សន្និសីទទូទៅ
ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ព្រះអម្ចាស់

ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​ពី​គោលការណ៍​នៃ​ភាពជា​ដៃគូ​ពេញលេញ​រវាង​បុរស និង​ស្ត្រី ទាំង​ជីវិត​រមែងស្លាប់ និង​ភាព​អស់កល្ប​ជានិច្ច ។

ក្នុង​រយៈពេល​ពីរបី​ខែ​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​យើង ភរិយា​ជាទី​ស្រឡាញ់​ខ្ញុំ​បាន​ប្រាប់​ពី​បំណង​ចង់​រៀន​តន្រ្តី​របស់​គាត់ ។ ដោយ​ចង់​ផ្គាប់​ចិត្ត​គាត់ ខ្ញុំ​បាន​សម្រេចចិត្ត​រៀបចំ​ការភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​សម្រាប់​គាត់ ។ ខ្ញុំ​បាន​ទៅ​ហាង​លក់​ឧបករណ៍​តន្ត្រី ហើយទិញ​ព្យាណូ​មួយ​ជា​អំណោយ​ដល់​គាត់ ។ ខ្ញុំ​បាន​ដាក់​បង្កាន់​ដៃ​ទិញ​ព្យាណូ​ក្នុង​ប្រអប់​កាដូ​មួយ​យ៉ាង​ស្អាត ឲ្យ​ទៅ​គាត់ ដោយ​រំពឹងថា​នឹង​ទទួល​ការដឹងគុណ​យ៉ាង​ខ្លាំង​ចំពោះ​ស្វាមី​ដែល​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​របស់​គាត់ ។

នៅពេល​គាត់​បើក​ប្រអប់​តូច​នោះ ហើយ គាត់​បាន​មើល​មក​ខ្ញុំ​ដោយ​ក្តីស្រឡាញ់ រួច​និយាយ​ថា « អូ បង​សម្លាញ់ បង​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ! ប៉ុន្តែ​អូន​សូម​សួរ​បង​សិន តើ​នេះ​គឺ​ជា​អំណោយ ឬ​ជា​បំណុល ? »​ ក្រោយ​ពី​ប្រឹក្សា​នឹង​គ្នា​ពី​អំណោយ​ភ្ញាក់​ផ្អើល​នោះ​រួច យើង​បាន​សម្រេច​ចិត្ត​ថា​លុបចោល​ការទិញ​នោះ​វិញ ។ យើង​បាន​រស់​ដោយសារ​ប្រាក់​តិចតួច​ពី​ការងារ​ជា​និស្សិត ដូចគ្នា​នឹង​ប្ដី​ប្រពន្ធ​វ័យក្មេង​ជាច្រើន​ទៀត​ផងដែរ ។ បទពិសោធន៍​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្គាល់​ពី​សារៈសំខាន់​នៃ​គោលការណ៍​អំពី​ភាពជា​ដៃគូ​ពេញលេញ​ក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ ហើយ​តាម​ការអនុវត្ត​វា​អាច​ជួយ​ភរិយា​ខ្ញុំ និង​ខ្ញុំ​ឲ្យ​មាន​ចិត្ត និង​គំនិត​តែ​មួយ ។

ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រកាស​ពី​គោលការណ៍​នៃ​ភាពជា​ដៃគូ​ពេញលេញ​រវាង​បុរស និង​ស្ត្រី ទាំង​ជីវិត​រមែងស្លាប់ និង​ភាព​អស់កល្ប​ជានិច្ច ។ ទោះបុគ្គល​ម្នាក់ៗ​មាន​លក្ខណៈ​សម្បត្តិ និង​ទំនួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ជាក់លាក់​ក៏ដោយ ក៏​បុរស និង​ស្ត្រី​បំពេញ​តួនាទី​សំខាន់ និង​ដែល​ពាក់ព័ន្ធ ដោយ​ស្មើភាព​គ្នា នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ដែរ ។ គោលការណ៍​នេះ​ជា​ភស្ដុតាង​តាំង​ពី​ដើមដំបូង​មកកាល​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា « វា​មិន​ល្អ​ទេ​ដែល​បុរស​នេះ​ត្រូវ​នៅ​តែ​ម្នាក់​ឯង ហេតុ​ដូច្នោះ​ហើយ [ ទ្រង់​នឹង ] ធ្វើ​ឲ្យ​មាន​ជំនួយ​មួយ​ដ៏​សម​ចំពោះ​គាត់ » ។

នៅ​ក្នុង​ផែនការ​ព្រះ « អ្នក​ជំនួយ » គឺជា​ដៃគូ​ដើរ​ទន្ទឹម​គ្នា​នឹង​លោក​អ័ដាម​នៅក្នុង​ភាពជា​ដៃគូ​ដ៏​ពេញលេញ ។ តាម​ពិត អេវ៉ា​គឺជា​ពរជ័យ​ពី​ស្ថានសួគ៌​នៅក្នុង​ជីវិត​លោក​អ័ដាម ។ តាម​និស្ស័យ​នៃ​ព្រះ និង​លក្ខណៈ​សម្បត្តិ​ខាង​វិញ្ញាណ​របស់​នាង អេវ៉ា​បាន​បំផុស​គំនិត​លោក​អ័ដាម​ឲ្យ​ធ្វើការ​ជាដៃគូ​នឹង​នាង ដើម្បី​សម្រេច​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​សម្រាប់​មនុស្ស​ជាតិ​ទាំងអស់ ។

សូម​យើង​ពិចារណា​គោលការណ៍​គ្រឹះ​ដ៏​សំខាន់​ចំនួន​ពីរ ដែល​ពង្រឹង​ភាពជា​ដៃគូ​រវាង​បុរស និង​ស្រ្តី ។ គោលការណ៍​ទី​មួយ​គឺ « យើង​ទាំងអស់​គ្នា​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ។ តាមរយៈ​គោលការណ៍​នៃ​ដំណឹងល្អ ភាពខុសគ្នា​រវាង​បុរស និង​ស្រ្តី​ពុំ​បាន​លុបចោល​ការសន្យា​ដ៏អស់កល្ប ដែល​ព្រះ​មាន​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​នោះទេ ។ បុគ្គល​ម្នាក់​ពុំ​សម​នឹង​សិរីរុងរឿង​នៃ​នគរ​សេឡេស្ទាល ជាង​បុគ្គល​ម្នាក់​ទៀត​នៅក្នុង​ភាពអស់កល្ប​ជានិច្ច​ឡើយ ។ ព្រះអង្គ​សង្រ្គោះ​ផ្ទាល់​អញ្ជើញ​យើង​ទាំងអស់​គ្នា ដែល​ជា​បុត្រា​បុត្រី​ព្រះ ឲ្យ​មក​រកទ្រង់ ដើម្បី​ទទួល​យក​សេចក្ដីល្អ​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់​ដែល​មក​រក​ទ្រង់​ឡើយ ។ » ហេតុដូច្នោះ​ហើយ នៅក្នុង​បរិបទ​នេះ យើង​ទាំងអស់គ្នា​ត្រូវ​បាន​ចាត់ទុក​ថា​មាន​ស្មើ ភាព គ្នា​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ទ្រង់ ។៨

នៅពេល​ស្វាមីភរិយា​យល់ដឹង និងមាន​គោលការណ៍​នេះ នោះ​ពួកគេ​មិន​ចាត់ទុក​ខ្លួនឯង​ថា​ជា​ប្រធាន ឬ​អនុប្រធាន​នៅក្នុង​គ្រួសារខ្លួន​ឡើយ ។ ពុំ​មាន​នរណា​ធំ​ជាង ឬ​អន់​ជាង​នៅក្នុង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​ក៏​ពុំមាន​អ្នក​ដើរមុន ឬ​ពីក្រោយ​គ្នា​នោះ​ដែរ ។ ពួកគេ​ដើរ​ទន្ទឹម​គ្នា ស្មើ​ភាពគ្នា ជា​បុត្រា​បុត្រី​ដ៏ទេវភាព​របស់​ព្រះ ។ ពួកគេ​ប្រែជា​មាន​គំនិត បំណង​ប្រាថ្នា និង​គោលបំណង​តែមួយ​ជាមួយនឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដឹកនាំ និង​ណែនាំ​គ្រួសារ​ឲ្យ​មាន​សាមគ្គី​ភាព ។

នៅក្នុង​ភាពជា​ដៃគូ​ស្មើភាពគ្នា « សេចក្តី​ស្រឡាញ់​មិនមែន​ជា​កម្មសិទ្ធិ​របស់​នរណាម្នាក់​នោះទេ ប៉ុន្តែ​ជា​ការចូលរួម​ចំណែក … ជាចំណែក​មួយ​នៃ​ការបង្កើត​រួមគ្នា ដែល​ជា​ការហៅ​របស់​យើង​ឲ្យ​ធ្វើ​មនុស្ស » ។១០ « ដោយ​មាន​ការចូលរួម​ចំណែក​ដ៏​​ពិត នោះ​ភរិយា និង​ស្វាមី​រួបរួម​គ្នា​ជាធ្លុង​មួយ​ក្នុង ‹ អំណាច​គ្រប់គ្រង​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច › ហើយ ‹ ដោយ​ឥត​ការបង្ខិត​បង្ខំ › ពួកគេ និង​កូនចៅ​របស់​ពួកគេ​នឹង​ទទួល​បាន​ជីវិត​ខាងវិញ្ញាណ ‹ ជា​រៀង​ដរាប​តទៅ › » ។១១

គោលការណ៍​ដែល​ពាក់ព័ន្ធទីពីរ​នោះ​គឺជា ច្បាប់​មាស ដែល​ព្រះអង្គ​សង្រ្គោះ​បង្រៀនទេសនកថា​លើ​ភ្នំ ៖ « ដែល​អ្នករាល់គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​នឹង​ខ្លួន​ជា​យ៉ាងណា នោះ​ត្រូវតែ​ប្រព្រឹត្ត​នឹង​គេ​យ៉ាងនោះ​ដែរ » ។១២ គោលការណ៍​នេះ​ចង្អុល​បង្ហាញ​ពី​អាកប្បកិរិយា​នៃ​ការ​រួបរួម​គ្នា ការជួយគ្នា សាមគ្គីភាព និង​ការពឹងពាក់​គ្នា​ទៅវិញ​ទៅមក ហើយ​វា​ផ្អែកលើ​បញ្ញត្តិ​ធំ​ទីពីរ « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។១៣ វា​រួម​បញ្ចូល​នឹង​លក្ខណៈ​ជា​គ្រីស្ទាន​ផ្សេងៗទៀត​ដូចជា ការអត់ធន់ ភាពទន់ភ្លន់ ភាពស្លូតបូត និង​សេចក្តី​សប្បុរស ។

ដើម្បី​យល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ការអនុវត្ត​គោលការណ៍​នេះ យើង​អាច​មើល​ទៅ​ចំណង​ដ៏​ពិសិដ្ឋ និង​អស់កល្ប​ជានិច្ច​ដែល​ព្រះ​បាន​បង្កើត​ឡើង​រវាង​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​លោក​អ័ដាម និង​អេវ៉ា ។ ពួកលោក​បាន​ក្លាយ​ទៅជា​សាច់តែមួយ១៤ ដែល​បង្កើត​ជា​ទំហំ​នៃ​ការរួបរួម​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកលោក​ដើរ​ជាមួយគ្នា​ដោយ​ការគោរព ការដឹងគុណ និង​សេចក្តី​ស្រឡាញ់ ដោយ​មិន​គិត​អំពី​ខ្លួនឯង តែ​ស្វែងរក​សុខុមាលភាព​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ដំណើរ​ទៅកាន់​ភាពអស់កល្ប​ជានិច្ច​របស់​ពួកលោក ។

បុគ្គលិក​លក្ខណៈ​ដូចគ្នា​នេះ​គឺជា​អ្វី​ដែល​យើងចង់​បានសម្រាប់​អាពាហ៍ពិពាហ៍​ដែល​មាន​សាមគ្គីភាព​នា​សព្វថ្ងៃ​នេះ ។ តាមរយៈ​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ស្រី្ត​ម្នាក់ និង​បុរស​ម្នាក់​ចូល​ទៅក្នុង​លំដាប់​អាពាហ៍ពិពាហ៍​ដ៏​បរិសុទ្ធ​នៅក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ។ តាមរយៈ​លំដាប់​នៃ​បព្វជិតភាព​នេះ ពួកគេ​ទទួល​បាន​ពរជ័យ​អស់កល្ប​ជានិច្ច និង​អំណាច​ដ៏ទេវភាព ដើម្បី​ដឹកនាំ​កិច្ចការ​គ្រួសារ ខណៈ​ពួកគេ​រស់នៅ​តាម​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ។ ចាប់ ពី ពេល​នោះ ទៅ ពួកគេ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ មុខ​រួមគ្នា និង​ជា​ដៃគូ​ដ៏ពេញលេញ​ជាមួយនឹង​ព្រះអម្ចាស់ ជាពិសេស​ទាក់ទង​នឹង​ទំនួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ដ៏ទេវភាព​​ក្នុង​ការថែរក្សា​បីបាច់ និង​ការធ្វើជា​អធិបតី​ក្នុង​គ្រួសារ​របស់​ពួកគេ ម្នាក់ៗ ។១៥ ការថែរក្សា​បីបាច់ និង​ការធ្វើជា​អធិបតី​គឺជា​ទំនួល​ខុសត្រូវ​ដែល​ទាក់ទងគ្នា និង​ស្ទួន​គ្នា ដែល​មាន​ន័យថា ឪពុក និង​ម្តាយ « មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ វិញ​ទៅមក​ជា​ដៃគូ​ស្មើ គ្នា »១៦ហើយ​ចែករំលែក​ភាពជា​អ្នកដឹកនាំ​ក្នុង​គេហដ្ឋាន​របស់​ពួកគេ ឲ្យ​មាន​តុល្យភាព​គ្នា ។

« ការថែរក្សា​បីបាច់​មាន​ន័យ​ថា​ត្រូវ​ចិញ្ចឹម បង្រៀន និង​គាំទ្រ » ដល់​សមាជិក​គ្រួសារ ដែល​ធ្វើឡើងដោយ​ការជួយ​ពួកគេ​ឲ្យ « រៀន​ពី​សេចក្តីពិត​ដំណឹងល្អ ហើយ​អភិវឌ្ឍ​សេចក្តី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​បរិយាកាស​នៃ​សេចក្ដី​ស្រឡាញ់ ។ ការធ្វើជា​អធិបតី​មាន​ន័យ​ថា « ជួយ​ដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ​វិញ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅបាន តាមរយៈ​ការបម្រើ និង​ការបង្រៀន​ដោយ​ភាពទន់ភ្លន់ និង​សុភាព​រាបសា ហើយ​និង​ក្តីស្រឡាញ់​ដ៏​បរិសុទ្ធ » ។ ការធ្វើ​ជា​អធិបតី​ក៏​រួមមាន​នូវ « ការដឹកនាំ​សមាជិក​គ្រួសារ​ឲ្យ​មាន​ការអធិស្ឋាន​ ការសិក្សា​ដំណឹងល្អ​ជា​ទៀងទាត់ និង​ទិដ្ឋភាព​នៃ​ការថ្វាយបង្គំ​ដទៃទៀត ។ ឪពុក​ម្តាយ​ធ្វើការ​រួមគ្នា » តាមគំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ « ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ [ ធំ​ពីរ ] ទាំងនេះ » ។១៧

វា​មាន​សារៈសំខាន់​ដើម្បី​សង្កេតមើល​ថា ការគ្រប់គ្រង​នៅក្នុង​គ្រួសារ​ធ្វើតាម​លំនាំ​អយ្យកោគឺ​ខុសគ្នា​បន្ដិច​ពី​ភាពជា​អ្នកដឹកនាំ​បព្វជិតភាព​នៅក្នុង​សាសនាចក្រ ។១៨ លំនាំ​របស់​អយ្យកោ​ចែង​ថា ភរិយា និង​ស្វាមី​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ព្រះ​សម្រាប់​ការបំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេ​នៅក្នុង​គ្រួសារ ។ វា​អំពាវនាវ​ឲ្យ​មាន​ភាពជា​ដៃគូ​ពេញលេញ —មាន​ឆន្ទៈ​ធ្វើ​តាម​គ្រប់​គោលការណ៍​នៃ​សុចរិតភាព និង​ការទទួល​ខុសត្រូវ​ទាំងអស់ ហើយ​ផ្តល់​ឱកាស​សម្រាប់​ការអភិវឌ្ឍ​—នៅក្នុង​បរិយាកាស​នៃ​ក្តីស្រឡាញ់ និង​ការជួយគ្នា​ទៅវិញ​ទៅមក​ផងដែរ ។១៩ ទំនួល​ខុសត្រូវ​ពិសេស​ទាំងអស់​នេះ​មិន​បញ្ជាក់ពី​ឋានានុក្រម​ឡើយ ហើយ​ដាច់ខាត​មិន​រាប់បញ្ចូល​ប្រភេទ​នៃ​ការរំលោភ​បំពាន ឬ​គំនិត​អំពី​សិទ្ធិអំណាច​ដ៏​ហួស​ប្រមាណ​ណាមួយ​ឡើយ ។

បទពិសោធន៍​របស់​លោក​អ័ដាម និង​អេវ៉ា បន្ទាប់ពី​ពួកលោក​បាន​ចាកចេញ​ពី​សួនច្បារ​អេដែន បង្ហាញ​យ៉ាង​ល្អបំផុត​អំពី​គោលគំនិត​នៃ​ការទីពឹង​គ្នា​ទៅវិញ​ទៅមក​រវាង​ម្តាយ និង​ឪពុក​នៅក្នុង​ការថែរក្សា​បីបាច់ និង​ការធ្វើ​ជាអធិបតី​នៅក្នុង​គ្រួសារ​របស់​ពួកគេ ។ ដូច​បាន​បង្រៀន​នៅក្នុង​គម្ពីរ​ម៉ូសេ ពួកលោក​បាន​ធ្វើការ​រួមគ្នា​ភ្ជួររាស់​ដី​ដោយ​ញើស​ ដើម្បី​ផ្គត់ផ្គង់​ដល់​សុខុមាលភាព​ខាងរាងកាយ​របស់​គ្រួសារ;២០ ពួកលោក​ចាប់ផ្ដើម​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពេញ​ពាស​លើ​ផែនដី;២១ ពួកលោក​បាន​អំពាវនាវ​ដល់​ព្រះនាម​នៃ​ព្រះអម្ចាស់ ហើយ​​បាន​ឮ​សំឡេង​​ទ្រង់ « ចេញពី​ផ្លូវ​ឆ្ពោះ​ទៅ​សួនច្បារ​អេដែន »;២២ ពួកលោក​បាន​ទទួល​នូវ​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ហើយ​បាន​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងនោះ​ទាំងអស់គ្នា ។២៣ បន្ទាប់មក​ពួកលោក « បាន​ប្រាប់​គ្រប់​ការណ៍​ទាំងអស់ [ នេះ ] ដល់​ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ »២៤ ហើយ « ពុំ​ដែល​ឈប់​អំពាវនាវ​ដល់​ព្រះ » ជាមួយគ្នា​ឡើយ » ស្រប​ទៅតាម​តម្រូវការ ពួកលោក ។២៥

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ ការថែរក្សា​បីបាច់ និង​ការធ្វើជា​អធិបតី​គឺជា​ឱកាស ពុំមែន​ជាដែន​កំណត់​ផ្តាច់មុខ​នោះទេ ។ បុគ្គល​ម្នាក់​អាច​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីមួយ ប៉ុន្តែ​មិន​គួរ​ឲ្យ​មនុស្ស​តែម្នាក់​ជាអ្នក​ធ្វើវា​នោះទេ ។ នៅពេល​ឪពុក​ម្តាយ​ជាទីស្រឡាញ់​យល់ច្បាស់​ពី​ទំនួល​ខុសត្រូវ​ចម្បង​ទាំងពីរ​នេះ ពួកគេ​នឹង​ព្យាយាម​រួមគ្នា​ដើម្បី​ការពារ និង​ថែរក្សា​សុខុមាលភាព​ខាងផ្លូវកាយ និង​ផ្លូវចិត្ត​របស់​កូនៗ​ខ្លួន ។ ពួកគេ​ក៏​ជួយ​កូនៗ​ឲ្យ​ទប់ទល់​នឹង​គ្រោះថ្នាក់​ខាង​វិញ្ញាណ​ក្នុង​ជំនាន់​យើង​​ផងដែរ តាមរយៈ​ការចិញ្ចឹម​បីបាច់​ពួកគេ​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះអម្ចាស់ ដូច​បាន​បើក​សម្ដែង​ដល់​ព្យាការី​របស់​ទ្រង់ ។

ទោះបីជា​ស្វាមី និង​ភរិយា​គាំទ្រ​គ្នា​នៅក្នុង​ទំនួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ក៏ដោយ ក៏ « ពិការភាព មរណភាព ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត​អាច​នឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ » ផងដែរ ។២៦ ពេលខ្លះ​ស្វាមី ឬ​ភរិយា ឬ​អ្នកដទៃ​ទៀត​នឹង​ត្រូវ​ទទួល​យក​ទំនួល​ខុសត្រូវ​ពី​តួនាទី​ទាំងពីរ​ក្នុងពេល​ដំណាលគ្នា មិនថា​ជា​បណ្តោះ​អាសន្ន ឬ​អចិន្ត្រៃយ៍​នោះទេ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​ប្អូន​ស្រី​ម្នាក់ និង​បង​ប្រុស​ម្នាក់​ដែល​រស់​នៅក្នុង​ស្ថានភាព​ដូចនេះ ។ នៅក្នុង​រង្វង់​គ្រួសារ និង​នៅក្នុង​ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះអម្ចាស់ នោះ​ពួកគេ​ម្នាក់ៗ ក្នុង​នាម​ជា​ឪពុក​ឬ​ម្តាយ​ទោល ពួក​គេ ​បាន​សម្រេច​ចិត្ត​ថ្វាយ​ជីវិត​ខ្លួន​ទាំងស្រុង​ដើម្បី​ថែទាំ​កូនៗ​ពួកគេ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ពួកគេ​ពុំ​ភ្លេច​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ចុះនឹង​ព្រះអម្ចាស់ និង​ការសន្យា​ដ៏អស់កល្ប​ឡើយ​ ទោះជា​ពួកគេ​មាន​ការលែងលះគ្នា​ក្ដី ។ ពួកគេ​​ខិតខំ​ស្វែងរក​ជំនួយ​មកពី​ព្រះអម្ចាស់​ក្នុង​គ្រប់​កិច្ចការ កាល​ពួកគេ​ព្យាយាម​បន្ត​ស៊ូទ្រាំ​នឹង​ឧបសគ្គ​នានា ហើយ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នោះ ។ ពួកគេ​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​បំពេញ​តម្រូវការ​របស់​ពួកគេ មិន​ត្រឹមតែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅឯ​អស់កល្ប​ជានិច្ច​ផងដែរ ។ អ្នកទាំងពីរ​បាន​ចិញ្ចឹម​បីបាច់​កូនៗ​របស់​ខ្លួន​តាមរយៈ​ការបង្រៀន​ពួកគេ​ដោយ​ទន់ភ្លន់ ស្លូតបូត និង​ដោយ​ក្តីស្រឡាញ់​ដ៏​ពិត បើទោះ​បីជា​ជួប​នឹង​កាលៈទេសៈ​លំបាក​នៅក្នុង​ជីវិត​ក៏​ដោយ ។ បើតាម​អ្វី​ដែល​ខ្ញុំ​ដឹង ឪពុក​និង​ម្តាយ​ទោល​ទាំងពីរ​រូបនេះ​ពុំ​បាន​បន្ទោស​ព្រះ​ចំពោះ​សំណាង​អាក្រក់​របស់​ពួកគេ​ឡើយ ។ ផ្ទុយ​ទៅវិញ ពួកគេ​សម្លឹង​ឆ្ពោះ​ទៅមុខ​មានក្ដី​សង្ឃឹម​ភ្លឺថ្លា​ឥតខ្ចោះ ហើយទុកចិត្ត​លើ​ព្រះពរ​ទាំងឡាយ ដែល​ព្រះអម្ចាស់​មាន​សម្រាប់​ពួកគេ ។២៧

បងប្អូនប្រុសស្រី ព្រះអង្គសង្គ្រោះ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥតខ្ចោះនៃ​សាមគ្គីភាព និង​ភាពសុខដុម​នៃ​គោលបំណង និង​គោលលទ្ធិ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ។ ទ្រង់​បាន​អធិស្ឋាន​ជំនួស​ឲ្យ​សិស្ស​របស់​ទ្រង់ ដោយ​មាន​ព្រះបន្ទូល​ថា « ដើម្បី ឲ្យ ទាំង អស់ បាន រួម មក តែ មួយ ឱ ព្រះវរបិតា អើយ ដូច ជា ទ្រង់ គង់ ក្នុង ទូលបង្គំ ហើយ ទូលបង្គំ នៅ ក្នុង ទ្រង់ ដែរ គឺ ឲ្យ អ្នក ទាំង នោះ បាន រួម គ្នា តែ មួយ នៅ ក្នុង យើង ៖ … ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ ។២៨

ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់​ទៅកាន់​បងប្អូនថា នៅពេល​យើង—ទាំង​ស្ត្រី និង​បុរស—ធ្វើការ​រួមគ្នា​ជា​ដៃគូ​ស្មើភាពគ្នា​ពិត នោះ​យើង​នឹង​រីករាយ​ចំពោះ​សាមគ្គីភាព​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្គ្រោះ ពេល​យើង​បំពេញ​ទំនួល​ខុសត្រូវ​ដ៏ទេវភាព​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា យើង​នឹង « មាន​ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក »២៩យើង​នឹង​ទទួល​បាន​អំណរ​កាន់តែ​ខ្លាំង​នៅក្នុង​ដំណើរ​ឆ្ពោះទៅរក​ជីវិត​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ហើយ​យើង​នឹង​មាន​សមត្ថភាពបម្រើ​គ្នា​កាន់តែខ្លាំងផងដែរ ។៣០ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕