លីអាហូណា
ការស្វែងរក​ភាពពេញលេញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ
ខែ មករា ឆ្នាំ ២០២៤


« ការស្វែងរក​ភាពពេញលេញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ មករា ឆ្នាំ ២០២៤ ។

ចម្រើន​វ័យ​ដោយ​ស្មោះត្រង់

ការស្វែងរក​ភាពពេញលេញ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

ជាមួយ​នឹង​សេរីភាព ឱកាស និង​ការផ្សងព្រេង​ដែល​រកឃើញ​ថ្មី​របស់​ខ្ញុំ ដែល​មក​ពី​ការឈាន​ដល់​ដំណាក់កាល​មួយ​ក្នុង​ជីវិត​ពេល​ដែល​កូនៗ​ធំ​ពេញ​វ័យ និង​ផ្លាស់​ចេញ​ពី​ផ្ទះ ហេតុអ្វី​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​បាន​ពេញលេញ ? តើ​នៅ​ខ្វះ​អ្វី ?

រូបភាព
ព្រះហស្ដ​របស់​ព្រះអង្គ​សង្រ្គោះ​ឈោង​ទៅ​ម្ដាយ​ម្នាក់ ដែល​កូនប្រុស​ជា​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​ទាក់ទង​ជាមួយ​សមាជិក​ដែល​មាន​សក្តានុពល​នៃ​សាសនាចក្រ

រចនា​រូបភាព​ដោយ ឌីលីន ម៉ាស្ស

ទឹកភ្នែក​បាន​ហូរ​ចុះ​មក នៅពេល​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ភាពសុខសាន្ត នៅ​ពេល​ដែល​កូន​ប្រុស​ពៅ​របស់​ខ្ញុំ​បាន​បំពេញ​ពាក្យ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់ ។ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​គាត់​ទៅ​បម្រើ​បេសកកម្ម​មួយ ។ ខ្ញុំ​ពិត​ជា​ចង់​មែន ។ ខ្ញុំ​បាន​បន្ត​ព្យាយាម​បញ្ចុះបញ្ចូល​ខ្លួន​ឯង​ពី​រឿង​នេះ ។

ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ហើយ​ពិត​ជា​រំភើប​ចំពោះ​ឱកាស​របស់​កូនប្រុស​ខ្ញុំ ដើម្បី​ចែកចាយ​នូវ​អំណរ​ដែល​យើង​អាច​រក​បាន​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​ភ័យ​ខ្លាច​ដែល​គាត់​ចាកទៅ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​នឹង​មិន​ត្រឡប់​មក​ផ្ទះ​វិញ​ទៀត​ទេ បន្ទាប់​ពី​បេសកកម្ម​របស់​គាត់ ។ ទោះបី​ជា​គាត់​រស់នៅ​ផ្ទះ​ក៏​ដោយ វា​នឹង​មិន​ដូច​គ្នា​ទេ ។

មិត្តភក្តិ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ការឈាន​ដល់​ដំណាក់កាល​មួយ​ក្នុង​ជីវិត​ពេល​ដែល​កូនៗ​ធំ​ពេញ​វ័យ និង​ផ្លាស់​ចេញ​ពី​ផ្ទះ​គឺ​អស្ចារ្យ​ណាស់ ។ ស្វាមី​របស់​ខ្ញុំ និង​ខ្ញុំ​មាន​ចិត្ត​រំភើប ហើយ​ទន្ទឹង​រង់ចាំ​សេរីភាព និង​ឱកាស​ដែល​យើង​មិន​មាន​ពេល​ដែល​យើង​កំពុង​ចិញ្ចឹម​កូនៗ​របស់​យើង ។

ដោយ​មាន​សេរីភាព​ថ្មី​នេះ ខ្ញុំ​បាន​ចូលរួម​ក្នុង​សកម្មភាព​ជា​ច្រើន ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​ស្វាមី​ខ្ញុំ រៀន​លេង​ព្យាណូ​ខ្យល់​សម្រាប់​ការហៅ​របស់​ខ្ញុំ លេង​ជាមួយ​ចៅៗ​របស់​ខ្ញុំ ហើយ​បាន​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។

ខ្ញុំ​បាន​រកឃើញ​ការរំភើប និង​ការផ្សងព្រេង ។ ខ្ញុំ​បាន​រកឃើញ​ភាពរីក​ចម្រើន​ផ្ទាល់​ខ្លួន ។ ខ្ញុំ​បាន​រកឃើញ​រឿង​ដ៏​អស្ចារ្យ​នានា ។

ប៉ុន្តែ​តែងតែ​ដូច​ជា​ខ្លះ​អ្វី​មួយ ។ អ្វី​មួយ​នៅ​តែ​មិន​នៅ​ទី​នោះ ។ នៅ​ពេល​កូន​ប្រុស​ខ្ញុំ​ចាកចេញ គាត់​បាន​យក​បេះដូង​ខ្ញុំ​មួយ​ចំណែក​ធំ​ទៅ​ជាមួយ ដែល​ខ្ញុំ​ហាក់​ដូច​ជា​មិន​អាច​បំពេញ​បាន​ចន្លោះ​នោះ​បាន​ទេ ។

ប្រហែល​មួយ​ឆ្នាំ​ក្រោយ​ពី​កូនប្រុស​ខ្ញុំ​បាន​ចាកចេញ ខ្ញុំ​មាន​ការខឹង​សម្បារ​យ៉ាង​ខ្លាំង​ដែល​មាន​កម្រិត​ដូចគ្នា​នឹង​ការខឹង​សម្បារ​របស់​កូនៗ​ខ្ញុំ​ពេល​ពួកគេ​នៅ​ក្មេង​ដែរ ។ ស្វាមី​ខ្ញុំ​សម្លឹង​មើល​ខ្ញុំ ហើយ​និយាយ​ថា « មីឈែល អូន​ត្រូវ​ធ្វើ​ការបម្រើ » ។ ខ្ញុំ​បាន​ចុះ​ឈ្មោះ​សម្រាប់​ឱកាស​បម្រើ​មួយ ។

តែ​បេះដូង​ខ្ញុំ​នៅតែ​បាន​ឈឺចាប់ ។ ខ្ញុំ​មាន​ការលំបាក​ក្នុង​ការចូលរួម​ក្នុង​ការបម្រើ ឬ​ការផ្សងព្រេង​ណា​ផ្សេង​ទៀត​ដែល​ទាក់ទាញ​ចិត្ត ។ ជាមួយ​នឹង​កូនៗ​របស់​ខ្ញុំ​ទាំងអស់​បាន​ចេញ​ពី​ផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ថា ជីវិត​ខ្ញុំ​នឹង​មិន​ល្អ​ទៀត​ទេ ។

យប់​មួយ​ពេល​ខ្ញុំ​អធិស្ឋាន​ទូល​សូម​ជំនួយ ព្រះវិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ជួប​ប្រទះ​នូវ​ភាពទទេ​ដែល​កើត​ចេញ​ពី​ការបាត់បង់—ការបាត់បង់​គោលបំណង ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ដោះស្រាយ​នឹង​ភាពសោកសៅ​ជាក់លាក់​នោះ ដោយ​បំពេញ​ជីវិត​របស់​ខ្ញុំ​ជាមួយ​នឹង​សកម្មភាព​ដ៏​អស្ចារ្យ​ទាំងអស់​នោះ ។

ការស្វែងរក​ចម្លើយ

នៅ​ពេល​ដែល​ខ្ញុំ​ស្វែង​រក​ចម្លើយ ខ្ញុំ​បាន​រក​ឃើញ​សេចក្ដីថ្លែងការណ៍​នេះ​ពី​ប្រវត្តិ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « នៅ​ពេល​យើង​បាត់បង់ [ អ្វី​មួយ ឬ​នរណា​ម្នាក់ ] ដែល​យើង​បាន​ដាក់​ចិត្ត​លើ យើង​គួរតែ​មាន​ការប្រុង​ប្រយ័ត្ន ។​ … សេចក្ដី​ស្រឡាញ់​របស់​យើង​គួរ​តែ​ត្រូវ​បាន​ដាក់​ទៅ​លើ​ព្រះ និង​កិច្ចការ​របស់​ទ្រង់​ខ្លាំង​ជាង​នៅ​លើ​មិត្ដភ័ក្តិ​របស់​យើង » ។

ពន្លឺ​មួយ​រំពេច​បាន​ទម្លុះ​ពពក​ងងឹត​មក​លើ​បេះដូង​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ព្យាយាម​បំពេញ​នូវ​ប្រហោង​នៃ​ភាពសោកសៅ​ដ៏​ជ្រៅ​របស់ខ្ញុំ​ជាមួយនឹង​អ្វីៗ​ដែល​ជា​សកម្មភាព និង​បទពិសោធន៍​ផ្សេងៗ—ការបម្រើ ការស្រលាញ់ ការស្វែងរក​ទេពកោសល្យ ។ ទាំងអស់​ជា​រឿង​ល្អ ប៉ុន្តែ​វា​មិន​បាន​បំពេញ​ប្រហោង​ចន្លោះ​របស់​ខ្ញុំ​ទេ ។ វា​មិន​បាន​ព្យាបាល​តាម​របៀប​ដែល​ខ្ញុំ​ត្រូវការ​នោះ​ទេ ។

ខ្ញុំ​បាន​ដឹង​ថា សេចក្ដី​សុខសាន្ត និង​ការបំពេញ​បែប​នោះ​អាច​កើត​ឡើង​តែ​តាម​រយៈ​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ប៉ុណ្ណោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ខ្ញុំ​ជា​ផ្លូវ​ជា​សេចក្តី​ពិត​ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ មាន​តែ​តាម​រយៈ​ទ្រង់​ប៉ុណ្ណោះ​ដែល​យើង​រក​ឃើញ​អំណរ និង​ភាពសុខសាន្ត ព្រមទាំង​ការពេញចិត្ត ។ ទំនុកដំកើង ១៦:១១ និយាយ​ថា « ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ » ។

របៀប​ដែល​ខ្ញុំ​បាន​ផ្លាស់ប្ដូរ

ជីវិត​មិន​បាន​ផ្លាស់ប្ដូរ​ភ្លាមៗ​ទេ ។ ចិត្ត​ខ្ញុំ​មិន​បាន​ជាសះស្បើយ​ភ្លាមៗ​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ត្រូវដាក់​ការផ្តោត​របស់​ខ្ញុំ​នៅ​កន្លែង​ណា​ដើម្បី​ធ្វើ​ឲ្យ​វា​កើត​ឡើង ។

ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទូល​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​ខ្ញុំ​សាង​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បាក់​ទឹក​ចិត្ត ខ្ញុំ​នឹង​រំឭក​ខ្លួន​ឯង​ដោយ​មាន​ស្មារតី​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​នៅ​ទី​នោះ​សម្រាប់​ខ្ញុំ ហើយ​តាម​រយៈ​ព្រះគុណ​នៃ​អំណាច​ដ៏​ធួន​របស់​ទ្រង់ ទ្រង់​នឹង​ជួយ​ខ្ញុំ ។ ការសិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ​ប្រែ​កាន់តែ​ផ្តោត​ទៅ​លើ​ការសាង​ទំនាក់ទំនង​ជាមួយ​ទ្រង់ ។ វា​ត្រូវការ​ពេល ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ដឹកនាំ​អារម្មណ៍ ថាមពល និង​គំនិត​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​ខ្ញុំ​ធ្វើ​ដូច្នោះ ភាពងងឹត​ដ៏​ធ្ងន់​បាន​ចាប់ផ្ដើម​លើក​ឡើង ។ ខ្ញុំ​បាន​ឃើញ​ការរីករាយ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ទង្វើ​តូចតាច​នៃ​ការបម្រើ និង​សេចក្ដី​ស្រឡាញ់​ជា​រៀង​រាល់​ថ្ងៃ ។ ពន្លឺ និង​សេចក្ដី​សង្ឃឹម​បាន​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ភ្លឺ​ឡើង ហើយ​បំពេញ​ភាពទទេ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ។ ការដាក់​ព្រះអង្គ​សង្រ្គោះ​ជា​ទីមួយ​បាន​ផ្ដល់​អត្ថន័យ និង​ការរីករាយ​កាន់តែ​ជ្រាល​ជ្រៅ​ដល់​គ្រប់​ផ្នែក​នៃ​ជីវិត​ខ្ញុំ ចាប់​តាំង​ពី​ការបម្រើ​រហូត​ដល់​ការចំណាយ​ពេល​ជាមួយ​គ្រួសារ ចាប់​តាំង​ពី​ការធ្វើ​ដំណើរ​ទៅ​ការអភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្ញុំ ។ អ្វីៗ​គ្រប់យ៉ាង​បានប្រែ​ទៅជា​សម្បូរបែប​ពេល​ព្រះគ្រីស្ទ​នៅ​ចំណុច​កណ្ដាល ។

ការធ្វើ​ដំណើរ​របស់​មនុស្ស​គ្រប់​គ្នា​ឆ្លង​កាត់​ពេល​វេលា​ដែល​ផ្លាស់ប្តូរ​ក្នុង​ជីវិត​គឺ​មាន​ភាព​ខុសៗ​គ្នា ។ ទោះ​ជា​យ៉ាង​ណា ដំណោះស្រាយ​ចំពោះ​ទុក្ខសោក​របស់​យើង​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការហៅ​របស់​ព្រះគ្រីស្ទ នៅ​ពេល​ទ្រង់​មាន​បន្ទូល​ថា « មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ [ អ្នក ] បាន​ជា » ( នីហ្វៃទី៣ ១៨:៣២ ) ។ គឺ​មានតែ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​នឹង​រកឃើញ​ការព្យាបាល ភាពសុខសាន្ត សេចក្តី​ស្រឡាញ់ និង​អំណរ​ដ៏​ពិត ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។