លីអាហូណា
សារ​មកពី​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២៤


« សារ​មកពី​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

សារ​មកពី​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ

ខ្ញុំ​បាន​រៀន​ថា ការបង្រៀន​ចេញពី​ព្រះគម្ពីរ​មរមន​គឺ​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ស្វែង​រក​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​នេះ ។

រូបភាព
បុរស​កំពុង​ញញឹម និង​កាន់​ព្រះគម្ពីរ

រូបថត​ដោយ ឡេសលី និលសុន

នៅ​ឆ្នាំ ១៩៩៣ បី​ថ្ងៃ​បន្ទាប់​ពី​ខ្ញុំ​បាន​ផ្លាស់​ទៅ ប៉ូឡូកវ៉ាន់ នៅ​ភាគ​ខាង​ជើង​អាហ្វ្រិក​ខាង​ត្បូង មាន​គេ​គោះ​ទ្វារ​ខ្ញុំ ។ នៅពេល​ខ្ញុំ​បើក​ទ្វារ មាន​អ្នកផ្សព្វផ្សាយ​សាសនា​ពីរនាក់​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ទី​នោះ ។

ខ្ញុំ​បាន​ធំ​ឡើង​ជា​អ្នក​កាន់​សាសនា​ដ៏​ជ្រាលជ្រៅ ហើយ​គ្រួសារ​ខ្ញុំ​តែងតែ​ព្រមាន​ខ្ញុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ​ពួកគេ​ហាក់​ដូច​ជា​មនុស្ស​ល្អ ហើយ​ខ្ញុំ​ចូល​ចិត្ត​និយាយ​អំពី​សាសនា ដូច្នេះ​ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ចូល ។

បន្ទាប់ពី​ជំនួប​ដ៏​អស្ចារ្យ​មួយ ពួកគេ​បាន​និយាយ​មក​ខ្ញុំ​ថា « តើ​ពួកយើង​អាច​ជូន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​លោក​បានទេ ? »

ខ្ញុំ​តប​វិញ​ថា « ចាំសិន សូម​ចាំ​មួយ​ភ្លេត​សិន » ។ « ខ្ញុំ​គិត​ថា ខ្ញុំ​មាន​មួយ​ក្បាល​ដែរ » ។

ពេល​ខ្ញុំ​បង្ហាញ​ព្រះគម្ពីរ​របស់​ខ្ញុំ​ទៅ​ពួកគេ ពួកគេ​ស្រឡាំងកាំង ។ ខ្ញុំ​បាន​ពន្យល់​ថា នៅ​ក្នុង​ទីក្រុង​កំណើត​របស់​ខ្ញុំ ខេប​ថោន ជា​ច្រើន​ឆ្នាំ​មុន ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​មក​ខ្ញុំ​នៅឯ​ការតាំង​ពិព័រណ៍​មួយ ។ ខ្ញុំ​បាន​ទុក​វា ហើយ​យូរៗ​ម្ដង​ខ្ញុំ​បាន​បើក​មើល​វា​ត្រួសៗ ។

បន្ទាប់​ពី​ជំនួប​របស់​យើង ខ្ញុំ​បាន​អញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ត្រឡប់​មក​វិញ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​ធំ​ឡើង​នៅ​ក្នុង​ព្រះវិហារ​ផ្សេង​មួយ​ដែល​ជា​កន្លែង​ដែល​ឪពុក​ចុង​របស់​ខ្ញុំ​គឺជា​អាចារ្យ ។ គំនិត​នៃ​ការធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ម្តង​ទៀត​បាន​ក្លាយ​ជា​ការរារាំង​មួយ​ដល់​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូលរួម​សាខា​តូច​របស់​សាសនាចក្រ ។ ក្រោយ​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លះ ប្រធាន​សាខា​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​ក្នុង​ការិយាល័យ​របស់​គាត់ ។

« យើង​ចង់​ឲ្យ​បង​ទទួល​បាន​ទីបន្ទាល់​មួយ »

ប្រធាន​សាខា​បាន​និយាយ​ថា « ដេវីឌ ខ្ញុំ​ចង់​ផ្តល់​ការអញ្ជើញ​មួយ​ដល់​បង » ។ « យើង​ពិត​ជា​ចង់​ឲ្យ​បង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​មាន​អារម្មណ៍​ថា បង​អាច​ធ្វើ​បាន ប្រសិន​បើ​ខ្ញុំ​ហៅ​បង​ឲ្យ​បង្រៀន​គោលលទ្ធិ​ដំណឹងល្អ ។ បង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​រួច​ហើយ ហើយ​បង​មិន​ខ្លាច​នឹង​ឈរ​នៅ​មុខ​មនុស្ស​ទេ » ។

សព្វថ្ងៃនេះ គ្រូបង្រៀន​ត្រូវតែ​ជា​សមាជិក​នៃ​សាសនាចក្រ ។ ប៉ុន្តែ នៅ​ពេល​នោះ​ប្រធាន​សាខា​មាន​អារម្មណ៍​បំផុស​គំនិត​សុំ​ឲ្យ​ខ្ញុំ​បង្រៀន ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​រឿង​នោះ ។

ខ្ញុំ​បាន​ឆ្លើយ​ថា « យល់ព្រម » ។

រាល់​ល្ងាច​ថ្ងៃ​សៅរ៍ ខ្ញុំ​សិក្សា​មេរៀន​យ៉ាង​ល្អិតល្អន់ ដើម្បី​ខ្ញុំ​អាច​យល់ ស្គាល់ និង​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​ដំណើររឿង និង​តួអង្គ​ក្នុង​ព្រះគម្ពីរ​មរមន ។ សម្រាប់​ខ្ញុំ ការបង្រៀន​ព្រះគម្ពីរ​នេះ​ពិត​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ស្វែងរក​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​វា ។

ថ្ងៃ​អាទិត្យ​មួយ បន្ទាប់​ពី​ខ្ញុំ​បាន​បង្រៀន​អស់​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ ប្រធាន​បេសកកម្ម​មក​ពី ព្រេតូរៀ បាន​មក​ធ្វើ​សន្និសីទ​មួយ ហើយ​បាន​ចូលរួម​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ ។

ក្រោយ​មក​លោក​បាន​និយាយ ៖ « អរគុណ​បងប្រុស បាកធ័រ » ។ « នោះ​ជា​មេរៀន​ដ៏​ល្អ​មួយ ។ តើ​បង​មកពី​ណា ? »

នៅ​ពេល​ខ្ញុំ​ប្រាប់​គាត់​ថា ខេប​ថោន គាត់​បាន​សួរ​ថា​តើ​ខ្ញុំ​បាន​ចូលរួម​វួដ​ណា ។

« ខ្ញុំ​មិន​បាន​ចូលរួម​វួដ​មួយ​ទេ » ។

គាត់​បានសួរ​ថា « តើ​បង​មានន័យ​យ៉ាង​ណា ? »

« ខ្ញុំ​ជា​អ្វី​ដែល​លោក​នឹង​ហៅ​ថា​ជា​សាសន៍​ដទៃ ? » ខ្ញុំ​បាន​និយាយ ។ « ខ្ញុំ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ » ។

មុខ​គាត់​ឡើង​ស្លេក ហើយ​បាន​ប្រញាប់ប្រញាល់​ទៅ​ជួប​ប្រធាន​សាខា ។

ប្រធាន​បេសកកម្ម​បាន​សួរ​គាត់​ថា « ប៊ីស្សព​មាន​អ្នក​មិន​មែន​ជា​សមាជិក​ជា​អ្នកបង្រៀន​ព្រះគម្ពីរ ? »

« មែនហើយ តើ​គាត់​ធ្វើ​វា​មិន​បាន​ល្អ​ទេ​ឬ ? »

« អត់​ទេ » ។

« តើ​គាត់​បំផុស​គំនិត​ទេ ? »

« បាទ » ។

« តើ​គាត់​បង្រៀន​គោលលទ្ធិ​ពិត​ឬ​ទេ ?

« បាទ » ។

ពួកលោក​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បន្ត​បង្រៀន ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​លេង​គ្រួសារ​ខ្ញុំ​នៅ​ខេបថោន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​គ្រីស្ទម៉ាស ។ កាល​ខ្ញុំ​នៅ​ទី​នោះ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​នឹង​ចាក​ចេញ​ពី​ព្រះវិហារ​របស់​គាត់​បន្ទាប់​ពី​ឪពុក​ចុង​របស់​ខ្ញុំ​បាន​ស្លាប់ ។ នៅ​គ្រា​នោះ​ព្រះអម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា គ្មាន​កំហុស​ណា​មួយ​ទេ ដោយសារ​តែ​ភក្ដីភាព​ចំពោះ​ម្ដាយ​ខ្ញុំ និង​សាសនាចក្រ​ដែល​ខ្ញុំ​បាន​ធំ​ដឹងក្ដី​នៅក្នុង​នោះ ។

ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្រធាន​សាខា ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « ខ្ញុំ​ចង់​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ស្អែក » ។

គាត់​និយាយ​ថា « តើ​បង​ប្រាកដ​ហើយ​ឬ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ប្រាកដ​ណាស់ » ។ « ខ្ញុំ​ទទួល​បាន​សារ​ពី​ព្រះអម្ចាស់ » ។

រូបភាព
ដៃ​កាន់​ព្រះគម្ពីរ

« ពូ​មាន​អ្វីមួយ​ឲ្យ​ក្មួយ »

ពេល​ខ្ញុំ​ប្រាប់​ឪពុក​បង្កើត​របស់​ខ្ញុំ​ថា ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​មិន​អាច​យល់​ពី​មូលហេតុ​ដែល​គាត់​ស្ងប់ស្ងាត់​នោះ​ទេ ។

គាត់​បាន​និយាយ​ថា « សូម​ឲ្យ​ប៉ា​ប្រាប់​កូន​បន្តិច​អំពី​ប្រវត្តិ​របស់​ប៉ា » ។

ឪពុក​ខ្ញុំ ដែល​មិន​ដែល​និយាយ​ជាមួយ​ខ្ញុំ​អំពី​សាសនា​បាន​ប្រាប់​ខ្ញុំ​ថា កាល​ពី​ក្មេង​គាត់​បាន​ចូលរួម​វួដ ឃូម៉ូរ៉ា របស់​សាសនាចក្រ​នៅ​ខេប​ថោន ។ គាត់​បាន​លេង​នៅ​ក្រុម​បាល់បោះ​វួដ ។ គាត់​បាន​មាន​មិត្តភក្តិ​ជិតស្និទ្ធ​ជា​ច្រើន​នាក់​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មិត្តភក្តិ​ដ៏​ល្អ​បំផុត​ម្នាក់​របស់​គាត់​គឺ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ដែល​បន្ទាប់​ពី​បេសកកម្ម​របស់​គាត់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​វៀតណាម ។

ប្រសិន​បើ​ឪពុក​ខ្ញុំ​មិន​បាន​បាត់បង់​មិត្ត​នោះ​ទេ ខ្ញុំ​គិត​ថា​គាត់​នឹង​ចូលរួម​ក្នុង​សាសនាចក្រ ។ ជីវិត​របស់​គាត់​នឹង​ក្លាយ​ជា​រឿង​ផ្សេង​មួយ​ទាំង​ស្រុង ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​នៅ​តែ​មាន​ការគោរព​យ៉ាង​ខ្លាំង​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គាត់​មិន​បាន​អនុវត្ត​សាសនា​ណា​មួយ​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​គាត់​បាន​គាំទ្រ​យ៉ាង​ពេញលេញ​នូវ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការចូលរួម​ក្នុង​សាសនាចក្រ ។

ពីរ​បី​ខែ​បន្ទាប់​ពី​ឪពុក​ចុង​របស់​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ វា​មិន​ល្អ​ដូច​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ប្រទេស​ហូឡង់ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​គ្រួសារ​ហូឡង់​ខាង​ម្តាយ​ខ្ញុំ ខ្ញុំ​បាន​ចែកចាយ​ពី​ការប្រែ​ចិត្តជឿ​របស់​ខ្ញុំ​ជាមួយ​ពួកគេ ។ ពេលនោះ​ហើយ​ដែល​ខ្ញុំ​បាន​រៀន​ពី​ទំនាក់ទំនង​គ្រួសារ​មួយ​ទៀត​ទៅ​នឹង​សាសនាចក្រ ។

អំឡុង​ពេល​ខ្ញុំ​ទៅលេង​គ្រួសារ​នោះ ពូ​របស់​ខ្ញុំ​បាន​មក​ជួប​ខ្ញុំ ។ គាត់​បាន​និយាយ​ថា « ពូ​មាន​អ្វីមួយ​ឲ្យ​ក្មួយ » ។ បន្ទាប់​មក​គាត់​បាន​ប្រគល់​ព្រះគម្ពីរ​មរមន​កំណែ​ដំបូង​ជា​ភាសា​ហូឡង់​មក​ខ្ញុំ ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ ១៨៩០ ។

គាត់​បាន​និយាយ​ថា « វា​ជា​របស់​គ្រួសារ​យើង​ជា​យូរ​មក​ហើយ » ។ « ពូ​ចង់​ឲ្យ​វា​ទៅ​ក្មួយ » ។

ទំនាក់ទំនង​គ្រួសារ​ទាំងពីរ​នេះ​ទៅ​នឹង​សាសនាចក្រ​គឺ​ជា​ការលួងលោម​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ទុក​ព្រះគម្ពីរ​មរមន​ជា​ភាសា​ហូឡង់​នោះ​ជា​រតនៈសម្បត្តិ​របស់​ខ្ញុំ ។ វា​រំឭក​ខ្ញុំ​ពី​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​ទាំង​នោះ ដែល​បាន​ទៅ​សួរសុខទុក្ខ​ខ្ញុំ ។ វា​រំឭក​ខ្ញុំ​ថា​តើ​ការបង្រៀន​ព្រះគម្ពីរ​មរមន​មាន​សារៈសំខាន់​ចំពោះ​ការប្រែ​ចិត្តជឿ​របស់​ខ្ញុំ​យ៉ាងណា ។ វា​រំឭក​ខ្ញុំ​ពី​ឪពុក​ខ្ញុំ​ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ អំពី​ការគោរព​របស់​គាត់​ចំពោះ​សាសនាចក្រ ហើយ​ថា​ដូនតា​របស់​ខ្ញុំ​មួយ​ចំនួន​បាន​ទទួល​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

វា​ក៏​រំឭក​ខ្ញុំ​ផងដែរ​ថា ព្រះគម្ពីរ​មរមន​ពិត​ជា​មាន​អំណាច​ក្នុង​ការបញ្ចុះ​បញ្ចូល​ទាំង « ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ។