សន្និសីទទូទៅ
ចូល​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ចូល​មក​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ

ខិតខំ​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ នោះ​យើង​ផ្ដាច់​ខ្លួន​យើង​ចេញពី​ពិភពលោក​នេះ​តាមរយៈ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ដោយ​ការធ្វើ​ផ្សេងពីគេ មិន​ទូទៅ​ដូច​គេ និង​ពិសេសដោយ​មិន​ដាក់​​ខ្លួនយើង​ឲ្យនៅ​ឯកោ​ពី​អ្នកដទៃ​ដែល​ជឿ​ខុស​ពី​យើង​នោះ​ទេ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ នា​ល្ងាច​នេះ ខ្ញុំ​សូម​និយាយ​ទៅកាន់​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏រាបសា និង​ដ៏លះបង់​ទាំងអស់គ្នា ។ កាល​ខ្ញុំ​ឃើញ​សេចក្ដីល្អ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​នៅក្នុង​ប្រទេស​នេះ និង​នៅតាម​ប្រជាជាតិ​ផ្សេងទៀត​ទូទាំង​ពិភពលោក ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំងអស់​គ្នា​រឹតតែ​ខ្លាំង​ឡើង ។

ដល់​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​របស់​ទ្រង់ ពួកសិស្ស​របស់​ព្រះយេស៊ូវ​បាន​សូម​ឲ្យ​ទ្រង់​ប្រាប់​ពួកលោក​អំពី « ទីសម្គាល់​អំ​ពី [ ការយាង​មក​ជា​លើក​ទីពីរ​របស់ ទ្រង់ ]​យាង​មក ហើយ​ពី​បំផុត​កល្ប » ។

ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួកលោក​ពី​លក្ខខណ្ឌ​ដែល​នឹង​កើតមាន មុនពេល​ការយាង​មកវិញ​របស់​ទ្រង់ ហើយ​បាន​បញ្ចប់​ដោយ​ការប្រកាស​ថា « កាលណា​ឃើញ​ការ​ទាំងនេះ​កើត​មក [ អ្នករាល់គ្នា​នឹង ] ត្រូវ​ដឹង​ថា [ ពេលវេលា​នៅលើ ] លោក​ជិត​មក​ដល់​ហើយ » ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​លើកមុន ខ្ញុំ​បាន​ស្ដាប់​ប្រសាសន៍​របស់​ប្រធាន ហិនរី ប៊ី អាវរិង យ៉ាង​ប្រុង​ប្រយ័ត្ន ៖ « ពួកយើង​ម្នាក់ៗ មិន​ថា​យើង​នៅ​ទីណា​នោះ​ទេ ដឹង​ថា យើង​រស់នៅ​ក្នុង​គ្រា​ដែល​លំបាក​ខ្លាំង​ទៅៗ ។ … គ្រប់គ្នា​ដែល​មាន​កែវភ្នែក​បាន​ឃើញ​ទីសម្គាល់​ក្នុង​សម័យ​នេះ ហើយ​មាន​ត្រចៀក​សម្រាប់​ស្តាប់​ប្រសាសន៍​របស់​ព្យាការី ដឹង​ថា​វា​គឺជា​ការពិត » ។

ព្រះអង្គ​សង្គ្រោះ​បាន​សរសើរ​ដល់​ពួកសិស្ស​ដែល​ក្លាហាន​របស់​ទ្រង់ ៖ « ភ្នែក អ្នក មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក អ្នក ក៏​ដែរ ដ្បិត​ស្តាប់​ឮ » ។ សូម​ឲ្យ​ពរជ័យ​នេះ​ក្លាយ​ជា​របស់​យើង កាល​យើង​ស្ដាប់​តាម​បន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់ និង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​សន្និសីទ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ។

ស្រូវសាលី និង​ស្រងែ

ព្រះអម្ចាស់​បាន​ពន្យល់​ថា នៅក្នុង​ពេល​ចុងក្រោយ​នេះ​មុន​ការយាង​មកវិញ​របស់​ទ្រង់ « ស្រូវ​សាលី » ដែល​ទ្រង់​បាន​រៀបរាប់​ថាជា « អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថានសួគ៌ »នឹង​ធំ​ឡើង​លាយឡំ​ជាមួយ​នឹង​« ស្រងែ » ឬ​អស់​អ្នក​ដែល​មិន​ស្រឡាញ់​ព្រះ និង​មិន​គោរព​តាម​ព្រះបញ្ញតិ្ត​របស់​ទ្រង់ ។ ពួកគេ​ទាំងពីរ​នឹង « ដុះ​ជាមួយ​គ្នា »លាយឡំ​គ្នា ។

នេះ​នឹង​ជា​ពិភពលោក​របស់​យើង​រហូត​ដល់​ពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដងទៀត ដោយ​មាន​ល្អ​ច្រើន​ផង និង​អាក្រក់​ច្រើន​ផង​នៅ​គ្រប់​ទិសទី ។

ពេលខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ថា​មិន​មែន​ជា​ស្រូវ​សាលី​ល្អ និង​រឹងមាំ​មួយ​គួរ ។ ចូរ​មាន​ចិត្ត​អំណត់​ជាមួយ​ខ្លួនឯង ! ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ស្រូវ​សាលី​អាច​មាន​ស្រូវ​សាលី​ដែល​កំពុងតែ​ដុះ​ពន្លក​ឡើង ហើយ​នៅ​ខ្ចី​នៅ​ឡើយ ។ យើង​ទាំងអស់​គ្នា​គឺជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់ ហើយ​ទោះជា​យើង​មិនទាន់​ក្លាយជា​មនុស្ស​ដែល​យើង​ចង់​ប្រែក្លាយ​នៅឡើយ​ក្ដី ក៏​យើង​មាន​បំណង​ប្រាថ្នា​ម៉ឺងម៉ាត់​ដើម្បី​ធ្វើជា​សិស្ស​ដ៏ពិត​របស់​ទ្រង់​ដែរ ។

សូម​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

យើង​ដឹង​ថា នៅពេល​សេចក្ដី​អាក្រក់​កើនឡើង​នៅក្នុង​ពិភពលោក​នេះ នោះ​ការរស់រាន​ខាង​វិញ្ញាណ​របស់​យើង និង​ការរស់រាន​ខាង​វិញ្ញាណ​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់ នឹង​តម្រូវ​ឲ្យ​យើង​ថែទាំ ការពារ និង​ពង្រឹង​ឫស​គល់​នៃ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យបាន​កាន់តែ​ខ្លាំង​ជាងមុន​ទៅទៀត ។ សាវក​ប៉ុល​បាន​ទូន្មាន​យើង​ឲ្យ​ចាក់​ឫស តាំង​នៅ​ជាប់លាប់ ហើយ​មាំមួន១០ នៅក្នុង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ការតាំងចិត្ត​របស់​យើង​ដើម្បី​ដើរតាម​ទ្រង់ ។ នៅពេល​បច្ចុប្បន្ន​នេះ និង​នៅពេល​ខាងមុខ វា​តម្រូវ​ឲ្យមាន​ការខិតខំ​ដែល​ផ្ដោត​ចិត្ត និង​ផ្ចិតផ្ចង់​កាន់តែ​ខ្លាំង​ជាងមុន ដើម្បី​ការពារ​កុំឲ្យ​មាន​ការប្ដូរ​ទិសដៅ និង​ការធ្វេស​ប្រហែស ។១១

ប៉ុន្តែ​ទោះជា​មាន​ឥទ្ធិពល​លោកិយ​កើន​ឡើង​នៅ​ជុំវិញ​ខ្លួន​យើង​ក្តី ក៏​យើង​ពុំ​ចាំ​បាច់​ភ័យ​ខ្លាច​ឡើយ ។ ព្រះអម្ចាស់​នឹង​មិន​ដែល​បោះបង់​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ចោល​ឡើយ ។ មាន​អំណាច​តបស្នង​មកវិញ​នៃ​អំណោយទាន​ខាង​វិញ្ញាណ និង​ការដឹកនាំ​ដ៏ទេវភាព​សម្រាប់​ពួកសុចរិត ។១២ ប៉ុន្ដែ​ពរជ័យ​បន្ថែម​នៃ​អំណាច​ខាង​វិញ្ញាណ​នេះ មិន​នៅ​មាំមួន​ជាមួយ​យើង ដោយ​ព្រោះតែ​យើង​គឺជា​ផ្នែក​មួយ​នៃ​ជំនាន់​នេះ​ឡើយ ។ វា​នឹង​នៅ​មាំមួន នៅពេល​យើង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ កាល​យើង​រៀន​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ថា « នេះ​ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ។១៣

ដូច​ដែល​យើង​ដឹង​ច្បាស់​ហើយ​ថា ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការធ្វើជា​សិស្ស​ពិត គឺ​លើសពី​ការសម្រេច​ចិត្ត​តែ​មួយដង—លើសពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​តែ​មួយដង​ទៅ​ទៀត ។ វា​គឺ​ជា​ដំណើរការ​ដ៏ពិសិដ្ឋ ដែល​បន្ដ​ដុះដាល និង​រីកចម្រើន​តាម​រដូវកាល​នៃ​ជីវិត​របស់​យើង ហើយ​វា​បន្ដ​មាន​រហូតដល់​យើង​លុត​ជង្គង់​នៅឯ​ព្រះបាទា​របស់​ទ្រង់ ។

ដោយ​មាន​ស្រូវ​សាលី​ធំ​ឡើង​ជាមួយ​នឹង​ស្រងែ​នៅក្នុង​ពិភពលោក​នេះ តើ​យើង​អាច​ពង្រីក និង​ពង្រឹង​ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​ខាងមុខ​តាម​របៀប​ណា​ទៅ ?

នេះ​គឺ​ជា​យោបល់​ចំនួន​បី ៖

ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​ព្រះជន្ម ព្រះយេស៊ូវ

ទីមួយ យើង​អាច​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​ព្រះជន្ម របស់​ព្រះយេស៊ូវ ការបង្រៀន មហិទ្ធិឫទ្ធិ ព្រះចេស្ដា និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត » ។១៤ សាវក​យ៉ូហាន​រំឭក​យើង​ថា « យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន » ។១៥ កាល​យើង​ដក​ពិសោធ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​កាន់តែ​ច្រើន នោះ​យើង​ស្រឡាញ់​ទ្រង់​កាន់តែ​ខ្លាំង​ថែម​ទៀត ហើយ​វា​ជា​ធម្មតា​ទេ​ដែល​យើង​នឹង​ធ្វើតាម​គំរូ​របស់​ទ្រង់​ស្ដីពី​ការស្រឡាញ់ និង​ការថែទាំ​មនុស្ស​ដែល​នៅ​ជុំវិញ​យើង ។ ជាមួយ​នឹង​ជំហាន​សុចរិត​នីមួយៗ​ឆ្ពោះ​ទៅកាន់​ទ្រង់ នោះ​យើង​ឃើញ​ទ្រង់​កាន់តែ​ច្បាស់​ឡើងៗ ។១៦ យើង​ស្រឡាញ់​ទ្រង់ ហើយ​យើង​ព្យាយាម​ធ្វើត្រាប់​តាម​ទ្រង់​តាម​មធ្យោបាយ​តូចតាច​ទាំងឡាយ​របស់​យើង ។១៧

សូមធ្វើ​សេចក្ដី​សញ្ញា​ជា​មួយ​ព្រះអម្ចាស់ ។

បន្ទាប់ កាលណា​យើង​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្រ្កោះ​កាន់​តែ​ខ្លាំង នោះ​យើង​ប្រាថ្នា​ចង់​សន្យា​នឹង​ទ្រង់​ថា យើង​នឹង​ថ្វាយ​ភក្ដីភាព និង​ទីទុកចិត្ត​របស់​យើង​ទៅ​ទ្រង់​កាន់តែ​ច្រើន​ជាងមុន ។ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។ យើង​ចាប់ផ្ដើម​ជាមួយ​នឹង​ការសន្យា​របស់​យើង​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​យើង​បញ្ជាក់​ការសន្យា​ទាំងនេះ និង​ការសន្យា​ផ្សេងទៀត នៅពេល​យើង​ប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ទូលសូម​ការអភ័យទោស ហើយ​ទន្ទឹងចាំ​ការទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​យ៉ាង​អន្ទះសា ។ យើង​សន្យា​ថា​នឹង « ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ។១៨

នៅពេល​យើង​ត្រៀមខ្លួន​ជាស្រេច នោះ​យើង​ទទួល​យក និង​គោរព​តាម​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដោយ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ភាពអស់កល្ប​ជានិច្ច​នៅគ្រា​ដ៏​ស្ងាត់ស្ងៀម និង​ពិសិដ្ឋ​របស់​យើង​ពេល​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ដោយ​ក្ដីរីករាយ ហើយ​ពង្រឹង​ការតាំងចិត្ត​របស់​យើង​ដើម្បី​កាន់តាម​សេចក្ដី​សញ្ញា​ទាំងនោះ ។

ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​លិច​កាន់តែ​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​យើង ។ នៅក្នុង លីអាហូណាខែ​នេះ ប្រធាន រ័សុល អិម ណិលសុន​បាន​មាន​ប្រសាសន៍ ៖ « សេចក្តីសញ្ញា [ ទាំងឡាយ ] [ របស់​យើង ] នឹង​ដឹកនាំ​យើង​ឲ្យ​ទៅ​កាន់តែ​ជិត​ទ្រង់​ខ្លាំង​ឡើង ។ … ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណង​បែបនោះ​ជាមួយ​ទ្រង់​ឡើយ » ។១៩ ហើយ​ដូច​ដែល​ប្រធាន​ណិលសុន​មាន​ប្រសាសន៍​នៅ​ព្រឹក​ដ៏​ស្រស់ស្អាត​នេះថា​« ពេល​មាន​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ នោះ​យើង​មាន​អំណាច​មក​ពី​ព្រះ​បន្ថែម​ទៀត​មក​កាន់​ពិភពលោក​នេះ ដើម្បី​ពង្រឹង​យើង ហើយ​រារាំង​ដល់​ការខំប្រឹង​ដ៏ខ្លាំង​របស់​មារសត្រូវ » ។​២០

តើ​យើង​អាច​មើលឃើញ​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ព្យាការី​របស់​ទ្រង់ ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ​នៅ​កាន់តែ​ជិត​យើង និង​អនុញ្ញាត​ឲ្យ​យើង​ចូលក្នុង​ដំណាក់​របស់​ទ្រង់​កាន់តែ​ញឹកញាប់​ជាងមុន​ដែរ​ឬ​ទេ ?

កាល​យើង​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​មាន​សេរីភាព​ពី​ឥទ្ធិពល​ខាង​លោកិយ​ដែល​នាំគ្នា​មក​ប្រឆាំង​នឹង​យើង​មួយ​រយៈ​ដែរ ពេល​យើង​រៀនពី​គោលបំណង​របស់​យើង​នៅក្នុង​ជីវិត​នេះ និង​អំណោយទាន​ដ៏អស់កល្ប​ជានិច្ច​ដែល​បាន​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការពារ​ចំពោះ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ជា​ចុង​បញ្ចប់ យោបល់​ទីបី​របស់​ខ្ញុំ​គឺ ៖ នៅ​ក្នុង​កិច្ចខិតខំ​ដ៏​ពិសិដ្ឋ​នេះ យើង​ឲ្យ​តម្លៃ គោរព ថែរក្សា ប្រុង​ប្រយ័ត្ន និង ការពារ​ចំពោះ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទាំង​ប្រធា អិម. រ័សុល បាឡឺត និង អែលឌើរ ខេវីន ដបុលយូ ភៀរសិន ដែល​ទើប​តែ​ពីរបី​នាទី​មុន​នេះ​បាន​និយាយ​អំពី ការព្យាករ​របស់​ប្រធាន​ណីលសុន អំពី​ការព្រមាន​ដែល​បាន​លើក​ឡើង​ម្តង​ទៀត « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។២១ វា​គឺជា​អំណោយទាន​ដែល​មាន​តម្លៃ​លើសលុប ។ យើង​ធ្វើ​អស់​ពី​សមត្ថភាព​យើង​ដើម្បី​ការពារ​បទពិសោធន៍​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ឲ្យ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បន្ដ​គង់នៅ​ជាមួយ​នឹង​យើង ។ យើង​គឺ​ជា​ពន្លឺ​សម្រាប់​ពិភពលោក​នេះ ហើយ​ពេលណា​ចាំបាច់ យើង​ស្ម័គ្រចិត្ត​ជ្រើសរើស​ដើម្បី​ធ្វើ​ខុស​ពី​អ្នកដទៃ ។ ប្រធាន ដាល្លិន អេក អូក បាន​សួរ​យុវមជ្ឈិមវ័យ​កាល​ពី​ថ្មីៗ​នេះ​ថា « តើ​ប្អូនៗ​ហ៊ាន​ធ្វើ​ខុសពី​គេ​ទេ ? … [ ជា​ពិសេស ]​ជម្រើស​ដែល​ប្អូនៗ​ធ្វើ​ការ​ជ្រើសរើស​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ប្អូន … មាន​សារៈសំខាន់ ។ … តើ​ប្អូនៗ​កំពុង​ឆ្ពោះ​ទៅ​មុខ​ប្រឆាំង​នឹង​ការផ្ទុយ​នៃ​ពិភពលោក​នេះ​ដែរ​ឬទេ ? »២២

ជ្រើសរើស​ដើម្បី​ឲ្យ​មាន​ភាពខុសប្លែក​ពី​លោកិយ

នៅក្នុង​ការចុះផ្សាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នាពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​សូម​សិស្ស​ទាំងឡាយ​របស់​ព្រះ​ឲ្យ​ចែកចាយ​ពី​ជម្រើស ដែល​ពួកគេ​បាន​ធ្វើ ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ខុសពី​ពិភពលោក​នេះ ។ ខ្ញុំ​បាន​ទទួល​ចម្លើយ​រាប់​រយ ។២៣ នេះ​គ្រាន់តែ​ជា​ចម្លើយ​មួយ​ចំនួន​ប៉ុណ្ណោះ ៖

អាមេនដា ៖ ខ្ញុំ​គឺជា​គិលានុបដ្ឋាយិកា​ម្នាក់ ដែល​ធ្វើការ​នៅក្នុង​ពន្ធនាគារ​ក្នុង​មូលដ្ឋាន ។ ខ្ញុំ​ព្យាយាម​ខ្វល់ខ្វាយ​ពី​ទណ្ឌិត​ទាំងឡាយ​ដូច​ដែល​ព្រះគ្រីស្ទ​នឹង​ធ្វើ​ដែរ ។

រ៉េឆល ៖ ខ្ញុំ​គឺជា​អ្នកចម្រៀង​អូប៉េរ៉ា ហើយ​ជារឿយៗ​គេ​តែង​សន្មត​ថា ខ្ញុំ​នឹង​ស្លៀក​អ្វីក៏ដោយ​ដែល​គេ​ឲ្យ​ខ្ញុំ មិន​ថា​វា​សមរម្យ​ឬអត់​នោះទេ ។ [ ដោយសារ​ខ្ញុំ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ] នោះ​ខ្ញុំ​បាន​ប្រាប់ [ អ្នកដឹកនាំ​កម្មវិធី ] ថា សម្លៀក​បំពាក់​នេះ​ត្រូវតែ​មាន​លក្ខណៈ [ សមរម្យ ] ។ ពួកគាត់​មិន​សប្បាយ​ចិត្ត​ទេ … ប៉ុន្ដែ​ពួកគាត់​បាន​កែសម្រួល​ទាំង​ទើស​ទាល់​ឲ្យ ។ ខ្ញុំ​នឹង​មិន​ប្ដូរ​សេចក្ដី​សុខសាន្ដ​ដែល​កើតឡើង​ដោយសារ​ការឈរ​ជា​សាក្សី​ដល់​ព្រះគ្រីស្ទ​នៅគ្រប់​ពេលវេលា ជាមួយ​អ្វីផ្សេង​ឡើយ ។

គ្រីស ៖ ខ្ញុំ​គឺជា​សមាជិក​សាសនាចក្រ​ដែល​មាន​ភាពស័ក្ដិសម ( ដែល​កំពុង​ជា​សះស្បើយ​ពី ) ការញៀន​ស្រា ។ ខ្ញុំ​និយាយ​ច្រើន​អំពី​បទពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នឹង​ការញៀន និង​ការទទួល​បាន​ទីបន្ទាល់​អំពី​ដង្វាយធួន [ របស់​ព្រះយេស៊ូវ​គ្រីស្ទ ] ។

ឡរិន ៖ ខ្ញុំ​បាន​សរសេរ​រឿង​កំប្លែង​ខ្លីៗ ជាមួយ​នឹង​មិត្ត​រួមថ្នាក់​របស់​ខ្ញុំ​នៅឯ​វិទ្យាល័យ ។ ពួកគេ​ចង់​ឲ្យ​ចរិត​ស្ងៀមស្ងាត់ និង​រមទម្យ​របស់​ខ្ញុំ​ផ្ទុះ​ឡើង​ដោយ​ការប្រើ​ពាក្យ​ជេរ​ប្រទេច ។ ពួកគេ​បន្ដ​ដាក់​សម្ពាធ​លើ​ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​បាន​បដិសេធ ហើយ​មិន​ផ្លាស់ប្ដូរ​គំនិត​របស់​ខ្ញុំ​ឡើយ ។

អ័ដាម ៖ មនុស្ស​ជាច្រើន​មិន​ជឿ​ខ្ញុំ​ទេ ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​កាន់តាម​ច្បាប់​ព្រហ្មចារីភាព ហើយ​ជ្រើសរើស​មិន​មើល​រឿង​អាសអាភាស​ឡើយ ។ ពួកគេ​មិន​យល់ពី​គុណប្រយោជន៍​នៃ​អំណរ និង​សេចក្ដី​សុខសាន្ដ​ក្នុង​ចិត្ត​ដែល​ខ្ញុំ​មាន​នោះ​ទេ ។

អេឡា ៖ ឪពុក​របស់​ខ្ញុំ​គឺជា​សមាជិក​ម្នាក់​នៃ​សហគមន៍ អិល.ជី.ប៊ី.ធី.ឃ្យូ. ។ ខ្ញុំ​តែងតែ​ព្យាយាម​គិតដល់​អារម្មណ៍​របស់​អ្នកដទៃ​ទៀត​ជានិច្ច ខណៈ​ខ្ញុំ​ឈរ​ជា​សាក្សី​ម្នាក់​របស់​ព្រះគ្រីស្ទ ហើយ​ស្មោះពិត​ចំពោះ​អ្វី​ដែល​ខ្ញុំ​ជឿ ។

អេនដ្រាឌើ ៖ ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ដ​ទៅ​ព្រះវិហារ ទោះជា​គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​ថា​លែង​ទៅ​ព្រះវិហារ​ទៀត​ក៏ដោយ ។

ចុងក្រោយ គឺ ស្ស៊ើរី ៖ យើង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ​វិមាន​របស់​អភិបាល​ក្រុង ។ ពួកគេ​បាន​ចាប់ផ្ដើម​ហុច​កែវ​ស្រា​សំប៉ាញ​ឲ្យ​ដើម្បី « លើក​កែវ » ឡើង ។ ខ្ញុំ​បាន​ទទូច​សូម​ទឹក ទោះជា​បុគ្គលិក​និយាយ​ថា វា​មិន​សម​ក្ដី ។ យើង​បាន​លើក​កែវ​អបអរ​ដល់​អភិបាល​ក្រុង ហើយ​ខ្ញុំ​បាន​លើក​កែវ​ទឹក​ខ្ញុំ​ឡើង ! អភិបាល​ក្រុង​មិន​បាន​អន់ចិត្ត​អី​ផង ។

ប្រធាន ណិលសុន បាន​ថ្លែង​ថា « បាទ ប្អូនៗ​កំពុង​រស់នៅ​ក្នុង​លោកិយ ប៉ុន្តែ​ប្អូនៗ​មាន​បទដ្ឋាន​ខុសប្លែក​ខ្លាំង​ពី​លោកិយ ដើម្បី​ជួយ​ប្អូនៗ​ឲ្យ​ចៀសវាង​ពី​ការប្រឡាក់​ខាង​លោកិយ » ។២៤

អាណាស្ដាហ្សៀ ដែល​ជា​ម្ដាយ​វ័យក្មេង​ម្នាក់​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ទើបតែ​សម្រាល​បាន​កូន​ប្រុស​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ កាល​គ្រាប់បែក​បាន​ចាប់​ទម្លាក់​មកលើ​ទីក្រុង​កៀវ​កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ។ គិលានុបដ្ឋាយិកា​បាន​បើក​ទ្វារ​បន្ទប់​ពេទ្យ ហើយ​បាន​និយាយ​ដោយ​សំឡេង​បន្ទាន់់​ថា « លើក​កូន​របស់​អ្នក​ឡើង ដាក់​កូន​ក្នុង​ភួយ ហើយ​ចេញ​ទៅ​សាល—ឥឡូវ​នេះ​ភ្លាម ! »

ក្រោយមក អាណាស្ដាហ្សៀ បាន​រៀបរាប់ ៖

« ខ្ញុំ​មិន​ដែល​ស្រមៃ​ថា ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ក្លាយជា​ម្ដាយ​គេ​ពិបាក​យ៉ាង​ហ្នឹង​ទេ … ប៉ុន្ដែ … ខ្ញុំ​ខំ​ផ្ដោតលើ … ពរជ័យ និង​អព្ភូតហេតុ​ដែល​ខ្ញុំ​បាន​ឃើញ ។ …

ឥឡូវ​នេះ … វា​ហាក់​ដូចជា​មិន​អាច​ទៅរួច​ទេ​ដើម្បី​អភ័យទោស​ឲ្យ​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ការបំផ្លិច​បំផ្លាញ និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​បែប​នេះ … ប៉ុន្ដែ​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ខ្ញុំ​មាន​សេចក្ដី​ជំនឿ​ថា ខ្ញុំ​នឹង​អាច [ អភ័យទោស​ឲ្យ ] បាន ។ …

ខ្ញុំ​មិន​ដឹង​រឿង​ទាំងអស់​ដែល​នឹង​កើតឡើង​នៅពេល​អនាគត​ទេ … ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង​នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប … ហើយ​អនុញ្ញាត​ឲ្យ​យើង​មាន​អំណរ និង​សេចក្ដី​សង្ឃឹម … ទោះជា​ក្នុង​ពេល​លំបាក​ក្ដី » ។២៥

សេចក្តីសន្យា​នៃ​ជីវិតអស់​កល្បជានិច្ច និង​សិរីល្អ នគរ​សេឡេស្ទាល ។

បងប្អូន​ប្រុសស្រី​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​ពរជ័យ​ជា​បរិបូរ​ដោយ​សេចក្តី​ស្រឡាញ់​ពី​ព្រះអង្គ​សង្គ្រោះ​ដ៏​ជា​ទីស្រឡាញ់​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​ដឹកនាំ​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ខ្ញុំ​សេចក្ដី​ស្រឡាញ់​ទ្រង់ ខ្លាំង​ណាស់​ដែល​នោះ​ខ្ញុំ​មិន​អាច​បង្ហាញ​ឲ្យ​បាន​អស់​ឡើយ​ចំពោះ​ទ្រង់ ។

យើង​គឺ​ជា « កូនចៅ​នៃ​សេចក្ដី​សញ្ញា » យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏រុងរឿង​មុនពេល​ការយាង​មកវិញ​របស់​ព្រះអម្ចាស់ ដែល​វា​លាត​សន្ធឹង​ទៅ​ទូទាំង​ផែនដី នៅគ្រប់​ជាតិ​សាសន៍ និង​វប្បធម៌ នៅ​គ្រប់​ទ្វីប​ទាំងអស់ ហើយ​មាន​ចំនួន​រាប់​រយ​លាន កាល​យើង​រង់ចាំ​ការយាង​មកវិញ​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្រ្គោះ​នៃ​យើង ។ ដោយ​ការបញ្ចាំង​ពន្លឺ​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង យើង​មាន​សតិសម្បជញ្ញៈ​ដើម្បី​រៀបចំ​សម្រួច​បំណង​ប្រាថ្នា គំនិត ជម្រើស និង​សកម្មភាព​របស់​យើង ។ ដោយ​ខិតខំ​ស្គាល់ និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​អស់ពី​ចិត្ត​របស់​យើង នោះ​យើង​ផ្ដាច់​ខ្លួន​យើង​ចេញពី​ពិភពលោក​នេះ​តាមរយៈ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ដោយ​ការធ្វើ​ខុស​ប្លែកពី​គេ មិន​ទូទៅ​ដូច​គេ និង​ពិសេស នៅពេល​យើង​គោរព​តាម​ទ្រង់ និង​ការបង្រៀន​របស់​ទ្រង់ ដោយ​មិន​ឲ្យ​ខ្លួនយើង​ឯកោ​ពី​អ្នកដទៃ​ដែល​ជឿ​ខុសពី​យើង​នោះ​ទេ ។

វា​គឺជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ធ្វើជា​ស្រូវ​សាលី​ក្នុង​ចំណោម​ស្រងែ ដែល​ពេលខ្លះ​ពេញ​ទៅដោយ​ការឈឺចិត្ត ប៉ុន្ដែ​តែង​បាន​រម្ងាប់​ចិត្ត​ដោយ​ការបណ្ដុះ​សេចក្ដី​ជំនឿ​របស់​យើង​ឲ្យ​បាន​ចាស់ទុំ និង​រឹងមាំ​ជានិច្ច ។ កាល​បងប្អូន​អនុញ្ញាត​ឲ្យ​ក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​បងប្អូន មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​អារម្មណ៍​ផ្លូវចិត្ត​របស់​បងប្អូន នោះ​ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​មាន​ទំនុកចិត្ត សេចក្ដី​សុខសាន្ដ និង​អំណរ​បន្ថែម​ទៀត ពេល​ជួប​នឹង​ឧបសគ្គ​ក្នុង​ជីវិត​របស់​បងប្អូន ។ ហើយ​ព្រះអង្គ​សង្គ្រោះ​សន្យា​ដល់​យើង​ថា​ ៖ « យើង [ នឹង ] ត្រូវ​ប្រមូល​រាស្ត្រ​របស់​យើង​ជុំគ្នា តាម​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ ប្រយោជន៍​ឲ្យ​ស្រូវ​សាលី​អាច​បាន​នៅក្នុង​ជង្រុក ដើម្បី​ឲ្យ​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ហើយ​បាន​បំពាក់​សិរីល្អ​ខាង​សេឡេស្ទាល​ទុកជា​មកុដ » ។២៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាថាយ ២៤:៣ ។

  2. ម៉ាថាយ ២៤:៣៣ ។

  3. ហិនរី ប៊ី អាវរីង « Steady in the Storms » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ២៧ ។

  4. ម៉ាថាយ ១៣:១៦; បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  5. ម៉ាថាយ ១៣:៣៨ ។

  6. ម៉ាថាយ ១៣:៣០ ។

  7. អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​មាន​ប្រសាសន៍ ៖ « សមាជិក​សាសនាចក្រ​នឹង​រស់នៅ​ក្នុង​ស្ថានភាព​ស្រូវសាលី និង​ស្រងែ​នេះ​រហូត​ដល់​សហស្សវត្សរ៍ ។ ស្រងែ​ពិត​ខ្លះ​ថែមទាំង​ក្លែង​ខ្លួន​ធ្វើជា​ស្រូវ​សាលី​ទៀត​ផង » ( « Becometh as a Child » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៦៨ ) ។

  8. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:៤, ៦ ។

  9. សូមមើល កូល៉ុស ២:៧ ។

  10. សូម​មើល កូល៉ុស ១:២៣; សូមមើល​ផងដែរ អេភេសូរ ៣:១៧; នែល អេ ម៉ាក់ស្វែល « Grounded, Rooted, Established, and Settled » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៨១ ) នៅលើ​គេហទំព័រ speeches.byu.edu ។

  11. នៅក្នុង ម៉ាថាយ ១៣:២២ ព្រះយេស៊ូវ​បាន​ព្រមាន​ពួកសិស្ស​របស់​ទ្រង់​ថា​កុំ​អនុញ្ញាត​ឲ្យ​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ « មក​ខ្ទប់​ព្រះបន្ទូល​ជាប់ » ហើយ​បញ្ឈប់​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​ឡើយ ។ ខ្ញុំ​ចង់​ភ្ជាប់​ឃ្លា « មក​ខ្ទប់​ព្រះបន្ទូល​ជាប់ » ជំពូក​ទីមួយ​នៃ​គម្ពីរ​យ៉ូហាន, ត្រង់​ដែល​យ៉ូហាន​ប្រកាស​ថា ព្រះបន្ទូល​គឺ​ជា​ព្រះយេស៊ូវ​ថា ៖ « កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ហើយព្រះបន្ទូលនោះ​ឯង​ជា​ព្រះ » ។ … គ្រប់​របស់​ទាំងអស់​បាន​កើតមក​ដោយសារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណាមួយ​កើត​មក​ក្រៅពី​ទ្រង់​ឡើយ » ( យ៉ូហាន ១:១, ៣ ) ។ សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការតាំង​ចិត្ត​របស់​យើង​ដើម្បី​ដើរតាម​ទ្រង់ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​អាច​រង​ការខ្ទប់ ឬ​រារាំង​មិន​ឲ្យមាន​ការរីក​ចម្រើន​បាន ដោយសារ​វា​ខ្វះ​ពន្លឺ និង​ការថែទាំ​ខាង​វិញ្ញាណ ( សូមមើល អាលម៉ា ៣២:៣៧–៤១ ) ។

  12. សូមមើល នែល អិល អាន់ឌើរសិន « A Compensatory Spiritual Power for the Righteous » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ) នៅលើ​គេហទំព័រ speeches.byu.edu ។

  13. យ៉ូហាន ១៧:៣ ។

  14. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ ។

  15. យ៉ូហាន ទី១ ៤:១៩ ។

  16. អែលឌើរ ដាវីឌ ប៊ី ហេត បាន​មាន​ប្រសាសន៍ ៖

    « វា​ជាការ​ពិត​ថា មាន​មនុស្ស​មួយចំនួន​ពិត​ជា​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ ប៉ុន្តែ​នៅពេល​មើល​ពាក្យ​នៅក្នុង​វចនានុក្រម គាត់បាន​រៀន​ថា​មាន​អត្ថន័យ​ច្រើន​ផ្សេងទៀត ចំពោះ​ពាក្យ ឃើញ នេះ ដូចជា​ការមក​ស្គាល់​ទ្រង់ ការញែក​ដឹងពី​ទ្រង់ ការទទួល​ស្គាល់​ទ្រង់ និង​កិច្ចការ​របស់​ទ្រង់ ការយល់ដឹង​អំពី​សារៈសំខាន់​របស់​ទ្រង់ ឬ​ការបាន​យល់ដឹង​អំពី​ទ្រង់ ។

    ការបំភ្លឺ និង​ពរជ័យ​ពី​សួគ៌ា​បែបនោះ​មាន​សម្រាប់​យើង​ម្នាក់ៗ » ( « Temples and Work Therein » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៦១ ) ។

  17. សូម​មើល ម៉ូសាយ ៥:១៣ ។

  18. គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧ ។

  19. រ័សុល អិម ណិលសុន « The Everlasting Covenant » Liahona ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៥ ។

  20. រ័សុល អិម ណិលសុន « What Is True? »,Liahonaខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ២៩ ។

  21. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our LivesLiahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  22. ដាល្លិន អេក អូក « Going Forward in the Second Centuryការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ speeches.byu.edu ។ ប្រធាន អូក បាន​ចុះ​ឃ្លា « ហ៊ាន​ធ្វើ​ខុសគេ » នៅក្នុង​អត្ថបទ​ថ្មីៗ​មួយ​នៅក្នុង​ទស្សនាវដ្ដី Deseret Magazineដោយ​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត អភិបាល​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ស្ដីពី​ការរក្សា​អត្តសញ្ញាណ​ខាង​សាសនា​នៅក្នុង​ការអប់រំ​កម្រិត​ឧត្តម ( សូមមើល « Dare to Be Different » Deseret Magazineខែ កញ្ញា ឆ្នាំ ២០២២ នៅលើ​គេហទំព័រ deseret.com ) ។

  23. ប្រសិនបើ​បងប្អូន​ចង់​រៀន​មកពី​អ្នកដទៃ ដែល​បាន​បញ្ចេញ​មតិយោបល់​ស្ដីពី​របៀប​ដែល​ពួកគេ​បាន​ធ្វើ​ខុសពី​ពិភពលោក​នេះ បងប្អូន​អាច​អាន​មតិ​របស់​ពួកគេ​នៅលើ​ហ្វេសបុក​បាន ( សូមមើល Neil L. Andersen, Facebook នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ នៅលើ​គេហទំព័រ facebook.com/neill.andersen ) ឬ Instagram ( សូមមើល Neil L. Andersen, Instagram នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២២ នៅលើ​គេហទំព័រ instagram.com/neillandersen ) ។

  24. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែលការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  25. អាណាស្ដាហ្សៀ ខូឆេវ៉ា « Facing the Conflict in Ukraine, Healing the Conflict in My HeartYA Weeklyខែ ឧសភា ឆ្នាំ ២០២២ ។

  26. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៦៥ ។