សន្និសីទទូទៅ
នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក​របស់​ទ្រង់​ក៏​ស្រាល

ចូរ​យើង​ទាំងអស់គ្នា​ចាំ​ថា​បុគ្គល​ម្នាក់ៗ​នៅលើ​ផែនដី​នេះ គឺជា​កូន​របស់​ព្រះ ហើយ​ទ្រង់​ស្រឡាញ់​មនុស្សគ្រប់រូប ។

មានដំណាលរឿងអំពី​បុរស​ម្នាក់​ឈ្មោះ ចាក ដែល​មាន​ឆ្កែ​ប្រមាញ់​សំណព្វមួយក្បាល​ឈ្មោះ ខេស៊ី ។ ចាក មាន​មោទនភាព​ចំពោះ ខេស៊ី ណាស់ គាត់​តែងតែ​និយាយ​អួត​អំពី​ឆ្កែ​ដ៏ជំនាញ​របស់​គាត់ជា​រឿយៗ ។ ដើម្បីបង្ហាញ​ពីរឿងនេះ ចាក បាន​អញ្ជើញ​មិត្ត​មួយចំនួន​ឲ្យ​មកមើល ​ខេស៊ី សម្តែង ។ ក្រោយពី​ទៅដល់​ខ្លឹប​បរបាញ់សត្វ ចាក ឲ្យ​ខេស៊ី រត់លេង​នៅ​ខាង​ក្រៅ ​ខណៈដែល​គាត់​ចូល​ទៅ​ចុះឈ្មោះ​ ។

នៅពេល​ដល់​ម៉ោង​ចាប់ផ្តើម ចាក ​អន្ទះសារ​ចង់​បង្ហាញ​ជំនាញពិសេស​របស់ ខេស៊ី ។ ប៉ុន្តែ ខេស៊ី ធ្វើ​អ្វី​ប្លែកៗ​ទៅ​វិញ ។ ខេស៊ី មិន​ស្តាប់​ ចាក ដែល​ជាធម្មតាវា​ស្តាប់​​ណាស់ ។ អ្វី​ដែល​វាចង់​ធ្វើ ​​គឺ​ចង់​នៅ​ក្បែរ​ចាក ។

ចាក ខកចិត្ត ​ខ្មាសអៀន ហើយ​ខឹង ខេស៊ី ភ្លាម​នោះ គាត់​ក៏​សូម​ឲ្យ​មិត្ត​ត្រឡប់​ទៅវិញ ។ ខេស៊ី ពុំ​ហាន​លោត​ចូល​ខាងក្រោយ​ឡាន​ទេ ចាក បាន​ចាប់​វា​បោះ​ឡើង ហើយ​រុញ ​ខេស៊ី ​ចូល​ទៅក្នុង​ទ្រុង ។ ចាក ​ខឹង​នឹង​អ្នកទាំងអស់​នោះ​ដែល​បាន​សើចចំអក​ដល់​ឆ្កែ​គាត់ នៅ​​តាមផ្លូវ​រហូត​ដល់​ផ្ទះ ។ ចាក មិនយល់ថា ​ហេតុអ្វី​ ខេស៊ី ​មានសភាព​មិនល្អ​បែបនោះ​ទេ ។ ខេស៊ី បាន​ហ្វឹកហាត់​យ៉ាង​ល្អ ហើយ​វាចង់​ផ្គាប់ចិត្ត និង​បម្រើ​ដល់ ចាក ។

ពេល​មកដល់​ផ្ទះ​វិញ ចាក បានមើល ខេស៊ី បើមាន​​របួស មុតបន្លា ឬ​មានចៃឬទេ ដូច​ដែល​គាត់​ធ្លាប់​​ធ្វើ​ពីមុន ។ នៅពេល​គាត់​ដាក់ដៃទៅ​លើទ្រូង​វា គាត់​មាន​អារម្មណ៏ថាសើម ហើយក៏​មើល​ដៃ​មាន​ប្រលាក់​ឈាម ។ ​គាត់​​រន្ធត់ចិត្ត ពេល​បាន​ឃើញ​ថា ខេស៊ី មាន​ស្នាម​មុត​យ៉ាងវែង ត្រង់​ឆ្អឹងទ្រូង ។ គាត់​បាន​រកឃើញ​ស្នាម​មុត​មួយ​ទៀត​នៅ​លើ​ជើង​មុខ​ខាងស្តាំ​ វា​មុត​ដល់​ឆ្អឹង​ផងដែរ ។

ចាក បាន​ឱប ខេស៊ី ​យំ ។ គាត់​ខ្មាសណាស់ដែល​គាត់​បាន​វាយ​តម្លៃ​ខុស និង​ធ្វើខុស​ចំពោះ​ខេស៊ី ។ ខេស៊ី ​មាន​អាការៈ​មិន​ល្អ​កាលពី​ថ្ងៃមុន ព្រោះ​វា​មាន​របួស ។ អាការៈ​របស់​វាដូច្នោះ ព្រោះ​មកពី​ការឈឺចាប់ ការរងទុក្ខ​ និង​ស្នាម​របួស​របស់​វា ។ វា​ពុំមែន​មិន​ស្តាប់​បង្គាប់ ចាក ឬ​អត់ស្រឡាញ់គាត់​នោះ​ទេ ។

ខ្ញុំ​​ឮ​រឿង​នេះអស់​ច្រើន​ឆ្នាំ​មក​ហើយ ចាំ​មិន​ភ្លេចទេ ។ តើ​មា​នអ្នក​រងរបួស​ប៉ុន្មាន​នាក់​នៅក្នុង​ចំណោម​ពួកយើង ? តើ​យើង​វិនិច្ឆ័យ​អ្នកដទៃ​តាម​រូបរាង​ខាងក្រៅ និង​ទង្វើ ឬ​កង្វះ​សកម្មភាពញឹកញាប់​ប៉ុណ្ណា​បើ​នៅពេលយើង​យល់​ច្បាស់ ​យើង​នឹងមាន​ប្រតិកម្ម​ដោយ​ក្តីមេត្តា ហើយ​មាន​បំណង​ចង់​ជួយ ជាជាង​វិនិច្ឆ័យ​បន្ថែម​ទៅលើ​បន្ទុក​របស់​ពួកគេ​ ?

ខ្ញុំខុស​ក្នុង​រឿង​នេះ​​ជាច្រើន​ដង​ក្នុង​ជីវិត​ខ្ញុំ ប៉ុន្តែ​ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ដោយ​អត់ធ្មត់ ​តាមរយៈ​បទពិសោធន៍​ផ្ទាល់ខ្លួន និង​ពេល​ដែល​ខ្ញុំ​ស្តាប់​បទពិសោធន៍​ជីវិត​អ្នកផ្សេង​​ជាច្រើនទៀត ។ ខ្ញុំ​មាន​អំណរគុណ​កាន់​តែ​ខ្លាំងចំពោះ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​របស់​យើង នៅ​ពេល​ទ្រង់​បាន​ចំណាយ​ពេល​របស់​ទ្រង់ ជា​ច្រើន​បម្រើ​ដល់​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ ។

បទពិសោធន៍​ជីវិត​​កូន​ស្រីពៅ​ខ្ញុំ ​មាននូវ​បញ្ហា​​សុខភាព​ផ្លូវចិត្ត​ចាប់តាំងពី​នាង​នៅ​តូច ។ មានពេល​ជាច្រើនដង​នៅក្នុង​ជីវិត​របស់​នាង ​នាង​មាន​អារម្មណ៍​ថា នាង​មិន​អាច​បន្តទៅ​មុខ​ទៀតទេ​ ។ យើង​នឹង​ដឹងគុណ​រហូត​ចំពោះ​អស់អ្នក​ដែល​បាន​នៅទីនោះ​ក្នុង​គ្រា​ទាំងនោះ ៖ ដោយ​អង្គុយ​ជា​មួយ​នាង ស្តាប់​នាង យំ​ជា​មួយ​នាង និង​ការចែករំលែក​អំណោយទាន​ពិសេស​ជាមួយគ្នា ការយល់ដឹង​ខាងវិញ្ញាណ និង​ទំនាក់ទំនង​នៃ​សេចក្តី​ស្រឡាញ់​ទៅវិញ​ទៅមក ។ នៅ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ស្រឡាញ់​បែប​នេះ ជាញឹកញាប់ បន្ទុក​នានា​ត្រូវ​បានសម្រាល​ទាំងសងខាង ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ដកស្រង់​ពី​កូរិនថូស ទី ១ ​ដែលចែង​ថា ៖ « ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ » ។

លោក​បាន​បន្ត​ថា ៖

« សារ​របស់​ប៉ុល​ចំពោះ​រូបកាយ​នៃ​ពួកបរិសុទ្ធ​ថ្មី​នេះ​គឺ​សាមញ្ញ និង​ចំៗ​ថា ៖ គ្មាន​អ្វី​ដែល​អ្នក​ធ្វើ​មាន​ភាពខុសប្លែក​ខ្លាំង​នោះទេ បើ​អ្នក​គ្មាន​​សេចក្ដី​សប្បុរស​ទេនោះ ។ បងប្អូន​អាច​និយាយ​ភាសា​ដទៃ មាន​អំណោយទាន​នៃ​ការព្យាករណ៍ យល់​ពី​អាថ៌កំបាំង​ទាំងអស់ … ហើយ​មាន​ចំណេះដឹង​ទាំងអស់ ទោះបីជា​បងប្អូន​មាន​ជំនឿ​រើ​ភ្នំ​បាន​ក៏ដោយ បើ​គ្មាន​សេចក្ដី​សប្បុរស​ទេ វា​មិន​ចំណេញ​អ្វី​ដល់​បងប្អូន​ទាល់តែ​សោះឡើយ ។

« ‹ សេចក្តីសប្បុរស​គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ › [ មរ៉ូណៃ ៧:៤៧ ] ។ ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ជា​គំរូ​ដល់​សេចក្ដី​ស្រឡាញ់​នោះ » ។

នៅក្នុង​គម្ពីរ​យ៉ូហាន យើងអាន « គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

មាន​សុន្ទរកថា​ជាច្រើន​ដែល​បាន​ថ្លែង​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​យើង​អំពី សេចក្តីសប្បុរស ការរួបរួមគ្នា សេចក្តី​ស្រឡាញ់ សន្ដាន​ចិត្តល្អ សេចក្តី​អាណិត​អាសូរ ការអភ័យ​ទោស និង​សេចក្តី​មេត្តា​ករុណា ។ ខ្ញុំ​ជឿថា​ព្រះអង្គសង្រ្គោះ​កំពុង​អញ្ជើញ​យើង​ឲ្យ​រស់នៅ​តាម​របៀប​ដែល​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​មួយជា​របៀប​នៃ​សេចក្តី​ស្រឡាញ់ របស់​ទ្រង់ដែល​មនុស្ស​ទាំងអស់អាច​មាន​អារម្មណ៍ថា​ ពួកគេ​ពិតជា​មាន​ចំណែក និង​ត្រូវការ ។

ពួក​យើង​ត្រូវ​បាន​បង្គាប់​​ឲ្យ​ស្រឡាញ់​អ្នកដទៃមិន​ត្រូវ​វិនិច្ឆ័យ​ពួក​គេ​ឡើយ ។ ចូរ​យើង​ឈប់​វិនិច្ឆ័យ​អ្នកដទៃ​ វា​ពុំ​មែនជា​តួនាទី​របស់​យើង​នោះទេ ។ ផ្ទុយទៅវិញ យើង​អាច​រើសយក​នឹម​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​វិញ ។

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ …

ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល » ។

ព្រះអង្គ​សង្គ្រោះ​ពុំអត់ទោស​អំពើ​បាប​ឡើយ ប៉ុន្តែ​បាន​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​ស្រឡាញ់និង ការអភ័យទោសនៅពេល​យើង​ប្រែចិត្ត ។ ចំពោះ​ស្ត្រី​ដែល​ប្រព្រឹត្តិ​អំពើ​ផិត​ក្បត់ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ កុំ​ធ្វើ​បាប​ទៀត​ឡើយ »១០ អស់អ្នក​​ដែល​ទ្រង់​បាន​ជួប បាន​ទទួល​អារម្មណ៍ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហើយ​សេចក្តី​ស្រឡាញ់​នោះ​បាន​ព្យាបាល ហើយ​​ផ្លាស់ប្តូរ​ពួកគេ ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់បាន​បំផុសគំនិត​ពួកគេ​ឲ្យ មាន​បំណងផ្លាស់ប្តូរ​ជីវិត​ ។ ការរស់នៅ​តាម​របៀប របស់​ទ្រង់នាំមក​នូវ​អំណរ និង​ភាព​សុខសាន្ត ហើយ​ទ្រង់ បាន​អញ្ជើញអ្នកដទៃ​មក​រស់នៅ​តាម​របៀបទន់ភ្លន់ សន្តាន​ចិត្តល្អ និង​សេចក្តី​ស្រឡាញ់ ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន​ បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ជួប​នឹង​​ព្យុះ​ភ្លៀង​ជីវិត ជំងឺ និង​គ្រោះថ្នាក់​នានា នោះ​ព្រះអម្ចាស់—អ្នក​គង្វាល​ អ្នក​មើល​ថែ​របស់​យើង—នឹង​បីបាច់​យើង​ដោយ​ក្តីស្រឡាញ់ និង​ចិត្តសប្បុរស ។ ទ្រង់​នឹង​ព្យាបាល​ដួងចិត្ត​​ ហើយ​ស្តារព្រលឹង​យើង​ឡើងវិញ ។១១ ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ តើ​យើង​គួរ​ដើរ​តាម​ទ្រង់​ដែរ​ទេឬ ?

ព្រះអង្គសង្រ្គោះ​បាន​បង្គាប់​យើង​ឲ្យ​រៀន​នឹង​ទ្រង់​១២ ហើយ​ធ្វើ​កិច្ចការ​ដែលយើង​ឃើញទ្រង់ ។១៣ ទ្រង់​គឺជា​តំណាងនៃសេចក្តីសប្បុរស ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ ។ នៅពេល​យើង​រៀន​ធ្វើ​បន្ដ​បន្ទាប់​តាមអ្វី​ដែល​ទ្រង់​បាន​សុំ​ឲ្យ​ធ្វើ—ពុំ​មែន​ព្រោះតែ​កាតព្វកិច្ច ឬ​ដើម្បី​ទទួលបាន​ពរជ័យ​ដែល​យើងអាច​ទទួល ប៉ុន្តែ​ដោយ​ក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​ចំពោះ​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង១១៤—នោះសេចក្តី​ស្រឡាញ់​របស់​ទ្រង់​នឹងបង្ហាញតាម​រយៈ​យើង ហើយមិន​ត្រឹម​តែ​អាច​ធ្វើឲ្យ​អ្វីៗ​​ដែល​ទ្រង់​បង្គាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅទីបំផុត​ វាកាន់តែ​ងាយស្រួល និង​ស្រាល​ជាងមុន១៥ ហើយ​រីករាយ​ជាង​ដែល​យើង​នឹក​ស្មាន​ដល់ ។ ​សម្រាប់​ខ្ញុំ ការណ៍​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បង្គាប់​ ទាមទារ​ឲ្យ​មាន​ការអនុវត្តជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នៅពេល​យើង​ចង់​មាន​សេចក្ដី​ស្រឡាញ់​ជា​កម្លាំង​ជំរុញ​ចិត្ត​របស់​យើង នោះ​ទ្រង់​អាច​ទទួល​យក​ បំណង​ប្រាថ្នា គ្រាប់ពូជ​​នោះ១៦ ហើយ​ទីបំផុត​ វាប្រែ​ទៅជា​ដើមឈើ​ដ៏ស្អាត ដែលមាន​ផ្លែដ៏​ផ្អែម​បំផុត ។១៧

យើង​ច្រៀង​​ទំនុក​តម្កើង​ដែល​យើង​ចូលចិត្ត « តើ​ខ្ញុំ​ថ្កោល​ទោស​អ្នក​ផ្សេង​ម្ដេច​ទៅ បើ​ខ្ញុំ​មិន​បាន​ល្អខ្ចោះ​ផង ? ក្នុង​ដួង​ចិត្ត​លាក់​កំបាំង​ដ៏​ស្ងប់ស្ងាត់ ទុក្ខ​ព្រួយ​ដែល​ភ្នែក​មិន​អាច​ឃើញ » ។១៨ តើ​អ្នកណា​ក្នុង​ចំណោម ពួកយើង ដែល​​មាន​ទុក្ខ​ព្រួយ ដែល​យើង​​មើលមិនឃើញ ? ក្មេង​ជំទង់ និង​កុមារ​រដែលបះបោរ កុមារក្នុង​គ្រួសារ​បែកបាក់​គ្នា ម្តាយ ឬ​ឪពុកទោល អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវកាយ ឬ​ផ្លូវចិត្ត អ្នក​ដែល​សង្ស័យ​​ជំនឿ​ខ្លួន​ឯង​ អ្នក​ដែល​ជួប​ការរើសអើង​ពូជសាសន៍ ឬ​វប្បធម៌ អ្នក​ឯកោ អ្នក​ដែល​ចង់​រៀបការ អ្នក​​ញៀន និង​មនុស្ស​ជាច្រើន​ទៀត​ដែល​កំពុង​ប្រឈម​នឹង​បទពិសោធន៍​​បញ្ហា​ជីវិត​ដ៏លំបាកៗ​—ជារឿយៗ​ សូម្បីតែ​អ្នក​ដែល​មើលទៅ​ថាមាន​ជីវិត​ល្អឥតខ្ចោះ​​ក្ដី ។

គ្មាន​នរណា​ម្នាក់​មាន​ជីវិត​ ឬ​គ្រួសារ​ល្អ​ឥតខ្ចោះ​នោះទេ ខ្ញុំ​ជឿ​ថា​ពុំ​មាន​ទេ ។ នៅពេល​យើង​ស្វែងយល់ចិត្ត​​អ្នកដទៃ​ដែល​ជួប​ឧបសគ្គ និង​មិនល្អ​ឥតខ្ចោះ​ដែរ​នោះ វា​អាច​ជួយ​ពួកគេ​ដឹង​ថា​ពួកគេពុំឯកោ​នៅក្នុង​បញ្ហា របស់​ពួកគេនោះទេ ។ មនុស្ស​គ្រប់រូប ចាំបាច់ត្រូវដឹងថា​ពួកគេ ពិតជា មាន​ចំណែក ហើយ ត្រូវ​ការ ​នៅក្នុងតួអង្គ​នៃ​ព្រះគ្រីស្ទ ។១៩ ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​សាតាំង គឺ​ដើម្បី​បំបែក​បុត្រាបុត្រី​របស់​ព្រះ ហើយ​វា​​ទទួល​ជោគជ័យ​​ខ្លាំងណាស់​ ប៉ុន្តែ​ការរួបរួម​គ្នា​មាន​អំណាច​ដ៏​អស្ចារ្យ ។២០ ហើយ​យើង​ពិត​ជាត្រូវ​ធ្វើការ​រួមគ្នា ជួយ​គាំទ្រគ្នា​ក្នុង​ដំណើរ​ដ៏​លំបាក​នៃ​ជីវិត​រមែង​ស្លាប់​នេះ !

ព្យាការី​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖​« ការរំលោភ​បំពានការរើសអើង ណាមួយចំពោះ​គ្នា ដោយសារតែ​សញ្ជាតិ ពូជសាសន៍ ទំនោរ​ផ្លូវភេទ ភេទ សញ្ញាបត្រ​សិក្សា វប្បធម៌ ឬ​អត្តសញ្ញាណ​សំខាន់ៗ​ផ្សេងទៀត គឺជា​ការប្រមាថ​ដល់​អង្គ​បង្កបង្កើត​របស់​យើង ! ការធ្វើបាប​បែបនេះ​បណ្ដាល​ឲ្យ​យើង​រស់នៅ​ពុំសម​នឹង​ឋានៈយើង​ក្នុងនាម​ជា​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ឡើយ ! »២១

ខណៈ​ប្រធាន រ័សុល អិម ណិលសុន​បាន​អញ្ជើញ​យើង​​ឲ្យ​មក និង​បន្ត​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ដែល​នាំ​ត្រឡប់​ទៅរក​ព្រះអង្គសង្រ្គោះ និង​ព្រះវរបិតា​នៅឯ​ស្ថានសួគ៌ លោក​ក៏បាន​ផ្តល់​ការ​ប្រឹក្សា​ដូចតទៅ​ថា ៖ « បើ​មិត្តភក្តិ និង​គ្រួសារ … ចាកចេញ​ពី​សាសនាចក្រ សូមបន្ត​ស្រឡាញ់​ពួកគេ ។ ពេល​បងប្អូន​កាត់​ក្ដី​​ការជ្រើសរើស​របស់​មនុស្ស​ម្នាក់ នោះ​វា​ដូចគ្នា​នឹង​កាល​ដែល​បងប្អូន​ត្រូវគេ​រិះគន់​ចំពោះ​ការបន្ត​នៅ​ស្មោះត្រង់​ដូច្នោះ​ដែរ » ។២២

មិត្ត​ជាទីស្រឡាញ់ ចូរ​យើង​ទាំងចាំ​ថា​បុគ្គល​ម្នាក់ៗ​នៅលើ​ផែនដី​នេះ គឺជា​បុត្រ​របស់​ព្រះ២៣ ហើយ​ទ្រង់​ស្រឡាញ់​យើង​គ្រប់ៗគ្នា ។២៤ តើ​មាន​នរណា​តាមផ្លូវ ​បងប្អូន ដែល​បងប្អូន​ចង់កាត់ក្ដី​ដែរឬទេ ? បើ​មាន សូម​ចាំថា នេះ​គឺជា​ឱកាស​ដ៏អស្ចារ្យ​​ដើម្បីយើង អនុវត្ត ការ​ស្រឡាញ់​ឲ្យ​ដូចជា​ព្រះអង្គសង្គ្រោះ​ ។២៥ នៅពេល​យើង​ធ្វើ​តាម​គំរូ របស់​ទ្រង់ ​យើង​អាច​ទឹម​នឹម​ជាមួយនឹង ទ្រង់ ហើយ​ជួយ​បីបាច់អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការមាន​ចំណែក​នៅក្នុង​ដួងចិត្ត​របស់​បុត្រាបុត្រី​នៃ​ព្រះវរបិតា​យើង ។

« យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជាមុន » ។២៦ នៅពេល​យើង​ពោរពេញ​ទៅដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ នោះ​នឹម​របស់​ទ្រង់​ពិត ជាងាយ​ ហើយ​បន្ទុក​របស់​ទ្រង់ ស្រាល​២៧ ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​អំពីការណ៍​នេះ ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូម​មើល ចាក អរ គ្រីស្ទានសុន Healing the Wounded Soul ( ឆ្នាំ ២០០៨ ) ទំព័រ ២៧ ។

  2. កូរិនថូសទី ១ ១៣:១; សូមមើល មរ៉ូណៃ ៧:៤៤–៤៨ ។

  3. យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២៨ ។

  4. យ៉ូហាន ១៣:៣៥សេចក្តី​បញ្ជាក់​ត្រូវបាន​បន្ថែម សូមមើល​ផងដែរ​ខ​ ៣៤ ។

  5. សូមមើល រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦–៨ ។

  6. សូមមើល ម៉ាថាយ ២២:៣៦–៤០; យ៉ូហាន ១៣:៣៤–៣៥ ។

  7. សូមមើល ម៉ាថាយ ៧:១–៤ឌៀថើរ អេហ្វ អុជដូហ្វ « The Merciful Obtain Mercy »​Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧០–៧៧; សូមមើល​ផងដែរ រ៉ូប៊ឺត ស៊ី ហ្គេ « Taking upon Ourselves the Name of Jesus ChristLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៧–១០០ ។

  8. ករណី​លើកលែង​ចំពោះ​ការទទួល​ខុសត្រូវ​ក្នុង​ការវិនិច្ឆ័យ​នេះ​រួមមាន​ប៊ីស្សព និង ប្រធាន​ស្តេក ។ « ប្រធាន​ស្តេក និង​ប៊ីស្សព​ម្នាក់ៗ​គឺជា « ចៅក្រម​នៅក្នុង​អ៊ីស្រាអែល » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧២ ) ។ តាមរយៈ​សិទ្ធិ​អំណាច​នេះ ពួកលោក​ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប ហើយ​មក​រក​ព្រះគ្រីស្ទ ដែល​បាន​អត់ទោស​បាប ( សូម​មើល ៣២.១ និង ៣២.៣ ) » ( ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៣១.១.៧គេហទំព័រ ChurchofJesusChrist.org ) ។

  9. ម៉ាថាយ ១១:២៨–៣០បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  10. យ៉ូហាន ៨:១១បាន​បន្ថែម​ការគូសបញ្ជាក់; សូមមើល​ផងដែរ ខទី ៣–១០ ។

  11. ហ្កែរី អ៊ី ស្ទីវ៉ែនសុន « Hearts Knit Together » Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៣ ។

  12. សូមមើល ម៉ាថាយ ១១:២៩ ។

  13. សូមមើល នីហ្វៃទី ៣ ២៧:២១–២២ ។

  14. សូមមើល ម៉ាថាយ ២២:៣៧–៣៩ ។

  15. សូម​មើល ម៉ូសាយ ២៤:១៥ ។

  16. សូម​មើល អាលម៉ា ៣២:២៧ ។

  17. សូម​មើល អាលម៉ា ៣២:៤១ ។

  18. « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ទំនុក​តម្កើងលេខ ១៣៥ ។

  19. សូមមើល​កូរិនថូសទី ១ ១២:១២–២៧; សូមមើល​ផងដែរជែហ្រ្វី អ័រ ហូឡិន​« Songs Sung and Unsung » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៩-៥១ ។

  20. សូមមើល Sharon Eubank, “By Union of Feeling We Obtain Power with God,” Liahona, Nov. 2020, 55–57; សូមមើល also Dale G. Renlund, “The Peace of Christ Abolishes Enmity,” Liahona, Nov. 2021, 83–86; Sharon Eubank, “Turning Enemies into Friends” (Brigham Young University devotional, Jan. 23, 2018), គេហទំព័រ speeches.byu.edu ។

  21. រ័សុល អិម ណិលសុន « Choices for Eternity » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  22. រ័សុល អិម ណិលសុន « Choices for Eternity » គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  23. សូមមើល រ៉ូម ៨:១៦ ។

  24. សូមមើល អេសាយ ៤៩:១៦; រ៉ូម ៨:៣៥, ៣៨–៣៩ ។

  25. សូមមើល លូកា ៦:៣១–៣៨ ។

  26. យ៉ូហានទី ១ ៤:១៩ ។ « យើង​កំពុង​និយាយ​ទីនេះ គឺ​ថ្លែង​ពី​បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ​ដែល​បាន​ប្រទាន​ឲ្យ​គ្រួសារ​មនុស្ស​លោក—គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទាំង​ស្រុង ដោយ​គ្មាន​ចិត្ត​លាក់លៀម ឬ​ដោះសា​ឡើយ មាន​ន័យ​ថា អស់ពី​ចិត្ត អស់ពី​ពលំ អស់ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​យើង ។ គឺ​មាន​ន័យ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​គឺជា បញ្ញត្តិយ៉ាង​សំខាន់​ទីមួយ​នៅក្នុង​សាកលោក​នេះ ។ ប៉ុន្តែ សេចក្ដីពិតដ៏​ធំ​ទីមួយ​នៅក្នុង​សកលលោក​នេះ​គឺថា ព្រះ​ស្រឡាញ់​យើងយ៉ាងពិត —អស់ពី​ព្រះទ័យ ដោយ​មិន​លាក់លាម ​ឬ ដោះសារ​ឡើយ ទ្រង់​ស្រឡាញ់​អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង របស់​ទ្រង់ »​( Jeffrey R. Holland, “The Greatest Possession,” Liahona, Nov. 2021, 9 ) ។

  27. សូមមើល ម៉ាថាយ ១១:២៨–៣០ ។