សន្និសីទទូទៅ
ការថែទាំ និង ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន ។
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ការថែទាំ និង ការថ្លែង​ទីបន្ទាល់​របស់​បងប្អូន ។

ខ្ញុំ​សូមអញ្ជើញ​បងប្អូន​ឲ្យ​រក​ឱកាស​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ទាំង​ដោយ​ពាក្យសម្ដី និង ទង្វើ ។

សេចក្ដីផ្ដើម

ដំណើរ​ជីវិត​ផ្លាស់​ប្តូរ​កើត​ឡើង​ជាញឹកញាប់ និង​មិន​រំពឹងទុក ទោះ​ជា​បងប្អូន​នៅ​ក្មេង​ក៏ដោយ ។ ខ្ញុំ​សូម​ចែក​ចាយ​រឿង​មួយ អំពី​សិស្ស​ថ្នាក់​វិទ្យាល័យ​ម្នាក់​ឈ្មោះ ខេវិន ដែលបាន​ជ្រើស​រើស​ធ្វើ​ដំណើរ​ចេញ​ពី​រដ្ឋ ទៅ​ចូលរួម​ព្រឹត្តិការណ៍​អ្នក​ដឹកនាំ​សិស្ស ដែល​គាត់​បាន​រៀបរាប់ដោយ​ផ្ទាល់ ។

« ពេល​ដល់​វេន​ខ្ញុំ អ្នក​ចុះ​ឈ្មោះ​បាន​សួរ​ឈ្មោះ​ខ្ញុំ ។ គាត់​បាន​មើល​ក្នុង​បញ្ជី​ហើយ​និយាយ​ថា ‹ អញ្ចឹង ប្អូន​ជា​យុវជន​មក​ពី​រដ្ឋ យូថាហ៍ › ។

ខ្ញុំ​បាន​សួរ​ថា « ‹ បង​ចង់​ប្រាប់​ថា មាន​តែ​ខ្ញុំ​ទេ​ឬ ? ›

« ‹ មែន​ហើយ មាន​តែ​ប្អូន​ម្នាក់​គត់ › ។ គាត់​បាន​ហុច​ស្លាក​ឈ្មោះ​ឲ្យ​ខ្ញុំ ដែល​វា​មាន​សរសេរ​ពាក្យ ‹ យូថាហ៍ › នៅ​ខាង​ក្រោម​ឈ្មោះ​របស់​ខ្ញុំ ។ នៅ​ពេល​ខ្ញុំ​ពាក់​ស្លាក​ឈ្មោះ ខ្ញុំ​មាន​អារម្មណ៍ថា​គេ​ដាក់​ងារ​ឲ្យ​ខ្ញុំ ។

« ខ្ញុំ​ប្រជ្រៀត​ចូល​ជណ្តើរយន្ត​សណ្ឋាគារ​ជា​មួយ​សិស្ស​វិទ្យាល័យ​ប្រាំ​នាក់​ទៀត​ដែល​មាន​ស្លាក​ឈ្មោះ​ដែរ ។ មាន​សិស្ស​ម្នាក់​បាន​សួរ​ខ្ញុំ​ថា ‹ សួស្តី តើ​ឯង​មក​ពីរដ្ឋ​យូថាហ៍មែនទេ ។ តើ​ឯង​ជា​មរមន​មែន​ទេ ?

« ខ្ញុំ​មាន​អារម្មណ៍​​មិន​ល្អ​ចំពោះ​អ្នក​ដឹក​នាំ​សិស្ស​មកពី​គ្រប់​ប្រទេសផ្សេង​ទៀតសោះ ។ ‹ បាទ › ខ្ញុំឆ្លើយ​ដោយ​ស្ទាក់ស្ទើរ ។

« ‹ ឯង​គឺ​ជា​មនុស្ស​ដែល​ជឿ​លើ យ៉ូសែប ស្ម៊ីធ ដែល​បាន​និយាយ​ថា ​គាត់​បាន​ឃើញ​ទេវតានោះមែនទេ ។ ឯង​មិន​បាន​ជឿ​រឿង​នោះ​​ពិត​ទេ ? ›

« ខ្ញុំ​មិន​ដឹង​ត្រូវ​ឆ្លើយ​បែបណា​នោះ​ទេ ។ សិស្ស​នៅ​ក្នុង​ជណ្ដើរ​យន្ត​ទាំង​អស់​សម្លឹង​មក​ខ្ញុំ ។ ខ្ញុំ​ទើប​តែ​មក​ដល់ ហើយ​គ្រប់​គ្នា​គិត​ថា​ខ្ញុំ​ខុស​គេ ។ ខ្ញុំ​ចាប់ផ្តើម​ការពារ​ខ្លួន​បន្តិច ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ឆ្លើយ​ថា ខ្ញុំ​ដឹងថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​របស់​ព្រះ › ។

«​‹ តើ​ពាក្យ​ទាំង​នោះ​ចេញ​មកពី​ណា ?›  ខ្ញុំ​ឆ្ងល់ ។ ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​មាន​ពាក្យ​នោះ​ក្នុង​ខ្លួន​ខ្ញុំ​ទេ ។ ប៉ុន្តែ​ពាក្យ​នោះ​ជា​ពាក្យ​ពិត ។

គាត់​បាន​និយាយ​ថា « ‹ មែន​ហើយ ខ្ញុំ​ឮ​គេ​និយាយ​ថា ពួក​ឯង​កាន់​សាសនា​ល្ងីល្ងើ › ។

« ពាក្យ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ទ្រឹង​ទាំង​មិន​ស្រណុកចិត្ត​ពេល​ជណ្តើរយន្ត​បើកទ្វារ ។ ពេល​យើង​យក​វ៉ាលី​របស់​យើង គាត់​បាន​ដើរចេញ​ទៅ​ដោយ​សើច​ចំអក ។

« បន្ទាប់​មក មាន​សំឡេង​សួរ​ពី​ក្រោយ​ខ្នងខ្ញុំ​ថា ‹ សួស្តី ! តើ​ពួក​មរមន​មាន​ព្រះគម្ពីរ​ប៊ីប​មួយ​ទៀត​មែន​ទេ ? ›

« អូ៎ អត់​ទេ ។ កុំ​កើត​ឡើង​ទៀត​អី ។ ខ្ញុំ​បាន​ងាក​ទៅ​មើល​សិស្ស​ម្នាក់​ទៀត ​ដែល​នៅ​ក្នុង​ជណ្តើរយន្ត​ជា​មួយ​ខ្ញុំ ឈ្មោះ គ្រីស្តូហ្វឺ ។

ខ្ញុំ​ចង់​បញ្ចប់​ការសន្យានោះ​ដោយនិយាយ​ថា « ‹ វា​គឺ​ព្រះ​គម្ពីរ​មរមន › ។ ខ្ញុំ​លើក​វ៉ាលី​ខ្ញុំ​ដើរ​ចេញ​ទៅ ។

គាត់​បាន​សួរ​ថា « ‹ តើ​គម្ពីរ​នោះ យ៉ូសែប ស្ម៊ីធ​បាន​បកប្រែ​មែន​ដែរ​ទេ ? ›

ខ្ញុំ​បាន​ឆ្លើយ​ថា « ‹ មែន ត្រូវ​ហើយ › ខ្ញុំ​បន្ត​ដើរ​ទៅមុខ ចង់​គេច​ពី​ភាព​អាម៉ាស់​នោះ ។

« ‹ មែនហើយ តើ​ឯង​ដឹង​ថា​ខ្ញុំ​អាច​ទទួល​បាន​ព្រះគម្ពីរ​នោះ​ដោយ​របៀប​ណា​ទេ ? ›

« រំពេច​នោះ​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​ បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ ។ ‹ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តីខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ › ។ ពេល​ខ្ញុំ​គិត​ដល់​ខគម្ពីរ​នោះ ខ្ញុំ​ខ្មាស​ដែល​ខ្ញុំ​មាន​សេចក្តី​អាម៉ាស ។

« ខ្ញុំ​ចាំពី​ខគម្ពីរ​នោះអស់​ពេល​មួយ​សប្តាហ៍ ។ ខ្ញុំ​បាន​ឆ្លើយ​សំណួរ​ជា​ច្រើន​អំពី​សាសនាចក្រ​ដោយ​អស់​ពី​សមត្ថភាព​ខ្ញុំ ហើយ​ខ្ញុំ​បាន​រាប់​អាន​មិត្តភក្ដិ​ជា​ច្រើន ។

« ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំមាន​មោទន​ភាព​ចំពោះ​សាសនា​របស់​ខ្ញុំ​ខ្លាំង​ណាស់ ។

« ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅ គ្រីស្តូហ្វឺ ​មួយ​ក្បាល ។ ក្រោយមក​គាត់​បាន​សរសេរ ប្រាប់​ខ្ញុំ​ថា ​គាត់​បាន​អញ្ជើញ​អ្នក​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ផ្ទះ​គាត់ ។

« ខ្ញុំ​បាន​រៀន​ថា មិន​ត្រូវ​ខ្មាសអៀន​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ទេ ។

ខ្ញុំ​បាន​ទទួល​ការ​បំផុសគំនិត​ដោយ​ភាពក្លាហាន​របស់ ខេវិន ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​គាត់ ។ វា​គឺ​ជា​ភាពក្លាហាន​របស់​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ​ទូទាំង​ពិភពលោក ដែល​បាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀតជា​រៀង​រាល់ថ្ងៃ ។ កាល​ខ្ញុំ​ចែកចាយ​គំនិត​របស់ខ្ញុំ សូម​អញ្ជើញ​បងប្អូន​ឲ្យ​គិត​អំពី​សំណួរ​ទាំង​បួន​នេះ ៖

  1. តើ​ខ្ញុំ​ដឹង និង​យល់​ថា ទីបន្ទាល់​ជា​អ្វី​ដែរ​ឬ​ទេ ?

  2. តើ​ខ្ញុំ​ដឹង​ពី​របៀប​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

  3. តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ?

  4. តើ​ខ្ញុំ​ថែរក្សា​ទីបន្ទាល់​របស់ខ្ញុំ​ដោយ​របៀបណា ?

តើ​ខ្ញុំ​ដឹង និង​យល់​ថា​ ​ទីបន្ទាល់គឺជាអ្វី​ដែរ​ឬ​ទេ ?

ទីបន្ទាល់​របស់​បងប្អូន​គឺ​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត ដែល​ជា​ញឹកញាប់​ទាក់ទង​នឹង​អារម្មណ៍​ខាង​វិញ្ញាណ ។ អារម្មណ៍​ទាំងនេះ​ជា​ធម្មតា​ត្រូវបានទំនាក់ទំនង​ដោយ​ស្ងប់ស្ងាត់ ដែល​ហៅថា« សំឡេង​តូច​រហៀង » ។ វា​គឺ​ជា​ជំនឿ ឬ​ចំណេះដឹង​របស់​បងប្អូន​អំពី​សេចក្ដីពិត ដែល​បាន​ផ្ដល់​ជា​សាក្សី​ខាង​វិញ្ញាណ តាមរយៈ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការទទួល​បានសាក្សី​នេះ​នឹង​ផ្លាស់​ប្តូរការ​និយាយ និង​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត ។ ធាតុ​សំខាន់ៗ​នៃ​ទីបន្ទាល់​របស់​បងប្អូន ដែល​បាន​បញ្ជាក់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ រួមមាន ៖

  • ព្រះ​ជា​ព្រះវរបិតា​ជា​ទី​ស្រឡាញ់​របស់​បងប្អូន បងប្អូន​គឺ​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ស្រឡាញ់​បងប្អូន ។

  • ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់ ។ ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​បងប្អូន ។

  • យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ​ដែល​បាន​ហៅ​ឲ្យ​ស្ដារ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយគឺ​ជា​សាសនាចក្រ​ដែល​ព្រះ​បាន​ស្តារឡើង​វិញ ។

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​នៅរស់​សព្វថ្ងៃ​នេះ ។

តើ​ខ្ញុំ​ដឹង​ពី​របៀប​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

បងប្អូន​ថ្លែង​ទីបន្ទាល់ នៅ​ពេល​បងប្អូន​ចែកចាយ​អារម្មណ៍​ខាង​វិញ្ញាណ​ជាមួយ​អ្នក​ដទៃ ។ ក្នុងនាមជា​សមាជិក​នៃសាសនាចក្រ បងប្អូន​មាន​ឱកាស​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​នៅក្នុង​កិច្ច​ប្រជុំ​ជាផ្លូវការ​របស់​សាសនាចក្រ ឬ​នៅក្នុង​ការសន្ទនា​ក្រៅ​ផ្លូវការ​ជាមួយក្រុមគ្រួសារ មិត្តភក្តិ និង​អ្នកដទៃ​ទៀត​ ។

វិធី​មួយ​ទៀត​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​គឺ​តាម​រយៈ​អាកប្បកិរិយា​សុចរិត ។ ទីបន្ទាល់​របស់​បងប្អូន​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​មិន​គ្រាន់តែ​ជា​អ្វី​ដែល​បងប្អូន​និយាយ​នោះ​ទេ—វា​បញ្ជាក់​ថា​បងប្អូន​ជា​នរណា ។

រាល់ពេល​ដែល​បងប្អូន​ថ្លែង​ជាសាក្សី​ផ្ទាល់មាត់ ឬ​បង្ហាញ​តាមរយៈ​សកម្មភាព ឬការ​ប្តេជ្ញា​ចិត្ត​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​របស់​បងប្អូន នោះ​បង​ប្អូន​អញ្ជើញ​អ្នកដទៃឲ្យ « ចូល​មក​រក​ព្រះគ្រីស្ទ » ។

សមាជិក​នៃ​សាសនាចក្រ ឈរ​ជា​សាក្សី​ដល់ព្រះ នៅ​គ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់​ទីកន្លែង ។ ឱកាស​ដើម្បី​ធ្វើ​ការណ៍​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ឌីជីថល​សកល​ដោយប្រើ​មាតិកា​បំផុស​គំនិត​របស់​យើង​ផ្ទាល់ ឬ​ចែកចាយ​មាតិកា​លើក​ទឹក​ចិត្ត ដែល​រៀបចំ​ដោយ​អ្នក​ដទៃ​គឺគ្មាន​ទីបញ្ចប់ឡើយ ។ យើង​ថ្លែង​ទីបន្ទាល់ នៅពេល​យើង​ស្រឡាញ់​ចែកចាយ និង​អញ្ជើញ​ទោះបី​តាម​អនឡាញ​ក៏​ដោយ ។ វីតធ័រ សារ​ផ្ទាល់ និង​ការបង្ហោះ​របស់​បងប្អូន​នឹង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដ៏​វិសុទ្ធ និង​ខ្ពស់​ជាង នៅ​ពេល​ដែល​បងប្អូន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​កំណត់​ជីវិត​របស់​បងប្អូន​ផងដែរ ។

តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ?

ឧបសគ្គ​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ អាច​រួម​មាន​ភាព​មិន​ប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​និយាយ ។ ម៉ាត់ធ្យូ ខៅលី ដែល​ជាសាវក​ជំនាន់​មុន​ម្នាក់​ បាន​ចែកចាយ​បទ​ពិសោធន៍​នេះ នៅពេល​លោក​បាន​ចេញដំណើរ​ទៅ​បម្រើ​បេសកកម្ម​​រយៈពេល​ប្រាំឆ្នាំ​ ទៅកាន់​ប្រទេស​នូវែល​សេឡង់ នៅ​អាយុ ១៧ ឆ្នាំ ៖

« ខ្ញុំ​នឹង​មិន​ភ្លេច​ពី​ការ​អធិស្ឋាន​របស់​ឪពុក​ខ្ញុំ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ចាកចេញ​នោះ​ទេ ។ ខ្ញុំ​មិន​ដែល​បាន​ឮ​ពរជ័យ​ដ៏​ស្រស់​ស្អាត​ជាង​នេះ​ទេ​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ » ។ បន្ទាប់​មក​ពាក្យចុងក្រោយ​របស់​គាត់​និយាយ​មក​កាន់​ខ្ញុំ​នៅ​ស្ថានីយ៍​រថភ្លើងថា ‹ កូនប្រុស​របស់​ឪពុក កូន​នឹង​ចេញ​ទៅ​បំពេញ​បេសកកម្ម កូន​នឹង​សិក្សា កូន​នឹង​ព្យាយាម​រៀបចំ​ទេសនកថារបស់កូន ហើយ​ពេល​ខ្លះ នៅ​ពេល​កូន​ត្រូវ​បាន​ហៅ កូន​នឹង​គិតថា​កូន​បាន​រៀបចំ​ខ្លួន​បាន​ល្អ​ហើយ ​ប៉ុន្តែ​នៅ​ពេល​កូន​ត្រូវ​ឈរ​ធ្វើ​ជា​សាក្សី កូន​នឹង​នឹក​មិន​ឃើញ​អ្វី​សោះ › ។ ខ្ញុំ​មាន​បទពិសោធន៍​នោះ​ច្រើន​ជាង​ម្តង ។

« ខ្ញុំ​បាន​និយាយថា ‹ តើ​ពុកធ្វើ​ដូចម្តេច នៅ​ពេល​ដែល​ពុក​ភ្លេច​អ្វី​គ្រប់​យ៉ាង ? ›

« គាត់​ប្រាប់​ថា ‹ កូន​ឈរ​នៅ​ទីនោះ ដោយ​ភាពក្លៀវក្លា​អស់​​ពីព្រលឹង​របស់​កូន កូន​ធ្វើ​ជា​សាក្សី​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ​ដែល​មានព្រះជន្ម​រស់ ហើយ​ពេល​នោះ​គំនិត​ផ្សេងៗ​នឹង​ហូរ​ចូល​ក្នុង​គំនិត​កូន ​ហើយ​ពាក្យ​ពេច​យ៉ាងច្រើន នឹងមកបំពេញ​ក្នុង​មាត់កូន​…​ចាក់​ចូល​ដល់​ក្រអៅ​បេះដូង​អ្នក​ដែល​ស្តាប់​កូន › ។ ដូច្នេះ​ហើយ ពេល​ខ្ញុំ​ភ្លេច​អ្វី​គ្រប់​យ៉ាង​ ក្នុង​​អំឡុង​ពេល​បម្រើ​…​បេសកកម្ម … វា​ជា​ឱកាស​ដើម្បី​ឲ្យ​ខ្ញុំ​​ថ្លែងទីបន្ទាល់​ចំពោះ​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ពិភពលោក ចាប់តាំង​ពីការឆ្កាង​របស់​លោក​ចៅហ្វាយ ។ យុវជន យុវនារី​ទាំងឡាយ ពេល​ណា​មួយ សូម​សាកល្បង​វា ។ ប្រសិនបើ​ក្មួយ​គ្មាន​អ្វី​ត្រូវ​និយាយ សូម​ថ្លែងទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ពេល​នោះ​ប្រវត្តិសាស្ត្រ​ទាំងមូល​នៃ​សាសនាចក្រ​នឹង​ចាក់​ស្រោច​ក្នុង​គំនិត​របស់​ក្មួយៗ » ។

ដូច​គ្នា​នេះ​ដែរ ប្រធាន ដាល្លិន អេក អូក បាន​ចែកចាយ​ថា « ពេល​ខ្លះ យើងទទួលបានទីបន្ទាល់ ពេល​កំពុង​ថ្លែង​ទីបន្ទាល់ ល្អជាង​ពេល​លុត​ជង្គង់​អធិស្ឋាន​ទូលសូម​ទីបន្ទាល់ » ។​ ព្រះវិញ្ញាណ​ថ្លែង​បន្ទាល់​ទៅ​កាន់​អ្នក​និយាយ និង​អ្នក​ស្តាប់​ដូច​គ្នា ។

ឧបសគ្គ​មួយ​ទៀត ដូច​​រឿង​របស់ ខេវិន បាន​បញ្ជាក់​នោះ គឺ​ការភ័យខ្លាច ។ ដូច​ប៉ុល​បាន​សរសេរ​ទៅកាន់ ធីម៉ូថេ ៖

« ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យយើង​មាន​វិញ្ញាណ ដែល​តែងតែ​ខ្លាចឡើយ គឺឲ្យ​មានវិញ្ញាណ ដ៏​មាន​អំណាច និង​សេចក្តី​ស្រឡាញ់​វិញ​… ។

« ដូច្នេះ​មិន​ត្រូវ​ឲ្យ​អ្នក​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការធ្វើ​បន្ទាល់ពីព្រះអម្ចាស់​នៃយើង​នោះ​ឡើយ » ។

អារម្មណ៍​នៃ​ការភ័យ​ខ្លាច​ពុំ​មែន​មក​ពី​ព្រះ​អម្ចាស់​ទេ ប៉ុន្តែ​ជា​ញឹកញាប់​បំផុត​គឺ​វា​មក​ពី​មារសត្រូវ ។ ការ​មាន​ជំនឿ​ដូច ខេវិន នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​យក​ឈ្នះ​លើ​អារម្មណ៍​ទាំង​នេះ ហើយ​អាច​ចែកចាយ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​ដោយ​សេរី ។

តើ​ខ្ញុំ​ថែរក្សា​ទីបន្ទាល់​ដោយ​របៀបណា ?

ខ្ញុំ​ជឿ​ថា​ទីបន្ទាល់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ខ្លួន​យើង ប៉ុន្តែដើម្បីរក្សាវា និង​អភិវឌ្ឍន៍​វា​ឲ្យ​កាន់តែ​ពេញលេញ អាលម៉ា​បាន​បង្រៀនថា យើង​ត្រូវតែ « ថែទាំ​ទីបន្ទាល់​របស់​យើង​ដោយ​ថ្នាក់​ថ្នម ។ កាល​យើង​ធ្វើ​ដូច្នេះ​« វា​អាច​ដុះ​ប្ញស​ដើម្បី​វា​អាច​ដុះឡើង ហើយ​នឹង​ផ្តល់​ផ្លែ​ផ្កា » ។១០ បើ​មិន​ដូច្នេះ​ទេ « វា​នឹង​ក្រៀម​ស្ងួត​ទៅ » ។១១

សមាជិក​នៃ​គណៈប្រធាន​ទីមួយ​ជាទី​ស្រឡាញ់​ម្នាក់ៗ បាន​ផ្ដល់​ការណែនាំ​ដល់​យើង​អំពី​របៀប​រក្សា​ទីបន្ទាល់​របស់​យើង ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​បង្រៀន​ដោយក្តី​ស្រឡាញ់​ថា « ការខ្ជាប់ខ្ជួន​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ការអធិស្ឋាន​ដោយ​អស់​ពី​ចិត្ត និង​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ ត្រូវតែ​អនុវត្ត​ជា​ចាំបាច់ និង​​បន្ដ​ឥតដាច់ ដើម្បី​ឲ្យ​ទីបន្ទាល់​របស់​អ្នក​បាន​ធំធាត់ និង​រីកចម្រើន » ។១២

ប្រធាន ដាល្លិន អេក អូក បានរំព្ញក​យើង​ថា ដើម្បី​ថែរក្សា​ទីបន្ទាល់​របស់​យើង « យើង​ត្រូវ​ទទួលទាន​សាក្រាម៉ង់​រៀងរាល់​សប្តាហ៍ » ( សូមមើល គ&ស ៥៩:៩ ) ដើម្បី​ស័ក្តិសម​នឹង​ការសន្យា​ដ៏​មាន​តម្លៃ​ថា ​យើង​នឹង ‹ មាន​ព្រះវិញ្ញាណ​របស់​ទ្រង់គង់នៅ​ជាមួយ​នឹង [ យើង ] ជាដរាប › ( គ&ស ២០:៧៧ ) ។១៣

ហើយ​កាលពី​ពេលថ្មីៗ​នេះ ប្រធាន រ័សុល អិម ណិលសុន ​បាន​ផ្តល់​ដំបូន្មាន​ដ៏​ល្អ ៖

« ចិញ្ចឹម​[ ទីបន្ទាល់​របស់​ក្មួយៗ ] ដោយ​សេចក្ដីពិត ។

« … សូម​ចិញ្ចឹម​បីបាច់​ខ្លួន​ក្មួយ​ដោយ​ប្រសាសន៍​របស់​ព្យាការី​សម័យ​បុរាណ និង​សម័យ​ថ្មី ។ ទូលសូម​ព្រះអម្ចាស់​ឲ្យ​បង្រៀន​ក្មួយ​អំពី​របៀប​ស្ដាប់ឮ​ទ្រង់​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ។ សូម​ចំណាយពេល​ឲ្យ​ច្រើន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។

« …សូម​ដាក់​ទីបន្ទាល់​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​ក្មួយ » ។ ១៤

សរុប​សេចក្តី

បងប្អូន​ជា​ទីស្រឡាញ់ ខ្ញុំ​សូម​សន្យា​ថា នៅ​ពេល​បងប្អូន​យល់​កាន់​តែច្បាស់​ថា​ទីបន្ទាល់​គឺ​ជា​អ្វី ហើយ​ពេល​បងប្អូន​ចែកចាយ​វា នោះ​បងប្អូន​នឹង​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​ភាព​មិន​ច្បាស់លាស់ និង​ការភ័យខ្លាច ហើយ​បងប្អូន​អាច​ចិញ្ចឹម​បីបាច់​ និង​ថែរក្សា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​នេះ គឺ​ជាទីបន្ទាល់​របស់​បងប្អូន ។

យើង​មាន​ពរជ័យ​ដែល​មាន​គំរូ​រាប់​មិន​អស់​មក​ពី​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប ដែល​ពួក​លោក​បាន​ថ្លែង​ទីបន្ទាល់​ដោយ​ក្លៀវក្លា ។

ក្រោយ​ការសុគត​របស់​ព្រះគ្រីស្ទ ពេត្រុស​បាន​ក្រោក​ឈរ​ថ្លែង​ទីបន្ទាល់​ថា ៖

« នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប …​គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ …​តើ​បុរស​នេះ​ឈរ​នៅ​ចំពោះ​មុខ​បងប្អូន​ឬ …

« …​ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​នាម ឈ្មោះ​ណា​ទៀត បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ » ។១៥

អាមូលេក ធ្វើ​តាម​ទេសនកថា​របស់​អាលម៉ា​អំពី​សេចក្ដី​ជំនឿ ដែល​បាន​ថ្លែង​ដោយ​ព្រះចេស្តារថា ៖ « ហើយ​ឥឡូវ​នេះ មើល​ចុះខ្ញុំ​នឹង​ធ្វើ​បន្ទាល់​ដល់​អ្នករាល់គ្នា​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ថា រឿង​ទាំង​នេះ​ពិត ។ មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​ខ្ញុំ​ដឹងថា ព្រះគ្រីស្ទនឹង​យាង​មក​ក្នុង​ចំណោម​កូនចៅ​មនុស្ស …​ហើយ​ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ។១៦

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅ​ពេល​ធ្វើ​ជា​សាក្សី​ចំពោះ​ការ​និមិត្ត​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ​ ដែល​​មានព្រះជ្មន​រស់​ឡើង​វិញ បាន​ថ្លែង​ទីបន្ទាល់​ថា ៖

« ហើយ​ឥឡូវនេះ បន្ទាប់ពី​ទីបន្ទាល់​ជា​ច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះគឺ​ជាទីបន្ទាល់​ចុង​ក្រោយបង្អស់ ដែល​យើង​ថ្លែង​អំពី​ទ្រង់​ថា ៖​គឺ​ទ្រង់​មានព្រះជន្ម​រស់​នៅ !

« ដ្បិត​យើងខ្ញុំ​បាន​ឃើញ​ទ្រង់​គង់នៅ​ខាងស្តាំ​ព្រះហស្ត​នៃ​ព្រះ ហើយ​យើងខ្ញុំ​បាន​ឮ​សំឡេង​ដែល​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » ។១៧

បងប្អូន​ប្រុសស្រី ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រក​ឱកាស​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន ​ទាំង​ដោយ​ពាក្យសម្ដី និង ទង្វើ ។ នាពេល​ថ្មីនេះ​ខ្ញុំ​មាន​ឱកាស​បែបនេះ នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ជាមួយ​អភិបាល​ក្រុង​នៃរដ្ឋ​មួយនៅ​អាមេរិក​ខាងត្បូង នៅក្នុង​សភា​របស់លោក​ជាមួយ​នឹង​មន្ត្រី​ខុទ្ទកាល័យ​មួយ​ចំនួន ។ នៅពេល​យើង​បាន​បញ្ចប់​កិច្ច​ប្រជុំ​ដ៏​ស្និទ្ធស្នាល នោះ​ ខ្ញុំ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ ។ បន្ទាប់​ពី​ធ្វើ​តាម​ការបំផុស​គំនិត ខ្ញុំ​បាន​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ អ្វី​គ្រប់ៗ​យ៉ាង​បាន​ផ្លាស់ប្តូរ​នៅពេល​នោះ ។ ព្រះ​វិញ្ញាណ​សណ្ឋិត​នៅ​ក្នុង​បន្ទប់​នោះ ដែល​ពុំ​អាច​បដិសេធ​បាន ។ វា​ហាក់​ដូច​គ្រប់​គ្នា​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ « ត្បិត​មើល​ចុះ ព្រះ​ដ៏​ជា​ជំនួយ​… ធ្វើ​ទីបន្ទាល់​ពី​ព្រះវរបិតា និង​ពី​ព្រះរាជបុត្រា » ។​១៨ ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ខ្ញុំ​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​ក្លាហាន​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ ។

នៅ​ពេល​ពេល​វេលា​បែបនេះ​មក​ដល់ នោះ​ចូរ​អោបក្រសោប​វា​ទុក ។ បងប្អូន​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ​នៃ​អង្គ​លួងលោម​នៅ​ក្នុង​ខ្លួន​របស់​បងប្អូន ពេល​បងប្អូន​ធ្វើ​ដូច្នោះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ​និង ធ្វើសាក្សី​ដល់​បងប្អូន​—​ថា ព្រះ​ជា​ព្រះវរ​បិតាសួគ៌​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជាសាសនា​ចក្រ​របស់​ព្រះ​នៅលើ​ផែនដី​នាសព្វថ្ងៃនេះ​ ដែល​ដឹកនាំ​ដោយ​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ ​ប្រធាន រ័សុល អិម ណិលសុន ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕