សន្និសីទទូទៅ
គំរូ​នៃ​ភាព​ជា​សិស្ស
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


គំរូ​នៃ​ភាព​ជា​សិស្ស

ការរៀន​អំពី​ព្រះគ្រីស្ទ និង​ផ្លូវ​របស់​ទ្រង់​នាំ​យើង​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។

គំរូ​នៃ​សេចក្ដីជំនឿ

ព្រឹក​នេះ កូន​ពីរ​នាក់ និង​ចៅ​បី​នាក់​របស់​យើង​នៅ​អាមេរិក​ខាង​ជើង និង​មនុស្ស​ប្រមាណ​ជា​ពាក់​កណ្តាល​នៃ​ពិភព​លោក​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​រះ​ឡើង​យ៉ាង​ស្រស់​ត្រកាល នៅ​ទិស​ខាង​កើត ។ កូន​បី​នាក់​ផ្សេង​ទៀត និង​ចៅ​ប្រាំ​ពីរ​នាក់​ផ្សេង​ទៀត​នៅ​ទ្វីប​អាហ្វ្រិក និង​មនុស្ស​ពាក់​កណ្តាល​ផ្សេង​ទៀត​នៃ​ពិភព​លោក បាន​ឃើញ​ភាព​ងងឹត​ដេញ​មក​បន្តិច​ម្តងៗ​លើ​ពួកគេ កាលដែល​ព្រះអាទិត្យ​លិច​នៅ​ជើង​មេឃ​ទិស​ខាង​លិច ។

ភាពស្ថិតស្ថេរនៃ​ការចាប់ផ្តើម​ថ្ងៃ និង​យប់​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ គឺ​ជា​ការ​រំឭក​ជា​ប្រចាំ​ថ្ងៃ​មួយ អំពី​ភាព​ពិត​ដែល​គ្រប់គ្រង​ជីវិត​របស់​យើង ដែល​យើង​មិន​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ ។ នៅពេល​យើង​គោរព និង​សម្រប​អ្វី​ដែល​យើង​ធ្វើ ទៅ​តាម​ភាព​ពិត​ដ៏​អស់កល្ប​ទាំង​នេះ នោះ​យើង​ដក​ពិសោធ​នូវ​ភាពសុខសាន្ត និង​ភាព​សុខដុម​ក្នុង​ចិត្ត ។ ពេល​យើង​មិន​ធ្វើ​បែប​នេះ នោះ​យើង​អំពល់​ចិត្ត ហើយ​អ្វីៗ​មិន​ដំណើរ​ការ​ដូច​យើង​រំពឹង​ទុកទេ ។

ថ្ងៃ និង យប់​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ភាពពិត​ដែល​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​គ្នា ដែល​រស់នៅ​លើ​ផែនដី ។ វា​ជា​សេចក្ដីពិត​ដ៏​ពេញលេញ​មួយ​នៃ​ជីវិត​មនុស្ស​យើង ដែល​យើង​មិន​អាច​ចរចា​ទៅ​តាម​បំណង​ប្រាថ្នា​ផ្ទាល់​របស់​យើង ហើយ​គេច​វេះ​ចេញ​ពី​វា​បានឡើយ ។ ខ្ញុំ​ត្រូវ​បាន​រំឭក​ពី​រឿង​នេះ​រាល់​ពេល​ដែល​ខ្ញុំ​ជិះ​យន្តហោះ​ពី​អាហ្វ្រិក​មក​កាន់​សន្និសីទ​ទូទៅ ដោយ​កំណត់​នាឡិកា​ដើរ​ថយ​ក្រោយ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

នៅ​ពេល​ណា​យើង​កត់​សម្គាល់​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​យើង​ឃើញ​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ​យើង​នូវ​សាក្សី​នៃ​សេចក្ដី​ពិត​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ជីវិត​របស់​យើង ដើម្បី​យើង​ស្គាល់​ទ្រង់ ហើយ​មាន​ពរជ័យ​នៃ​ភាពសុខសាន្ត និង​អំណរ ។

តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​បញ្ជាក់​ដូច្នេះ « ហើយ​ជា​ថ្មី​ទៀត យើង​នឹង​ប្រទាន​គំរូ​ដល់​អ្នក អំពី​គ្រប់​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ត្រូវ​គេ​បញ្ឆោត​បាន ដ្បិត​សាតាំង​កំពុង​នៅ​ពាស​ពេញ​លើ​ដែនដី ហើយ​វា​ចេញ​ទៅ ដោយ​បញ្ឆោត​សាសន៍​នានា » ។

កូរីហូរ​ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​ម្នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការបោក​បញ្ឆោត​បែប​នោះ ដោយ​គ្មាន​ជំនឿ​ពី​វត្តមាន​របស់​ព្រះ និង​ការយាង​មក​របស់​ព្រះគ្រីស្ទ​ឡើយ ។ អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ទៅ​គាត់​ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន មែន​ហើយ ​សូម្បីតែ​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​លើ​ផ្ទៃ​ផែនដី មែន​ហើយ និង​ចលនា​របស់​ផែនដី មែនហើយ ព្រម​ទាំង​ពិភព​ទាំងអស់ ដែល​ធ្វើ​ចលនា​តាម​ទម្រង់​ធម្មតា​របស់​វា ក៏​ធ្វើ​ជា​សាក្សី​ថា​មាន​ព្រះ​បង្កបង្កើត​ដ៏​មហិមា​មួយ​អង្គ » ។

នៅពេល​កូរីហូរ​បាន​ទទូច​ឲ្យ​ផ្តល់​ទីសម្គាល់​មួយ ពីមុន​គាត់​អាច​ជឿ នោះ​អាលម៉ា​បាន​ធ្វើ​ឲ្យ​គាត់ប្រែ​ទៅ​ជា​គ ។ ដោយ​ក្តី​វេទនា​របស់​គាត់ នោះ​កូរីហូរ​បាន​បន្ទាប​ខ្លួន បាន​សារភាព​ដោយ​ឥត​លាក់លៀម​ថា គាត់​បាន​ចាញ់​បញ្ឆោត​អារក្ស ។

យើង​មិនត្រូវ​ចាញ់​បញ្ឆោតនោះ​ទេ ។ យើង​ឃើញ​អព្ភូតហេតុ​នៃ​ជីវិត​ដែល​មាន​ភាពឆ្លាតវៃ​កើត​មាន​ចំពោះ​យើង​ជានិច្ច ។ ហើយ​ការក្រឡេកមើល និង​សញ្ជឹង​គិត​ពី​ភាពអស្ចារ្យ​នៃ​ស្ថានសួគ៌ ដែល​មាន​ផ្កាយ និង​កាឡាក់ស៊ី​រាប់​មិន​អស់ ជំរុញ​ឲ្យ​ព្រលឹង​នៃ​ចិត្ត​ដែល​មាន​ជំនឿ​ឲ្យ​ប្រកាស​ថា « ឱ​ព្រះអម្ចាស់​ទ្រង់​ធំ​ណាស់​ណា ! »

មែន​ហើយ ព្រះវរបិតា​សួគ៌​របស់​យើង​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​បើក​សម្តែង​ព្រះអង្គ​ទ្រង់​មក​កាន់​យើង គ្រប់​ពេល​តាម​របៀប​ជា​ច្រើន ។

គំរូ​នៃ​ភាពរាបសា

ប៉ុន្តែ ដើម្បី​ទទួល​ស្គាល់ ជឿ ហើយ​បន្ត​នៅក្នុង​ព្រះ នោះ​ដួងចិត្ត​របស់​យើង​ត្រូវតែ​ទទួល​យក​នូវ​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ។ អាលម៉ា​បាន​បង្រៀន​ថា ភាពរាបសា​កើត​មុន​សេចក្ដីជំនឿ ។ មរមន​បាន​បន្ថែម​ថា វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​បុគ្គល​ម្នាក់​ដែល​មិន « ស្លូតបូត ហើយ​សុ​ភាព​រាបសា » មាន​នូវ​សេចក្តីជំនឿ និង​សេចក្តីសង្ឃឹម ហើយ​ទទួល​ព្រះវិញ្ញាណ​របស់​ព្រះ​នោះ ។ ស្តេច​បេនយ៉ាមីន​បាន​ប្រកាស​ថា នរណា​ដែល​ដាក់​អាទិភាព​ជា​ចម្បង​លើ​ភាពរុងរឿង​នៃ​លោកិយ​នេះ​គឺ​ជា « ខ្មាំង​សត្រូវ​ដល់​ព្រះ » ។

តាមរយៈ​ការចុះ​ចូល​ទៅ​នឹង​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​សម្រេច​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់ ទោះ​បី​ជា​ទ្រង់​សុចរិត និង​បរិសុទ្ធ​ក្តី ក៏​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ថា ភាព​រាបសា​នៅ​ចំពោះ​ព្រះ​គឺ​ជា​គុណ​លក្ខណៈ​គ្រឹះ​នៃ​ពួក​សិស្ស​របស់​ទ្រង់ ។

សិស្ស​ថ្មី​ទាំង​អស់​ត្រូវ​បាន​តម្រូវ​ឲ្យ​បង្ហាញ​ពី​ភាពរាបសា​នៅ​ចំពោះ​មុខ​ព្រះ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក ។ ដូច្នេះ « អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប…នឹង​បាន​ទទួល​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​សាសនាចក្រ​របស់​ទ្រង់ » ។

ភាពរាបសា​នាំ​ដួងចិត្ត​របស់​ពួកសិស្ស​ទោរទន់​ទៅ​រក​ការប្រែចិត្ត និង​ការ​គោរព​ប្រតិបត្តិ ។ បន្ទាប់​មក ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​នាំ​សេចក្ដីពិត​ចូល​ទៅ​ក្នុង​ដួងចិត្ត​នោះ ហើយ​សេចក្តីពិត​នោះ​នឹង​ជ្រៀត​ចូល ។

ការខ្វះ​ភាពរាបសា​បាន​រួម​ចំណែក​ច្រើន​បំផុត ក្នុង​ការបំពេញ​ដល់​ការព្យាករណ៍​របស់​សាវក​ប៉ុល​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ៖

« ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួនឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ម្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ

មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្តី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូលចិត្ត​នឹង​ការល្អ » ។១០

ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​រៀន​ពី​ទ្រង់ គឺ​ជា​ការអញ្ជើញ​ឲ្យ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការល្បួង​នៃ​លោកិយ​នេះ ហើយ​ក្លាយ​ដូចជា​ទ្រង់—ស្លូតបូត ហើយ​សុភាព​រាបសា បន្ទាប​ខ្លួន ។ បន្ទាប់​មក យើង​អាច​ទឹម​នឹម​របស់​ទ្រង់ ហើយ​ឃើញ​ថា វា​ងាយ​ស្រួល—ដែល​ភាព​ជា​សិស្ស​គឺ​មិនមែន​ជា​បន្ទុក​នោះ​ទេ ប៉ុន្តែ​ជា​អំណរ​វិញ ដូច​ប្រធាន​រ័សុល អឹម ណិលសុន បាន​បង្រៀន​យើង​យ៉ាង​ម៉ឺងម៉ាត់ និង​ដដែលៗ ។

គំរូ​នៃ​សេចក្ដី​ស្រឡាញ់

ការរៀន​អំពី​ព្រះគ្រីស្ទ និង​ផ្លូវ​របស់​ទ្រង់​នាំ​យើង​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ទ្រង់ ។

ទ្រង់​បាន​បង្ហាញ​ជា​គំរូ​ថា ដោយ​មាន​គុណលក្ខណៈ​នៃ​ភាពរាបសា វា​ពិត​ជា​អាច​ស្គាល់ និង​ស្រឡាញ់​ព្រះ​ជា​ព្រះវរបិតា ដោយ​អស់​ពី​សុខុមាលភាព​របស់​យើង និង​ស្រឡាញ់​អ្នក​ដទៃ ដូច​យើង​ស្រឡាញ់​ខ្លួន​យើង​បាន ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ ។ ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ ជា​អំឡុងពេល​ដែល​ទ្រង់​ដាក់​ទាំង​ព្រះឆន្ទៈ និង​ព្រះកាយ​របស់​ទ្រង់​នៅ​លើ​អាសនា គឺ​ជា​គំរូ​មួយ​សម្រាប់​ការអនុវត្ត​គោលការណ៍​ទាំង​នេះ ដែល​ដំណឹងល្អ​របស់​ទ្រង់​សង់​នៅ​លើ ។ គោលការណ៍​ទាំង​ពីរ គឺ​ឲ្យ​យើង​ផ្តោត​លើ​អ្នក​ដទៃ និង​របៀប​ដែល​យើង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ មិនមែន​ជាការស្វែងរក​សេចក្តីសោមនស្ស ឬ​សិរី​រុងរឿង​ផ្ទាល់​ខ្លួន​នោះ​ឡើយ ។

រឿង​ដ៏​អស្ចារ្យ​ដែល​នឹក​ស្មាន​មិន​ដល់​គឺ​ថា នៅពេល​យើង​ផ្តោត​ការខិតខំ​ដ៏​ល្អ​បំផុត​របស់​យើង​ទៅ​លើ​ការ​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ នោះ​យើង​អាច​រក​ឃើញ​តម្លៃ​នៃ​ទេវភាព​ដ៏​ពិត​របស់​យើង​ផ្ទាល់ ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ដោយ​មាន​ភាពសុខសាន្ត និង​អំណរ​ដ៏​ពេញលេញ ដែល​បទពិសោធន៍​នេះ​នាំ​មក ។

យើង​ប្រែ​ជា​តែ​មួយ​ជាមួយ​ព្រះ និង​ជាមួយ​គ្នា តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ ។ បន្ទាប់​មក យើង​អាច​ទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ ជា​ផ្លែ​ឈើ​ដែល​លីហៃ​បាន​និយាយ​នោះ​គឺ « ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ដែល​ឪពុក​ធ្លាប់​បាន​ភ្លក់​ពី​មុន​មក » ។១១

មកុដ​ដែល​ព្រះគ្រីស្ទ​បាន​ទទួល តាមរយៈ​ការប្រទាន និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​សមត្ថភាព​របស់​ទ្រង់ ដើម្បី​ជា​គំរូ​នៃ​ក្ដីស្រឡាញ់​ចំពោះ​ព្រះវរបិតា និង​ក្ដីស្រឡាញ់​ចំពោះ​យើង គឺ​ដើម្បី​ទទួល​បាន​អំណាច​ទាំងអស់ សូម្បី​តែ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន គឺ​ភាពតម្កើង​ឡើង ។១២

ឱកាស​របស់​យើង​ដើម្បី​ចិញ្ចឹម​បីបាច់​ក្នុង​ព្រលឹង​របស់​យើង នូវ​សេចក្ដីស្រឡាញ់​ដ៏​យូរ​អង្វែង​របស់​ព្រះ និង​អ្នក​ជិត​ខាង​របស់​យើង ចាប់ផ្ដើម​ពី​គេហដ្ឋាន​ដែល​មាន​ទម្លាប់​បរិសុទ្ធ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតា​ជា​រៀងរាល់​ថ្ងៃ ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ នៅក្នុង​ព្រះ​នាម​នៃ​ព្រះរាជបុត្រា​បង្កើត​តែ​មួយគត់​របស់​ទ្រង់ ដោយ​រៀន​ជាមួយ​គ្នា​អំពី​ទ្រង់​ទាំង​ទ្វេ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជាគ្រួសារ ដោយ​គោរពប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក​ជាមួយ​គ្នា និង​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ដែល​មាន​សុពលភាព​រៀងៗខ្លួន ហើយ​ប្រើប្រាស់​វា​ជាមួយ​គ្នា​ឲ្យ​បាន​ញឹក​ញាប់ តាម​ដែល​យើង​អាច​ធ្វើ​បាន ។

ពេល​យើង​ម្នាក់ៗ​រីកចម្រើន​ក្នុង​ចំណេះដឹង និង​សេចក្ដី​ស្រឡាញ់​របស់​យើង ចំពោះ​ព្រះវរបិតា និង​ព្រះ​រាជ​បុត្រា នោះ​យើង​រីកចម្រើន​ក្នុង​ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ សមត្ថភាព​របស់​យើង​ដើម្បី​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ នៅក្រៅ​គេហដ្ឋាន​គឺ​កាន់តែ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ។

អ្វី​ដែល​យើង​ធ្វើ​នៅក្នុង​គេហដ្ឋាន គឺ​ជា​ការរីកចម្រើន និង​ការសាកល្បង​ពិតប្រាកដ អំពី​ភាពជា​សិស្ស​ដែល​មាន​ការតស៊ូ និង​ពោរពេញ​ដោយ​អំណរ ។ ពរជ័យ​ដ៏​ផ្អែមល្ហែម​បំផុត​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ដែល​ភរិយា​របស់​ខ្ញុំ​ ហ្គ្លាឌី និង​ខ្ញុំ​បាន​រីករាយ​ក្នុង​គ្រួសារ​របស់​យើង បាន​កើត​ឡើង​មក​ពី​ការរៀន​ស្គាល់ និង​គោរព​ព្រះ​នៅ​គេហដ្ឋាន ហើយ​ចែកចាយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ជាមួយ​នឹង​ពូជពង្ស​របស់​យើង ។

គំរូ​នៃ​ការបម្រើ

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ការបម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​អភិវឌ្ឍ និង​បង្រៀន​នៅក្នុង​គេហដ្ឋាន ហើយ​ការបម្រើ​អ្នក​ដទៃ​នៅ​ខាង​ក្រៅ​គេហដ្ឋាន នៅ​ទីបំផុត​នឹង​ក្លាយទៅ​ជា​គុណ​លក្ខណៈ​នៃ​សេចក្ដី​សប្បុរស ។

ការណ៍​នេះ​ជះ​ឥទ្ធិពល​ដល់​គំរូ​នៃ​ការបម្រើ​ប្រកប​ដោយការលះបង់ នៅក្នុង​នគរ​នៃ​ព្រះ ដែល​ត្រូវបាន​តាំង​ឡើង​នៅ​ចំពោះ​មុខ​យើង ដោយ​ពួកព្យាការី និង​សាវក​ដែល​នៅរស់​របស់​ព្រះអម្ចាស់ ។ យើង​ក្លាយ​ជា​តែ​មួយ​ជាមួយ​ពួកលោក ។

បន្ទាប់​មក យើង​អាច​មើល​តាមរយៈ​ពួកលោក​ទៅ​កាន់​ព្រះអម្ចាស់ « នូវ​គ្រប់​ទាំង​គំនិត » ដើម្បី​យើង​នឹង « កុំ​សង្ស័យ » ហើយ​« កុំ​ខ្លាច » ។១៣

ដូច​ពួក​ព្យាការី និង​ពួក​សាវក​ដែល​នៅរស់​របស់​ព្រះអម្ចាស់​ដែរ យើង​អាច​ទៅ ​មុខ​ជាមួយ​នឹង « ចិត្ត … ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​អស់ និង … ដល់​ពួក​អ្នក​ជឿ​ផង [ ដោយ ] គុណធម៌ [ តុបតែង​គំនិត​របស់​យើង ] ដោយ​ឥត​ឈប់​ឈរ​ឡើយ … [ ហើយ​យើង ] មាន​ចិត្ត​ក្លាហាន [ ឡើង ] នៅចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព … [ នឹង​ចុះ ] មក​លើ​ព្រលឹង [ របស់​យើង ] ដូច​ជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ » ។

ជាមួយ​នឹង​ពួក​ព្យាការី និង​ពួកសាវក​ដែល​នៅ​រស់​របស់​ព្រះអម្ចាស់ នោះ​យើង​ក៏​អាច​ចូលរួម​ក្នុង​រង្វង់​កម្លាំង​នៃ​សេចក្ដី​ជំនឿ ដែល​បាន​ពង្រឹង​ដោយ​ការបម្រើ​ប្រកប​ដោយ​ការលះបង់​ដែល « ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ទៅ​ជា​គូកន [ របស់​យើង ] ជានិច្ច ដំបង​ពេជ្រ [ របស់​យើង ] ជា​ដំបង​ពេជ្រ​នៃ​សេចក្តីសុចរិត និង​សេចក្តីពិត [ ដែល ] មិន​ចេះ​ប្រែប្រួល ហើយ​អំណាច​គ្រប់គ្រង [ របស់​យើង ] [ នឹង ] ទៅ​ជា​អំណាច​គ្រប់គ្រង​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ហើយ​ដោយ​ឥត​ការបង្ខិតបង្ខំ នោះ​វា​នឹង [ ហូរ ] មក​លើ [ យើង ] ជា​រៀង​ដរាប​តទៅ » ។១៤ ដ្បិត​នេះ​ជា​ការសន្យា​នៃ​ផែនការ​របស់​ព្រះវរ​បិតា ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕