សន្និសីទទូទៅ
ចូរ​ឲ្យ​ការធ្វើ​អំពើ​ល្អ​ជា​រឿង​ធម្មតា​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ចូរ​ឲ្យ​ការធ្វើ​អំពើ​ល្អ​ជា​រឿង​ធម្មតា​របស់​យើង

បើ​យើង​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​នៅ​ក្នុង​ការធ្វើ​អំពើល្អ នោះ​ទំនៀម​ទម្លាប់​របស់​យើង​នឹង​ជួយ​យើង​ឲ្យ​បន្ត​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ខ្ញុំ​តែង​មាន​អំណរគុណ​ចំពោះ​ការចាត់តាំង​នៅ​ក្នុង​សាសនាចក្រ ដែល​ខ្ញុំ​មាន​ឱកាស​រស់នៅ​ក្នុង​ប្រទេស​ផ្សេងៗ ។ យើង​ឃើញ​នៅ​ក្នុង​ប្រទេស​នីមួយៗ មាន​មនុស្ស​ចម្រុះគ្នា​ដ៏​អស្ចារ្យ​ជាច្រើន ដែល​មាន​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ខុសៗ​គ្នា ។

យើង​ទាំងអស់​គ្នា​មាន​ទំនៀមទម្លាប់ និងប្រពៃណី ផ្ទាល់ខ្លួន មកពី​គ្រួសារ ឬ​សហគមន៍​ដែល​យើង​រស់នៅ ហើយ​យើង​សង្ឃឹម​ថា អាច​រក្សា​ទំនៀមទម្លាប់ និងប្រពៃណី​ស្របនឹង​គោលការណ៍​នៃ​ដំណឹងល្អ ។ ការស្អាង​ទំនៀមទម្លាប់ និង​ប្រពៃណីឡើង គឺ​ជា​ការ​ខិតខំ​គោល​របស់​យើង ដើម្បីបន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ឯ​ទំនៀមទម្លាប់ និង​ប្រពៃណី​ណា​ដែល​ជា​ឧបសគ្គ យើង​គួរតែ​លះបង់​ចោល ។

ទំនៀម​ទម្លាប់​គឺជា​ការអនុវត្ត ឬ​របៀប​នៃ​ការគិត​ជាញឹកញាប់ និង​ជា​ទម្លាប់​របស់​មនុស្ស​ម្នាក់ វប្បធម៌​មួយ ឬ​ប្រពៃណី​មួយ ។ ជាញឹកញាប់ អ្វីៗ​ដែល​យើង​គិត និង​ធ្វើតាម​របៀប​ដែល​ជា​ទម្លាប់​មួយ នោះ​យើង​ទទួល​ស្គាល់​ថា​វា​ជា រឿងធម្មតា ។

សូម​ឲ្យ​ខ្ញុំ​បង្ហាញ​រឿងនេះ ៖ ផាទ្រីស្សា ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ចូលចិត្ត​ផឹក​ទឹក​ដូង ហើយ​បន្ទាប់មក​ញ៉ាំ​សាច់​ដូង ។ អំឡុង​ទស្សនកិច្ច​ដំបូង​របស់​យើង​ទៅកាន់​ទីក្រុង ភួយប្លា ប្រទេស ម៉ិកស៊ិក យើង​បាន​ទៅ​ទិញ​ដូង​នៅ​កន្លែង​មួយ ។ បន្ទាប់​ពី​ផឹក​ទឹក​អស់​ហើយ ភរិយា​ខ្ញុំ​បាន​សុំ​ពួកគេ​ឲ្យ​កាប់ដូង​នោះ ហើយ​យក​សាច់​មក​ឲ្យ​គាត់​ញ៉ាំ ។ ពេល​គេ​យក​សាច់​ដូង​មក វា​មាន​ពណ៌​ក្រហម​ព្រឿងៗ ។ ពួកគេ​បាន​រោយ​ម្ទេស​លើ​វា ! សាច់​ដូង​ផ្អែម​លាយ​ម្ទេស ! វា​ចម្លែក​ណាស់​សម្រាប់​យើង ។ ប៉ុន្តែ​ក្រោយ​មក​យើង​បាន​ដឹង​ថា អ្នក​ដែល​ចម្លែក​នោះ​គឺជា​ប្រពន្ធខ្ញុំ និង​ខ្ញុំ​ទៅ​វិញ​ទេ ដែល​មិន​ញ៉ាំ​សាច់​ដូង​ជាមួយ​ម្ទេស​នោះ ។ តែ​នៅក្នុង​ប្រទេស ម៉ិកស៊ិក វា​ពុំ​ចម្លែក​ទេ វា​ជា​រឿង​ធម្មតា​ណាស់ ។

ក្នុង​ឱកាស​មួយ​ទៀត យើង​កំពុង​ទទួល​ទាន​អាហារ​នៅ​ប្រទេស ប្រេស៊ីល ជាមួយ​មិត្តភក្ដិ ពួកគេ​បាន​ឲ្យ​ផ្លែប័រ​មក​ឲ្យ​យើង​ញ៉ាំ ។ ពេល​យើង​ហៀបនឹង​រោយ​អំបិល​លើ​វា មិត្ត​យើង​បាន​និយាយ « តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង ? យើង​បាន​ដាក់​ស្ករ​លើ​ផ្លែប័រ​នោះ​រួច​ហើយ ! » ផ្លែប័រ​ជាមួយ​ស្ករ ! វា​ចម្លែក​ណាស់​សម្រាប់​យើង ។ ប៉ុន្តែ​ក្រោយមក​យើង​បាន​ដឹង​ថា អ្នក​ដែល​ចម្លែក​នោះ​គឺ​ជា​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​ទៅ​វិញ​ទេ ដែល​មិន​ញ៉ាំ​ផ្លែប័រ​ជាមួយ​ស្ករ​នោះ ។ នៅ​ក្នុង​ប្រទេស ប្រស៊ីល ផ្លែប័រ​ជាមួយ​ស្ករ​គឺជា​រឿង​ធម្មតា ។

អ្វី​ដែល​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ខ្លះ អាច​ជារឿង​ចម្លែក​សម្រាប់​អ្នក​ផ្សេង​ទៀត អាស្រ័យ​ទៅលើ​ប្រពៃណី និងទំនៀម​ទម្លាប់​របស់​ពួកគេ ។

តើ​ប្រពៃណី និងទំនៀម​ទម្លាប់​ណា​ដែល​ជា​រឿង​ធម្មតា​ក្នុង​ជីវិត​យើង ?

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « សព្វ​ថ្ងៃនេះ យើង​ស្ដាប់​ឮ​ជា​ញឹកញាប់​អំពី ‹ ស្ថានភាព​ធម្មតា​ថ្មី › ។ បើ​បងប្អូន​ពិតជា​ចង់​ឱប​ក្រសោប​ស្ថានភាព​ធម្មតា​ថ្មី ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្វែរ​ដួងចិត្ត គំនិត និង​ព្រលឹង​កាន់តែ​ខ្លាំង​ទៅ​រក​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​ការណ៍​នោះ​គឺជា​ស្ថាន​ភាព​ធម្មតា​ថ្មី » របស់​បងប្អូន(“A New Normal » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៨ ) ។

ការអញ្ជើញនេះ​គឺ​សម្រាប់​មនុស្ស​គ្រប់រូប ។ មិនថា​យើងក្រ ឬមាន មាន​ការ​អប់រំ ឬ​ខ្វះ​ការ​អប់រំ ចាស់ ឬក្មេង ឈឺ ឬសុខភាព​ល្អ​នោះទេ ។ លោក​អញ្ជើញ​យើង​ឲ្យ​ប្រែ « រឿងធម្មតា » ទាំងឡាយ​នៅក្នុង​ជីវិត​យើង ក្លាយ​ជា​អ្វី​ដែល​នឹង​ជួយ​យើង​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

គ្មាន​ប្រទេស​ណា​មួយ​ដែល​មាន​អ្វី​ដែល​ល្អ និង​គួរ​ឲ្យ​សរសើរ​ទាំង​ព្រម​នោះ​ទេ ។ ដូច ដែល ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖

« បើសិន​ជា​មាន​អ្វី​ណា​មួយ ដែល ប្រកប ដោយ គុណធម៌ គួរ ស្រឡាញ់ ឬ ឈ្មោះ ល្អ ឬ ក៏ គួរ ឲ្យ សរសើរ នោះ យើង ខ្ញុំ ស្វែង រក របស់ ផង ទាំង នោះ ហើយ » ( មាត្រា នៃ សេចក្តី ជំនឿ ១:១៣ ) ។

« បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ » ( ភីលីព ៤:៨ ) ។

សូម​កត់ចំណាំ​ថា នេះជា​ការ​ដាស់តឿន ពុំ​មែន​គ្រាន់តែ​ជា​ការ​អត្ថាធិប្បាយ​នោះ​ទេ ។

ខ្ញុំ​សូម​ឲ្យ​យើង​ចំណាយ​ពេល​មួយ​សន្ទុះ​សញ្ជឹង​គិត​អំពី​ប្រពៃណី​យើង និង​របៀប​ដែល​ប្រពៃណី​ទាំងនោះ​ជះ​ឥទ្ធិពល​លើ​គ្រួសារ​យើង ។

ក្នុង​ចំណោម​ទម្លាប់​ដ៏​អស្ចារ្យ​ដែល​គួរតែ​ជារឿង​ធម្មតា​សម្រាប់​សមាជិក​សាសនាចក្រ គឺ​មាន​ចំនួន​បួន ៖

  1. ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ ។ ដើម្បី​មាន​ការប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​ម្នាក់ៗ​មាន​ការទទួល​ខុសត្រូវ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ ។ ឪពុកម្តាយ​ទទួល​ខុសត្រូវ​លើ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន ( សូមមើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥; ៩៣:៤០ ) ។

  2. ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។ ព្រះអង្គ​សង្គ្រោះ​បញ្ជា​យើង​ឲ្យ​អធិស្ឋាន​ជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៨ ) ។ ការអធិស្ឋាន​អនុញ្ញាត​ឲ្យ​យើងប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង នៅក្នុង​ព្រះនាម​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

  3. ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ ( សូមមើល នីហ្វៃទី៣ ១៨:១–១២; មរ៉ូណៃ ៦:៥–៦ ) ។ យើង​ធ្វើ​ដូច្នោះ ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ កាលដែល​យើង​ទទួលទាន​សាក្រាម៉ង់ ។ នៅក្នុង​ពិធីបរិសុទ្ធ​នេះ សមាជិក​សាសនាចក្រ​រំឭក​សេចក្ដីសញ្ញា​ជា​ថ្មី អំពី​ការលើក​មក​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ចងចាំ​ទ្រង់​ជានិច្ច និង​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ) ។

  4. ការចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ឲ្យ​បាន​ញឹកញាប់ ។ កិច្ចការ​នេះ​គឺ​ជា​មធ្យោបាយ​ដើម្បី​បង្រួប​បង្រួម និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៥ ) ។

តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើងស្ដាប់​ឮអំ​ពី​ទម្លាប់​ទាំង​បួន​នេះ ? តើ​វា​មាន​ចំណែក​ក្នុង​ជីវិត​ធម្មតា​របស់​យើង​ដែរ​ឬទេ ?

មាន​ទំនៀម​ទម្លាប់​ជាច្រើន​ទៀត ដែល​មាន​ចំណែក​នៃ​ភាពធម្មតា ដែល​យើង​បាន​ទទួល​យក ហេតុដូច្នេះ ចូរ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង​ចុះ ។

តើ​យើង​អាច​កំណត់​ថា​អ្វីខ្លះ​នឹង​ជារឿង​ធម្មតា​នៅក្នុង​ជីវិត​យើង និង​ក្នុង​គ្រួសារ​ដោយ​របៀប​ណា ? ក្នុង​ព្រះគម្ពីរ យើង​ឃើញ​មាន​គំរូ​ដ៏​អស្ចារ្យ​មួយ នៅក្នុង ម៉ូសាយ ៥:១៥ដែល​ចែង​ថា « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ចិត្ត​ឲ្យ​ខ្ជាប់ខ្ជួន ហើយ​នឹងន គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ល្អ​ជានិច្ច » ។

ខ្ញុំ​ស្រឡាញ់​ពាក្យ​ទាំងនេះ​ណាស់ ដោយសារ​យើង​ដឹង​ថា រឿង​ទាំងឡាយ​ដែល​ក្លាយ​ជា​រឿង​ធម្មតា​នៅក្នុង​ជីវិត​យើង គឺ​ជា​រឿង​ទាំងឡាយ​ដែល​យើង​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត ។ បើ​យើង​ខ្ជាប់ខ្ជួន ហើយ​នឹងន​នៅក្នុង​ការធ្វើ​អំពើល្អ នោះ​ទំនៀមទម្លាប់​របស់យើង​នឹង​ស្របទៅនឹង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​វា​នឹង​ជួយ​យើង​ឲ្យ​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ប្រធាន ណិលសុន ក៏​បាន​ផ្ដល់​ដំបូន្មាន​ផងដែរ​ថា « ឱប​ក្រសោប​យក​ភាពធម្មតា​ថ្មី​របស់​បងប្អូន​ដោយ​ការប្រែចិត្ត​ជា​ប្រចាំ​ថ្ងៃ ។ សូម​ព្យាយាម​បង្កើន​បរិសុទ្ធភាព​នៅក្នុង​គំនិត ពាក្យសម្ដី និងទង្វើ ។ ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ ។ រក្សា​ទស្សនៈវិស័យ​អស់​កល្បជានិច្ច ។ តម្កើង​ការហៅ​របស់​បងប្អូន ។ ហើយ​មិន​ថា​ឧបសគ្គ​ជា​យ៉ាងណា​ទេ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ខ្ញុំ​អើយ សូម​បងប្អូន​រស់នៅ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ឲ្យ បងប្អូនកាន់តែ​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួប​នឹង​អង្គ​បង្កបង្កើត​របស់​បងប្អូន » ( « A New Normal » ទំព័រ ១១៨ ) ។

ឥឡូវ​នេះ វា​មិន​ចម្លែក​​សម្រាប់​ភរិយា​ខ្ញុំ ផាទ្រីស្សា ឬ​​ខ្ញុំ ក្នុង​ការញ៉ាំ​សាច់​ដូង​ជាមួយនឹង​ម្ទេស និង​ផ្លែ​ប័រ​ជាមួយ​ស្ករ​នោះទេ—តាមពិត​ទៅ យើង​ចូលចិត្ត​វា ។ ទោះ​ជា​យ៉ាង​ណា ភាពតម្កើង​ឡើង​គឺ​សំខាន់​ខាង​វិញ្ញាណ​ជាង​ការដឹង​ពីរសជាតិ វា​ជា​ប្រធានបទ​មួយ​ដែល​ទាក់ទង​នឹង​ភាពអស់កល្ប​ជានិច្ច ។

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ភាពធម្មតា​របស់​យើង​អាច​អនុញ្ញាត​ឲ្យ​យើង​ដកពិសោធ​ស្ថានភាព « សុភមង្គល​ដ៏​មិន​ចេះចប់​មិន​ចេះ​ហើយ » ដែល​ត្រូវបាន​សន្យា​ដល់​អស់​អ្នក​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ( ម៉ូសាយ ២:៤១ )​ពេល​ធ្វើ​ដូច្នោះ យើង​អាច​និយាយ​ថា « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​រស់នៅ​តាម​របៀប​នៃ​សុភមង្គល » ( នីហ្វៃទី២ ៥:២៧ ) ។

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​បុរស​ទាំង ១៥ នាក់ ដែល​យើង​គាំទ្រ គឺ​ជា​ព្យាការី អ្នកមើល​ឆុត និង​អ្នក​ទទួល​វិវរណៈ រួម​ទាំង​ព្យាការី​ជាទីស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ពិត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជា​ពិសេស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕