លីអាហូណា
ដង្វាយ​ដ៏​ល្អ​បំផុត​របស់​យើង
ខែ មករា ឆ្នាំ ២០២៤


« ដង្វាយ​ដ៏​ល្អ​បំផុត​របស់​យើង » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ដង្វាយ​ដ៏​ល្អ​បំផុត​របស់​យើង

នៅ​ពេល​យើង​ឧទ្ទិស​ឆ្លង​ព្រះវិហារ​មួយ យើង​កំពុង​ទូល​ទៅកាន់​ព្រះអម្ចាស់​ថា « នេះ​ជា​ដង្វាយ​របស់​យើង ។ វា​គឺ​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន » ។

រូបភាព
ទីធ្លា​ព្រះវិហារ​បរិសុទ្ធ

ប្រហែល​ពីរ​សប្តាហ៍​មុន​ពេល​ការឧទ្ទិសឆ្លង​ឡើង​វិញ​នៃ​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីងតោន ឌី. ស៊ី. នៅ​ខែ សីហា ឆ្នាំ ២០២២ ចៅហ្វាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ដើមឈើ​ស្នែង​អឺរ៉ុប​មួយ​ដែល​នៅតាម​ផ្លូវ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​មើល​ទៅ​មិន​មាន​សុខភាព​ល្អ​ទេ ។ វា​មាន​ស្លឹក​តិច​នៅ​ផ្នែក​កណ្តាល​នៃ​ដើមឈើ​នោះ ហើយ​មាន​មែក​ដ៏​ស្លេកស្លាំង​មួយ​ចំនួន ។

ក្នុង​នាម​ជា​អ្នកថែ​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​ការព្រួយ​បារម្ភ​ថា​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់​ស្អាត​នោះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ លើកលែង​តែ​កន្លែង​ដ៏​តូច​មួយ​នោះ ។ ដើមឈើ​នោះ​នៅ​ជាប់​នឹង​ប្រភពទឹក​នៅ​ជិត​ច្រក​ចូល​ព្រះវិហារ​បរិសុទ្ធ ។

យើង​មាន​ដើមឈើ​បម្រុង​ដែល​មាន​សុខភាព​ល្អ​ដុះ​នៅ​ក្បែរ​នោះ ហើយ​យើង​បាន​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការផ្លាស់ប្ដូរ​យក​ដើមឈើ​ដែល​មាន​សុខភាព​ល្អ​វិញ ។ ប៉ុន្តែ​ដំបូង​យើង​ត្រូវតែ​យក​ផ្លូវដើរ និង​ស្មៅ​នៅ​ក្បែរ​នោះ​ចេញ ហើយ​បន្ទាប់​មក​ផ្លាស់ប្តូរ​ទីតាំង​បាញ់​ទឹក និង​ខ្សែ​អគ្គិសនី​ដែល​រត់​កាត់​តំបន់​នោះ ។ ការភ័យ​ខ្លាច​ដ៏​អាក្រក់​បំផុត​របស់​ខ្ញុំ​គឺ​ថា យើង​នឹង​យក​ដើមឈើ​ដែល​ឈឺ​នោះ​ចេញ ប្តូរដាំ​ដើម​ឈើ​ថ្មី​ជំនួស​វិញ ហើយ​មិន​មាន​ពេល​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​នៅ​ជុំវិញ​ដើមឈើ​នោះ​មើល​ទៅ​ស្រស់ស្អាត​សម្រាប់​ការឧទ្ទិស​ឆ្លង​ឡើងវិញ​នោះ ។

ពេល​ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ ខារ៉ូលីន ថា​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់ទី​ដើម​ឈើ​នោះ នាង​បាន​ឆ្លើយ ៖ « គ្រាន់​តែ​កាត់​មែក​ដែល​ស្លេកស្លាំង​ទាំងនោះ ហើយ​ខ្ញុំ​នឹង​បបួល​បងប្អូន​ស្រី​ព្រះគម្ពីរ​របស់​ខ្ញុំ​នៅ​ទូទាំង​ប្រទេស​ដើម្បី​អធិស្ឋាន​សម្រាប់​វា ។ ព្រះវិហារ​បរិសុទ្ធ​ជា​របស់​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ប្រទានពរ​ដល់​ដើមឈើ​នោះ » ។

ខារ៉ូលីន​មាន​មិត្តភក្តិ​មួយ​ក្រុម​ដែល​នាង​ហៅ​ថា បងប្អូន​ស្រី​ព្រះគម្ពីរ​របស់​នាង ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វួដ​ជាមួយ​គ្នា ។ ពួកគេ​បាន​សិក្សា ចូរ​មក​តាម​ខ្ញុំ ជាមួយគ្នា​រហូត​ដល់​ពួកគេ​ទាំងអស់​គ្នា​បាន​ប្ដូរ​ទីលំនៅ ប៉ុន្តែ​ពួកគេ​បន្ត​ទាក់ទង​គ្នា ។ ពេល​ត្រូវការ​ការអធិស្ឋាន ពួកគេ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក ។

បន្ទាប់​ពី​ខារ៉ូលីន​បាន​ប្រាប់​ពួកគេ​អំពី​ដើមឈើ​ដែល​ឈឺ​នោះ ពួកគេ​បាន​ប្រាប់​កូនៗ​របស់​ពួកគេ និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត ។ ខារ៉ូលីន​មិន​បាន​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​អធិស្ឋាន​ឲ្យ​ដើមឈើ​នោះ​ទេ ប៉ុន្តែ​នាង​មាន​ជំនឿ​ថា ព្រះវរបិតាសួគ៌​នឹង​ស្តាប់​ការអធិស្ឋាន​របស់​ពួកគេ ។

ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដើមឈើ​នោះ​បាន​ដុះ​ស្លឹក​ថ្មី​បំពេញ​នៅ​ផ្នែក​ដែល​អត់​សូវ​មាន​ស្លឹក​នោះ ។ ខារ៉ូលីន​បាន​និយាយ ៖ « ពិត​ណាស់​វា​មើល​ទៅ​ល្អ​ជាង​មុន » ។ នាង​បាន​ផ្ញើ​រូបភាព​ដើម​ឈើ​នេះ​ទៅ​កាន់​បងប្អូន​ស្រី​ព្រះគម្ពីរ​របស់​នាង ដោយ​ប្រាប់​ពួកគេ​ថា « មើល​ចុះ​ព្រះអម្ចាស់​ឆ្លើយតប​យើង​ហើយ ! »

ខ្ញុំ​បាន​ដឹង​ថា មនុស្ស​កំពុង​អធិស្ឋាន​ឲ្យ​ដើមឈើ​នោះ ដូច្នេះ​ខ្ញុំ​ក៏​មិន​ភ្ញាក់​ផ្អើល​ដែរ ។ ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ក្នុង​ពេល​ឆាប់ៗ​នេះ ប្រធាន រ័សុល អិម ណិលសុន នឹង​ប្រសិទ្ធពរ​ដល់​ព្រះវិហារ​បរិសុទ្ធ និង​ទីធ្លា​ព្រះវិហារ​បរិសុទ្ធ​ក្នុង​អំឡុង​ពេល​អធិស្ឋាន​ឧទ្ទិសឆ្លង​របស់​លោក ។ ដើមឈើ​នោះ​មិន​អី​ទេ ។

យើង​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​គោរព​ដង្វាយ និង​សេចក្ដី​ជំនឿ​របស់​យើង ។