សន្និសីទទូទៅ
គោលការណ៍​ដ៏អស់កល្ប​នៃ​សេចក្ដី​ស្រឡាញ់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


គោលការណ៍​ដ៏អស់កល្ប​នៃ​សេចក្ដី​ស្រឡាញ់

សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​ម្នាក់ៗ​គឺ​មានពិត ។ ទ្រង់​គង់នៅ​សម្រាប់​យើង​ម្នាក់ៗ ។

គោលការណ៍​ដ៏អស់កល្ប​នៃ​សេចក្ដី​ស្រឡាញ់ ត្រូវ​បាន​បង្ហាញ​តាមរយៈ​ការ​រស់នៅ​តាម​បញ្ញត្តិ​ធំ​ពីរ ៖ ត្រូវ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កម្លាំង ហើយ​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯងដែរ ។

ខ្ញុំចងចាំ​ពី​រដូវរងា​ដំបូង​របស់ខ្ញុំ​ពេល​មក​រស់នៅ​ទីនេះ​ក្នុង​រដ្ឋយូថាហ៍—​ព្រិលធ្លាក់​គ្រប់​ទីកន្លែង ។ ព្រោះ​ខ្ញុំ​មក​ពី​វាល​ខ្សាច់​សូណូរ៉ាន់ខ្ញុំ​ចូល​ចិត្ត​នឹង​ព្រិល​ខ្លាំងណាស់​តាំង​ពី​ថ្ងៃ​ដំបូង​ប៉ុន្តែ​ពីរបី​ថ្ងៃ​ក្រោយ​មក ខ្ញុំបានដឹង​ថាខ្ញុំ​ត្រូវ​ក្រោក​ពីព្រលឹម ដើម្បី​ចូក​ព្រិល​ចេញ​ពី​ផ្លូវ​ថ្នល់ ។

នា​ព្រឹក​មួយ នៅ​កណ្តាល​ព្យុះព្រិល ខ្ញុំ​បាន​ចូក​ព្រិល​ឡើង​បែក​ញើស ហើយ​ខ្ញុំបាន​ឃើញ​អ្នកជិតខាង​កំពុង​បើក​រោងឡាន​របស់​គាត់​នៅ​ផ្លូវ​ម្ខាង​ទៀត ។ គាត់​ចាស់​ជាង​ខ្ញុំ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​ធ្វើ​ឆាប់​ហើយ នោះ​ខ្ញុំ​អាច​ជួយ​គាត់ ។ រួច​ខ្ញុំ​ក៏​បាន​ស្រែក​សួរ​គាត់​ថា « បងប្រុស តើ​បង​ត្រូវ​ការ​ជំនួយ​ទេ ?

គាត់​បាន​ញញឹម ហើយ​តប​ថា « អរគុណ អែលឌើរ ម៉ុនតូយ៉ា » ។ រួច​គាត់​បាន​ទាញ​ម៉ាស៊ីន​ផ្លុំ​ព្រិល​ចេញ​ពី​រោង​ឡាន​គាត់​មក បញ្ឆេះ​ផ្លុំ​ព្រិល​ចេញ​អស់​ពី​មុខ​ផ្ទះ​របស់​គាត់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ ហើយ​គាត់​បាន​យក​ម៉ាស៊ីន​របស់​គាត់​ដើរ​ឆ្លង​ផ្លូវ​មក​សួរ​ខ្ញុំ​ថា « អែលឌើរ ត្រូវ​ការ​ជំនួយ​ទេ ? »

ខ្ញុំ​ឆ្លើយ​ទាំង​ញញឹមថា « បាទ អរគុណ » ។

យើង​មាន​ឆន្ទៈ​ជួយ​គ្នា ព្រោះ​យើង​ស្រឡាញ់​គ្នា ហើយ​តម្រូវការ​នៃ​បងប្អូន​ប្រុស​ខ្ញុំ ក្លាយ​ជា​តម្រូវការ​ខ្ញុំ ហើយ​តម្រូវការ​ខ្ញុំ​ក៏​ក្លាយ​ជា​តម្រូវការ​របស់​គាត់​ដែរ ។ មិន​ថា​បង​ប្អូន​ប្រុស​ខ្ញុំ​និយាយ​ភាសា​អ្វី ឬ​គាត់​មក​ពី​ប្រទេស​ណា​ទេ យើង​ស្រឡាញ់​គ្នា​ព្រោះ​យើង​ជា​បង​ប្អូន​នឹង​គ្នា ជា​កូន​ដែល​មាន​ឪពុក​តែ​មួយ ។

នៅពេល​បាន​ប្រកាស​អំពី​ការងារ​បម្រើ ប្រធាន​រ័សុល ណិលសុន បាន​មាន​ប្រសាសន៍ថា « ពួក​យើង​នឹង​អនុវត្ត​នូវ​មធ្យោបាយ​កាន់តែ​ថ្មី និង​កាន់តែ​បរិសុទ្ធ​ដើម្បី​មើល​ថែ និង​បម្រើ​ដល់​អ្នក​ដទៃ​ជំនួស​វិញ » ។ ចំពោះ​ខ្ញុំ​ឃ្លា កាន់តែ​បរិសុទ្ធមានន័យ​កាន់តែ​ផ្ទាល់ខ្លួន​ស៊ីជម្រៅ និង​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ៖ « មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នាទៅវិញ​ទៅមក »ម្តង​ម្នាក់ៗ ។

វា​មិន​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់​តែ​ចៀសវាង​ពី​ការ​ធ្វើ​ជា​ថ្ម​ជំពប់​សម្រាប់​អ្នក​ដទៃ វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​គ្រាន់តែ​សង្កេត​ឃើញ​ថា​មាន​អ្នក​ខ្វះខាត​នៅ​តាម​ផ្លូវ ហើយ​ដើរ​រំលង​នោះ ។ ចូរយើង​ឆ្លៀត​ឱកាស​ជួយ​អ្នក​ជិតខាង របស់​យើង​គ្រប់​ពេល ទោះបី​ជាវា​ជាលើកទីមួយ និង​ជាពេល​តែ​ម្តង​គត់​ដែល​យើង​ជួប​គាត់ ឬ​នាង​នៅ​ក្នុង​ជីវិត​នេះ​ក្តី ។

ហេតុអ្វី​ការស្រឡាញ់​ព្រះ​គឺជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ ?

ខ្ញុំ​គិត​ថា ដោយ​សារ​ទ្រង់​សំខាន់​ចំពោះ​ពួកយើង ។ យើងជា​បុត្រាបុត្រី​ទ្រង់ ទ្រង់​មើល​ថែ​សុខុមាលភាព​យើង ហើយ​យើង​ពឹង​ផ្អែក​លើទ្រង់ រួចហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ការពារ​យើង ។ ផែន​ការ​របស់​ទ្រង់​រួម​មាន​ទាំង​សិទ្ធិ​ជ្រើសរើស ហេតុ​ដូចច្នេះ​ហើយ​ពេលខ្លះ យើង​អាច​នឹង​ប្រព្រឹត្ត​កំហុស​ឆ្គង​ខ្លះៗ ។

ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​យើង​ទទួល​នូវ​ការ​សាកល្បង និង​ការ​ល្បួង ។ ប៉ុន្តែ ទោះបីជា​យើង​កំពុង​ប្រព្រឹត្ត​កំហុស​ខ្លះៗ ឬ​កំពុង​ធ្លាក់​ចុះ​ទៅក្នុង​ការល្បួង​ក៏ដោយ ក៏​ផែនការ​របស់​ទ្រង់​បាន​ផ្ដល់​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដើម្បី​យើង​អាច​បាន​ប្រោសលោះ ហើយ​បាន​ត្រឡប់​ទៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ​វិញ ។

សេចក្តី​លំបាក​នៅក្នុង​ជីវិត​របស់​យើង​អាច​បណ្តាល​ឲ្យ​មានការ​សង្ស័យ​អំពី​ការ​បំពេញ​តាម​ការសន្យា​ដែលបាន​ប្រទាន​ដល់​យើង ។ សូម​ទុកចិត្ត​លើព្រះបិតា​របស់​យើង ។ ទ្រង់​តែងតែ​រក្សា​ការសន្យា​របស់​ទ្រង់ ហើយ​យើង​អាចរៀន​ពីអ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​បង្រៀន​ដល់​យើង ។

ទោះ​បី​ជា​យើង​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ក៏​ដោយ ក៏​កាលៈទេសៈ​នៅ​ក្នុង​ជីវិត​របស់​យើង​អាច​ផ្លាស់​ប្តូរ​ពីល្អ​ទៅជា​អាក្រក់ ពី​សុភមង្គល​ទៅជា​ទុក្ខ​ព្រួយ​ដែរ ។ ព្រះ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង​ស្រប​តាម​សេចក្ដី​មេត្តា​ករុណា ដ៏​និរន្ដរ៍​ដោយ​ក្តី​ស្រឡាញ់ និង​ស្របតាម​ពេល​វេលា​របស់​ទ្រង់ ។

  • ទឹក​ជ្រោះ​ដែល​អេលីយ៉ា​ផឹក​បាន​រីង​ស្ងួត ។

  • នីហ្វៃ​បាន​ធ្វើ​ឲ្យ​ធ្នូ​ដែល​ធ្វើ​ពី​ដែក​ដ៏ល្អ​បាក់ ។

  • ក្មេង​ប្រុស​ម្នាក់​ត្រូវបាន​រើសអើង និង​បណ្តេញ​ចេញ​ពីសាលា ។

  • ទារក​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​បាន​ស្លាប់​ក្នុង​ថ្ងៃ​កើត ។

កាលៈ​ទេសៈ​ផ្លាស់​ប្តូរ ។

នៅពេល​កាលៈទេសៈ​ផ្លាស់​ប្តូរ​ពី​ល្អ​ទៅ​អាក្រក់ ពី​វិជ្ជមាន​ទៅ អវិជ្ជមាន យើង​នៅ​តែ​អាច​សប្បាយ​ចិត្ត​បាន ពីព្រោះ​សុភមង្គល​មិន​អាស្រ័យ​លើ​កាលៈទេសៈ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើអាកប្បកិរិយា​របស់​យើង​ចំពោះ​កាលៈទេសៈ​ទាំងនោះ ។ ដូច​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « អំណរ​ដែល​យើង​មាន​នោះ មិនសូវ​ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ជីវិត​យើងទេ ប៉ុន្តែ​វាទាក់ទង​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​យើង​ផ្តោត​ទៅលើ​នៅក្នុង​ជីវិត​យើង » ។

យើង​អាច​អង្គុយ​រង់ចាំ​កាលៈទេសៈ​ផ្លាស់ប្ដូរ​ដោយ​ឯក​ឯង ឬ​យើង​អាច​ស្វែងរក​វិធី ហើយ​នាំ​មក​នូវ​កាលៈទេសៈ​ថ្មី ។

  • អេលីយ៉ា​បាន​ដើរ​ទៅ​ក្រុង​សារិបតា ជា​កន្លែង​ដែល​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ឲ្យ​អាហារ និង​ទឹក​ដល់​គាត់ ។

  • នីហ្វៃ​បាន​ធ្វើ​ធ្នូ​ពី​ឈើ ហើយ​បរបាញ់​សត្វ​ដើម្បី​បរិភោគ ។

  • ក្មេង​ប្រុស​នោះ​បាន​អង្គុយ​ស្តាប់ និង​កត់ត្រា​នៅក្បែ​បង្អួច តែ​សព្វថ្ងៃ​គាត់​ជាគ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា ។

  • គូ​ស្វាមី​ភរិយា​មួយ​គូ​នោះ​បាន​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទុក​ចិត្ត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទារក​ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ ប៉ុន្តែ​បាន​ស្លាប់​ភ្លាមៗ​នោះ​គឺ​ជា​មហា​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ។

នៅ​ពេល​ខ្ញុំ​ឮ​សំណួរ « ព្រះ វរបិតា​អើយ ទ្រង់​នៅ​ទីនេះឬ ? តើ​ព្រះអង្គ​នឹង​ឆ្លើយ​ការ​អធិស្ឋាន​កូន​[ គ្រប់​គ្នា ] ឬទេ? »ខ្ញុំ​ចង់​ឆ្លើយ​ថា ទ្រង់​នៅទីនេះ ទ្រង់​គង់​ទីនេះ ហើយ​ទ្រង់​គង់​នៅ​នឹង​បងប្អូន និង​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​ជា​បុត្រា​របស់​ទ្រង់ ទ្រង់ជា​បិតា​របស់ខ្ញុំ ហើយ​ខ្ញុំ​កំពុង​រៀន​ធ្វើជា​ឪពុក​ដ៏ល្អ​ដូចទ្រង់ » ។

ភរិយា​ខ្ញុំ និង​ខ្ញុំ តែង​ព្យាយាម​នៅនឹង​កូនៗ​របស់យើង​គ្រប់​ពេលវេលា ទោះស្ថិត​ក្នុង​ស្ថានភាព​ណា និង​តាម​មធ្យោបាយ​ណា​ក៏ដោយ ។ បុត្រ​ម្នាក់ៗ​មាន​លក្ខណៈ​ពិសេស ពួកគេ​មាន​តម្លៃ​ដ៏មហិមា​ចំពោះ​ព្រះ ហើយ​មិនថា​ពួកគេ​មាន​បញ្ហា មានបាប និង​ភាពទន់​ខ្សោយ​អ្វី​នោះទេ ព្រះ​នៅតែ​ស្រឡាញ់​ពួកគេ ហើយ​យើង​ក៏​ស្រឡាញ់​ពួកគេ​ដែរ ។

នៅ​ពេល​ខ្ញុំ​បាន​ទទួល​ការហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ នៅថ្ងៃ​ចុងក្រោយ​មុនការធ្វើ​ដំណើរ​របស់​យើងទៅ​កាន់​ទីក្រុង​សលត៍ លេក កូនៗ​របស់ខ្ញុំ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទាំងអស់​បាន​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់យើង ដើម្បី​មាន​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារមួយ ហើយវា ជា​កន្លែង​ដែល​យើង​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ និង​ការដឹង​គុណ​របស់​យើង ។ បន្ទាប់​ពី​មេរៀន ខ្ញុំ​បាន​ផ្តល់​ពរជ័យ​បព្វជិតភាព​ដល់​កូនៗ​របស់​ខ្ញុំ​ម្នាក់ៗ ។ គ្រប់​គ្នា​យំ ។ បន្ទាប់​ពី​ការ​ប្រសិទ្ធពរ កូន​ប្រុស​ច្បង​របស់​ខ្ញុំ​បាន​និយាយ​ថ្លែង​អំណរគុណ​តំណាង​ឲ្យ​ប្អូនៗ​គ្រប់​គ្នា ចំពោះ​ក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​យើង​បាន​ផ្តល់​ឲ្យ​ពួកគេ តាំងពី​ថ្ងៃ​ដែល​ពួកគេ​កើត​មក​រហូត​ដល់​ពេល​នេះ ។

សូម​ផ្តល់​ការប្រសិទ្ធ​ពរ​ដល់​កូនៗ​របស់​បងប្អូន មិន​ថា​ពួកគេ​អាយុ ៥ ឆ្នាំ ឬ ៥០ ឆ្នាំ នោះទេ ។ ចូរ​នៅជា​មួយ​ពួកគេ ដើម្បី​ពួក​គេ ។ ទោះបីជាការ​ចិញ្ចឹម​បីបាច់ គឺជា​ការ​ទទួល​ខុសត្រូវ​ដែល​បាន​បង្កើត​ពី​ការ​រចនា​ដ៏ទេវភាព​ក្តី ក៏យើង​មិនត្រូវ​ភ្លេច​ចែករំលែក​ពេលវេលា​រីករាយ​ជាមួយ​កូនៗ​របស់​យើង​នោះដែរ ។

សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​ម្នាក់ៗ​គឺ​មានពិត ។ ទ្រង់​គង់នៅ​សម្រាប់​យើង​ម្នាក់ៗ ។ ខ្ញុំ​មិន​ដឹង​ពី​របៀប​ដែល​ទ្រង់​ធ្វើ​ការណ៍​នោះទេ ប៉ុន្តែ​ដឹងថា​ទ្រង់​ធ្វើ​ការណ៍​នោះ ។ ទ្រង់ និង​បុត្រច្បង​របស់ទ្រង់​មាន​ព្រះទ័យ​តែមួយ ក្នុង​ការ​ធ្វើ​កិច្ចការ និង​ក្នុង​សិរីល្អ​របស់​ព្រះវរបិតា « ដើម្បី​នាំឲ្យ​មាន​អមតភាព និង ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់មនុស្ស » ។10 ទ្រង់​ទាំង​ទ្វេ បាន​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​យើង ផ្តល់​ភាព​កក់ក្តៅ និង​ការ​លួងលោម​ដែល​ចាំបាច់​ដល់​យើង ។

ទ្រង់​បាន​បង្គាប់​ព្រះរាជ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​ឲ្យ​បង្កើត​ផែនដី​ដ៏​ស្រស់​ស្អាត​នេះ ។ ទ្រង់​បាន​បង្គាប់ អ័ដាម និង​នាង​អេវ៉ា ហើយ​បាន​ផ្តល់​សិទ្ធិ​ជ្រើសរើស​ដល់​ពួកគេ ។ ទ្រង់​បាន​បញ្ជូន​សារទូត​មក​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​សេចក្ដី​ស្រឡាញ់ និង​ទទួល​បទបញ្ញត្តិ​របស់​ទ្រង់ ។

ទ្រង់​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ឆ្លើយ​តប​នឹង​សំណួរ​ដ៏​ស្មោះ​របស់ យ៉ូសែប ហើយ​ហៅ​ឈ្មោះ​លោក ។ ទ្រង់​បាន​មាន​បន្ទូល​ថា ៖ « នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »១១

ខ្ញុំ​ជឿ​ថា ការ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​ចំពោះ​យើង​បាន​កើត​ឡើង​នៅ​ក្នុង​សួន​គែត​សេម៉ានី ជា​កន្លែង​ដែល​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​នៃ​ទូល​បង្គំអើយ បើសិន​ជាបាន​នោះ សូមឲ្យ​ពែងនេះ​កន្លង​ហួស​ពីទូលបង្គំទៅ ប៉ុន្តែ កុំតាម​ចិត្ត​ទូលបង្គំ​ឡើយ សូមតាម​តែ​ព្រះហឫ​ទ័យ​ទ្រង់​វិញ » ។១២

ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ផ្នែក​ដ៏​តូច​ដែល​ខ្ញុំ​បាន​យល់​ដឹង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្កើន​សេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ ហើយ​កាត់​បន្ថយ​បំណង​ប្រព្រឹត្ត​អំពើ​បាប និង​ការ​មិន​ស្តាប់​បង្គាប់​របស់​ខ្ញុំ ហើយ​បង្កើន​ឆន្ទៈ​ធ្វើ​ជា​មនុស្ស​កាន់​តែ​ល្អ និង​ប្រព្រឹត្ត​ល្អ​កាន់​តែ​ច្រើន ។

ព្រះយេស៊ូវ​បាន​យាង​ទៅ​ដោយ​គ្មាន​ការភ័យខ្លាច ឬ​សង្ស័យ​ឡើយ​ក្នុង​ការចូល​ទៅ​កាន់​សួន​គែតសេម៉ានី ទ្រង់​ទុក​ចិត្ត​លើ​ព្រះវរបិតា​ ទោះ​ដឹង​ថា​ទ្រង់​នឹង​ត្រូវ​ជាន់​ក្នុង​ធុង​ទំពាំង​បាយជូរ​តែ​ម្នាក់​ឯង​ក្តី ។ ទ្រង់​បាន​ស៊ូទ្រាំ​ការឈឺចាប់ និង​ភាព​អាម៉ាស់​គ្រប់យ៉់ាង ។ ទ្រង់​ត្រូវ​គេ​ចោទ​ប្រកាន់ ជំនុំជម្រះ និង​ត្រូវ​បាន​គេ​ឆ្កាង ។ ក្នុងអំឡុង​ពេល​នៃការឈឺចាប់ និង​ការ​រងទុក្ខ​វេទនា​នៅលើ​ឈើឆ្កាង ព្រះយេស៊ូវ​បានផ្តោត​លើ​តម្រូវការ​របស់​ម្តាយ និង​សិស្ស​ជាទី​ស្រឡាញ់​របស់​ទ្រង់ ។ ទ្រង់​បាន​លះបង់​ព្រះជន្ម​ទ្រង់ ។

នៅ​ថ្ងៃ​ទី​បី ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ផ្នូរ​ពុំ​មាន​ព្រះ​សព​ឡើយ ទ្រង់​គង់​នៅ​ខាង​ស្តាំ​ព្រះហស្ត​នៃ​ព្រះវរបិតា ។ ទ្រង់​ទាំងទ្វេ​សង្ឃឹម​ថា យើង​នឹង​ជ្រើសរើស​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ត្រឡប់​ទៅ​កាន់​វត្តមាន​ទ្រង់​វិញ ។ សណ្ឋានទីពីរ​នេះពុំមែន​ជាសណ្ឋាន​ចុងក្រោយ​របស់​យើង​ឡើយ យើង​ពុំមែន​ជា​របស់ផង​នៃគេហដ្ឋាន​នៅលើ​ផែនដី​នេះ​ទេ ប៉ុន្តែ​យើង​ជា​តួអង្គ​ដ៏​អស់កល្ប​ដែល​មក​ទទួល​បទពិសោធន៍​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ។

ព្រះយេស៊ូវគឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ដោយសារ​ទ្រង់​រស់ នោះ​កូនចៅ​របស់​ទាំងអស់​នឹង​បាន​រស់​ឡើងវិញ​ជា​រៀង​រហូត ។ សូម​អរព្រះគុណ​ទ្រង់​សម្រាប់​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ដែល​យើង​ទាំងអស់​គ្នា​អាច​រស់នៅ​ជាមួយ​គ្នា​ជាមួយ​នឹង​ទ្រង់​ទាំង​ទ្វេ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕