សន្និសីទទូទៅ
ការមើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​​នៅក្នុង​ជីវិត​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ការមើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ច្បាស់​​នៅក្នុង​ជីវិត​របស់​យើង

ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​មើល​មក​ជីវិត​របស់​យើង តាមរយៈ​ទ្រង់ ដើម្បី​មើល​ឃើញ ទ្រង់​កាន់​តែ​ច្បាស់​ឡើង នៅ​ក្នុង​ជីវិត​របស់​យើង ។

បងប្អូន​ប្រុស​ស្រី ចិត្ត​ខ្ញុំ​រាបសា​យ៉ាងខ្លាំង​ដែល​ឈរ​នៅ​មុខ​បងប្អូន​នា​ព្រឹក​នេះ ។ ខ្ញុំ​ចង​ភ្ជាប់​ដួងចិត្ត​ខ្ញុំ​ជាមួយ​បងប្អូន ហើយ​ដឹងគុណ​ដល់​ការជួបជុំ​នេះ មិន​ថា​បងប្អូន​នៅ​ទីណា​នៅលើ​ពិភពលោក​នេះ​ទេ ដើម្បី​ស្ដាប់​សារលិខិត​មកពី​ព្យាការី សាវក អ្នកមើលឆុត អ្នកទទួល​វិវរណៈ និង​អ្នកដឹកនាំ​នៅក្នុង​នគរ​របស់​ព្រះ ។ យើង​ប្រៀប​ដូច​ជា​ប្រជាជន​នៅ​ជំនាន់​របស់​ស្ដេច​បេនយ៉ាមីន​ដែរ ដែល​បាន​បោះ​ត្រសាល​របស់​យើង និង​មាន​ទ្វារ​ត្រសាល​យើង​បើក​ចំហ​ទៅ​រក​ព្យាការី​របស់​ព្រះ​នៅលើ​ផែនដី​នេះ គឺ​ប្រធាន រ័សុល អិម ណិលសុន ។

ខ្ញុំ​មាន​ភ្នែក​អន់​យូរ​មក​ហើយ​តាម​ដែល​ខ្ញុំ​អាច​ចាំ​បាន ហើយ​តែងតែ​ត្រូវការ​ជំនួយ​កញ្ចក់​វ៉ែនតា​ពី​ពេទ្យ​ដើម្បី​តម្រូវតាម​ភ្នែក​របស់​ខ្ញុំ​ជានិច្ច ។ ពេល​ខ្ញុំ​បើក​ភ្នែក​រាល់​ព្រឹក ពិភពលោក​នេះ​មើល​ទៅ​ឡើង​ស្រវាំង ។ គ្រប់​យ៉ាង​គឺ​ព្រឹល មើល​មិន​ច្បាស់ ហើយ​មើល​មិន​ឃើញ​រូបរាង​ទេ ។ សូម្បីតែ​ស្វាមី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ក៏ ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រូប​គំនូរ​អរូបីយ​ដែល​ខុស​ពី​រូបរាង​ពិត​គួរ​ឲ្យ​ស្រឡាញ់ និង​សមសួន​របស់​គាត់​ដែរ ! តម្រូវការ​ចាំបាច់​បំផុត​របស់​ខ្ញុំ មុន​ពេល​ខ្ញុំ​ធ្វើ​អ្វី​ផ្សេង​ទៀត​នៅ​ពេល​ព្រឹក គឺ​ត្រូវ​ឈោង​យក​វ៉ែនតា​របស់​ខ្ញុំ​មក​ពាក់​ជា​មុន​សិន ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ច្បាស់​ពី​ពិភព​ជុំវិញ​ខ្លួន ហើយ​រីករាយ​នឹង​បទពិសោធន៍​កាន់​តែ​រស់រវើក កាល​ដែល​វ៉ែនតា​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​របស់​ខ្ញុំ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​ដឹង​ថា ឥរិយាបថ​នេះ​បង្ហាញ​ពី​ការពឹងពាក់​របស់​ខ្ញុំ​ជា​រៀង​រាល់ថ្ងៃ​ទៅ​លើ​រឿង​ចំនួន​ពីរ ៖ ទីមួយ ឧបករណ៍​ដែល​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​ច្បាស់ ការផ្ដោត និង​មើល​ឃើញ​ពិភពលោក​នេះ​តាម​តថភាព​របស់​វា ហើយ​ទីពីរ ត្រូវការ​ការដឹកនាំ​ជាក់ស្ដែងមួយ ដើម្បី​បន្ដ​ចង្អុល​បង្ហាញ​ទិសដៅ​ដ៏​ត្រឹមត្រូវ​ដល់​ខ្ញុំ ។ ទម្លាប់​អនុវត្ត​សាមញ្ញ​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ខ្ញុំ​ឃើញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុង​ជីវិត​របស់​យើង​ដែល​ជា​រឿយៗ​ពោរពេញ​ទៅ​ដោយ​សំណួរ ការព្រួយ​បារម្ភ សម្ពាធ និង​ឱកាស​ជា​ច្រើន ហើយ​ក្នុង​នាម​ជា​បុត្រា​បុត្រី​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នឹង​ការបង្រៀន និង​ក្រឹត្យវិន័យ​របស់​ទ្រង់ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​យើង​សម្រាប់​ពួក​យើង​ម្នាក់ៗ​គឺ​ជា​ធនធាន​ប្រចាំ​ថ្ងៃ​ដែល​មាន​ជា​ហូរហែ ដែល​យើង​អាច​ពឹងពាក់​លើ​បាន​ដើម្បី​ក្លាយជា « ពន្លឺ​ដែល​ភ្លឺ … ដែល [ ជួយ ] បំភ្លឺ​ភ្នែក [ របស់​យើង ] [ ហើយ ] ដែល [ ជួយ ] ប្រោស​យោបល់​ដល់ [ យើង ] » ។ កាល​យើង​ស្វែងរក​ពរជ័យ​នៃ​ព្រះវិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​អាច​មើល​ឃើញ « រឿង​ទាំងឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំងឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ដូច​ដែល​យ៉ាកុប​បាន​បង្រៀន​មក ។

ក្នុងនាម​ជា​បុត្រា​បុត្រី​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ យើង​មាន​ពរជ័យ​ជា​ពិសេស ដែល​មាន​ឧបករណ៍​តែងតាំង​ឡើង​ដោយ​ព្រះ​ជាច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​កែលម្អ​ចក្ខុវិស័យ​ខាង​វិញ្ញាណ​របស់​យើង ។ ព្រះបន្ទូល និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដូច​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ និង​ក្នុង​សារលិខិត​មក​ពី​ព្យាការី​ដ៏​ជម្រើស​របស់​ទ្រង់ ហើយ​និង​ព្រះវិញ្ញាណ​របស់​ទ្រង់​ដែល​បាន​ទទួល​តាមរយៈ​ការអធិស្ឋាន​ជា​រៀង​រាល់ថ្ងៃ ការចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងត់ និង​ទទួល​ពិធីបរិសុទ្ធ​សាក្រាម៉ង់​រាល់​សប្ដាហ៍ ទាំងអស់​នេះ​អាច​ជួយ​ស្ដារ​សេចក្ដី​សុខសាន្ដ​ឡើងវិញ​បាន ហើយ​ផ្ដល់​អំណោយ​ដ៏​ចាំបាច់​ដើម្បី​ចេះ​បែងចែក ដែល​អាច​នាំ​ពន្លឺ​របស់​ព្រះគ្រីស្ទ និង​យោបល់​របស់​ទ្រង់​មក​ក្នុង​ជីវិត​ឯកជន​របស់​យើង និង​មក​ក្នុង​ពិភពលោក​នេះដែល​អាច​មាន​ការសង្ស័យ​ច្រើន ។ ព្រះអង្គ​សង្គ្រោះ​ក៏​អាច​ធ្វើ​ជា​ត្រីវិស័យ និង​អ្នក​នាំ​ផ្លូវ​របស់​យើង​ផងដែរ កាល​យើង​ជិះ​ឆ្លង​សមុទ្រ​ស្ងប់​ផង និង​សមុទ្រ​មាន​ព្យុះភ្លៀង​ផង​នៅ​ក្នុង​ជីវិត​នេះ ។ ទ្រង់​អាច​ឆ្ការ​ផ្លូវយ៉ាង​ស្អាត​ដែល​ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ ដែល​នាំ​យើង​ទៅ​រក​ទិសដៅ​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ដូច្នេះ តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​មើល​ឃើញ​អ្វី ហើយ​តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទៅ​កន្លែង​ណា ?

ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​បាន​បង្រៀន​ថា « ការផ្ដោត​របស់​យើង​ត្រូវ​តែ​ផ្អែក​យ៉ាង​រឹងមាំ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ » ហើយ​ថា​យើង​ត្រូវតែ « មាន​ការខិតខំ​ខាង​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ដើម្បី​មើល​ទៅ​ទ្រង់ គ្រប់ ទាំង​គំនិត » ។ ប្រធាន ណិលសុន ក៏បាន​សន្យា​ផងដែរ​ថា « គ្មាន​អ្វី​ដែល​យាង​អញ្ជើញ​ព្រះវិញ្ញាណ ខ្លាំង​ជាង​ពេល​ដែល​បងប្អូន​កែតម្រូវ​ការផ្តោត​អារម្មណ៍​របស់​បងប្អូន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ … ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ បងប្អូន នៅ​ក្នុង​ជីវិត​បងប្អូន​ផ្ទាល់ បើ​បងប្អូន មាន​ពេលវេលា​សម្រាប់​ទ្រង់ នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀងរាល់​ថ្ងៃ​នោះ » ។ មិត្ត​ទាំងឡាយ​អើយ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គោលបំណង​នៃ​ការផ្ដោត​របស់​យើង​ផង និង​ជា​ចេតនា​នៃ​គោលដៅ​របស់​យើង​ផង ។ ដើម្បី​ជួយ​យើង​ឲ្យ​បន្ដ​នៅ​ជាប់ ហើយ​ឆ្ពោះ​ទៅរក​ទិសដៅ​ត្រឹមត្រូវ នោះ​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​មើល​មក​ជីវិត​របស់​យើង តាមរយៈ​ទ្រង់ដើម្បី​មើលឃើញ ទ្រង់​កាន់តែ​ច្បាស់​ឡើងនៅក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​បាន​រៀន​កាន់តែ​ច្រើន​អំពី​ការអញ្ជើញ​ដ៏​ជាក់លាក់​នេះ​តាមរយៈ​ការសិក្សា​របស់​ខ្ញុំ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ត្រូវ​បាន​ប្រទាន​ដល់​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ជា​ដំណឹងល្អ​ខាង​ការរៀបចំ ដែល​រចនា​ឡើង​ដើម្បី​ត្រៀមខ្លួន​ប្រជាជន​សម្រាប់​សេចក្ដី​សញ្ញា​ជាន់ខ្ពស់ ដែល​ជា​ទំនាក់ទំនង​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រឹត្យវិន័យ​នេះ ដែល​មាន​និមិត្តសញ្ញា​ជា​ច្រើន​ដែល​ចង្អុល​ប្រាប់​អ្នក​ជឿ​ឲ្យ « ទន្ទឹង​ចាំ​ដល់​ការយាង​មក » និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទមាន​បំណង​ដើម្បី​ជួយ​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ពលិកម្ម​របស់​ទ្រង់ ព្រមទាំង​ក្រឹត្យវិន័យ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេដែល​មាន​បំណង​ដើម្បី​នាំ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះប្រោសលោះ​របស់​ពួកគេ ។

គឺ​ដូច​ជា​ពួកយើង​នៅ​សព្វថ្ងៃ​នេះ​ដែរ ប្រជាជន​ពី​បុរាណ​របស់​ព្រះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មើល​ទៅ​ជីវិត​របស់​ពួកគេ តាមរយៈ​ទ្រង់ ដើម្បី​មើលឃើញ ទ្រង់​កាន់​តែ​ច្បាស់​ឡើង នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ប៉ុន្ដែ​ទម្រាំ​ដល់​ពេល​នៃ​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះគ្រីស្ទ​បាន​បាត់​ចេញ​ពី​ការគោរព​ប្រតិបត្តិ​របស់​ពួកសាសន៍​អ៊ីស្រាអែល​រួច​ទៅ​ហើយ ពួកគេ​ដាក់​ទ្រង់​នៅ​មួយ​អន្លើ ហើយ​បន្ថែម​ការអនុវត្ត​ដែល​គ្មាន​សិទ្ធិ​អំណាច​ទៅលើ​ក្រឹត្យវិន័យ​នេះ ដែល​វា​គ្មាន​អត្ថន័យ​ជា​និមិត្តសញ្ញា​ណែនាំ ដើម្បី​នាំ​ពួកគេ​ទៅរក​ប្រភព​ដ៏ពិត​តែ​មួយ​នៃ​សេចក្ដី​សង្គ្រោះ និង​ការប្រោសលោះ​ដល់​ពួកគេ​ឡើយ—ពោល​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិភពលោក​ប្រចាំ​ថ្ងៃ​របស់​ពួកសាសន៍​អ៊ីស្រាអែល​បាន​វង្វេង និង​ស្រអាប់ ។ នៅក្នុង​សភាព​បែប​នេះ កូនចៅ​អ៊ីស្រាអែល​បាន​ជឿ​ថា ការអនុវត្ត និង​ពិធីបុណ្យ​នៃ​ក្រឹត្យវិន័យ​នេះ​គឺជា​ផ្លូវ​ទៅកាន់​សេចក្ដី​សង្គ្រោះ​ផ្ទាល់ខ្លួន ហើយ​មួយ​ផ្នែក​នៃ​ការណ៍​នេះ​បាន​កាត់​បន្ថយ​ក្រឹត្យវិន័យ​លោក​ម៉ូសេ ឲ្យ​ទៅជា​របៀប​វារៈ​មួយ​បែប​ដែល​បាន​ដាក់​ចេញ​ដើម្បី​គ្រប់គ្រង​ជីវិត​ស៊ីវិល ។១០ ការណ៍​នេះ​តម្រូវ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ស្ដារ​ការផ្ដោត និង​ភាពច្បាស់លាស់​ដល់​ដំណឹងល្អ​របស់​ទ្រង់​ឡើងវិញ ។

នៅ​ទីបំផុត ពួកសាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​ធំ​បាន​បដិសេធ​សារលិខិត​របស់​ទ្រង់ ហើយ​វង្វេង​យ៉ាងខ្លាំង​រហូត​ដល់​ចោទ​ប្រកាន់​ព្រះអង្គ​សង្គ្រោះ—ទ្រង់​ដែល បាន​ប្រទាន ក្រឹត្យវិន័យ និង​បាន​ប្រកាស​ថា ទ្រង់ គឺជា « ក្រឹត្យវិន័យ ហើយ​ជា​ពន្លឺ »១១—ថា​បាន​បំពាន​ក្រឹត្យវិន័យ​នោះទៅវិញ ។ ប៉ុន្ដែ​ពេល​មាន​បន្ទូល​អំពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នៅក្នុង​ទេសនកថា​របស់​ទ្រង់​នៅលើ​ភ្នំ ព្រះយេស៊ូវ​បាន​ប្រកាស​ថា « កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យវិន័យ ឬ​ទំនាយ​ពួកហោរា​ចោល​ឡើយ ខ្ញុំ​មិនមែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សម្រេច​វិញ » ។១២ បន្ទាប់​មក តាមរយៈ​ដង្វាយធួន​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ចប់​ច្បាប់ ក្រឹត្យក្រម និង​ការអនុវត្ត​ខាង​ពិធីបុណ្យ​នានា​ដែល​ប្រជាជន​អ៊ីស្រាអែល​បាន​អនុវត្ត​នៅពេល​នោះ ។ ពលិកម្ម​ចុងក្រោយ​របស់​ទ្រង់​បាន​បណ្ដាល​ឲ្យ​មាន​ការប្ដូរ​ពី​យញ្ញបូជា​ដង្វាយ​ដុត ទៅ​ជា​ការ​ឲ្យ​យើង​មាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប »១៣ វិញ ពី​ពិធីបរិសុទ្ធ​យញ្ញបូជា ទៅ​ជា​ពិធីបរិសុទ្ធ​សាក្រាម៉ង់​វិញ ។

ប្រធាន អិម រ័សុល បាឡឺដ ដែល​បង្រៀន​អំពី​ប្រធានបទ​នេះ បាន​មាន​ប្រសាសន៍​ថា « ក្នុង​ន័យ​នេះ យញ្ញបូជា​បាន​ប្ដូរ​ការផ្ដោត​អារម្មណ៍​ពី ដង្វាយ ទៅ​លើ អ្នកថ្វាយ វិញ » ។១៤ នៅ​ពេល​យើង​នាំ​ដង្វាយ​របស់​យើង​មក​កាន់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ​កាន់​តែ​ច្បាស់​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង កាល​យើង​បន្ទាប​ខ្លួន​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ទ្រង់ ដើម្បី​ទទួល​ស្គាល់ និង​យល់ពី​ការចុះចូល​ដ៏ឥតខ្ចោះ​របស់​ទ្រង់​ទៅ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។ នៅពេល​យើង​ផ្ដោត​ការមើលឃើញ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ដឹង ហើយ​យើង​យល់​ថា ទ្រង់​គឺ​ជា​ប្រភព និង​ជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​ការអភ័យ​ទោស និង​ការប្រោសលោះ គឺ​ទៅដល់​ជីវិត​ដ៏អស់កល្ប​ជានិច្ច និង​ភាពតម្កើង​ឡើង ។

ក្នុង​នាម​ជា​អ្នកជឿ​គ្រីស្ទាន​ពី​មុន​មក​ស្រាប់ ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​មនុស្ស​ជាច្រើន​ដែល​បាន​សង្កេត​ឃើញ និង​បាន​ឃើញ​ការផ្លាស់ប្ដូរ​ឥរិយាបថ ការអនុវត្ត និង​ជម្រើស​របស់​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ជ្រើសរើស​ចូលរួម​ក្នុង​សាសនាចក្រ ។ ពួកគេ​បាន​សួរ​ថា « ហេតុអ្វី » ចំពោះ​អ្វីៗ​ដែល​ពួកគេ​បាន​ឃើញ—ហេតុអ្វី​ខ្ញុំ​ជ្រើសរើស​ជ្រមុជ​ទឹក ហើយ​ចូលរួម​ក្នុង​ក្រុមជំនុំ​អ្នកជឿ នេះពោល​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហេតុអ្វី​ខ្ញុំ​ឈប់​អនុវត្ត​ទម្លាប់​មួយ​ចំនួន​នៅ​ថ្ងៃ​ឈប់​សម្រាក ហេតុអ្វី​ខ្ញុំ​ស្មោះត្រង់​ក្នុង​ការកាន់​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ហេតុអ្វី​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ហេតុអ្វី​ខ្ញុំ​ជឿ និង​អនុវត្ត​តាម​ការបង្រៀន​របស់​ព្យាការី និង​ពួកសាវក​នៅ​សម័យ​ទំនើប​នៅក្នុង​ជីវិត​របស់​ខ្ញុំ ហេតុអ្វី​ខ្ញុំ​មក​ការប្រជុំ​សាសនាចក្រ​រាល់​សប្ដាហ៍ ហេតុអ្វី​ខ្ញុំ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ « មក​ហើយ​មើល …​មក​ហើយ​ជួយ មក​ហើយ​បន្ដ​នៅ, »​១៥ និង « មក​ហើយ​ក្លាយជា​សមាជិក » ។​១៦

ពេល​នោះ សំណួរ​ទាំងនោះ​ច្រើន​លើស​លប់ ហើយ​ច្បាស់​ណាស់ ជួន​កាល​សំណួរ​នោះ​វា​ដូច​ជា​ការចោទ​ប្រកាន់​ដូច្នោះដែរ ។ ប៉ុន្ដែ​កាល​ខ្ញុំ​ពុះពារ​ជា​មួយ​នឹង​មនុស្ស​ដែល​សួរ​ពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា តាម​ពិត​ទៅ ការចង់ដឹង​របស់​ពួកគេ​គឺជា​ការអញ្ជើញ​ដំបូង​របស់​ខ្ញុំ​ឲ្យ​លើក​កញ្ចក់​វ៉ែនតា​ខាង​វិញ្ញាណ​មួយ​គូ​​មក​ពាក់ ដើម្បី​ឲ្យ​មើលឃើញច្បាស់ ការផ្ដោត និង​ចាក់គ្រឹះ​លើ​អ្វី​ដែល​ជំរុញ​ខ្ញុំ​ឲ្យ​គោរព​តាម​ការអនុវត្ត និង​បទដ្ឋាន​នៃ​ដំណឹងល្អ ។ តើ​ទីបន្ទាល់​របស់​ខ្ញុំ​មាន​ប្រភព​មកពី​ណា ? តើ​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ការ « សម្ដែង​ខាងក្រៅ » ដោយ​មិន​អនុញ្ញាត​ឲ្យ​ការអនុវត្ត​ទាំងនោះ​ភ្ជាប់​ទៅនឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ដើម្បី « ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់ [ ខ្ញុំ] ក្នុង​ព្រះគ្រីស្ទ »១៧ឬ​បង្ហាញ​ការយល់ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​អំណាច​តែមួយ​គត់​នៅក្នុង​ការគោរព​ប្រតិបត្តិ​របស់​ខ្ញុំដែរឬ​ទេ​ ?

តាមរយៈ​ការខិតខំ​ដ៏​ហ្មត់ចត់​ដើម្បី មើល​ទៅ និង​ស្វែងរកព្រះយេស៊ូវ​គ្រីស្ទ​ដោយ​នូវ​គ្រប់​ទាំង​គំនិត និង​ទង្វើ​របស់​ខ្ញុំ នោះ​ភ្នែក​របស់​ខ្ញុំ​បាន​ភ្លឺ​ឡើង ហើយ​ការយល់ដឹង​របស់​ខ្ញុំ​បាន​ឆាប់​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ខ្ញុំ​ឲ្យ « មក​រក​ទ្រង់ » ។១៨ ចេញ​ពី​ពេល​ដំបូង​នៃ​ភាពជា​សិស្ស​នៅក្នុង​យុវវ័យ​របស់​ខ្ញុំ ខ្ញុំ​អាច​ចាំពី​ការអញ្ជើញ​មួយ​ឲ្យ​ចូលរួម​ជាមួយ​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា កាល​ពួកគេ​បង្រៀន​ដំណឹងល្អ​ដល់​យុវនារី​មួយ​ក្រុម​អាយុ​ស្រករ​ខ្ញុំ ។ នា​ល្ងាច​មួយ ពេល​យើង​អង្គុយ​ក្នុង​ផ្ទះ​នៃ​គ្រួសារ​របស់​យុវនារី​ម្នាក់ សំណួរ​ដ៏​ស្មោះសរ​របស់​ពួកគេ​ថា « ហេតុអ្វី​បាន​ជា​ខ្ញុំ​ជឿ » បាន​ចាក់​ទម្លុះ​ដួងចិត្ត​ខ្ញុំ ហើយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ​ដោយ​ការយល់ដឹង​ដ៏​ជ្រាលជ្រៅ​អំពី​ទស្សនវិស័យ​របស់​ព្រះអម្ចាស់​អំពី​ការជំរុញ​ខាង​វិញ្ញាណ​នៃ​ភាពជា​សិស្ស​របស់​ខ្ញុំ ហើយ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ឲ្យ​ទៅមុខ​ថែម​ទៀត ។

នៅពេល​នោះ ខ្ញុំ​បាន​ដឹង​ដូច​ដែល​ខ្ញុំ​ដឹង​នៅពេល​នេះ​ថា ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ នាំ​ជើង​របស់​យើង​ឲ្យ​មកកាន់​សាលាប្រជុំ​រាល់​សប្ដាហ៍​ដើម្បី​ទទួលទាន​សាក្រាម៉ង់​របស់​ទ្រង់ មក​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ដើម្បី​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ មក​រក​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដើម្បី​រៀនពី​ព្រះបន្ទូល​របស់​ទ្រង់ ។ ទ្រង់​បណ្ដាល​ឲ្យ​មាត់​របស់​យើង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ឲ្យ​ដៃ​យើង​លើកស្ទួយ និង​បម្រើ​ដូច​ដែល​ទ្រង់​នឹង​លើក​ស្ទួយ និង​បម្រើ ឲ្យ​ភ្នែក​យើង​មើល​ឃើញ​ពិភពលោក​នេះ និង​មើល​ឃើញ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែល​ទ្រង់​ទត​ឃើញ—« តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ … តាម​ដែល​នឹង​មាន​នៅពេល​ខាង​មុខ » ។១៩ ហើយ​កាល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹកនាំ​យើង​នៅ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ នោះ​យើង​នឹង​ទទួល​បាន​ទីបន្ទាល់​ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន »២០ដោយសារ​ត្រង់ណា​ដែល​យើង​ស្វែងរក​ទ្រង់ ត្រង់​នោះ​យើង​នឹង​រកឃើញ​ទ្រង់២១—ជា​រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ នៅក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕