សន្និសីទទូទៅ
ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់

ភាព​ល្អ​ឥត​ខ្ចោះ​របស់​យើង​អាច​កើត​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះចេស្ដា​ដើម្បី​សង្គ្រោះ និង​ផ្លាស់ប្ដូរ​យើង ។ ទ្រង់​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់​ទាំង​ទ្វេ ។

កាល​ពី​ពីរបី​ឆ្នាំ​មុន អើរ៉ុន ចៅប្រុសវ័យក្មេង​ម្នាក់​របស់​យើង បាន​ចាប់ផ្ដើម​មាន​បញ្ហា​សុខភាព ។ គាត់​អស់​កម្លាំង ហើយ​មាន​ស្នាម​ជាំ​ខ្លះៗ មើល​ទៅ​ពុំមាន​សុខភាព​ល្អ​នោះ​ទេ ។ បន្ទាប់​ពី​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ គាត់​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​កង្វះ​កោសិកា​ឈាម​ដ៏​ធ្ងន់ធ្ងរ ជា​ជំងឺ​មួយ​ដែល​ខួរ​ឆ្អឹង​របស់​គាត់​ឈប់​បង្កើត​កោសិកា​ឈាម​ក្រហម ឈាម​ស និង​ផ្លាកែត ។ បើ​គ្មាន​ការព្យាបាលឲ្យ​ជា​សះស្បើយ​ទេ នោះ​ឈាម​របស់​គាត់​ពុំ​កក​បាន​ត្រឹមត្រូវ ឬ​អាច​ប្រឆាំង​នឹង​ការឆ្លង​មេរោគ​ផ្សេងៗបាន​ឡើយ—ដូច្នេះ​សូម្បី​តែ​ការដួល របួស ឬ​ការឈឺ​បន្ដិច​បន្តួច ក៏​អាច​ក្លាយ​ជា​ការគំរាម​កំហែង​ដល់​អាយុ​ជីវិត​មួយ​រំពេច​បានផងដែរ ។

អើរ៉ុន​បាន​ទទួល​គ្រាប់ឈាម​ផ្លាកែត និង​ការបញ្ចូល​ឈាម​ជា​ប្រចាំ​អស់​មួយ​រយៈ ដើម្បី​កុំ​ឲ្យ​គាត់​មាន​គ្រោះថ្នាក់ ។ ក្រុម​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ការព្យាបាល​តែ​មួយ​គត់​ដើម្បី​ឲ្យ​ជំងឺ​នេះ​បាន​ជា គឺ​ការប្ដូរ​ខួរ​ឆ្អឹង ហើយ​ឱកាស​ទទួល​ជោគជ័យ​ល្អបំផុត គឺ​ត្រូវមាន​បងប្អូន​បង្កើត​ណាម្នាក់​ជា​អ្នក​ផ្ដល់​ខួរ​ឆ្អឹង​ឲ្យ ។ បើ​បងប្អូន​បង្កើតណា​ម្នាក់​របស់​គាត់​មានភាពត្រូវគ្នា​ល្អ​ នោះ​លទ្ធផល​នៃ​ការប្តូរ​ខួរឆ្អឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន ។ គេ​បាន​ពិនិត្យ​ប្អូនប្រុស​ទាំង​បួន​នាក់​របស់គាត់ ហើយ​មាន​ប្អូនប្រុស​ម្នាក់ ឈ្មោះ​ម៉ាក់ស៍វ៉ែល ដែលត្រូវគ្នាយ៉ាង​ឥត​ខ្ចោះ ។

ទោះបី​ជា​មាន​ភាពត្រូវគ្នា​យ៉ាងឥតខ្ចោះ​ក្តី ក៏​ការប្ដូរ​ខួរ​ឆ្អឹង​នៅ​តែ​ជា​ហានិភ័យ​​ធ្ងន់ធ្ងរ​មួយ​ដែរ ។ ដំណើរការ​នោះ​តម្រូវ​ឲ្យ​កោសិកា​ខួរ​ឆ្អឹង​របស់​អើរ៉ុន​ដែល​មាន​ជំងឺ​នោះ​ត្រូវ​បំផ្លាញ​ដោយ​ការព្យាបាល​ប្រើ​គីមី និង​វិទ្យុសកម្ម​រួម​គ្នា មុន​ពេល​ទទួល​កោសិកាមេ​ពី​ខួរ​ឆ្អឹង​របស់​ប្អូនប្រុស​របស់​គាត់ ម៉ាក់ស៍វ៉ែល ។ តែ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អើរ៉ុន​ចុះ​ខ្សោយ គាត់​ត្រូវ​ដាក់​ឲ្យ​នៅ​តែ​ឯង​ក្នុង​មន្ទីរពេទ្យ​ចំនួន​បីបួន​សប្ដាហ៍ ហើយ​ក្រោយ​មក​នៅ​ផ្ទះ​បីបួន​ខែ​ទៀត ដោយ​មាន​ការព្យាបាល ការដាក់​កំហិត និង​ការផ្ដល់​ថ្នាំ​ជា​ពិសេស ។

លទ្ធផល​ដែល​រំពឹង​ទុក​ពី​ការប្ដូរ​ខួរ​ឆ្អឹង គឺ​ថា​រាងកាយ​របស់​អើរ៉ុន​ពុំ​បាន​បដិសេធ​កោសិកា​របស់​អ្នក​បរិច្ចាគ​ទេ ហើយ​កោសិកា​របស់​ម៉ាក់ស៍វ៉ែល​បាន​បង្កើត​កោសិកា​ឈាម​ក្រហម និង​ឈាម​ស ព្រមទាំង​​ផ្លាកែត​ដែល​រាងកាយ​របស់​អើរ៉ុន​ត្រូវការ ។ ការប្តូរ​ខួរឆ្អឹង​របស់​អ្នកបរិច្ចាគ​ដ៏​ជោគជ័យ​មួយ​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​សរីរវិទ្យា​ពិត​ប្រាកដ​មួយ ។ អស្ចារ្យ​ណាស់ វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​អើរ៉ុន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មួយ ហើយ​បាន​បន្សល់​ទុក​ឈាម​នៅ​កន្លែង​កើត​ហេតុ នោះ​ប៉ូលីស​អាច​ចាប់​ប្អូន​ប្រុស​របស់​គាត់​ម៉ាក់ស៍វ៉ែល​វិញ ។ នេះ​ដោយសារ​តែ​ឈាម​របស់​អើរ៉ុន​នឹង​បាន​មក​ពី​កោសិកា​ដែល​ប្ដូរ​មក​ឲ្យ​ពី​ម៉ាក់ស៍វ៉ែល ហើយ​មាន DNA របស់​ម៉ាក់ស៍វ៉ែល ហើយ​នេះ​ជា​ករណី​ដែល​នឹង​មាន​អស់​មួយ​ជីវិត​គាត់ ។

ដោយ​បាន​សង្គ្រោះ​ដោយ​ឈាម​របស់​ប្អូនប្រុស​គាត់ នោះ​អើរ៉ុន​បាន​គិត​យ៉ាង​ច្រើន​អំពី​ព្រះលោហិត​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ទ្រង់​ចំពោះ​យើង ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្ដោត​លើ​ការផ្លាស់ប្ដូរ​ជីវិត​ជា​អចិន្ត្រៃយ៍​ដែល​បាន​កើតឡើង នៅពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ធ្វើ​អព្ភូតហេតុ​នៅក្នុង​ជីវិត​យើង ។

អើរ៉ុន​ពុំ​មាន​អំណាច​នៅ​ក្នុង​ខ្លួន ដើម្បី​យក​ឈ្នះ​លើ​ជំងឺ​នោះ​ឡើយ ។ រាងកាយ​របស់​គាត់​ពុំ​អាច​បង្កើត​កោសិកា​ឈាម​ដែល​ត្រូវការ​ដើម្បី​ទ្រទ្រង់​ជីវិត​គាត់​នោះ​ទេ ។ មិន​ថា​គាត់​បាន​ធ្វើ​អ្វី​នោះ​ទេ គាត់​មិន​អាច​ធ្វើ​ឲ្យ​ខួរឆ្អឹង​របស់​គាត់​បាន​ជា​សះស្បើយ​ឡើយ ។ ដូច​ជា​អើរ៉ុន​ដែល​ពុំ​អាច​ព្យាបាល​ខ្លួន​ឯង យើង​ក៏​មិន​អាច​សង្គ្រោះ​ខ្លួនឯង​បាន​ដែរ ។ មិន​ថា​យើង​មាន​សមត្ថភាព ការអប់រំ ពូកែ ឬ​រឹងមាំ​យ៉ាង​ណា​ក្ដី យើង​ក៏​មិន​អាច​លាង​សម្អាត​ខ្លួនឯង​ពី​អំពើបាប ផ្លាស់ប្ដូរ​រាងកាយ​យើង​ទៅ​ជា​ស្ថានភាព​អមតៈ ឬ​តម្កើង​ខ្លួន​ឯង​ឡើង​បាន​ឡើយ ។ វា​អាច​កើតឡើង​បាន​តែ​តាមរយៈ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​ដ៏​និរន្តរ៍​របស់​ទ្រង់​ប៉ុណ្ណោះ ។ « គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ » ។ គឺ​ព្រះលោហិត​ដ៏​ធួន​របស់​ទ្រង់​ដែល​សម្អាត​យើង និង​ញែក​យើង​ជា​បរិសុទ្ធ ។

ទោះ​អើរ៉ុន​មិន​អាច​ព្យាបាល​ខ្លួនឯង​បាន​ក៏​ដោយ ដើម្បី​ឲ្យ​ការប្តូរ​សរីរាង្គ​បាន​ជោគជ័យ នោះ​គាត់​ត្រូវតែ​មាន​ឆន្ទៈ​ធ្វើ​ដូច​ដែល​គ្រូពេទ្យ​បាន​សុំ— សូម្បី​តែ​រឿង​លំបាក និង​លំបាក​ខ្លាំង​ក៏​ដោយ ។ ទោះបី​ជា​យើង​មិន​អាច​សង្គ្រោះ​ខ្លួនឯង​​ក៏​ដោយ ពេល​យើង​ចុះចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ហើយ​រក្សា​សេចក្ដី​សញ្ញា​ខ្លួន នោះ​ផ្លូវ​នឹង​បើកឡើង​សម្រាប់​សេចក្ដី​ប្រោសលោះ​របស់​យើង ។ ដូច​ជា​ដំណើរការ​ដ៏​អស្ចារ្យ​នៃ​ការផ្លាស់ប្ដូរ​កោសិកា​ឈាម​នៃ DNA របស់​អើរ៉ុន​ដែរ យើង​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ទទួល​ព្រះភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​យើង និង​ក្លាយ​ទៅ​ជា​សត្វ​លោក​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ ។

អាលម៉ា​បាន​រំឭក​ប្រជាជន​នៅ​សារ៉ាហិមឡា អំពី​ជំនាន់​ពីមុន​ដែល​បាន​ផ្លាស់ប្រែចិត្ត​ជឿ ។ ដោយ​និយាយ​ដល់​ឪពុក​របស់​លោក អាលម៉ា​បាន​ពន្យល់​ថា « ហើយ​ដោយសារ​សេចក្ដី​ជំនឿ​របស់​លោក ទើប​មាន​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​ដួង​ចិត្ត​លោក » ។ បន្ទាប់​មក​លោក​បាន​សួរ​ថា « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? » ពុំមែន​ប្រជាជន​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ​ផ្ទាល់​នោះទេ ។ ព្រះអម្ចាស់​បាន​ធ្វើ​ការផ្លាស់ប្តូរ​ដ៏​ពិត​នោះ ។ អាលម៉ា​បាន​ប្រាប់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « មើល​ចុះ ទ្រង់​បាន​កែប្រែ​ចិត្ត​របស់​គេ » ។១០ ពួកគេ « បាន​បន្ទាប​ខ្លួន ហើយ​បាន​ដាក់ទី​ទុកចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះជន្ម​រស់នៅ … [ ហើយ ] មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់ទីបំផុត [ ហើយ ] បាន​សង្គ្រោះ » ។១១ ប្រជាជន​មាន​ឆន្ទៈ​បើក​ដួងចិត្ត និង​អនុវត្ត​សេចក្ដី​ជំនឿ បន្ទាប់​មក​ព្រះអម្ចាស់​បាន​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគេ ។ ហើយ​នោះ​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ ! សូម​គិត​អំពី​ភាពខុសគ្នា​ក្នុង​ជីវិត​របស់​បុរស​ទាំងពីរ​នាក់​នេះ ដែល​មាន​ឈ្មោះ​ថា អាលម៉ា មុនពេល និង​ក្រោយពេល​ដែល​ដួងចិត្ត​របស់​លោក​ត្រូវបាន​ផ្លាស់ប្ដូរ ។១២

យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​ដែល​មាន​ជោគវាសនា​ដ៏​វិសេស​វិសាល ។ យើង​អាច​ត្រូវបាន​ផ្លាស់ប្ដូរ ដើម្បី​ប្រែក្លាយ​ដូច​ជា​ទ្រង់ និង​មាន « ភាព​ពោរពេញ​នៃ​សេចក្ដី​អំណរ » ។១៣ ផ្ទុយ​ទៅវិញ សាតាំង ចង់​ឲ្យ​យើង​មាន​ទុក្ខវេទនា​ដូច​ជា​វា​ដែរ ។១៤ យើង​មាន​សមត្ថភាព​ដើម្បី​ជ្រើសរើស​ថាយើង​ធ្វើតាម​នរណា ។១៥ ពេល​យើង​ធ្វើ​តាម​សាតាំង យើង​ផ្ដល់​អំណាច​ឲ្យ​វា ។១៦ ពេល​យើង​ធ្វើ​តាម​ព្រះ ទ្រង់​ប្រទាន​អំណាច​ដល់​យើង ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា យើង​គួរតែ « បាន​ល្អ​ឥត​ខ្ចោះ » ។១៧ ការណ៍នេះ​អាច​មើល​ទៅ​គួរ​ឲ្យ​ខ្លាចណាស់។ ខ្ញុំ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​មិន​គ្រប់គ្រាន់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​យ៉ាង​ឈឺ​ចាប់​អំពី​រយៈចម្ងាយ​រវាង​ខ្ញុំ និង​ភាពល្អឥតខ្ចោះ។ យើង​អាច​មាន​ទំនោរ​ក្នុង​ការគិត​ថា យើង​ត្រូវតែ​ធ្វើ​ឲ្យ​ខ្លួន​យើង​បាន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ ។ ការធ្វើ​តាម​គ្រប់​យោបល់​នៅក្នុង​សៀវភៅ​ជួយ​ខ្លួន​ឯង​នៅក្នុង​ពិភពលោក​នេះ នឹង​មិន​ធ្វើ​ឲ្យ​មាន​ភាពល្អ​ឥតខ្ចោះ​កើត​ឡើង​បាន​ឡើយ ។ មាន​ផ្លូវ និង​ព្រះនាម​តែ​មួយ​គត់ ដែល​នាំ​មក​នូវ​ភាពល្អ​ឥត​ខ្ចោះ​បាន ។ យើង​ត្រូវ « បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះយេស៊ូវ​ដ៏​ជា​អ្នក​កណ្ដាល​នៃសេចក្ដី​សញ្ញា​ថ្មី ដែល​បាន​នាំ​មក​នូវ​ដង្វាយធួន​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ តាម​រយៈ​ការច្រួច​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់ » ។១៨ ភាព​ល្អ​ឥត​ខ្ចោះ​របស់​យើង​អាច​កើត​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​តែ​ប៉ុណ្ណោះ ។

តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ទេ​ថា វា​គួរឲ្យ​សន្ធប់​ចិត្ត​យ៉ាង​ណា​ចំពោះ​ចៅប្រុស​តូច​របស់​យើង អើរ៉ុន ដោយសន្មត់​ថា គាត់​ត្រូវតែ​យល់ និង​ត្រូវ​ធ្វើ​តាម​គ្រប់​ទម្រង់ការ​វេជ្ជសាស្ត្រ​ដែល​ទាក់ទង​នឹង​ការប្ដូរ​ខួរ​ឆ្អឹង​របស់​គាត់​ដោយ​ខ្លួន​ឯង​នោះ ? យើង​​មិនគួរ​សន្មត់​ថា ​យើង​ត្រូវ​ធ្វើ​អ្វី​ដែល​មាន​តែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​ក្នុង​ដំណើរ​ការ​អព្ភូតហេតុ​នៃ​ភាព​ឥតខ្ចោះ​របស់​យើង។

កាល​ដែល​មរ៉ូណៃ​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក លោក​បាន​បង្រៀន​ថា « មែន​ហើយ ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បានល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ … ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយសារ​ព្រះគុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។១៩ នោះ​ជា​សេចក្ដី​ពិត​ដ៏​លួងលោម​ចិត្ត និង​មាន​ឥទ្ធិពល​ណាស់ ! ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​ខ្ញុំ ។ ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​បងប្អូន ។ ព្រះគុណ​របស់​ទ្រង់​មាន​គ្រប់គ្រាន់​ដល់​មនុស្ស​ទាំង​អស់ « ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់ » ។២០

ជាមួយ​នឹង​ការព្យាបាល​ខាង​វេជ្ជសាស្ត្រ​ដូច​ជា​អើរ៉ុន គឺ​តែងតែ​មាន​លទ្ធផល​មិន​ប្រាកដ​ប្រជា​ខ្លះៗ​កើត​មាន ។ តាមពិត​ទៅ អើរ៉ុន​ត្រូវការ​ការប្ដូរ​ខួរឆ្អឹង​ជា​លើក​ទីពីរ ពេល​ដែល​លើក​ទីមួយ​បាន​មាន​បញ្ហា ។ ជា​សំណាង​ល្អ ជាមួយ​នឹង​ការផ្លាស់ប្តូរ​ដួងចិត្ត​ខាង​វិញ្ញាណ យើង​មិន​ចាំបាច់​ឆ្ងល់​ថា​តើ​វា​នឹង​កើត​ឡើង​ឬ​អត់​នោះទេ ។ ពេល​យើង​រស់នៅ​ទៅតាម​ព្រះហឫទ័យ​របស់​ទ្រង់ « ដោយពឹងផ្អែក​ទាំង​ស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្គ្រោះ »២១ហើយ​ទទួល និង​រក្សា​សេចក្ដី​សញ្ញា​នៃ​ការសង្គ្រោះ និង​ការតម្កើង​ឡើង​របស់​ទ្រង់ នោះ​យើង​មាន​ការធានា ១០០ ភាគរយ​ថា បាន​សម្អាត​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទីបំផុត​នឹង​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ ទ្រង់​ជា « ព្រះ​នៃ​សេចក្ដី​ពិត ហើយ​[ ពុំ​អាច ] កុហក​ឡើយ » ។២២

គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ​ដែល​ថា ដំណើរការ​នៃ​ការផ្លាស់ប្ដូរ​នេះ​ត្រូវការ​ពេលវេលា ហើយ​នឹង​មិន​បាន​ពេញលេញ​រហូត​ទាល់​តែ​បន្ទាប់​ពី​ជីវិត​នេះ ប៉ុន្តែ​ការសន្យា​គឺ​មាន​ពិត​ប្រាកដ ។ ពេល​ដែល​ការបំពេញ​សន្យា​របស់​ព្រះ​ហាក់ដូច​ជា​នៅ​ឆ្ងាយ ក្ដី យើង​នៅតែ​ឱប​ក្រសោប​ការសន្យា​ទាំងនោះ ដោយ​ដឹង​ថា ការសន្យា​ទាំងនោះ​នឹង​ត្រូវបាន​បំពេញ ។២៣

ការផ្លាស់ប្ដូរ​ដ៏​មហស្ចារ្យ​នៃ​សុខភាព​របស់​អើរ៉ុន បាន​នាំ​មក​នូវ​អំណរ​ដ៏​អស្ចារ្យ​ដល់​គ្រួសារ​យើង ។ សូម​ស្រមៃ​មើល​ពី​អំណរ​ដ៏​អស្ចារ្យ​នៅ​ស្ថានសួគ៌ កាលដែល​ការផ្លាស់ប្ដូរ​ដ៏​ធំ​កើតឡើង​នៅក្នុង​ព្រលឹង​យើង ។

ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ស្រឡាញ់​យើង ហើយ​បាន​ប្រទាន​នូវ​ការផ្លាស់ប្ដូរ​ដល់​យើង និង​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ ដោយ​ក្ដី​មេត្តា ។ ទ្រង់​ទាំង​ទ្វេ​សព្វ​ព្រះទ័យ​ធ្វើ​ដូច្នេះ ។ នេះ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់ ។២៤ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ទាំង​ទ្វេ​មាន​ព្រះចេស្ដា​ដើម្បី​ធ្វើ​ដូច្នេះ កាល​ដែល​យើង​មករក​ទ្រង់​ដោយ​សេចក្ដី​ជំនឿ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕