កើតឡើង​នៅក្នុង​ជីវិត ។ យើង​ធ្វើ​ការជ្រើសរើស ឬ​ការសម្រេច​ចិត្ត​កាន់តែ​ប្រសើរ ប្រសិន​បើ​យើង​ក្រឡេក​មើល​ទៅ​ជម្រើស​ផ្សេងៗ​ទៀត ហើយ​ពិចារណា​ថា​តើ​វា​នឹង​ដឹកនាំ​ទៅ​ណា ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ធ្វើ​តាម​ការប្រឹក្សា​របស់​ប្រធាន រ័សុល អិម ណិលសុន ឲ្យ​ចាប់ផ្ដើម​ដោយ​គិត​ពី​ទីបញ្ចប់ ។ ចំពោះ​យើង ចុង​បញ្ចប់​គឺ​តែងតែ​ជា​ការស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ ឆ្ពោះ​ទៅ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ជា​អំណោយ​ទាន​ដ៏​ធំ​បំផុត​របស់​ព្រះ » ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​នឹង​មិន​ជ្រៀតជ្រែក​នឹង​សិទ្ធិជ្រើសរើស​របស់​នរណា​ម្នាក់​ឡើយ—ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ក្នុង​ការរៀបការ​ជាមួយ​ស្វាមី​របស់​ខ្ញុំ ។ ទ្រង់​ក៏​នឹង​មិន​បង្ខំ​ស្វាមី​ខ្ញុំ​ឲ្យ​ផ្លាស់ប្ដូរ​ឡើយ ទោះបី​ជា​ខ្ញុំ​កំពុង​កាន់​ខ្ជាប់​នឹង​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ក៏​ដោយ ពីព្រោះ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​មួយ​ត្រូវការ​ការខិតខំ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ពី​មនុស្ស​ទាំង​ពីរ​នាក់ នៅ​ពេល​ដែល​ពួកគេ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​ជួប​ការលំបាក យើង​អាច​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​របស់​យើង អាកប្បកិរិយា​របស់​យើង ហើយ​ថែមទាំង​ខ្លួន​យើង​ផង ។ នោះ​គឺ​ជា​អំណោយ​ដ៏​ទេវភាព​នៃ​សិទ្ធិជ្រើសរើស ។ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ស្វែងរក​ទ្រង់ និង​ព្រះវិញ្ញាណ ហើយ​បន្ទាប់មក​ទុកចិត្ត​ខ្លួន​ឯង​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ល្អបំផុត​សម្រាប់​ជីវិត​របស់​យើង ។

បែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ

ដំបូង​ខ្ញុំ​រំពឹង​ថា នឹង​បាន​ជា ហើយ​បន្ត​ទៅមុខ​ទៀត​យ៉ាង​លឿន​ពី​អាពាហ៍ពិពាហ៍​ដែល​រំលោភ​បំពាន​របស់​ខ្ញុំ ប៉ុន្តែ​ដំណើរការ​នេះ​មាន​ភាពយឺតយ៉ាវ និង​ពិបាក ។ តាមរយៈ​ឧបករណ៍​ព្យាបាល ការស្ដាប់សារ​របស់​ព្យាការី ការអាន​ព្រះគម្ពីរ ការអធិស្ឋាន និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​ពី​មិត្តភក្តិ និង​គ្រួសារ ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម​ថា នឹង​មាន​អនាគត​ល្អ​ប្រសើរ​ជាង​នេះ ។ ពេល​ខ្ញុំ​ប្រើ​សិទ្ធិជ្រើសរើស​របស់​ខ្ញុំ ដើម្បី​ស្វែងរក​ការព្យាបាល ខ្ញុំ​ទន្ទឹង​រង់ចាំ​ជីវិត​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ការអភ័យទោស និង​ទំនាក់ទំនង​ដ៏​ស្រស់​ស្អាត​ជាមួយ​អ្នក​ដទៃ រួម​ទាំង​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

ដោយ​មាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​របៀប​ប្រើប្រាស់​សិទ្ធិជ្រើសរើស​ក្នុង​ជីវិត​របស់​ខ្ញុំ នោះ​ភាពល្វីង​ជូរចត់​របស់​ខ្ញុំ​ចំពោះ​ព្រះ​បាន​ប្រែ​ទៅ​ជា​យល់ ហើយ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ទ្រង់​អាច​ជាសះស្បើយ​បាន ។

នេះ​ជា​អ្វី​ទាំងអស់​ដែល​ជា​ដំណឹងល្អ—ធ្វើ​ការជ្រើសរើស​របស់​យើង​ផ្ទាល់​ដើម្បី​មក​ឯ​ព្រះគ្រីស្ទ ដោយ​ធ្វើ​សកម្មភាព​តាម​ដំបូន្មាន​ពី​ព្យាការី​ដែល​លោក​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​បង្កើត​ជីវិត​ដ៏​ស្រស់​ស្អាត និង​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ ។

ដូច​ដែល​ស៊ីស្ទើរ ខាំមៀល អិន ចនសុន ប្រធាន​សមាគម​សង្គ្រោះ បាន​បង្រៀន ៖ « គោលការណ៍​ដ៏​ពិសេស​នៃ​សិទ្ធិជ្រើសរើស​អនុញ្ញាត​ឲ្យយើង​និពន្ធ​ដំណើររឿង​របស់​យើង ផ្ទាល់ បាន ។ … ប៉ុន្ដែ​ព្រះយេស៊ូវគ្រីស្ទ​ត្រៀម​ព្រះកាយ ដើម្បី​ប្រើ​យើង​ជា​ឧបករណ៍​ដ៏​ទេវភាព … ដើម្បី​និពន្ធ​រឿង​ស្នាដៃ​ឯក … បើ [ យើង ] មាន​សេចក្ដី​ជំនឿ​ដើម្បី​អនុញ្ញាត​ឲ្យ​ទ្រង់ បើ [ យើង ] នឹង​អនុញ្ញាត​ឲ្យ​ទ្រង់​និពន្ធ​រឿង [ របស់​យើង ] ។

ការបញ្ចប់​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​គឺ​ជា​បទពិសោធន៍​ដ៏​ឈឺចាប់​បំផុត​មួយ​ដែល​ខ្ញុំ​ធ្លាប់​ប្រឈមមុខ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ថា នៅ​ពេល​ប្រឈមមុខ​នឹង​ការសាកល្បង​ដែល​មិន​បាន​រំពឹង​ទុក​ក្នុង​ជីវិត យើង​អាច​ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ និង​ធ្វើ​ការសម្រេច​ចិត្ត​ដែល​ជំរុញ​យើង​ឲ្យ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ដោយ​ការធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ យើង​តែងតែ​អាច​មាន​សេចក្ដី​សង្ឃឹម​ក្នុង​រឿង​ល្អៗ​ដែល​នឹង​កើត​ឡើង និង​នៅក្នុង​ពរជ័យ​ដ៏​សន្យា​របស់​ទ្រង់​ទាំងពីរ​អង្គ​អំពី​សេចក្ដី​សុខសាន្ត និង​អំណរ ។

អ្នកនិពន្ធ​រស់នៅ​ប្រទេស ឈីលី ។