សន្និសីទទូទៅ
ហើយ​ពួកគេ​ខំ​រកមើល​ព្រះយេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាងណា
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ហើយ​ពួកគេ​ខំ​រកមើល​ព្រះយេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាងណា

ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្គាល់​ពួកយើង ហើយ​ថា​ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល កែប្រែ និង​អភ័យទោស​ឲ្យ​យើង​បាន ។

បងប្អូន​ប្រុស​ស្រី និង​មិត្តភក្ដិ​ទាំងឡាយ នៅ​ឆ្នាំ ២០១៣ ភរិយា​ខ្ញុំ ឡរ៉េល និង​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ថ្នាក់ដឹកនាំ​បេសកកម្ម​នៅ​បេសកកម្ម ឆែក/ស្លូវ៉ាក់ ។ កូន​ទាំងបួន​នាក់​របស់​យើង​បាន​បម្រើ​ជាមួយ​នឹង​យើង ។ គ្រួសារ​យើង​ទាំងមូល​មាន​ពរជ័យ​ដោយសារ​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏ល្អ​ឯក និង​ដោយសារ​ពួកបរិសុទ្ធ​នៅ​សាធារណរដ្ឋ​ឆែក និង​ស្លូវ៉ាក់​ដ៏អស្ចារ្យ ។ យើង​ស្រឡាញ់​ពួកគេ ។

ពេល​ដែល​គ្រួសារ​របស់​យើង​បាន​ចូល​ទៅក្នុង​តំបន់​បេសកកម្ម អ្វី​ដែល​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​បង្រៀន បាន​ទៅ​ជាមួយ​យើង ។ នៅក្នុង​សុន្ទរកថា​ដែល​មាន​ចំណងជើង​ថា « បញ្ញត្តិ​យ៉ាង​សំខាន់​បំផុត » អែលឌើរ វ៉ឺតលីន បាន​សួរ​ថា « តើ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់​ទេ ? » ការប្រឹក្សា​របស់​លោក​ដល់​ពួកយើង​ទាំងអស់​គ្នា​ដែល​បាន​ឆ្លើយ​ថា​ស្រឡាញ់ គឺ​សាមញ្ញ តែ​ជ្រាលជ្រៅ នោះ​គឺ ៖ « ចំណាយ​ពេល​ជាមួយ​ទ្រង់ ។ ត្រិះរិះ​ពី​ព្រះបន្ទូល​របស់​ទ្រង់ ។ ទទួល​នឹម​របស់​ទ្រង់​ដាក់លើ​ខ្លួន​យើង ។ ខិតខំ​ស្វែងយល់ និង​គោរព​តាម » ។ បន្ទាប់មក​អែលឌើរ វ៉ឺតលីន បាន​សន្យា​ពរជ័យ​ជាច្រើន​ដែល​អាច​កែប្រែ​អស់​អ្នក​ដែល​ស្ម័គ្រចិត្ត​ថ្វាយ​ពេលវេលា និង​ទុក​កន្លែង​មួយ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​បាន​ស្ដាប់​តាម​ការប្រឹក្សា និង​ការសន្យា​របស់​អែលឌើរ វ៉ឺតលីន ។ រួម​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង យើង​បាន​ចំណាយ​ពេល​ជាច្រើន​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​សិក្សា​គម្ពីរ​ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី និង នីហ្វៃ​ទី​៣ ចេញពី​ព្រះគម្ពីរ​មរមន ។ នៅ​ចុង​បញ្ចប់​នៃ​ការប្រជុំ​អ្នកផ្សព្វផ្សាយ​សាសនា​ម្ដងៗ យើង​បាន​បញ្ចប់​ការប្រជុំ​នីមួយៗ​ដោយ​ការចែកចាយ​សារលិខិត​ខាង​វិញ្ញាណ​ចេញ​មកពី​ការអាន ការពិភាក្សា ការពិចារណា និង​ការរៀន​អំពី​ព្រះយេស៊ូវ ដែល​យើង​ហៅថា « ដំណឹងល្អ​ទាំង​ប្រាំ » ។

សម្រាប់​ខ្ញុំ ឡរ៉េល និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ការចំណាយ​ពេល​ជាមួយ​ព្រះយេស៊ូវ​នៅក្នុង​ព្រះគម្ពីរ​បាន​ផ្លាស់ប្ដូរ​អ្វី​គ្រប់យ៉ាង ។ យើង​មាន​ការកោត​សរសើរ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ​ផ្ទាល់ និង​អ្វី​ដែល​សំខាន់​ចំពោះ​ទ្រង់ ។ យើង​បាន​រួមគ្នា​ពិចារណា​ពី​របៀប​ដែល​ទ្រង់​បាន​បង្រៀន អ្វី​ដែល​ទ្រង់​បាន​បង្រៀន របៀប​ដែល​ទ្រង់​បាន​បង្ហាញ​ក្ដីស្រឡាញ់ អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ប្រទាន​ពរ និង​បម្រើ អព្ភូតហេតុ​របស់​ទ្រង់ របៀប​ដែល​ទ្រង់​តបត​នឹង​ការក្បត់ របៀប​ទ្រង់​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ដ៏ពិបាក​របស់​មនុស្ស ព្រះបរមងារ និង​ព្រះនាម​របស់​ទ្រង់ របៀប​ទ្រង់​ស្ដាប់ របៀប​ទ្រង់​ដោះស្រាយ​ជម្លោះ ពិភពលោក​ដែល​ទ្រង់​បាន​រស់នៅ រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ របៀប​ដែល​ទ្រង់​លើក​ទឹកចិត្ត​ឲ្យ​មាន​សាមគ្គីភាព និង​សន្ដាន​ចិត្ត​ល្អ ព្រះសមត្ថភាព​របស់​ទ្រង់​ដើម្បី​អភ័យទោស និង​ព្យាបាល ព្រមទាំង​ទេសនកថា ការអធិស្ឋាន ពលិកម្ម​ដ៏ធួន ការមានព្រះជន្មរស់​ឡើងវិញ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ជារឿយៗ​យើង​មាន​អារម្មណ៍​ដូច​លោក​សាខេ ដែល « [ តូច ]ទាប » រត់​ឡើង​លើ​ដើម​ឧទុម្ពរ កាល​ព្រះយេស៊ូវ​បាន​ឆ្លងកាត់​ក្រុង​យេរីខូរ ព្រោះ​ដូចជា​លូកា​បាន​រៀបរាប់​ថា យើង « ខំ​រកមើល​ព្រះយេស៊ូវ ដែល​ទ្រង់​មាន​បែប​ភាព​ជា​យ៉ាងណា » ។ មិនមែន​ជា​ព្រះយេស៊ូវ​ដែល​យើង​ចង់ ឬ​ប្រាថ្នា​ឲ្យ​ទ្រង់​ធ្វើ​ដូច​ចិត្ត​យើងនោះ​ទេ តែ​ជា​ព្រះយេស៊ូវ​ដូច​ដែល​ព្រះអង្គ​ទ្រង់​ផ្ទាល់ ។ គឺ​ដូចជា​អែលឌើរ វ៉ឺតលីន បាន​សន្យាថា យើង​បាន​រៀន​តាម​របៀប​ដ៏​ជាក់​ច្បាស់​ថា « ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ដំណឹងល្អ​នៃ​ការកែប្រែ ។ វា​នាំ​យើង​ដែល​ជា​បុរស និង​ស្ដ្រី​នៅលើ​ផែនដី​នេះ បន្សុទ្ធ​ឲ្យ​ទៅជា​បុរស និង​ស្ដ្រី​សម្រាប់​ភាព​ដ៏​អស់កល្ប​ជានិច្ច » ។

នោះ​គឺជា​ថ្ងៃ​ដ៏ពិសេស ។ យើង​បាន​មក​ជឿ​ថា « ដ្បិត​ការអ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ។ កាល​ដក​ពិសោធន៍​ព្រះចេស្ដា និង​ភាពពិត​របស់​ព្រះយេស៊ូវ​នៅពេល​រសៀល​ដ៏ពិសិដ្ឋ​នៅ​ទីក្រុង​ប្រាក ទីក្រុង​ប្រាទីស្លាវ៉ា ឬ​ទីក្រុង​ប្រឺណូ បន្ដ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង​ទាំងអស់​គ្នា ។

យើង​ឧស្សាហ៍​សិក្សា ម៉ាកុស ២:១–១២ ។ ដំណើររឿង​នៅ​ត្រង់​នេះ​គឺ​មិន​អាច​ប្រកែក​បាន​ទេ ។ ខ្ញុំ​ចង់​អាន​ផ្នែក​មួយ​នៃ​ដំណើររឿង​នេះ​មកពី​គម្ពីរ​ម៉ាកុស រួចហើយ​ចែកចាយ​អំពី​វា ដោយសារ​ខ្ញុំ​បាន​យល់​វា ក្រោយពី​ការសិក្សា និង​ការពិភាក្សា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង និង​អ្នកផ្សេងទៀត ។

« រំលង​ពីរ​បី​ថ្ងៃ​ក្រោយ​មក [ ព្រះយេស៊ូវ ] យាង​ចូល​មក​ក្នុង​ក្រុង​កាពើណិម​វិញ​ទៀត ហើយ​គេ​ឮ​ថា ទ្រង់​គង់​នៅ​ផ្ទះ ។

« ស្រាប់តែ​មាន​គេ​ប្រជុំ​គ្នា​ជាច្រើន​ដល់ម៉្លេះ​បានជា​គ្មាន​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ទ្រង់​ក៏​សម្ដែង​ព្រះបន្ទូល​ឲ្យ​គេ​ស្តាប់ ។

« គ្រា​នោះ មាន​បួន​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ឯ​ទ្រង់ ។

« តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បានជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សម្រូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ ។

« ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំងនោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នកស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់ទោស​ឲ្យ​ឯង​ហើយ » ។

ក្រោយពី​សន្ទនា​ជាមួយ​អ្នកខ្លះ​នៅក្នុង​ចំណោម​នោះ​ហើយ១០ ព្រះយេស៊ូវ​ទត​ទៅ​បុរស​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ ហើយ​ព្យាបាល​រូបកាយ​គាត់ ដោយ​មាន​បន្ទូល​ថា ៖

« យើង​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ ។

« គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ » ។១១

ឥឡូវ​នេះ ដំណើររឿង​ដែល​ខ្ញុំ​បាន​យល់ ៖ នៅ​ដើម​ដំបូង​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​ត្រឡប់​ទៅ​ក្រុង​កាពើណិម​វិញ ជា​ភូមិ​អ្នកនេសាទ​តូច​មួយ​ដែល​ស្ថិត​នៅ​ឆ្នេរ​ភាគ​ខាងជើង​នៃ​សមុទ្រ​កាលីឡេ ។១២ ទ្រង់​បាន​ធ្វើ​អព្ភូតហេតុ​ជាច្រើន​នាពេល​ថ្មីៗ​នេះ តាមរយៈ​ការព្យាបាល​អ្នកឈឺ និង​បណ្ដេញ​វិញ្ញាណ​អារក្ស​ចេញ ។១៣ ដោយ​អន្ទះសា​ចង់​ស្ដាប់ និង​ដក​ពិសោធ​ពី​បុរស​ដែល​ឈ្មោះ​ថា ព្រះយេស៊ូវ នោះ​អ្នកភូមិ​នោះ​បាន​ប្រជុំ​គ្នា​នៅ​ផ្ទះ ដែល​ឮ​គេ​និយាយ​ថា​ទ្រង់​គង់​នៅ​នោះ ។១៤ កាល​ពួកគេ​ទៅ​ដល់ នោះ​ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​បង្រៀន ។១៥

ផ្ទះ​នៅ​ជំនាន់​នោះ​នៅ​ក្រុង​កាពើណិម​មាន​ដំបូល​ស្មើ មាន​តែ​មួយ​ជាន់​ទេ ហើយ​នៅ​ជាប់ៗ​គ្នា ។១៦ ជញ្ជាំង​ធ្វើពី​បាយ​អ​ដែល​មាន​ថ្ម ឈើ និង​ដីឥដ្ឋ ហើយ​ដំបូល​ប្រក់​ស្បូវ ដែល​មាន​ផ្លូវ​ចូល​ពី​ចំហៀង​ផ្ទះ​ពីរ​បី​ជំហាន ។១៧ ហ្វូង​មនុស្ស​បាន​កើនឡើង​យ៉ាង​លឿន​នៅ​ផ្ទះ​នោះ ហើយ​មាន​មនុស្ស​នៅ​ពេញ​បន្ទប់​ដែល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នោះ ហើយ​ធ្លាយ​ចេញ​ទៅដល់​មាត់​ផ្លូវ​ទៀត ។១៨

ដំណើររឿង​នេះ​ផ្ដោតលើ​បុរស​ម្នាក់​ដែល​ជា « មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង » និង​មិត្ត​បួន​នាក់​របស់​គាត់ ។១៩ ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង​គឺជា​ជំងឺ​មួយ​បែប​ដែល​បណ្ដាល​ឲ្យ​ខ្វិន ជាញឹកញាប់​ក៏មាន​ភាពទន់ខ្សោយ និង​សំឡេង​ញ័រៗ​ដែរ ។២០ ខ្ញុំ​ស្រមៃ​ឃើញ​មិត្ត​ម្នាក់​ដែល​និយាយ​ទៅកាន់​មិត្ត​បី​នាក់​ទៀត​ថា « ព្រះយេស៊ូវ​មក​ដល់​ភូមិ​យើង​ហើយ ។ យើង​ទាំងអស់​គ្នា​ដឹង​ពី​អព្ភូតហេតុ ដែល​ទ្រង់​បាន​ធ្វើ និង​មនុស្ស​ដែល​ទ្រង់​បាន​ព្យាបាល ។ បើ​យើង​គ្រាន់តែ​អាច​នាំ​មិត្ត​យើង​ទៅ​ជួប​ព្រះយេស៊ូវ នោះ​ប្រហែល​គាត់​អាច​បាន​ជា​សះស្បើយ​ឡើងវិញ​ដែរ » ។

ដូច្នេះ ពួកគេ​ម្នាក់ៗ​លើក​កន្ទេល ឬ​គ្រែ​របស់​មិត្ត​ពួកគេ​មួយ​ជ្រុង​ម្នាក់ ហើយ​ចាប់ផ្ដើម​លើក​គាត់​ដើរ​កាត់​ផ្លូវ​ក្រុង​កាពើណិម ជា​ផ្លូវ​ដី​ក្ងិកក្ងក់ ហើយ​តូច​ចង្អៀត ។២១ សាច់ដុំ​ឈឺ​រោយ ពួកគេ​បត់​ដល់​ផ្លូវ​កែង​ចុងក្រោយ​ហើយ ស្រាប់តែ​ឃើញ​មនុស្ស​ណែនណាន់​តាន់តាប់ ឬ​ដូច​ដែល​ព្រះគម្ពីរ​ហៅ​ថា « ហ្វូង » មនុស្ស​ប្រជុំ​គ្នា​ស្ដាប់​យ៉ាង​កកកុញ រហូត​ដល់​វា​មិន​អាច​ទៅ​រួច​ទេ​ដើម្បី​ទៅរក​ព្រះយេស៊ូវ​នោះ ។២២ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ជំនឿ នោះ​ពួកគេ​ទាំង​បួន​នាក់​មិន​បោះបង់​ចោល​ឡើយ ។ ប៉ុន្ដែ ពួកគេ​បាន​វារ​ឡើង​តាម​ជញ្ជាំង​ទៅលើ​ដំបូល​រាបស្មើ​នោះ ហើយ​បាន​លើក​មិត្ត​របស់​ពួកគេ និង​គ្រែ​របស់​គាត់​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ព្រះយេស៊ូវ​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សម្រូត​មិត្ត​គេ​នោះ​ចុះ​ទៅ ។២៣

សូម​ពិចារណា​ពី​ការណ៍​នោះ នៅ​កណ្ដាល​អ្វី​ដែល​ជា​គ្រា​នៃ​ការបង្រៀន​ដ៏​ហ្មត់ចត់​មួយ ព្រះយេស៊ូវ​ព្រះសណ្ដាប់​ឮ​សំឡេង​កកាយ​មួយ ទត​មើល​ឡើង​លើ ហើយ​ឃើញ​ប្រហោង​មួយ​ធំ​ទៅៗ​នៅលើ​ដំបូល ហើយ​ដី និង​ស្បូវ​ធ្លាក់​ចុះ​មកក្នុង​បន្ទប់​នោះ ។ បន្ទាប់មក បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​នៅលើ​គ្រែ​ត្រូវ​គេ​សម្រូត​យឺតៗ​ចុះ​មកដី ។ គួរឲ្យ​ចាប់​អារម្មណ៍ ព្រះយេស៊ូវ​ជ្រាប​ថា នេះ​មិន​មែន​ជា​ការរំខាន​នោះ​ទេ ប៉ុន្ដែ​ជា​អ្វីមួយ​ដែល​សំខាន់​ទៅវិញ ។ ទ្រង់​ទត​ទៅ​បុរស​នៅលើ​គ្រែ​នោះ អភ័យទោស​ឲ្យ​អំពើបាប​របស់​គាត់​ជា​សាធារណៈ ហើយ​ព្យាបាល​រូបកាយ​គាត់ ។២៤

ដោយ​គិត​ពី​ការតំណាល​ក្នុង ម៉ាកុស ២ នេះ​ក្នុង​ចិត្ត នោះ​សេចក្ដីពិត​ដ៏សំខាន់​បីបួន​បាន​បង្ហាញ​ច្បាស់​អំពី​ព្រះយេស៊ូវ ដែល​ជា​ព្រះគ្រីស្ទ ។ ទីមួយ នៅពេល​យើង​ព្យាយាម​ជួយ​នរណាម្នាក់​ដែល​យើង​ស្រឡាញ់​ឲ្យ​មករក​ព្រះគ្រីស្ទ នោះ​យើង​អាច​ធ្វើ​ដូច្នោះ​បាន​ដោយ​ទំនុក​ចិត្ត​ថា ទ្រង់​មាន​ព្រះសមត្ថភាព​ដើម្បី​លើក​បន្ទុក​នៃ​អំពើបាប​នោះ​ចេញ ហើយ​អភ័យទោស​ឲ្យ​បាន ។ ទីពីរ នៅពេល​យើង​នាំ​ជំងឺ​ខាង​រូបកាយ ខាង​សតិ​អារម្មណ៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត​មកកាន់​ព្រះគ្រីស្ទ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ដោយ​ដឹង​ថា ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល និង​លួងលោម ។ ទីបី នៅពេល​យើង​ខិតខំ​ប្រឹងប្រែង​ដូចជា​មិត្ត​ទាំង​បួន​នាក់ ដើម្បី​នាំមិត្តម្នាក់​មករក​ព្រះគ្រីស្ទ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ដោយ​ការជឿជាក់​ថា ទ្រង់​នឹង​ទត​ឃើញ​បំណង​ដ៏ពិត​របស់​យើង ហើយ​នឹង​បំពេញ​តាម​បំណង​នោះ​ដោយ​សមគួរ ។

សូម​ចាំ​ថា ការបង្រៀន​របស់​ព្រះយេស៊ូវ​ត្រូវបាន​បង្អាក់​ដោយសារ​តែ​ការចោះ​ប្រហោង​នៅលើ​ដំបូល​នោះ ។ ប៉ុន្ដែ​ជាជាង​ផ្ចាញ់ផ្ចាល ឬ​បណ្ដេញ​អ្នក​ទាំងបួន​ដែល​បាន​រំខាន​ដោយ​ការចោះ​ប្រហោង​នោះ ព្រះគម្ពីរ​ប្រាប់​យើង​ថា « ព្រះយេស៊ូវ​ក៏ ឃើញ សេចក្តី​ជំនឿ​របស់​អ្នក​ទាំងនោះ » ។២៥ មនុស្ស​ដែល​បាន​ឃើញ​អព្ភូតហេតុ​នោះ គេ​កើត​មាន « សេចក្តី​អស្ចារ្យ ក៏​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ [ មក ] មនុស្ស​លោក » ។២៦

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​បញ្ចប់​ដោយ​ការសង្កេត​ចំនួន​ពីរ​បន្ថែម​ទៀត ។ មិន​ថា​យើង​ជា​អ្នកផ្សព្វផ្សាយ​សាសនា អ្នកផ្ដល់​ការងារ​បម្រើ ប្រធាន​សមាគម​សង្គ្រោះ ប៊ីស្សព គ្រូបង្រៀន ឪពុក​ម្ដាយ បងប្អូន​បង្កើត ឬ​ជា​មិត្តភក្ដិ​នោះ​ទេ យើង​ទាំងអស់​គ្នា​គឺជា​ពួកសិស្ស​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​កិច្ចការ​នៃ​ការនាំ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ។ ហេតុដូច្នេះ​ហើយ គុណសម្បត្តិ​ដែល​បាន​បង្ហាញ​ដោយ​មិត្ត​ទាំង​បួន​នាក់​គឺ​ស័ក្ដិសម​នឹង​ពិចារណា និង​ធ្វើត្រាប់​តាម ។២៧ ពួកគេ​គឺជា​មនុស្ស​ហ្មត់ចត់ ចេះ​សម្រប​ខ្លួន អត់ធន់ ច្នៃ​ប្រឌិត ចេះ​សព្វ​គ្រប់ មាន​ក្ដីសង្ឃឹម ប្ដេជ្ញា​ចិត្ត ស្មោះត្រង់ មាន​សុទិដ្ឋិនិយម បន្ទាប​ខ្លួន និង​តស៊ូ ។

លើសពី​នេះ មិត្ត​ទាំង​បួន​នេះ​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​ខាង​វិញ្ញាណ​នៃ​សហគមន៍ និង​មិត្តភាព ។២៨ ដើម្បី​នាំ​មិត្ត​របស់​ពួកគេ​ទៅកាន់​ព្រះគ្រីស្ទ ពួកគេ​ទាំង​បួន​នាក់​ត្រូវ​សែង​គ្រែ​មួយ​ជ្រុង​ម្នាក់ ។ ប្រសិនបើ​ម្នាក់​លែង​សែង នោះ​ស្ថានភាព​នឹង​កាន់តែ​ពិបាក ។ ប្រសិនបើ​ពីរនាក់​បោះបង់ នោះ​កិច្ចការ​នេះ​លែង​អាច​ធ្វើ​បាន​ដោយមាន​ប្រសិទ្ធភាព​ទៀតហើយ ។ យើង​ម្នាក់ៗ​មាន​តួនាទី​មួយ​នៅក្នុង​នគរ​ព្រះ ។២៩ នៅពេល​យើង​ធ្វើ​តាម​តួនាទី​នោះ ហើយ​ធ្វើ​ចំណែក​របស់​យើង នោះ​យើង​លើក​ជ្រុង​របស់​យើង ។ មិន​ថា​នៅក្នុង​ប្រទេស​អាហ្សង់ទីន ឬ​វៀតណាម ទីក្រុង​អាក្រា ឬ​ប្រ៊ីសបេន សាខា ឬ​វួដ ជា​គ្រួសារ ឬ​ដៃគូ​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ទេ យើង​ម្នាក់ៗ​មាន​ជ្រុង​មួយ​ដែល​ត្រូវ​លើក ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ហើយ​បើ​យើង​នឹង​ធ្វើ​វា​មែន នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើង​ទាំងអស់​គ្នា ។ បើ​ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​ជំនឿ របស់​មិត្ត​ទាំងនោះ នោះ​ទ្រង់​ក៏នឹង​ទត​ឃើញ​សេចក្ដី​ជំនឿ របស់​យើង ហើយ​ប្រទាន​ពរ​ដល់​យើង​ជា​ប្រជាជន​ផងដែរ ។

នៅ​គ្រា​ខុសៗ​គ្នា ខ្ញុំ​បាន​សែង​ជ្រុង​គ្រែ​មួយ ហើយ​នៅពេល​ខ្លះ​ទៀត​ខ្ញុំ​គឺជា​មនុស្ស​ដែល​ត្រូវបាន​គេ​សែង ។ អានុភាព​មួយ​ក្នុង​ដំណើររឿង​ដ៏អស្ចារ្យ​នេះ​អំពី​ព្រះយេស៊ូវ​គឺថា វា​រំឭក​យើង​ថា យើង​ពិត​ត្រូវការ​គ្នា​ទៅវិញ​ទៅមក​យ៉ាងខ្លាំង ក្នុង​នាម​ជា​បង​ប្អូន​ប្រុស​ស្រី ក្នុង​របៀប​ដើម្បី​មករក​ព្រះគ្រីស្ទ ហើយ​បានផ្លាស់ប្តូរ ។

ទាំងនេះ​គឺជា​ចំណុច​ពីរបី ដែល​ខ្ញុំ​បាន​រៀន​មកពី​ការចំណាយ​ពេល​ជាមួយ​ព្រះយេស៊ូវ​នៅក្នុង ម៉ាកុស ២ ។

« សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់យើង​ដើម្បី​ឲ្យ​យើង​អាច [ លើក​ជ្រុង​របស់​យើង​ឡើង ] ថា​យើង​មិន​គេចពី​កាតព្វកិច្ច ថា​យើង​មិន​ភ័យខ្លាច តែ​យើង​អាច​នឹង​រឹងមាំ​ឡើង​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង ហើយ​ប្ដេជ្ញាចិត្ត​ក្នុង​កិច្ចការ​របស់​យើង ដើម្បី​សម្រេច​ឲ្យ​បាន​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ » ។៣០

ខ្ញុំ​ធ្វើជា​សាក្សី​ថា ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ស្គាល់​ពួកយើង ហើយ​ថា​ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល កែប្រែ និង​អភ័យទោស​ឲ្យ​យើង​បាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អេវី វិលសិន ហៃរ៉ុម និង ចច ។

  2. យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment »Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣០ ។

  3. ពរជ័យ​ដែល​បាន​កំណត់​ដោយ​អែលឌើរ វ៉ឺតលីន រួមមាន​សមត្ថភាព​ស្រឡាញ់​កើនឡើង ការស្ម័គ្រចិត្ត​ដើម្បី​គោរព​ប្រតិបត្តិ​តាម និង​ឆ្លើយតប​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ និង​ទំនោរ​ចិត្ត​ដើម្បី​បន្ដ​ធ្វើល្អ​ឥត​ឈប់ឈរ ។

  4. « ដំណឹងល្អ … គឺជា​បទបង្ហាញ​ចំនួន​បួន​នៅក្រោម​ឈ្មោះ​អ្នកផ្សាយ​ដំណឹងល្អ ឬ​អ្នកសរសេរ​ដំណឹងល្អ​ផ្សេងៗ​គ្នា​ចំនួន​បួន​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយស៊ូវ និង​អំពី​ការរងទុក្ខ ការសុគត និង​ការរស់​ឡើងវិញ​របស់​ទ្រង់ » ( Anders Bergquist « Bible » នៅក្នុង John Bowden, ed. Encyclopedia of Christianity [ ឆ្នាំ ២០០៥ ] ទំព័រ ១៤១ ) ។ Bible Dictionary បន្ថែម​ថា « ពាក្យ ដំណឹងល្អ មាន​ន័យ​ថា ‹ ព័ត៌មាន​ល្អ › ។ ព័ត៌មាន​ល្អ​គឺ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ដ៏ឥតខ្ចោះ​សម្រាប់​មនុស្ស​លោក ដែល​នឹង​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់ ។ … កំណត់ត្រា​អំពី​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ និង​ព្រឹត្តិការណ៍​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការងារ​បម្រើ​របស់​ទ្រង់​ត្រូវបាន​គេ​ហៅ​ថា « ដំណឹងល្អ » ( Bible Dictionary « Gospels » ) ។ នីហ្វៃ​ទី​៣ ដែល​បាន​កត់ត្រា​ដោយ​នីហ្វៃ ដែល​ជា​ចៅប្រុស​របស់​ហេលេមិន រួមមាន​នូវ​កំណត់ត្រា​មួយ​អំពី​ការបង្ហាញ​ព្រះកាយ និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​រស់​ឡើងវិញ​នៅ​ទ្វីប​អាមេរិក ភ្លាមៗ​បន្ទាប់ពី​ការឆ្កាង​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ​ក៏អាច​ហៅថា​ជា « ដំណឹងល្អ » បាន​ដែរ ។ ដំណឹងល្អ​មាន​អានុភាព​យ៉ាងខ្លាំង ដោយសារ​វា​កត់ត្រា​ពី​ព្រឹត្តិការណ៍ និង​កាលៈទេសៈ​នានា​ដែល​ព្រះយេស៊ូវ​ផ្ទាល់​កំពុង​បង្រៀន និង​ចូលរួម​យ៉ាង​សកម្ម ។ គម្ពីរ​ទាំងនេះ​គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏សំខាន់​ដើម្បី​យល់ពី​ព្រះយេស៊ូវ ដែល​ជា​ព្រះគ្រីស្ទ ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  5. សូមមើល លូកា ១៩:១–៤; សូមមើល​ផងដែរ យ៉ាកុប ៤:១៣ ( ដែល​ពន្យល់​ថា ព្រះវិញ្ញាណ « ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ » ) និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៤ ( ដែល​ឲ្យ​និយមន័យ​សេចក្ដីពិត​ថាជា « ការចេះដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅពេល​នេះ និង​ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​នៅ​ខាងមុខ » ) ។

  6. ដូចគ្នា​ផងដែរ ប្រធាន ជេ រ៉ូប៊ីន ក្លាក បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​អំពី « ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​តាម​បុគ្គលិក​លក្ខណៈ​ពិត » ។ លោក​បាន​អញ្ជើញ​អ្នកដទៃ​ឲ្យ​រៀនពី​ដំណើររឿង​ខាង​បទគម្ពីរ​អំពី​ព្រះជន្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្យាយាម « សម្រប​តាម​ព្រះអង្គ​សង្គ្រោះ រស់នៅ​ជាមួយ​ទ្រង់ អនុញ្ញាត​ឲ្យ​ទ្រង់​ក្លាយជា​មនុស្ស​ពិត ប្រាកដ​ណាស់​ជា​ព្រះ​ពាក់​កណ្ដាល ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​ត្រូវ​រស់​រវើក​ដូចជា​មនុស្ស​រស់នៅ​នៅ​ជំនាន់​នោះ​ដែរ » ។ លើសពី​នេះ លោក​បាន​សន្យា​ថា ការខិតខំ​បែប​នេះ « នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ទស្សនៈ​មួយ​អំពី​ទ្រង់ ដូចជា​ការនៅ​ជិតស្និទ្ធ​នឹង​ទ្រង់ ដោយសារ​ខ្ញុំ​គិត​ថា អ្នក​មិន​អាច​នៅ​ស្និទ្ធិ​នឹង​ទ្រង់​តាម​របៀប​ផ្សេង​បាន​នោះ​ទេ ។ … សូម​រៀន​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ អ្វី​ដែល​ទ្រង់​បាន​ព្រះតំរិះ អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ ធ្វើ​ដូចជា​ទ្រង់​បាន​ធ្វើ ។ រស់នៅ​ដូចជា​ទ្រង់​បាន​រស់នៅ ឲ្យ​បាន​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន ។ ទ្រង់​គឺជា​មនុស្ស​ដ៏ល្អ​ឥតខ្ចោះ » ( Behold the Lamb of God [ ឆ្នាំ ១៩៦២ ] ទំព័រ ៨–១១ ) ។ សម្រាប់​ការយល់ដឹង​ទាក់ទង​ទៅ​នឹង​តម្លៃ និង​ហេតុផល​សម្រាប់​ការសិក្សា​ពី​ព្រះយេស៊ូវ​នៅក្នុង​បរិបទ​ប្រវត្តិសាស្ដ្រ សូមមើល N. T. Wright and Michael F. Bird The New Testament in Its World ( ឆ្នាំ ២០១៩ ) ទំព័រ ១៧២–៨៧ ។

  7. យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment » ទំព័រ ៣០ ។

  8. លូកា ១:៣៧ ។

  9. បន្ថែម​ពីលើ​ការពិភាក្សា​ជា​ប្រចាំ និង​ពង្រីក​ថែម​ទៀត​អំពី ម៉ាកុស ២:១–១២ ជាមួយ​នឹង​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​បេសកកម្ម ឆែក/ស្លូវ៉ាក់ ខ្ញុំ​ក៏មាន​អំណរគុណ​ចំពោះ​មេរៀន​ទាំងឡាយ​ដែល​បាន​រៀន ពេល​ពិចារណា​អំពី​បទគម្ពីរ​នេះ​ជាមួយ​នឹង​យុវជន និង​យុវនារី​នៅក្នុង​ថ្នាក់​ការរៀបចំ​ខ្លួន​ចេញ​ផ្សព្វផ្សាយ​សាសនា​នៅ​ស្ដេក សលត៍ លេក ហាយលេន ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​ទាំងឡាយ​នៅ​ស្ដេក សលត៍ លេក ផែអឺនា យ.ម.ល. ផងដែរ ។

  10. សូមមើល ម៉ាកុស ២:៦–១០ ។

  11. ម៉ាកុស ២:១១–១២ ។

  12. សូមមើល Bruce M. Metzger and Michael D. Coogan, eds. The Oxford Companion to the Bible ( ឆ្នាំ ១៩៩៨ ) ទំព័រ ១០៤; James Martin Jesus: A Pilgrimage ( ឆ្នាំ ២០១៤ ) ទំព័រ ១៨៣–៨៤ ។

  13. សូមមើល ម៉ាកុស ១:២១–៤៥ ។

  14. សូមមើល ម៉ាកុស ២:១–២ ។

  15. សូមមើល ម៉ាកុស ២:២ ។

  16. សូមមើល Metzger and Coogan, The Oxford Companion to the Bible, 104; William Barclay, The Gospel of Mark (ឆ្នាំ ២០០១), ទំព័រ ៥៣ ។

  17. សូមមើល Barclay The Gospel of Mark ទំព័រ ៥៣; សូមមើល​ផងដែរ Martin Jesus: A Pilgrimageទំព័រ ១៨៤ ។

  18. សូមមើល ម៉ាកុស ២:២, ៤; សូមមើល​ផងដែរ Barclay The Gospel of Mark ទំព័រ ៥២–៥៣ ។ Barclay ពន្យល់​ថា « ជីវិត​នៅ​ប៉ាលេស្ទីន​គឺ​បើក​ចំហរ​ជា​សាធារណៈ​ខ្លាំង ។ នៅ​ពេល​ព្រឹក ទ្វារ​ផ្ទះ​បើក​ឡើង ហើយ​អ្នកណា​ដែល​ចង់ អាច​ចេញ​ចូល​តាម​ចិត្ត ។ ទ្វារ​មិន​ដែល​បិទ​ទេ លុះត្រាតែ​នរណាម្នាក់​ចង់​មាន​ពេល​ឯកជន​ដោយ​ចេតនា ។ ទ្វារ​បើក​មាន​ន័យ​ថា ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ចូល​មក ។ នៅក្នុង [ ផ្ទះ ] អ្នកកាន់តែ​ក្រ​ខ្សត់​ដូចជា [ ផ្ទះ​ដែល​បាន​រៀបរាប់​នៅក្នុង ម៉ាកុស ២ ] នោះ​គ្មាន​សាល​ច្រកចូល​ទេ ទ្វារ​ផ្ទះ​បើក​ត្រង់ … ទៅ​ផ្លូវ​តែម្ដង ។ ដូច្នេះ មិន​យូរ​ប៉ុន្មាន ហ្វូង​មនុស្ស​បាន​អង្គុយ​ពេញ​ផ្ទះ​ទាំងមូល ហើយ​ធ្លាយ​ទៅដល់​ចិញ្ចើម​ផ្លូវ​ជុំវិញ​ទ្វារ​នោះ ហើយ​ពួកគេ​ទាំងអស់​គ្នា​អន្ទះសា​ចង់​ស្ដាប់​អ្វី​ដែល​ព្រះយេស៊ូវ​ត្រូវ​មាន​បន្ទូល » ។

  19. ម៉ាកុស ២:៣ ។

  20. សូមមើល Medical Dictionary of Health Terms រក​ពាក្យ « palsy » នៅលើ​គេហទំព័រ health.harvard.edu ។

  21. សូមមើល Martin Jesus: A Pilgrimageទំព័រ ១៨៣ ។

  22. ម៉ាកុស ២:៤ ។

  23. សូមមើល ម៉ាកុស ២:៤; សូមមើល​ផងដែរ Julie M. Smith The Gospel according to Mark ( ឆ្នាំ ២០១៨ ) ទំព័រ ១៥៥–៧១ ។

  24. សូមមើល ម៉ាកុស ២:៥–១២ ។

  25. ម៉ាកុស ២:៥; បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  26. ម៉ាថាយ ៩:៨; សូមមើល​ផងដែរ ម៉ាកុស ២:១២; លូកា ៥:២៦ ។

  27. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:៣ ពន្យល់​ថា អ្នកបម្រើ​របស់​ព្រះអម្ចាស់ « ត្រូវបាន​ពរ ដ្បិត​ទីបន្ទាល់​ដែល​អ្នករាល់គ្នា​បាន​ថ្លែង នោះ​ត្រូវបាន​កត់ទុក​នៅលើ​ស្ថានសួគ៌ … ហើយ​អំពើបាប​ទាំងឡាយ​របស់​អ្នក ត្រូវបាន​អត់ទោស​ឲ្យ​ហើយ » ។

  28. សូមមើល អិម រ័សុល បាឡឺដ « Hope in Christ » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៥–៥៦ ។ ប្រធាន បាឡឺដ កត់​ចំណាំ​ថា « អារម្មណ៍​ចុះ​ចំណោម​គេ » គឺ​សំខាន់​ទាំង​សម្រាប់​សុខភាព​ផ្លូវកាយ និង​សុខភាព​ខាង​វិញ្ញាណ ហើយ​លោក​បាន​សង្កេត​ឃើញ​ថា « សមាជិក​គ្រប់រូប​ក្នុង​កូរ៉ុម អង្គការ វួដ និង​ស្ដេក​របស់​យើង​មាន​អំណោយទាន និង​ទេពកោសល្យ​មកពី​ព្រះ ដែល​អាច​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​បាន​នាពេល​នេះ » ។ សូមមើល​ផងដែរ David F. Holland, Moroni: A Brief Theological Introduction ( ឆ្នាំ ២០២០ ) ទំព័រ ៦១–៦៥ ។ Holland ពិភាក្សា​អំពី មរ៉ូណៃ ៦ និង​របៀប​ដែល​ការចូលរួម និង​មិត្តភាព​នៅក្នុង​សហគមន៍​សេចក្ដី​ជំនឿ ជួយ​សម្រប​សម្រួល​ដល់​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ដែល​ចង​យើង​ទៅនឹង​ស្ថានសួគ៌​បាន​កាន់តែ​ជិតដិត​ជាងមុន ។

  29. សូម​មើល ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៦ ។ អែលឌើរ អុជដូហ្វ ពន្យល់​ថា « គ្មាន​ពួកយើង​ណាម្នាក់​អាច ឬ​គួរតែ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​តែម្នាក់​ឯង​នោះ​ទេ ។ ប៉ុន្ដែ​ប្រសិនបើ​យើង​ទាំងអស់​គ្នា​ឈរ​នៅជិត​គ្នា​នៅ​កន្លែង​ដែល​ព្រះអម្ចាស់​បាន​តែងតាំង ហើយ​លើកស្ទួយ​នៅ​កន្លែង​ដែល​យើង​ឈរ​នោះ គ្មាន​អ្វី​អាច​រារាំង​កិច្ចការ​ដ៏ទេវភាព​នេះ​ពី​ការឆ្ពោះ​ទៅមុខ ហើយ​ទៅលើ​នោះ​ទេ » ។ សូមមើល​ផងដែរ ហុង ឈី ( សាំ ) វ៉ុង « Rescue in UnityLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៥ ។ អែលឌើរ វ៉ុង យោង​ទៅ ម៉ាកុស ២:១–៥ ហើយ​បង្រៀន​ថា « ដើម្បី​ជួយ​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដោយ​សាមគ្គីភាព និង​ភាពសុខដុម ។ មនុស្ស​គ្រប់រូប គ្រប់​មុខងារ និង​ការហៅ​បម្រើ​គឺជា​កត្តា​ដ៏​សំខាន់ » ។

  30. អូស្ការ ដបុលយូ ម៉ាក់ខនឃី នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៥២ ទំព័រ ៥៧ ។