សន្និសីទទូទៅ
ចូរ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ចូរ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ

ព្រះគ្រីស្ទ​អាច​ជួយ​ដល់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នានា​បាន ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​សម្រាប់​ពួក​អ្នក​ត្រួសត្រាយ​ដំបូង ហើយ​ទ្រង់​ក៏​ធ្វើ​ដូច្នេះ​សម្រាប់​យើង​ម្នាក់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ ។

អរគុណ​ក្រុម​ចម្រៀង​ដែល​បាន​ច្រៀង​បទ « Faith in Every Footstep » ។ ទំនុក​ភ្លេង និង​ទំនុក​បទ​នៃ​ចម្រៀង​នោះ បាន​និពន្ធ​ឡើង​នៅ​ឆ្នាំ ១៩៩៦ ដោយ​បងប្រុស នូវ៉ែល ឌេលៃ ក្នុង​ការរៀបចំ​សម្រាប់​ធ្វើ​បុណ្យ​ខួប​លើក​ទី ១៥០ ឆ្នាំ​នៃ​ការមក​ដល់​របស់​ពួកអ្នក​ត្រួសត្រាយ​ដំបូង ទៅ​កាន់​ជ្រលង​ភ្នំ សលត៍ លេក ក្នុង​ឆ្នាំ ១៨៤៧ ។

ទោះបី​ជា​បទ​ចម្រៀង​នេះ ត្រូវ​បាន​និពន្ធ​ឡើង​​ក្នុង​ការរៀបចំ​សម្រាប់​ការ​សារទ​នោះ​ក្តី ក៏​សារ​របស់​វា​អនុវត្ត​ចំពោះ​ពិភព​លោក​ទាំង​មូល​ផងដែរ ។

ខ្ញុំ​តែងតែ​ស្រឡាញ់​ត្រង់​វគ្គ​បន្ទរ​ជានិច្ច ៖

ដោយ​មាន​ជំនឿ​លើ​គ្រប់​ជំហាន យើង​ដើរ​តាម​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់

ហើយ​ពេញ​ដោយ​ក្តី​សង្ឃឹម តាម​រយៈ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ យើង​ច្រៀង​រួម​គ្នា ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​ជំហាន​នៃ​សេចក្ដី​ជំនឿ នោះ​មាន​សេចក្ដី​សង្ឃឹម​ហើយ ។ មាន​សេចក្តីសង្ឃឹម​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ជីវិត​នេះ ។ មាន​សេចក្តី​សង្ឃឹម​ដើម្បី​យក​ឈ្នះ​លើ​កំហុស ទុក្ខ​ព្រួយ និង​ការលំបាក ការសាកល្បង ព្រម​ទាំង​បញ្ហា​នានា​របស់​យើង ។ មាន​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​ការប្រែចិត្ត និង​ការ​ត្រូវ​បាន​អភ័យ​ទោស ព្រម​ទាំង​នៅ​ក្នុង​ការអភ័យ​ទោស​ដល់​អ្នក​ដទៃ​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មាន​សេចក្ដី​សង្ឃឹម និង​ភាពសុខសាន្ត​នៅ​ក្នុង​ព្រះគ្រីស្ទ ។ ទ្រង់​អាច​ជួយ​ដល់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នានា​បាន ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​សម្រាប់​ពួក​អ្នក​ត្រួសត្រាយ​ដំបូង ហើយ​ទ្រង់​ក៏​ធ្វើ​ដូច្នេះ​សម្រាប់​យើង​ម្នាក់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ផងដែរ ។

ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី ១៧៥ នៃ​ការមក​ដល់​របស់​ពួក​អ្នក​ត្រួសត្រាយ​ដំបូង ទៅ​កាន់​ជ្រលង​ភ្នំ សលត៍ លេក ធ្វើ​ឲ្យ​ខ្ញុំ​សញ្ជឹង​គិត​ពី​បុព្វការី​ជន​របស់​ខ្ញុំ ដែល​ពួកគាត់​មួយ​ចំនួន​បាន​ដើរ​ពី​ទី​ក្រុង ណាវ៉ូ ទៅ​កាន់​ជ្រលង​ភ្នំ សលត៍ លេក ។ ខ្ញុំ​មាន​លោកតា​លោក​យាយ​ទួត​ដែល​បាន​ដើរ​លើ​វាល​ទំនាប​ទាំង​នោះ កាល​ពួកគាត់​នៅ​ជា​យុវវ័យ ។ ហេនរី បាឡឺដ មាន​អាយុ ២០ ឆ្នាំ ម៉ាហ្គារ៉េត ម៉ាកនែល មាន​អាយុ ១៣ ឆ្នាំ ហើយ យ៉ូសែប អេហ្វ ស្ម៊ីធ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​ទី​ប្រាំ​មួយ​នៃ​សាសនាចក្រ ទើប​តែ​មាន​អាយុ​ត្រឹម​តែ ៩ ឆ្នាំ ប៉ុណ្ណោះ ពេល​លោក​បាន​មក​ដល់​ជ្រលងភ្នំ សលត៍ លេក ។

ពួកគាត់​បាន​ប្រឈម​មុខ​នឹង​ការខ្វះខាត​គ្រប់​បែប​យ៉ាង​នៅ​តាម​ផ្លូវ ដូច​ជា​រដូវ​រងារ​ដ៏​ត្រជាក់ ជំងឺ និង​កង្វះ​ខាត​ស្បៀង​អាហារ ព្រម​ទាំង​សម្លៀកបំពាក់​ឲ្យ​បាន​គ្រប់គ្រាន់ ។ ឧទាហរណ៍ នៅពេល ហិនរី បាឡាដ បាន​ចូល​ទៅ​ជ្រលង​ភ្នំ សលត៍ លេក នោះ​លោក​បាន​រីករាយ​ដែល​បាន​ឃើញ « ដែនដី​សន្យា » ប៉ុន្តែ​រស់នៅ​ដោយ​ការភ័ចខ្លាច​ថា មាន​គេ​អាច​ឃើញ​លោក ដោយសារ​សម្លៀកបំពាក់​ដែល​លោក​ពាក់​នោះ​ដាច់​រហែក​អស់ ដែល​វា​មិន​អាច​បិទបាំង​រាងកាយ​លោក​ទាំង​មូល​ជិត​ឡើយ ។ លោក​បាន​ពួន​នៅ​ពី​ក្រោម​គុម្ពោត​ព្រៃ​ពេញ​មួយ​ថ្ងៃ រហូត​ដល់​មេឃ​ងងឹត ។ ក្រោយ​មក លោក​បាន​ទៅ​ផ្ទះ​មួយ ហើយ​សុំ​សម្លៀកបំពាក់​គេ ដើម្បី​លោក​អាច​បន្ត​ដំណើរ​របស់​លោក និង​រក​ទីតាំង​ឪពុក​ម្តាយ​របស់​លោក ។ លោក​មាន​អំណរគុណ​ចំពោះ​ព្រះ ដែល​លោក​បាន​ទៅ​ដល់​គេហដ្ឋាន​នា​ពេល​អនាគត​របស់​លោក​ដោយ​សុវត្ថិភាព ។

លោក​តាទួត​ទាំងឡាយ​របស់​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្តីជំនឿ ពេញ​ទាំង​ការសាកល្បង​នីមួយៗ​របស់​ពួកលោក ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពួកលោក ដែល​មិន​ព្រម​ចុះ​ចាញ់ ។ ជំហាន​នៃ​សេចក្តី​ជំនឿ​របស់​ពួកលោក​បាន​ផ្តល់​ពរ​ដល់​ខ្ញុំ និង​ជំនាន់​បន្ត​បន្ទាប់ គឺ​ដូចជា​ជំហាន​នៃ​សេចក្តី​ជំនឿ​របស់​បងប្អូន​នា​ពេល​សព្វ​ថ្ងៃ​នេះ ដែល​នឹង​ផ្តល់​ពរ​ដល់​ពូជពង្ស​របស់​បងប្អូន​ផងដែរ ។

ពាក្យ ត្រួសត្រាយ មាន​ថ្នាក់​ពាក្យ​ជា​នាម និង​កិរិយាសព្ទ ។ ជា​នាម​វា​អាច​មាន​ន័យ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ ស្វែងរក ឬ​តាំង​ទីលំនៅ​លើ​ទឹក​ដី​ថ្មី​មួយ ។ ជា​កិរិយាស័ព្ទ វា​អាច​មាន​ន័យ​ថា បើក ឬ​រៀបចំ​ផ្លូវ​ឲ្យ​អ្នកដទៃទៀត​ដើរ​តាម ។

ពេល​ខ្ញុំ​គិត​អំពី​ពួក​អ្នក​ត្រួសត្រាយ ដែល​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដទៃទៀត ដំបូង​ខ្ញុំ​គិត​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ យ៉ូសែប​គឺ​ជា​អ្នក​ត្រួសត្រាយ​ម្នាក់ ព្រោះ​ជំហាន​នៃ​សេចក្ដី​ជំនឿ​របស់​លោក បាន​នាំ​លោក​ទៅ​កាន់​ព្រៃ​ពិសិដ្ឋ ជា​កន្លែង​ដែល​លោក​បាន​លុត​ជង្គង់​អធិស្ឋាន ហើយ​បាន​បើក​ផ្លូវ​ឲ្យ​យើង​មាន​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដី​ជំនឿ​របស់ យ៉ូសែប ដើម្បី « សូម​ដល់​ព្រះ »នៅ​ព្រឹក​និទាឃ​រដូវ​នោះ​ក្នុង​ឆ្នាំ ១៨២០ បាន​បើក​ផ្លូវ​សម្រាប់​ការស្ដារ​ឡើង​វិញ​នៃ​ភាពពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​រួម​មាន​ពួក​ព្យាការី និង​ពួកសាវក​ត្រូវ​បាន​ហៅ​បម្រើ​នៅ​លើ​ផែនដី​ជា​ថ្មី​ម្ដង​ទៀត ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ ។ ខ្ញុំ​ដឹង​ថា ជំហាន​ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ​របស់​លោក បាន​នាំ​លោក​ឲ្យ​លុត​ជង្គង់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជា​ព្រះវរ​បិតា និង​ព្រះរាជ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ជំហាន​នៃ​សេចក្តីជំនឿ​របស់​ព្យាការី យ៉ូសែប បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ឧបករណ៍​របស់​ព្រះអម្ចាស់ ក្នុង​ការនាំ​ចេញ​មក​នូវ​ព្រះគម្ពីរ​មរមន ដែល​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់ ។

តាមរយៈ​សេចក្តី​ជំនឿ និង​ការស៊ូទ្រាំ​របស់ យ៉ូសែប ស្ម៊ីធ ក្នុង​ការប្រឈម​មុខ​នឹង​ការលំបាក និង​ការ​ជំទាស់​ដ៏​ខ្លាំងក្លា នោះ​លោក​អាច ក្លាយ​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ក្នុង​ការស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ថ្មី​ម្ដង​ទៀត​លើ​ផែនដី​នេះ ។

អំឡុង​ពេល​សន្និសីទ​ទូទៅ​លើក​មុន ខ្ញុំ​បាន​និយាយ​អំពី​របៀប​ដែល​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​ខ្ញុំ​បាន​ផ្តល់​ពរ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​ពរ ពេល​ខ្ញុំ​បាន​បង្រៀន​អំពី​ផែនការ​នៃសេចក្តីសង្គ្រោះ​ដ៏​រុងរឿង​របស់​ព្រះវរបិតាសួគ៌​របស់​យើង ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ និង​ការបកប្រែ​ព្រះគម្ពីរ​មរមន​របស់​លោក ។ ការបង្រៀន និង​គោលលទ្ធិ​ដែល​បាន​ស្ដារ​ឡើង​វិញ​ទាំង​នេះ បាន​ដឹកនាំ​ជំហាន​នៃ​សេចក្តី​ជំនឿ​របស់​ខ្ញុំ ក្នុង​ការបង្រៀន​ដល់​អស់​អ្នក​ដែល​មាន​ឆន្ទៈ​ស្តាប់​សារ​លិខិត​នៃ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។

ពួក​អ្នកផ្សព្វផ្សាយសាសនា​របស់​យើង​សព្វ​ថ្ងៃ គឺ​ជា​អ្នក​ត្រួសត្រាយ​សម័យ​ទំនើប​នេះ ពីព្រោះ​ពួកគេ​ចែកចាយ​សារលិខិត​ដ៏​រុងរឿង​នេះ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​វា​បើក​ផ្លូវ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ស្គាល់​ទ្រង់ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការទទួលយក​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ បើក​ផ្លូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ត្រៀម​ខ្លួន និង​ទទួល​ពិធីបរិសុទ្ធ ព្រមទាំង​ពរជ័យ​នៃ​សាសនាចក្រ និង​ព្រះវិហារ​បរិសុទ្ធ ។

កាល​សន្និសីទ​ទូទៅ​លើក​មុន ប្រធាន រ័សុល អិម ណិលសុន បាន​បញ្ជាក់​សារ​ជា​ថ្មី « ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យុវជន​គ្រប់​រូប​មាន​ភាពស័ក្ដិសម ជា​យុវជន​ដែល​មាន​សមត្ថភាព ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម » និង « សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព » ហើយ​ថា « បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផងដែរ តែ​វាជា​ជម្រើស​របស់​អ្នក » ។១០

យុវវ័យ និង​យុវនារី​ជាទី​ស្រឡាញ់ ជំហាន​នៃ​សេចក្ដី​ជំនឿ​របស់​ក្មួយៗ​នឹង​ជួយ​ក្មួយៗ​ឲ្យ​ដើរ​តាម​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ដើម្បី​បម្រើ​បេសកកម្ម—ពោល​គឺ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​សម័យ​ទំនើប—ដោយ​បើក​ផ្លូវ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ស្វែងរក និង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ដែលដឹកនាំ​ត្រឡប់​ទៅ​រក​វត្តមាន​ដ៏​រុងរឿង​របស់​ទ្រង់​វិញ ។

ប្រធាន ណិលសុន បាន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​នៅក្នុង​សាសនាចក្រ ។ ក្នុង​នាម​ជា​សាវក​មួយ​រូប លោក​បាន​ធ្វើ​ដំណើរ ហើយ​បាន​រៀបចំ​ដែនដី​ជា​ច្រើន​សម្រាប់​ការផ្សព្វផ្សាយ​ដំណឹង​ល្អ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បាន​ក្លាយ​ជា​ព្យាការី និង​ជា​ប្រធាន​សាសនាចក្រ លោក​បាន​អង្វករ​យើង​ឲ្យ « បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ [ របស់​យើង ] ដើម្បី​ទទួល​បាន​វិវរណៈ » ។១១ លោក​បន្ត​បង្រៀន​យើង​ឲ្យ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​យើង ។ នៅក្នុង​ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​មួយ លោក​បាន​មាន​ប្រសាសន៍ ៖

« ខ្ញុំ​សូម​អង្វរ​ក្មួយៗ​ឲ្យ​ចេះ​ទទួល​ខុសត្រូវ​លើ​ទីបន្ទាល់​របស់​ក្មួយៗ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មានវា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បី​ឲ្យ​វា​លូតលាស់ ។ …

[ បន្ទាប់​មក ] សូម​មើល​អព្ភូតហេតុ​កើត​ឡើង​ក្នុង​ជីវិត​របស់​ក្មួយៗ » ។១២

លោក​កំពុង​បង្រៀន​យើង​ឲ្យ​ប្រែ​កាន់​តែ​មាន​ភាពខ្លួនទីពឹងខ្លួន​ខាង​វិញ្ញាណ ។ លោក​បាន​ថ្លែង​ថា « នៅ​ពេល​ខាងមុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេនោះ » ។​១៣

ខ្ញុំសូម​ថ្លែង​ទីបន្ទាល់​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។

ព្រះសង្រ្គោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​ត្រួសត្រាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការរៀបចំ​ផ្លូវ ។ ប្រាកដ​ណាស់ ទ្រង់ ជា « ផ្លូវ »១៤ សម្រាប់​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​សម្រេច​បាន ដើម្បី​យើង​អាច​ប្រែចិត្ដ​បាន ហើយ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ តាមរយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។១៥ ទ្រង់​បាន​សន្យា​ថា នឹង​មិន​ទុក​យើង​ចោល​ឲ្យ​នៅ​កំព្រា​ឡើយ ទ្រង់​នឹង​យាង​មក​ឯ​យើង​វិញ​ក្នុង​ការសាកល្បង​របស់​យើង ។១៦ ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ « មក​រក [ ទ្រង់ ] ដោយ​​អស់​ពី​ដួង​ចិត្ត ហើយ [ ទ្រង់ ] នឹង​ប្រោស​ឲ្យ [ យើង ] បាន​ជា » ។១៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះ​ប្រោស​លោះ​របស់​យើង ជា​អង្គ​សង្រួបសង្រួម​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។ ព្រះវរបិតាសួគ៌​របស់​យើង​បាន​បើក​ផ្លូវ​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ដោយ​ការធ្វើ​តាម​ព្រះ​រាជបុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដោយ​មាន​សេចក្តី​ជំនឿ​លើ​គ្រប់​ជំហាន​ទាំងអស់ ។

លោកតា​លោក​យាយ​ទួត​របស់​ខ្ញុំ និង​អ្នក​ត្រួសត្រាយ​ដំបូង​ផ្សេង​ទៀត បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន នៅពេល​ដែល​ពួកគាត់​ធ្វើ​ដំណើរ ដោយ​រទេះ​សេះ រទេះ​អូស និងការ​ដើរ​ទៅ​កាន់​ជ្រលង​ភ្នំ សលត៍ លេក ។ យើង​ក៏​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា នៅក្នុង​ដំណើរ​របស់​យើង​ម្នាក់ៗ ពេញ​មួយ​ជីវិត​របស់​យើង​ផងដែរ ។ យើង​មិន​បាន​រុញ​រទេះ ឬ​បរ​រទេះ​សេះ​ដែល​មាន​ដំបូល​ឆ្លង​កាត់​ចំណោត​ភ្នំ និង​ឆ្លង​កាត់​គំនរ​ទឹកកក​ដ៏​ក្រាស់​នោះ​ទេ យើង​កំពុង​ព្យាយាម ដូច​ដែល​ពួកគាត់​បាន​ធ្វើ ដើម្បី​យក​ឈ្នះ​លើ​ការល្បួង និង​ឧបសគ្គ​ខាង​វិញ្ញាណ​នានា​នៅ​ក្នុង​ជំនាន់​របស់​យើង ។ យើង​មាន​ការសាកល្បង​ជា​ច្រើន​ទៀត​ដើម្បី​ឆ្លង​កាត់ យើង​មាន​ការលំបាក—ហើយ​ជួនកាល​ជា​ការលំបាក​ដ៏​ខ្លាំង—​ដើម្បី​យក​ឈ្នះ ។ ទោះ​បី​ជា​ឧបសគ្គ​សព្វ​ថ្ងៃ​នេះ ខុស​ពី​ឧបសគ្គ​របស់​ពួក​អ្នក​ត្រួសត្រាយ​ដំបូង​ក៏​ដោយ ក៏​ការសាកល្បង​ទាំងនោះ​មិនមែន​ជា​ឧបសគ្គ​តូចតាច​សម្រាប់​យើង​ទេ ។

វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើ​តាម​ព្យាការី ហើយ​បន្ត​ការដើរ​យ៉ាង​រឹងប៉ឹង​របស់​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដោយ​ស្មោះត្រង់ ដូច​ដែល​ពួក​អ្នក​ត្រួសត្រាយ​ដំបូង​បាន​ដើរ​យ៉ាង​ដូច្នោះ​ដែរ ។

ចូរ​យើង​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​មាន​សេចក្តី​ជំនឿ​លើ​គ្រប់​ជំហាន​ទាំងអស់ ។ យើង​ត្រូវ​បម្រើ​ព្រះអម្ចាស់ ហើយ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ត្រូវ​ពង្រឹង​ខ្លួន​យើង​ខាង​វិញ្ញាណ តាមរយៈ​ការរក្សា និង​ការគោរព​សេចក្ដី​សញ្ញា​ទាំងឡាយ​របស់​យើង ។ យើង​មិន​គួរ​បាត់បង់​អារម្មណ៍​ជំរុញ​ឲ្យ​គោរព​បទបញ្ញត្តិ​ទេ ។ សាតាំង​ព្យាយាម​ធ្វើ​ឲ្យ​ការតាំងចិត្ត និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ចុះ​ខ្សោយ ។ សូម​ចាំ​ថា ប្រសិន​បើ​នរណា​ម្នាក់​វង្វេង​ផ្លូវ​របស់​គេ នោះ​យើង​នឹង​មិន​ត្រូវ​វង្វេង​ផ្លូវ​របស់​យើង​ទៅរក​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ ជាមួយ​នឹង​ពរជ័យ​នៃ​ការប្រែចិត្ត នោះ​យើង​អាច​ងាក​ត្រឡប់​ទៅ​រក​ទ្រង់​បាន ។ ទ្រង់​នឹង​ជួយ​យើង​រៀន រីក​ចម្រើន និង​ផ្លាស់ប្ដូរ នៅពេល​យើង​ព្យាយាម​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

សូម​ឲ្យ​យើង​ដើរ​តាម​ដាន​ព្រះបាទា​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដោយ​មាន​សេចក្តី​ជំនឿ​លើ​គ្រប់​ជំហាន​ទាំងអស់​របស់​យើង សូម​ផ្តោត​លើ​ទ្រង់ ដោយ​បន្ត​ដើរ​យ៉ាង​រឹងប៉ឹង​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​នេះ​គឺ​ជា​ការអធិស្ឋាន​ដោយ​រាបសារ​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល ខេ នូវ៉ែល ឌេលៃ « Faith in Every Footstep »​Ensignខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ១៥ Liahona, ខែ កុម្ភៈ ឆ្នាំ ១៩៩៧,ទំព័រ ២២–២៣ ។

  2. Dayley, « Faith in Every Footstep, » Ensign, ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ១៥; Liahona, ខែ កុម្ភៈ ឆ្នាំ ១៩៩៧,ទំព័រ ២៣ ។

  3. សូមមើល កំណត់ហេតុ ហេនរី បាឡឺដ; L. Tom Perry Special Collections, Harold B. Lee Library, Brigham Young University Provo, Utah គេហទំព័រ archives.lib.byu.edu/repositories/ltpsc/resources/upb_msssc998 ។

  4. សូមមើល « A ‘Small Glimpse’ into Pioneer Experiences » Church News ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៩៩៦ គេហទំព័រ thechurchnews.com ។

  5. សូមមើល Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ) ទំព័រ xiv ។

  6. សូមមើល Douglas O. Crookston Henry Ballard: The Story of a Courageous Pioneer 1832–1908 ( ឆ្នាំ ១៩៩៤ ) ទំព័រ ១៤–១៥ ។

  7. សូមមើល Merriam-Webster.com Dictionary « pioneer » ។

  8. យ៉ាកុប ១:៥ ។

  9. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–២០ ។

  10. រ័សុល អិម ណិលសុន « Preaching the Gospel of Peace » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦ ការគូស​បញ្ជាក់​ដើម​ត្រូវ​បាន​ដក​ចេញ ។

  11. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  12. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  13. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ទំព័រ ៩៦ ។

  14. យ៉ូហាន ១៤:៦ ។

  15. យ៉ូហាន ១៤:៦ ។

  16. សូមមើល យ៉ូហាន ១៤:១៦–១៨ ។

  17. នីហ្វៃទី ៣ ១៨:៣២ ។