សន្និសីទទូទៅ
ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់

យ៉ូហាន ១៧:៣ )

ខ្ញុំ​មាន​ក្ដី​ប្រាថ្នា​ដោយ​ស្មោះ​សុំ​ឲ្យ បងប្អូន​នឹង​មក​ស្គាល់​ព្រះនាម​ជាច្រើន​របស់​ព្រះយេស៊ូវ ហើយ​ថា​បងប្អូន​នឹង​ក្លាយ​ដូច​ទ្រង់ ។

កាល​ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​មាន​បទ​ពិសោធន៍​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្តូរ ក្នុង​អំឡុង​ពេល​នៃ​ការប្រជុំ​សាក្រាម៉ង់ នៅ​ក្នុង​វួដ​កំណើត​របស់​យើង​នៅ​រដ្ឋ​អារីហ្សូណា ។ កាល​ដែល​ការអធិស្ឋាន​នៃ​ពិធី​សាក្រាម៉ង់​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ដើម្បី « លើក​ដាក់​មក​លើ [ ខ្លួន​យើង ] នូវ​ព្រះនា​ម​នៃ [ ព្រះយេស៊ូវ​គ្រីស្ទ ] » នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​រំឭក​ខ្ញុំ​ថា ព្រះយេស៊ូវ​មាន​ព្រះ​នាម​ជា​ច្រើន ។ បន្ទាប់​មក​សំណួរ​នេះ​ផុស​ក្នុង​ចិត្ត​ខ្ញុំ ៖ « តើ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ណា​មួយ​ដែល​ខ្ញុំ​គួរ​លើក​ដាក់​លើ​ខ្លួន​ខ្ញុំ​ក្នុង​សប្តាហ៍​នេះ ? »

ព្រះ​នាម​ចំនួន​បី​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ហើយ​ខ្ញុំ​បាន​កត់​ទុក ។ ព្រះ​នាម​របស់​ទ្រង់​ទាំង​បី​មាន​គុណលក្ខណៈ​ដូច​ព្រះគ្រីស្ទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ពេញលេញ ។ នៅ​សប្តាហ៍​បន្ទាប់ ខ្ញុំ​បាន​ផ្តោត​លើ​ព្រះ​នាម​ទាំងបី​នោះ ហើយ​ព្យាយាម​ឱបក្រសោប​យក​គុណ​លក្ខណៈ និង​បុគ្គលិក​លក្ខណៈ​ដែល​ត្រូវ​គ្នា​នឹង​ព្រះនាម​ទាំង​នោះ ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​បន្ត​សួរ​សំណួរ​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ៖ « តើ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ណា​មួយ​ដែល​ខ្ញុំ​គួរ​លើក​ដាក់​លើ​ខ្លួន​ខ្ញុំ​ក្នុង​សប្តាហ៍​នេះ ? » ការ​ឆ្លើយ​សំណួរ​នោះ និង​ការ​ព្យាយាម​អភិវឌ្ឍ​គុណ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​បាន ប្រទាន​ពរ​ដល់​ជីវិត​ខ្ញុំ ។

នៅក្នុង​ការ​អធិស្ឋាន​អង្វរក​ដ៏អស្ចារ្យ​របស់​ទ្រង់ ព្រះយេស៊ូវ​បាន​បញ្ជាក់​ពី​សេចក្តី​ពិត​ដ៏​សំខាន់​នេះ ៖ « នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់ ដ៏​ជា​ព្រះ​ពិត​តែ​១ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បានចាត់​ឲ្យ​មកផង » ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​បងប្អូន​អំពី​ពរជ័យ និង​អំណាច​ដែល​បាន​មក​ពី​ការ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ព្រះនាម​ជា​ច្រើន​របស់​ទ្រង់ ។

វិធី​ដ៏​សាមញ្ញ​មួយ​ដែល​យើង​ចង់​ស្គាល់​នរណា​ម្នាក់​គឺ​ត្រូវ​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ។ ពាក្យ​ចាស់​ពោល​ថា « ក្នុង​គ្រប់​ភាសា​​ឈ្មោះ​របស់​មនុស្ស​ម្នាក់​គឺ​ជា​សំឡេង​យ៉ាង​ពិរោះ និង​សំខាន់​បំផុត​សម្រាប់​មនុស្ស​នោះ » ។ តើ​បងប្អូន​ធ្លាប់​មាន​បទពិសោធន៍​ហៅ​ឈ្មោះ​នរណា​ម្នាក់​ខុស ឬ​ភ្លេច​ឈ្មោះ​ពួកគេ​ដែរ​ឬ​ទេ ? ថ្ងៃ​មួយ​ភរិយា​ខ្ញុំ អាឡិចស៊ីស និង​ខ្ញុំ​បាន​ហៅ​កូន​ម្នាក់​របស់​យើង​ថា « ឡូឡា » ។ ដូច​ដែល​បងប្អូន​បាន​ស្មាន ឡូឡា គឺ​ជា​ឈ្មោះ​ឆ្កែ​របស់​យើង ! មិន​ថា​ល្អ ឬ​អាក្រក់​ទេ ការភ្លេច​ឈ្មោះ​របស់​នរណា​ម្នាក់​មានន័យ​ថា បងប្អូន​ប្រហែល​ជា​ស្គាល់​គេ​មិន​ច្បាស់​ទេ ។

ព្រះយេស៊ូវ​ស្គាល់ និង​បាន​ហៅ​មនុស្ស​តាម​ឈ្មោះ​ពួកគេ ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ថា « កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​ឯង​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​យើង » ។ នៅ​ព្រឹក​បុណ្យ​អ៊ីស្ទើរ ម៉ារា​បាន​ធ្វើ​ជា​សាក្សី​ដ៏​រឹងមាំ អំពី​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ ឡើង​វិញ ពេល​ព្រះយេស៊ូវ​ហៅឈ្មោះ​នាង ។ ព្រះ​ក៏​បាន​ហៅ​ឈ្មោះ យ៉ូសែប ស្ម៊ីធ ជា​ការ​ឆ្លើយតប​ដល់​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​លោក ។

ក្នុង​ករណី​ខ្លះ ព្រះយេស៊ូវ​បាន​ប្រទាន​ឈ្មោះ​ថ្មី​ដល់​សិស្ស​ទ្រង់ ដោយ​ប្រាប់​ឲ្យ​ដឹង​ពី​និស្ស័យ សមត្ថភាព និង សក្តានុពល​របស់​ពួកគេ ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឈ្មោះ​ដល់​យ៉ាកុប​ថា​ជា​អ៊ីស្រាអែល​មាន​ន័យ​ថា « បុគ្គល​ដែល​ឈ្នះ​ជា​មួយ​ព្រះ » ឬ « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ ព្រះ​យេស៊ូវ​ដាក់​ឈ្មោះ យ៉ាកុប និង យ៉ូហាន ថា បោនអើកេ មាន​ន័យ​ថា « កូន​នៃ​ផ្គរ​លាន់ » ។ ដោយ​ទត​ឃើញ​ភាព​ជា​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​គាត់ នោះ​ព្រះ​យេស៊ូវ​បាន​ដាក់​ឈ្មោះ ស៊ីម៉ូន ថា សេផាស ឬ​ពេត្រុស ប្រែថា​ថ្ម ។

ដូចជា​ព្រះយេស៊ូវ​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ​ដែរ នោះ​វិធី​មួយ​ដែល​យើង​អាច​ស្គាល់​ព្រះយេស៊ូវ​កាន់តែ​ច្បាស់ គឺ​ការ​សិក្សា​ពី​ព្រះនាម​ជា​ច្រើន​របស់​ទ្រង់ ។ ដូច​ជា​ឈ្មោះ​របស់ អ៊ីស្រាអែល និង​ពេត្រុស ដែរ​ព្រះ​នាម​របស់​ព្រះយេស៊ូវ​គឺ​ជា​ព្រះបរមងារ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​បេសកកម្ម ព្រះរាជបំណង ឥរិយាបទ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ នៅ​ពេល​យើង​ស្គាល់​ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ នោះ​យើង​នឹង​យល់​កាន់​តែ​ច្បាស់​អំពី​បេសកកម្ម​ដ៏​ទេវភាព និង​គុណ​លក្ខណៈ​មិនអាត្មានិយម​របស់​ទ្រង់ ។ ការស្គាល់​ព្រះនាម​ជាច្រើន​របស់ទ្រង់​ក៏​បំផុស​គំនិត​យើង​ឲ្យ​កាន់​តែ​ក្លាយ​ដូច​ទ្រង់​ផងដែរ—ដើម្បី​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ដែល​នាំ​មក​នូវ​អំណរ និង​មាន​គោលបំណង​ក្នុង​ជីវិត​របស់​យើង ។

ប៉ុន្មាន​ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​សិក្សា​សេចក្ដីយោង​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង Topical Guide ។១០ បន្ទាប់​មក លោក​បាន​អញ្ជើញ​យុវមជ្ឈិមវ័យ​ឲ្យ​សិក្សា​បទគម្ពីរ​​ទាំងនេះ​ដូចគ្នា ។ ទាក់ទង​នឹង​ព្រះនាម​ជាច្រើន​របស់​ព្រះយេស៊ូវ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « សូម​សិក្សាអ្វី​គ្រប់យ៉ាង​ដែល ជា ព្រះយេស៊ូវ​គ្រីស្ទ​ដោយការ​អធិស្ឋាន និង​ស្វែងយល់​ពី​អ្វី​ដែល​ព្រះបរមងារ និង​ព្រះនាម​នីមួយៗ​របស់ទ្រង់​មាន​ន័យ​សម្រាប់​អ្នក ផ្ទាល់ » ។១១

ដោយ​ធ្វើ​តាម​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្កើត​បញ្ជីផ្ទាល់​ខ្លួន​អំពី​ព្រះនាម​ជា​ច្រើន​របស់​ព្រះ​យេស៊ូវ ។ ឥឡូវនេះ បញ្ជី​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​មាន​ព្រះ​នាម​ទ្រង់​ជាង ៣០០ ហើយ​ខ្ញុំ​ជឿ​ថា មាន​នាម​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ ។

ខណៈ​ដែល​ព្រះ​នាម​ព្រះយេស៊ូវ​មួយ​ចំនួន​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​តែ​ទ្រង់​ប៉ុណ្ណោះ១២ នោះ​ខ្ញុំ​ចង់​ចែកចាយ​ព្រះ​នាម និង​ព្រះបរមងារ​ចំនួន​ប្រាំ​ដែល​អនុវត្ត​សម្រាប់​យើង​ម្នាក់ៗ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បង្កើត​បញ្ជី​ផ្ទាល់​ខ្លួន​នៅ​ពេល​បងប្អូន​រៀន​ស្គាល់​ព្រះយេស៊ូវ​តាមរយៈ​ព្រះនាម​ជាច្រើន​របស់​ទ្រង់ ។ ការ​ធ្វើ​ដូច្នេះ បងប្អូន​នឹង​រក​ឃើញ​នាម​ផ្សេងៗ​ទៀត—រួម​ទាំង​គុណ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ដែល​ត្រូវ​នឹង​ព្រះនាម​ទាំង​នោះ—ដែល​បងប្អូន​នឹង​ចង់​លើក​ដាក់​មក​លើ​ខ្លួន​ ក្នុង​នាម​ជា​សិស្ស​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះយេស៊ូវ ។១៣

ទីមួយ ព្រះយេស៊ូវ​គឺ​ជា អ្នក​គង្វាល​ល្អ ។១៤ ដូច​ព្រះយេស៊ូវ​ស្គាល់​ចៀម​របស់​ទ្រង់១៥ នោះ « ទ្រង់​ហៅតាម​ឈ្មោះ​វា​នីមួយៗ »១៦ ហើយ​ដូច​ជា​កូន​ចៀម​នៃ​ព្រះ ក៏​ស៊ូ​ប្តូរ​ជីវិត​ដើម្បី​ចៀម​របស់​ទ្រង់ ។១៧ ដូចគ្នា​ដែរ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ជា​អ្នក​គង្វាល​ដ៏​ល្អ ជា​ពិសេស​ក្នុង​ក្រុម​គ្រួសារ​យើង និង​ក្នុង​នាម​ជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ វិធី​មួយ​ដែល​យើង​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ គឺ​ការ​ឲ្យ​ចំណី​ដល់​ចៀម​ទ្រង់ ។១៨ ចំពោះ​ចៀម​ដែល​វង្វេង នោះ អ្នក​គង្វាលល្អ​នឹង​ចូលទៅ​ក្នុង​ទីរហោស្ថាន​ស្វែងរក​ចៀម​ដែល​បាត់ ហើយ​បន្ទាប់​មក​នៅ​ជាមួយ​ពួកវា​រហូតដល់​ពួកវា​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព ។១៩ តាម​ស្ថានភាព​អំណោយ​ផល​ក្នុង​មូលដ្ឋាន​ ក្នុងនាម​ជាអ្នក​គង្វាលល្អ យើងគួរ​តែ​រក​ពេល​​ធ្វើ​ការ​ងារ​បម្រើ​ដល់​មនុស្ស​នៅ​តាម​គេហដ្ឋាន​របស់​ពួកគេ​បន្ថែម​ទៀត ។ នៅ​ក្នុង​ការ​ងារបម្រើ​របស់​យើង ការ​ផ្ញើ​សារ និង​បច្ចេកវិទ្យា​គួរ​តែ​ប្រើ​ដើម្បី​ពង្រីក​ការងារ ពុំមែន​យក​មក​ជំនួស​ទំនាក់ទំនង​ដោយ​ផ្ទាល់​នោះ​ទេ ។២០

ទីពីរ ព្រះយេស៊ូវ​គឺ​ជា សម្តេច​សង្ឃ​ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក ។២១ ដោយ​ដឹង​ថា​ការឆ្កាង​របស់ទ្រង់​ខិត​ជិត​មកដល់ នោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូលថា ៖ « ខ្ញុំ​ប្រាប់​សេចក្ដី​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​សេចក្ដី​សុខសាន្ដ ។ ដោយ​សារខ្ញុំ​នៅ​លោកីយ​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ » ។២២ សព្វ​ថ្ងៃ​នេះ​ពិភព​លោក​របស់​យើង​ត្រូវ​បាន​បែកបាក់ និង​បែង​ចែក តែ​យើង​ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ និង​អនុវត្ត​ភាព​វិជ្ជមាន សុទិដ្ឋិនិយម និង​សេចក្តី​សង្ឃឹម​យ៉ាងខ្លាំង ។ ទោះបីជា​អតីតកាល​របស់​យើង​មាន​ឧបសគ្គ​យ៉ាង​ណា​ក្ដី សេចក្តីជំនឿ​តែង​តែ​ចង្អុល​បង្ហាញ​ឆ្ពោះ​ទៅ​អនាគត២៣ ពេញ​ដោយ​ក្តីសង្ឃឹម ដែល​អនុញ្ញាត​ឲ្យ​យើង​បំពេញ​តាម​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​ថា ចូរ​សង្ឃឹម​ឡើង ។២៤ ការរស់​នៅតាម​ដំណឹងល្អ​ដោយ​រីករាយ ជួយ​យើង​ឲ្យ​ក្លាយ​ជា សិស្ស​នៃ​សេចក្តី​ល្អ​ដែល​ត្រូវ​មក ។

ព្រះបរមងារ​មួយ​ទៀត​របស់​ព្រះយេស៊ូវ​គឺ​ទ្រង់ នៅ​តែ​ដដែល​គឺ​ពី​ម្សិល​មិញ ថ្ងៃ​នេះ​ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច ។២៥ ភាព​ខ្ជាប់ខ្ជួន​គឺ​ជា​គុណលក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ។ ព្រះយេស៊ូវ​តែង​ធ្វើ​តាម​ព្រះហប្ញទ័យ​ព្រះវរបិតា​ទ្រង់២៦ ហើយ​ព្រះ​ពាហុ​របស់​ទ្រង់​លាតសន្ធឹង​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​សង្គ្រោះ ជួយ​និង​ព្យាបាល​យើង ។២៧ នៅ​ពេល​យើង​កាន់តែ​ខ្ជាប់ខ្ជួន​ក្នុង​ការ​រស់នៅ​តាម​ដំណឹងល្អ នោះ​យើង​នឹង​កាន់​តែ​ដូច​ព្រះយេស៊ូវ ។២៨ ទោះបីជា​ពិភព​លោក​នេះ​នឹង​ជួបប្រទះ​ការ​ផ្លាស់​ប្តូរ​ប្រជាប្រិយភាព​របស់​វា​ដ៏​ធំ​ក្តី ពេល​មនុស្ស​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​ផាត់​យើងចុះ​ឡើង២៩ នោះ​ការរស់​នៅ​តាម​ដំណឹងល្អ​ដ៏​ខ្ជាប់​ខ្ជួន ជួយ​យើង​ឲ្យ​ខ្ជាប់​ខ្ជួន ហើយ​នឹងនរ ក្នុង​អំឡុង​ពេល​ព្យុះ​នៃជីវិត ។៣០ យើង​ក៏​អាច​បង្ហាញ​ពី​ភាព​ខ្ជាប់​ខ្ជួន​ដោយ​ការ​ទទួល​យក​ការ​អញ្ជើញ​របស់​ប្រធាន ណិលសុន​ឲ្យ « មាន​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ » ។៣១ កម្លាំង​ខាង​វិញ្ញាណ​ដ៏មហិមា​បាន​មក​ពី​កិច្ចការ​តូច និង​ងាយៗ ៣២ ដូចជា​ការបង្កើត « ទម្លាប់​បរិសុទ្ធ និង​ទម្លាប់​សុចរិត » ៣៣ នៃ​ការ​អធិស្ឋាន ការប្រែចិត្ត ការ​សិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ និង​ការ​បម្រើ​អ្នក​ដទៃ ។

ទីបួន ព្រះយេស៊ូវ​គឺ​ជា ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ។៣៤ ព្រះជន្ម​របស់​ព្រះយេស៊ូវ​គឺជាគំរូ​នៃ​បរិសុទ្ធ​ភាព ។ នៅ​ពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវ នោះ​យើង​អាច​ដូច​ព្រះ​ដ៏​បរិសុទ្ធ​នៃ អ៊ីស្រាអែល ។៣៥ យើង​ចម្រើន​ភាព​បរិសុទ្ធ នៅ​ពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ដែល​ជា​កន្លែង « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » ដែល​បាន​ឆ្លាក់​ពី​លើ​ច្រកចូល​នីមួយៗ ។ រាល់​ពេល​ដែល​យើង​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ប្រដាប់​ដោយ​ព្រះចេស្តា​ដ៏មហិមា ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​យើង​ក្លាយ​ជាទី​នៃ​បរិសុទ្ធ​ភាព ។៣៦ សម្រាប់​អស់​អ្នក​ដែល​ពុំ​ទាន់​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទៅ​ជួប​ប៊ីស្សព ហើយ​រៀបចំ​ខ្លួន​បងប្អូន​ដើម្បី​ចូល ឬ​ត្រឡប់​ទៅ​ដំណាក់​ដ៏​បរិសុទ្ធ​នោះ​វិញ ។ ពេលវេលា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ចម្រើន​បរិសុទ្ធភាព​នៅ​ក្នុង​ជីវិត​របស់​យើង ។

ព្រះនាម​ចុងក្រោយ​របស់​ព្រះយេស៊ូវ​គឺ​ថា​ទ្រង់ ស្មោះត្រង់ ហើយ​ពិតប្រាកដ ។៣៧ ដូច​ជា​ព្រះ​យេស៊ូវ​មាន​ព្រះទ័យ​ស្មោះ និង​ពិត​ត្រង់​ជា​និច្ច នោះ​ព្រះរាជ​បំណងដ៏​ស្មោះ​របស់​ទ្រង់​គឺ​ឲ្យ យើង​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ នៅពេល​សេចក្តី​ជំនឿ​របស់​យើង​ធ្លាក់ចុះ នោះ​យើង​អាច​អំពាវនាវ​រក​ព្រះយេស៊ូវ​ថា « ព្រះអម្ចាស់​អើយ សូមជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ដូច​ពេត្រុស ពេល​គាត់​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ព្យុះ​នៃ​សមុទ្រ​កាលីឡេ ។៣៨ នៅ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចុះ​ទៅ​ជួយ​សិស្ស​ដែល​លង់​ទឹក ។ ទ្រង់បាន​ធ្វើដូច្នេះ​ចំពោះខ្ញុំ ហើយ​ទ្រង់នឹង​ធ្វើ​ដូច្នេះ​សម្រាប់​បងប្អូន​ដែរ ។ ចូរ​កុំបោះបង់​ព្រះយេស៊ូវ​ឡើយ—ដ្បិត​ទ្រង់​នឹង​ពុំបោះបង់​បងប្អូន​ឡើយ !

នៅពេល​យើង​ស្មោះ ហើយ​ពិត​ត្រង់ នោះ​យើង​ធ្វើតាម​ការហៅ​របស់​ព្រះយេស៊ូវ « ចូរ​នៅ​ជាប់​នឹង​ខ្ញុំ » ដែល​អាច​មានន័យ​ថា « នៅ​ជាមួយ​ខ្ញុំ » ៣៩ នៅពេល​យើង​ប្រឈមមុខ​នឹងសំណួរ នៅពេល​យើង​ត្រូវ​គេចំអក​ដល់​សេចក្តី​ជំនឿ​របស់យើង នៅពេល​អ្នក​ដែល​នៅ​អគារ​ដ៏​ធំ ហើយ​ទូលាយ​ចង្អុល​មើលងាយ​ដល់​យើង ក៏​យើង​បន្ដ​នៅ​ស្មោះ ហើយ​ពិត​ត្រង់​ជានិច្ច ។ នៅ​គ្រា​ទាំងនេះ យើង​នឹក​ឃើញ​ពី​ការ​អង្វរ​របស់​ព្រះ​យេស៊ូវ​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។៤០ នៅពេល​យើង​ធ្វើ​ដូច្នេះ នោះ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​កម្លាំង​ដើម្បី​នៅ​ជា​មួយ​ទ្រង់ ជា​រៀង​រហូត ។៤១

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ស្គាល់​ទ្រង់ គឺ​គ្មាន​នាម​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ​ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃព្រះឡើយ ។៤២ ព្រះយេស៊ូវ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត—នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ​លើក​លែង​តែទ្រង់​ប៉ុណ្ណោះ ។៤៣ ព្រះ​យេស៊ូវ​គឺ​ជា​ផ្លូវ​តែមួយគត់ ! ដោយ​ហេតុ​នោះ ព្រះយេស៊ូវ​បាន​បោយ​ព្រះហស្ត​ហៅ « ចូរ​មក​ឯខ្ញុំ » ៤៤ ​« ចូរ​មក​តាម​ខ្ញុំ » ៤៥ « ដើរ​ជាមួយ​នឹង​ខ្ញុំ » ៤៦ ហើយ « រៀន​នឹង​ខ្ញុំ » ។៤៧

ខ្ញុំថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​អស់​ពីចិត្ត​ថា—ទ្រង់​មាន​ព្រះជន្មរស់ ថាទ្រង់​ស្រឡាញ់​បងប្អូន ទ្រង់​ស្គាល់​ឈ្មោះ​បងប្អូន ។ ទ្រង់​គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ ៤៨ ជា​ព្រះរាជបុត្រា​តែ ១ របស់​ព្រះវរបិតា ។៤៩ ទ្រង់​គឺ​ជា​ថ្ម​ដា ទ្រង់​ជាបន្ទាយ ជាខែល ជាទី​ជ្រកកោន និង​ជា​អង្គ​រំដោះ​របស់​យើង ។៥០ ទ្រង់​គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ក្នុង​សេចក្ដី​ងងឹត ។៥១ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្រ្គោះ៥២ និង​ជាព្រះ​ប្រោស​លោះ​របស់​យើង ។៥៣ ទ្រង់​គឺ​ជា​សេចក្តី​រស់​ឡើងវិញ ហើយ​ជា​ជីវិត ។៥៤ ខ្ញុំមាន​ក្ដី​ប្រាថ្នា​ដោយ​ស្មោះសុំ​ឲ្យ បងប្អូន​នឹង​បាន​ស្គាល់​ព្រះនាម​ជាច្រើន​របស់​ព្រះយេស៊ូវ ហើយ​នឹង​ក្លាយ​ដូច​ទ្រង់ នៅពេល​បងប្អូន​យក​គំរូ​តាម​គុណលក្ខណៈ​ដ៏​ទេវភា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​បងប្អូន ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ។

  2. យ៉ូហាន ១៧:៣ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។ ទាក់ទង​នឹង​ការ​អធិស្ឋាន​នេះ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន ៖ « អត្ថបទ​នេះ​បាន​ដក​ចេញ​ពី​ការ​អធិស្ឋាន​ដ៏​រុងរឿង​បំផុត—ខ្ញុំ​គិត​ថា​ជា​ការ​អធិស្ឋាន​ដ៏​អស្ចារ្យ​ជាងគេ​បំផុត—ដែល​មិន​ធ្លាប់​បាន​អធិស្ឋាន​នៅ​ក្នុង​ពិភពលោក​នេះ លើក​លែង​តែ​ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ នេះ​ជា​ការ​អធិស្ឋាន​របស់​ព្រះគ្រីស្ទ​ដែល​បាន​អធិស្ឋាន​មុន​ពេល​ទ្រង់​យាង​ចូល​សួន​ច្បារ​គែត​សេម៉ានី ​នា​យប់​នៃ​ការ​ក្បត់​របស់​ទ្រង់ ។ … ខ្ញុំ​ដឹងថា​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ជំពូក​នេះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នោះទេ » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៦៧ ទំព័រ ៥ ) ។

  3. Dale Carnegie How to Win Friends and Influence People កំណែថ្មី ( ឆ្នំា ១៩៨១ ) ទំព័រ​៨៣ ។

  4. អេសាយ ៤៣:១ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  5. សូមមើល យ៉ូហាន ២០:១៦ ។

  6. សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១៧ ។

  7. Bible Dictionary « Israel » ។

  8. ម៉ាកុស ៣:១៧ ។

  9. សូមមើល លូកា ៦:១៤​; យ៉ូហាន ១:៤២ ។

  10. សូមមើល ​« I Studied More Than 2,200 Scriptures about the Savior in Six Weeks: Here Is a Little of What I Learned » ការបំផុស​គំនិត ( blog )​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់​ពី​បទពិសោធន៍​នេះ ប្រធាន ណិលសុន បាន​បន្លឺ​ឡើង​ថា « បង​ជា​មនុស្ស​ផ្សេង​ម្នាក់ ! » ( « Drawing the Power of Jesus Christ into Our LivesLiahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩ ) ។

  11. សូមមើល​រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Lawការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ) គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  12. ឧទាហរណ៍ ៖ ព្រះយេស៊ូវ​ជា​ព្រះមែស៊ី ជាព្រះគ្រីស្ទ ជា​ព្រះយេហូវ៉ា​ដ៏​មហិមា​ទ្រង់​មាន​ព្រះជន្ម​រស់​ពីស្លាប់​ឡើងវិញ​មុនគេ​បង្អស់ និង​ជា​ព្រះរាជបុត្រា​តែ​មួយ​នៃ​ព្រះ ។

  13. បន្ថែម​ពីលើ​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ឲ្យ​សិក្សា​បទគម្ពីរ​ទាក់ទង​នឹង​ព្រះយេស៊ូវ​នៅក្នុង Topical Guide អ្នកក៏​អាច​សិក្សា ព្រះនាម​ជាច្រើន​របស់​ព្រះយេស៊ូវ ដោយ​មើល ​Bible Dictionary​នៅក្រោម​ពាក្យ « Christ, names of » ។ អ្នកក៏​អាចចង់​សិក្សា​សៀវភៅ​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន Witness for His Names​( ឆ្នាំ ២០១៩ ) និង សុន្ទរកថា​នៃ​ការប្រជុំ​ធម្មនិដ្ឋាន ដោយ អែលឌើរ រ៉ូណល អេ រ៉ាសបាន​ដែល​មាន​ចំណង​ជើងថា « Name above All Names » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់–ហាវ៉ៃ ថ្ងៃ ទី ២០ ខែ តុលា ឆ្នាំ ២០២០ ) នៅលើ​គេហទំព័រ speeches.byuh.edu ។

  14. សូមមើល យ៉ូហាន ១០:១១ ។

  15. សូម​មើល យ៉ូហាន ១០:១៤ ។

  16. យ៉ូហាន ១០:៣ ។

  17. សូមមើល យ៉ូហាន ១០:១១–១៥; ​នីហ្វៃទី​១ ១១:៣១–៣៣ ។

  18. សូមមើល យ៉ូហាន ២១:១៥–១៧ ។

  19. ខ្ញុំ​ចូលចិត្ត​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ជា​ពិសេស នៅក្នុង លូកា ១៥:៤ដែល​អានថា « ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម ១ រយ តែ​បាត់ ១ តើ​មិន​ទុក​ចៀម ៩៩ ឲ្យ​នៅ​ទីរហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម ១ ដែល​បាត់ទាល់​តែ​ឃើញ​ទេ​ឬ​អី ? »​( នៅក្នុង លូកា ១៥:៤, footnote a, បានបញ្ជាក់បន្ថែម ) ។

  20. ដូច​អែលឌើរ ដាវីឌ អេ បែដណា បាន​សង្កេត​ឃើញ ៖ « បងប្អូន​រាល់​គ្នា​គិតថា​ការផ្ញើសារ​មួយ​គឺ​គ្រប់​គ្រាន់ [ សម្រាប់​ការងារ​បម្រើ ] ហើយ ។ មាន​ឱកាស​ជាច្រើន ដែល​បងប្អូន​ត្រូវ​ទៅ​ផ្ទះ​ពួកគេ ហើយ​បងប្អូន​សម្លឺង​មើល​កែវភ្នែក​សមាជិក​ទាំងនោះ ដោយសារ​បងប្អូន​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍ និង​ការបំផុស​គំនិត​នៅ​ក្នុង​ផ្ទះ​នោះ ដែល​បងប្អូន​នឹង​មិន​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ឡើយ » ( « ជំនួប​ជាមួយ​នឹង​អែលឌើរ ដាវីឌ អេ បែដណា » [ broadcast for religious educators ], ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ], គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

  21. សូមមើល ហេព្រើរ ៩:១១ ។

  22. យ៉ូហាន ១៦:៣៣ ។

  23. សូមមើល ជែហ្វ្រី អ័រ ហូឡិន «‹ ‘Remember Lot’s Wife › ៖ Faith Is for the Future » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០០៩ ) នៅលើ​គេហទំព័រ speeches.byu.edu ។ « សេចក្ដី​ជំនឿ​តែងតែ​ចង្អុល​ឆ្ពោះទៅ​អនាគត​ជានិច្ច ។ សេចក្ដីជំនឿ​តែងតែ​នាំ​មក​នូវ​ពរជ័យ និង​សេចក្ដីពិត ព្រមទាំង​ព្រឹត្តិការណ៍​ដែល​នឹង មិន​ទាន់ កើតឡើង​ក្នុង​ជីវិត​របស់​យើង​នៅឡើយ » ។

  24. សូមមើល ម៉ាថាយ ៩:២; ម៉ាកុស ៦:៥០; យ៉ូហាន ១៦:៣៣; នីហ្វៃទី ៣ ១:១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:៣៦ ។

  25. សូម​មើល ហេព្រើរ ១៣:៨ សូម​មើល Bible Dictionary « Christ, names of ») ។

  26. សូមមើល យ៉ូហាន ៨:២៩ ។

  27. សូមមើល អាលម៉ា​៥:៣៣,.១៩:៣៦; នីហ្វៃ​ទី ៣ ៩:១៤ ។

  28. សូមមើល ជា​ឧទាហរណ៍ ដេវីត អេ បេណា​« More Diligent and Concerned at Home » Liahona, ខែ​វិច្ឆកា ឆ្នាំ ២០០៩ ទំព័រ ២០ ៖​« ភាព​ខ្ជាប់ខ្ជួន​គឺជា​គោលការណ៍​សំខាន់​មួយ នៅពេល​យើង​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង ។ … យើង​ត្រូវតែ និង​ប្រែក្លាយ​កាន់​តែខ្ជាប់​ខ្ជួន » ។

  29. សូម​មើល អេភេសូរ ៤:១៤ ។

  30. សូម​មើល ម៉ូសាយ ៥:១៥ ។

  31. រ័សុល អិម ណិលសុន « Make Time for the LordLiahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១២០ ។

  32. សូមមើល អាលម៉ា ៣៧:៦ ។

  33. នេះ​គឺ​ជា​ឃ្លា​ដែល​ប្រធាន ដាល្លិន អេក អូក បាន​មាន​ប្រសាសន៍​ម្តង​ហើយ​ម្តង​ទៀត​ជាច្រើន​ដង​នៅ​ក្នុង​ការងារ​បម្រើ​របស់​លោក ។ សូមមើល​ជា​ឧទាហរណ៍ « ជំនួប​សំណេះ​សំណាល​ផ្ទាល់​ជាមួយ​អែលឌើរ អូក និង​អែលឌើរ បាឡឺដ »​( ការចាក់ផ្សាយ​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ) សូមមើល​គេហទំព័រ ChurchofJesusChrist.org ។

  34. សូមមើល នីហ្វៃទី ២ ៩:១៨–១៩, ៤១ ។

  35. ថ្មីៗ​នេះ​នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិម​វ័យ​ទូទាំង​ពិភព​លោក​ស៊ីស្ទើរ វេនឌី ណិលសុន បាន​ចុះផ្សាយ​សំណួរ​មួយ​ដែល​គាត់​បាន​មាន​ប្រសាសន៍ថា វា​អាច​ធ្វើ​ឲ្យ​ជីវិត​មាន​ការ​ផ្លាស់ប្តូរ បង្កើន​ទំនុក​ចិត្ត និង​កាត់​បន្ថយ​ការថប់​បារម្ភ ​បង្កើន​ការ​បំផុស​គំនិត ការដឹង​គុណ និង​កាត់បន្ថយ​ភាព​តានតឹង ជួយ​ទប់ទល់​នឹង​ការល្បួង ហើយ​នាំមក​នូវ​អំណរ ការលួងលោម សេចក្តី​ស្រឡាញ់ និង​ភាព​សុខសាន្ត ។ សំណួរ​នោះ​គឺ ៖« តើ​យុវមជ្ឈិមវ័យ​បរិសុទ្ធ​ម្នាក់​នឹង​ធ្វើ​អ្វីខ្លះ ? » បន្ទាប់​មក គាត់​បាន​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​សំណួរ​នេះ​នៅ​ក្នុង​ស្ថានភាព​មួយ​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា ។ សូមមើល « One Question That Can Change Your Life » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  36. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១២–១៣, ២២ ។

  37. សូមមើល វិវរណៈ ១៩:១១ ។

  38. ម៉ាថាយ ១៤:៣០ ។

  39. យ៉ូហាន ១៥:៤ ។ នៅក្នុង​ភាសា​ក្រិក​ពាក្យ នៅជាប់នឹង គឺ μείνατε (meinate or menó) ដែល​មាន​ន័យថា​ស្នាក់នៅ ឬ​បន្ត​នៅ ។

  40. គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ។

  41. មាន​ម្តង​នោះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានកត់​សម្គាល់ថា នៅក្នុង ភាសាអេស្ប៉ាញ ឃ្លាជា​ភាសា​អង់គ្លេស « ចូរ​នៅជាប់​នឹង​ខ្ញុំ » បាន​បក​ប្រែថា « អចិន្ត្រៃយ៍ » លោក​បាន​បន្ត​ថា ៖ « អត្ថន័យ​នៃ​ពាក្យ​នេះគឺ ‹ នៅ—ប៉ុន្តែ​នៅ​ជា​រៀង​រហូត › ។… មកជា​អចិន្ត្រៃយ៍ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន និង​ជា​ប្រយោជន៍​ដល់​គ្រប់​ជំនាន់​ដែល​កើត​ក្រោយ​បងប្អូន ហើយ​យើង​នឹង​ជួយគ្នា​ឲ្យ​រឹងមាំ​រហូត​ដល់​ទីបញ្ចប់ » ( « Abide in Me » Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។

  42. សូម​មើល នីហ្វៃ​ទី ២ ៣១:២១ ។

  43. សូម​មើល យ៉ូហាន ១៤:៦ ។

  44. ម៉ាថាយ ១១:២៨; នីហ្វៃទី ៣ ៩:១៤, ២២ ។

  45. ម៉ាថាយ ១៦:២៤លូកា ១៨:២២យ៉ូហាន ២១:១៩ សូមមើល​ផងដែរនីហ្វៃទី ២ ៣១:១០ ។

  46. វិវរណៈ ៣:៤; ម៉ូសេ ៦:៣៤ ។

  47. ម៉ាថាយ ១១:២៩; គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:២៣ ។

  48. សូម​មើល នីហ្វៃទី ៣ ៩:១៥ ។

  49. សូម​មើល យ៉ូហាន ១:១៤; អាលម៉ា ៥:៤៨ ។

  50. សូម​មើល សាំយ៉ូអែលទី ២ ២២:២–៣ ។

  51. សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២១ ។

  52. សូម​មើល លូកា ២:១១ ។

  53. សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:១១–១៣ ។

  54. សូម​មើល យ៉ូហាន ១១:២៥ ។